ក្រុមហ៊ុនត្រូវគោរពច្បាប់ មន្ត្រីត្រូវអនុវត្តច្បាប់

ឆ្លៀតឱកាសពិនិត្យការដ្ឋានសាងសង់អគារពាណិជ្ជកម្ម Naga World & Casino ដែលបានរំលោភលើដី ចិញ្ចើមផ្លូវរបស់រដ្ឋ និងប៉ះពាល់ដល់អាគារពុទ្ធសាសនបណ្ឌិត្យ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ ក្រុមហ៊ុនវិនិយោគទាំងអស់ ឲ្យគោរពតាមច្បាប់ និងគោលការណ៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ ក្នុងករណីមានការរំលោភលើចំណីផ្លូវ ឬសួនច្បារសាធារណៈ ត្រូវរុះរើចេញជាបន្ទាន់ ហើយបើកើតមាននៅទីតាំងណា អាជ្ញាធរមានសមត្ថកិច្ចទីតាំងនោះ និងក្រសួងពាក់ព័ន្ឋត្រូវតែទទួលខុសត្រូវ។សម្តេចតេជោបញ្ជាក់ថា ក្រុមហ៊ុនឯកជនទាំងឡាយ ក្រោយទទួលបានច្បាប់សាងសង់ហើយ មិនត្រូវធ្វើហួសពីច្បាប់កំណត់ដោយឃុបឃិតជាមួយមន្រ្តីខិលខូចឡើយ។ ចំពោះមន្រ្តីទាំងអស់នោះ សម្តេចតេជោ រំលឹកថា ជាអ្នកដែលបានដឹងច្បាស់ណាស់ថាទីណាជារបស់ឯកជន និងទីណាជារបស់រដ្ឋ ព្រមទាំងអះអាងថា មិនបណ្តោយឲ្យមន្រ្តីខិលខូចបំផ្លាញសង្គមជាតិតទៅទៀតជាដាច់ខាត៕

...Read More

សេចក្តីព្រៀងច្បាប់ពីរ ដើម្បីសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ៦ វិច្ឆិកា ២០១៥ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍សេចក្តីព្រៀង ច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដោយចាត់ទុកថា មានសារៈ​សំ​ខាន់​ក្នុងការធានាការគ្រប់គ្រង និងអភិវឌ្ឍសុខភាព ក៏ដូចជាដំណើរការផលិតកម្មនានាទាក់​ទងនឹងសត្វ។ សម្តេច​តេជោ បានគូសបញ្ជាក់ថា សេចក្តីព្រៀងច្បាប់ នឹងពង្រឹងថែមទៀត នូវប្រព័ន្ធជាតិការពារ​សុខភាពមនុស្ស និងសត្វ ព្រមទាំងសុខុមាលភាពសត្វ និងបរិស្ថាន ហើយបានទាញអារម្មណ៍គណៈរដ្ឋមន្ត្រីថា ដោយសារ​ការ​រីក​ចម្រើននៃសេដ្ឋកិច្ច រួមទាំងការកើនឡើងនូវចំនួនទេសចរ កម្ពុជាចាំបាច់ត្រូវប្រឈមមុខនឹងការ​បន្តកើនឡើង​នៃតម្រូវការសាច់ក្នុងស្រុក ដែលការចិញ្ចឹមសត្វ និងសេវាបសុព្យាបាល ជាកត្តាសំខាន់មិនអាច​មើលរំលងបាន។

ក្នុងសេចក្តីព្រៀងច្បាប់ស្តីពីគោលនយោបាយជាតិ អប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សម្តេច​តេជោបានស្វាគមន៍ចក្ខុវិស័យនៃការកសាងមនុស្សឲ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ និងស្មារតីក្រុម ការច្នៃប្រឌិតក្នុងកីឡា ក៏ដូចជាក្នុងជីវភាពរស់នៅ។ សម្តេចតេជោបានណែនាំឲ្យអនុវត្តគោលនយោបាយនេះ ក្នុងគោលដៅអភិវឌ្ឍកីឡាសម្រាប់ទាំងអស់គ្នា នៅ​គ្រប់​​គ្រឹះ​​ស្ថាន​សិក្សា  និងសហគមន៍, អភិរក្ស និងអភិវឌ្ឍកីឡាគ្រប់ប្រភេទ និងគ្រប់កម្រិត រួមទាំងឧស្សាហកម្ម​កីឡា​ផង។ សម្តេចតេជោបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ធ្វើឲ្យការហ្វឹកហាត់អប់រំកាយ និង​កីឡា ជាសិទ្ធិមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាធាតុសំខាន់នៃការអប់រំពេញមួយជីវិត តាម​រយៈ​ការ​រៀប​ចំបរិស្ថានល្អ​ ឧទ្យានបៃតង ទីធ្លាហាត់ប្រាណ និងកីឡា ដែលមានសារៈសំខាន់សម្រាប់សុខភាព ទាំងផ្លូវ​កាយ និងផ្លូវចិត្ត សំដៅរួមចំណែកកសាងសង្គមកម្ពុជាមួយសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ មានការ​អភិវឌ្ឍចីរភាព និងសមធម៌។

ក្នុងសម័យប្រជុំនោះដែរ សម្តេចតេជោ បានណែនាំឲ្យរៀបចំសហគ្រាសសាធារណៈគ្រប់គ្រងការលក់សំបុត្រចូល ទស្សនាប្រាង្គប្រាសាទ នៅខេត្តសៀមរាប ចាប់ពីដើមឆ្នាំ ២០១៦ បន្ទាប់ពីមានសំណើរបស់ក្រុមហ៊ុនលោក​ឧកញ៉ា...Read More


ការវិភាគពីការផ្អាកពិធីបុណ្យអុំទូក ជាការប្រមាថ មិនអាចទទួលយកបាន

ថ្ងៃ ៥ វិច្ឆិកា ២០១៥ ជាអធិបតីនៃពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយ/លូ​ ក្រោមជំ​នួយ​ឥ​តសំ​ណងនៃប្រទេស​ជប៉ុន​ ដំណាក់កាលទី ៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថាកំពស់ទឹក ទន្លេមេគង្គ ដែលត្រូវបានព្យាករណ៍ថានឹងមានកំពស់ត្រឹមតែ ៤,២០ ម៉ែត្រ ធៀបទៅតាមធម្មតា ជុំវិញ ៧ ម៉ែត្រ គឺជាហេតុផលចម្បងក្នុងការផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ។ សម្តេចតេជោ បានចាត់ទុកការធ្វើ​អត្ថា​ធិប្បាយដោយមជ្ឈដ្ឋានតាំងខ្លួនជាអ្នកវិភាគ និងប្រឆាំងថា ការផ្អាកពិធីបុណ្យអុំទូក មកពីមានការព្រួយបា​រម្ភ​ពីការធ្វើបាតុកម្មប្រឆាំងរបស់បក្សសង្គ្រោះជាតិ ជាការប្រមាថដ៏ព្រហើន មិនអាចទទួលយកបាន។ថ្វីបើ​មិនមានការប្រារព្ធពិធីបុណ្យអុំទូកក្តី សម្តេចតេជោ បានបញ្ជាក់ជាថ្មីទៀតថា ពិធីបុណ្យដ៏ទៃទៀត កម្មវិធី​កំសាន្តនានា នៅទីក្រុងភ្នំពេញ នឹងដំណើរការទៅជាធម្មតា ហើយសម្តេចតេជោ បានសូមអោយសិល្បករ​ល្បីៗ រាប់ទាំង Cambodian Idols ចូលរួមសំដែងជូនប្រជាពលរដ្ឋ ដែលនឹងចូលមកកំសាន្តបុណ្យ នៅ​ទី​ក្រុងភ្នំពេញ។ សម្តេចតេជោ បានរំលឹកជាថ្មីទៀតអំពីការសម្រេចបង្វែរថវិកាសម្រាប់ពិធីបុណ្យអុំទូក ទៅជា ថវិកាទិញប្រេងបូមទឹកបញ្ចូលអាងបម្រុងនានា សម្រាប់ប្រជាពលរដ្ឋបូមដាក់ស្រែចំការរបស់ខ្លួន៕

...Read More

សម្តេចតេជោសង្ឃឹមថា នឹងមានគម្រោងជប៉ុនទី ៤ សម្រាប់ភ្នំពេញ

ថ្ងៃ ៥ វិច្ឆិកា ២០១៥ ដោយសង្កត់ធ្ងន់ទៅលើសារសំខាន់នៃជំនួយរបស់ប្រទេសជប៉ុន ចំពោះគម្រោងទំ​នប់ការពារក្រុងភ្នំពេញពីទឹកជំនន់ និងការរៀបចំប្រព័ន្ធប្រឡាយ/លូ សម្តេចតេជោ បានរំលឹកអំពីការប្រ​ឈមបីរបស់ទីក្រុង គឺទឹកជំនន់ សំរាម និងចរាចរណ៍។ ពាក់ព័ន្ធនឹងទឹកជំនន់ពីទន្លេ និងប្រភពនានា សម្តេចតេជោបានរំលឹកពី​ការរួមចំណែកនៃគម្រោងក្នុងដំណាក់កាលទីមួយ និងទីពីរ របស់ប្រទេសជប៉ុន ដើម្បីបញ្ជៀសទីក្រុងភ្នំពេញពីការជន់លិច។ ចំពោះការជន់លិចទីក្រុងដោយទឹកភ្លៀង សម្តេចតេជោ បាន​ទាញអារម្មណ៍អ្នកចូលរួមថា ករណីដែលមានភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់ ប្រព័ន្ធលូ នឹងមិនអាចរំដោះទឹក បានទាន់ពេលទេ ហើយករណីនេះកើតមាននៅច្រើនប្រទេស។យ៉ាងណាក្តី រាជធានីភ្នំពេញបានប្រែប្រួល​ពីការជន់លិចរាល់ពេលភ្លៀង មិនថាភ្លៀងតូចឬធំ មកលិចតែនៅពេលភ្លៀងធំតែប៉ុណ្ណោះ។ ដើម្បីធ្វើអោយ​ស្ថានភាពរំដោះទឹកជំនន់ទឹកភ្លៀងក្នុងរាជធានីកាន់តែបានប្រសើរឡើងទៀត សម្តេចតេជោ បានសំដែងនូវ​ក្តីសង្ឃឹមតាមរយៈឯកអគ្គរដ្ឋទូតជប៉ុន និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ថានឹងមាន​គម្រោងជំហានទី ៤ បន្តទៀត។ ចំពោះការចោទប្រកាន់ជាញឹកញយអំពីអំពើពុករលួយ ក្នុងការប្រើជំនួយ​ជប៉ុន សម្តេចតេជោ បានសូមអោយមន្ត្រីជប៉ុន ពន្យល់បក្សប្រឆាំង អំពីនីតិវិធីយ៉ាងណាក្នុងការប្រើប្រាស់​ជំនួយជប៉ុន៕

...Read More

អរគុណ ហុងគ្រី និងគុយបា ចំពោះការជួយជ្រោមជ្រែងរហូតមក

ថ្ងៃទី ៤ ខែ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលការងារជាមួយ លោក László Kövér ប្រធានរដ្ឋសភានៃសាធារណរដ្ឋហុងគ្រី ដែលបានកោតសរសើរការអភិវឌ្ឍ​ឆាប់រហ័សរបស់កម្ពុជា និងបញ្ជាក់ពីបំណងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ដែលបានជួយកម្ពុជា​តាំងពីទស្សវត្សរ៍ទី ៨០ លើ​ការ​បណ្តុះបណ្តាលធនធានមនុស្ស ការបង្កើតមជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា-ហុងគ្រី និង​​ស្នើឲ្យហុងគ្រី ពង្រីកសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយមានទំហំធំទ្វេឡើង ព្រមទាំង​ជំរុញទេសចរពីហុងគ្រីមកកម្ពុជាផង។
ក្នុងថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ លោក Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ចូលជួបសម្តែងការគួរសម និងជម្រាបលា​ពេលដែលលោកត្រូវ​បញ្ចប់​បេសកកម្មការទូតនៅកម្ពុជា។ សម្តេចតេជោ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលគុយបា ដែលតែង​តែ​ជួយជ្រោមជ្រែងកម្ពុជា រួមមានការផ្តល់ជំនួយអាហារូបករណ៍ដល់និស្សិត និងការផ្តល់សេវាវេជ្ជបណ្ឌិត​ជា​ដើម។ សម្តេចតេជោ បញ្ជាក់ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីពង្រឹង​ និងពង្រីកមិត្តភាព និង​សហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា រួមទាំងគុយបា ពិសេសវិស័យពាណិជ្ជកម្ម ដើម្បីជំ​រុញការ​អភិវឌ្ឍប្រទេស។ ឯកអគ្គរដ្ឋទូតគុយបា បានជំរាបពីការកត់សម្គាល់ឃើញនូវការរីកចម្រើន ពិសេស​វិស័យ​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស បើធៀបនឹងកម្ពុជា ២៥ ឆ្នាំមុន​៕

...Read More

កំពស់ទឹកទន្លេមេគង្គទាប ផ្អាកការអុំទូកក្នុងពិធីបុណ្យសំពះព្រះខែ ឆ្នាំ ២០១៥

សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខា កាលពីថ្ងៃ ៣១ តុលា ២០១៥ លើសារាចរមួយជូនដំណឹង ជាសាធារណថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកព្រឹត្តិការណ៍ប្រណាំងទូក ដែលត្រូវធ្វើនៅរាជធានី ភ្នំពេញ ពីថ្ងៃ ២៤ ដល់ ២៦ វិច្ឆិកា នៃពិធីបុណ្យអុំទូក លយប្រទីត សំពះព្រះខែ ឆ្នាំ ២០១៥ នេះ។ សារា​ចរណ៍ បានបញ្ជាក់អំពីកំពស់ទឹកទាបពេកនៃទន្លេមេគង្គជាមូលហេតុចម្បងសម្រាប់ការផ្អាកព្រឹត្តិការណ៍​នេះ និងបានបញ្ជាក់ច្បាស់ថា ព្រឹត្តិការណ៍ដ៏ទៃទៀតនៃពិធីបុណ្យសំពាះព្រះខែនឹងត្រូវធ្វើដូចធម្មតាហើយ​ មន្ត្រីរាជការ និយោជក និងកម្មករ ក៏នឹងបានឈប់សម្រាកបីថ្ងៃដែរ។ សារាចរណ៍ បានផ្តល់អនុសាសន៍ អោយក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហាកង្វះទឹក​ស្រោចស្រប់។ ដោយឡែក, នៅថ្ងៃ ១ វិច្ឆិកា ២០១៥, សម្តេចតេជោ បានរំលឹកឡើងវិញពីការសម្រេច​របស់​​រាជរដ្ឋាភិបាលផ្អាកពិធីប្រណាំងទូក ព្រមទាំងហេតុផល ជូនប្រជាពលរដ្ឋ និងយោធិនពិការ នៅមជ្ឈ​មណ្ឌលអភិវឌ្ឍយោធិនពិការ តាកែន កោះ​ស្លា, ស្រុកឈូក, ខេត្តកំពត ផងដែរ៕

...Read More

ស្វាគមន៍ឆ្នាំសិក្សាថ្មី ២០១៥/១៦

ក្នុងសារផ្ញើជូនជនរួមជាតិ នាឱកាសឆ្នាំសិក្សាថ្មី ឆ្នាំ ២០១៥/១៦ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើង​ពីការបន្តកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកំពស់វិស័យសិក្សាអប់រំ ពិសេសការ​ជម្រុញ​ការចូលសាលាសិក្សារបស់កុមារ។ សម្តេចតេជោបញ្ជាក់ថា ភារកិច្ចសិក្សា ទាមទារនូវការលើកកំពស់​ជា​បន្ត​ និងការអភិវឌ្ឍមិនកំណត់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សជាគុណភាព ទេពកោសល្យ ផលិត​ភាព សក្តានុ​ពល សីលធម៌ និងគុណធម៌ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកប​ដោយ​និរន្តភាព។ក្នុងខណៈដែលការប្រកួតប្រជែងអំពីសេដ្ឋកិច្ច គោលនយោបាយ បច្ចេកវិទ្យា ជាដើម កាន់តែ​មានភាពតឹងតែង សម្តេចតេជោសង្កត់ធ្ងន់ពី​សេចក្តីត្រូវការបង្កើនការយកចិត្តទុកដាក់ អំពីការ​សិក្សា និង​ការកសាងធនធានមនុស្ស ក៏ដូចជាអំពាវនាវអោយជនរួមជាតិ នាំកូនៗ ទៅចុះឈ្មោះចូល​រៀនក្នុង​ឆ្នាំ​សិក្សា​ថ្មី ដើម្បីលើកទឹកចិត្ត និងផ្តល់អោយពួកគេនូវលទ្ធភាពចូលសិក្សាក្នុងសាលា ហោច​ណាស់បាន​ដល់​ថ្នាក់ទី ៩។ សម្តេចតេជោ ក៏បានក្រើនរំលឹកដល់និស្សិត និងយុវជនទាំងឡាយ អោយនៅឆ្ងាយពីគ្រឿង​ញៀន ក៏ដូចជាគោរពច្បាប់ចរាចរណ៍៕

...Read More

សម្តេចតេជោ ផ្តល់អធិបតីភាព ការចុះហត្ថលេខាកិច្ចព្រមព្រៀងកម្ពុជា-បារាំង

រសៀលថ្ងៃទី ២៦ តុលា នៅទីក្រុង ប៉ារីស ប្រទេសបារាំង ឯកឧត្តម Laurent Fabius រដ្ឋមន្រ្តីក្រសួងការ​បរ​ទេស និងការអភិវឌ្ឍន៍អន្តរជាតិបារាំង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណប្រតិភូ ជាន់​ខ្ពស់​រាជរដ្ឋា​ភិបាលកម្ពុជា និងរំលឹកពីវត្តមានសម្តេចតេជោ ទៅកាន់ក្រសួងការបរទេសបារាំង​ជាលើក​ទី ១ កាល​ពីឆ្នាំ ១៩៨៤ ក្នុងដំណើរការផ្តួចផ្តើមឲ្យមានជំនួបចចារស្វែងរកដំណោះស្រាយសម្រាប់បញ្ហា​កម្ពុជារវាងសម្តេច និងព្រះបរមរតនកោដិ។ក្នុងការពិភាក្សាដែលយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់​ទំ​នង​ទ្វេភាគី និង​កិច្ចសហប្រតិ​បត្តិ​ការ​ក្នុង​វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចតេជោបានគូស​បញ្ជាក់ពី​ការលើកស្ទួយភាសាបារាំងនៅកម្ពុជា ដោយ​ សម្តេចផ្ទាល់បានរួមចំណែកដោះស្រាយទីតាំងនៃវិទ្យាល័យ​លីសេដេកាត ការបង្កើតឡើងនូវ​មជ្ឈ​មណ្ឌល​វប្ប​ធម៌បារាំង (អាលីយ៉ងហ្វ្រង់សេ) ​នៅឆ្នាំ១៩៩០ និងវត្ត​មាននៃភាសាបារាំងក្នុងវិស័យច្បាប់ សុខាភិបាល និង​បេតិកភណ្ឌពិភពលោក។សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Laurent Fabius បានអញ្ជើញជា​អធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួម​មាន​កិច្ចព្រមព្រៀងកម្ចីសម្បទាន ៩ លានអឺរ៉ូ សម្រាប់​អនុវត្ត​គំ​រោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប, កិច្ច​ព្រមព្រៀងកម្ចីសម្បទាន ១១ លានអឺរ៉ូ សម្រាប់គំរោង​សាងសង់​សា​លាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈ​ទេស​ចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ, កិច្ចព្រម​ព្រៀងកម្ចី​សម្ប​ទាន ១៤ លានអឺរ៉ូ សម្រាប់គំរោង​ពង្រឹងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស​ និងវិជ្ជាជីវៈជំ​ហាន​ទី ២, កិច្ចព្រមព្រៀងកម្ចីសម្បទាន ៧០ លានអឺរ៉ូ សម្រាប់គំរោងសាងសង់ប្រព័ន្ធខ្សែ​បញ្ជូន​ និងចែក​ចាយ​អគ្គិសនី នៅខេត្តកំពង់ចាម ក្រចេះ និង​ខេត្ត​កោះកុង៕

...Read More

កិច្ចពិភាក្សាមានផ្លែផ្កា រវាង សម្តេចតេជោ និងប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ដ៍

នៅរសៀលថ្ងៃទី ២៦ តុលា នាវិមាន អេលីសេ ទីក្រុងប៉ារីស, បន្ទាប់ពីរំលឹកដោយ​ក្តីពេញចិត្តចំពោះ ទំនាក់​ទំនងទ្វេភាគី ចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បាន​អរគុណរដ្ឋាភិ​បាល​បារាំងដែលបានផ្តល់ផែនទីដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការផ្ទៀងផ្ទាត់កន្លងមក និងការផ្តល់​កម្ចី សម្ប​ទាន ៤០៦ លាន EURO របស់បារាំង ​តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិបារាំង AFD។សម្តេចតេជោ បានប្រាប់ប្រធានាធិបតីបារាំង ថាចង់ឃើញទំហំពាណិជ្ជកម្មប្រទេសទាំងពីររីកធំទ្វេឡើង និងសូមបា​រាំង ផ្តល់ជំនួយបច្ចេកទេស ហិរញ្ញវត្ថុ និងធនធានមនុស្សដល់កម្ពុជា ដើម្បីជំរុញការអនុវត្តគោលនយោ បាយ​ស្តីពី វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥។ តួនាទីរបស់បារាំង ជាសហប្រធាន​គណៈកម្មាធិ ការ​បេ​តិក​ភណ្ឌពិភពលោក ដែលបានរួមចំណែកយ៉ាងសកម្មដល់ការថែរក្សា​និងអភិរក្សប្រាសាទ​អង្គរ​កម្ពុជា ត្រូវបានទទួលស្គាល់ និងចាត់ទុកថា បានរួមចំណែកជួយដល់ការជួយជំរុញកំណើនទេសចរណ៍​របស់កម្ពុជា។សម្តេចតេជោ បានអបអរសាទរ ការដែលប្រទេសបារាំង នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរ​ជាតិ​ស្តីពីបម្រែបម្រួលធាតុអាកាសនៅខែ ធ្នូ ឆ្នាំ ២០១៥ ខាងមុខ។ ប្រធានាធិបតីបារាំងអះអាង នឹងជំ រុញអ្នកវិនិយោគបារាំងទៅកម្ពុជា ក្នុង​វិស័យ​អាកាសចរណ៍ ទឹកស្អាត និងរថភ្លើងក្នុងក្រុង សូមអោយ​កម្ពុជា​ចូលរួមក្នុងសន្និ​សីទ​ស្តីពីការ​ប្រែប្រួលធាតុអាកាស និងជម្រុញអោយកម្ពុជាប្រើប្រាស់ភាសាបារាំង​ក្នុងការ អភិវឌ្ឍហ្រ្វង់កូហ្វូនីឲ្យ​កាន់​តែ​មានភាពល្អប្រសើរ។ ប្រធានាធិបតីបារាំងបានទទួលយកនូវព្រះរាជ​សារ​ព្រះ​មហាក្សត្រកម្ពុជា សូម​អញ្ជើញលោកធ្វើទស្សនកិច្ចផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ៕

...Read More

សម្តេចតេជោ ប្រាប់អោយមេដឹកនាំបក្សប្រឆាំងសូមទោស

ក្នុងពេលទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង ពីថ្ងៃ ២៥ ដល់ ២៧ តុលា ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាជាង ១០០០ នាក់នៅទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន បានទាមទារឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការសូមទោសជាសាធារណៈ ពីការដែល​បានប្រៀប​ប្រដូច​សម្តេចតេជោ ទៅនឹង ហ្កាដាហ្វី អតីតមេដឹកនាំប្រទេសលីប៊ី នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតបារាំង។ ក្នុងឱកាសនោះ សម្តេចតេជោ បានបកស្រាយអំពីគំនិត និងគម្រោងមិនស្មោះត្រង់របស់បក្សប្រឆាំង​ ចំ​ពោះ​រាជរដ្ឋា​ភិ​បាល​ស្របច្បាប់ និងបានបញ្ជាក់ថា ទាល់តែលោក សម រង្ស៊ី ធ្វើការសូមទោសដល់សម្តេច ទើបទំនាក់ទំនងនយោបាយមានភាពប្រក្រតីវិញ។ សម្តេចតេជោ បង្ហាញនូវការសោកស្តាយ​ដែល​បក្ស​​ប្រ​ឆាំង តែងតែបង្កើតស្ថានភាពមិនអំណោយផល ពិសេសបង្កឲ្យមានបាតុកម្ម ដែលធ្វើឲ្យប៉ះពាល់​ដល់សេច​​ក្តីថ្លៃថ្នូរ និងប្រយោជន៍ជាតិ៕

...Read More

គ្មានការបង្ខំនិស្សិតនៅបារាំង ឲ្យមកស្តាប់សម្តេចតេជោទេ

មុនចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៥ នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមរយៈគេហទំព័រហ្វេសប៊ុក អំពី ជំនួប និងកិច្ចការមួយចំនួន ដែលសម្តេចនឹងត្រូវធ្វើនៅសាធារណរដ្ឋបារាំង ជាមួយប្រធានាធិបតី, មន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនបារាំង ក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។ឆ្លើយតបទៅនឹងការលើកឡើងរបស់វិទ្យុមួយនៅបារាំង ដែលបានផ្សព្វផ្សាយថាមានការគំរាមនិស្សិត ដែលកំពុងសិក្សានៅប្រទេសបារាំង អំពីការប្រឈមនឹងការបាត់បង់អាហារូបករណ៍ បើសិនមិនមកជួបជាមួយសម្តេចតេជោទេ។ សម្តេចតេជោបានបដិសេធការផ្សាយបំផ្លើស និងបញ្ជាក់ថា សម្តេចមិនដែលបង្ខំនរណា ម្នាក់ឲ្យមកជួប និងស្តាប់សម្តេចនោះទេ ហើយបានអំពាវនាវទៅកាន់មេបក្សប្រឆាំង ឲ្យឈប់ធ្វើទង្វើបោកប្រាស់បែបនេះតទៅទៀត៕

...Read More

ស្ពានពីរទៀតឆ្លងទន្លេមេគង្គ បើកស្ពានអាកាសតិចណូធ្វើបុណ្យអុំទូក ការឡើងប្រាក់ខែនៅឆ្នាំ ២០១៦

ព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ ក្នុងឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារទី ២ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីដំណើរចរចារកសន្តិភាព រហូតសម្រេចបានជា កិច្ចព្រមព្រៀងប៉ារីស ហើយជម្រុញឲ្យមនុស្សមួយចំនួនយល់ឲ្យច្បាស់ពីឫសគល់នៃកិច្ចព្រមព្រៀង ដោយកុំយកតែចំណុចណាមួយមកបកស្រាយដាច់ដោយឡែក។ សម្តេចតេជោ បានរំលឹកប្រៀបធៀបថា នយោបាយឈ្នះ/ឈ្នះ ដែលមានកត្តាស្នូលបី គឺការធានាសន្តិសុខសម្រាប់បុគ្គលម្នាក់ ធានាអាជីពនិងមុខរបរ និងធានាកម្មសិទ្ធិ បានធ្វើអោយតំបន់សមាហរណកម្មមានផលិតផលក្នុងស្រុកសរុបកម្រិតខ្ពស់ ធនធានមនុស្សមានការរីកចំរើន និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។សម្តេចបានជំរាបជនរួមជាតិផងដែរថា ក្រៅពីគម្រោងកសាងស្ពានឆ្លងកាត់ទន្លេមេគង្គពីរ នៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ រាជរដ្ឋាភិបាលមានគម្រោងសិក្សាសាងសង់ស្ពានពីរទៀតឆ្លងទន្លេមេគង្គ តភ្ជាប់ទៅភាគខាងកើតនៃក្រុងភ្នំពេញ។ សំដៅជួយសម្រួលចរាចរណ៍ ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យអុំទូក និងទទួលដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី Dmitri Medvedev សម្តេចតេជោ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសតិចណូ នាថ្ងៃ ២១ វិច្ឆិកា ២០១៥។ បន្ថែមពីលើនេះ សម្តេចតេជោ បានជូនដំណឹងដល់គ្រូបង្រៀន និងមន្រ្តីរាជការទាំងអស់ ពីការតម្លើងប្រាក់ខែនៅឆ្នាំ ២០១៦ តាមពីរដំណាក់កាល គឺនៅខែ មករា និង មុនចូលឆ្នាំខ្មែរ៕

...Read More

ទៅមុខថយក្រោយ