នៅរសៀលថ្ងៃទី ២៦ តុលា នាវិមាន អេលីសេ ទីក្រុងប៉ារីស, បន្ទាប់ពីរំលឹកដោយក្តីពេញចិត្តចំពោះ ទំនាក់ទំនងទ្វេភាគី ចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាលបារាំងដែលបានផ្តល់ផែនទីដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការផ្ទៀងផ្ទាត់កន្លងមក និងការផ្តល់កម្ចី សម្បទាន ៤០៦ លាន EURO របស់បារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិបារាំង AFD។សម្តេចតេជោ បានប្រាប់ប្រធានាធិបតីបារាំង ថាចង់ឃើញទំហំពាណិជ្ជកម្មប្រទេសទាំងពីររីកធំទ្វេឡើង និងសូមបារាំង ផ្តល់ជំនួយបច្ចេកទេស ហិរញ្ញវត្ថុ និងធនធានមនុស្សដល់កម្ពុជា ដើម្បីជំរុញការអនុវត្តគោលនយោ បាយស្តីពី វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥។ តួនាទីរបស់បារាំង ជាសហប្រធានគណៈកម្មាធិ ការបេតិកភណ្ឌពិភពលោក ដែលបានរួមចំណែកយ៉ាងសកម្មដល់ការថែរក្សានិងអភិរក្សប្រាសាទអង្គរកម្ពុជា ត្រូវបានទទួលស្គាល់ និងចាត់ទុកថា បានរួមចំណែកជួយដល់ការជួយជំរុញកំណើនទេសចរណ៍របស់កម្ពុជា។សម្តេចតេជោ បានអបអរសាទរ ការដែលប្រទេសបារាំង នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលធាតុអាកាសនៅខែ ធ្នូ ឆ្នាំ ២០១៥ ខាងមុខ។ ប្រធានាធិបតីបារាំងអះអាង នឹងជំ រុញអ្នកវិនិយោគបារាំងទៅកម្ពុជា ក្នុងវិស័យអាកាសចរណ៍ ទឹកស្អាត និងរថភ្លើងក្នុងក្រុង សូមអោយកម្ពុជាចូលរួមក្នុងសន្និសីទស្តីពីការប្រែប្រួលធាតុអាកាស និងជម្រុញអោយកម្ពុជាប្រើប្រាស់ភាសាបារាំងក្នុងការ អភិវឌ្ឍហ្រ្វង់កូហ្វូនីឲ្យកាន់តែមានភាពល្អប្រសើរ។ ប្រធានាធិបតីបារាំងបានទទួលយកនូវព្រះរាជសារព្រះមហាក្សត្រកម្ពុជា សូមអញ្ជើញលោកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រ៕
Share this post