(ប្រែសំរួលក្រៅផ្លូវការ ពីភាសាអង់គ្លេស តាមវ៉ែបសាយត៍ www.cnv.org.kh)

 

ជីវប្រវត្តិសង្ខេប

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

១ ព័ត៌មានផ្ទាល់ខ្លួន
កើតនៅថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ (បានចុះបញ្ជីជាថ្ងៃខែឆ្នាំកំណើតផ្លូវការ ថ្ងៃ ០៤ មេសា ១៩៥១ ចាប់ពីថ្ងៃ ៤មេសា ១៩៧៧ រហូតដល់ ថ្ងៃ ២០ មិថុនា ២០២២ ថ្ងៃដែលតុលាការដំបូងរាជធានីភ្នំពេញបានសំរេច តាមសំណើ អោយប្តូរទៅថ្ងៃខែឆ្នាំកំណើតដើមវិញ ០៥ សីហា ១៩៥២) នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោក ហ៊ុន សែន បានសិក្សានៅក្នុងស្រុកភូមិ ហើយនៅឆ្នាំ ១៩៦៤ បានមករស់នៅក្នុងវត្តនាគវ័ន្ត នាទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សា នៅវិទ្យាល័យ ឥន្ទ្រៈទេវី។
នៅឆ្នាំ ១៩៧០ ពេលដែលកម្ពុជាត្រូវបានរុញច្រានអោយធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងដោយឆ្លើយតបចំពោះការអំពាវនាវរបស់សម្តេច សីហនុ នាពេលនោះ អោយប្រជាជនកម្ពុជាចូលរួមក្នុងសង្រ្គាមប្រឆាំងចក្រពត្តិនិយម នៅក្នុងវ័យ ១៨ ឆ្នាំ លោក ហ៊ុន សែន បានចូលរួមជាមួយចលនាតស៊ូ ដែលក្រោយមកបានរំដោះប្រទេសនៅថ្ងៃ ១៧ មេសា ១៩៧៥។
មួយថ្ងៃមុនថ្ងៃជ័យជំនះ គឺថ្ងៃ ១៦ មេសា ១៩៧៥ លោក ហ៊ុន សែន បានត្រូវរបួសភ្នែកខាងឆ្វេង។ ពេលបានជាសះស្បើយ បន្ទាប់ពីការព្យាបាលអស់រយៈពេលជាយូរខែ លោក ហ៊ុន សែន ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ប៊ុន រ៉ានី។ សម្តេច ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន មានកូនទាំងអស់ ៦ នាក់គឺ៖ ១) ហ៊ុន កំសត់ (១០ វិច្ឆិកា ១៩៧៦ – ស្លាប់), ២) ហ៊ុន ម៉ាណែត (២០ កក្កដា ១៩៧៧), ៣) ហ៊ុន ម៉ាណា (១៥ កញ្ញា ១៩៨០), ៤) ហ៊ុន ម៉ានិត (១៧ តុលា ១៩៨១), ហ៊ុន ម៉ានី (២៧ វិច្ឆិកា ១៩៨២) និង ហ៊ុន ម៉ាលី (៣០ ធ្នូ ១៩៨៣)។

២ អាជីពនយោបាយ
មើលឃើញពីការប្រល័យពូជសាសន៍នៃនយោបាយរបស់ ប៉ុល ពត នៅឆ្នាំ ១៩៧៧ លោក ហ៊ុន សែន បានចាកចេញពីគ្រួសារជាទីស្រឡាញ់ម្តងទៀត ដើម្បីដឹកនាំចលនាតស៊ូមួយ ដែលមានគោលបំណងរំដោះប្រទេសកម្ពុជា និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ នៅឆ្នាំ ១៩៧៨ លោក ហ៊ុន សែន បានក្លាយជា សមាជិកស្ថាបនិកនៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ដោយមានការសហការជាមួយចលនាស្នេហាជាតិនានា និងការគាំទ្រពីកងកម្លាំងស្ម័គ្រចិត្តវៀតណាម រណៈសិរ្សបានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាទាំងស្រុងនៅថ្ងៃ ០៧ មករា ១៩៧៩។
ចាប់ពីឆ្នាំ ១៩៧៩ ដល់មុនឆ្នាំ ១៩៩៣ លោក ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើន ក្នុងរដ្ឋបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមករដ្ឋកម្ពុជា។ ជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨១ ដល់ ១៩៨៥ និងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨៥ ដល់ ១៩៩១ លោក ហ៊ុន សែន បានធ្វើអោយមានមនុញ្ញផលគួរអោយកត់សំគាល់ជាច្រើន ដែលរៀបរៀងបានជាមូលដ្ឋានសំរាប់ធ្វើអោយមានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍នៅកម្ពុជា។ តាមរយៈការរួមចំណែកប្រកបដោយសុច្ឆន្ទៈ និងការប្រឹងប្រែង លោកបានសំដែងអោយឃើញថា ជាស្ថាបត្យករដ៏មោះមុតមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជា។
ឆ្លងតាមការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព និងការបោះឆ្នោតសកលឆ្នាំ ១៩៩៣ ចាប់ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ លោក ហ៊ុន សែន មានភ័ព្វវាសនាបានបំរើប្រទេសកម្ពុជាជាបន្តទៀត ក្នុងឋានៈជាសហនាយករដ្ឋមន្ត្រី និងក្រោយមកជានាយករដ្ឋមន្ត្រីទីពីរ នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។ នៅក្នុងតំណែងនេះ ជាថ្មីម្តងទៀត លោកបានបង្ហាញអោយឃើញថា ជាសកម្មជនដ៏ស្វាហាប់ដែលការពារជាដាច់ខាតនូវមនុញ្ញផលជាតិ និងធ្វើអោយសំរេចតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្នុងរយៈពេលនេះ លោកបានយកចិត្តទុកដាក់មិនអាចគណនាបាន លើការធ្វើអោយប្រសើរឡើងនូវផ្លូវជនបទ សាលារៀន មន្ទីរសុខភាព និងទឹកស្អាត។
ខែ កក្កដា ឆ្នាំ ១៩៩៨ ការបោះឆ្នោតសកលលើកទីពីរ បានដំណើរការ ហើយនាំជាជោគជ័យអោយគណបក្សប្រជាជន ដែលលោក ហ៊ុន សែន ជាអនុប្រធាន។ លោកបានក្លាយជា នាយករដ្ឋមន្រ្តី ដឹកនាំរដ្ឋាភិបាលចម្រុះទីពីរ ដែលមានគណបក្សនយោបាយធំពីរចូលរួម គឺគណបក្សប្រជាជន និងគណបក្ស ហ៊្វុនស៊ីនប៉ិច ហើយបានប្រកាសជាឱឡារិកថា រដ្ឋាភិបាលរបស់លោក គឺជា “រដ្ឋាភិបាលសេដ្ឋកិច្ច”។ គឺជាមួយនឹងការដឹកនាំរបស់លោកហើយ ដែលកម្ពុជាបានក្លាយជាសមាជិកទី ១០ នៃសមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ និងបានបញ្ចប់តាមរយៈនយោបាយឈ្នះៗ នូវការគំរាមកំហែងរបស់ខ្មែរក្រហម ដោយការធ្វើអោយឯកភាពទឹកដីកម្ពុជាទាំងមូល។
តាមរយៈការបោះឆ្នោតសកលនៅខែ កក្កដា ឆ្នាំ ២០០៣ ក្នុងនាមជាបេក្ខជនរបស់គណបក្សប្រជាជនសំរាប់មុខតំណែងនាយករដ្ឋមន្ត្រី ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន បានដឹកនាំគណបក្សប្រជាជនកម្ពុជាអោយទទួលបានជោគជ័យ។ ក្រោយរយៈ ១១ ខែ នៃការស្រាយវិបត្តិនយោបាយ សម្តេចបានទទួលជោគជ័យក្នុងការបង្កើតសម្ព័ន្ធភាពជាថ្មីជាមួយគណបក្សហ៊្វុនស៊ីនប៉ិច។ នៅថ្ងៃ ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ដោយអនុវត្តធម្មនុញ្ញបន្ថែម ដែលអនុញ្ញាតអោយដំណើរការនូវការបោះឆ្នោតជាកញ្ចប់ សភាជាតិបានសំរេចជ្រើសតាំងសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបានផ្តល់សច្ចានុមតិដល់រដ្ឋាភិបាលចម្រុះអាណត្តិទីបី រវាងគណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ីនប៉ិច។
ថ្ងៃ ១៦ កក្កដា ឆ្នាំ ២០០៤ ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី ៣ សម្តេច ហ៊ុន សែន បានដាក់ចេញនូវ “យុទ្ធសាស្ត្រចតុកោណដើម្បីកំនើន ការងារ សមធម៌ និងប្រសិទ្ធិភាព” សំរាប់កម្ពុជា ជាការបន្តការអនុវត្តន៍នូវយុទ្ធសាស្ត្រត្រីកោណ ដែលសម្តេចបានដាក់ចេញពីអាណត្តិមុន។
ថ្ងៃ ២៣ វិច្ឆិកា ឆ្នាំ ២០០៥ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន បានសំរេចជាឯកច្ឆន្ទជ្រើសតាំងសម្តេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជន សំរាប់តំណែងនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៤ នៃរដ្ឋសភា។
ថ្ងៃ ២៤ កញ្ញា ឆ្នាំ ២០០៨ បន្ទាប់ពីបានជោគជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០០៨ ដែលគណបក្សប្រជាជនទទួលបាន ៩០ អាសនៈ ក្នុងចំណោម ១២៣ អាសនៈក្នុងរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី ៤ និងចាត់តាំងពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជានាយករដ្ឋមន្ត្រីសំរាប់អាណត្តិ ៥ ឆ្នាំថ្មី (២០០៨ ដល់ ២០១៣)។
ថ្ងៃ ២៣ កញ្ញា ឆ្នាំ ២០១៣ សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំង ដោយរដ្ឋសភានីតិកាលទី ៥ និងបានការយល់ព្រមពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជានាយករដ្ឋមន្ត្រី សម្រាប់រយៈពេលប្រាំឆ្នាំទៀត (២០១៣ ដល់ ២០១៨)។ ក្នុងការបោះឆ្នោតសកល ថ្ងៃ ២៨ កក្កដា ឆ្នាំ ២០១៣ គណបក្សប្រជាជនបានឈ្នះសម្លេងភាគច្រើន ៦៨ អាសនៈ ក្នុងរដ្ឋសភា ដែលមាន ១២៣ អាសនៈ។
ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៥ សន្និបាតគណកម្មាធិការកណ្តាលលើកទី ៣៨ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតដោយផ្ទាល់ និងដោយសម្ងាត់ ជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ជំនួស សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលបានទទួលមរណភាព។
ថ្ងៃ ១៥ ខែ សីហា ២០១៨ តាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ដែលមានប្រជាពលរដ្ឋកម្ពុជា ៨៣,០២% នៃបញ្ជីអ្នកចូលរួមបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាស គណបក្សប្រជាជនទទួលបានអាសនៈទាំង ១២៥ ក្នុងរដ្ឋសភា បន្តដឹកនាំប្រទេសសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨/២៣) ទៅមុខទៀត។
ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។
ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោតជាតិ ឆ្នាំ ២០១៨ ស្តីពីការបង្កើត“ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដើម្បីរួបរួមគ្នាជាស្នូលនៃសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ធិប្រជាធិបតេយ្យ។
ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុងសម័យប្រជុំលើកទី ១ នីតិកាលទី ៦ របស់ខ្លួន សភាជាតិ បានបោះឆ្នោតជាកញ្ចប់ ផ្តល់សេចក្តីទុកចិត្តជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងសេចក្តីថ្លែងការណ៍ពិសេស បន្ទាប់ពីការបោះឆ្នោតសាកល ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដោយយោងតាមការសំរេចចិត្តរបស់គណអចិន្ត្រៃយ៍នៃគណបក្សប្រជាជន និងក្រោយពីបានចូលគាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការថានឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី។
ថ្ងៃទី ៥ ខែសីហា ២០២៣ បន្ទាប់ពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផល ជាផ្លូវការថាគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រ ៨២,៣០% នៃសន្លឹកឆ្នោតបានការ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា ខែកក្កដា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា ចំនួនសន្លឹកឆ្នោតគាំទ្រនេះ បង្ហាញពីការគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិនេះ។
ថ្ងៃ ២២ ខែសីហា ឆ្នាំ ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី។
ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ក្រោយជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភាថ្ងៃទី ២៥ កុម្ភៈ ២០២៤ និងបន្ទាប់ពីបានដាក់ពាក្យលាលែងពីរដ្ឋសភានៅថ្ងៃទី ២ មេសា ២០២៤, សម្តេចតេជោ ហ៊ុន សែន ត្រូវបានសម័យប្រជុំព្រឹទ្ធសភាលើកដំបូងនៃនីតិកាលទី៥ បោះឆ្នោតជ្រើសរើសជា «ប្រធានព្រឹទ្ធសភា» នៃព្រះរាជាណាចក្រកម្ពុជា។

៣ សមិទ្ធិផល ការសិក្សា គោរម្យងារ ពានរង្វាន់ និងមេដាយ
ដោយមើលឃើញពីការប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងប្រកបដោយឆន្ទៈ ចំពោះបុព្វហេតុបង្រួបបង្រួមជាតិ សន្តិភាព និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច លោក ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រ នរោត្តម សីហនុ ប្រទានគោរម្យងារជា “សម្តេច” នាថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ១៩៩៤។ សម្តេចបានទទួលសញ្ញាបត្រជាច្រើន ដែលខ្លះបានពីការសិក្សា និងខ្លះទៀតបានពីបទពិសោធន៍ការងារ។
សម្តេច ហ៊ុន សែន បានទទួលសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយពីស្ថាប័នឧត្តមសិក្សាកម្ពុជា និងសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយ ទីក្រុងហាណូយ នៅឆ្នាំ ១៩៩១។
ឆ្នាំ ១៩៩៥ លោក បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង សំរាប់ការសិក្សាមុខជំនាញ និងនៅឆ្នាំ ១៩៩៦ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ ពីមហាវិទ្យាល័យ វ៉ែសឡេយ៉ិន (Wesleyan) រដ្ឋអាយអូវ៉ា (Iowa) នៃសហរដ្ឋអាមេរិក។
ថ្ងៃទី ២ ខែធ្នូ ១៩៩៦ សម្តេច ហ៊ុន សែន ត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោក (World Peace Academy) ផ្តល់នូវពានរង្វាន់សន្តិភាពពិភពលោក។ ជាជនទី ១ នៅអាស៊ីខាងត្បូង ដែលបានទទួលនូវមហាកិត្តិយសនេះ សម្តេចត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោក ផ្តល់ជូននូវគោរម្យងារបី គឺ ១) សម្បតិ្តវប្បធម៌មនុស្សជាតិ (Human Cultural Asset) ២ អគ្គរដ្ឋទូតគោចរដើម្បីសន្តិភាព (Roving Ambassador for Peace) និង ៣) សមាជិកសមាជសន្តិភាពពិភពលោក (World Peace Congressman)។
ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០០១ នាទីក្រុង សេអ៊ូល គណៈកម្មាធិការផ្តល់ពានរង្វាន់នៃសាលាថ្នាក់ក្រោយ ឧត្តមសិក្សានៃសាកលវិទ្យាល័យ Dankook ប្រទេសកូរ៉េខាងត្បូង បានសំរេចជូនសម្តេច ហ៊ុន សែន នូវសញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ ជាការទទួលស្គាល់នូវការរួមចំណែក ធ្វើអោយបានប្រសើរឡើងវិញនូវសន្តិភាព និងស្ថេរភាពនៅកម្ពុជា ការធ្វើអោយបានប្រសើរឡើងវិញ ក្នុងទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការប្រឹងប្រែងរបស់សម្តេច ដើម្បី អោយមានសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីខាងកើត។
ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០០១ សម្តេច ហ៊ុន សែន ត្រូវបានប្រគល់សញ្ញាបត្រកិត្តិយស ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ រ៉ាមកំហែង នៃព្រះរាជាណាចក្រថៃ។
ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០០១ ស្រ៊ី ជីនម៉យ នៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានបំពាក់ជូនសម្តេច ហ៊ុន សែន នូវមេដាយ “ការលើកកំពស់ពិភពលោកដោយបេះដូងមានភាពតែមួយ” ដើម្បីជាការ ទទួលស្គាល់នូវសមិទ្ធិផលលើគ្រប់វិស័យ ដែលសម្តេច ហ៊ុន សែន សំរេចបានជាគុណ ប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា។ ស្រ៊ី ជីនម៉យ បានរៀបរាប់ពីសម្តេច ហ៊ុន សែន ថាជា ឧបករណ៍ដ៏ឧត្តុង្គឧត្តមបំផុត ដែលត្រូវបានព្រះពុទ្ធអង្គជ្រើសបញ្ជូនមក អោយជួយសង្គ្រោះប្រជា ពលរដ្ឋកម្ពុជារាប់លាននាក់ពីសេចក្តីស្លាប់ ផ្តល់អោយពួកគេនូវការសិក្សា ចំណីអាហារ និងជំរក អោយកសាងសំរាប់ពួកគេនូវសាលារៀន មន្ទីរពេទ្យ និងប្រឡាយទឹក ហើយនាំកម្ពុជាចូលទៅជា សមាជិកប្រជាជាតិអាស៊ីភាគអាគ្នេយ៍។
ថ្ងៃទី ៦ ខែសីហា ឆ្នាំ​ ២០០២ សម្តេច ហ៊ុន សែន ត្រូវបានបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិដ៏ល្បីល្បាញនៃសហព័ន្ធរុស្ស៊ី ផ្តល់ជូននូវឋានៈជា សមាជិកពេញសិទ្ធិរបស់បណ្ឌិតសភា និងបានបំពាក់ជូននូវមេដាយជាការទទួលស្គាល់ចំពោះស្នាដៃដឹកនាំរបស់សម្តេច ក្នុងការធ្វើអោយកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។
ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០០២ គណៈកម្មាធិការសហព័ន្ធវិស្វកម្មអាស៊ាន បានសំរេចផ្តល់ជូនសម្តេច ហ៊ុន សែន នូវគោរម្យងារថ្នាក់ខ្ពស់បំផុត និងជាលើកដំបូងរបស់ខ្លួន គឺ “វិស្វករកិត្តិយសដ៏ឧត្តុង្គឧត្តម” ដើម្បីជាការទទួលស្គាល់នូវមនសិការជាតិ និងសមត្ថភាពដឹកនាំក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យនៃសង្គមជាតិ និងការបើកលទ្ធភាពអោយបញ្ញវន្តវិស្វកម្មជាតិ បានចូលរួមក្នុងចលនាកសាង និងអភិវឌ្ឍន៍ជាតិ។
ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០០៤ អភិបាល និងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិអាយរីស (Irish International University) នៃសហភាពអឺរ៉ុប បានផ្តល់ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ជូនសម្តេច ហ៊ុន សែន និងដើម្បីជាការទទួលស្គាល់ការរួមចំណែក និងសមិទ្ធិផល ជាច្រើន។ សាកលវិទ្យាល័យអន្តរជាតិ អាយរីស នៅបានផ្តល់ជាកិត្តិយសជូនសម្តេច នូវ មេដាយ Excellence 2004។
ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០០៤ ដោយទទួលស្គាល់នូវការរួមចំណែក និងសមិទ្ធិផលសំរេចបានក្នុងការការពារ ការកសាង និងការអភិវឌ្ឍន៍កម្ពុជា រួមដោយភាពជាអ្នកដឹកនាំ ដែលបង្ហាញថាមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រនយោបាយជឿនលឿន ការកែទំរង់លើគ្រប់វិស័យ ពិសេសវិស័យអប់រំក្នុងកំរិតឧត្តមសិក្សា និងការថែរក្សាការផ្សះផ្សារជាតិ ស្ថេរភាព និងសមាហរណកម្មតំបន់ សាកលវិទ្យាល័យកម្ពុជា បានសំរេចប្រគល់ជូន សម្តេច ហ៊ុន សែន នូវ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ។
ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៤ សម្តេច ហ៊ុន សែន ត្រូវបានទទួលស្គាល់ជា សមាជិកសមាគមមេធាវីកម្ពុជា។
ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០០៥ ជាថ្មីម្តងទៀត ជាមួយនឹងការកោតសរសើរចំពោះការប្រឹងប្រែង មិនចេះនឿយហត់ដើម្បីវឌ្ឍនភាពរបស់កម្ពុជា និងប្រជាជាតិអាស៊ានទាំងមូល Sri Chinmoy Centers International ប្រគល់ជូនសម្តេច ហ៊ុន សែន នូវពានរង្វាន់ខ្ពស់បំផុតរបស់ខ្លួន គឺ ពានរង្វាន់ U Thant។
ថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០០៦ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ សាកលវិទ្យាល័យ Soon Chun Hyang នាទីក្រុងសេអ៊ូល បានប្រគល់ជូនសម្តេច ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ ដើម្បីគូសបញ្ជាក់ពីការដឹកនាំកសាងប្រទេសឡើងវិញ និងការបូជាអស់ពីកម្លាំងកាយចិត្ត ដើម្បីសន្តិភាព និងវិបុលភាព សំរាប់កម្ពុជា និងតំបន់អាស៊ីភាគអាគ្នេយ៍ ពិសេស ចំពោះការយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងជាមិត្តភាព ជាមួយសាធារណរដ្ឋ កូរ៉េ។
ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០០៦ ដោយយល់ និងគោរពចំពោះការរួមចំណែកសំខាន់ៗ ជាច្រើននៅក្នុងវិស័យអប់រំ និងការប្តេជ្ញាប្រកបដោយទំនុកចិត្ត ធ្វើអោយមានសុខុមាលភាពជាក់ស្តែងជូនប្រជាជនកម្ពុជា និងការធ្វើអោយទំនាក់ទំនងកម្ពុជា និងថៃ មានសភាពប្រសើរឡើង ក្រុមប្រឹក្សានៃសាកលវិទ្យាល័យរាជផាត់បានសម្តេចចៅប្រាយ៉ា បានសម្រេចជាឯកច្ឆន្ទ ប្រគល់ជូន សម្តេច ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអប់រំសំរាប់ការអភិវឌ្ឍន៍មូលដ្ឋាន ជាការទទួលស្គាល់នូវតួនាទីរបស់សម្តេច ក្នុងការអភិវឌ្ឍន៍ប្រទេស តាមរយៈការអប់រំ និងរួមចំណែកពង្រឹងទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០០៧ យោងទៅលើការរួមចំណែកដ៏មានតម្លៃ ចំពោះការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ដែលធ្វើអោយមានការអភិវឌ្ឍន៍យ៉ាងលឿន និងលើច្រើនវិស័យ ក្រសួងអប់រំ និងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមដោយ សាកលវិទ្យាល័យជាតិក្រុងហាណូយ ប្រគល់ជូនសម្តេច ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំ។
ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៧ សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ (ACCD) ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ជាស្ថាប័នជំនាញអន្តរជាតិដំបូងគេនៃអ្នកការទូតមានវិញ្ញាបនបត្រ សំរេចទទួលសម្តេច ហ៊ុន សែន អោយមានឋានន្តរៈសក្តិ អភ័យឯកសិទ្ធិ កិត្តិយស និងឋានៈ ជា “Chartered Diplomat” ដែលមានសិទ្ធជារៀងរហូត បន្ថែមនៅពីក្រោយឈ្មោះ ជាអក្សរ “C Dipl” ជាការឆ្លើយតបទៅនឹងជោគជ័យ និងការសំរេចបានតាមការតម្រូវរបស់ ACCD ប្រកបដោយសុច្ចរិតភាព ការប្តេជ្ញា និងសមិទ្ធិផលលេចធ្លោ នៅក្នុងវិស័យការទូត និងការកសាងសន្តិភាព។
ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០០៧ ជាថ្មីម្តងទៀត សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ ផ្តល់ជូនសម្តេច ហ៊ុន សែន នូវងារកិត្តិយស ជា អ្នកគាំទ្រវិជ្ជាជីវៈការទូតពាណិជ្ជកម្ម។
ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០០៧ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទាន គោរម្យងារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយទ្រង់យល់ សម្តេច ហ៊ុន សែន ជា មគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ដឹកនាំ ប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ កសាង បាននូវសន្តិភាពជាតិ ស្ថេរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ការពារ លទ្ធិប្រជាធិបតេយ្យ និង មាន កិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំង រក្សា និងការពារ បាននូវឯករាជជាតិ និងបូរណភាពទឹកដី តាមទស្សនវិស័យសង្គមរាស្រ្តនិយម ដឹកនាំកសាង និងគោរព ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ អោយមានការរីកចំរើន ព្រមទាំងមានស្វាម៉ីភក្តិ ចំពោះព្រះរាជបល្ល័ង្គ ការពារយុត្តិធម៌ ដើម្បីនិរន្តភាព រាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃ ០៧ មករា ឆ្នាំ ២០០៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានអង្គការសភាអន្តរជាតិ ដើម្បីសុវត្ថិភាព និងសន្តិភាព (International Parliamentary for Safety and Peace – IPSP) ប្រគល់ គោរម្យងារ ជា ១) ព្រឹទ្ធសមាជិកមួយជិវិត និង ២) ឯកអគ្គរដ្ឋទូតដ៏ឆ្នើម នៃក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈប្រធានអង្គការ IPSP និងគោរម្យងារ សាស្ត្រាចារ្យកិត្តិយសក្នុងវិស័យទំនាក់ទំនងការតូត និងអន្តរជាតិ ប្រគល់ជូនដោយ សាកលវិទ្យាល័យ Empresarial នៃប្រទេស Costa Rica ជាការគោរពចំពោះទេពកោសល្យ និងសមត្ថភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល បានឈរយ៉ាងអង់ អាចក្នុងសតវត្សទី ២០ សង្គ្រោះជីវិតមនុស្សរាប់លាននាក់ ប្រមូលកម្លាំង សប្បុរសធម៌ និងផ្ទាល់ខ្លួន រំដោះប្រជាជនពីទុក្ខវេទនា និងកំពុងថែរក្សាភាពចំរុងចំរើន សេរីភាព និង សុភមង្គល ដោយផ្តល់ជូនប្រជាជនកម្ពុជាជាថ្មី នូវអនាគត វប្បធម៌ និងលទ្ធិប្រជាធិបតេយ្យ តាម រយៈទិវាជ័យជំនះ ០៧ មករា។
ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៨ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានាធិបតី Choummaly Sayasone បំពាក់គ្រឿងឥស្សរយសមាសជាតិឡាវ ជូនសម្តេចតេជោ ហ៊ុន សែន ជាការទទួលស្គាល់ការប្រឹងប្រែងលើកកំពស់ទំនាក់ទំនង បង្កើតអោយមានលក្ខខណ្ឌល្អ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវប្បធម៌ រវាងឡាវ និងកម្ពុជា។
ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០០៩ នៅភ្នំពេញ ដោយទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ថ្លៃថ្លាចំពោះការធ្វើអោយប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ Woosuk សំរេចប្រគល់ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ច។
ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០០៩ នាក្រុងសេអ៊ូល គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ កូរ៉េ សំរេចប្រគល់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបំរើមនុស្សជាតិយ៉ាងធំធេង ជារដ្ឋបុរស និងជាអ្នកនយោបាយ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រនយោបាយ យោងទៅលើតួនាទីដ៏សំខាន់ក្នុងចលនារំដោះកម្ពុជា ការសម្រុះសម្រួលជាតិ និងសន្តិភាព ការរួមវិភាគទានដ៏ធំធេង អោយមានការអភិវឌ្ឍន៍នយោបាយ ការទូត និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ការពូនជ្រុំ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាង កម្ពុជា និងកូរ៉េ។
ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃ កងយោធពលខេមរភូមិន្ទ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយទ្រង់យល់ សម្តេច ហ៊ុន សែន ជា មគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ដឹកនាំ ប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ស្ថេរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ការពារ លទ្ធិប្រជាធិបតេយ្យ និង មានកិច្ចសហប្រតិបត្តិ ការអន្តរជាតិល្អ ព្រមទាំង រក្សា និងការពារ បាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី តាមទស្សនវិស័យសង្គមរាស្រ្តនិយម ដឹកនាំកសាង និងគោរព ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ អោយមាន ការរីកចំរើន ព្រមទាំងមានស្វាមីភក្តិ ចំពោះព្រះរាជបល្ល័ង្គ ការពារយុត្តិធម៌ ដើម្បីនិរន្តភាព រាជានិយម នៃ ព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១០ ដោយទទួលស្គាល់សមិទ្ធិផលជាក់ស្តែងទាំងឡាយក្នុងការអនុវត្តន៍នយោបាយរំដោះជាតិ ការពារជាតិ បង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពិតប្រាកដជូនជាតិ និងគុណសម្បត្តិប្រសើរថ្លៃថ្លាក្នុងការផ្តល់អោយប្រទេស និងប្រជាជនកម្ពុជានូវគុណប្រយោជន៍ធំធេងក្នុងវិស័យ សិក្សាស្រាវជ្រាវ បែបវិទ្យាសាស្ត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រទានដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា មានគោរម្យងារជា បណ្ឌិតសភាចារ្យ។ តមក ថ្ងៃ ០១ មេសា ២០១១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ប្រទានការតែងតាំង សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រធានកិត្តិយសក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិតសភាកម្ពុជា។
ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៥ ដោយទទួលស្គាល់ និងវាយតម្លៃជា អ្នកដឹកនាំប្រកបដោយគតិបណ្ឌិត អ្នកបង្រួបបង្រួមសន្តិភាព និងអ្នកដឹកនាំកសាងប្រទេសតែមួយគត់នៅលើលោក មានស្មារតី លះបង់ និង សំរេចបានជោគជ័យដ៏មហិមា ក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមប្រឹក្សា ភិ បាល នៃ សាកលវិទ្យាល័យ លីមកុកវីង អហ្វ គ្រីអេធីវ តិចណូឡូជី នៃ ម៉ាឡេស៊ី បានសំរេចប្រគល់ សញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំឆ្នើម” ជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។
ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៥ អមដំណើរទស្សនកិច្ចជាផ្លូវ ការនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យក្វាងស៊ី សម្រាប់ប្រជាជាតិ ប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ជាការទទួលស្គាល់ចំពោះ សមត្ថភាពលេចធ្លោក្នុងការដឹកនាំ ការធ្វើអោយឯក ភាពប្រទេស និងពូនជ្រុំទំនាក់ទំនងរឹងមាំ រវាងចិន និងកម្ពុជា។
ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៦ ដោយទទួលស្គាល់ជាសកល ស្នាដៃនៃបុព្វហេតុកសាងសន្តិភាព ការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាពីក្រោមសូន្យ រហូតមានការរីកចម្រើនសព្វថ្ងៃ, ពិសេសការបើកសិទ្ធិសេរីភាពដល់អ្នកសារ ព័ត៌មាន, ទាំង Online ទាំងបណ្តាញទូរទស្សន៍, សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន បានប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន នូវពានរង្វាន់ “សន្តិភាព និងអភិវឌ្ឍន៍” របស់ខ្លួន។
ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៦ បណ្ឌិតសភាទេសចរណ៍អឺរ៉ុប នៃក្រុមប្រឹក្សាអឺរ៉ុបស្តីពីទេសចរណ៍ និងពាណិជ្ជកម្ម បានប្រគល់ងារជា សមាជិកបណ្ឌិតសភាកិត្តិយស ជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាការកោតសរសើរចំពោះគុណពិសេស ក្នុងការការពារតម្លៃនៃសហគមន៍ទេសចរណ៍, ការពារបរិស្ថាន, ការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្ត និងការគាំទ្រការរីកចម្រើនរបស់សហគមន៍ តាមរយៈវិស័យទេសចរណ៍, លើកទឹកចិត្តចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិស្ថានប្រកបដោយការបើកចំហរ, ភាពត្រឹមត្រូវ, ពណ៌បៃតង, មានសុវត្ថិភាព និងផ្អែកលើវប្បធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា, និងសម្រាប់ការប្តេជ្ញា ក្នុងការសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអឺរ៉ុបស្តីពីទេសចរណ៍ និងពាណិជ្ជកម្ម និងការគាំទ្រឆ្ពោះទៅរកទេសចរណ៍ពិភពលោក ប្រកបទៅដោយនិរន្តរភាព, ក្រមសីលធម៌ និងបើកចំហរ។
ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៦ ទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, វិទ្យាស្ថាន យុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី (Asian Strategy and Leadership Institute – ASLI) បាន ប្រគល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវ “ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត – the ASEAN Lifetime Achievement Award” ជាការវាយតម្លៃចំពោះការបំពេញតួនាទីជាប្រមុខរដ្ឋាភិបាល យូរជាងគេក្នុងបណ្តាប្រទេសអាស៊ាន, ធ្វើពលីកម្មសព្វបែបយ៉ាងនាំមកនូវសុខសន្តិភាព, ការឯកភាពទឹកដី, ការបង្រួបបង្រួមជាតិ និងការលុបបំបាត់ទាំងស្រុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គម។ ពានរង្វាន់នេះ ក៏បង្ហាញពីការទទួលស្គាល់ចំពោះការរួមចំណែក និងវិភាគទានរបស់សម្តេចតេជោ ចំពោះការរីកចំរើន និងការកសាងសហគមន៍អាស៊ាន៕
ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចផ្តល់ពានរង្វាន់ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC President’s Trophy” ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាការទទួលស្គាល់ការរួមចំណែកលេចធ្លោ និងការខំប្រឹងប្រែងអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាបានជួយជំរុញចលនាអូឡាំពិក ឆ្ពោះទៅកសាងពិភពលោកមួយប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក។
ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៧ នៅវិមានសន្តិភាព, ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប បានជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជា “ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព“ ជាការទទួលស្គាល់នូវការដឹកនាំរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងទាក់ទាញបានកំណើនទេសចរជាលំដាប់។ ក្នុងព្រឹត្តិការណ៍ជាមួយគ្នានេះ រាជធានីភ្នំពេញ ត្រូវទទួលបានជ័យលាភីជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក»។
ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជាថ្នាក់ដឹកនាំពិភពលោកទី ១ ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយ តាមការសម្រេចរបស់ក្រុមប្រឹក្សាសាកលវិទ្យាល័យ Krirk នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃ ២៤ ធ្នូ ២០១៨ ជាមួយនិងការវាយតម្លៃថា សម្តេចតេជោ ជាថ្នាក់ដឹកនាំពោរពេញដោយចំណេះដឹង និងសមត្ថភាព ដែលប្រើប្រាស់ទំនាក់ទំនងនយោបាយ សម្រេចបានសមិទ្ធិផលជាច្រើនសំរាប់កម្ពុជា។
ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ ទីក្រុងប៉េកាំង, សាធារណរដ្ឋប្រជាមានិតចិន, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលគោរមងារ “សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ” ពី ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង ដែលវាយតម្លៃខ្ពស់ចំពោះសកម្មភាពដឹកនាំរបស់សម្តេចតេជោ ក្នុងការរំលត់សង្រ្គាមស៊ីវិល និងរបបប្រល័យពូជសាសន៍, ការស្វែងរកដំណោះស្រាយនយោបាយ, ការធ្វើទំនាក់ទំនងអន្តរជាតិ, និងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា ព្រមគ្នានឹងការទទួលស្គាល់ សកម្មភាពគាំទ្រចំពោះគោលនយោបាយខ្សែក្រវាត់ និងផ្លូវ ជាគំនិតផ្តួចផ្តើម របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន៕
ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោយបញ្ចប់ពិធីបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី ២” ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» លោកជំទាវ Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល បានប្រគល់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ»។
ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ ទទួលស្គាល់ជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៊ី មហាសន្និបាត “ក្តីសង្ឃឹមពិភពលោក” លើកទី ៧ ឆ្នាំ ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» បានប្រគល់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវ”មេដាយមាសសន្តិភាពពិភពលោក World Summit Peace“។
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ បេសកជនប្រធានាធិបតីរុស្ស៊ី បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ពីរដ្ឋាភិបាលរុស្ស៊ី ចុះហត្ថលេខាប្រគល់នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២១ ដោយប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាការតបស្នងចំពោះការចូលរួមចំណែកនិងដើរតួយ៉ាងសំខាន់ក្នុងការរក្សាពង្រឹង ទំនាក់ទំនងរវាងប្រជាជនរុស្ស៊ីនិងកម្ពុជា។
ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២  នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយការទទួលស្គាល់នូវស្នាដៃក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ការកសាងសុខសន្តិភាពពេញលេញ និងដ៏យូរអង្វែងនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដោយគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់។
ថ្ងៃទី ៥ ខែសីហា ឆ្នាំ​ ២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រគល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវសញ្ញាបត្រ “បណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍ” តាមការសំរេចកាលពីថ្ងៃ ៦ មករា ២០២០ ដោយពិនិត្យឃើញសមត្ថភាព ទេពកោសល្យ និងទស្សនវិស័យក្នុងការដឹកនាំ និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ទាំងក្នុងកំរិតជាតិនិងអន្តរជាតិ។
ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ដោយបានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើននិងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា និងបានកត់សម្គាល់ពីភាពដឹកនាំរបស់សម្តេចតេជោ ក្នុងការយកឈ្នះលើវិបត្តិជំងឺកូវីដ១៩ រក្សាបានអាយុជីវិតប្រជាពលរដ្ឋ និងនាំប្រទេសងើបចេញពីវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ យ៉ាងឆាប់រហ័ស, ព្រមជាមួយភាពជោគជ័យដ៏ត្រចះត្រចង់នៃភាពជាប្រធានអាស៊ានរបស់សម្តេចតេជោនៅក្នុងឆ្នាំ២០២២ ធ្វើឱ្យអាស៊ានក្លាយទៅជាវេទិកាប្រកបដោយសក្តានុពលក្នុងការជជែកដើម្បីដោះស្រាយវិបត្តិនានារបស់ពិភពលោក បើទោះបីបញ្ហាមានច្រើននិងក្តៅៗមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន, វិទ្យាស្ថានយុទ្ធសាស្ត្រសំរាប់អាស៊ីប៉ាស៊ីហ្វិក KSI ក្រុមផ្តល់គំនិតឯករាជ បានសម្រេចផ្តល់ពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក” ជូនសម្តេចតេជោ ហ៊ុន សែន។
ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីជាសក្ខីភាពនៃការទទួលស្គាល់គុណបំណាច់ និងការចូលរួមចំណែកដ៏ធំធេងក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវ ជាពិសេសការតម្លើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបំពាក់គ្រឿងឥស្សរិយយស មេដាយ ផូសៃ ឡានសាង (Phoxay Lane Xang) ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងទស្សនកិច្ចជាផ្លូវការ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្ងៃ ១៤និង១៥ កុម្ភៈ ២០២៣។
ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលគោ រមងារកិត្តិយស “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក” ពីអង្គការពុទ្ធសាសនិកពិភពលោក ជាការទទួលស្គាល់នូវការលះបង់ពេញមួយជីវិតចំពោះសន្តិភាពនិងព្រះពុទ្ធសាសនា ដឹកនាំប្រទេសកម្ពុជាតាមសេចក្តីទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ាកសាងប្រទេសជាតិតាមនយបាយឈ្នះឈ្នះ នាំមកជូនប្រជាជនវិញនូវភាពសម្បូណ៌សប្បាយ ក្នុងសុខសន្តិភាពពេញលេញ ក្នុងភាពសុខដុមរមនាសង្គមនិងសាសនា ការអភិវឌ្ឍដោយបរិយាប័ន្ននិងចេរភាព, និងសញ្ញាប័ត្រ “បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ”ពីសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃ សាធារណរដ្ឋឥណ្ឌូនេស៊ី។
ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ជាមួយពិធីបើកការប្រកួតកីឡា SEA Games ជាផ្លូវការនៅកម្ពុជា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រគល់មេដាយ Pierre de Coubertin ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ស្នាដៃឆ្នើមក្នុងការដឹកនាំ និងលើកកម្ពស់វិស័យកីឡា ក៏ដូចជាការលើកកម្ពស់ចលនាអូឡាំពិកជាតិ និងអន្តរជាតិ។

ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្ត ឃ្យឹងសាងប៊ុកដូ, សាធារណរដ្ឋកូរ៉េ, សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ (Dongguk University WISE) ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស សំរាប់ “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព”។