(២៤) ប្រើប្រាស់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា ជាចលនាកីឡាជាតិ
... សូមឱ្យប្រជាពលរដ្ឋរបស់យើងចូលរួមនៅក្នុងដំណើរការនៃស៊ីហ្គេមដែលយើងរង់ចាំជាង ៦០ ឆ្នាំហើយ តាមប្រវត្តិ គឺ ៦៤ ឆ្នាំ ដែលយើងរង់ចាំ។ សូមឱ្យប្រជាពលរដ្ឋរបស់យើងប្រើប្រាស់ឱកាស នៃការប្រកួតស៊ីហ្គេមនៅកម្ពុជា ជាទៅជាចលនា(ចូលរួមកីឡា)ជាតិ មិនមែនជាបញ្ហាដាច់ដោយឡែករបស់វិស័យកីឡានៅទីក្រុងភ្នំពេញទេ ធ្វើម៉េចឱ្យប្រទេសរបស់យើងស្អាត។ មនុស្សរាប់ម៉ឺននាក់នឹងមកកាន់ទីក្រុងភ្នំពេញ។ គ្រាន់តែកីឡាករ/ការនីជិតម៉ឺន(នាក់)ទៅហើយ ដែលមកប្រកួត ...។
(២៥) រស់បាន ២០ ឆ្នាំទៀត នឹងបានឃើញប្រជាជនកើនដល់ ២០ លាន(នាក់)
... ជំនាន់ អាពត អត់អីស៊ី។ អាពត វាមិនឱ្យស៊ីដល់ឥឡូវនេះពេទ្យមិនឱ្យស៊ីតែម្ដង ... ជីវិតមនុស្សមើលមិនទៀងទេ ក៏ប៉ុន្តែ ខ្ញុំមានជំនឿច្បាស់ថា ខ្ញុំមាន(អាយុ)លើស ៩០ (ឆ្នាំ)។ ខ្ញុំនៅចាំមើលរហូតដល់ប្រជាជនកើនឡើងរហូតដល់ ២០ លាន(នាក់) ដែលខ្ញុំចាប់ផ្ដើមពីប្រជាជនត្រឹមតែ ៥ លាន(នាក់)។ ឥឡូវ ប្រជាជនយើងកើនឡើងដល់ ១៧ លាន(នាក់)ហើយ។ បើខ្ញុំរស់នៅបាន ២០ ឆ្នាំទៀត ខ្ញុំនឹងបានឃើញប្រជាជនយើងកើនឡើងប្រមាណជា២០ លាន(នាក់) ជាមួយនឹងសមិទ្ធផលដទៃ ដែលបានកសាង ...។
(២៧) កម្ពុជាគ្មានសមត្ថភាពផ្ដល់ជំនួយយោធា តែជួយបណ្ដុះបណ្ដាលអ្នកដោះមីនឱ្យអ៊ុយក្រែន
... កម្ពុជាមិនបានផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ។ កម្ពុជាគ្មានសមត្ថភាពដើម្បីផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ។ ឯរឿងកម្ពុជាជួយបណ្ដុះបណ្ដាលឱ្យអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។ កម្ពុជាបានបញ្ជូនកងទ័ពទៅធ្វើការដោះមីននៅក្រៅប្រទេស រួមចំណែកការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ឥឡូវយើងមានកងទ័ពឈរជើង នៅ៤ ប្រទេសគឺនៅម៉ាលី, សូដង់ខាងត្បូង, លីបង់, អាហ្រិកកណ្ដាល។ កាលពីមុនយើងមានតាំងពីនៅ(ប្រទេស)ស៊ីរី, ឆាដ, ស៊ីព្រ (នៅខាង)អឺរ៉ុប។ ម៉េចបានយើងទៅដល់ហ្នឹង? វាមានតំបន់មួយ គឺជម្លោះរវាងទួគីជាមួយនឹងស៊ីព្រ។ តំបន់ហ្នឹងមានមានមីន។ អង្គការសហប្រជាជាតិយកកងទ័ពយើងទៅជួយដោះមីននៅកន្លែងហ្នឹង។ យើងបានបញ្ជូនកម្លាំងទៅជួយដោះមីន ដែលជាឃាតករលាក់មុកនៅតាមប្រទេសនានា ...។
(២៨) កម្ពុជាមិនបានបញ្ជូនកងទ័ព ហើយក៏មិនបានបញ្ជូនគ្រូដោះមីនទៅប្រទេសអ៊ុយក្រែនទេ
... យើងបានជួយបណ្ដុះបណ្ដាលអ្នកដែលមកពីកូឡុំប៊ី និងប្រទេសមួយចំនួនផ្សេងទៀត មករៀនដោះមីននៅកម្ពុជា។ យើងមានមជ្ឈមណ្ឌលមីនអាស៊ាន ដែលមានទីតាំងនៅកម្ពុជា។ ខ្ញុំសូមជម្រាបថា ប្រទេសណាក៏ដោយ ដែលចង់មករៀនដោះមីននៅកម្ពុជា សូមអញ្ជើញ រាប់ទាំងប្រទេសរុស្សី យើងជួយបណ្ដុះបណ្ដាលឱ្យទាំងអស់។ ខ្ញុំសូមបញ្ជាក់ កម្ពុជាមិនបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនទេ ហើយក៏មិនបានបញ្ជូនគ្រូដោះមីនរបស់យើងចូលទៅក្នុងប្រទេសអ៊ុយក្រែនដែរ។ ដូច្នេះអ្វីដែលជាកិច្ចការដែលយើងធ្វើនេះគឺកិច្ចការមនុស្សធម៌សុទ្ធសាធ។ ការបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ គឺជាកិច្ចការដែលត្រូវធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោកនេះ ...។
(២៩) ប្រទេសទាំងឡាយណាដែលចង់រៀនដោះមីន សូមអញ្ជើញមករៀននៅកម្ពុជា
ខ្ញុំក៏សូមបញ្ជាក់ ក្នុងឋានៈជាអ្នកសម្រេចចិត្តខាងនយោបាយដែលទទួលការខុសត្រូវលើនយោបាយក្នុងប្រទេស និងក្រៅប្រទេសថា កម្ពុជានឹងទទួលយកប្រទេសណាក៏ដោយ ដែលចង់រៀនដោះមីន សូមមករៀននៅកម្ពុជា។ កម្ពុជាទទួល។ សូមកុំឱ្យកម្ពុជាចូលទៅពាក់ព័ន្ធជាមួយនឹងសកម្មភាពយោធានៅអ៊ុយក្រែន។ កម្ពុជាគ្មានសមត្ថភាពធ្វើបែបនោះទេ។ ប៉ុន្តែកិច្ចការមនុស្សធម៌ទាក់ទងនឹងការកំចាត់ចោលគ្រាប់មីន កម្ពុជាមានបទពិសោធន៍ជូរចត់។ ស្លាប់ពលរដ្ឋ និងពិការពលរដ្ឋច្រើនណាស់។ ដូច្នេះ កម្ពុជាមិនអាចបើកភ្នែកមើលសោកនាដកម្មនៅតាមបណ្ដាប្រទេសនានាទេ។ កូឡុំប៊ីមករៀនច្រើនជាងគេនៅស្រុកខ្មែរ ... រដ្ឋមន្ត្រីការបរទេសកម្ពុជា កំពុងទស្សនកិច្ចនៅជប៉ុន។ ខ្ញុំថាឱ្យពិភាក្សាជាមួយជប៉ុនបន្ថែមទៅ។ ជប៉ុនមានធនធានហិរញ្ញវត្ថុ កម្ពុជាមានទីតាំងសម្រាប់ការហ្វឹកហាត់ ... គ្រប់ទ្វីបទាំងអស់ដែលចង់អញ្ជើញមករៀន កម្ពុជាជួយបង្រៀន ...។
សម្ដេចតេជោ ហ៊ុន សែន,
ចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យវេស្ទើន, ២៦ មករា ២០២៣។