(១) ហត់នឿយ តែមិនមានអ្វីជាកង្វល់ហួសហេតុទេ
ជាដំបូង ខ្ញុំសូមសំដែងនូវការអរគុណចំពោះការស្វាគមន៍របស់គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមប្រឹក្សា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ ក្នុងដំណើរមកកាន់(ទីនេះ)របស់ខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ដែលមកជាមួយខ្ញុំ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីពាំនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្ដេចម៉ែ ព្រះមាតាជាតិជាទីសក្ការៈ ចំពោះមន្រ្តីរាជការ កងកម្លាំង និងប្រជាជនក្នុងខេត្តព្រះវិហារ។ ពីម្សិលមិញ យើងបានធ្វើការច្រើន ប៉ុន្តែនៅពេលដែលទទួលទានអាហារ មិនបានឃើញថា សម្ដេចក្រ ឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេច ម៉ែន សំអន, ឯកឧត្តម ជា សុផារ៉ា និងអ្នកដទៃទៀតថា អស់កម្លាំងនោះទេ។ ឯខ្លួនខ្ញុំក៏អាចនិយាយបានថា អាយុគ្រាន់តែជាតួលេខ។ យប់មិញ ខ្ញុំនៅរហូតដល់ម៉ោង ជាង ១២យប់ ប៉ុន្តែស្រាប់តែភ្ញាក់ពីសំរាកនៅម៉ោង៤ (ភ្លឺ) ហើយក៏សម្រាកទៅវិញមិនលក់។
សួរថា តើថ្ងៃនេះនិយាយបានប៉ុណ្ណា? សូមជម្រាបថា ខ្ញុំបានហ្វឹកហាត់តាំងពីអាយុ ១៣ឆ្នាំឯណោះ។ ដូច្នេះ វាមិនងាយទ្រុឌទ្រោមទេ។ ការហ្វឹកហាត់ពីអាយុ ១៣ឆ្នាំ គឺពេលដែលខ្ញុំរស់នៅជាមួយព្រះសង្ឃ។ ព្រះសង្ឃមិនអនុញ្ញាតឱ្យដេករហូតដល់ភ្លឺទេ។ ត្រូវក្រោកតាំងពីម៉ោង៤ ឬ៤កន្លះ ដាំបបរប្រគេនព្រះសង្ឃ មើលមេរៀន (និង)បោសសំរាម។ អញ្ចឹង ខ្ញុំបានហ្វឹកហាត់តាំងពីពេលនោះ។ បន្ទាប់ទៅ ខ្ញុំទៅធ្វើជាទាហាន។ ពាក្យថា ទាហាន មួយម៉ាត់ កម្រនឹងមានពាក្យដេកឆ្អែតណាស់។ រៀងរាល់ព្រឹក ត្រូវតែក្រោកម៉ោង៥ ជានិច្ច ទោះមិនមានការអ្វីក៏ដោយ ក៏ត្រូវក្រោកម៉ោង៥។ បន្តមកទៀត ខ្ញុំឆ្លងកាត់គ្រប់(សភាពការណ៍) ជួនកាល ៧២ម៉ោង ដេកបានត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ។ ឆ្លងកាត់(គ្រប់)សភាពការណ៍ហើយ។
ដូច្នេះ ការហត់នឿយប៉ុណ្ណេះ វាមិនបានស្មើជាមួយនឹងការហត់នឿយរបស់កសិករកម្មកររបស់យើងនោះទេ។ នៅពេលដែលមានអ្នកណាមួយត្អូញត្អែរថា “ខ្ញុំលំបាកណាស់” គឺខ្ញុំតែងតែប្រាប់ពួកគេថា “កុំប្រៀបធៀបជាមួយ(អ្នក)ខាងលើ ត្រូវប្រៀបធៀបជាមួយ(អ្នក)ខាងក្រោម”។ ខ្លួនខ្ញុំពីដើម ក៏តែងតែធ្វើការប្រៀបធៀបយ៉ាងដូច្នេះដែរ។ “ខ្ញុំជាកូនអ្នកក្រ ប៉ុន្តែក៏នៅមានអ្នកក្រជាងខ្ញុំទៅទៀត”។ ខ្ញុំមិនដែលយកខ្លួនខ្ញុំទៅប្រៀបធៀបថា “គេជាកូនអ្នកមានអញ្ចេះ/អញ្ចុះ” ទេ។ ខ្ញុំតែងតែប្រៀបធៀបថា មានអ្នកដែលក្រជាងខ្ញុំទៅទៀត។ ក្នុងពេលដែលខ្ញុំបានសម្រាកនៅក្នុងកុដិលោក នៅមានអ្នកដែលគ្មានដំបូលជ្រកនោះថែមទៀត។ ដូច្នេះហើយ បានជាខ្ញុំព្យាយាមធ្វើមកដល់ពេលនេះ។ អញ្ចឹងការហត់នឿយរបស់ខ្ញុំ ជាមួយនឹងថ្នាក់ដឹកនាំដែលមានវ័យចំណាស់ ដែលយើងថា អាយុគ្រាន់តែជាតួលេខ គឺមិនមានអ្វីដែលជាកង្វល់ហួសហេតុពេកទេ។
ម្សិលមិញ យើងបានឯកភាពគ្នាថា ចេញពីហ្នឹងគឺធ្វើដំណើរទៅភ្នំពេញ ទទួលទានបាយលើរថយន្តតែម្ដង ដើម្បីកុំឱ្យអ្នកព្រះវិហារកង្វល់ពីរឿងបាយទឹក។ យើងរៀបបាយទឹកលើរថយន្ត រួចហើយយើងធ្វើដំណើរឱ្យដល់ភ្នំពេញ។ ការដែលយើងប្រញាប់ទៅភ្នំពេញ គឹមូលហេតុថា ថ្ងៃស្អែកជាបុណ្យខួបកំណើតគណបក្ស។ (មិនអាចអោយ)អវត្តមានប្រធានគណបក្ស និងអនុប្រធានគណបក្សរហូតដល់ ៣នាក់ គឺមានសម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងមានសមាជិកអចិន្ត្រៃយ៍មួយចំនួនទៀតដែលមកតាមខ្ញុំនេះទេ។ ដូច្នេះហើយ យើងត្រូវធ្វើការងារពីម្សិលច្រើនបន្តិច។ ថ្ងៃនេះយើងបានជុំគ្នា។ កុំអីពីម្សិលត្រូវជួបអស់លោក លោកស្រីនៅយប់មិញនេះ រួចហើយធ្វើដំណើរទាំងយប់។ ប៉ុន្តែចេះកែពេលវេលាទាន់។
(២) ពង្រាយសាលារៀនតាមស្រុក ផ្ដល់ឱកាសដល់យុវជន កុមារាកុមារី ទទួលបានការបណ្ដុះបណ្ដាល
ឥឡូវ សូមចូលទៅដល់បញ្ហា។ ពេលវេលានេះ ទាំងប្រជាជាតិកម្ពុជា និងប្រជាជនថៃ កំពុងរង់ចាំស្ដាប់ ប៉ុន្តែខ្ញុំចាប់បើកឆាកអំពីបញ្ហាសភាពការណ៍កម្ពុជាសិន។ ខ្ញុំសូមយកឱកាសនេះថ្លែងការកោតសរសើរចំពោះគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងថែរក្សាស្ថិរភាពនយោបាយ ថែរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធានាដល់ការលូតលាស់នៃសេដ្ឋកិច្ច និងជីវភាពប្រជាជន។ យើងបានឆ្លងកាត់ដំណាក់កាលដែលមិនមែនជាការងាយស្រួលទេ។ ជំងឺកូវីដ-១៩ បានបំផ្លាញយើង។ បន្ទាប់ទៅ មានបញ្ហានេះ/នោះ ក៏ប៉ុន្តែតាមរយៈនៃការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ទាំងគ្រប់ជាន់ថ្នាក់ ក្នុងនោះមានចំណែកនៃការចូលរួមរបស់មន្រ្តីក្រុមប្រឹក្សាឃុំសង្កាត់របស់យើងផងដែរ បានធ្វើកិច្ចការដ៏ល្អសម្រាប់ប្រជាជនរបស់យើង។
បើខ្ញុំពិនិត្យឡើងវិញអំពីស្ថានភាពនៃខេត្តព្រះវិហារ ដែលខ្ញុំធ្លាប់មកតាមដំណាក់កាល ហើយនៅដំណាក់កាលចុងក្រោយនៅឆ្នាំ២០១៦ ដែលខ្ញុំបានធ្វើការវិនិយោគមួយចំនួនធំក្នុងខេត្តព្រះវិហារ ជាពិសេសលើវិស័យអប់រំ។ មានដែលឃើញ clip វីដេអូមួយ ដែលខ្ញុំទាត់បាល់នៅខេត្តព្រះវិហារហ្នឹងឯង។ មិនមែនទាត់បញ្ចូល Goal នោះទេ ទាត់ទៅកន្លែងទីតាំង(ពិសេស)អ្នកឈរថត។ គ្រាប់បាល់មួយគ្រាប់ហ្នឹង ទាំង Ronaldo របស់ប្រេស៊ីល ទាំង Ronaldo របស់ព័រទុយកាល់ធ្វើមិនដូចទេ។ ទាត់ល្អណាស់។ មួយជើងទៅហ្នឹងចំតែម្ដង។ clip វីដេអូហ្នឹង ត្រូវបានចាក់(និងចែកចាយ)ជាបន្តបន្ទាប់។ យូរៗឃើញគេបង្ហោះម្ដង។ ខ្ញុំមើលខ្លួនឯងទៅគួរឱ្យសើច។ កាលពីដើម ខ្ញុំលេងបាល់ទាត់ផងលេងបាល់ទះផង។ ខ្ញុំចេះជំនាញបាល់ទះ បាល់ទាត់ បោះប៊ូល អុំទូក ហើយចុងក្រោយនេះ លេងកីឡាវាយកូនហ្គោល។ ដូច្នេះ ផ្នែកកីឡា(ខ្ញុំចេះច្រើន) …។
នោះគឺជាឆ្នាំដែលខ្ញុំមក(ខេត្តព្រះវិហារចុងក្រោយ) ហើយកសាងអគារសិក្សាមួយចំនួន ដែលនៅមិនទាន់បានសម្ពោធទេ។ ប៉ុន្តែ សម្ពោធឬមិនសម្ពោធវាមិនសំខាន់ទេ។ សំខាន់គឺដាក់ឱ្យក្មេងបានរៀន។ អញ្ចឹង គម្លាតរវាងទីក្រុងនិងជនបទមិនមានអ្វីខុសគ្នាទេ។ វិទ្យាល័យជាច្រើនបានកើតក្នុងខេត្តព្រះវិហារ ដូច្នេះគ្មានតម្រូវការ(ថា ត្រូវធ្វើពិធីសម្ពោធ ឬមិនធ្វើពិធីនោះទេ)។ កាលពីដើម យើងមានវិទ្យាល័យតិច គឺយើងមករៀននៅ(ទីរួមខេត្តទើបមានវិទ្យាល័យ)។ ឧទាហរណ៍ថា មួយខេត្តមានវិទ្យាល័យតែមួយ។ យើងត្រូវទៅរៀននៅទីរួមខេត្ត។ នៅតាមបណ្ដាស្រុក គឺអត់មានវិទ្យាល័យទេ។ ឥឡូវ យើងពង្រាយ(សាលារៀន)នៅតាមស្រុក។ ដូច្នេះ ផ្ដល់ឱកាសដល់កុមារ យុវជន ជាពិសេសកុមារី ឱ្យបានទទួលការបណ្ដុះបណ្ដាល។ នេះគឺជាការវិនិយោគ(ក្នុងវិស័យអប់រំ)។
(៣) ដំណើរជាង ៦ពាន់គីឡូម៉ែត្រ វិនិយោគទុនលើវិស័យអប់រំជាង ៤០០លានដុល្លារ ជាមរតកតេជោ
ខ្ញុំនៅចាំថា ពេលនោះ ខ្ញុំធ្វើដំណើរជាង ៦ពាន់គីឡូម៉ែត្រ ដោយមិនប្រើ(មធ្យោបាយ)ហោះហើរទេ។ ខ្ញុំធ្វើដំណើរ(តាមរថយន្ត)ដើម្បីពិនិត្យមើលស្ថានភាពអតីតសមរភូមិទាំងឡាយ តើដូចម្តេច ក្នុងការសម្រេចគោលដៅប្រែក្លាយជាតំបន់អភិវឌ្ឍន៍។ អញ្ចឹង ដំណើរជាង ៦ពាន់គីឡូម៉ែត្រនេះ ចំណាយទុនអស់ជាង ៤០០លានដុល្លារទៅលើការសាងសង់សាលារៀនសុទ្ធ និងអន្តេវាសិក។ បើមានវិទ្យាល័យហើយ ក៏ត្រូវមានអន្តេវាសិកសំរាប់សិស្សនិងគ្រូ។ អញ្ចឹង ពីពេលនោះ ក្នុងរយៈពេលនៃការចុះប៉ុន្មានខេត្ត ក្នុងដំណើរជាង ៦ពាន់គីឡូម៉ែត្រនេះ ការវិនិយោគបានចំណាយទុនលើវិស័យអប់រំជាង ៤០០លានដុល្លារ។ សមិទ្ធផលនោះហៅថាជាមរតកមនុស្សចាស់ ឬបងប្អូននិយមហៅថា មរតកតេជោ នោះ។ មរតកតេជោ បន្សល់ទុកច្រើន។ ប៉ុន្តែ បើនិយាយពីមរតកតេជោមួយម៉ាត់ គឺកុំភ្លេចដល់អ្នកដឹកនាំដទៃទៀតដែលមានវ័យចំណាស់ ដែលថា “អាយុគ្រាន់តែជាតួលេខ”។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកបន្តវេន។
(៤) ក្នុងរយៈពេល ២០ខែមកនេះ រាជរដ្ឋាភិបាលសន្សំនិងធ្វើឱ្យសាច់ប្រាក់ក្នុងរតនាគារកើនឡើង
អ្នកបន្តវេនកំពុងតែបន្តការខិតខំម្ខាងរក្សាសមិទ្ធផលដែលអ្នកជំនាន់មុនបន្សល់ទុក ឯម្ខាងទៀតជំរុញការអភិវឌ្ឍ។ ២០ ខែជាងហើយ ដែលជំនាន់ថ្មីបានបន្ត(ដឹកនាំប្រទេស)។ ដូច្នេះ សភាពការណ៍កំពុងបន្តវិវឌ្ឍដ៏ល្អប្រសើរ។ បើទោះបីមានការលំបាកបន្សល់ទុកពីវិបត្តិកូវីដ-១៩ ផលលំបាកបង្កើតពីវិបត្តិខាងក្រៅ ក៏រាជរដ្ឋាភិបាលថ្មី អាណត្តិនីតិកាលទី៧ បានខិតខំប្រឹងប្រែងជំនះការលំបាកទាំងឡាយ។ ម្សិលមិញ ថ្ងៃទី២៦(មិថុនា ២០២៥) ធម្មតា ចំណូលពន្ធផ្ទៃក្នុង គឺចូលខ្លាំងនៅថ្ងៃទី២៤, ២៥ ឬ២៦ នេះឯង អាចនឹងថ្ងៃទី២៧ នឹងមានការកើនមួយចំនួនទៀត។ ខ្ញុំមើលចំណូលពន្ធគយ ចំណូលពន្ធផ្ទៃក្នុង និងមើលសាច់ប្រាក់នៅក្នុងរតនាគារ ខ្ញុំអាចនិយាយបានថា សាច់ប្រាក់នៅក្នុងរតនាគារមានចំនួនច្រើនជាងមុនពេលដែលពួកយើងខ្ញុំចាស់ៗ នេះចាកចេញ។ បានសេចក្ដីថា អ្នកជំនាន់ក្រោយនេះ មិនមែនជាក្មេងអត់មារយាទទេ ប៉ុន្តែគឺជាអ្នកមានពូជ ដែលពួកគេបានខិតខំធ្វើការ បង្កើនបៀវត្សរ៍ឱ្យមន្រ្តីរាជការ បង្កើនការចំណាយទៅលើការគាំពារសង្គម បង្កើនការចំណាយវិនិយោគលើវិស័យអប់រំ សុខាភិបាល និងវិស័យដទៃទៀត។ ពួកគេចេះសន្សំប្រាក់កាស ដោយធ្វើឱ្យប្រាក់នៅក្នុងរតនាគារមានការកើនឡើង។
ចំណុចនេះ ខ្ញុំ(សូមកោតសរសើរ)។ ខ្ញុំមានបទពិសោធធ្វើនាយករដ្ឋមន្រ្តីរយៈពេល ៣៨ឆ្នាំ ជាមួយនឹងការរួមចំណែកធ្វើជារដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងជានាយករដ្ឋមន្រ្តីផង ខ្ញុំអាចដឹងបានថា ការវិវត្តប្រែប្រួលនៅក្នុងរដ្ឋាភិបាលយ៉ាងម៉េច។ ខ្ញុំធ្វើនាយករដ្ឋមន្រ្តីតាំងពីនាយករដ្ឋមន្រ្តីអត់សាច់ប្រាក់។ ជួនកាល ជំពាក់ប្រាក់ខែមន្រ្តីរាជការពីរឬបីខែ។ បងប្អូនយើងនៅចាំទេ មានបងប្អូនមួយចំនួនថា “ស្រុកខ្មែរ មួយខែមាន ៦០ថ្ងៃ ព្រោះអត់បានបើកប្រាក់ខែ”។ ដល់ក្រោយមក ដាក់ផែនការឱ្យបងប្អូន ជាពិសេស អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម គាត ឈន់ ឱ្យសន្សំសាច់ប្រាក់។ បន្តទៅ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន គឺធ្វើកិច្ចការនេះ។ យើងបានសន្សំសាច់ប្រាក់រហូតដល់ជាង ៤០០០លានដុល្លារ។ ប៉ុន្តែកូវីដ-១៩ បានមកស៊ីលុយរបស់យើងអស់មួយចំនួន(ធំ)។ យ៉ាងណាក្តី មិនដល់កម្រិតយើងអស់លុយចាយទេ។ យើងបានដំឡើងបៀវត្សរ៍ឱ្យមន្រ្តីរាជការ ថែមទាំងបើកប្រាក់ខែឱ្យមន្រ្តីរាជការមួយខែពីរដង។ កាលពីមុន ៦០ថ្ងៃបើកម្ដង ឥឡូវយើងបើក ១៥ថ្ងៃម្ដង ហើយបើកតាមធនាគារ។
(៥) ប្រព័ន្ធ ឌីជីថល ជួយក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ដូចជាសំរួលការងារគ្រាមានជងឺកូវីដ-១៩
យើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឬហៅថា ឌីជីថល ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយការបើកប្រាក់តាមធនាគារ។ ខ្មោចវាមិនចេះកាន់កាតទៅបើកប្រាក់ពីធនាគារនោះទេ។ កាលពីដើម យើងរកឃើញមន្រ្តីខ្មោចប៉ុន្មានម៉ឺននាក់ឯណោះ។ មន្រ្តីខ្មោចខ្លះ គឺ(ជា)មនុស្សនៅរស់ទេ ក៏ប៉ុន្តែ មនុស្សម្នាក់ធ្វើការ ៤កន្លែង។ (ធ្វើការ)នៅក្រសួងនេះ ឈ្មោះ “ក” ទៅក្រសួងមួយទៀតឈ្មោះ “ខ” នៅក្រសួងមួយទៀតឈ្មោះ “គ” និងនៅក្រសួងមួយទៀតឈ្មោះ “ឃ”។ ឈ្មោះគាត់ខុសគ្នាទាំងអស់។ គាត់បើកប្រាក់ខែ ៤កន្លែង។ ដល់ពេលយើងចាប់បើកលុយតាមធនាគារ ត្រូវមានការផ្ដិតមេដៃ។ ដល់ផ្ដិតមេដៃជាន់គ្នា (ប្រព័ន្ធទិន្នន័យដ្ឋាន)ហ្នឹងលោត(ឈ្មោះតែមួយ)។ អញ្ចឹង យើងរកឃើញមន្រ្តីខ្មោច(ជាច្រើន)។
យើងសន្សំប្រាក់បាន(ច្រើន ដោយលុបមន្រ្តីខ្មោចចេញ)។ វាមិនបាត់បង់ទៀត។ មិនចាំបាច់ត្រូវដឹកលុយ(បើកប្រាក់ខែឱ្យមន្រ្តីរាជការ)។ ពីដើម ត្រូវដឹកលុយទាំងឡានៗ ត្រូវចាត់តាំងកម្លាំងការពារ ដើម្បីដឹកលុយ។ ឥឡូវហ្នឹង យើងមិនចាំបាច់ធ្វើការដឹកលុយតាមរបៀបនោះទៀតទេ។ គ្រាន់តែអ្នកលក់ចេកចៀន ក៏ប្រើប្រាស់ QR code។ ស្រុកខ្មែរ បើខ្ញុំពិនិត្យទៅ ប្រទេសមួយចំនួនក៏ធ្វើ(ការបង់ប្រាក់ដោយវិធី scan QR) ប៉ុន្តែប្រទេសកម្ពុជាមិនអន់ជាងប្រទេសដទៃទេ។ អ្នកលក់ខ្ចៅខ្យង ក៏មាន QR code ព្រោះកុំឱ្យពិបាករាប់លុយ។ (scan QR) បាញ់ចូល។ ហ្នឹងក៏ជាប្រព័ន្ធសម្រាប់ផ្នែកឌីជីថលដែលមានការកើនការប្រើប្រាស់។
កូវីដ-១៩ បានបំផ្លាញយើង ប៉ុន្តែវាក៏បានរុញឱ្យយើងលឿនទៅមុខមួយជំហានផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្នែកឌីជីថលផងដែរ។ បើកម្ពុជាដើរមិនទាន់ទេ គឺគ្រោះថ្នាក់។ ព្រោះអី្វ? តើយើងធ្វើការជាមួយគ្នាយ៉ាងម៉េច បើពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ត្រូវរក្សាគម្លាតនោះ? ឯកសារទម្រាំយកមកដល់ខ្ញុំស៊ីញ៉េ ត្រូវឆ្លងកាត់មួយកន្លែងៗត្រូវសម្លាប់មេរោគ(សិន)។ អញ្ចឹង ឯកសារហ្នឹង វាមិនងាយមកដល់ទេ។ ពិសេស កូនសិស្ស(ត្រូវចូល)រៀន (មាន)ជាង ៣ លាន ចូល ៤ លាននាក់ តើត្រូវរៀនយ៉ាងម៉េច? យើងត្រូវ(ឱ្យពួកគាត់)រៀនតាមអនឡាញទាំងអស់។ ដូច្នេះ ការធ្វើឱ្យឌីជីថលហ្នឹង វារីកចម្រើននៅក្នុងប្រទេស។ ពេលខ្លះយើងថា វិបត្តិតែងបង្កប់នូវកាលានុវត្តភាព។ ផ្អែកលើវិបត្តិនោះ វារុញច្រានឱ្យយើងស្វែងរកបច្ចេកវិទ្យា ជំរុញឱ្យវាទៅមុខ។ យើងបន្តការដោះស្រាយ។
(៦) ការឈ្លានពានពីភាគីថៃនៅតំបន់មុំបីថ្ងៃទី ១៨ឧសភា ដាក់ព្រះវិហារ ឧត្តរមានជ័យ និងទូទាំងព្រំដែនកម្ពុជាថៃ ក្នុងជម្លោះដ៏អាក្រក់
អ្វីដែលអកុសល គឺនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងទូទាំងព្រំដែន ពេលនេះ ទូទាំងព្រំដែនកម្ពុជាថៃ ត្រូវជាប់ផុងក្នុងជម្លោះដ៏អាក្រក់ ដែលបង្កើតឡើងដោយការឈ្លានពានពីភាគីថៃនៅតំបន់មុំបី កាលពីថ្ងៃទី១៨ ខែឧសភា។ រឿងហ្នឹងបានរីករាលដាលដល់ស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាំងពីគ្រាដំបូងនៃការចាប់ផ្ដើម។ បើមើលសាឡើងវិញ ខ្ញុំបានអំពាវនាវឱ្យមានការខិតខំទប់ស្កាត់កុំឱ្យរីករាលដាលជម្លោះពីកន្លែងមួយហ្នឹង ទៅកាន់កន្លែងដទៃ កុំឱ្យរីករាលដាលពីវិស័យមួយទៅកាន់វិស័យដទៃទៀត។ តែគេហាក់ដូចជាបានមើលឃើញថា លោក ហ៊ុន សែន ខ្លាចរឿងនេះ។ គេប្រឹងពង្រីករហូតដល់គ្រប់វិស័យហើយ។ ខ្ញុំនឹងទម្លាយអាថ៌កំបាំងនៅផ្នែកខាងក្រោយ ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់អំពីទិដ្ឋភាពរួមនៃបញ្ហាដែលយើងចង់ដោះស្រាយ(ជាមុន)។
(៧) កម្ពុជាយក ៤ចំណុច លើព្រំដែនកម្ពុជា-ថៃ ទៅដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការ
នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បាននិយាយជារឿយៗ ប្រាប់បងប្អូនជនរួមជាតិហើយ។ យើងក៏មានសមាជសភា និងព្រឹទ្ធសភា អនុម័តសេចក្ដីសម្រេចចិត្តមួយ ដើម្បីនាំយកបញ្ហា ៤ចំណុច ទៅដោះស្រាយតាមផ្លូវតុលាការ។ ជារួម កម្ពុជានៅតែបន្តការដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតាមរយៈយន្តការតុលាការផង។ តាមផ្លូវតុលាការ យើងជ្រើសរើសយកតែ ៤ចំណុចទេ។ ចំណុចទី១ គឺមុំបី នៅក្នុងក្របខ័ណ្ឌព្រំដែនកម្ពុជា ឡាវ និងថៃ។ ដោយសារជាតំបន់មួយដែលងាយនឹងផ្ទុះសង្រ្គាម ទើបយើងនាំរឿងនេះទៅតុលាការ។ ទី២ តាមាន់ធំ, ទី៣ តាមាន់តូច និងទី៤ តាក្របី។ យើងយកតែ ៤ចំណុចនេះទេ ទៅដោះស្រាយតាមផ្លូវតុលាការ។ ផ្លូវតុលាការ វាជាសន្តិវិធី មិនមែនជាការវាយដណ្ដើមដីទេ។ ឯផ្នែកសេសសល់ពីនោះ យើងបន្តការដោះស្រាយដោយយន្តការទ្វេភាគី ព្រោះព្រំដែនកម្ពុជា–ថៃ មានដល់ ៨៥០ គីឡូម៉ែត្រឯណោះ។ អញ្ចឹង បើយើងពិនិត្យទំហំនៃតំបន់មុំបី ជាមួយនឹងតំបន់តាមាន់តូច តាមាន់ធំ តាក្របី យើងគិតថា ត្រឹម ៥០គីឡូម៉ែត្រទៅចុះ។ អញ្ចឹងនៅ៨០០គីឡូម៉ែត្រទៀត ត្រូវដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី។ ពាក្យថា សន្តិវិធី គឺមានទ្វេភាគី និងមានតាមផ្លូវតុលាការ។ មិនគួរខ្លាចទេរឿងតុលាការនោះ …។
(៨) បើថាកម្ពុជារំលោភលើថៃ ហេតុអ្វីថៃខ្វះសេចក្ដីក្លាហាននឹងប្ដឹងកម្ពុជាទៅតុលាការអន្តរជាតិ?
ខ្ញុំឆ្ងល់ថា ថៃបានចោទកម្ពុជាថារំលោភលើថៃ។ តែហេតុអ្វីបានជាថៃខ្វះសេចក្ដីក្លាហាន នឹងប្ដឹងកម្ពុជាទៅកាន់តុលាការ? ខ្ញុំសូមចោទសួរអ្នកទីក្រុងបាងកក ដែលអ្នកចោទកម្ពុជាថា ជាអ្នករំលោភលើអធិបតេយ្យភាពថៃ។ ហេតុអ្វីអ្នកមិនប្ដឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិ? ហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយនឹងកម្ពុជា? សូមប្រជាជនថៃ សូមប្រជាជនកម្ពុជា ក៏សូមមិត្តភក្ដិនៅលើពិភពលោក ពិចារណាអំពីបញ្ហានេះឱ្យបានដិតដល់។ ហេតុអ្វីបានត្រូវខ្លាចតុលាការ? បើថា កម្ពុជាជាអ្នករំលោភ ម៉េចក៏មិនព្រមទៅតុលាការ? ធម្មតា ប្រទេសមួយៗ តែងមានតុលាការ។ មិនអញ្ចឹង។ បើមានអ្នកណាមួយមិនសុខចិត្ត ត្រូវប្ដឹងទៅតុលាការ។ ឯនៅលើពិភពលោក មានតុលាការអន្តរជាតិមួយ។ បើខ្លួនមិនសុខចិត្ត ម៉េចក៏មិនប្ដឹងទៅតុលាការ? រឿងនេះ ខ្ញុំគិតថា មេដឹកនាំថៃ គួរយល់ មិនគួរខ្លាចនូវអ្វីដែលជាផ្លូវច្បាប់ទេ។
(៩) មានតែអ្នកខ្វះសុចរិតភាពទេ ដែលខ្លាចដំណើរការផ្លូវច្បាប់
ការប្ដឹងទៅតុលាការ(ដើម្បី)កាត់សេចក្ដីនេះ វាផ្ដល់នូវភាពងាយស្រួលឱ្យរដ្ឋាភិបាលធ្វើការពន្យល់ប្រជាពលរដ្ឋរបស់ខ្លួន។ ប្រសិនបើសាលដីកាតុលាការចេញមក យើងងាយពន្យល់ដល់ប្រជាពលរដ្ឋរបស់ខ្លួនថា រឿងហ្នឹងតុលាការកាត់ក្ដីមកអញ្ចឹង មិនមែនរដ្ឋាភិបាលធ្វើឯណា។ យើងបានដាក់ពាក្យប្ដឹងទៅហើយ។ ឧទាហរណ៍ យើងចាត់ទុកថាចំណុច”ក”ហ្នឹង ជាដីរបស់កម្ពុជា ថៃក៏ចាត់ទុកថាជាដីរបស់ថៃ។ បើសិនជាកម្ពុជាដកថយ ក៏ប្រជាជនកម្ពុជានឹងជេររដ្ឋាភិបាលដែរ។ ប្រសិនបើថៃដកថយ ក៏ប្រជាជនថៃជេររដ្ឋាភិបាល។ ប៉ុន្តែ បើសិនជាតុលាការកាត់ថា ជារបស់កម្ពុជា គឺថៃក៏ងាយស្រួលក្នុងការបកស្រាយប្រាប់ប្រជាជនខ្លួនថារឿងនេះមកពីតុលាការកាត់អញ្ចឹង។ ប្រសិនបើតុលាការកាត់ថា តំបន់ហ្នឹងជារបស់ថៃ ក៏រដ្ឋាភិបាលកម្ពុជាងាយស្រួលក្នុងការបកស្រាយឱ្យប្រជាពលរដ្ឋរបស់ខ្លួន(យល់)។ ហេតុអ្វីក៏ថៃ មិនព្រម? ថាកម្ពុជាបំពានខ្លួន។ បើបំពានខ្លួន ម៉េចក៏មិនប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្ដឹងទៅតុលាការអន្តរជាតិឡាអេតែម្ដងទៅ? យើងចោទជាសំណួរបញ្ច្រាសអញ្ចេះទៅវិញ។ ហេតុអ្វីបានជាខ្លួនទាត់ចោលដំណើរការផ្លូវច្បាប់? បើនិយាយតាមមួយបែបទៅ គឺមានតែអ្នកខ្វះសុចរិតភាពទេ ដែលខ្លាចដំណើរការផ្លូវច្បាប់នោះ។
(១០) អ្នកប្រឆាំងត្រូវគិតពីផលប្រយោជន៍ជាតិនិងអំពីផ្លូវច្បាប់
ពាក់ផ្កាយ៥ មានឧបករណ៍ទំនាក់ទំនងនេះនៅចង្កេះ។ ទោះបីខ្ញុំទៅសិង្ហបុរី ក៏ខ្ញុំនិយាយមកព្រះវិហារបានដែរ។ ឧបករណ៍តូចទេ។ សម្ដេចពិជ័យ ដាក់នៅហោប៉ៅអាវ ឯខ្ញុំដាក់នៅចង្កេះ ព្រោះយើងអ្នកនៅក្នុងគ្រុបនឹងគេដែរ គ្រុបសូរិយាទៀត។ ឥឡូវ ប្រាប់ទៅអ្នកណាចង់ចាប់។ អានេះចាប់មិនបានទេ។ ទោះបីទៅដល់ញូវយ៉ក ក៏បញ្ជាទ័ពបានដែរ។ ទៅដល់ណាក៏បញ្ជាទ័ពបានដែរ។ កូនម៉ាស៊ីនប៉ុនកូនដៃ តូចជាងទូរស័ព្ទ។ ខ្ញុំបកមកនិយាយទៅកាន់បងប្អូនប្រជាជនកម្ពុជា។ កម្ពុជាបានផ្ញើលិខិតជូនទៅតុលាការហើយ។ មានបងប្អូនក្នុងក្រុមប្រឆាំងទាមទារឱ្យរដ្ឋាភិបាលបង្ហាញនូវការបោះត្រាឬក៏លិខិតស្នាមណាមួយដែលថាតុលាការទទួល។ បងប្អូនជនរួមជាតិ ថាប្រឆាំងក៏ប្រឆាំងទៅចុះ តែបងប្អូនត្រូវគិតផលប្រយោជន៍ជាតិនិងគិតអំពីផ្លូវច្បាប់។ សូម្បីនៅក្នុងទូរស័ព្ទខ្ញុំនេះ ក៏មានលិខិតគ្រប់គ្រាន់ ប៉ុន្តែយើងមិនអាចយកមក(បង្ហោះ បង្ហាញ ជាការ)លេងសើចបានទេ។ ត្រូវគិតទៅដល់នីតិវិធីរបស់តុលាការ។ មិនមែនយកលិខិតរបស់តុលាការមកបង្ហាញចែកចាយដូចខិត្តប័ណ្ណទេ។ មិនថាតុលាការអន្តរជាតិទេ សូម្បីតែតុលាការក្នុងស្រុកក៏គេមិនអាចយកនូវពាក្យបណ្ដឹងនេះ/នោះ លិខិតនេះ/នោះ ទៅបង្ហាញអ្នកនេះ/នោះមុនគេកាត់ក្ដីនោះទេ។ បើធ្វើមិនស្រួល កម្ពុជាត្រូវតុលាការព្យួរចោល មិនចាត់ការសំណុំរឿងរបស់យើងក៏អាចថាបាន។ វាជាគ្រោះថ្នាក់ដល់ជាតិ។
(១១) សូម្បីផែនទីដើម អមជាមួយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ក៏ចង្អុលថាទីតាំងនោះនៅក្នុងដីកម្ពុជា
ខ្ញុំសូមពន្យល់ទៅដល់អ្នកប្រឆាំង។ ពេលនេះ អ្នកនៅជាមួយនឹងជាតិ ឬអ្នកនៅជាមួយនឹងបរទេស? ត្រូវចាំឱកាសនេះ។ ប្រជាជនកម្ពុជាត្រូវធ្វើការវិនិច្ឆ័យ។ តើអ្នកណានៅជាមួយនឹងជាតិកម្ពុជា អ្នកណានៅជាមួយនឹងបរទេសដើម្បីបំផ្លាញកម្ពុជា។ ខ្ញុំសូមឱ្យបងប្អូនក្នុងនិងក្រៅប្រទេស ធ្វើការវិនិច្ឆ័យ ហើយសូមឱ្យបងប្អូនក្នុងបណ្ដាបក្សនយោបាយនានា ដែលមិនមែនជាគណបក្សប្រជាជនធ្វើការវិនិច្ឆ័យទៅ។ ពេលនេះ ម៉ោងនេះអាថ៌កំបាំងទាក់ទិនជាមួយរឿងក្ដីក្ដាំ ភាគីទាំងសងខាងសុទ្ធតែរក្សាការសម្ងាត់ទាំងអស់។ បើមិនអញ្ចឹង ដៃគូរបស់ខ្លួននឹងអាចដឹងរឿងរបស់យើងមុន។ ដូច្នេះ បានជាក្រុមមេធាវី ក្រុមអ្នកច្បាប់ គេធ្វើការប្រយ័ត្នប្រយែងណាស់។ សូម្បីតែយប់មិញនេះ ខ្ញុំបានទទួលរឿងមួយដ៏អស្ចារ្យ តែខ្ញុំមិនប្រាប់ថាជាអ្វីនោះទេ។ រឿងនោះបង្កើនផ្លូវច្បាប់ឱ្យយើងខ្លាំងណាស់ ដោយបច្ចាមិត្តរបស់យើងបានទទួលស្គាល់ថា កន្លែង(ដែលមានបញ្ហា)ហ្នឹង ជាទឹកដីរបស់កម្ពុជា ទៅតាមរយៈនៃការដាក់លិខិតស្នាមទៅកាន់អន្តរជាតិភ្ជាប់នឹងផែនទីរបស់ខ្លួន។ យើងមិនទទួលស្គាល់ផែនទីរបស់គេទេ ប៉ុន្តែសូម្បីតែផែនទីរបស់គេ ដែលជាផែនទីដើម អមជាមួយសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ក៏(ចង្អុលថា)ទីតាំងនោះនៅក្នុងដីកម្ពុជា។ យើងបានចាប់ចំណុចខ្សោយជាប់ហើយទៅលើឯកសារមួយនេះ។ មិនធម្មតា។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ សូម្បីតែផែនទីដែលគេគូសដោយខ្លួនឯងក៏ទីតាំងនោះជាដីខ្មែរ។ យើងបានចាប់យកឯកសារនេះពីក្រៅមកវិញ។ ឯកសារនេះជាប់នៅក្នុងសំណុំរឿងអន្តរជាតិ។
(១២) រាជរដ្ឋាភិបាលត្រូវតែយកតំបន់៤ ទៅតុលាការអន្តរជាតិ ព្រោះជាសេចក្ដីសម្រេចនៃសមាជសភានិងព្រឹទ្ធសភា
រឿងទាំងអស់នេះ ខ្ញុំមិនអាចនិយាយថា កន្លែងណាទេ។ ត្រូវរក្សារឿងទាំងអស់នេះជាការសម្ងាត់។ យើងមិនអាចយកលិខិតស្នាមរបស់តុលាការមកបង្ហាញគេ/ឯង ដើម្បីតម្រូវចិត្តពួកប្រឆាំងទេ។ (ត្រូវគិតនិងការពារ)ផលប្រយោជន៍ជាតិ ហើយត្រូវគោរពនីតិវិធីរបស់តុលាការ។ បើសិនអ្នកជាជនជាតិខ្មែរពិតប្រាកដ សូមអ្នកប្រឆាំងយល់អំពីសេចក្ដីថ្លៃថ្នូររបស់ខ្មែរ យល់អំពីផលប្រយោជន៍ខ្មែរ។ យ៉ាងណាក្តី ប្រជាជនកម្ពុជាភាគច្រើនលើសលប់ទុកចិត្តលើរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលមិនធ្វើមិនបានទេ (ក្នុងការយកតំបន់ ៤ហ្នឹង ទៅប្ដឹងនៅតុលាការអន្តរជាតិ) ព្រោះវាជាសេចក្ដីសម្រេចចិត្តនៃសមាជសភានិងព្រឹទ្ធសភា ដែលជាអង្គការកំពូលមួយតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវធ្វើរឿងហ្នឹង។ គេទាមទារថា សូមឱ្យមានការបោះត្រារបស់ក្រឡាបញ្ជីស្អីៗ យកមកបង្ហាញ។ អត់បានទេ។ ក្នុង(ទូរស័ព្ទ)នេះ មានឯកសារ ប៉ុន្តែខ្ញុំអត់(អាចបង្ហាញ)ជូនអស់លោក ឬអ្នកណាមើលបានទេ ក្រៅតែពីមេដឹកនាំ។ មេដឹកនាំក៏មានកម្រិតទៀត។ យើងខ្លាចបែកធ្លាយឯកសារនោះ ដែលតុលាការនឹងថា “យើងជាកូនក្មេង” ហើយអាចនឹងមិនចាត់ការសំណុំរឿងយើងបន្ថែមទៀត។ រឿងប្ដឹង មិនមែនបានសេចក្ដីថា អ្វីក៏សុទ្ធតែតុលាការទទួលទេ។ ត្រូវមានឯកសារ នីតិវិធី តម្រូវតាមផ្លូវតុលាការ។ សូម្បីតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏មិនមែនអ្វីសុទ្ធតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំទេ។ បើមិនអញ្ចឹង ក្រុមប្រឹក្សាសន្តិសុខ គិតតែកោះប្រជុំ រឿងតូចក៏កោះ និងធំក៏កោះ។ កម្ពុជាបានទម្លាយទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ២០១១។ មិនមែនអ្វីក៏គេសុទ្ធតែកោះទេ។
(១៣) សូមសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីការដកសញ្ជាតិពលរដ្ឋឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា
ខ្ញុំសូមឱ្យក្រុមអ្នកប្រឆាំង ដែលមិនស្គាល់ផ្លូវច្បាប់ រៀនសូត្រអំពីច្បាប់។ ខ្ញុំស្ដាយដែលអ្នកក៏ជាជនជាតិខ្មែរ ទោះបីអ្នកប្រឆាំង ប៉ុន្តែខ្ញុំចង់ឱ្យអ្នកចេះដឹង។ ទោះបីអ្នកប្រឆាំងក៏អ្នកជាជនជាតិខ្មែរដែរ។ ប៉ុន្តែ បើអ្នកប្រឆាំង ហើយបែរជាទៅឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ ប្រហែលជាមានតម្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសាជាថ្មីទៀត។ ខ្ញុំសូមផ្ដាំផ្ញើទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា សិក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។ តើអាចធ្វើបានទេ? ពេលនេះជាពេលវេលាដែលត្រូវការហើយ។ ច្បាប់រដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យមានការដកសញ្ជាតិទេ ហើយខ្លួនខ្ញុំអ្នកទប់ទល់រឿងហ្នឹង។ ប៉ុន្តែ កាលពីសម័យសាធារណរដ្ឋខ្មែរ វាកាត់ទោសព្រះករុណាព្រះបិតា ហ្លួងម៉ែ តុលាការរបស់ លន់ នល់ ដកសញ្ជាតិ ព្រោះមានច្បាប់អនុញ្ញាតឲ្យមានការដកសញ្ជាតិ។ ប៉ុន្តែនៅក្នុងរដ្ឋធម្មនុញ្ញយើង មិនដកសញ្ជាតិ និងនិរទេសពលរដ្ឋខ្មែរ។ តែនៅពេលវេលានៃការបង្ហាញអំពីការឃុបឃិតជាមួយបរទេសប្រឆាំងនឹងជាតិឯង តើតម្រូវឲ្យមានការដកសញ្ជាតិឬទេ? សូមឲ្យសិក្សា។ នេះគ្រាន់តែជាគំនិតផ្ដួចផ្ដើមដែលខ្ញុំមើលឃើញថាល្មមដល់ពេលហើយដែលកម្ពុជាត្រូវធ្វើរឿងនេះដើម្បីធានាអះអាងថា កម្ពុជាមិនទទួលបានការជ្រៀតជ្រែកនិងប្រើប្រាស់ដោយបរទេសលើជនជាតិខ្មែរម្នាក់ដើម្បីប្រឆាំងផលប្រយោជន៍របស់ខ្លួនទេ។
(១៤) មិនចង់ឲ្យពលរដ្ឋខ្មែរណាម្នាក់ល្ងង់ទេ ទោះបីជាអ្នកប្រឆាំងនិងកាន់និន្នាការណាក៏ដោយ
ខ្ញុំសូមផ្ដាំផ្ញើទៅក្រុមអ្នកប្រឆាំង សូមកុំទាមទារហួសហេតុ រហូតទៅដល់ឲ្យរាជរដ្ឋាភិបាលយកលិខិត ឬយកត្រារបស់តុលាការអន្តរជាតិមកបង្ហាញខ្លួន។ នេះជានីវិធីរបស់តុលាការ។ សូម្បីតែតុលាការរបស់យើងនេះ ក៏យើងអត់មានសិទ្ធទៅទាមទារឲ្យគេបង្ហាញឯកសារនេះ/នោះ ឲ្យយើងដែរ។ អ្នកស្គាល់ច្បាប់ឬទេ? ខ្ញុំមិនចង់ជ្រលក់មាត់ ឬក៏ប៉ះពាល់ជាមួយជាតិសាសន៍ឯង ក្នុងពេលវេលាដែលកំពុងប្រឈមមុខជាមួយនឹងពួកបរទេស ដែលឈ្លានពានយើងនោះទេ ប៉ុន្តែដោយសារភាពហួសហេតុពេក … ខ្ញុំត្រូវតែពន្យល់ប្រជាជន ១៧លាននាក់ផ្សេងទៀត នូវហេតុផលអ្វីទៅដែលរាជរដ្ឋាភិបាលត្រូវតែធ្វើសកម្មភាពដោយមិនចាំបាច់បង្ហាញ។ យើងបង្ហាញរូបថត បង្ហាញស្អីៗ ប៉ុន្តែមិនអាចយកឯកសាររបស់តុលាការមកបង្ហាញបានទេ។ សូមស្ដាប់ឲ្យច្បាស់។
បើបង្ហាញចេញទៅ តុលាការថា អ្នកឯងធ្វើខុស ទទួលទណ្ឌកម្មបែបនេះ/នោះ វា(កើតទៅ)ជារឿងអាក្រក់ ត្រូវយល់អំពីបញ្ហាអស់ហ្នឹងផង។ ខ្ញុំគិតថា មិនចង់ឲ្យពលរដ្ឋខ្មែរណាម្នាក់ល្ងង់ទេ ទោះបីគេប្រឆាំង និងកាន់និន្នាការណាក៏ដោយ ខ្ញុំចង់ឱ្យមានការចេះដឹង ព្រោះបើសិនជាឃ្លាតឆ្ងាយពេករវាងអ្នកកាន់អំណាចជាមួយនឹងក្រុមប្រឆាំងគឺពិបាកណាស់។ មួយជាព្រះចៅអធិការ មួយទៀតជាលោកនេន វាពិបាក។ ប៉ុន្តែ មិនមែនមើលងាយលោកនេនទេ គឺមានប្រយោជន៍។ សូម្បីលោកនេន សីហា ខ្ញុំករុណាខ្ញុំទៅធ្វើកុដិ ជួយកសាងព្រះវិហារប្រគេន … លោកនេននៅតូចនៅបៅទឹកដោះគោនៅឡើយ … ដោះស្រាយ មិនមែនត្រឹមតែកូននេន សីហា ហ្នឹងមួយអង្គឯណា ដោះស្រាយឲ្យកូនសិស្សលោក ព្រះសង្ឃដទៃទៀតមានទីជម្រក និងពុទ្ធបរិស័ទបានធ្វើបុណ្យ/ទាននៅកន្លែងហ្នឹង។
(១៥) បញ្ជូនទ័ពមកទល់ដែនដោយសារការបង្កហេតុថ្ងៃ ២៨ឧសភា ដើម្បីប្រើសិទ្ធការពារខ្លួន និងសិទ្ធវាយបកលើការឈ្លានពាន
ខ្ញុំសូមបញ្ជាក់ឡើងវិញ កម្ពុជាចង់បន្តដោះស្រាយដោយសន្តិវិធី តាមយន្តការទ្វេភាគីផង និងតាមយន្តការតុលាការផង។ ទាំងពីរនេះសុទ្ធតែសន្តិវិធីទាំងអស់។ ប៉ុន្តែ ហេតុអ្វី កម្ពុជាបញ្ជូនទ័ពមកកាន់ទល់ដែន? រឿងវាចាប់ផ្ដើមពីភាពតានតឹងដែលបង្កឡើងនៅថ្ងៃទី២៨ ខែឧសភា កន្លងទៅ ជាមូលហេតុដែលកម្ពុជាត្រូវបញ្ជូនកម្លាំង។ យើងមានសិទ្ធការពារខ្លួន និងមានសិទ្ធវាយបកទៅលើការឈ្លានពានណាក៏ដោយ។ ទោះបីយើងតូច ប៉ុន្តែយើងមានសិទ្ធការពារខ្លួន មិនមែនត្រឹមការពារខ្លួនទេ មានដល់សិទ្ធវាយបក។ ស្គាល់ហើយភាសាយោធា។ មិនមែនចាំឲ្យគេមកដល់ត្រង់សេបានបាញ់ទេ ដល់ត្រង់សេបាញ់ហើយ គឺត្រូវតែបាញ់បន្ថែម។ (វាជារឿង)ធម្មតាទេ។ យើងមិនមែនមានមហិច្ឆតាវាយដល់ទីក្រុងបាងកកទេ ទោះបីថាសមត្ថភាពអាវុធរបស់យើងអាចមានលទ្ធភាពបាញ់ទៅដល់នោះ។ តែយើងមិនបាញ់ទេ។ ខ្ញុំមិនអួតអាងពីសព្វាវុធទេ។ សព្វាវុធអេតចាយរបស់ខ្មែរគឺគ្រប់គ្រាន់។ ធ្លាប់សាកល្បងគ្នាហើយ កាលពី២០០៨-២០១១។
ជា តារា នៅទីនេះទេតើ។ គ្រាន់តែ ស្រី ឌឹក ថ្ងៃនេះទៅប្រជុំ ព្រោះខាងគណៈរដ្ឋមន្រ្តីគេប្រជុំព្រឹកហ្នឹង (ស្រី ឌឹក ប្រជុំ)តាមអនឡាញ។ មេទិសទាំងប៉ុន្មាន គឺអត់បានមកទេ ត្រូវគ្រប់គ្រងសភាពការណ៍អត់មានមកស្ដាប់ប្រធានព្រឹទ្ធសភាមានយោបល់នៅទីនេះទេ។ គេត្រូវប្រជុំជាមួយនាយករដ្ឋមន្ត្រី ព្រោះកាលពីស្តង់ដាដែលខ្ញុំនៅដឹកនាំរដ្ឋាភិបាល ពេលប្រជុំ ខ្ញុំរៀបចំប្រព័ន្ធ … ថ្ងៃនេះអភិបាលខេត្តប្រហែលជាអត់បានចូលរួមប្រជុំ(នឹងនាយករដ្ឋមន្រ្តី)ទេ … នៅទីនេះតួអង្គតែមួយទេ។ បើសិនជាប្រទេសផ្សេងអាចរឿងផ្សេង។ ដូចជាករណីអ្នកជិតខាងយើង ជួនកាលគេអត់ឲ្យអភិបាលខេត្តមកចូលរួមប្រជុំរាយការណ៍ឲ្យប្រធានព្រឹទ្ធសភាទេ តែនៅកម្ពុជាអត់ទេ ផ្សេង តួអង្គតែមួយទេ។ គណៈរដ្ឋមន្ត្រីសុំច្បាប់នាយករដ្ឋមន្ត្រីមករាយការណ៍ឲ្យប្រធានព្រឹទ្ធសភា ដែលនៅស្រុកខ្មែរជាមនុស្សទី២។ ហ្នឹងឋានានុក្រមពិធីការ ប៉ុន្តែអំណាចនៅលើនាយករដ្ឋមន្ត្រី។ ប៉ុណ្ណឹងអាចយល់ហើយ។
(១៦) “បើសិនជាស្លាប់ក៏ស្លាប់តែខ្ញុំនិងអ្នកទៅជាមួយប៉ុន្មាននាក់ ប៉ុន្តែបើបានមកវិញ គឺបានផែនដីទាំងមូល”
ខ្ញុំធ្លាប់យកក្បាលទៅដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជននៅឆ្នាំ១៩៧៧ ដែលយើងទើបនឹងប្រារព្ធខួប ៤៨ឆ្នាំកន្លងទៅ (ថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧)។ បន្ទាប់ទៅ ជាថ្មីម្ដងទៀត ខ្ញុំយកក្បាលរបស់ខ្ញុំទៅដោះដូរជាមួយសន្តិភាព។ ឆ្នាំ១៩៩៦ ម្ដាយខ្ញុំ ម្ដាយធំខ្ញុំ ចូលមកនិយាយនឹងខ្ញុំ … “អ្ហែងចូលទៅតំបន់គេ មិនខ្លាចគេសម្លាប់ទេឬ?”។ ម្ដាយធំបន្ថែម “ក្មួយអើយក្មួយ មិនស្រួលទេណា។ គិតឡើងវិញ កុំទៅអី”។ ខ្ញុំនិយាយទៅម៉ែនិងម្ដាយធំ “បើសិនជាស្លាប់គឺស្លាប់តែខ្ញុំនិងអ្នកទៅជាមួយខ្ញុំប៉ុន្មាននាក់ទេ។ ប៉ុន្តែបើបានមកវិញគឺបានផែនដីទាំងមូល”។ ដូចការគិត ទឹកដីនេះបែកបាក់តាំងពីសម័យក្រោយពញាយ៉ាត, នរាយរាជា, ព្រះស្រីរាជា តាំងពីពេលនោះ (បានវិលមករួបរួមគ្នាជាតែមួយ)។ ខ្មែរធ្លាប់មានតំបន់ត្រួតត្រា៣ ដូចជា Three Kingdoms ឬសាមកុក ដែលមិនមែនមានតែនៅស្រុកចិនទេ វាធ្លាប់មាននៅស្រុកខ្មែរ ក្នុងចន្លោះ១៤៧០ ឬ១៤៨០។ តំបន់មួយត្រួតត្រាដោយ (ព្រះបាទ) ធម្មរាជា នៅចតុមុខ រួមបញ្ជូលខេត្តសំរោងទង ខេត្តបាទី និងតំបន់ជុំវិញផ្សេងទៀត។ តំបន់មួយទៀត គឺតំបន់គ្រប់គ្រងដោយ (ព្រះបាទ)សុរិយោទ័យ ដែលជាក្មួយនិងជាកូនរបស់ (ព្រះបាទ) នរាយរាជា។ តំបន់មួយទៀតត្រូវគ្រប់គ្រងដោយ ព្រះស្រីរាជា នៅរលាផ្អៀរ កំពង់ត្រឡាច កំពង់ឆ្នាំង ក្រគរ ពោធិសាត់ បាត់ដំបង។ ខ្មែរបែកបាក់តាំងពីហ្នឹងមក។ សូមមើលប្រវត្តិសាស្ត្រខ្លួនឯង។ កុំជឿខ្ញុំ។ មហាបុរសខ្មែរ មាននិយាយទេតើ។ បន្ទាប់ទៅ យើងមានព្រះរាជាទិសខាងកើត ព្រះរាជាទិសខាងលិច ក្នុងសម័យហ្លួងព្រះស្ដេចកន និងអង្គច័ន្ទរាជា។ យើងមានតំបន់ត្រួតត្រាច្រើន មិនតិចជាងពីរ ក្នុងពេលតែមួយ រហូតដល់ឆ្នាំ១៩៩៨ ទើបខ្មែរមានឯកភាពជាតិ។
(១៧) វិទ្យុទាក់ទងក្រុមសូរិយានិងចន្ទ្រា ជាក្រុមមេដឹកនាំកំពូល
អ្នកស្លាប់ជាមួយខ្ញុំ ដំបូងគែគឺ ទៀ បាញ់។ កាលដែលរកនាមដាក់ឱ្យ ពេលឡើងគោរមងារជាសម្ដេចនោះ គឺធ្វើម៉េចកុំឲ្យបាត់ពាក្យសេនា។ ទាំងសម្ដេចក្រឡាហោម ក៏ខ្ញុំជួយរក។ គាត់កាន់ក្រសួងមហាផ្ទៃ ដាក់ក្រឡាហោម។ សម្ដេច ម៉ែន សំអន ក៏ខ្ញុំរក(ឈ្មោះដាក់ឱ្យ) ជាមួយសម្ដេចពិជ័យ គួបទៅជាមួយគ្នាដើម្បីថ្វាយទៅព្រះមហាក្សត្រ … សេនាគឺមិនមែនសំដៅធ្វើសេនាខ្ញុំទេ ក៏ប៉ុន្តែគាត់បម្រើមុខងារជារដ្ឋមន្ត្រីក្រសួងការពារជាតិរយៈពេល៣៥ឆ្នាំជាមួយខ្ញុំ ដោយមិនទាន់គិតពីគាត់នៅអគ្គសេនាធិការ មុនទៅធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការនោះទេ។ បង សាយ ឈុំ ដោយសារភាពស្មោះត្រង់របស់គាត់ ដូច្នេះខ្ញុំប្រាប់ថាធ្វើម៉េចកុំឲ្យបាត់ពាក្យភក្ដី ព្រោះត្រូវការការស្មោះត្រង់។ សូមនិយាយបន្តិច រឿងដាក់ឈ្មោះក្រុមវិទ្យុទាក់ទង។ អ្នកខ្លះគេដាក់ឈ្មោះនេះ Kប៉ុណ្ណេះ/ប៉ុណ្ណោះ។ ខ្ញុំថាអត់ទេ។
ជំនាន់កាលពីវាយគ្នាក្នុងអតីតរដ្ឋកម្ពុជា ខ្ញុំឈ្មោះ សូរិយា១, មានសូរិយាប៉ុន្មានឯណោះ, បង ជា ស៊ីម ឈ្មោះ ចន្ទ្រា។ ថ្ងៃមុនរៀបចំបញ្ជីឈ្មោះហ្នឹងទេតើ។ ខ្ញុំថា អត់ទេ យកឈ្មោះចាស់មកដាក់។ ខ្ញុំឈ្មោះសូរិយា១, ប្រពន្ធខ្ញុំក៏ចូលក្នុងក្រុមហ្នឹងដែរឈ្មោះ សូរិយា២ , សម្ដេចពិជ័យ សូរិយា៣, ទៀ សីហា សូរិយា៤, វង្ស ពិសេន សូរិយា៥។ បន្ទាប់ពីហ្នឹងទៅ ដាក់ក្រុមចន្ទ្រា មានមនុស្សច្រើន។ យកឈ្មោះដើមមកដាក់វិញ។ បើឮក្រុមសូរិយានិងក្រុមចន្ទ្រា សុទ្ធតែក្រុមមេដឹកនាំកំពូល។ មិនអាចហៅសម្ដេចអីទេ។ ពេលហ្នឹងគឺប្រើ(ឈ្មោះក្រៅ)ហ្នឹង ព្រោះជួនកាលចាប់ទូរស័ព្ទវាអត់ទាន់ពេល … ដាក់វានៅចង្កេះជាប់ទៅមានអីទៅពិបាក។ វាយកូនហ្គោលក៏ដាក់នៅចង្កេះទៅ មានការអី គេនិយាយគ្នាយើងស្ដាប់គេផងទៅ មានទៅទាស់ខុសអី។ តាមចាប់សម្លេងហ្នឹងទៅ(បើបាន)។
(១៨) ជំរុញការដាំដុះ ចិញ្ចឹមសត្វ ត្រី និងទិញផលិតផលក្នុងខេត្តព្រះវិហារដើម្បីផ្គត់ផ្គង់កងទ័ព
មុនចូលទៅដល់បញ្ហាដែលខ្ញុំបញ្ចេញរឿងអាថ៌កំបាំង ខ្ញុំចង់និយាយទៅកាន់ខេត្តបន្តិច។ ខ្ញុំសូមឲ្យខេត្តព្រះវិហារ ធ្វើកិច្ចការដែលទាក់ទងជាមួយការផលិតដើម្បីផ្គត់ផ្គង់កងទ័ពដែលមកឈរជើងក្នុងខេត្តព្រះវិហារ។ អស់លោកចង់បានទេសចរមកដើម្បីចាយលុយក្នុងទឹកដីខេត្តព្រះវិហារ។ ឥឡូវទេសចរអស់លោកមិនមែនមកតែថ្ងៃសៅរ៍ និងអាទិត្យទេ គឺមកនៅដេករាប់ខែ (ហើយអាច)រាប់ឆ្នាំ។ អស់លោកបំផុសការផលិត រៀបចំក្រុមផលិត ជាពិសេស សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អប់រំពលរដ្ឋរបស់ខ្លួនរៀបចំផែនការដាំដុះ ឲ្យគាត់ដាំអ្វីដែលជាសេចក្ដីត្រូវការរបស់កងទ័ពទទួលទានប្រចាំថ្ងៃ។ មេភស្ដុភាររបស់យោធា និងគ្រប់អង្គភាព កុំទៅទិញបន្លែពីភ្នំពេញ … ឬពីណាពីណី គឺទិញពីប្រជាជនក្នុងខេត្តព្រះវិហារ (ទាំង)ផ្លែឈើជាដើម។ សូមបងប្អូនអ្នកនៅសមរភូមិក្រោយដែលចង់ឧបត្ថម្ភមកសមរភូមិមុខ មុននឹងមក ត្រូវពិចារណាថា គួរផ្ដល់អ្វីឲ្យបងប្អូនទាំងនេះ។
បើចង់ផ្ដល់អ្វី គួរមកទិញអ្វីដែលជាផលិតផលផ្គត់ផ្គង់(ក្នុងខេត្តព្រះវិហារ) ឧទាហរណ៍ ស្វាយ (និយាយរួមទៅបើ) ផលិតផលរបស់ខេត្តព្រះវិហារមាន មកទិញនៅខេត្តព្រះវិហារទៅ ដើម្បីអ្នកព្រះវិហារទទួលបានផលប្រយោជន៍ពីការដែលកងទ័ពមកឈរជើងនៅទីនេះ។ ជំរុញការដាំដុះ ចិញ្ចឹមសត្វ ត្រី ដើម្បីផ្គត់ផ្គង់កងទ័ព។ អស់លោកខំទាញទេសចរ ឥឡូវទេសចរមកហើយតើ មកនៅយូរទៀត ផ្គត់ផ្គង់ប្រចាំថ្ងៃអត់មានដាច់។ បើសិនជាផ្គត់ផ្គង់ទេសចរបានតែថ្ងៃសៅរ៍និងអាទិត្យ និងថ្ងៃបុណ្យទេ ប៉ុន្តែ(ផ្គត់ផ្គង់ឲ្យកងទ័ព)នេះបានរាល់ថ្ងៃ។ ដឹកនាំការផលិត ផ្នែកកសិកម្ម ត្រូវប៉ាន់ហើយពេលនេះ។ ឧត្តរមានជ័យខ្ញុំក៏និយាយដែរកាលពីម្សិលមិញរឿងហ្នឹង អញ្ចឹងព្រះវិហារក៏ត្រូវធ្វើការងារហ្នឹង លោកមន្ត្រី ក្រុមប្រឹក្សាឃុំសង្កាត់។
(១៩) ពិចារណាបែងចែកអង្គបោះឆ្នោតឡើងវិញពី ៨ភូមិភាគ ទៅជា ២៥មណ្ឌលបោះឆ្នោត ក្នុងខែ៩ ឬខែ១០
ខ្ញុំយកឱកាសនេះអរគុណ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងឡាយ ដែលបានបោះឆ្នោតគាំទ្រដល់សមាជិក/ជិកា ព្រឹទ្ធសភា។ អង្គបោះឆ្នោតនោះក៏បានបោះឆ្នោតជ្រើសសមាជិកក្រុមប្រឹក្សាស្រុក និងខេត្ត។ នៅទីនេះគឺភូមិភាគទី៨ ដោយមានខេត្តកំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង, ក្រចេះ, រតនៈគិរី និងមណ្ឌលគិរី។ ឥឡូវនេះ ពិបាកក្នុងការធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត។ ខ្ញុំដាក់ចេញគោលដៅតែពីរទេក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា។ ទីមួយ ធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត សំដៅដល់ថា ឱ្យសមាជិកព្រឹទ្ធសភាទៅជួបជាមួយក្រុមប្រឹក្សាឃុំសង្កាត់។ តាមរយៈក្រុមប្រឹក្សាឃុំសង្កាត់នោះហើយ ដែលខ្លួនចុះទៅមូលដ្ឋាន។ ខ្ញុំមិនចង់ឲ្យសមាជិកព្រឹទ្ធសភា ដេកស៊ីប្រាក់ខែនៅភ្នំពេញទេ។ ដោយសារមួយភូមិភាគមានដល់ទៅ ៦ខេត្ត ហើយសមាជិកមាន៦នាក់។ តើឥឡូវអ្នកណាទៅខេត្តណាៗ? វាលំបាក។ ដូច្នេះ កំពុងតែមានគិតគូរធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា។ ឥឡូវតើអ្នកណាតំណាងឲ្យចុះទៅខេត្តណា? វិធីដែលល្អជាងគេតាមគំនិតផ្ដួចផ្ដើម និងការពិភាក្សាជាបឋមជាមួយថ្នាក់ដឹកនាំមួយចំនួនថា យកប្រព័ន្ធវិធីបោះឆ្នោតតាមរដ្ឋសភាតែម្ដងទៅ។ យកខេត្តធ្វើជាមណ្ឌល ដោយមិនយកភូមិភាគទៀតទេ។ ឧទាហរណ៍ថា ខ្ញុំមកឈរនៅខេត្តព្រះវិហារ គឺច្បាស់ថាខ្ញុំត្រូវតែមកខេត្តព្រះវិហារជាក់លាក់ … លទ្ធភាពនៃការធ្វើវិសោធកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដោយរៀបចំបែងចែកមណ្ឌលឡើងវិញ ពី៨ភូមិភាគ ទៅជាកាន់ជា ២៥មណ្ឌលបោះឆ្នោត អាចធ្វើនៅក្នុងខែ៩ ឬខែ១០។
(២០) បានប្រគល់តំណែង អំណាច គោរពការសម្រេចចិត្តរបស់អ្នកបន្តវេន និងមិនបានជ្រៀតជ្រែកទេ
ហេតុអីបានលោក ហ៊ុន សែន ដឹង? ធ្វើប្រធានគណបក្សនយោបាយនិងប្រធានព្រឹទ្ធសភា (ម្តេចថា)មិនដឹងរឿងអញ្ចឹង។ រឿងអីដែល ហ៊ុន សែន មិនដឹងនោះ។ បើ ហ៊ុន សែន ជាអតីតនាយរដ្ឋមន្ត្រី កាន់ការមិនដាច់រយៈ។ ដាច់រយៈខ្លីម្ដងដែរ ហើយដាច់រយៈហ្នឹងក៏មិនមែនដាច់ទៅណាដែរ ក៏នៅបានព្រះរាជទានរបស់ព្រះមហាក្សត្រទទួលតំណែងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ ពេលហ្នឹង នាយករដ្ឋមន្ត្រីក៏នៅបន្តការងារជាមួយប្រធានគណបក្ស។ ឯពួកអ្នកដែលធ្លាប់រាយការណ៍ឲ្យយើង ដូចជាមេគយ, មេពន្ធដារ, មេរតនាគារជាតិ, មេធនាគារជាតិ អំពីអត្រាប្ដូរប្រាក់ គេក៏រាយការណ៍ឲ្យយើងដូចជំនាន់មុនអញ្ចឹង ព្រោះគេមិនចាត់ថា យើងជាសត្រូវជាមួយគេ ឬយើងអស់ថាមពលដែរ។ គេនៅសួរយោបល់ទេតើ។ ប៉ុន្តែ យើងមិនមែនត្រឹមតែប្រគល់តំណែងទេ យើងប្រគល់អំណាចឲ្យគេទៅហើយ។ យើងគោរពការសម្រេចចិត្តរបស់ពួកគេ។ យើងមិនបានទៅជ្រៀតជ្រែកទេ។ ពួកគេក៏ត្រូវតែដឹងថាពេលណាដែលមានបញ្ហាធំៗ គេមិនភ្លេចដល់គណបក្សដែលត្រូវស្នើពិគ្រោះយោបល់ទេ។
យើងចង់ឲ្យអ្នកដឹកនាំជំនាន់ថ្មីទទួលបាននូវភាពម្ចាស់ការដើម្បីផ្ដល់ការជឿជាក់ដល់ប្រជាជន។ ឥឡូវនេះ ការជឿជាក់ក្នុងចំណោមប្រជាជនបានមកដល់ហើយ។ ធម្មតាទេ វាមិនដែលគោឯណាទៅកើតបានកូនកណ្ដុរទេ។ តែគោ កើតមកកូនក៏គោដែរ។ ខ្ញុំនិយាយអញ្ចឹងមិនមែនប្រៀបធៀប ហ៊ុន ម៉ាណែត, ស សុខា, ទៀ សីហា ជាកូនគោនោះទេ។ ខ្ញុំមិនប្រៀបធៀបអញ្ចឹងទេ។ ប៉ុន្តែធម្មតា ទទួលបានការបណ្ដុះបណ្ដាល យើងមិនមែនចេះតែចាប់ដាក់ទេ។ អ្នកខ្លះថាឡើងតាមជើងខោឪពុក។ និយាយឲ្យច្បាស់ ឆ្លងកាត់ការបោះឆ្នោត ជាប់ជាសមាជិករដ្ឋសភា ម្យ៉ាងទៀត ត្រូវឆ្លងកាត់រដ្ឋសភា ដើម្បីបង្កើតរាជរដ្ឋាភិបាល ត្រូវតែងតាំងដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ផ្លូវច្បាប់ទាំងអស់។ សព្វថ្ងៃនេះ សុទ្ធតែអ្នកនេះ/នោះល្ងង់ (ការពិត)ល្ងង់ខ្លួនឯងសោះ មកស្រែកប្រាប់គេថាល្ងង់ … មនុស្សឆ្កួតវាដើរចង្អុលថាគេឆ្កួត។ ប៉ុន្តែខ្ញុំមិនចង់តមាត់កជាមួយពួកហ្នឹងទេ។
(២១) បើអោយមេបក្សប្រឆាំងកម្ពុជាចូលទឹកដីខ្លួន តើថៃបំពានគោលការណ៍អាស៊ាន “មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង” ឬទេ?
ខ្ញុំឃើញអ្នកវិភាគ សេង សារី ថា “ថៃគេប្រើសន្លឹកបៀរទីមួយ, ទីពីរ, ទីបី រហូតដល់សន្លឹកបៀរទីបួន” គេនឹងឲ្យមេបក្សប្រឆាំង(កម្ពុជា)ចូលមកទឹកដីថៃ។ បើសិនថៃល្ងង់ ហើយបំពានលើគោលការណ៍អាស៊ានក្នុងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង (ក៏អោយថៃធ្វើទៅ)។ តើថៃល្ងង់រហូតដល់ប៉ុណ្ណឹងទេ? មិនថាថៃកំពុងជាប់ជំពាក់ជាមួយហ្នឹងយើង តែខ្ញុំគិតថា បើថៃធ្វើដល់កន្លែងហ្នឹង គ្រប់គ្រាន់ហើយដែលបំពានគោលការណ៍អាស៊ានមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ខ្ញុំគ្រាន់តែបញ្ជាក់ទៅបណ្ឌិត សេង សារី ឡើងវិញ សុទ្ធតែចូលមកពី ១លាន(នាក់) ឡើង២លាន(នាក់)។ កុំសង្ឃឹម។ ពីដើម ដីថៃជាជម្រកនៃត្រីភាគី។ រដ្ឋកម្ពុជារបស់ខ្ញុំវាយទប់ជាប់។ បើសិនជាមកពេលនេះ មានន័យយ៉ាងម៉េច? បានសេចក្ដីថា ថៃប្រើខ្មែរប្រឆាំង កាន់អាវុធច្បាំងជាមួយខ្មែរខ្លួនឯង។ គ្រប់គ្រាន់ហើយ។ ដោយហេតុនេះ ខ្ញុំឲ្យសិក្សាអំពីការដកសញ្ជាតិ ឲ្យអ្នកឯងទៅជាជនជាតិថៃតែម្ដងទៅ។ ថៃបំពាក់អាវុធឲ្យខ្មែរដែលអ្នកឯងពាក់សញ្ជាតិឲ្យទៅ រួចហើយមកវាយខ្មែរដើម្បីឲ្យខ្មែរងាយវាយបកត្រឡប់ទៅវិញ។ និយាយតាមមួយបែប BM21 ជះម្ដង ៣០ទៅ៤០កញ្ច្រែង។ សុទ្ធតែ ១លាន(នាក់) ទៅ២លាន(នាក់) បានមនុស្សពីណាមក? ពព្រាក់ពព្រើតៗ។ ខ្ញុំនិយាយម្ដងទៀត ឯកឧត្តម កើត រឹទ្ធ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គួរធ្វើឬមិនធ្វើ? ឥឡូវបានឈានដល់កម្រិតហ្នឹង។ ដកសញ្ជាតិចេញទៅ។ មានសញ្ជាតិបរទេសហើយ ឲ្យមានសញ្ជាតិខ្មែរអីទៀត បើឈានដល់ការឃុបឃិតជាមួយបរទេសក្បត់ជាតិឯងហើយ តើនៅសញ្ជាតិខ្មែរធ្វើអីទៀត។
(២២) នឹងទៅថ្វាយបង្គំ លោកតា ស៊ុច
សូម្បីតែថៃក៏ដកសញ្ជាតិ តា ស៊ុច បាត់ទៅហើយ។ តា ស៊ុច ភ័យ។ ខ្ញុំអត់ទាន់បាននិយាយជាមួយ ម៉ាណែត ទេ។ អាហ្នឹងរឿងនាយករដ្ឋមន្ត្រីធ្វើ។ ប្រពន្ធខ្ញុំតាមដានណាស់។ គាត់ដឹងព័ត៌មានច្រើនជាងខ្ញុំទៅទៀត ជាពិសេសអ្នកណារងគ្រោះយ៉ាងម៉េច អីយ៉ាងម៉េច។ គាត់តាមដានណាស់។ យើងរវល់រឿងនេះ/នោះ គាត់មានពេលតាមដាន ជាពិសេសកិច្ចការមនុស្សធម៌របស់គាត់។ គាត់ទាក់ទង តាស៊ុច។ ស្រាប់តែឃើញ តាស៊ុច អរគុណមកនាយករដ្ឋមន្ត្រី។ អត់ហ៊ានសួរកូនទេ។ ទៅមើលហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីបង្ហោះសូមស្វាគមន៍លោកឪ ស៊ុច មិនមែនត្រឹមតែលោក ឪ ស៊ុច មួយទេ ព្រះសង្ឃអង្គណាក៏ដោយចង់មកគង់នៅកម្ពុជាគឺបាន។ កុំអីថៃចាប់វ៉ៃខ្នោះ តា ស៊ុច បាត់។ ឥឡូវមិនដឹងថា តា ស៊ុច និមន្តមកឬនៅ? ជិតចូលវស្សាហើយ ព្រះតេជគុណនិមន្តមក។ ខ្ញុំព្រះករុណាខ្ញុំទៅថ្វាយបង្គំ។ រកទៅថ្វាយបង្គំ តា ស៊ុច បន្តិច … លោកទេស លោកប្រដៅពុទ្ធបរិស័ទអំពីរឿងអ្នកស្តាប់ធម៌និងអ្នកមិនស្តាប់ធម៌។ អ្នកមិនស្តាប់ធម៌ ទៅរកចាបយំល្វើយៗ ហើយលោកច្រៀងពិរោះទៅទៀត … តាមពិតលោកមានទសពិធរាជធម៌ និយាយតាមការពិត។ ខ្ញុំចូលចិត្តលោក តា ស៊ុច។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីបានដើរមុនយើងមួយជំហាន។ រឿងអញ្ចឹងៗ មានទៅចាំបាច់សួរឪពុកធ្វើអី។ គេធ្វើនាយករដ្ឋមន្ត្រីគេចេះសម្រេចការងាររបស់គេ។
(២៣) ប្រធានព្រឹទ្ធសភាជាប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សារាជសម្បត្តិដឹកនាំការពាររាជានិយម
កាលពីឪពុកខ្ញុំ គាត់អត់ខ្វល់ពីរឿងការងារខ្ញុំយ៉ាងម៉េចទេ។ ម៉ែខ្ញុំក៏មិនដែលខ្វល់។ ប្រពន្ធខ្ញុំ ក៏មិនដែលខ្វល់ពីរឿងការងារខ្ញុំយ៉ាងម៉េចទេ? អត់លូកលាន់ការងារខ្ញុំទេ។ ឪពុកខ្ញុំគាត់មិនធ្លាប់ធ្វើនាយករដ្ឋមន្ត្រីទេ។ ដូច្នេះគាត់អត់ខ្វល់ពីរឿងថាខ្ញុំធ្វើអី ឬមិនធ្វើអីទេ? ខ្ញុំស្ថិតនៅក្នុងអំណាចមួយ គឺប្រធានគណបក្សកាន់អំណាចមួយផ្នែក។ មួយផ្នែកទៀត ខ្ញុំមកកាន់តួនាទីនីតិបញ្ញត្តិ ដែលមានទំនាក់ទំនងជាមួយនីតិប្រតិបត្តិដែរ។ ពិតមែនតែព្រឹទ្ធសភា និងរដ្ឋសភាមានអំណាចខុសគ្នា។ ព្រឹទ្ធសភានិងរដ្ឋសភាគឺមានអំណាច។ ព្រឹទ្ធសភាអំណាចតិចជាងរដ្ឋសភា ដោយសាររដ្ឋសភាមានអំណាចបង្កើតរដ្ឋាភិបាលឬរំលាយរដ្ឋាភិបាល។ រដ្ឋសភាមានអំណាចច្រើនជាងព្រឹទ្ធសភា ប៉ុន្តែប្រធានព្រឹទ្ធសភាមានអំណាចច្រើនជាងប្រធានរដ្ឋសភា។ អំណាចនៅកន្លែងណា? ទី១ ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ។ ទី២ ជាប្រធានក្រុមប្រឹក្សារាជសម្បត្តិ។ ក្នុងករណីមានបញ្ហាទាក់ទងនឹងព្រះមហាក្សត្រ គឺប្រធានព្រឹទ្ធសភាត្រូវតែដឹកនាំការពាររាជានិយម។ ចំណុចនេះវាមិនមែនតូចតាចទេ។
បើជ្រើសរើសប្រធានព្រឹទ្ធសភា ទៅថ្ងៃក្រោយក៏ត្រូវតែជ្រើសរើសឱ្យបានច្បាស់ថា អ្នកហ្នឹងត្រូវស្មោះត្រង់ជាមួយរាជានិយម។ បើមិនអញ្ចឹងប្រធានព្រឹទ្ធសភានោះ ឧទាហរណ៍ថា បាត់បង់ព្រះមហាក្សត្រ ហើយអូសបន្លាយពេលវេលាឱ្យលើសពី ៧ថ្ងៃ។ អញ្ចឹងបានន័យថាប្រទេសនេះក្លាយទៅជាសាធារណរដ្ឋ លើការជាក់ស្តែង។ សូមប្រយ័ត្នកន្លែងហ្នឹង។ មិនមែនចៃដន្យទេដែលខ្ញុំមកកន្លែងនេះ។ ខ្ញុំថ្វាយព្រះពរចំពោះព្រះមហាក្សត្ររបស់យើង ព្រះអង្គមានព្រះជន្ម បើទោះបីទូលបង្គំទៅមុន ព្រះអង្គទៅតាមក្រោយ ក៏ទូលបង្គំត្រូវរៀបចំ ចង្អុលបង្ហាញផ្លូវសម្រាប់ធ្វើម៉េចឱ្យកម្ពុជាយើង(មានស្ថេរភាព)។ ល្អបំផុតហើយដែលយើងជ្រើសរើសរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ … របបរាជានិយមធានាស្ថិរភាពស្ថាប័នប្រមុខរដ្ឋ។ បានសេចក្តីថា រដ្ឋធម្មនុញ្ញបានចែងច្បាស់ថា ព្រះមហាក្សត្រជាព្រះមុខរដ្ឋអស់មួយជីវិត។ អស់លោកត្រូវមើល។ នៅប្រទេសបារាំងឥឡូវ ឧស្សាហ៍ណាស់ ដែលប្រធានាធិបតីបក្សផ្សេង នាយករដ្ឋមន្ត្រីបក្សផ្សឹង។ នោះហើយជាបញ្ហា។ ដូច្នេះ កម្ពុជាត្រូវតម្រង់ទិស/គោលដៅកុំផ្លាស់ប្តូររបបរាជានិយមឱ្យសោះ។ ស្ថិរភាពក្នុងរយៈពេលកន្លងទៅ ពីឆ្នាំ១៩៩៣ រហូតមក បើទោះបីមានបញ្ហាខ្លះ ក៏ប៉ុន្តែស្ថាប័នព្រះប្រមុខរដ្ឋអត់មានផ្លាស់ប្តូរទេ។
កន្លែងហ្នឹង ខ្ញុំសូមគោរពដល់ចក្ខុវិស័យទ្រង់ញាណរបស់ព្រះករុណាបិតា ដែលព្រះអង្គគិតគូរ។ បើមិនដូច្នោះឆ្នាំ២០១២ យើងប្រឈមជាមួយនឹងបញ្ហា។ ម្ខាងគឺអត់ទាន់មានច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ។ អញ្ចឹង ឯណាត្រូវទៅធ្វើច្បាប់ផង ឯណាទៅបោះឆ្នោតរើសស្តេចផង ឯណាត្រូវទៅធ្វើបុណ្យព្រះសពព្រះមហាក្សត្រដែលទើបសោយទិវង្គត។ ត្រង់នេះ ទូលព្រះបង្គំសូមព្រះរាជទានទោសចំពោះហ្វួងម៉ែ ចំពោះព្រះមហាក្សត្រ ដែលទូលបង្គំត្រូវនិយាយពន្យល់បងប្អូនប្រជាពលរដ្ឋខ្មែរ ឱ្យរក្សារបបរាជានិយមនេះព្រោះបានឃើញអ្វីដែលជាគន្លងដែលព្រះករុណាបិតាបានត្រួសត្រាយផ្លូវ រៀបចំ ព្រះអង្គសុខចិត្តដកព្រះកាយថ្វាយដល់អង្គព្រះមហាក្សត្របច្ចុប្បន្ន។ អញ្ចឹង ពេលដែលមានបញ្ហានៅឆ្នាំ២០១២ យើងអត់រវល់ជាមួយការជ្រើសរើសព្រះមហាក្សត្រថ្មីទេ ព្រោះមានព្រះមហាក្សត្ររួចហើយ។ យើងរវល់នឹងការរៀបចំព្រះរាជពិធីបុណ្យសពទេ។ ប៉ុន្តែបើសិនជាគ្មានព្រះរាជតម្រិះបែបនេះកើតឡើង ឆ្នាំ ២០១២ យើងប្រឈមបញ្ហាធំណាស់។ អាចរដ្ឋធម្មនុញ្ញតម្រូវឱ្យត្រឹមតែ ៧ថ្ងៃ។ ផុត ៧ថ្ងៃ គឺកម្ពុជាក្លាយទៅជាសាធារណរដ្ឋលើការជាក់ស្តែងតែម្តង។
(២៤) មេដឹកនាំក្រុមទី១ ជំនាន់ទី១ នៃគណបក្សប្រជាជន មិនចោលគ្នាទេ
កន្លែងហ្នឹង ខ្ញុំគិតឃើញគំរូរបស់ព្រះអង្គ ខ្ញុំគិតឃើញបបួលសម្តេចក្រឡាហោម បបួលសម្តេច ទៀ បាញ់ បបួលសម្តេច ម៉ែន សំអន និយាយគ្នាថា យើងល្មមដល់ពេលហើយ។ មានការអី ទៅមួយទ្រូបជាមួយគ្នា។ ពួកយើងខ្ញុំអត់ចោលគ្នាទេ។ ខ្ញុំប្រាប់ឲ្យហើយ។ អ្នកចង់ចាក់បំបែកគណបក្សប្រជាជនខុសហើយ។ ច្រើននាកនិងច្រើនដងហើយ ដែលអ្នកបំបែកគណបក្សប្រជាជនបានរលាយខ្លួនឯង។ អ្នកចាំមើលថ្ងៃទី២ ខែកក្កដា ខាងមុខ តើពួកយើងធ្វើអីខ្លះ? គឺជាខួប ១០ឆ្នាំនៃមរណភាពរបស់សម្តេចប្រធាន ជា ស៊ីម និងខួប ១៦ឆ្នាំ នៃបងស្រីជាប្រពន្ធបង ជា ស៊ីម។ មេដឹកនាំទាំងអស់នឹងប្រមូលផ្តុំនៅខេត្តព្រៃវែង។ ទោះបីគាត់មរណកាលទៅហើយ ក៏ប៉ុន្តែពួកយើងអត់បានបំភ្លេចគាត់ចោលទេ។
ថ្ងៃទី២ កក្កដា នឹងមានទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏ប៉ុន្តែខ្ញុំបានស្នើសុំឱ្យមានការរៀបចំអញ្ចេះ។ មុននឹងចរចាផ្លូវការ ក្រោយដាក់កម្រងផ្កា មកជួបខ្ញុំនៅម៉ោង១០ ដើម្បីខ្ញុំមានឱកាសចេញទៅព្រៃវែងទាន់ពេលវេលា។ នាយករដ្ឋមន្ត្រីចរចាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី រួចហើយក៏ចាកចេញទៅព្រៃវែងដែរ។ យើងជាមេដឹកនាំក្រុមទី១ ជំនាន់ទី១។ ពួកយើងអត់ចោលគ្នាទេ។ អញ្ចឹង សូមសម្លឹងមើលកន្លែងហ្នឹង។ មិនមែនជាការសម្តែងឆាកល្ខោនទេ។ មកហ្នឹងមកជាមួយគ្នា បាយកញ្ចប់ៗ ជាមួយគ្នា និយាយឱ្យច្បាស់។ អញ្ចឹង ផ្តាំទៅអ្នកដែលចង់បំបែកគណបក្សប្រជាជន សូមឈប់ទៅ ក្រែងរលាយខ្លួនឯង។ បើ ហ៊ុន សែន វាយបកគឺច្បាស់ជារលាយហើយ។
(២៥) ទិញបន្លែបង្ការ ផ្លែឈើ ត្រីសាច់ក្នុងខេត្តព្រះវិហារផ្គត់ផ្គង់កងទ័ព ក្រុមប្រឹក្សាឃុំសង្កាត់អនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាពអយបានល្អ
ត្រឡប់មកវិញ សូមខិតខំផលិតផ្គត់ផ្គង់ឱ្យទីផ្សារ។ ទីផ្សារនោះជាអ្នកណា? ទីផ្សារនោះគឺកងទ័ពដែលមកឈរជើងនៅទីនេះ។ មេភស្តុភារនៅតាមអង្គភាពទ័ពត្រូវផ្តល់អាទិភាពទិញបន្លែបង្ការ ផ្លែឈើ សាច់ ឬត្រី ដែលចិញ្ចឹមនៅក្នុងខេត្តព្រះវិហារ ផ្គត់ផ្គង់កងទ័ព។ អ្នកដែលមកពីខេត្តខាងក្រោយ ហើយចង់ផ្គត់ផ្គង់នៅខាងមុខជាសាច់ ឬក៏ជាបន្លែបង្ការ សូមមកទិញផលិតផលអ្នកព្រះវិហារ ផ្គត់ផ្គង់ឱ្យកងទ័ព។ អញ្ចឹង យើងបានប្រាក់ចំណូលទៅប្រជាជន ជំរុញការដាំដុះ ជំរុញការចិញ្ចឹមសត្វ ជំរុញការចិញ្ចឹមត្រី។ សូមធ្វើការងារហ្នឹង។ សូមផ្តាំផ្ញើទៅសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើកិច្ចការឱ្យល្អបម្រើប្រជាជន ជាពិសេសអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព។ ចោរកម្ម ចោរលួច ចោរប្លន់ បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាល្បែងស៊ីសង ត្រូវមើល។ រាជរដ្ឋាភិបាលណែនាំតែខ្ញុំសូមរំលឹក(បន្ថែមទៀត)។ ពីឆ្នាំ២០១០ សម្តេចក្រឡាហោម បានលើកបញ្ហាហ្នឹងក្នុងក្របខ័ណ្ឌមហាផ្ទៃ បន្ទាប់ទៅបានពង្រីកទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិងគណបក្ស ហើយបន្តវេនដោយរដ្ឋាភិបាលជំនាន់បន្តវេន។ កិច្ចការនេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាស្ថិរភាពក្នុងភូមិ-ឃុំ។ នៅទីក្រុង យើងខិតខំធ្វើម៉េចឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ អញ្ចឹងរោងចក្រ ឬភូមិគឺសុទ្ធតែជាតំបន់សុខសាន្ត មានន័យថា ប្រទេសរបស់យើងទទួលសេចក្តីសុខ។
(២៦) យកចិត្តទុកដាក់ចំពោះបងប្អូនភៀសសឹក បង្កើនសេវាសុខាភិបាល និងមើលខុសត្រូវស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ
ចំណុចដែលផ្តែផ្តាំចុងក្រោយសម្រាប់ខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សូមមើលការខុសត្រូវឱ្យបានដិតដល់ចំពោះបងប្អូនជនភៀសសឹក។ បើយោងទៅលើការសិក្សា អ្នកមានហានិភ័យខ្ពស់មានតែ ៦ភូមិទេ ដែលយើងអាចនឹងប្រើពេលវេលាវែងបន្តិច។ ប៉ុន្តែ អ្នកដទៃទៀត អាចនឹងវិលត្រឡប់ទៅបង្កបង្កើនផលវិញ … អ្នកនៅតាមដងផ្លូវជាតិដែលបង្ហាញនៅក្នុងផែនទីល្ងាចមិញ មានតែ ៦ភូមិទេថាមានហានិភ័យខ្ពស់។ យ៉ាងណាក៏ដោយ យើងត្រូវតែថែទាំ។ មិនថាតិច មិនថាច្រើនទេ ថែទាំឱ្យបានល្អ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានរាយការណ៍ឱ្យខ្ញុំអំពី ការបង្កើនសមត្ថភាពយ៉ាងម៉េច មន្ទីរពេទ្យយ៉ាងម៉េច អីយ៉ាងម៉េច? ឃើញដាក់របាយការណ៍មកឱ្យខ្ញុំមើលក្បែរភ្លឺនេះ។ យប់មិញ ខ្ញុំភ្ញាក់តាំងពីម៉ោង៤ ដេកវាមិនលក់ទៅវិញ ចេះតែមើលសារនេះ/នោះ។ នេះជាការទទួលខុសត្រូវរបស់យើង។ នេះជាផលវិបាកនៃការឈ្លានពាន។ (តែ)សង្គ្រាមវាកើតគឺអញ្ចឹង។
ម្សិលមិញ ខ្ញុំបាននិយាយថាថៃមានជម្លៀសប្រជាជន ប៉ុន្តែជម្លៀសពីព្រំដែនជាមួយមីយ៉ាន់ម៉ា ដោយមានការវាយប្រហារ។ កុំភ្លេចណា ប្រទេសថៃបច្ចុប្បន្នហ៊ុំព័ទ្ធទៅដោយប្រទេសដែលមានអរិភាព។ ព្រំដែនជាមួយកម្ពុជាបិទក្រោយគេទេ។ ថៃមានព្រំដែនជាមួយនឹងមីយ៉ាន់ម៉ា ក៏មានបញ្ហា មានទាំងវាយគ្នាទៀតផង។ ជាមួយព្រំដែនម៉ាឡេស៊ីក៏មានបញ្ហា រហូតដល់ម៉ាឡេស៊ីថានឹងធ្វើរបង។ ជាមួយឡាវក៏មានបញ្ហា។ អញ្ចឹង ថៃនៅសល់តែផ្លូវទឹក ហើយនិងផ្លូវអាកាសទេ។ ឯផ្លូវគោកគឺមានឧបសគ្គព្រំដែនដែលជាប់ជិតខាងខ្លួន។ ឯយើងទើបនឹងមាន ដែលថ្ងៃស្អែកគ្រប់មួយខែ។
សូមមើលការថែទាំបងប្អូនឱ្យប្រាកដប្រជា។ ត្រូវមើលការខុសត្រូវស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ប្រយ័ត្នគ្រុនឈាម។ ម្សិលមិញ ខ្ញុំប្រាប់ឱ្យទាក់ទងទៅខាងរដ្ឋាភិបាល។ យើងចែកហើយមួយគ្រួសារបានឃីតមួយ តែគ្រួសារខ្លះមានគ្នាតិច គ្រួសារខ្លះមានគ្នាច្រើន។ គាត់ប្រើប៉ុន្មានថ្ងៃហើយ ចែកបន្ថែមទៅ។ យើងមានបម្រុងទុកដូចជាង ១ពាន់សម្រាប់អ្នកមកថ្មី។ ប៉ុន្តែអ្នកចាស់ដូចជាង ២ពាន់ទេ? គួរតែទិញចែកបន្ថែមមួយម្នាក់ទៀតទៅ។ បើគាត់មិនប្រើនៅហ្នឹង គាត់ទៅផ្ទះយកទៅប្រើនៅផ្ទះទៅ។ ប្រជាជនយើងទេតើ។ មានកន្ទេលមួយ ភួយមួយ មុងមួយ ប៉ុន្តែមនុស្សដល់ទៅច្រើនគ្នា អញ្ចឹងយើងត្រូវចែក២ ទៅល្អ។ ហ្នឹងហើយដែលអគ្គភស្តុភារជាន់ខ្ពស់នោះ។
(២៧) ជំរាបហេតុការណ៍ ៨ចំណុច ទាក់ទងត្រកូល Shinawatra ដល់ប្រជាជនថៃនិងចំពោះប្រជាជនកម្ពុជា
ឥឡូវ សូមចូលទៅដល់ប្រធានបទ ដែលខ្ញុំចង់បង្ហាញជូនប្រជាជនថៃ ជូនចំពោះប្រជាជនកម្ពុជា។ អ្វីទៅដែលជាបញ្ហាកើតឡើងនិងដែលខ្ញុំចង់បញ្ចេញ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំជាមនុស្សដែលមានគុណធម៌។ “ខ្ញុំមិនក្បត់អ្នកណាមុនទេ។ ខ្ញុំសុខចិត្តឱ្យគេក្បត់ខ្ញុំមុន”។ ឥឡូវដល់ពេលដែលគេបានក្បត់ខ្ញុំហើយ។ សូមកុំនិយាយពីគុណធម៌ចំពោះខ្ញុំទៀត។ ខ្ញុំសូមលើកយកត្រឹមតែ ៨ចំណុច មកនិយាយថ្ងៃនេះ។ ចំណុចខ្លះទៀត ប្រសិនបើភាគីថៃចង់បាន ខ្ញុំអាចនឹងចែករំលែកជាមួយអ្នកណា ដោយបញ្ជូនបេសកជនមកជួបជាមួយខ្ញុំ។ ខ្ញុំនឹងនិយាយប្រាប់បន្ថែម។ តែខ្ញុំមិននិយាយតាមទូរទស្សន៍ទេ។ ខ្ញុំសូមជម្រាបជូនទៅប្រជាពលរដ្ឋថៃថា ខ្ញុំអត់បានយកប្រទេសថៃធ្វើជាសត្រូវទេ មិនបានយកជនជាតិថៃធ្វើជាសត្រូវទេ តែខ្ញុំក៏ត្រូវតែប្រឈមនឹងការពិតមួយថា “អ្នកចាត់ទុកខ្ញុំជាសត្រូវ ខ្ញុំក៏ចាត់ទុកអ្នកជាសត្រូវដែរ”។ អ្នកណាក៏ដោយ មិនថាខ្មែរមិនថាបរទេសទេ បើសិនចាត់ទុកខ្ញុំជាសត្រូវហើយ ខ្ញុំគ្មានជម្រើសទេ។ ព្រោះមិនមានជម្រើសទី៣ សម្រាប់ខ្ញុំ។ អ្នកយកខ្ញុំធ្វើជាសត្រូវទៅហើយ។ ប្រជាជនថៃភាគច្រើនចង់បានសន្តិភាព ភាគច្រើនចង់មានមិត្តភាពជាមួយកម្ពុជា ក៏ប៉ុន្តែក៏មានក្រុមជ្រុលនិយមមួយក្រុម រាប់ទាំងមេដឹកនាំនយោបាយបានវាយប្រហារខ្ញុំ។
(២៨) ថតសំឡេងទុកព្រោះធ្លាប់ត្រូវបានបោកប្រាស់ម្តងហើយ ដែល “ការកែសម្រួលកម្លាំងនៅមុំបី” ទៅជា “កម្ពុជាដកទ័ព”
លោកជំទាវ អ៊ុងអ៊ីង! ខ្ញុំបាត់បង់ការអត់ធ្មត់ចំពោះលោកជំទាវហើយ។ បន្ទាប់ពីលោកជំទាវចេញមកវាយប្រហារខ្ញុំម្តងហើយម្តងទៀត វាយប្រហារកម្ពុជាម្តងហើយម្តងទៀត។ ថ្ងៃនេះ ខ្ញុំបញ្ជាក់អំពីត្រកូល Shinawatra ដើម្បីឱ្យប្រជាជនថៃបានដឹងថាមានរឿងរ៉ាវអ្វីខ្លះ។ ដំបូង ខ្ញុំសូមចាប់ផ្តើមពីការបែកធ្លាយការសន្ទនាតាមទូរស័ព្ទ។ មិនមែនជាចេតនារបស់ខ្ញុំទេដែលខ្ញុំទម្លាយរឿងនេះ។ រឿងវាចាប់ផ្តើមពីអញ្ចេះ។
នៅថ្ងៃទី១៥ ខែមិថុនា (២២៥)កន្លងទៅ ចំថ្ងៃអាទិត្យ និងចំទិវាឪពុក។ ខ្ញុំទៅវាយកូនហ្គោល។ ថ្ងៃនោះវាយល្អ។ អាយុគ្រាន់តែជាតួលេខ។ កម្លាំងវាយកូនហ្គោលនៅខ្លាំង។ ត្រឡប់មកដល់ផ្ទះ មានកូនមានចៅ(មកលេង)។ កូនហ្នឹងវាមាននាយករដ្ឋមន្ត្រីក៏មក ប្រពន្ធនាយករដ្ឋមន្ត្រីក៏មក កូននាយករដ្ឋមន្ត្រីក៏មក មានចៅ មានកូនដទៃទៀត។ រហូតដល់ម៉ោង២ ខ្ញុំទៅសម្រាក។ មុនពេលហ្នឹង នាយករដ្ឋមន្ត្រីថៃត្រូវការទីប្រឹក្សាខ្ញុំម្នាក់ចេញពីភ្នំពេញទៅពិភាក្សាជាមួយគាត់ និងរដ្ឋមន្ត្រីការពារជាតិរបស់ថៃនៅទីក្រុងបាងកក។ គេបានហៅទូរស័ព្ទមកខ្ញុំតាំងក្រោយម៉ោង២ ក៏ប៉ុន្តែអ្នកនៅជាមួយគេអត់ឱ្យដាស់ខ្ញុំទេ។ ក្រោយពេលដែលខ្ញុំភ្ញាក់ គេក៏បានប្រាប់ថា ឃ្លាំង ហួត ដែលកំពុងនៅជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានទូរស័ព្ទមកលោកពូ។ អញ្ចឹង ខ្ញុំក៏ឃើញទូរស័ព្ទរោទិ៍ អត់ទាំងបានលុបមុខផងក្រោកពីដេកថ្ងៃរសៀលនោះ ដេកធ្លាក់ម៉ោង ៥ ឯណោះ។ ចុះថ្ងៃអាទិត្យមានអ្នកណាគេមកឆាឆៅយើង។ ប៉ុន្តែ(មានការទាក់ទងមក)ពីបាងកក។
ឃើញអញ្ចឹង ខ្ញុំនឹកឃើញថា ខ្ញុំត្រូវបានគេបោកប្រាស់ម្តងរួចហើយ។ ដូច្នេះម្តងនេះខ្ញុំត្រូវតែថតសំឡេងទុក។ កន្លែងណាទៅដែលនិយាយពីបញ្ហាបោកប្រាស់? យើងបានស្រុះស្រួលគ្នាធ្វើការកែសម្រួលកម្លាំងនៅមុំបី។ ថ្ងៃនោះខ្ញុំពិបាកនឹងពន្យល់ណាស់។ ពេលហ្នឹងទាំង ថាក់ស៊ីន ទាំង អ៊ុងអ៊ីង ដែលជានាយករដ្ឋមន្រ្តី ទាំង យីងឡាក់ ដែលជាអតីតនាយករដ្ឋមន្ត្រីដែលកំពុងនៅ ឌូបៃ សុទ្ធតែហៅទូរស័ព្ទមកអរគុណខ្ញុំអំពីការកែសម្រួលនេះ។ ពេលហ្នឹងនាយករដ្ឋមន្ត្រីក៏ហោះចេញទៅ។ ខ្ញុំបានប្រាប់ថានេះមិនមែនជាការដកទ័ពទេ។ វាជាការកែសម្រួលកងទ័ព។ ប៉ុន្តែ បែរជានៅទីក្រុងបាងកក ប្រើប្រាស់ភាសាថា កម្ពុជាដកទ័ព។ ខ្ញុំត្រូវបានគេបោក ត្រូវគេកុហក។ ដូច្នេះខ្ញុំត្រូវតែមានតម្លាភាពជាមួយពលរដ្ឋរបស់ខ្ញុំ។ ខ្ញុំត្រូវតែមានគណនេយ្យភាពជាមួយមេដឹកនាំរបស់ខ្ញុំ។ ខ្ញុំបានថតសំឡេង។ ទូរស័ព្ទខ្ញុំវា Auto record គឺថតសំឡេងដោយស្វ័យប្រវត្តិ។
(២៩) បញ្ជូនសំឡេងសន្ទនាទៅមេដឹកនាំប្រមាណ ៨០នាក់ … មានម្នាក់បញ្ចេញសំឡេងនោះ
កិច្ចសន្ទនានោះ ខ្ញុំគ្មានចេតនាដើម្បីនឹងបញ្ចេញទេ។ ល្ងាចម៉ោង៥ ថ្ងៃទី១៥ (មិថុនា ២០២៥) ចាប់ផ្ដើមនិយាយ សូមសួរថា សុខភាពយ៉ាងម៉េច? ខ្ញុំថាអត់អីទេ (សុខភាព)ល្អ ហើយថ្ងៃហ្នឹងថ្ងៃបុណ្យឪពុកផង ហៅខ្ញុំ Uncle (ពូ)។ ហៅជាពូ តែពិភាក្សារឿងជាតិ មិនមែនពិភាក្សារឿងគ្រួសារទេ។ ខ្ញុំបញ្ជូនឱ្យទៅមេដឹកនាំប្រមាណជិត ៨០នាក់ក្នុងគ្រុបអចិន្ត្រៃយ៍ បូកជាមួយគ្រុបប្រធានគណៈកម្មាធិការរបស់ព្រឹទ្ធសភា ប្រធានគណៈកម្មាធិការរដ្ឋសភា បូកជាមួយមេទ័ពមួយចំនួន បូកជាមួយអ្នកនាំពាក្យ ឬរដ្ឋមន្រ្តីមួយចំនួន ប៉ុន្តែបើអ្នកទាំងហ្នឹងសុទ្ធតែនៅគ្រុបអចិន្ត្រៃយ៍ដដែលបូកចុះបូកឡើងទៅវាប្រហែល ៨០នាក់។ ក្នុង ៨០នាក់នេះ មានម្នាក់អាចនឹងខឹងសម្បារជាមួយ អ៊ុងអ៊ីង ដែលជានាយករដ្ឋមន្រ្តីថៃ។ គេបានទទួលសារនេះនៅក្រោយម៉ោង ៥ល្ងាច។ ប៉ុន្តែម៉ោង ១០ បែរជា អ៊ុងអ៊ីង វាយប្រហារលើខ្ញុំ។
ម្នាក់នោះក៏ខឹង។ គេខឹងជំនួសខ្ញុំ។ មានហ្វេកប៊ុកមួយឈ្មោះ Avatar យក ៩នាទី យកទៅផ្សាយ។ ថ្ងៃនោះ ការបែកធ្លាយមិនដឹងថ្ងៃប៉ុន្មាន? (ថ្ងៃទី១៧)។ អញ្ចឹងបានសេចក្តីថា ថ្ងៃទី១៥ ចរចាគ្នា ថ្ងៃទី១៦ អ៊ុងអ៊ីង វាយប្រហារខ្ញុំពីបាងកក ថ្ងៃទី១៧ បែកធ្លាយ។ ពេលហ្នឹង Fresh News រុញមកឱ្យខ្ញុំ។ វុត្ថា ដែលជាប្រធាន Fresh News ថាពុកខ្ញុំចង់ផ្សាយរឿងហ្នឹង។ ខ្ញុំថាកុំៗឱ្យសោះ។ តើវាបែកមកពីឯណា? វាទៅឯណា? ខ្ញុំឱ្យផ្អាក។ ស្រាប់តែចេញប្រតិកម្មពីខាងថៃមកវិញញ៉ែតៗ។ ខ្ញុំក៏បង្ហោះសារមួយចេញទៅថា ខ្ញុំពិតជាបានថតសំឡេង ហើយបានចែកចាយទៅឱ្យក្រុមមេដឹកនាំរបស់ខ្ញុំ។ ប៉ុន្តែគេបានយកតែ ៩នាទីទេ។ ឯខ្ញុំមាន ១៧នាទី ៦វិនាទី។ បើចង់បានខ្ញុំនឹងបង្ហោះ។ អញ្ចឹងខ្ញុំក៏បង្ហោះ ហើយខ្ញុំក៏ដេកទៅ។ ភ្ញាក់ឡើងឃើញគេប្រតិកម្មព្រោងព្រាតមក។ អញ្ចឹងបង្ហើយតែម្តងទៅ។
(៣០) ទី១ ដែលនាយករដ្ឋមន្ត្រីថៃជេរមេទាហានខ្លួនឯង បើនៅកម្ពុជាជាទោសក្បត់ជាតិ និងដែលថាជាយុទ្ធសាស្ត្រ ឬល្បិចចរចា គឺស្គាល់ ហ៊ុន សែន តិចហើយ
ឥឡូវ លោកជំទាវនាយករដ្ឋមន្ត្រី ចេញមកថានេះជាយុទ្ធសាស្ត្រចរចា ឬក៏ជា tactic ចរចា? សូមលោកជំទាវបកស្រាយឱ្យខ្ញុំ ព្រោះខ្ញុំមើលឃើញតែ ២ចំណុចទេ។ ទី១ ដើម្បីតម្រូវចិត្ត ហ៊ុន សែន លោកជំទាវសុខចិត្តជេរមេទាហានខ្លួនឯង។ ត្រង់នៅប្រទេសថៃចាត់ទុកយ៉ាងម៉េចមិនដឹងទេ ប៉ុន្តែបើនៅកម្ពុជាគឺទោសក្បត់ជាតិតែម្តង ដែលគុបគិតជាមួយបរទេសជេរមេទាហានខ្លួនឯង។ លោកជំទាវគិតមើលទៅ។ ខ្ញុំមិនបាននិយាយរឿងមេបញ្ជាការភូមិភាគនោះទេ។ សូម្បីតែមកដល់ថ្ងៃនេះ ខ្ញុំអត់ដែលនិយាយ ហើយទើបនឹងនិយាយពាក្យមេបញ្ជាការភូមិភាគម៉ោងហ្នឹង។ ខ្ញុំអត់ដែលនិយាយប៉ះពាល់គាត់ទេ។ ខ្ញុំយល់អំពីភារកិច្ចរបស់មេទ័ព។ មិនថាមេទ័ពយើង មិនថាមេទ័ពគេទេ។ វាត្រូវតែមានចរិតអញ្ចឹង បានគេហៅមេទ័ព។ ខ្ញុំអត់ដែលចាត់ទុកថា មេភូមិភាគ២ ហ្នឹងព្រហើន ភ្លើ អីអញ្ចេះអញ្ចុះទេ។ ស្តាប់សំឡេងហ្នឹងមើល តើខ្ញុំបានថាមេភូមិភាគហ្នឹងព្រហើនឯណា? ខ្លួនឯងទេតើជាអ្នកនិយាយថាមេភូមិភាគនេះវាអញ្ចេះវាអញ្ចុះ រហូតទៅដល់មានការអះអាងតាមរយៈជំនួយការរបស់ខ្ញុំថា បើសិនជាអំណាចរឹងមាំ អាមួយហ្នឹងត្រូវជាប់គុកទៀត។ ខ្ញុំយល់អំពីរបៀបធ្វើមេទ័ព។ យើងមិនអាចទៅបន្ទោសគេថាគេពើងទ្រូង គេអីអញ្ចេះអញ្ចុះទេ។ មេទ័ពខាងយើងក៏ត្រូវតែសម្តែងឫទ្ធិអញ្ចឹងដែរ។ ម៉េចគេហៅមេទ័ព។ ទៅទ្រោមៗម៉េចបាន។
សុវត្ថិ ឆ័យ អើយ! ពីដើមក៏ជាមេភូមិភាគ២ ហ្នឹងដែរ ហើយវាយជាមួយកម្ពុជា។ វាយគ្នានោះវាយ។ ទីចុងបំផុត សុវត្ថិ ឆ័យ ចូលនិវត្តន៍ហើយ។ ទៅផ្ទះខ្ញុំដល់វិមានឯករាជ្យឯណោះ។ ខ្ញុំសួរ សុវត្ថិ ឆ័យ ម៉េចហើយ? ខ្ញុំអត់វាយតប ១០០ម៉ោង កាំភ្លើងធំ ម៉េចក៏ សុវត្ថិ ឆ័យ ឯងនៅតែវាយខ្ញុំ? សុវត្ថិ ឆ័យ ថាខឹងពេក ខឹងរឿងទៅប្រាសាទតាក្របី គេដេញរត់ជ្រុះស្បែកជើង។ ខ្ញុំមិនបានប្រមាថ ឬប៉ះពាល់មេទ័ពថៃណាម្នាក់ទេ? ប៉ុន្តែ ហេតុអីបានជា អ៊ុងអ៊ីង ឯងទៅជាប្រមាថចំពោះមេទ័ពខ្លួនឯង ដើម្បីបំពេញចិត្ត ហ៊ុន សែន ក្នុងពេលដែលខ្ញុំអត់ត្រូវការដឹងរឿងរបស់អ្នកឯង។ បើនៅកម្ពុជា នេះជាកំហុសស្មើនឹងមានទោសក្បត់ជាតិ ព្រោះនិយាយជាមួយគូសន្ទនាជាជនបរទេសវាយប្រហារមេទ័ពខ្លួនឯង។ តើមានតម្លៃស្មើអី? ត្រង់ប្រទេសថៃចាត់ទុកថារឿងបែបនេះជារឿងធម្មតា គឺរឿងរបស់ថៃ ប៉ុន្តែកម្ពុជាអត់បានទេ។ មិនអនុញ្ញាតឲ្យអ្នកណាបន្តុះបង្អាប់កម្លាំងប្រដាប់អាវុធរបស់ខ្លួនទេ។ លោកជំទាវកុំប្រើពាក្យ tactic កុំប្រើពាក្យយុទ្ធសាស្ត្រ។ អញ្ចឹងជ្រុងទី១ គឺដើម្បីបំពេញចិត្ត ហ៊ុន សែន គឺលោកជំទាវសុខចិត្តវាយប្រហារជនជាតិខ្លួនឯង ទាហានខ្លួនឯង។ តើចាត់ទុកជាអំពើក្បត់ ឬចាត់ទុកថាជាអំពើធម្មតា ទុកឲ្យប្រទេសថៃសម្រេចខ្លួនឯងទៅ។ សម្រាប់កម្ពុជា នេះជាបទល្មើសក្បត់ជាតិ ព្រោះជាការវាយប្រហារកម្លាំងប្រដាប់អាវុធខ្លួនឯងដើម្បីតម្រូវចិត្តជនបរទេស។
ឯទិសទី២ លោកជំទាវចង់បោកប្រាស់ខ្ញុំ ដែលលោកជំទាវចាត់ទុកថាជាយុទ្ធសាស្ត្រចរចា ឬ tactic ចរចា។ លោកជំទាវស្គាល់ ហ៊ុន សែន តិចពេកហើយ។ ឪពុករបស់លោកជំទាវហៅ ហ៊ុន សែន ជា មេ០១ ផ្តាំទៅ។ Thaksin ចាត់ទុកខ្ញុំជាមេ ហើយខ្ញុំអាចនឹងបញ្ចេញអ្នកទាំងហ្នឹងឲ្យនិយាយ ប្រសិនបើខាងភាគីថៃ ត្រូវការឲ្យអ្នកខាងទាំងហ្នឹងនិយាយ។ គេក៏ចេះភាសាថៃ ហើយអ្នកបកប្រែហ្នឹងហ្មង។ ឥឡូវជាអភិបាលរងរាជធានីភ្នំពេញ ហើយក៏ជាជំនួយការរបស់ខ្ញុំ ក្នុងទំនាក់ទំនងរឿងហ្នឹង។ ហៅខ្ញុំជា មេ០១។ ថ្ងៃមុន ទូរស័ព្ទមកសួរ ម៉េចបានមេ០១ ខឹងខ្លាំងម្ល៉េះ? បានខាងនេះប្រាប់ថា មិនឲ្យគាត់ខឹងម៉េច បាញ់សម្លាប់ទាហានគាត់ ហើយបិទច្រកទល់ដែនហើយមិនឲ្យគាត់ខឹង។ ខ្ញុំថា ឯកឧត្តម Thaksin ខ្វះការអប់រំកូន។ ខ្ញុំត្រូវតែទម្លាយ ខ្ញុំត្រូវតែវាយបកហើយ ខ្ញុំអត់មានជម្រើសទេ។ ការប្រមាថនេះវាធ្ងន់ធ្ងរពេកសម្រាប់ខ្ញុំ។ សូម្បីតែមកដល់ថ្ងៃទី២៤ (មិថុនា ២០២៥)ហើយ ទម្លាក់បញ្ហាអនឡាញ។ បន្តិចទៀតខ្ញុំនិយាយរឿងអនឡាញ។
(៣១) នាយករដ្ឋមន្ត្រីថៃជា “ក្មេងប្រមាថមនុស្សចាស់” … គ្មានទម្លាប់បន្តុះបង្អាប់មន្ត្រីចំពោះមុខជនបរទេសទេ
ថ្ងៃ២៤(មិថុនា ២០២៥) វាយប្រហារកម្ពុជាពីបញ្ហាអនឡាញ។ ដូច្នេះ ខ្ញុំមិនអត់អោនឲ្យអ្នកទេ។ កម្ពុជាក៏មិនអាចធ្វើការជាមួយនាយករដ្ឋមន្ត្រីបែបនេះបានដែរ។ យើងរង់ចាំធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីថ្មី។ កុំថា ខ្ញុំជ្រៀតជ្រែកលូកដៃទៅលើការទម្លាក់រដ្ឋាភិបាលថៃ។ ខ្ញុំគ្រាន់តែផ្តល់ឲ្យប្រទេសថៃបានដឹងថា នាយករដ្ឋមន្ត្រីធ្វើអំពើស្មោកគ្រោកបែបណាចំពោះជាតិសាសន៍ខ្លួនឯងតែប៉ុណ្ណោះ។ ការប្រមាថចំពោះនាយទាហានម្នាក់ដែលជាប្រធានយោធភូមិភាគ វាជាការប្រមាថព្រះមហាក្សត្រថៃ ព្រោះការតែងតាំងឧត្តមសេនីយ៍ គឺមានតែព្រះមហាក្សត្រទេ ដែលមានព្រះរាជសិទ្ធិ ចេញព្រះរាជក្រឹត្យតែងតាំង។ លោកជំទាវត្រូវយល់។ បើយល់មិនដល់ ខ្ញុំជួយពន្យល់។ ប្រមាថឧត្តមសេនីយ៍ទោម្នាក់ មិនចាំបាច់ដល់ឧត្តមសេនីយ៍ទោទេ ខ្ញុំហៅថា ឧត្តមសេនីយ៍ ទៅចុះ គឺស្មើនឹងការប្រមាថអង្គព្រះមហាក្សត្ររបស់ថៃតែម្តង។ តើជាអំពើអ្វី ទុកឲ្យថៃវិនិច្ឆ័យខ្លួនឯងទៅ។
សំរាប់ ហ៊ុន សែន លោកជំទាវថា tactic ចរចាឬយុទ្ធសាស្ត្រចរចា។ លោកជំទាវមើល ហ៊ុន សែន ខុសហើយ។ លើលោកនេះ ដូចជាមិនទាន់មានអ្នកណាដែលអាចបោកប្រាស់ ហ៊ុន សែន និងដែលអាចមានប្រៀបលើការចរចាជាមួយ ហ៊ុន សែន ទេ។ សូម្បីតែព្រះករុណាព្រះបិតា ព្រះអង្គបានទទួលយកការពិតមួយ ចាប់ផ្តើមពីហ្វែរអង់តាឌឺន័រ ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៨៧ ព្រះអង្គថា ហ៊ុន សែន ឆ្លាត។ ព្រះអង្គចង់ឲ្យកម្ពុជាមាន ហ៊ុន សែន ច្រើន … លោកជំទាវមើលខុសហើយ។ ការប្រមាថមនុស្សក៏ប្រមាថខុសដែរ។ ប្រមាថចំអ្នកដែលមានគុណធម៌និងជួយសង្គ្រោះឪពុកនិងម្តាយមីងរបស់អ្នក។ ខ្ញុំនឹងនិយាយឲ្យអស់ថ្ងៃនេះ។ ខ្ញុំមិនទុកមុខឲ្យអ្នកឯងទៀតទេ។ ខ្ញុំក៏ជាមនុស្សដែលមានបេះដូងដែរ។ ខ្ញុំក៏ចេះទទួលការឈឺចាប់ដែរ។ អ្នកអាចប្រមាថជនជាតិអ្នកឯងបាន តែមិនអាចប្រមាថខ្ញុំបានទេ។ អ្នកឯងប្រមាថឧត្តមសេនីយ៍ កងទ័ពរបស់អ្នកឯង ស្មើនឹងប្រមាថព្រះមហាក្សត្រ ដើម្បីបំពេញចិត្តជនជាតិបរទេស។ ខ្ញុំជាជនជាតិបរទេស។ ទោះបីលោកជំទាវហៅខ្ញុំជាពូ ក៏ប៉ុន្តែយើងពិភាក្សាបញ្ហាជាតិ …។
ខ្ញុំក៏ដូចគ្នា។ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីឆ្អែតឆ្អន់។ នៅលើលោកិយនេះមានតែ ហ៊ុន សែន ទេ ដែលធ្វើនាយករដ្ឋមន្ត្រីបានយូរជាងគេ។ ខ្ញុំគ្មានទម្លាប់ទៅបន្តុះបង្អាប់មន្ត្រីខ្លួនឯងចំពោះជនជាតិបរទេសទេ។ ប៉ុន្តែ នៅក្នុងអង្គប្រជុំ ដាក់យក ១០០ៗ។ ជួនកាលកណ្តាលមិទ្ទិញជេរចៅហ្វាយខេត្តត្រង់ៗតែម្តង ចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួន។ អាភា វានៅតែរាប់អានខ្ញុំ។ ហៅខ្ញុំពុកដដែលហ្នឹង ទោះបីខ្ញុំជេរវាម៉េចក៏ដោយ។ ឥឡូវ រដ្ឋលេខាធិការមហាផ្ទៃ។ សួរថាប្រាក់ចំណូលកម្មករប៉ុន្មានមួយខែ ចៅហ្វាយខេត្តក្តាប់អត់បាន។ វាទៅជាក្រសួងការងារ និងប្រធានក្រុមការងារក្តាប់បាន។ ចៅហ្វាយខេត្តធ្វើម៉េច? អាហ្នឹងហើយដែលយើងត្រូវក្តាប់ថាប្រាក់ចំណូលរបស់ប្រជាជននៅក្នុងខេត្តបានប៉ុន្មាន ទាក់ទងនឹងចំណូលរបស់កម្មករនៅក្នុងខេត្ត បើធ្វើចៅហ្វាយខេត្ត។ តាំងពីហ្នឹងមក គ្រប់ចៅហ្វាយខេត្តត្រៀមរបាយការណ៍ ប្រាក់ចំណូល GDP របស់ប្រជាជនម្នាក់ៗប៉ុន្មាន។ ប៉ុន្តែ ខ្ញុំមិនយករឿងអស់ចឹងៗទៅប្រាប់ពួកបរទេស ដែលកំពុងមានបញ្ហាជាមួយគេ។
ទោះបីជាគ្មានបញ្ហា យើងអាចនិយាយបានថា យើងកំពុងត្រូវការបំពេញបន្ថែមសមត្ថភាពមន្ត្រីរបស់យើង ស្អីៗអញ្ចេះអញ្ចុះ ព្រោះយើងមានខ្វះចន្លោះអីអញ្ចេះអញ្ចុះ ប៉ុន្តែនេះជេរ … ត្រង់ថា ភាសាថៃយ៉ាងម៉េច សូមឲ្យភាគីថៃជួយបកផង ក្រែងលោបកជាខ្មែរមកខុសពាក្យ ហើយភាសាខ្មែរបកទៅភាសាថៃក៏វាខុសពាក្យ។ ឮថាពាក្យដែលថាខ្ញុំ “មិនយកផលប្រយោជន៍ជាតិទៅដោះដូរជាមួយការរាប់អាន” សួរទៅ អាហួតៗ ថាអត់បានបកប្រែ។ អញ្ចឹង សូមខាងថៃជួយបកប្រែឲ្យផងទៅ។ បកប្រែពីថៃមកខ្មែរ ត្រូវឬអត់? បកប្រែពីខ្មែរទៅថៃ ត្រូវឬអត់? អាហ្នឹងលោកជំទាវនិយាយពីរឿងចរចា។ សូមលោកជំទាវ កុំនិយាយរឿងគុណធម៌ជាមួយខ្ញុំ ក្នុងពេលដែលលោកជំទាវជាក្មេងម្នាក់ដែលប្រមាថមនុស្សចាស់។ លោកជំទាវជានាយករដ្ឋមន្ត្រី ខ្ញុំទទួលស្គាល់ហើយ តែលោកជំទាវក៏ត្រូវទទួលស្គាល់ថា ខ្ញុំក៏ជាមេដឹកនាំនៅក្នុងអំណាចមួយដែរ មានតួនាទីលំដាប់ទី២នៅក្នុងប្រទេស បន្ទាប់ពីព្រះមហាក្សត្រ។
(៣២) ប្រទេសនានា តែងថតសម្លេងក្នុងទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីរក្សាទុកជាឯកសារ ជាផ្នែកមួយនៃទំនាក់ទំនងជាមួយបរទេស
គ្មានច្បាប់ណាហាមឃាត់មិនឲ្យថតសម្លេងទេ។ ប្រទេសណាក៏ដោយ តែគេទូរស័ព្ទរកគ្នា គេថតសម្លេងហើយក្នុងទំនាក់ទំនងនោះ។ គេរក្សាទុកឯកសារ។ វាជាផ្នែកមួយនៃឯកសារ ក្នុងទំនាក់ទំនងជាមួយបរទេស។ ការបែកធ្លាយ WikiLeaks មិនដឹងជាបែកធ្លាយប៉ុន្មានទេ។ សូម្បីតែសម្ដី Lee Kuan Yew របស់សិង្ហបុរី និយាយពីកម្ពុជា ក៏មាននៅក្នុង WikiLeaks ហ្នឹងដែរ។ ប្រទេសមួយចំនួនត្រូវបានប្រទេសមិត្តភក្តិលួចស្តាប់សម្លេង ចាប់សម្លេង តែខ្ញុំមិនធ្វើដល់អាហ្នឹងទេ។ លោកជំទាវខ្លាចអី នេះជាកំណត់ហេតុ។ មានកំណត់ហេតុដោយការថតសម្លេង និងកំណត់ហេតុដោយការ(សរសេរ)។ សម័យនេះគឺសម័យគេថតសម្លេងទាំងអស់ហ្នឹង ឲ្យតែប្រើ កាប៊ីន បកប្រែ នឹងហើយ គេថតបាត់ហើយ។ ប្រើ កាប៊ីន បកប្រែ គេថតទាំងអស់ ព្រោះគ្មានអ្នកណាកត់ត្រាទាន់ទេ។ អ្នកខ្លះចង់ប្តឹងលោក ហ៊ុន សែន។ ប្តឹងទៅលោកព្រះ។ ប្តឹងនៅតុលាការថៃទៅ។ អញនៅស្រុកខ្មែរហ្នឹង។ តុលាការថៃ មានយុត្តាធិការលើ ហ៊ុន សែន ឬនៅ? ប្តឹងទៅ។ សូមអ្នកដាក់ពាក្យបណ្តឹងឲ្យបាន ៥ពាន់បណ្តឹង ល្អបំផុត ប្តឹងទៅតុលាការថៃ។ សង្ឃឹមថាជនជាតិថៃនឹងយល់អំពីបញ្ហានេះ។
(៣៣) ទី២ កម្ពុជារងគ្រោះពីសកម្មភាពអនឡាញនៅថៃ ព្រោះមានតែថៃទេ មានជើងអាកាសតភ្ជាប់ត្រង់ពីឆ្ងាយ
ទី២ រឿងអនឡាញ។ លោកជំទាវកំពុងបង្វិលស្ថានការណ៍មួយ ដែលលោកជំទាវមិនគួរធ្វើ។ ក្នុងពេលដែលលោកជំទាវមកទល់ដែនប៉ោយប៉ែត លោកជំទាវពន្យល់មកខ្ញុំថា មកពិនិត្យកន្លែងដាក់ស្កេនកុងតៃន័រ មិនមែនមកមើលអនឡាញទេ។ រឿងហ្នឹងថាជារឿងមួយទៅចុះ ប៉ុន្តែហេតុអ្វីបានជាថ្ងៃទី២៤ (មិថុនា ២០២៥)នេះ ឥឡូវថ្ងៃ២៧ (មិថុនា ២០២៥) គឺម្សិលម្ង៉ៃនេះ លោកជំទាវប្រកាសថា “បិទទល់ដែនដើម្បីប្រឆាំងអនឡាញ” ក្នុងពេលដែលព្រំដែនបិទតាំងពីថ្ងៃទី៧ (មិថុនា ២០២៥)។ ម៉េចក៏លោកជំទាវទើបមកប្រកាសបិទថ្ងៃទី២៤ (មិថុនា ២០២៥) ដើម្បីប្រឆាំង(ឧក្រិដ្ឋកម្ម)អនឡាញ។ លោកជំទាវ តើលោកនេះគេល្ងង់ដូចលោកជំទាវដែរឬ? កម្ពុជាគ្រាន់តែជាជនរងគ្រោះនៃសកម្មភាពអនឡាញនៅថៃតែប៉ុណ្ណោះ។ មានតែប្រទេសថៃមួយគត់ ដែលមានជើងអាកាសតភ្ជាប់ពីប្រទេសខាងក្រៅចូលមកក្នុងប្រទេសថៃ។ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា គ្មានជើងអាកាសធុនធំហោះត្រង់ចូលមកទេ។ អញ្ចឹង អ្នកឆបោកអនឡាញទាំងប៉ុន្មាន ត្រូវសម្រួលដោយអាជ្ញាធរថៃទាំងអស់។ សូមមិត្តចិន អាមេរិក ឬអ្នកដទៃទៀត មើលឲ្យច្បាស់កន្លែងនេះ។ កុំយកមុខជាមួយមិត្តចិន មកវាយប្រហារកម្ពុជា។ កម្ពុជាក៏ធ្វើការជាមួយចិនដែរ។ ខ្ញុំចុះហត្ថលេខាបិទអនឡាញតាំងពីឆ្នាំ២០១៩ ឯនោះ។
ហេតុអ្វី លោកជំទាវទម្លាក់បញ្ហានេះមកឲ្យកម្ពុជា បង្វែរបញ្ហាការឈ្លានពាន មកថាបិទទល់ដែនដើម្បីបង្ក្រាបនូវឧក្រិដ្ឋកម្មអនឡាញ។ លោកជំទាវកុំភ្លេច អនឡាញនៅក្នុងព្រំដែនជាមួយមីយ៉ាន់ម៉ា អ៊ិនធើណេត និងភ្លើង ចេញពីថៃទៅតើ។ អនឡាញនៅឡាវ ក៏អ៊ិនធើណេតទៅពីថៃតើ។ កម្ពុជាទទួលផលអាក្រក់ពីថៃតើ។ ជើងហោះហើរ ដែលមកពីចម្ងាយៗ កម្ពុជាអត់មានទេ។ មកឆ្លងកាត់ មកបែងចែកនៅនឹងថៃ។ អ្នកណាត្រូវធ្វើសកម្មភាពក្នុងប្រទេសថៃ អ្នកណាទៅឡាវ អ្នកណាទៅមីយ៉ាន់ម៉ា អ្នកណាមកកម្ពុជា។ សូមឲ្យបរទេសមើលឲ្យឃើញ ដើម្បីបង្កើតសហប្រតិបត្តិការ។ ខ្ញុំបានដាស់តឿនលោកជំទាវតាមរយៈសារខ្ញុំមួយ អបអរសាទរចំពោះការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញរបស់ថៃ។ ខ្ញុំបាននិយាយថា បញ្ហាអនឡាញមិនទាន់ចប់ទេ។ វាតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការពហុភាគី។ ខ្ញុំចង់ដាស់តឿនលោកជំទាវថា ការធ្វើម្នាក់ឯងវាមិនគ្រប់គ្រាន់ទេ យើងត្រូវសហការគ្នា។ ក្រោយមក យើងបានពិភាក្សាគ្នា។ ហេតុអ្វីបានលោកជំទាវមកទម្លាក់កំហុសឲ្យកម្ពុជា? ក្នុងពេលដែលប្រទេសលោកជំទាវ ពោរពេញទៅដោយល្បែងអនឡាញនោះ ហើយជាមជ្ឈមណ្ឌលនៃការចែកចាយ រាប់ទាំងការចាប់តារាភាពយន្តរបស់ចិន តើចាប់នៅក្នុងប្រទេសកម្ពុជា ឬចាប់នៅក្នុងប្រទេសថៃ? ចាប់នៅក្នុងប្រទេសថៃ ម៉េចបានលោកជំទាវមិនយកមកនិយាយ។
ឥឡូវ សូមឲ្យសារព័ត៌មានខ្មែរចាក់រឿងទាំងឡាយដែលកើតក្នុងប្រទេសថៃ ឲ្យបានពេញទូរទស្សន៍ខ្មែរទាំងអស់ ដើម្បីឲ្យថៃមើលវិញ ពីឧក្រិដ្ឋកម្មកើតក្នុងប្រទេសថៃនោះ។ យើងនេះអាណិត។ កម្ពុជាបានធ្វើការអត់ធ្មត់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបង្រ្កាបទាំងអស់គ្នា ប៉ុន្តែលោកជំទាវយករួចខ្លួន ហើយមកដាក់កំហុសឲ្យកម្ពុជា។ ទទួលយកអត់បានទេ លោកជំទាវ។ លោកជំទាវធ្វើកំហុសធ្ងន់ធ្ងរណាស់បញ្ហាហ្នឹង។ លោកជំទាវស្តោះព្រួសឈាមដាក់គេ ប៉ុន្តែលោកជំទាវភ្លេចថាឈាមនោះចេញពីខ្លួនរបស់លោកជំទាវ។ តើអ្នកណាចិញ្ចឹមក្រុមឧក្រិដ្ឋជននៅតាមព្រំដែនជាមួយមីយ៉ាន់ម៉ា? អ្នកណាចិញ្ចឹមឧក្រិដ្ឋជននៅតាមព្រំដែនឡាវ? សម្រាប់កម្ពុជា កម្ពុជាចេះធ្វើហើយ។ លោកជំទាវថាផ្គត់ផ្គង់អ៊ិនធើណេត។ អ៊ិនធើណេតកម្ពុជាបានកាត់ផ្តាច់តាំងពីមុនថ្ងៃ២៤ (មិថុនា ២០២៥) ហើយលោកជំទាវបានសុំទោសខ្ញុំ។ លោកជំទាវសុទ្ធតែថា “កម្ពុជាទទួលព័ត៌មានខុស” ប៉ុន្តែនៅពេលដែលមានការពន្យល់ លោកជំទាវបានសុំទោសខ្ញុំ។ មែនទេ? លោកជំទាវអត់ដឹងថា ក្រសួងការបរទេសរបស់លោកជំទាវ បានព្រមានកម្ពុជាកាត់ភ្លើងនិងអ៊ិនធើណេត។ មិនចាំបាច់ឲ្យលោកជំទាវកាត់ទេ កម្ពុជាកាត់មុន។
អញ្ចឹងសូមប្រជាជនថៃមើលឲ្យច្បាស់។ ល្បិចមេដឹកនាំរបស់ប្រជាជនថៃវាយ៉ាងម៉េច? ខ្ញុំមិនបន្ទោសបក្ស Pheu Thai ទេ តែខ្ញុំបន្ទោសតួអង្គដឹកនាំខ្វះការទទួលខុសត្រូវ និងស្មោះត្រង់ជាមួយនឹងពលរដ្ឋខ្លួនឯង មិនស្មោះត្រង់ជាមួយដៃគូសន្ទនាទៀត។ បើពលរដ្ឋខ្លួនឯង មិនទាំងស្មោះត្រង់ជាមួយផង តើយើងជឿទុកចិត្តម៉េចទៅបាន? ហ្នឹងបញ្ហាអនឡាញ ឈប់ព្រួសឈាមដាក់គេទៅ។ យើងចង់ស្វែងរកសហប្រតិបត្តិការ ដើម្បីធ្វើឲ្យភ្លឺភ្នែកទាំងអស់គ្នា។ ឥឡូវឮថាអនឡាញមានដល់អាមេរិក ដល់អីនោះ។ អញ្ចឹងសូមឲ្យបណ្តាប្រជាជាតិលើលោក សហប្រតិបត្តិការគ្នាអប់រំពលរដ្ឋកុំឲ្យលេងល្បែង។ បើកាលណាមនុស្សឈប់លេងល្បែង តើអនឡាញហ្នឹងដើររួចទេ? ខ្ញុំធ្លាប់បាននិយាយហើយ បើចង់កំចាត់គ្រឿងញៀន ត្រូវតែកំចាត់ទីផ្សារគ្រឿងញៀនជាមុន។ តើប្រទេសណាខ្លះ? ប្រទេសអ្នកមានៗ ប្រើគ្រឿងញៀនច្រើនណាស់ បានជាបង្កើតឲ្យមានការដាំ(ដុះ)។ ទាល់តែវាមានសេចក្តីត្រូវការ ទើបមានអ្នកដាំដុះដើម្បីផ្គត់ផ្គង់។
ប្រទេសនៅលើពិភពលោកទាំងអស់ មានការទទួលខុសត្រូវដូចៗគ្នា។ ដោយសារតែប្រទេសអស់លោកគ្មានសមត្ថភាពអប់រំប្រជាពលរដ្ឋ កុំឲ្យលេងល្បែងហ្នឹងហើយ បានមានអនឡាញហ្នឹង បានមានល្បែងហ្នឹង។ វិធីមួយគត់ ដើម្បីនឹងបំបាត់ល្បែងហ្នឹង គឺបំបាត់អ៊ិនធើណេតទាំងអស់។ បើបំបាត់អ៊ិនធើណេតទាំងអស់ វាងាប់ទាំងរដ្ឋាភិបាលហ្នឹងបណ្តោយ។ ពួកភេរវកម្ម វាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋវិនិយោគ ដើម្បីវាយប្រហារភេរវកម្ម។ ឥឡូវពួកឧក្រិដ្ឋជនអនឡាញ ឆបោក គ្រឿងញៀន ជួញដូរមនុស្ស សុទ្ធតែប្រើហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ដើម្បីធ្វើសកម្មភាព។ រដ្ឋវិនិយោគ បង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធទាក់ទងជាមួយនឹងអ៊ិនធើណេត ទាក់ទងជាមួយនឹងស្អីៗ គឺវាចូលមកអញ្ចឹង។
បើថៃមានសណ្ដានចិត្តល្អ កុំភ្លេចបង្កើតសហប្រតិបត្តិការទៅ។ យើងត្រៀមខ្លួននឹងសហប្រតិបត្តិការទៅលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទ មិនមែនត្រឹមតែអនឡាញមួយទេ ទាំងជួញដូរមនុស្ស លាងលុយកខ្វក់ និងគ្រឿងញៀន។ អំពីគ្រឿងញៀន លោកជំទាវឮទេ? លោកជំទាវត្រូវចាំ ខេត្ត៤ នៅភាគខាងត្បូង ផ្ទុះអាវុធសឹងតែរាល់ថ្ងៃ សឹងតែរាល់អាទិត្យ សឹងតែរាល់ខែ រហូតដល់ម៉ាឡេស៊ីថា អាចនឹងធ្វើរបងដើម្បីទប់ស្កាត់គ្រឿងញៀនចេញពីថៃចូលទៅម៉ាឡេស៊ី។ ប្រទេសម៉ាឡេស៊ី និយាយយ៉ាងដូច្នេះមានន័យថា សំបុកគ្រឿងញៀននៅក្នុងប្រទេសថៃ មិនតូចទេ គឺធំណាស់។ លោកជំទាវមិនឈឺក្បាលទេ សម្រាប់ភាសាខ្ញុំ ប៉ុន្តែប្រជាជនថៃអាចនឹងត្រូវបានបំភ្លឺ។ សូមកុំព្រួសឈាមមកកម្ពុជា រាប់ទាំងរដ្ឋមន្ត្រីការពារជាតិ ដែលព្រហើនក្នុងរយៈពេលកន្លងទៅ។ ថ្ងៃនេះ ខ្ញុំត្រូវតែប្រដៅ។
(៣៤) ទី៣ ការគំរាមកាត់ភ្លើង និងអ៊ិនធើណេត ដែលថាកម្ពុជានៅទិញភ្លើងថៃ ៦ចំណុច សូមឆ្លើយប្រាប់ប្រជាជនថៃនិងប្រជាជនកម្ពុជា តើនៅកន្លែងណា?
ការគំរាមកាត់ភ្លើង និងអ៊ិនធើណេត ជាចំណុចទី ៣។ អ្នកនិយាយថាកម្ពុជាបានទទួលព័ត៌មានខុស ប៉ុន្តែនៅពេលដែលយើងពន្យល់ អ្នកសុំទោសខ្ញុំ។ អ្នកមិនសក្ដិសមធ្វើនាយករដ្ឋមន្ត្រីទេ។ សូម្បីតែក្រសួងការបរទេសរបស់អ្នកប្រមាថប្រទេសរបស់ខ្ញុំ ក៏អ្នកមិនទាំងដឹងផង ហើយបែរជាមកសុំទោសខ្ញុំតាមទូរស័ព្ទ។ កម្ពុជាអត់មានជម្រើស និងទុកឲ្យលោកជំទាវកាត់(មុនទេ)។ លោកជំទាវថា សេណារីយ៉ូទី១ សេណារីយ៉ូទី២ សេណារីយ៉ូទី៣ បើអញ្ចឹងគង់តែត្រៀមសេណារីយ៉ូដដែល។ កម្ពុជាកាត់មុនហើយ។ កម្ពុជាចង់រក្សាកិច្ចសន្យារកស៊ីជាមួយគ្នា។ ពេលដែលគំរាម កម្ពុជាមានភ្លើងមានអីគ្រប់គ្រាន់អស់ទៅហើយ ប៉ុន្តែយើងគោរពកុងត្រាការរកស៊ី។ ប៉ុន្តែនៅពេលដែលទទួលបានការព្រមាន យើងបង្ខំចិត្តកាត់ផ្តាច់ចោល ហើយផ្គត់ផ្គង់អ៊ិនធើណេតពីប្រភពផ្សេង។ នៅខេត្តកោះកុង យើងមានអគ្គិសនីនៅទីនោះ ៥០មេហ្គាវ៉ាត់ ប៉ុន្តែដោយសារមានក្រុមហ៊ុនទំនាក់ទំនងរកស៊ីជាមួយគ្នា យើងបន្តយកភ្លើងពីត្រាត។ ប៉ុន្តែ នៅពេលខាងត្រាតថា គេនឹងកាត់ក្នុងករណីដែលមានបទបញ្ជា អញ្ចឹងទេ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឲ្យកាត់មុនម៉ោង ៦ព្រឹក។ ផ្ដាច់ទៅ ខាតប៉ុន្មានខាតទៅ។
ខ្ញុំចង់សួរទៅ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលម្សិលមិញនេះ លោកឯងថ្លែងថា កម្ពុជានៅទិញភ្លើងលោកឯង ៦ចំណុច។ លោកឯងឆ្លើយប្រាប់ប្រជាជនថៃនិងប្រជាជនកម្ពុជាតើនៅកន្លែងណាទៀត? យប់មិញខ្ញុំឲ្យពិនិត្យមួយយប់។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជូនសារជាក់លាក់។ គេតាមមើលមួយយប់មិញហើយ គឺអត់មាននៅត្រង់ណាទេ។ តើលោករដ្ឋមន្ត្រីការពារជាតិថៃ មានសេចក្តីថ្លៃថ្នូរក្នុងការនិយាយទេ ឬលោកអត់ក្តាប់បញ្ហាបាន បែរជាលោកខិតខំបន្តុះបង្អាប់កម្ពុជា? ម៉ោងនេះពេលនេះ កម្ពុជាមិនប្រើអគ្គិសនី ឬអ៊ិនធើណេតរបស់ថៃទេ។ រដ្ឋមន្ត្រីឯងកុំព្រហើន។ ខ្ញុំប្រាប់ឲ្យហើយ។ ឥឡូវ បើខ្លួនឯងជាមាសពិតប្រាកដ សូមបញ្ជាក់ជូនប្រជាជនថៃថានៅចំណុចត្រង់ណាខ្លះ ដែលខ្មែរកំពុងទិញភ្លើង។ ខ្ញុំក៏ចង់ដឹងដែរព្រោះខ្ញុំត្រូវការឲ្យផ្តាច់ទាំងអស់ដែរ។ សូមលោកឯងជួយប្រាប់ផង។ បើលោកឯងឆ្លើយថ្ងៃហ្នឹងមិនបាន ៦ចំណុចដែលលោកឯងនិយាយពីម្សិល គឺលោកឯងមិនមែនជាមនុស្សទេ។ និយាយឲ្យលោកឯងឲ្យច្បាស់។ បើមិនមែនមនុស្សវាច្បាស់ជាស្អីហើយ។ ហ្នឹងវាអញ្ចឹង ព្រោះខ្ញុំត្រូវតែគិតគូរពីកិត្តិយសជាតិរបស់ខ្ញុំ។
កុំថាខ្ញុំអត់សីលធម៌។ អ្នកឯងអត់សីលធម៌។ អ្នកឯងបង្អាប់និងវាយប្រហារជនជាតិរបស់ខ្ញុំ ប្រទេសរបស់ខ្ញុំ។ អ្នកឯងគិតស្មានថាខ្ញុំជាកូនក្មេង។ កាលមុនពេលមានរឿង អ្នកឯងបាននិយាយអីខ្លះ? ការខុសត្រូវ កែតម្រូវ កែស្អី លោកឯងធ្វើភ្លាមៗ ប៉ុន្តែប៉ុន្មានថ្ងៃនេះ លោកឯងហាក់ដូចជាព្រហើនពេកហើយ។ ទៀ សីហា ជារដ្ឋមន្ត្រីការពារជាតិ ប៉ុន្តែខ្ញុំមិនចាំបាច់ឲ្យ ទៀ សីហា និយាយទេ។ ខ្ញុំនិយាយជំនួសតែម្តងទៅ ព្រោះខ្ញុំក៏តំណាងឲ្យជាតិនេះមួយដែរ។ ការពិត ខ្ញុំត្រឹមតែឲ្យ ទៀ សីហា និយាយទៅ វាគ្រប់គ្រាន់ហើយ។ ប៉ុន្តែ និយាយថ្ងៃហ្នឹងបូកបញ្ចូលគ្នាតែម្តង ព្រោះតែ ២នាក់ទេ ចេញមកព្រហើន មួយនាយករដ្ឋមន្ត្រី មួយទៀតរដ្ឋមន្ត្រីការពារជាតិ វាយទាំងពីរតែម្តងថ្ងៃហ្នឹង។ ខ្ញុំអត់វាយរដ្ឋាភិបាលទាំងមូលទេ។
សូមលោករដ្ឋមន្ត្រីក្រសួងការពារជាតិ ចេញមកបញ្ជាក់នៅថ្ងៃនេះ នៅចំណុចណាខ្លះដែល(កម្ពុជា)មានទិញភ្លើង(ពីថៃ)។ បើលោកមិនអាចបញ្ជាក់បានទេ លោកមិនមែនជាមនុស្សទេ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំកំពុងប្រមាថអ្នក ព្រោះអ្នកបានប្រមាថខ្ញុំ និងជាតិសាសន៍ខ្ញុំមុន។ នេះគ្រាន់តែជាការតបត ដើម្បីការពារជាតិសាសន៍ និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំដឹងហើយ អ្នកគឺជាអតីតជនកុម្មុយនីស ដែលធ្លាប់ជាមិត្តភក្តិរបស់ Anusorn ហើយ Anusorn ធ្លាប់មកនៅកម្ពុជា។ ឥឡូវអ្នកបានទៅជារដ្ឋមន្ត្រីការពារជាតិ ប៉ុន្តែអ្នកព្រហើនពេកហើយ។ ថ្ងៃមុនអ្នកបាននិយាយថា ប្រគល់តួនាទីឲ្យយោធភូមិភាគទី២ បិទច្រកតាមាន់ធំ។ អ្នកប្រើប្រាស់ការគំរាម។ នេះ ជាពេលវេលាដែលត្រូវថ្នាក់ថ្នមសភាពការណ៍ លោករដ្ឋមន្ត្រី។ ខ្ញុំមិនវាយលោកមុនទេ ប៉ុន្តែប្រសិនបើលោកវាយខ្ញុំមុន (ខ្ញុំតបតហើយ)។
(៣៥) ថៃណាក៏ដោយ គួរលេងល្បែងឈ្នះ-ឈ្នះ ដូចដំណាក់កាល Prayut Chan-o-cha ឬមុនកើតហេតុទើបល្អ
ធម្មតាទេ ទាំងគេទាំងយើងសុទ្ធតែមានបញ្ហា។ គឺនោះជាស្ថានភាពចាញ់-ចាញ់ មិនមែនស្ថានភាពឈ្នះ-ឈ្នះទេ។ ហ៊ុន សែន ត្រូវការស្ថានភាពឈ្នះ-ឈ្នះ ប៉ុន្តែអ្វីដែលអស់លោកលេងល្បែងជាមួយពួកខ្ញុំ គឺសុទ្ធតែចាញ់ៗ ទាំងអស់។ ការបិទផ្លូវនេះ ចេះមកនិយាយដូចឆ្កួត។ លោកជំទាវនាយករដ្ឋមន្រ្តី ថាមិនបានបិទច្រកទេ។ បើមិនបានបិទ ម៉េចក៏វាបិទ? ពីម៉ោង៨ ដល់ម៉ោង៤ បើក ចុះពីម៉ោង៦ ដល់ម៉ោង៨ ហើយពីម៉ោង៤ ដល់ ១០យប់ ដែលធ្លាប់តែធ្វើហ្នឹង។ ហ្នឹងវាបិទ ឬស្អី? ឬក៏លោកជំទាវមិនយល់ពាក្យហ្នឹង? លោកជំទាវថាគេមិនបានបិទទេ។ ចេះនិយាយទៅកើត។ រឿងផ្តើមចេញពីបិទទល់ដែនហ្នឹង បិទច្រកហ្នឹង។ កម្ពុជាត្រូវតបត។ សូមឲ្យខាងថៃ ភាគីណាក៏ដោយត្រូវចាំ គួរលេងល្បែងឈ្នះ-ឈ្នះ ដូចដំណាក់កាល Prayut Chan-o-cha ល្អជាង ឬដំណាក់កាលមុនកើតហេតុនេះ ល្អជាង។ ទំហំពាណិជ្ជកម្មកម្ពុជា និងថៃជាផ្លូវការលើស ៦ពាន់លាន ក្នុងហ្នឹងថៃនាំចូលមកកម្ពុជាឆ្នាំ២០២៤ ដល់ ៥២០០លានដុល្លារ កម្ពុជានាំទៅថៃតែ ១១០០លានដុល្លារ។ ថៃមានទំហំធំជាងចំនួន ៤១០០លានដុល្លារ។ នេះមិនទាន់គិតអារាយប៉ាយដែលអត់បានកត់ត្រា ដែលតាមការប៉ាន់ស្មានគឺប្រមាណជា ១០ ពាន់លាន(ទៀត)។
នេះជាស្ថានភាពឈ្នះ-ឈ្នះ។ មន្ទីរពេទ្យថៃត្រូវប្រជាជនខ្មែរយកលុយទៅចាយដើម្បីព្យាបាលនៅទីនោះ។ សួរថា តើប្រជាជនខ្មែរទៅព្យាបាលទៀតទេ នៅពេលដែលអ្នកធ្វើបញ្ហាហ្នឹង? ការស្នាក់នៅពី ១៥ថ្ងៃ មកនៅ ៧ថ្ងៃ ហ្នឹងដាក់ជាឯកតោភាគីទាំងអស់។ តើនេះជាល្បែងឈ្នះ-ឈ្នះ ឬក៏ចាញ់ៗ? ចាញ់ទាំងអស់គ្នា។ ការគិតខុស ក្នុងក្រឡាអុកមួយអាចកែតម្រូវបាននៅក្នុងពេលនេះ។ សុខៗ បែរជាមានបទបញ្ជាថា ថៃហាមឃាត់មិនឲ្យនាំចូលទៅក្នុងប្រទេសថៃនូវដំឡូងមី ផ្លែឈើ បន្លែ គ្រឿងទេស។ ហ្នឹងធ្វើនៅតំបន់ប៉ៃលិន។ អញ្ចឹងធ្វើបដិការមួយ ដល់បន្ទាប់ទៅធ្វើទូទៅ។ បើមិនព្រមបើកទេ ឲ្យបិទទៅបណ្តោយទៅ។ អញ្ចឹង អ្នកដែលខាតបង់ មិនមែនកម្ពុជាទេ។ កម្ពុជាមានស្អីនាំទៅថៃ? ខែនេះខែអត់ប្រមូលផងហ្នឹង។ ថៃទេជាអ្នកប្រមូលផល។ calculate ខុសហើយ។ ធ្វើមេដឹកនាំត្រូវជាក់លាក់ណា វាយតម្លៃសភាពការណ៍ឲ្យត្រូវ។
(៣៦) ប្រហែលមិនអាចធ្វើប្រក្រតីភាពទំនាក់ទំនងក្នុងដំណាក់កាលនាយករដ្ឋមន្ត្រីរូបនេះបានទេ
កម្ពុជាត្រៀមខ្លួន នឹងធ្វើប្រក្រតីភាពឡើងវិញជាមួយនឹងថៃ ប៉ុន្តែប្រហែលជាមិនអាចធ្វើក្នុងដំណាក់កាលនៃនាយករដ្ឋមន្រ្តីរូបនេះទេ។ ខ្ញុំឮថាថ្ងៃទី១ កក្កដា នេះ តុលាការធម្មនុញ្ញថៃនឹងធ្វើការពិនិត្យលើការព្យួរតំណែងរបស់នាយករដ្ឋមន្រ្តី។ ហ្នឹងកិច្ចការផ្ទៃក្នុងថៃ … បញ្ហារឿងភ្លើង រឿង internet ទាំងនេះវាកើតចេញមកអញ្ចឹង។ សូមលោករដ្ឋមន្រ្តីការពារជាតិ មានសេចក្តីថ្លៃថ្នូរចេញមកពន្យល់។ ឬបើលោករកមិនឃើញទេ លោកគួរតែឆ្លើយថា ខ្ញុំក្តាប់សភាពការណ៍មិនបាន។ គួរតែបញ្ជាក់ដើម្បីឲ្យប្រជាជនទាំងសងខាងច្បាស់ បើសិនជាលោកមិនខ្លាច។ បើសិនជា លោកចង្អុលបង្ហាញខ្ញុំៗ អរគុណដើម្បីឲ្យមន្រ្តីអគ្គិសនីទៅកាត់។ ប៉ុន្តែ យប់មិញគេតាមរកមួយយប់ គ្មានកន្លែងណាមួយដែលបន្តប្រើប្រាស់ភ្លើងថៃក្នុងបណ្តាញជាតិ ឬបណ្តាញក្រោមជាតិទេ។ ប៉ុន្តែដើម្បីបង្អាប់កម្ពុជា លោកធ្វើរឿងនេះ។ មិនគប្បីទេ ហើយមិនស័ក្តិសមឋានៈជារដ្ឋមន្រ្តីទេ។ ខ្ញុំប្រមាថបាន ព្រោះអ្នកប្រមាថខ្ញុំមុន។ វាទៅជាអ្នកមានគុណឯងរហូត។ សុទ្ធតែថាក្រុមហ៊ុនហ្នឹងគេរកស៊ី គេមិនបានបំពានកិច្ចសន្យា។
ឥឡូវក្រុមហ៊ុនណាហ្នឹង? ក្រុមហ៊ុនណានៅខ្មែរ? បើ ហ៊ុន ម៉ាណែត មិនយកបញ្ចូលគុកបានទេ ខ្ញុំគិតថា ហ៊ុន ម៉ាណែត ក៏មិនស័ក្តិសមជាកូនរបស់ ហ៊ុន សែន។ ឲ្យផ្តាច់យូរហើយ ម៉េចក៏មិនផ្តាច់ ចាំដល់ណាទៀត។ គេស័ក្តិសមធ្វើនាយករដ្ឋមន្រ្តី ប៉ុន្តែគេមិនស័ក្តិសមធ្វើជាកូន ហ៊ុន សែន ប៉ុន្តែច្បាស់ណាស់ គឺជាកូន ហ៊ុន សែន។ គេថារវាងឪពុកនិងកូន ឪពុកនិយាយមុខក្រម៉ូវ កូននិយាយមុខញញឹម។ ចុះបើម៉ែវាមុខញញឹមដែរ … (ម៉ានី)អត់មានសក់ទេ ពីតូចសក់ច្រើនជាងគេ។ ម្សិលមិញ បានខោអាវ ទាហានយកមកស្លៀពាក់ ហើយអត្តលេខនៅក្នុងកងទ័ពនៅឡើយតើ។ កាលហ្នឹងឲ្យធ្វើជានាយទាហាននៅការពារជាតិផង និងធ្វើជាលេខាផ្ទាល់ផង នៅវរសេនីយ៍ឯក តែកាន់តួនាទីដល់ទៅឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ ដល់ទៅថត៣ នាក់បងប្អូនហ្នឹង ខ្ញុំក៏បង្ហោះលេងទៅ ខ្ញុំថា ៣នាក់ហ្នឹង ២នាក់មានសក់តែមានមួកពាក់ ឯម្នាក់ទៀតអត់សក់ តែអត់មានមួកពាក់ទៀត។ ហ្នឹងកូនប្រុសពៅ។
(៣៧) ទី៤ ការគំរាម នាំដល់នាយករដ្ឋមន្ត្រីប្រកាសឈប់ទទួលទិញប្រេងនិងឧស្ម័នថៃ
បញ្ហាទាក់ទងប្រេង និងឧស្ម័ន កើតចេញពីអ្វីទៀត? កើតចេញពីពួកអ្នកគំរាមទៀត។ ការពិតយើងនៅមានទិញប្រេង ទិញឧស្ម័ន ពីថៃមកដែរ។ យើងក៏ដឹងថាមានក្រុមហ៊ុនថៃមួយ ជាក្រុមហ៊ុនរដ្ឋទៀត គឺ PTT ហ្នឹង រកស៊ីក្នុងស្រុកខ្មែរ។ ប៉ុន្តែដល់គំរាមម្តងហើយម្តងទៀត ជម្រើសតែមួយគត់។ នាយករដ្ឋមន្រ្តីប្រកាសចាប់ពីម៉ោង ១២ យប់ហ្នឹងទៅ លែងទទួលយក។ កុំភ្លេចណា ទីផ្សារលើពិភពលោកកំពុងតែប្រជែងគ្នាលក់ទំនិញ។ អញ្ចឹងកម្ពុជាក៏ជាអតិថិជនមួយដែរ គួរតែត្រូវថ្នាក់ថ្នមអតិថិជន ព្រោះគេបម្រើអតិថិជនដូចជាស្តេចអញ្ចឹង។ គេថា ត្រូវយកចិត្តអតិថិជន ប៉ុន្តែនេះគំរាមដេញអតិថិជន។ បើដេញ អញឈប់ទិញពួកអ្ហែង។ ក្រុមហ៊ុនដែលកំពុងមានស្ថានីយក្នុងស្រុក មិនអាចទិញប្រេងពីថៃទេ ត្រូវទិញប្រេងពីសិង្ហបុរី ឬទិញប្រេងពីវៀតណាម ឬពីម៉ាឡេស៊ី យកមក ដើម្បីតម្រូវការក្នុងស្រុកហ្នឹង។ អាងអី អាងគំរាម។ គំរាមអ្នកណាបាន ប៉ុន្តែគំរាមកម្ពុជាសម័យនេះអត់បានទេ។ ពីមុនគេហៅថាសម័យតេជោ។ ឥឡូវឃើញគេប្រើពាក្យ (សម័យ)តេជោធិបតី។ កុំគំរាមណា មិនថាគំរាមផ្លូវអីទេ រាប់ទាំងគំរាមផ្លូវយោធា កុំគំរាមឲ្យសោះ។ កម្ពុជាមិនអាចទទួលយកការប្រមាថទេ។
(៣៨) ទី៥ ត្រៀមខ្លួនស្រេចទទួលពលករត្រឡប់មកវិញ សម្លេងអំពាវនាវរបស់រដ្ឋាភិបាលជួយលើកការគោរពសិទ្ធិកម្មករកម្ពុជានៅប្រទេសថៃ
ទី៥ ខ្ញុំនិយាយអំពីរឿងពលករ។ កាលពីមុនអ្នកឯងចាត់ទុកពលករ ដូចជាចំណាប់ខ្មាំង គំរាមប្រមាថមើលងាយ មើលថោកពលករកម្ពុជា។ នៅពេលដែលកម្ពុជាត្រៀមរៀបចំខ្លួនហើយស្រេចទទួលយកពលករកម្ពុជាត្រឡប់មកវិញ បែរជាអ្នកឯងចេះលួងលោម។ រហូតទៅដល់ពួកថៅកែរោងចក្រ/កសិដ្ឋាន ទៅប្រាប់ខាងអាជ្ញាធរ សូមកុំឲ្យមានការប្រមាថ។ ហោចណាស់ ការត្រៀមខ្លួនរបស់កម្ពុជាបានលើកតម្លៃកម្មករខ្មែរនៅឯប្រទេសថៃ ប៉ុន្តែតាមដែលខ្ញុំដឹង ក៏នៅតែមានការរិះគន់នៅតំបន់មួយចំនួន។ សូមបងប្អូនត្រឡប់មកស្រុក កុំឲ្យគេមើលងាយ។ នៅស្រុកយើងពេលនេះខ្វះកម្លាំងពលកម្មជិត ៣០ម៉ឺននាក់។ ជាមួយនឹងការត្រៀមទទួលពលករទាំងនោះ ដើម្បីដោះស្រាយការងារធ្វើ និងសម្រួលដូចជាបញ្ហាការជំពាក់ធនាគារអីជាដើម សមាគមធនាគារ និងសមាគមហិរញ្ញវត្ថុគេបានឆ្លើយតបជាមួយនឹងការអំពាវនាវរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចស្រេចទៅហើយ ដើម្បីត្រៀមជួយសម្រួល។ ឧទាហរណ៍ថា ពន្យារការយកការប្រាក់ ឬក៏ពន្យារការសងជាដើម អាចឈានទៅតាមករណីមួយៗដែលយើងមិននិយាយដល់ ឬនិយាយលម្អិតបានទេ។
ពីមុន យើងខ្វះការងារធ្វើមែន។ ឥឡូវការងារក្នុងស្រុកច្រើនណាស់ ច្រើនរហូតដល់ខ្វះកម្មករទៅហើយ។ គ្រាន់តែរោងចក្រកាត់ដេរខ្វះកម្មករមិនតិចទេ។ បងប្អូនទៅនោះ ខ្លះទៅធ្វើចំការឲ្យគេ។ នៅនេះចំការកៅស៊ូ កាហ្វេ ស្វាយចន្ទី ច្រើនណាស់ ខ្វះកម្មករ។ បើអ្នកចិត្តសឿង អ្នកដេញមក ខ្ញុំឌឺអ្នកឯងទៀត។ ដេញមក ឱ្យក្រឡាប់ចាក់សេដ្ឋកិច្ចរបស់អ្នកឯង។ រោងចក្រ/កសិដ្ឋានមួយចំនួននឹងត្រូវបិទ។ អ្នកសេដ្ឋកិច្ច/បញ្ញវន្តថៃបានវិភាគរួចហើយ ប៉ុន្តែ ដើម្បីយកប្រៀបនិងប្រមាថកម្ពុជា ពួកអ្នកឯងធ្វើអញ្ចឹង។ សូមបន្តទៅទៀត។ ខ្ញុំចង់ឲ្យកម្មកររស់នៅទីនោះ ដើម្បីពួកគេមានការងារធ្វើដែរ មិនមែនអត់ទេ ប៉ុន្តែបើពួកអ្នកឯងយករឿងហ្នឹងធ្វើជាចំណាប់ខ្មាំង (ក៏សូមបន្តចុះ តែ)អ្នកឯងកុំសង្ឃឹមឲ្យសោះ។ បើអ្នកឯងធ្វើបាបកម្មករកម្ពុជា កម្មករកម្ពុជានឹងមិននៅទេ។ អញ្ចឹងសម្លេងរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលយកពលករ ក៏បានជួយលើកកម្រិតការគោរពសិទ្ធិកម្មករខ្មែរនៅឯប្រទេសថៃ។ សូមបងប្អូននៅប្រទេសថៃ តាមមើលកន្លែងនេះ។ ពីមុនគេរើសអើង តែឥឡូវគេលួងលោមឬទេ? ឬគេបន្តរើសអើង?
(៣៩) រឿងរុះរើគណៈរដ្ឋមន្រ្តីថៃ៖ ការបែកធ្លាយសារសម្លេងធ្វើឱ្យ Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលមុន
ទី៦ ខ្ញុំសូមបញ្ចេញនូវអាថ៌កំបាំងទាក់ទងជាមួយនឹងរឿងរុះរើគណៈរដ្ឋមន្រ្តី។ ម្សិលមិញ ខ្ញុំបង្ហើបបន្តិច ហើយរឿងនេះ។ បើនិយាយតាមមួយបែបទៅ Thaksin ហៅខ្ញុំថាជាមេ 01។ ខ្ញុំមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ថៃទេ ក៏ប៉ុន្តែបើសិនជាសួរយោបល់ ខ្ញុំមិនខ្វះយោបល់ជូនទេ។ រឿងសម្រេចយ៉ាងណា គឺវាស្ថិតលើសមត្ថកិច្ចរបស់ថៃតែប៉ុណ្ណោះ។ ក្នុងប្រវត្តិសាស្រ្តកម្ពុជា គឺមានតែសម័យតេជោទេ ដែលថៃបានពឹងពាក់សួរយោបល់។ ក្នុងហ្នឹងគឺ បក្សPheu Thai ហ្នឹងឯង។ គឺចាប់ផ្តើមពី ថៃរាក់ថៃ រហូតមកដល់ Pheu Thai និយាយឲ្យត្រង់អញ្ចឹងតែម្តងទៅ។ រឿងគណៈរដ្ឋមន្រ្តីមិនមែនខុសមកពី Bhumjaithai ទេ។ រឿងនេះផ្តើមចេញពីការមិនស្មោះត្រង់ចំពោះសម្ព័ន្ធភាព ដែលចេញពីនាយករដ្ឋមន្រ្តីរូបនេះ។ ខ្ញុំសូមនិយាយឲ្យលម្អិតបន្តិច។ ពេលមកទស្សកិច្ចនៅកម្ពុជាផ្លូវការ បន្ទាប់ពីទស្សនកិច្ចផ្លូវការដែលជួបនាយករដ្ឋមន្រ្តី ជួបប្រធានសភា ជួបប្រធានព្រឹទ្ធសភា ចូលគាល់ព្រះមហាក្សត្រហើយ ទាំង ២នាក់ប្តីប្រពន្ធបានមកផ្ទះរបស់ខ្ញុំ ដើម្បីទទួលទានអាហារក្នុងនាមជាគ្រួសារ។
ពេលហ្នឹង លោកជំទាវនាយករដ្ឋមន្រ្តី អ៊ុងអីង បានប្រាប់ខ្ញុំថា Pheu Thaiត្រូវការយកក្រសួងមហាផ្ទៃមកគ្រប់គ្រងដើម្បីសម្រេចគោលដៅបង្កើតមជ្ឈមណ្ឌលកម្សាន្ត ដែលខាង Bhumjaithai មិនយល់ព្រម។ ប្តូរក្រសួងសុខាភិបាលឲ្យទៅ Anutin Charnvirakul ដែលពេលនោះ Anutin Charnvirakul ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ ដើម្បីឲ្យ Anutin Charnvirakul ទៅកាន់ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីសុខាភិបាលវិញ។ គាត់បានប្រាប់ខ្ញុំថា “នេះជាវិធីមួយដើម្បីឲ្យ Bhumjaithai ដើរចេញដោយខ្លួនឯង”។ ខ្ញុំអត់មាត់ អត់កទេ។ ខ្ញុំគិតក្នុងចិត្តថា “ព្រះអើយ! នយោបាយថៃកំពុងតែមានភាពផុយស្រួយបែបនេះ បែរជាកំពុងគិតក្បត់សម្ព័ន្ធភាព។ គេអាចធ្វើទៅរួច”។ ខ្ញុំគិតថាថ្ងៃណាមួយក៏គេគង់តែក្បត់ជាមួយខ្ញុំដែរ។ បើគេក្បត់គ្នាហើយ គេមិនខ្លាចក្បត់ជាមួយយើងទេ។
រឿងហ្នឹងត្រូវចាំ។ ខ្ញុំមានទម្លាប់មួយ។ បើខ្ញុំទៅជាមួយអ្នកណា ហើយអ្នកហ្នឹងនិយាយរឿងរបស់ម្នាក់ទៀត អ្នកហ្នឹងខ្ញុំលែងសេពគប់ហើយ។ ព្រោះអ្វី? បើគេយករឿងអ្នកដទៃមកនិយាយប្រាប់យើង ថ្ងៃក្រោយគេទៅជួបអ្នកដទៃក៏យករឿងយើងទៅនិយាយប្រាប់អ្នកដទៃ។ រឿងហ្នឹងជាត្រណម។ ខ្ញុំតែងតែអប់រំកូនចៅរបស់ខ្ញុំថា សូមកុំយករឿងក្នុងចេញក្រៅ កុំយករឿងក្រៅចូលក្នុង ជាត្រណមក្នុងគ្រួសាររបស់ខ្ញុំ។ អត់ឲ្យយករឿងអ្នកផ្សេងក្រៅផ្ទះ យកមកនិយាយក្នុងផ្ទះខ្លួនឯងទេ។ កុំសេពគប់ជាមួយអ្នកដែលនិយាយដើមគេ ព្រោះតែនិយាយដើមគេជាមួយយើង ដល់ពេលទៅជួបអ្នកដទៃ យកដើមយើងទៅនិយាយប្រាប់គេដែរ។ អញ្ចឹងកុំសេពគប់ឲ្យសោះ។
រឿងនេះគោលដៅរបស់គេគឺអញ្ចេះ។ គេបានប្រាប់ខ្ញុំថា ៗដើម្បីជំនួសពេលដែល Bhumjaithai ដើរចេញ គេនឹងយកមនុស្សមួយផ្នែកដែលចាកចេញពី Prawit Wongsuwon និងមួយផ្នែកដែលចាកចេញពីគណបក្ស “ដើម្បីប្រជាជន” ដែលពីមុនជារបស់ Phak Kao Klai (Move Forward Party) មកបង្គ្រប់។ បានសេចក្តីថាទៅលួចយកកម្លាំងរបស់ Prawit Wongsuwon និងទៅលួចកម្លាំងរបស់អតីតប្រធានបក្ស Pita Limjaroenrat នៃ Phak Kao Klai។ ហ្នឹងគឺ អ៊ុងអ៊ីង និយាយជាមួយនឹងខ្ញុំនៅផ្ទះតាខ្មៅ។ បើថាខ្ញុំនិយាយមិនច្បាស់ទេ ហ៊ានស្បថឬអត់? មកស្បថជាមួយគ្នា។ ខ្ញុំនិយាយទាំងប៉ុន្មាន បើសិនជាចិត្តសឿង ស្បថជាមួយខ្ញុំ។ ណាត់ទៅស្បថនៅ Bodh Gaya ប្រទេសឥណ្ឌា។ ខ្ញុំបបួលស្បថ។
ថ្ងៃទី១៥ (មិថុនា ២០២៥) ពេលហ្នឹង ឃ្លាំង ហួត នៅបាងកក ពេលដែល អ៊ុងអ៊ីង ភ្ជាប់ទូរស័ព្ទ។ ដោយសារ ឃ្លាំង ហួត នៅជាមួយ អ៊ុងអ៊ីង និងរដ្ឋមន្រ្តីការពារជាតិ តែហៅទូរស័ព្ទមកខ្ញុំមិនចូល អញ្ចឹងត្រូវបែកគ្នា។ អញ្ចឹង ឃ្លាំង ហួត ក៏ចាប់ចងទូរស័ព្ទ៣ គឺទូរស័ព្ទខ្ញុំមួយ ទូរស័ព្ទ អ៊ុងអីង មួយ និងទូរស័ព្ទ ឃ្លាំង ហួត មួយ ព្រោះភាសាអង់គ្លេសខ្ញុំវាអត់ច្បាស់។ ខ្ញុំមិនធានាខុសត្រូវទេ។ ខ្ញុំត្រូវសន្ទនាជាភាសាខ្មែរ ហើយឲ្យមានការបកប្រែ។ ពេលហ្នឹង ឃ្លាំង ហួត បានប្រាប់ថា (ឃ្លាំង ហួត ហៅ Thaksin ថា Dubai) Dubai ឲ្យជម្រាបលោកពុក (ឃ្លាំង ហួត ហៅខ្ញុំពុក)។ ឥឡូវគេនាំគ្នាហៅខ្ញុំពុកអស់ហើយ។ ចៅហ្វាយខេត្ត រដ្ឋមន្រ្តីគេហៅខ្ញុំពុកអស់ហើយ។ ប៉ុន្មានអ្នកនោះសុទ្ធតែហៅឯងពុកអស់ហើយ។ ហៅទៅ អញមានកូនច្រើនណាស់ ខ្លះអាយុជិតស្មើឯង ហៅឯងពុកដែរ។ ការហៅខ្ញុំពុកនេះ គេសំដៅទៅលើបញ្ហាសន្តិភាព … គេថាហៅសម្តេចឪ សំដៅលើឯករាជ្យ ៩វិច្ឆិកា ដល់សម្តេចពុក សំដៅលើសន្តិភាព ១៩៩៨។ រឿងវាអញ្ចេះ។ ខ្ញុំឮគេបកស្រាយទេ។ ម៉េចនាំគ្នាហៅឯងពុកអស់ហើយ។ គេបកស្រាយអញ្ចេះទៅវិញ។ ខ្ញុំមិនមែនជាការលើកតម្កើងខ្លួនឯងទេ។ អ្នកណាហៅអីហៅទៅ។
ពេលហ្នឹង ឃ្លាំង ហួត បានប្រាប់មកថា Dubai ឲ្យប្រាប់លោកពុកថា ត្រៀមដក Anutin ចេញហើយ។ ខ្ញុំក៏ប្រាប់ទៅ ឃ្លាំង ហួត វិញថា ឲ្យប្រាប់ទៅ Thaksin ថា “ដូរគេ ប្រយ័ត្នគេដូរខ្លួនវិញ។ ពេលវេលានេះមិនមែនជាពេលវេលាដែលត្រូវប្តូរគេទេ ពេលវេលាទប់ខ្លួនឲ្យនឹង”។ ប៉ុន្តែ ដល់បែកធ្លាយសារសម្លេងនេះ ខាង Bhumjaithai គេរក្សាកិត្តិយសរបស់គេដែរ។ គេដកខ្លួនចេញពីរដ្ឋាភិបាលបាត់ មិនឲ្យដកគេទាន់ឯណា។ ហ្នឹងរឿងវាអញ្ចឹង។
(៤០) ទី៧ Thaksin ធ្វើល្បិចជាឈឺទេ
ឥឡូវខ្ញុំនិយាយរឿងទី៧ គឺជំងឺរបស់ Thaksin។ តុលាការហៅ Thaksin ទៅថ្ងៃ ១៣ និង ១៤ (មិថុនា ២០២៥) កន្លងទៅ។ តុលាការថៃអើយ មិនបាច់ចាំស៊ើបអង្កេតអីទេ។ ខ្ញុំជាសាក្សីមួយ។ អ៊ុងអ៊ីង ក៏ជាសាក្សី ហើយ អ៊ុងអ៊ីង ក៏ជាប់ពិរុទ្ធភាពរឿងហ្នឹងដែរ។ ឃ្លាំង ហួត ក៏ជាសាក្សីមួយនិងម្នាក់ទៀត ខ្ញុំមិនបញ្ចេញឈ្មោះទេ។ ខ្ញុំលាក់ឈ្មោះសិន។ ប៉ុន្តែ ប្រសិនបើតុលាការមានការតម្រូវ ខ្ញុំនឹងប្រាប់ឈ្មោះ។ គាត់នោះជនជាតិថៃ។ Thaksin អត់មានឈឺអីទាំងអស់។ ខ្ញុំហោះទៅសួរសុខទុក្ខ Thaksin។ ដល់ទៅពេលថតរូប ទៅយកប្រដាប់ពាក់កហ្នឹងមកពាក់ ដៃនេះយកមកពាក់ដើម្បីថតរូប។ ថតចប់ហើយដោះចេញ ទៅស៊ីបាយ។ អញ្ចឹងអត់ឈឺទេ។ ហ្នឹងគេហៅថាល្បិចឈឺទេ។ តែខាងថៃគេរកឃើញហើយ។
ខ្ញុំគ្រាន់តែបន្ថែម ព្រោះវាមានពិរុទ្ធភាព ទាំង Thaksin ទាំង អ៊ុងអីង ដែលជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន។ ខ្វះភាពស្មោះត្រង់។ ពេទ្យ ៣ នាក់ ឮថាគេបញ្ឈប់ឲ្យឈប់ធ្វើពេទ្យទៅហើយ។ ខ្ញុំត្រូវតែនិយាយឲ្យអស់ ព្រោះអ្នកឯងក្បត់ខ្ញុំមុន។ រឿងអីខ្ញុំមិននិយាយ។ ខ្ញុំសុំទោសប្រជាជនថៃ ដែលខ្ញុំមិនបាននិយាយរឿងនេះប្រាប់ប្រជាជនថៃ ព្រោះខ្ញុំក៏មានគុណធម៌ដែរ។ ខ្ញុំស្មានថា Thaksin ឈឺមែន។ ប៉ុន្តែទៅដល់អត់មានឈឺអីផង។ យើងគិតថតរូបទុកហ្អី។ បើថាថតរូបទាល់តែពាក់អាហ្នឹងសិន។ ពាក់រួចហើយបានថតរូប។ អញ្ចឹងដល់ខ្ញុំបង្ហោះទៅវាចេញរូបភាព Thaksin (ដូចកំពុងឈឺ)។ ប៉ុន្តែខាងតុលាការថៃមិនល្ងង់ទេ។ គ្រាន់តែខ្ញុំបន្ថែម។ អ៊ុងអ៊ីង ជាអ្នករៀបចំបាយនៅផ្ទះហ្នឹង។ អញ្ចឹង អ៊ុងអ៊ីង ក៏មានពិរុទ្ធភាពលើរឿងហ្នឹង ដែលខ្វះសុចរិតភាព។ រាប់អានគ្នា ៣០ ឆ្នាំហើយ ម៉េចក៏ លោក ហ៊ុន សែន ឯងមករលាយដល់ត្រឹមហ្នឹង។
ចុះបើកូនអត់មានគុណធម៌ ធ្វើម៉េច? ខ្ញុំបណ្តោយឲ្យមើលងាយខ្ញុំរហូតអញ្ចឹងអី? ខ្ញុំត្រូវលេងមួយក្បាច់ ឲ្យវាទៅបណ្តោយទៅ។ ការរាប់អាន Thaksin មានតែខ្ញុំជាអ្នកខាត ឲ្យចំណេញអត់មានទេ។ សូម្បីតែមនុស្សនៅក្នុង Pheu Thai មនុស្សល្អៗច្រើនណាស់ចាកចេញ តួយ៉ាងដូចជាអតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវ Sudarat Keyuraphan ជាមនុស្សដ៏ស្មោះត្រង់ជាមួយ Thaksin។ គាត់ទ្រាំមិនបាន គាត់ទៅបង្កើតបក្សផ្សេង។ មានប៉ុន្មានកៅអីរបស់គាត់ទៅ។ Chaturon Chaisang, Adisorn Piengkes និងមេដឹកនាំមួយចំនួនទៀតសុទ្ធតែស្លាប់រស់ជាមួយ Thaksin។ ទីចុងបំផុត ដូចទាត់គេចោល។ ខ្ញុំចេះតែប្រាប់ អាហួត ជួយសម្លឹងមើល Thaksin ដូចធ្វើនយោបាយលេខសងម៉េចទេ។ អញចេះធ្វើនយោបាយលេខបូក អត់ចេះធ្វើនយោបាយលេខសងទេ។ អញធ្វើតាំងពី ៥នាក់ រហូតដល់រាប់លាននាក់។
មេដឹកនាំរបស់អញនៅជុំគ្នាទាំងអស់ហ្នឹង មិនដែលចោលអ្នកណាទេ។ ទោះបានតិច បានច្រើន យប់ព្រលប់ទៅណារកគ្នាអី។ អញគ្មានរបៀបធ្វើអញ្ចឹងទេ។ យកអញធ្វើទីប្រឹក្សា ទៅអញ្ចឹង។ មិនកើតទេ។ ហ្នឹងនិយាយឲ្យពិត។ រឿងពិរុទ្ធភាពរបស់ Thaksin គឺមានហើយ ក៏ប៉ុន្តែ ក៏វាមានចំណែកពិរុទ្ធភាពរបស់ អ៊ុងអ៊ីង ខ្លួនឯង ដែលខ្វះសុចរិតភាពទាក់ទងទៅនឹងឪពុករបស់ខ្លួនដែរ។ អញ្ចឹង អ៊ុងអ៊ីង កុំខឹងជាមួយ ហ៊ុន សែន ព្រោះ អ៊ុងអ៊ីង បង្ខំចិត្ត ហ៊ុន សែន ឲ្យ ហ៊ុន សែន បើកកកាយ។
(៤១) ទី៨ ថាក់ស៊ីន ពឹងពាក់អោយជួយរៀបចំទទួល Yingluck ចេញពីប្រទេសថៃ
រឿងចុងក្រោយ នៃ ៨ចំណុច ដែលលើកមកនិយាយគឺ តើ Yingluck ចេញពីប្រទេសថៃតាមច្រកណា? ដំបូងខ្ញុំសូមអភ័យទោសពី ឯកឧត្តម អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Razak ដែលនៅក្នុងពេលជួបគ្នាឯប្រ៊ុយណេ ដូចជាពិធីការព្រះរាជបុត្ររបស់ព្រះចៅស៊ុលតង់ … យើងអង្គុយទទួលទានបាយជាមួយគ្នា។ Najib បាននិយាយថា តើ Yingluck ទៅតាមកម្ពុជាឬ? ខ្ញុំថា “អត់ទេ! អត់ទៅតាមកម្ពុជាទេ។ Yingluck អាចមានផ្លូវ៤ … ទី១ មកតាមកម្ពុជា។ តែកម្ពុជាអត់បានទទួលទេ។ ទី២ ទៅតាមឡាវ ទី៣ ទៅតាមមីយាន់ម៉ា និងទី៤ ហោះចេញពីឈាងម៉ៃ ឬឈាងរ៉ៃតែម្តង។ Najib ថាប្រហែលជាពី ឈាងម៉ៃ។ អញ្ចឹង សូមឱ្យខ្ញុំសុំទោស។ នោះជាសម្តីភូតរបស់ខ្ញុំទេ។ ការពិត មានការពឹងពាក់ពី Thaksin។ រៀបចំពីខាងក្នុងបាងកក។ ខ្ញុំក៏ដឹងដែរ។ ខ្ញុំយល់ថារដ្ឋាភិបាលថៃពិបាកណាស់ ក្នុងការយកអតីតនាយករដ្ឋមន្រ្តីទៅញាត់គុកនោះ។ Thaksin សំណូមពរមកខ្ញុំឲ្យជួយ។
គេរៀបចំពីនោះ ឆ្លងដែនមកយើង។ Thaksin stand-by នៅឯសិង្ហបុរី។ ពេលឆ្លងដែនហើយ Yingluck បានជួបជាមួយខ្ញុំតាមទូរស័ព្ទដោយយំផង។ ខ្ញុំក៏អាណិតដែរ។ ខ្ញុំអាណិត Yingluck ដែលសព្វថ្ងៃកំពុងកាន់ passport ខ្មែរ នៅតែឯងក្រៅប្រទេស។ គាត់រងគ្រោះដោយសារតែបងខ្លួនឯង។ ឥឡូវរងគ្រោះដោយសារក្មួយខ្លួនឯងទៀត។ ខ្ញុំមិនចង់និយាយ តែត្រូវតែនិយាយ។ ពេលហ្នឹង រថយន្តដឹក Yingluck ចេញពីប៉ោយប៉ែត ទន្ទឹមនឹងហោះពីសិង្ហបុរីមកចុះជួបគ្នានៅសៀមរាប។ យន្តហោះចុះមុនបន្តិច ឡានមកដល់ក្រោយ។ ឡើងយន្តហោះទៅ Dubai ភ្លាម។
អាថ៌កំបាំងត្រូវវែកថ្ងៃនេះ។ យើងជួយដល់កម្រិតហ្នឹងណា។ សូមជម្រាបទៅប្រជាជនថៃថា កម្ពុជាមិនបានប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងប្រទេសថៃទេ។ អ្នកណាក៏ដោយដែលមកដល់កម្ពុជា មិនត្រូវប្រើហ្វេសប៊ុកវាយប្រហារទៅប្រទេសថៃទេ។ យើងតែងតែសូមឲ្យចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសផ្សេង បើសិនអ្នកឯងចង់វាយប្រហារទៅប្រទេសថៃ។ ត្រូវឲ្យទៅប្រទេសផ្សេង។ យើងមិនបានប្រើប្រាស់ទឹកដីរបស់យើងប្រឆាំង ប៉ុន្តែទឹកដីរបស់យើងជាទឹកដីដែលសង្រ្គោះមនុស្សដោយគុណធម៌។ ក៏មិនខុសពីអ្នកឯង ដែលកំពុងទទួលអ្នកដែលតាំងខ្លួនថាត្រូវទទួលការញាំញី ធ្វើទុក្ខបុកម្នេញ ក៏ដូចគ្នា។
(៤២) ប្រជាជនថៃនិងប្រជាជនកម្ពុជា គប្បីជ្រើសរើសវិធីសាស្រ្តឈ្នះឈ្នះដើម្បីបានផលចំណេញទាំងអស់គ្នា
ខ្ញុំស្ដាយ។ មិត្តភាព ៣០ឆ្នាំ ត្រូវបានបំផ្លាញដោយកូនស្រីរបស់មិត្តភក្ដិ។ នេះគឺវាជាន់ដានប្រវត្តិសាស្រ្តហើយ។ កាលពីព្រះករុណាបិតា លោកបានសង្គ្រោះ Thanat Khoman (ពេល) Khoman រត់មកជ្រកកោននៅកម្ពុជា។ ដល់ចេញពីកម្ពុជាទៅវិញ Khoman លេងព្រះករុណាមួយចាស់ដៃ។ ឥឡូវ ដល់មួយសាទៀត ជាន់ដានប្រវត្តិសាស្រ្តដដែល។ តែខ្ញុំនៅតែអះអាងថា ប្រជាជនថៃមិនមែនជាសត្រូវរបស់កម្ពុជានោះទេ។ ប្រជាជនថៃត្រូវតែជាមិត្តរបស់កម្ពុជា។ ខ្ញុំក៏ជឿថា ប្រជាជនថៃក៏ចង់បានកម្ពុជាធ្វើជាមិត្តដែរ។ បើយើងជ្រើសរើសយកវិធីសាស្រ្តឈ្នះឈ្នះ ផលចំណេញនឹងបានទាំងអស់គ្នា។ ថៃមានផលចំណេញច្រើនជាងកម្ពុជា ព្រោះកម្ពុជាមានប្រជាជនតែ ១៧លាននាក់ទេ តែកម្លាំងទិញធំ។ គិតទៅមើល យើងនាំទៅថៃតែ ១១០០លាន(ដុល្លារ) តែយើងនាំពីថៃមកវិញ ៥២០០លាន(ដុល្លារ)។ ហ្នឹងតួលេខផ្លូវការ ចុះទាំងអាមិនផ្លូវការទៀតវាឡើងប៉ុន្មានទៅ? លើកលែងតែទីផ្សារវៀតណាមទេ ដែលពេលនេះ កម្ពុជានាំទៅវៀតណាមច្រើនជាងវៀតណាមនាំមកកម្ពុជា។ យើងមើលទំហំពាណិជ្ជកម្ម។ ដោយសារកម្ពុជាបង្កើនការដាំដុះក្នុងមុខទំនិញដែលវៀតណាមត្រូវការ។ វៀតណាមជាប្រទេសទីមួយនាំចេញនិងចែកចាយស្វាយចន្ទីនៅលើពិភពលោក។ ឥណ្ឌាលេខពីរ។ ប៉ុន្តែ ទាំងវៀតណាមនិងឥណ្ឌា អត់មានការដាំស្វាយចន្ទីគ្រប់នោះទេ។ ឥណ្ឌាត្រូវទៅទិញពីប្រទេស Ghana និងប្រទេសដទៃទៀតមកកែច្នៃ។ វៀតណាមក៏ទៅទិញពីបណ្ដាប្រទេសអាហ្វ្រិក។ ឥឡូវកាត់បន្ថយការដឹកជញ្ជូនពីប្រទេសអាហ្រ្វិក ក៏ទិញពីកម្ពុជា គ្រាន់តែឆ្នាំទៅទិញ ៨០ម៉ឺនតោន។
(៤៣) រឿងច្រកព្រំដែន ថៃខ្លួនឯងជាអ្នកបិទ ក៏ត្រូវថៃខ្លួនឯងជាអ្នកបើក … ទោះបីជាមហាសេដ្ឋី អំពើព្រហើនមិនត្រូវអត់ឱនឱ្យទេ
អញ្ចឹង ការរកស៊ីជាមួយទីផ្សារជិតខាងជាការល្អ។ មិនគួរយើងក្លាយជាសត្រូវហើយបិទច្រក។ តើបិទច្រកវាជាផលចំណេញ ឬស្អី? កម្ពុជាមិនចរចាទេ ព្រោះ(ថៃ)ខ្លួន(ឯងជា)អ្នកបិទ។ (ត្រូវថៃ)ខ្លួន(ឯងជា)អ្នកបើក។ ដោយសាររឿងហ្នឹង ខាងនោះចង់បានឲ្យមានការចរចាគ្នាបន្តិចទៅ រួចហើយបើក។ ទេ។ ចង់បានមុខមាត់។ ពេលបិទៗម្នាក់ឯង ដល់ពេលបើកមកហៅចរចា។ វាខុសក្បួន។ កន្លែងនេះមួយ កម្ពុជាមិនចរចាតែម្ដង។ ចង់បិទរហូតក៏បិទទៅ។ នរណាខាត? នរណាចំណេញ? វាខាតតែទាំងអស់គ្នាហ្នឹង។ អ៊ុងអ៊ីង ប្រមាថ ហ៊ុន សែន និង ហ៊ុន ម៉ាណែត សុទ្ធតែអ្នកគ្មានវិជ្ជាជីវៈ។ នាងមើលខុស។ នេះជាការប្រមាថដែលមិនធ្លាប់មាន។ ជាលើកទីមួយ ដែលខ្ញុំទទួលការប្រមាថបែបនេះ។ ប្រើពាក្យអត់មានវិជ្ជាជីវៈ។ ការប្រមាថធ្ងន់ធ្ងរនេះហើយ ដែលនាំឱ្យ ហ៊ុន សែន ត្រូវឆ្លើយតបបកអាក្រាតឲ្យខ្ទេច។
ថ្ងៃក្រោយ លោកជំទាវត្រូវចាំ ភាសាអត់វិជ្ជាជីវៈ មិនមែនជាភាសាដែលត្រូវប្រើក្នុងចំណោមអ្នកនយោបាយទេ។ ថ្ងៃទី១៦ ខែមិថុនា ២០២៥ សម្ភាសន៍ជាមួយសារព័ត៌មានថៃ (នាយករដ្ឋមន្រ្តីថៃលើកឡើង)ថា “ប្រើប្រាស់បណ្ដាញសង្គមដើម្បីបញ្ចេញសារ (បង្ហាញថា)ថ្នាក់ដឹកនាំកម្ពុជាគ្មានវិជ្ជាជីវៈតែម្ដង”។ ខ្ញុំសូមជម្រាបលោកជំទាវ បើចង់អញ្ចឹង ទៅជេរ Donald Trump ទៅ ព្រោះ Donald Trump បញ្ចេញសារតាមតែបណ្ដាញសង្គម (X) បញ្ជាវាយក៏តាមហ្នឹងដែរ។ គ្រាន់តែវាយរួច យន្តហោះ ៧គ្រឿង ចេញផុតពីដែនអាកាសអ៊ីរ៉ង់ Donald Trump ចេញសារមួយបាត់។ ហេតុអីបានជា(និយាយដូច្នេះ?) ក្រែងសម័យនេះ សម័យឌីជីថលឬ? ការចែករំលែកសារព័ត៌មានទៅកាន់សាធារណជនតាមប្រព័ន្ធបណ្ដាញសង្គម ហេតុអីបានជាលោកជំទាវត្រូវនិយាយថា អត់មានវិជ្ជាជីវៈ? វាជាការប្រមាថធ្ងន់ធ្ងរណាស់។
ខ្ញុំជឿថា (ដោយសារ)រឿងអត់វិជ្ជាជីវៈនេះហើយ ដែលធ្វើឲ្យ ថ្ងៃ១៥ (មិថុនា)ចរចាជាមួយគ្នា ថ្ងៃ១៦ (មិថុនា)ចេញរឿងអត់វិជ្ជាជីវៈ។ ថ្ងៃ១៧ ខែមិថុនានេះ បែកធ្លាយសម្លេងសារបណ្ដោយ។ នេះដោយសារតែសម្ដីអត់វិជ្ជាជីវៈនោះឯង។ នោះហើយ(គេហៅថា) មាត់អត់គម្រប កូនអត់មានឪម៉ែប្រដៅ និយាយ(ឲ្យដល់គឺ)កូនអត់ពូជ។ ទោះបីអ្នកឯងជាមហាសេដ្ឋីអីក៏ដោយ ការព្រហើនបែបនេះគឺមិនគួរអោយអត់អោនទេ។ មិនមែនត្រឹមតែព្រហើនចំពោះយើងនោះទេ ព្រហើនចំពោះប្រជាជនថៃខ្លួនឯង និងមេដឹកនាំថៃខ្លួនឯងទៀត សូម្បីតែក្នុងបក្សខ្លួន។ ត្រង់សង្គមថៃទទួលបានឬមិនបាន (ខ្ញុំមិនដឹង)។ សូមបងប្អូននៅក្នុងបក្សPheu Thai កុំខឹងនឹងខ្ញុំ។ រឿងនេះខ្ញុំអត់មានទិតៀនវាយប្រហារ(បក្សនោះទេ)។
(៤៤) បានចូលរួមចំណែកក្នុងការបង្កើតបក្សនយោបាយរបស់ ថាក់ស៊ីន
រឿងបក្ស Pheu Thai នេះទៀតសោត ខ្ញុំបានចូលរួមចំណែកក្នុងការបង្កើតបក្សនេះ។ សូមឯកឧត្ដម Thaksin និង Surakiart ចាំឲ្យច្បាស់។ ដំបូង ដោយចាកចេញពី La Havane ទស្សនកិច្ចនៅ Cuba ខ្ញុំទៅដល់ New York លោក Thaksin និង Surakiart បានហោះទៅ Texas ដើម្បីជួបនឹង Bush។ ពេលនោះ Bush មិនទាន់ជាប់ជាប្រធានាធិបតីទេ ប៉ុន្តែតាមការប៉ាន់ស្មានរបស់ Thaksin ថា Bush នឹងជាប់ឆ្នោត។ ដូច្នេះ ត្រូវមានទំនាក់ទំនងជាមួយអាមេរិកឲ្យហើយ ជាមួយបេក្ខជនមានសក្ដានុពលអាចនឹងជាប់ឆ្នោត។ ចេញពី Texas ពួកគាត់ហោះមកជួបខ្ញុំនៅ New York ដើម្បីនិយាយអំពីការបង្កើតបក្ស។ ចង់បានបទពិសោធន៍។ បន្ទាប់ទៅ Thaksin និង Surakiart បានហោះមកជួបខ្ញុំនៅភ្នំពេញ។ ពេលនោះ Thaksin មិនទាន់ធ្វើនយោបាយទេ តែបានធ្វើជារដ្ឋមន្រ្តីការបរទេសមួយរយៈ។ ខ្ញុំចេញសារបញ្ជាក់អំពីការមិនពាក់ព័ន្ធនឹងរដ្ឋប្រហារ ដែលមាន ក្រៃវីត (ដែលធ្លាប់)កាន់(ទូរទស្សន៍) IBC ដែលចូលរួមធ្វើរដ្ឋប្រហារ១៩៩៤ នោះ។ ខ្ញុំក៏ជួយបញ្ជាក់ទៅ។ Thaksin មិនទាន់ធ្វើនយោបាយទេ។ គាត់ជាអ្នករកស៊ី។ មកជួបខ្ញុំនៅផ្ទះខាងក្រោយ។ ពេលនោះផ្ទះចាស់ ពិភាក្សាស្ដីពីការបង្កើតបក្សនេះ។
គាត់បង្កើតបក្សចូលរួមការបោះឆ្នោតឆ្នាំ២០០១ គាត់មានសម្លេងភាគច្រើន តែមិនគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលទេ។ គាត់ក៏បានស្នើខ្ញុំឲ្យជួយនិយាយជាមួយ Chavalit Yongchaiyudh ឲ្យរួមបង្កើតរដ្ឋាភិបាល។ ដោយសារខ្ញុំ និងឧត្ដមសេនីយ៍ Chavalit Yongchaiyudh ដែលជាអ្នកជួយយើងច្រើនមែនទែនក្នុងការរកដំណោះស្រាយកម្ពុជា តាំងពីការចរចាស្អីៗ ហើយគាត់ទៅមន្ទីរពេទ្យសួរសុខទុក្ខប្រពន្ធខ្ញុំ ពេលវះកាត់នៅពេទ្យ Bumrungrad ខ្ញុំក៏បានសួរនាំ ដោយសារ Chavalit និយាយខ្មែរផង អង់គ្លេស វាស្រួលយើងអាចនិយាយគ្នាបាន។ ខ្ញុំសួរទៅ Chavalit ថា តើវាជាលទ្ធភាពមួយទេក្នុងការបង្កើតនូវរដ្ឋាភិបាលចម្រុះជាមួយ Thaksin? គាត់ក៏និយាយថា វាជាលទ្ធភាព។ ខ្ញុំមិនបានធ្វើអីច្រើនទេ គ្រាន់តែស្ទាបស្ទង់អំពីបញ្ហានេះ ហើយក៏ជូនដំណឹងត្រឡប់ទៅ Thaksin វិញថា ហាក់ដូចជាមានភាពវិជ្ជមានទៅលើការបង្កើតរដ្ឋាភិបាល។ អញ្ចឹង បានជាបក្សនេះកើតបន្តមក។
បន្តមកទៀត Thaksin ត្រូវគេធ្វើរដ្ឋប្រហារ។ អ្នកដែលជួយ Thaksin គឺ ហ៊ុន សែន។ ពេលនោះ ខ្ញុំឲ្យយោបល់ទៀត តែគាត់មិនជឿខ្ញុំទេ។ ពេលទៅប្រជុំអាស៊ី-អឺរ៉ុបនៅ Helsinki ឆ្នាំ២០០៦ ខ្ញុំសួរថា តើបងឯងទៅណាទៀត? គាត់ថាគាត់ត្រូវទៅអង់គ្លេស បន្ទាប់ទៅបង្ហួសទៅ New York ដើម្បីថ្លែងសុន្ទរកថានៅ UN។ ខ្ញុំបានឆ្លើយថា Too long បានសេចក្ដីថា យូរពេក។ រដ្ឋប្រហារបានកើតនៅពេលហ្នឹងតែម្ដង។ យើងត្រូវយកវិធានការមួយដើម្បីជួយ Thaksin ព្រោះគាត់អស់កន្លែងជ្រកហើយ។ គាត់ចាកចេញពី New York ទៅដល់ London យើងឲ្យទូតយើងជួបជាមួយគាត់។
(៤៥) ពេលឡើងកាន់តំណែង ថាក់ស៊ីន បានប្រើវិធីសាស្រ្តបិទទល់ដែនជាមួយកម្ពុជា
និយាយរឿងបិទទល់ដែនឆ្នាំ២០០៣។ បិទទល់ដែនគឺជា system របស់ Thaksin។ កាលហ្នឹង យើងទទួលយកការពិតមួយ។ យើងពិតជាមានកំហុស ដោយសារយើងមិនអាចការពារស្ថានទូតគេបាន ការពារក្រុមហ៊ុនគេបាន។ មានការឆេះស្ថានទូតគេ ធ្វើឲ្យឆេះក្រុមហ៊ុន សណ្ឋាគារគេ។ យើងត្រូវសងគេអស់រាប់សិបលាន។ សណ្ឋាគារ Sofitel ដីនោះដីរបស់ក្រសួងការពារជាតិត្រូវតែយកសងគេ។ យើងពិតជាខុស។ កាលពេលនោះ Thaksin បិទទល់ដែន។ តែគាត់ឆ្លាតត្រង់នៅឲ្យទំនិញចូល។ ដោយសារតែយើងជាអ្នកខុស យើងទទួលយកការពិត។ យើងការពារស្ថានទូតគេមិនបាន ក្រុមហ៊ុនគេមិនបាន ទៅឆេះរបស់គេ។ យើងក៏ចេះតែបណ្ដោយ។ តែបណ្ដោយនោះយូរពេកហើយ។ ថ្ងៃមួយ ខ្ញុំទៅវាយកូនហ្គោល ដល់ឡូត៍ទី៨ Par ៥ ខ្ញុំក៏ទូរស័ព្ទប្រាប់ទៅ សុខ អាន ឲ្យទាក់ទងទៅ Surakiart ថាតើព្រំដែនបើកពេលណា? សម្ដេច សុខ អាន ក៏ចាប់ផ្ដើមទាក់ទងទៅ Surakiart ដែលពេលនោះជារដ្ឋមន្រ្តីការបរទេសថៃ ថាឥឡូវកំពុងតែសួរបន្តទៅ Thaksin តែមិនទាន់បានចម្លើយ។
ដល់វាយដល់ឡូត៍ទី៩ ខ្ញុំក៏សួរទៀតយ៉ាងម៉េចទៅហើយ? ថាមិនទាន់បានដំណឹងទេ។ ក៏ចាប់វាយឡូត៍ទី១០ ក៏សួរទៀត ថាមិនទាន់បានចម្លើយ(ដដែល)។ ក៏វាយឡូត៍ទី១១ Par 4 … ដល់ទី១២ហ្នឹង ប្រើពេលប្រហែលជាចូល២ម៉ោង មិនឃើញឆ្លើយ។ ពេលនោះ ហុក ឡងឌី កំពុងវាយកូនហ្គោលជាមួយខ្ញុំ។ គាត់ជាអគ្គស្នងការនគរបាលជាតិ។ ខ្ញុំបានបញ្ជាថា “ឌី! បញ្ជាបិទទំនិញទាំងអស់របស់ថៃ។ ឈប់ឲ្យចូល”។ បិទគ្រិប។ ស្រាប់តែកំពុងតែវាយ Par 3 ផុតពីឡូត៍ទី១២ ដល់ឡូត៍ទី១៣ គឺ Par 3 កំពុង pad ស្រាប់តែ សុខ អាន ទូរស័ព្ទមកថា ពីបាងកក ឯកឧត្ដម Surakiart ប្រាប់ថា “ខាងយើងបិទ(ទំនិញចូល)ហើយ”។ មិនឲ្យបិទយ៉ាងម៉េច ចាំប៉ុន្មានម៉ោងមិនឃើញឆ្លើយ ឥឡូវឲ្យបិទហើយ។ បិទបានតែ ៣ថ្ងៃទេ Thaksin បញ្ជាឲ្យបើកវិញភ្លាម ព្រោះប្រជាជនថៃយកទំនិញទៅចាក់មុខសាលាខេត្ត។ ហ្នឹងហើយនយោបាយបិទទល់ដែន។ ពេល Thaksin ឡើងកាន់តំណែងកាលពេលនោះ ក៏ប្រើវិធីសាស្រ្តបិទទល់ដែន។
(៤៦) ដល់ពេលដូរវិធីបិទទល់ដែនហើយ … ការកាត់បន្ថយចំនួនកងទ័ព មានលក្ខខណ្ឌតែមួយគត់ គឺបើកព្រំដែនឲ្យប្រក្រតីឡើងវិញ
ដល់តែ អ៊ុងអ៊ីង ជាកូនឡើងកាន់តំណែង ក៏វិធីសាស្រ្តបិទទល់ដែនដូចគ្នា។ អញ្ចឹង ដល់ពេលវេលាដែលត្រូវដូរ System បិទទល់ដែនហ្នឹងហើយ។ វាមិនល្អទេ។ យកនយោបាយឈ្នះឈ្នះ ឲ្យប្រជាជនរកស៊ីទាំងសងខាងវិញ ហើយតាមទល់ដែនចែកស្ករគ្រាប់គ្នាស៊ីល្អជាងចែកគ្រាប់កាំភ្លើង។ ខ្ញុំធ្លាប់និយាយអញ្ចឹង លេងបាល់ជាមួយគ្នាទៅ រៀបចំប្រដាល់អី ដូចជំនាន់យើងបន្ទាប់ពីសភាពការណ៍ហើយ។ យើងស្រួលជាមួយគ្នាវិញ។ កម្ពុជាមិនចង់យកទ័ពឲ្យទៅនៅទល់ដែនឲ្យមូសខាំទេ។ ប៉ុន្តែ ពេលនេះ កម្ពុជាមិនទាន់និយាយអំពីការកាត់បន្ថយចំនួនកងទ័ព គេចង់ឲ្យមានការកាត់បន្ថយចំនួនកងទ័ព។ លក្ខខណ្ឌកម្ពុជាតែមួយគត់ គឺអ្នកឯងបើកព្រំដែនឲ្យប្រក្រតីឡើងវិញ … ខាងនោះបើកមុន ខាងនេះក៏បើកយ៉ាងយូរបំផុត ៥ម៉ោងតាមក្រោយ។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសន្យាដូចគ្នា ធ្វើឲ្យប្រក្រតីឡើងវិញ។ បន្ទាប់ទៅ ចាំពិភាក្សាគ្នាស្ដីពីការកាត់បន្ថយចំនួនកងទ័ពនៅតាមទល់ដែន។
ឥឡូវនេះ កម្ពុជាមិនអាច(កាត់បន្ថយបាន)ទេ។ អ្នកឯងមានប៉ុន្មាននៅលើដីអ្នកឯងទៅ។ កម្ពុជាមានប៉ុន្មាននៅលើដីកម្ពុជា។ សុំតែមួយកុំវាយគ្នា។ កម្ពុជាមិនត្រូវបាញ់គេមុន ឯថៃក៏មិនត្រូវបាញ់កម្ពុជាមុន។ ធ្លាប់ដើរប៉ាត្រូលទៅប៉ះគ្នា។ ឯណោះក៏ជីកលេណដ្ឋាន ឯណេះទៅហាមឃាត់។ ឯណេះជីកលេណដ្ឋាន ឯណោះមកហាមឃាត់។ កុំតែបាញ់គ្នា។ ត្រឹមហាមឃាត់គ្នាបាន ជជែកគ្នាទៅ។ ម្សិលមិញ ក៏មានជួបគ្នានៅមុំ៣ ដែរ។ ខាងនោះប្រុងធ្វើផ្លូវមក ខាងនេះមិនឲ្យធ្វើទេ ក៏ដកត្រាក់ទ័រទៅវិញទៅ។
(៤៧) រយៈពេលវែងបំផុត និងទំនាក់ទំនងឡើងខ្ពស់បំផុត គឺធ្វើការជាមួយនាយករដ្ឋមន្ត្រី Prayut Chan-o-cha
ធ្វើឲ្យដូចសម័យ Prayuth Chan-o-cha ទៅមើល។ ខ្ញុំធ្វើការឆ្លងកាត់នាយករដ្ឋមន្រ្តីថៃ Prem Tinsulanonda ពេលនោះមិនទាន់មានទំនាក់ទំនងអីទេ។ ដល់មក Chatichai Choonhavan ចាប់ផ្ដើមមានទស្សនកិច្ច ហើយចាប់ផ្ដើមជួយចរចាតាមរយៈ Chavalit ដែលជាមេជើងគោក។ បន្ទាប់ពីហ្នឹង មានរដ្ឋប្រហារ ក៏ធ្វើការជាមួយ Anand Panyarachun។ បន្ទាប់ទៅបានធ្វើការជាមួយ Banharn Silpa-archa រាប់ទាំងគាត់មកទស្សនកិច្ចនៅកម្ពុជាផង។ បន្ទាប់ពីហ្នឹងទៅ បានធ្វើការនឹង Chavalit Yongchaiyudh ជានាយករដ្ឋមន្រ្តី។ បន្ទាប់ទៅ ធ្វើការជាមួយ Chuan Leekpai ហើយកិច្ចព្រមព្រៀង MoU ២០០០ នេះ គឺរដ្ឋបាល Chuan Leekpai នៃគណបក្សប្រជាធិបតេយ្យ។ បន្ទាប់ទៅ ធ្វើការជាមួយ Thaksin Shinawatra។ បន្ទាប់ទៅ ជាមួយ Surayudh Chulanont។ បន្ទាប់ទៅ ធ្វើការជាមួយ Samak Sundaravej។ បន្ទាប់ទៅ ធ្វើការជាមួយ Sumchai Wongsawat ដែលជាប្អូនថ្លៃរបស់ Thaksin។ បន្ទាប់ទៅ ធ្វើការជាមួយ Abhisit Vejjajiva ទោះបីយ៉ាងម៉េចក៏ដោយ ក៏គាត់មិនដែលបិទទល់ដែននោះទេ។ គាត់គំរាមខ្ញុំកាលនៅតូក្យូថា នឹងបិទទល់ដែន។ មកដល់ពោធិ៍ចិនតុង ខ្ញុំប្រកាស “ប្រសិនបើថៃហ៊ានប្រកាសបិទទល់ដែន កម្ពុជានឹងពហិកាមិនប្រើទំនិញរបស់ថៃ”។ អញ្ចឹងអត់ហ៊ានបិទទេ។ បន្ទាប់ពី Abhisit ដល់ Yingluck Shinawatra។ បន្ទាប់ពី Yingluck ធ្វើការជាមួយ Prayut Chan-o-cha។ បន្ទាប់ពី Prayut ដល់ Srettha Thavisin និងឥឡូវដល់ជាមួយ Paetongtarn Shinawatra ធ្វើការជាមួយ ហ៊ុន ម៉ាណែត ក្នុងឋានៈនាយករដ្ឋមន្រ្តី។ រយៈពេលវែងបំផុតគឺធ្វើការជាមួយ Prayut ហើយកម្រិតនៃទំនាក់ទំនងឡើងខ្ពស់បំផុត មានការតភ្ជាប់ផ្លូវរថភ្លើង បើកច្រកស្ទឹងបត់ ជិះរទេះភ្លើងអីជាមួយគ្នា គឺជាមួយ Prayut។
(៤៨) សង្ឃឹមថានឹងមាននាយករដ្ឋមន្រ្តីថៃថ្មីចេញមកដោះស្រាយបញ្ហាជាមួយមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ជាពិសេសជាមួយកម្ពុជា
សង្ឃឹមថា នឹងមាននាយករដ្ឋមន្រ្តីថ្មីមួយនៅប្រទេសថៃចេញមកដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ទាំងកម្ពុជា ទាំងមីយ៉ាន់ម៉ា ទាំងម៉ាឡេស៊ី និងឡាវ ជាពិសេសជាមួយកម្ពុជា។ ខ្ញុំមិនគិតថា យើងនៅតែប្រឈមមុខគ្នារាប់រយឆ្នាំ រាប់ទសវត្សរ៍នោះទេ។ វាដល់ដំណាក់កាលណាមួយធូរស្រាល។ ខ្ញុំនិយាយច្រើនពេកហើយ ប៉ុន្តែ អ្នកទាំងអស់គ្នាមិនមែនអ្នកហត់ទេ អ្នកដែលហត់គឺអ្នកដែលនិយាយនេះ។ ចុះទៅវិញ ៩០កាំ។ ពេលឡើងមកអម្បាញ់មិញ ទៅមើលរូបនៅខាងក្រៅសិនដើម្បីឲ្យបាត់ហត់ ព្រោះទើបចាក់អានេះចូលទៅបេះដូង។ ប៉ុន្តែ អ្នកណាថាខ្ញុំចាស់ បើសម្លេងនៅឮ ហើយនិយាយបានប៉ុន្មានម៉ោងហើយ? ៣ម៉ោងកន្លះហើយ។ នរណាថាខ្ញុំចាស់។ នេះផ្សាយបន្តផ្ទាល់ណា មើលទាំងស្រុកខ្មែរ ទាំងប្រទេសថៃ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនៅតែចង់បានមិត្តភាពមួយជាមួយប្រទេសថៃ ខ្ញុំនៅតែចង់សម្រេចគោលដៅរបស់ខ្ញុំទាំងពីរចំណុច។ ទីមួយ គឺប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីពីរ ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងត្រៀមខ្លួនជាស្រេចធ្វើប្រក្រតីកម្មទំនាក់ទំនងជាមួយព្រះរាជាណាចក្រថៃ។ យើងចង់មានដំណោះស្រាយដោយសន្តិវិធី តាមយន្តការទ្វេភាគីក្ដី និងតាមយន្តការតុលាការអន្តរជាតិក្ដី។ យើងមិនចាត់ទុកថៃជាសត្រូវទេ។ តែអ្នកណាដែលចាត់ទុកថាយើងជាសត្រូវ វាក៏ជាសត្រូវរបស់យើងដែរ។ ប្រជាជនថៃភាគច្រើនមិនចាត់ទុកយើងជាសត្រូវទេ ឯប្រជាជនកម្ពុជាក៏មិនចាត់ទុកថៃជាសត្រូវដែរ។
ថ្ងៃនេះ មានការជួបជុំ សូមជូនក្រុមប្រឹក្សាឃុំ-សង្កាត់ ២៦០នាក់ ម្នាក់ៗជូន ២០ម៉ឺនរៀល។ តែប្រាក់ខែអស់លោកក៏ច្រើនដែរឥឡូវនេះ។ ឥឡូវប្រាក់ខែទាបបំផុតរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុន្មាន? ៨៩ម៉ឺនរៀល ស្មើជាង ២០០ដុល្លារហើយ។ ចុះមេឃុំ? ១ ៣៤០ ០០០ រៀល គិតជាដុល្លារជាង ៣០០ដុល្លារ ច្រើនតើ មិនតិចទេ នៅជនបទចាយប៉ុណ្ណឹងល្មម មិនធម្មតាទេ ដាំដុះអីខ្លូនឯងខ្លះផង។ ការចំណាយដំឡើងបៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រហូតដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមប្រឹក្សានានា ដំឡើងបានហើយ មានលុយបើកហើយ បើកមួយខែពីរដង។ នៅទីនេះបើកមួយខែពីរដងដូចភ្នំពេញដែរ អញ្ចឹងវាដូចតែគ្នា។ យើងមិនមានរដ្ឋក្ស័យធនអីនោះទេ។ មានមួយនោះ យើងគ្រាន់តែបោះក្រដាសប្រាក់ ២០ម៉ឺនរៀល ដើម្បីអបអរសាទរខួបឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង វាថា រដ្ឋាភិបាលអស់លុយហើយ បានជាបោះលុយក្រដាសប្រាក់ដល់ទៅ ២០ម៉ឺន។ អានេះភ្លើសុទ្ធ។
សូមជម្រាបជូនថា ចំណាយក្នុងមួយខែទៅលើបញ្ហាបៀវត្សរ៍ … គិតត្រឹមមន្រ្តីរាជការស៊ីវិល ១០៩ លាន មិនទាន់បូកនឹងកងកម្លាំងប្រដាប់អាវុធទេ។ បើបូកសរុបការចំណាយទាំងអស់ ប្រហែល ៣៥០លានដុល្លារ/ខែ ដូច្នេះរឿងបោះក្រដាសប្រាក់ប៉ុណ្ណឹងគ្រាន់តែចាយមួយកូនអង្គភាពតូចមួយក៏មិនគ្រប់ផង អាពៅអើយ ឲ្យវាដឹង ការគ្រប់គ្រងរដ្ឋ អ្ហែងគ្រប់គ្រងតែគ្រួសារមួយមិនជុំផង កុំមកចង់លេងសើច។ គ្រាន់តែចំណូលពន្ធផ្ទៃក្នុងមួយ វាគ្រប់គ្រាន់នឹងការចំណាយលើបៀវត្សរ៍ ឬបន្ទុកបុគ្គលិក។ ប៉ុន្តែ យើងមិនត្រឹមចំណាយប៉ុណ្ណឹង វាមានចំណាយនេះ/នោះទៀត ត្រូវវិនិយោគ។
អំណោយជូនអ្នកចូលរួម
ក្រៅពីនោះ មាន៨ស្រុក/ក្រុង ក្នុងមួយខេត្តព្រះវិហារនេះ ជូន ៥លានរៀលក្នុងមួយស្រុក ត្រឡប់ទៅផ្ទះវិញ។ ស្នងការនគរបាលខេត្តព្រះវិហារ ១០លានរៀល។ កងរាជអាវុធហត្ថខេត្តព្រះវិហារគឺ ១០លានរៀល។ ហើយចុះទាហានមានឬអត់? ទាហានមានកញ្ចប់ទាហានច្រើនណាស់ គេឲ្យតាំងពីម្សិលនោះ ផ្សេង។ យើងទៅពីនេះទៅបត់ដៃបត់ជើងឲ្យហើយ រថយន្តខ្ញុំ(មិនបញ្ហាព្រោះ)មានបន្ទប់ទឹក តែយ៉ាងណាក៏ដោយវារលាក់ណាស់ ត្រូវរកកន្លែងសមរម្យឲ្យហើយទៅពីនេះ។ ហើយអ្នកទាំងអស់គ្នាក៏ឃ្លានបាយហើយ តែយ៉ាងណាមានស្រុកកំណើត(ជិត)នៅនេះ ឯខ្ញុំត្រូវឆ្លងកាត់(ផ្លូវឆ្ងាយ) សម្ដេចពិជ័យត្រូវទៅសៀមរាបជាមួយ (ទៀ)សីហា។ ឯខ្ញុំ ជាមួយសម្ដេចក្រឡាហោម និងសម្ដេច ម៉ែន សំអន ឯកឧត្ដម ជា សុផារ៉ា ទៅតាមនេះ(បាយលើឡាន) ប៉ុន្តែ សុំផ្ដាំឲ្យហើយ កុំស្ទាក់ផ្លូវសុំសាលាដូចពេលមុន។ ពីមុន ទៅមិនផុតទេ ស្ទាក់ផ្លូវ។ តែលើកនេះ ខ្ញុំឡើងឡាន បាយហើយខ្ញុំដេកហើយ អត់មាននរណាស្ទាក់ផ្លូវបានទេ ហើយអត់ដឹងថាខ្ញុំនៅឡានមួយណាទេ និយាយឲ្យច្បាស់។
ចុងបញ្ចប់ អរគុណជាមួយការយកចិត្តទុកដាក់ស្ដាប់ និងអរគុណប្រជាជនទូទាំងប្រទេស ព្រះតេជព្រះគុណ ព្រះសង្ឃ ក៏ដូចជាជនរួមជាតិទូទាំងប្រទេស និងអរគុណចំពោះប្រទេសថៃ ប្រជាជនថៃ ដែលបានស្ដាប់នូវសាររបស់ខ្ញុំនេះ ដែលបកស្រាយលម្អិត។ ហើយទាក់ទងនឹងការប្រមាថព្រះមហាក្សត្រ ខ្ញុំមិននិយាយ ប៉ុន្តែបើសិនជាខាងថៃចង់ដឹង អាចបញ្ជូនបេសកជនពិសេសមកនិយាយ មកសួរនាំខ្ញុំ តើអ្នកទាំងនេះបានប្រមាថព្រះមហាក្សត្រមុន និងព្រះមហាក្សត្រក្រោយរបៀបណា ខ្ញុំនឹងត្រៀមដើម្បីផ្ដល់ជូន។ ប្រមាថស្ថាប័នព្រះមហាក្សត្រនៅប្រទេសថៃគឺធ្ងន់ធ្ងរណាស់ តែខ្ញុំមិននិយាយជាចំហទេ ព្រោះពេលខ្លះអាក្រក់ស្ដាប់ពេក និយាយទៅវាអាសអាភាស។ សូមជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី សូមប្រកបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយពុទ្ធពរ និងពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕