[ផ្ដើមសេចក្ដីអធិប្បាយ១]
អម្បាញ់មិញនេះ នាយករដ្ឋមន្រ្តីបានថ្លែងសុន្ទរកថា។ ឥឡូវដល់ឪនាយករដ្ឋមន្រ្តីម្ដង។ សង្កេតមើល អម្បាញ់មិញគឺនាយករដ្ឋមន្រ្តីសក់ស ឯឪនាយករដ្ឋមន្រ្តីសក់ខ្មៅ។ ដូច្នេះ កំណត់ថា សក់ខ្មៅមិនប្រាកដថាក្មេងទេ ហើយសក់សក៏មិនប្រាកដថាចាស់ដែរ។ នេះជារឿងពិត។
[ចប់សេចក្ដីអធិប្បាយ១]
- សម្តេច ឯកឧត្តម លោកជំទាវ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា,
- ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ សមាជិក សមាជិកាសភា តំណាងអង្គការជាតិ និងអន្តរជាតិ, អស់លោក លោកស្រី!
ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយឥតឧបមា ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមមូលបទ«សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។
ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវគារវកិច្ចស្និទ្ធស្នាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំសភា និងប្រតិភូគ្រប់រូប ដែលបានធ្វើដំណើរពីគ្រប់ទិសទីជុំវិញសកលលោក ដើម្បីមកចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ។
សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃអង្គនីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់,
យើងជួបជុំគ្នានៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែនដើម្បីផ្លាស់ប្តូរពាក្យសម្តីលួងលោមចិត្ត ឬផ្តល់នូវក្តីសង្ឃឹមដែលគ្មានការពិតនោះទេ។ យើងមកទីនេះក្នុងនាមជាតំណាងដែលត្រូវបានជ្រើសរើសដោយប្រជាជនរបស់យើង ក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកការពារជោគវាសនានៃប្រជាជាតិរបស់យើង។ កាតព្វកិច្ចរបស់យើង គឺត្រូវពិនិត្យមើលស្ថានភាពពិភពលោកដោយភាពស្មោះត្រង់ តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឺងម៉ាត់។ ជំហររបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកលដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ គឺត្រូវផ្អែកលើផ្នត់គំនិតជាក់ស្តែងនិយមដ៏ជ្រាលជ្រៅមួយ ដែលកំណត់ថា “យើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត ទន្ទឹមនឹងការប៉ងប្រាថ្នាចង់បាននូវស្ថានភាពដែលល្អបំផុត”។
តថភាពជាក់ស្តែងគឺថា ពិភពលោករបស់យើងបានផ្លាស់ប្តូរទៅរករបត់ថ្មីដ៏គ្រោះថ្នាក់មួយ ដែលធ្វើឱ្យយើងត្រូវធ្វើដំណើរឆ្លងកាត់ “ស្ថានភាពចលាចល” ជាប្រចាំ។ យុគសម័យដែលងាយប្រែប្រួលនេះ ត្រូវបានសម្គាល់ដោយការបាត់បង់នូវ “ភាពជាអ្នកដឹកនាំផ្នែកសីលធម៌” នៅលើឆាកអន្តរជាតិ និងញាំញីដោយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងក្លា។ អ្វីដែលយើងធ្លាប់ជឿជាក់ថា ជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លី ឱ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្ត្រ ដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ។
ជាការគួរឱ្យសោកស្តាយ មនុស្សជាតិហាក់ដូចជាបានបរាជ័យក្នុងការរៀនសូត្រ ពីមេរៀនដ៏ឈឺចាប់នៃប្រវត្តិសាស្ត្រ។ បន្ទាប់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកទាំងពីរលើក យើងបានតាក់តែងគោលការណ៍មនុស្សជាតិមួយចំនួន យ៉ាងច្បាស់លាស់រួចទៅហើយ ដើម្បីបង្ការកុំឱ្យយើងធ្លាក់ចូលទៅក្នុងជម្លោះសកលជាលើកទីបី។ ប៉ុន្តែ ជាអកុសល ពិភពលោក ហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់ទាំងនេះ។
ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពចលាចលជាប្រចាំ នៅក្នុងអភិបាលកិច្ចសកល យើងត្រូវពិនិត្យមើលឱ្យបានដិតដល់នូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបី ដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ៖
ទីមួយ ការកែសម្រួលជារចនាសម្ព័ន្ធនូវតុល្យភាពអំណាចជាប្រចាំ ដែលស្តែងឡើងតាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញ និងមិនថមថយ រវាងមជ្ឈមណ្ឌលអំណាចចាស់ និងមជ្ឈមណ្ឌលអំណាចដែលកំពុង លេចឡើងថ្មី។ ការប៉ះទង្គិចរបស់ពួកគេបានបង្កើតឡើងនូវ “វិបត្តិជាប្រចាំ និងភាពមិនរៀបរយនៃរចនាសម្ព័ន្ធ”។
ទីពីរ ការយកអ្វីៗគ្រប់យ៉ាងធ្វើជាអាវុធ។ នាពេលបច្ចុប្បន្ននេះ អ្វីៗគ្រប់យ៉ាងចាប់ពីសេដ្ឋកិច្ច និងបច្ចេកវិទ្យា រហូតដល់ធនធានធម្មជាតិ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ត្រូវបានបំប្លែងទៅជាឧបករណ៍ផ្ទាល់នៃការបង្ខិតបង្ខំ និងការធ្វើសង្គ្រាម។
ទីបី ភាពស្រពេចស្រពិលនៃខ្សែខណ្ឌចែករវាងសង្គ្រាម និងសន្តិភាព។ ការណ៍នេះត្រូវបានស្តែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រផេះ (grey-zone tactics) ដែលមិនរុញច្រានស្ថានការណ៍ឱ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណី ប៉ុន្តែ ទន្ទឹមនេះ ជាលក្ខណៈរចនាសម្ព័ន្ធ គឺមិនបានផ្តល់នូវសន្តិភាពពិតប្រាកដនោះទេ។ ប្រសិនបើបណ្តែតបណ្តោយដោយគ្មានការទប់ស្កាត់បណ្តាប្រទេសនានាអាចប្រើប្រាស់ល្បិចកលទាំងនេះដោយចេតនា ដើម្បីជំរុញ “យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ក្រក” (salami slicing strategy) បម្រើឱ្យមហិច្ឆតាទាមទារយកទឹកដីចាស់មកវិញ (irredentism) ដែលផ្ទុយពីច្បាប់អន្តរជាតិ ជាពិសេស គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis)។ នេះជាការពិតដ៏ជូរចត់មួយដែលថាកិច្ចព្រមព្រៀងឈប់បាញ់ ជារឿយៗ គឺគ្មានអ្វីក្រៅពីក្រដាសមួយសន្លឹកនោះទេ ដែលមិនអាចធានាសន្តិភាពស្ថិតស្ថេរ បង្កើតទំនុកចិត្ត ឬការពារអាយុជីវិតជនស្លូតត្រង់បានឡើយ។
ចេញពីនិន្នាការទាំងនេះ យើងអាចមើលឃើញក្របខ័ណ្ឌនៃសង្គ្រាមបីសណ្ឋាន៖ សង្គ្រាមបំបាក់កម្លាំង, សង្គ្រាមបំបាក់សេដ្ឋកិច្ច, និងសង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ។
១. សង្គ្រាមបំបាក់កម្លាំង៖ នេះគឺជាដំណើរការនៃសង្គ្រាមដែលមិនចំជាសង្គ្រាម។ នេះគឺជាជម្លោះរយៈពេលវែង ដែលគ្មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែត្រូវបានវាយប្រហារតាមរយៈការប៉ះទង្គិចគ្នារប៉េះរប៉ោះ ជាបន្តបន្ទាប់ និងអូសបន្លាយពេលយូរ។ នេះគឺជាការរត់ម៉ារ៉ាតុងយុទ្ធសាស្ត្រ ដែលភាគីណាដួលមុន នឹងបាត់បង់អ្វីៗគ្រប់យ៉ាង។ គោលបំណងចម្បងគឺការបំផ្លាញបន្តិចម្តងៗនូវកម្លាំងរបស់សត្រូវ ការបំផ្លាញកម្លាំងធនធានជាតិ និងការធ្វើឱ្យខូចខាតដល់ស្ថិរភាពផ្ទៃក្នុង រហូតដល់គូបដិបក្ខលែងមានសមត្ថភាពតស៊ូប្រឆាំងតបត។
២. សង្គ្រាមបំបាក់សេដ្ឋកិច្ច៖ នេះរួមបញ្ចូលទាំងការប្រើប្រាស់ពាណិជ្ជកម្ម និងឥទ្ធិពលសេដ្ឋកិច្ចជាអាវុធ ដើម្បីបំផ្លាញស្ថិរភាពជាតិ ជាប្រព័ន្ធ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ការបិទខ្ទប់ផ្នែកបច្ចេកវិទ្យា និងការបិទខ្ទប់ហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់ដោយចេតនា ដើម្បីបង្ខំប្រជាជាតិឯករាជ្យឱ្យចុះចាញ់ ដោយមិនចាំបាច់ប្រើគ្រាប់កាំភ្លើង។
៣. សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ៖ សង្គ្រាមនេះមានទម្រង់ជាសង្គ្រាមព័ត៌មាន និងសង្គ្រាមចិត្តសាស្ត្រ ដែលប្រើប្រាស់យុទ្ធនាការលាបពណ៌ជាលក្ខណៈប្រព័ន្ធ។ សង្គ្រាមនេះកេងចំណេញពីភាពផុយស្រួយផ្ទៃក្នុងប្រទេស ដូចជា ឧក្រិដ្ឋកម្មឆបោកអនឡាញ ឬការប្រើប្រាស់ស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្ស មកធ្វើជាលេសដ៏សមស្រប ដើម្បីដាក់សម្ពាធពីខាងក្រៅ វាយប្រហារលើស្ថាប័ននយោបាយក្នុងស្រុក និងធ្វើឱ្យប្រជាជាតិមួយ បាត់បង់ធម្មានុរូបនៅលើឆាកអន្តរជាតិ។
សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃអង្គនីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់,
ការធ្វើសង្គ្រាមនៅក្នុងសតវត្សរ៍ទី២១ លែងកំណត់ត្រឹមតែជាការប៉ះទង្គិចរវាងកងទ័ព នៅលើសមរភូមិរូបវន្តទៀតហើយ។ សង្គ្រាមបានវិវត្តទៅជាសំណាញ់ដ៏ស្មុគស្មាញ និងមានច្រើនស្រទាប់នៃវិបត្តិដែលប្រទាក់ក្រឡាគ្នា ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យសង្គម បាត់បង់ស្ថិរភាព មុនពេលសង្គ្រាមចំហត្រូវបានប្រកាសជាផ្លូវការ។
នៅក្នុងគំរូថ្មីនេះ ការវាយប្រហារជាយុទ្ធសាស្រ្តលែងមានការបែងចែកចំពោះប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស្នូលទៀតហើយ។ ជម្លោះទំនើបបានឈានដល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៃជីវភាពរបស់ប្រជាពលរដ្ឋសាមញ្ញ ដោយបង្វែរទ្រព្យសាធារណៈ ឱ្យទៅជាតំបន់សមរភូមិសកម្ម។ យើងឃើញមានការវាយប្រហារដោយដ្រូនទំនើប តម្រង់ទៅលើសំណង់ស៊ីវិល រួមមាន ផ្លូវ ស្ពាន ទីសក្ការៈសាសនា សាលារៀន និងរោងចក្រចម្រាញ់ប្រេង។ ទន្ទឹមនេះ ការបំផ្លិចបំផ្លាញដោយចេតនានៅលើបំពង់បង្ហូរឧស្ម័ន និងការបាញ់ប្រហារទៅលើនាវាពាណិជ្ជកម្មដឹកប្រងឥន្ធនៈ បានក្លាយទៅជាឧបករណ៍ដ៏ងាយស្រួល នៅក្នុងយុទ្ធវិធីនៃល្បែងភូមិសាស្ត្រនយោបាយ ដោយមិនគិតគូរទាល់តែសោះចំពោះផលប៉ះពាល់ដល់សកលលោកទាំងមូល។ ការប្រើប្រាស់ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ ចំពោះបទល្មើសឆ្លងដែន ដូចជាការឆបោកតាមអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់នៃសង្គ្រាមទំនើបមួយនៅក្នុងយុទ្ធវិធីប្រផេះ (Grey-zone tactics) នេះឯង។
[ផ្ដើមសេចក្ដីអធិប្បាយ២]
សង្រ្គាមព្រំដែនកម្ពុជា-ថៃ គឺស្ថិតនៅក្នុងស្ថានភាពនេះឯង ដែលគេកំពុងតែកាន់កាប់ទឹកដីរបស់យើងខ្ញុំ ដោយផ្អែកថាទឹកដីយើងខ្ញុំខ្លះគឺជាផ្នែកនៃល្បែងឆបោក។
[ចប់សេចក្ដីអធិប្បាយ២]
ជាមួយគ្នានេះ សង្គ្រាមពាណិជ្ជកម្មបានប្រើប្រាស់របាំងពន្ធគយ ដើម្បីដាក់ទណ្ឌកម្ម និងដកហូតការអនុគ្រោះពាណិជ្ជកម្ម ដែលមានពីមុនមក។ សង្គ្រាមបច្ចេកវិទ្យាបង្ហាញពីការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) សឺមីកុងឌុចទ័រទំនើប និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រដ៏សំខាន់។ ចុងក្រោយ សង្គ្រាម និងនយោបាយគាំពារនិយមទាក់ទងនឹងធនធានធម្មជាតិ បាននិងកំពុងរុញច្រានឱ្យមានការដណ្តើមគ្នាយ៉ាងខ្លាំងក្លា និងការរឹតត្បិតលើធនធានយុទ្ធសាស្ត្រនានា នៅលើពិភពលោក ដូចជា ថាមពល និងរ៉ែកម្រ (rare earth) ដែលធ្វើឱ្យប្រទេសងាយរងគ្រោះ ធ្លាក់ចូលទៅក្នុងសំណាញ់អសន្តិសុខជាប្រព័ន្ធ។
ការវិវត្តដ៏គួរឱ្យព្រួយបារម្ភនៅក្នុងបរិបទនេះ គឺការបំពានច្បាប់អន្តរជាតិដោយតួអង្គដែលមានអំណាច ដែលអនុវត្តសិទ្ធិការពារខ្លួនបែបផ្តាច់មុខ ការវាយលុកមុនដោយគ្មានហេតុផលត្រឹមត្រូវ និងយុទ្ធសាស្ត្រកំណត់គោលដៅដកក្បាលម៉ាស៊ីនដឹកនាំ (targeted decapitation strategies)។
ការគំរាមកំហែងសន្តិសុខជាប្រព័ន្ធនេះ បានបំផ្លាញទាំងស្រុងនូវសុបិននៃសន្តិសុខរួម។ ជាលទ្ធផល ហានិភ័យបែបនេះបានបង្កឱ្យមានការរត់ប្រណាំងសព្វាវុធដ៏គ្រោះថ្នាក់នៅទូទាំងពិភពលោក ដោយធ្វើឱ្យប្រទេសងាយរងគ្រោះយល់ឃើញយ៉ាងច្បាស់ថា សន្ធិសញ្ញាអន្តរជាតិតែមួយមុខ មិនអាចការពារពួកគេ ពីការឈ្លានពានពីខាងក្រៅបានឡើយ។ ជាការឆ្លើយតប ប្រទេសទាំងឡាយត្រូវបង្ខំចិត្តស្វែងរកការកសាងកម្លាំងយោធាយ៉ាងឆាប់រហ័ស ហើយអាចឈានដល់ការបំពាក់អាវុធនុយក្លេអ៊ែរ នៅក្នុងរចនាសម្ព័ន្ធតំបន់។ នៅពេលដែលការរស់រានមានជីវិតរបស់រដ្ឋអធិបតេយ្យ ត្រូវរងការគំរាមកំហែងជាបន្តបន្ទាប់ ដោយការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ (long-arm jurisdiction) រដ្ឋនានាត្រូវបង្ខំចិត្តឱ្យបង្កើតសមត្ថភាពវាយបកវិញជាលើកទីពីរ (second-strike capabilities) ឱ្យបានរឹងមាំ។ ការព្រួយបារម្ភសន្តិសុខជាប្រព័ន្ធនេះ កំពុងតែរុញច្រានឱ្យមានវដ្តដ៏អាក្រក់នៃការរីកសាយសព្វាវុធនៅទូទាំងពិភពលោក ដែលអាចធ្វើឱ្យដួលរលំទាំងស្រុងនៃក្របខ័ណ្ឌអន្តរជាតិនៃការមិនរីកសាយសព្វាវុធ។
សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃអង្គនីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់,
នៅលើក្តារអុកភូមិសាស្ត្រនយោបាយសកលនេះ យើងត្រូវតែវាយតម្លៃឱ្យបានម៉ត់ចត់ អំពីជោគវាសនាចុងក្រោយនៃប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍ។ ការពិតដ៏ជូរចត់នោះគឺថា ប្រទេសកំពុងអភិវឌ្ឍ ត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃខ្យល់បក់រេរា មិនអាចទាយទុកជាមុនបាននៃការប្រកួតប្រជែងរវាងមហាអំណាច ហើយពួកគេ ជារឿយៗ បានក្លាយទៅជាជនរងគ្រោះជាប្រព័ន្ធ (systemic scapegoats) ដោយរងការដាក់សម្ពាធយ៉ាងខ្លាំងក្លាពីសកលលោក។ យើងបានក្លាយជាគោលដៅដាក់សម្ពាធ និងវាយប្រហារយ៉ាងខ្លាំង ដោយប្រើបញ្ហាដ៏ស្មុគស្មាញធ្វើជាលេស ដូចជា ការប្រើស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្ស ភាពរិចរិលបរិស្ថាន និងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការឆបោកអនឡាញ ជាដើម។ ការចោទប្រកាន់ជាអន្តរជាតិទាំងនេះ តែងតែមើលរំលងដោយអយុត្តិធម៌ ទៅលើចំណុចខ្សោយនៃរចនាសម្ព័ន្ធ និងសមត្ថភាពអភិវឌ្ឍន៍ទន់ខ្សោយរបស់យើង ហើយពួកគេបានប្រើប្រាស់ស្តង់ដារកម្រិតខ្ពស់របស់ប្រទេសអ្នកមាន ដើម្បីដាក់បន្ទុក ធ្វើការវិនិច្ឆ័យ ដាក់ទណ្ឌកម្ម និងដាក់ឱ្យឯកោប្រជាជាតិ ដែលកំពុងតែខិតខំស្ដារឡើងវិញក្រោយជម្លោះប្រវត្តិសាស្ត្រ។
លើសពីនេះ នៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាយ៉ាងជ្រាលជ្រៅ ចំណុចខ្ទប់ដង្ហើម (chokepoints) ជាភូមិសាស្ត្រ និងសេដ្ឋកិច្ច នៅឯនាយម្ខាងនៃភពផែនដី ក៏អាចបិទខ្ទប់ដង្ហើមរួមរបស់យើងបានយ៉ាងងាយស្រួល។ ប្រសិនបើច្រកសមុទ្រយុទ្ធសាស្ត្រ ដូចជា ច្រកម៉ាឡាកា ច្រកហ័រមូស សមុទ្រក្រហម ឬព្រែកជីកស៊ុយអេ ត្រូវបានបិទខ្ទប់ ឬប្រសិនបើខ្សែច្រវាក់ផ្គត់ផ្គង់សកលនៃ សឺមីកុងឌុចទ័រ ត្រូវបានកាត់ផ្តាច់ភ្លាមៗ នោះសេដ្ឋកិច្ចក្នុងស្រុករបស់យើង ក៏នឹងទទួលរងនូវផលប៉ះពាល់ដ៏គ្រោះថ្នាក់នេះភ្លាមៗដែរ។ យើងកំពុងរស់នៅក្នុងយុគសម័យនៃការយកសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជាអាវុធទាំងស្រុង ហើយច្បាប់ទម្លាប់ត្រូវបានផ្លាស់ប្តូរ ដោយមិនអាចទាយទុកជាមុនបានពីមួយថ្ងៃទៅមួយថ្ងៃ។ គ្មានអ្វីត្រូវបានធានាទៀតទេ ហើយគោលការណ៍ពាណិជ្ជកម្មសេរីដែលយើងធ្លាប់ត្រូវបានគេជំរុញឱ្យអនុវត្ត ត្រូវបានគេបោះបង់ចោល នៅពេលដែលគោលការណ៍ទាំងនេះ មិនបម្រើដល់ផលប្រយោជន៍ភ្លាមៗរបស់ក្រុមប្រទេសស្ថាបនិកនៃគោលការណ៍ទាំងនេះ។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
មានន័យថា គេដាក់គោលការណ៍ឲ្យយើងអនុវត្តកាលពីពេលមុន ឥឡូវអ្នកទាំងនោះកំពុងតែបំផ្លាញគោលការណ៍នេះឯងតែម្ដង។
[ចប់សេចក្ដីអធិប្បាយ៣]
សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃអង្គនីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់,
នៅក្នុងកាលៈទេសៈសកលដ៏គ្រោះថ្នាក់ យើងត្រូវតែគិតគូរឡើងវិញអំពីតួនាទីពិតប្រាកដនៃអំណាចនីតិប្បញ្ញត្តិ និងរបៀបដែលយើងអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយប្រសិទ្ធភាពជាមួយអំណាចនីតិប្រតិបត្តិ។ អំណាចនីតិប្បញ្ញត្តិមិនអាចដំណើរការត្រឹមតែជាម៉ាស៊ីនអនុម័តច្បាប់ដោយអកម្ម ឬជាអ្នកឈរមើលវិបត្តិដែលកំពុងកើតឡើងនោះឡើយ។ យើងត្រូវតែឈានជើងចូលទៅក្នុងតួនាទីរដ្ឋធម្មនុញ្ញរបស់យើងដោយសកម្ម ក្នុងនាមជាអ្នកគិតគូរយុទ្ធសាស្ត្រ ជាទីប្រឹក្សាជាន់ខ្ពស់ដែលផ្តល់ដំបូន្មានដែលមានសុភវិនិច្ឆ័យ និងជាអ្នករចនាចក្ខុវិស័យវែងឆ្ងាយ ដែលរៀបចំផែនការការពារវិបត្តិរយៈពេលវែង លើសហួសពីវដ្តនៃរដូវកាលបោះឆ្នោត។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
ចំណុចត្រង់នេះ ខ្ញុំចង់និយាយបន្តិច សុំកុំនិយាយថា កាលពេល ហ៊ុន សែន នៅធ្វើជានាយករដ្ឋមន្រ្តីរយៈពេល ៣៨ឆ្នាំ ពេលនោះគឺមិនត្រូវបានលើកអំពីតួនាទីនៃនីតិប្បញ្ញត្តិនោះទេ មិនមែនយ៉ាងដូច្នេះទេ។ ឥឡូវមកកាន់នីតិប្បញ្ញត្តិ ទាមទារអំណាចកាន់តែខ្ពស់ មិនមែនអញ្ចឹងទេ។ ប៉ុន្តែ យើងជានីតិប្បញ្ញត្តិមិនអាចនៅឈរសំឡឹងមើលត្រឹមតែអ្នកអនុវត្តច្បាប់នោះឡើយ។
[ចប់សេចក្ដីអធិប្បាយ៤]
អ្វីដែលសំខាន់នោះគឺប្រព័ន្ធនៃការព្រមានទុកជាមុន និងហេដ្ឋារចនាសម្ព័ន្ធទប់ស្កាត់វិបត្តិពិតប្រាកដរបស់យើង គឺស្ថិតនៅក្នុងបណ្តាញអន្តរជាតិដ៏រឹងមាំនៃសមាជិកសភា ដែលប្រកបដោយគតិបណ្ឌិត និងបទពិសោធ។ យើងអាចផ្តល់សញ្ញាអាសន្នឱ្យគ្នាទៅវិញទៅមក និងសម្របសម្រួលរៀបចំរនាំងការពារជាលក្ខណៈអន្តរជាតិ បានយ៉ាងឆាប់រហ័ស ដើម្បីរារាំងភ្នក់ភ្លើងនៃជម្លោះ កុំឱ្យរាលដាលទៅជាភ្លើងឆាបឆេះពេញក្នុងតំបន់។ តួនាទីជាមូលដ្ឋាននៃស្ថាប័ននីតិប្បញ្ញត្តិ គឺការលើកកម្ពស់ទំនុកចិត្តទៅវិញទៅមកជាប្រព័ន្ធ ពោលគឺទំនុកចិត្តដ៏ជ្រាលជ្រៅ ដែលអនុញ្ញាតឱ្យយើងជួយផ្តល់សញ្ញាអាសន្នឱ្យគ្នាទៅវិញទៅមក នៅពេលដែលគ្រោះថ្នាក់នៃជម្លោះ ឈានមកដល់មុខទ្វារផ្ទះរបស់យើង។ នេះជាទំនុកចិត្តដែលយើងត្រូវតែកសាងនៅពេលនេះ មិនត្រឹមតែសម្រាប់សន្តិសុខរបស់ប្រទេសដៃគូរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ខ្លួនយើងផ្ទាល់ផងដែរ ពីព្រោះភ្លើងសង្គ្រាមនៅក្នុងប្រទេសមួយ លែងជារឿងដាច់ដោយឡែកទៀតហើយ ហើយអាចបក់ផ្សែងមកដល់ជើងមេឃរបស់យើង និងអាចខ្ទប់ដង្ហើមរបស់យើងយ៉ាងងាយស្រួល។
យើងអាចមានជម្រើសផ្សេង តែជាជម្រើសនៃការវិលត្រឡប់ទៅរកស្ថានភាពអ្នកខ្លាំងរស់ អ្នកខ្សោយស្លាប់ (survival of the fittest) ពោលគឺការវិលទៅរកសង្គមដែលប្រើច្បាប់ព្រៃគ្រប់គ្រង។ បណ្តាញសកលនៃប្រធានសភារបស់យើង ត្រូវតែហ៊ាននិយាយឱ្យបានច្បាស់លាស់ និងមានឥទ្ធិពល ប្រឆាំងទៅនឹងនិន្នាការដ៏គ្រោះថ្នាក់ទាំងនេះ ដោយរៀបចំជារណសិរ្ស ដែលមានរចនាសម្ព័ន្ធមិនរង្គោះរង្គើ។ យើងត្រូវតែរួមគ្នា និងបដិសេធយ៉ាងដាច់អហង្ការ ចំពោះកម្លាំងដែលបង្កអស្ថិរភាពបែបនេះ មិនឱ្យរីករាលដាលពាសពេញតំបន់របស់យើង ឬជ្រៀតចូលទៅក្នុងទីធ្លាក្រោយផ្ទះរបស់យើង។ ដើម្បីពង្រឹងអាណត្តិនេះ យើងត្រូវតែរក្សាទំនាក់ទំនង និងការសម្របសម្រួលជាប្រចាំរវាងស្ថាប័នរបស់យើង ដោយអនុញ្ញាតឱ្យការទូតសភា ដើរតួជាអ្នកការពារពហុភាគីនិយមដ៏រឹងមាំ។
សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃអង្គនីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់,
ការពិតនាពេលបច្ចុប្បន្នបានក្រើនរំលឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើលភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា។ ផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្តាលមកពីសង្គ្រាមនៅឆ្ងាយៗ មិនមែនជារឿងដាច់ដោយឡែកទៀតទេ តែបានប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើង តាមរយៈតម្លៃប្រេងឥន្ធនៈដែលហក់ឡើងយ៉ាងគំហុក ការផ្តាច់ចរន្តទីផ្សារនាំចេញ និងអត្រាអតិផរណាដែលកាន់តែខ្ពស់។
សំណួរដ៏សំខាន់ដែលយើងត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺថា តើយើងត្រូវបន្ថែមភ្នក់ភ្លើងរបស់ប្រទេសដទៃ ឬមួយក៏យើងត្រូវខិតខំពន្លឿនការរៀបចំផ្ទះសម្បែងឱ្យបានរៀបរយ ពន្លឿនការបង្កើតប្រព័ន្ធប្រកាសអាសន្នផ្ទៃក្នុង និងរៀបចំឧបករណ៍ពន្លត់ភ្លើងរបស់យើង?
ចម្លើយគឺច្បាស់លាស់ថា យើងដាច់ខាតមិនត្រូវចូលរួមបន្ថែមភ្នក់ភ្លើងសង្គ្រាមឡើយ ហើយក៏មិនត្រូវលោតចូលទៅក្នុងល្បែងជម្លោះរបស់មហាអំណាច ដែលកំពុងប្រកួតប្រជែងគ្នាដែរ។ ផ្អែកលើស្មារតីនេះ ខ្ញុំមានទស្សនៈថា ស្ថាប័ននីតិប្បញ្ញត្តិគួរតែជំរុញរបៀបវារៈយុទ្ធសាស្ត្រចំនួនប្រាំ ដូចខាងក្រោម ជាមួយនឹងសកម្មភាពជាក់ស្តែង ដែលអាចអនុវត្តបាន។
ទីមួយ – បូរណភាពទឹកដី និងការបង្កកជម្លោះ (Territorial Integrity and Conflict Freezing)៖ ដើម្បីតតាំងនឹងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឱ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើងត្រូវតែដើរតួឈានមុខ ក្នុងការស្តារឡើងវិញនូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកពីរលើកជាប់ៗគ្នា។ យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៍សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។ លើសពីនេះ យើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ (parliamentary ceasefire observer team) ផ្គុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។
ទីពីរ – បណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា (International Network of Eminent Parliamentarian Mediators)៖ ដើម្បីឈានផុតពីការទូតបែបអកម្ម យើងអាចពិចារណាលើការបង្កើតបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា ប្រមូលផ្តុំនូវសមាជិកសភាលេចធ្លោនានា ដែលអាចជំរុញការសម្រុះសម្រួលឱ្យមានសន្តិភាព ដោយសកម្ម។ ប្រធានអង្គនីតិប្បញ្ញត្តិទាំងអស់សុទ្ធសឹងជាឥស្សរជននយោបាយដែលមានបទពិសោធខ្ពស់ មានបណ្តាញទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ និងមានកិត្យានុភាពដែលបានកសាងជាយូរមកហើយ។ បណ្តាញសម្រុះសម្រួលឯកទេសនេះ ត្រូវតែឈានជើងឱ្យផុតពីភាពតឹងរ៉ឹងនៃមនោគមវិជ្ជា ហើយអាចធ្វើសកម្មភាពដោយភាពរហ័សរហួន ដើម្បីសម្រុះសម្រួលផ្ទាល់ជាមួយភាគីជម្លោះ មុនពេលដែលការប៉ះទង្គិចគ្នាបន្តិចបន្តួច អាចផ្ទុះឡើងបង្កជាសង្គ្រាមទ្រង់ទ្រាយធំ។ ជារចនាសម្ព័ន្ធ បណ្តាញអ្នកសម្រុះសម្រួលឆ្នើមទាំងនេះ គួរតែមានសេរីភាពប្រតិបត្តិការក្រោម អាណត្តិបត់បែន ជារចនាសម្ព័ន្ធ ចាកឆ្ងាយពីភាពរសើប ការដាក់កំហិតនយោបាយ និងពិធីការដ៏តឹងរ៉ឹង នៃការទូតបែបប្រពៃណីរវាងរដ្ឋ និងរដ្ឋ ដែលប្រើដោយអំណាចនីតិប្រតិបត្តិ។
ទីបី – គណនេយ្យភាពស្ថាប័ន និងដំណោះស្រាយតាមផ្លូវច្បាប់ (Institutional Accountability and Legal Recourse)៖ ដើម្បីជំនួសជាអចិន្ត្រៃយ៍ នូវច្បាប់ព្រៃ «អ្នកខ្លាំងឈ្នះ» ដោយគណនេយ្យភាពស្ថាប័នពិតប្រាកដ ស្ថាប័ននីតិប្បញ្ញត្តិរបស់យើងត្រូវតែបន្តចេញសេចក្តីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករេ។ យើងត្រូវតែឈរជារណសិរ្សជួរមុខ រួមគ្នាក្នុងការតស៊ូមតិ ដើម្បីការពារច្បាប់អន្តរជាតិ ការទូត ការសន្ទនាបើកចំហ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់។ តាមរយៈការចងក្រងបណ្តាញពហុភាគីនិយមឱ្យកាន់តែរឹងមាំ សំឡេងរួមរបស់យើង ត្រូវតែមានកម្លាំងខ្លាំងក្លា ដើម្បីប្រឆាំង និងទប់ស្កាត់ដោយសកម្ម ចំពោះការប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងនៅលើឆាកអន្តរជាតិ។ ខ្ញុំមានទស្សនៈថា សហគមន៍ដែលគោរពច្បាប់របស់យើង គប្បីខិតខំស្វែងរកផ្លូវច្បាប់ដើម្បីទប់ស្កាត់ល្បិចកលប្រផេះ (grey-zone tactics) ដែលចង់ពង្រីកមហិច្ឆតាទឹកដី និងការត្រួតត្រាលើអធិបតេយ្យប្រទេសដទៃដោយបង្ខំ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។
ទីបួន – ការការពារសេដ្ឋកិច្ច និងពាណិជ្ជកម្មពហុភាគី (Economic Shielding and Multilateral Trade)៖ ដើម្បីការពារសេដ្ឋកិច្ចរបស់យើង ពីផលប៉ះពាល់អវិជ្ជមាននៃឥទ្ធិពលខាងក្រៅ បណ្តាញប្រធានសភាត្រូវផ្តល់អាទិភាពដល់ការអនុម័ត និងការអនុវត្តសន្ធិសញ្ញាសេដ្ឋកិច្ចពហុភាគីដែលគ្មានការរើសអើង ដោយទាញយកផលប្រយោជន៍យ៉ាងសកម្មពីក្របខ័ណ្ឌពាណិជ្ជកម្មតំបន់ដែលមានស្រាប់ ដើម្បីទប់ស្កាត់មហាអំណាចមិនឱ្យចាត់ទុកប្រទេសតូចតាចជាកូនអុកដែលអាចទាត់ចោល។ លើសពីនេះ យើងត្រូវកៀរគរសំឡេងរួមរបស់យើង ដើម្បីប្រឆាំងយ៉ាងខ្លាំងក្លាចំពោះនយោបាយគាំពារនិយមពាណិជ្ជកម្ម ដែលត្រូវបានរុញច្រានដោយរបៀបវារៈនយោបាយលាក់កំបាំង ការយកលេសបរិស្ថាន និងការអនុវត្តស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្ស ដើម្បីយករឿងទាំងនេះ ធ្វើជាអាវុធក្នុងទំនាក់ទំនងសេដ្ឋកិច្ច ប្រឆាំងនឹងរដ្ឋដែលទន់ខ្សោយជាង។ ក្រៅពីការតស៊ូមតិនេះ យើងត្រូវពង្រឹងបណ្តាញ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់យើងឱ្យរឹងមាំ ដើម្បីបង្កើតជាខែលការពារដ៏រឹងមាំ ប្រកបដោយភាពធន់ ដោយធានាថា យើងអាចការពារទីផ្សារក្នុងស្រុករបស់យើងបានយ៉ាងសកម្ម ទប់ស្កាត់ការរំខានដ៏ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាបាននូវការងារសមរម្យ និងមានស្ថិរភាពសម្រាប់ប្រជាជនរបស់យើង។
ទីប្រាំ – ការការពារកេរ្តិ៍ឈ្មោះ (Reputational Defense)៖ ដើម្បីប្រឆាំងនឹងការវាយប្រហារលើកិត្យានុភាព និងការធ្វើឱ្យបាត់បង់ធម្មានុរូបជាប្រព័ន្ធ ចំពោះរដ្ឋដែលទន់ខ្សោយ យើងចាំបាច់ត្រូវពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចសភាកម្រិតខ្ពស់ឱ្យបានសកម្ម ដើម្បីបង្ហាញពីការពិតជាក់ស្តែងនៅលើទឹកដី និងលុបបំបាត់ចោល ដោយប្រសិទ្ធភាពនូវព័ត៌មានមិនពិត និងការខិតខំបង្កអស្ថិរភាពពីខាងក្រៅ។ យើងត្រូវតែពង្រឹងការប្តេជ្ញាចិត្តនៃបណ្តាញប្រតិបត្តិការរបស់យើង ដើម្បីធានាថា ដែនដីនៃរដ្ឋសមាជិកណាមួយ នឹងមិនត្រូវបានប្រើប្រាស់ឱ្យធ្វើជាទីតាំងបើកការវាយប្រហារ ឬជាជម្រកសុវត្ថិភាព ក្នុងការរៀបចំការវាយប្រហារផ្នែកនយោបាយ សកម្មភាពវិទ្ធង្សនា ឬយុទ្ធនាការបរិហារកេរ្តិ៍ប្រឆាំងនឹងគ្នាទៅវិញទៅមកឡើយ។ ក្នុងនាមជាប្រធានសភា យើងមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការដឹកនាំអប់រំសាធារណមតិ និងមហាជនជាតិ និងអន្តរជាតិ។ នៅពេលដែលយុទ្ធនាការបរិហារកេរ្តិ៍ដ៏ពិសពុល ចាប់ផ្តើមគ្របដណ្តប់លើប្រព័ន្ធផ្សព្វផ្សាយ យើងត្រូវតែពង្រឹងកិច្ចសហការរបស់យើងឱ្យបានឆាប់ តាមរយៈការចែករំលែកព័ត៌មាន ដោយចាប់ដៃគ្នាស្អិតរមួត ដើម្បីនិយាយការពិត និងទាមទារយុត្តិធម៌សម្រាប់ប្រជាជាតិរបស់យើង។
សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃអង្គនីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់,
ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់តែកើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃប្រជាជាតិរបស់យើងមិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ហើយក៏មិនអាស្រ័យលើការប្រែប្រួលមិនប្រាកដប្រជានៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ ជោគវាសនានៃប្រជាជាតិរបស់យើងគឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ។
យើងគួរប្រើប្រាស់សន្និសីទនេះ ដើម្បីធ្វើពង្រឹងឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះច្បាប់អន្តរជាតិ ការរស់នៅជាមួយគ្នាដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមក និងភាពរុងរឿងរួមគ្នា។ យើងត្រូវពង្រឹងការទូតសភា ដើម្បីធ្វើជាកម្លាំងចលករគាំទ្រដល់កិច្ចសន្ទនា ទំនុកចិត្ត និងសន្តិភាព។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
ហើយខ្ញុំសូមយកឱកាសនេះ ជម្រាបអង្គប្រជុំថា នៅក្នុងជំនួបសម្ដែងការគួរសម យើងក៏បានឆ្លៀតដើម្បីពិភាក្សាថា តើប្រទេសណានឹងក្លាយជាអ្នករៀបចំនូវសន្និសីទ ISC-3។ ខ្ញុំសូមជម្រាបនិងអរគុណចំពោះឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ដែលស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧។ សូមអបអរសាទរ។
សម្រាប់ខ្លួនខ្ញុំៗនៅសល់អាណត្តិរហូតដល់ ២០៣០ ដូច្នេះ ខ្ញុំមានលទ្ធភាពនឹងទៅឥណ្ឌូនេស៊ី បន្ទាប់ទៅ ២០២៧ ២០២៨ ២០២៩ អាចថានៅសល់ត្រឹម៣ឆ្នាំទៀត អញ្ចឹងខ្ញុំនៅមានលទ្ធភាពដើម្បីធ្វើដំណើរ។ ហើយពេលនោះ ខ្ញុំមិនទាន់ចាស់ពេកទេ ប៉ុន្តែ សក់ក្បាលក៏នៅតែខ្មៅ ទុកឲ្យនាយករដ្ឋមន្រ្តីសក់សទៅចុះ ព្រោះគេក្មេង។
[ចប់សេចក្ដីអធិប្បាយ៥]
ជាមួយនឹងការប្រកាសបើកសន្និសីទ ខ្ញុំសូមជូនពរឱ្យ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ទទួលបានកិច្ចពិភាក្សាប្រកបដោយអត្ថន័យខ្លឹមសារ និងជោគជ័យត្រចះត្រចង់។
សូមអរគុណ!


