ថ្ងៃនេះ ខ្ញុំឡើងមកសួរសុខទុក្ខកូនក្មួយ ដែលបានមកធ្វើការនៅរោងចក្រផលិតសម្ភារៈយោធា ដែលមិនមែនជាសម្ភារៈយោធា(សំរាប់ប្រើ)ដើម្បីឈ្លានពានអ្នកណាទេ ក៏ប៉ុន្តែជាសម្រាប់ការការពារខ្លួន។ អាចនិយាយបានថា ប៉ុន្មានខែមកហើយ យើងមិនបាននាំចូល(សម្ភារៈ)សម្រាប់ផ្គត់ផ្គង់ឱ្យកងទ័ព និងនគរបាលរបស់យើងទេ។ យើងប្រើប្រាស់របស់ដែលផលិតនៅទីនេះ ជំនួសឱ្យការនាំចូល ដែលមានការពិបាកផងនិងមានតម្លៃថ្លៃផង។
ផលិតកម្មនៅទីនេះ ជួយដោះស្រាយការងារក្នុងស្រុកផង ធានាគុណភាពខ្លួនឯង ហើយដោះស្រាយបញ្ហាតម្លៃ ផ្សេងៗ ខ្លួនឯងផង។ ខ្ញុំដឹងថា កូនក្មួយភាគច្រើន(ដែលធ្វើការនៅទីនេះជាអ្នករស់)នៅក្នុងខេត្តបាត់ដំបង និងមានមួយចំនួនជាអតីតពលករនៅប្រទេសថៃ។
កិច្ចការដែលយើងធ្វើនេះជាផ្នែកមួយនៃឧស្សាហកម្មការពារជាតិ ដើម្បី(ជាផលិតផល)ការពារដល់សាច់ឈាមរបស់យើង ដែលកំពុងឈរការពារប្រទេសជាតិនិងប្រជាជន។ សូមយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តម (?) ដែលបានដឹកនាំការងារនេះជំនួសឱ្យខ្ញុំ។ ខ្ញុំមិនមានការងារណាមួយជាអគ្គភស្ដុភារជាន់ខ្ពស់នោះទេ ប៉ុន្តែបងប្អូនប្រសិទ្ធនាមឱ្យខ្ញុំជាអគ្គភស្ដុភារយោធាជាន់ខ្ពស់។ ខ្ញុំទទួលយក ប៉ុន្តែការទទួលយកនេះ វាស្របគ្នានឹងភារកិច្ចដែលខ្ញុំទទួលខុសត្រូវជួយរាជរដ្ឋាភិបាលលើកិច្ចការឧស្សាហកម្មការពារជាតិ។
អ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំធ្វើ។ ឥឡូវនេះ វាបានចេញជាលទ្ធផលហើយ។ យើងមិនមែនធ្វើត្រឹមតែផ្គត់ផ្គង់ឲ្យកងទ័ព នគរបាល និងកងរាជអាវុធហត្ថរបស់យើងទេ។ គោលដៅរបស់យើងគឺឈានទៅនាំចេញសម្រាប់ប្រទេសទាំងឡាយដែលមានតម្រូវការ … (ដាច់សម្លេង) … (តែត្រូវមានការបញ្ជាក់ពីប្រទេសនោះ ដោយមិនឱ្យធ្លាក់)ទៅក្នុងដៃក្រុមប្រឆាំងក្នុងប្រទេសមួយផ្សេងទៀតឡើយ។ យើងមិនអាចធ្វើដូច្នេះបានទេ។
ដោយឡែក រោងចក្រមួយនេះ ខ្ញុំបានបញ្ជាទិញតម្លៃ ៧លានកន្លះ(ដុល្លារ)រួចហើយ។ ខ្ញុំនៅជំពាក់តែ ១លាន(ដុល្លារ)ទេ។ កាលពីមុន យើងទិញពីខាងក្រៅ។ ពិបាកហើយថ្លៃ បូកនឹងការដឹកជញ្ជូន។ ការដឹកជញ្ជូនជារឿងលំបាក ព្រោះឈុតនីមួយៗ មានទាំងមួក ទាំងអាវ មានទម្ងន់ ៨គីឡូកន្លះ។ ហ្នឹងជារឿងពិបាក។ ជួនកាល ចង់ប្រញាប់ដឹកតាមយន្តហោះ គឺបានតែប៉ុន្មានពាន់កំប្លេរទេ។ យើងត្រូវការប្រើរាប់ម៉ឺនកំប្លេរ។
នៅក្នុងឱកាសនេះ ខ្ញុំក៏សូមអរគុណចំពោះសប្បុរជននានា ដែលកន្លងមកបានប្រឹងប្រែងក្នុងការជួយទៅដល់ការទិញអាវការពារនេះជូនទៅយុទ្ធជននៅសមរភូមិ។ ខ្ញុំសូមបញ្ជាក់ថា ទន្ទឹមនឹងការអរគុណ ខ្ញុំក៏សូមឱ្យកងទ័ពពិនិត្យឡើងវិញ ព្រោះថាជួនកាលអាវក្រោះទាំងនោះមិនបានសាកទេ។ ដូច្នេះ វាជាការប្រថុយប្រថានមួយ (ដែលយកទៅប្រើដោយមិនបានសាកមើល)។ យ៉ាងណាក៏ដោយយើងនៅតែប្រើប្រាស់ ប៉ុន្តែអាចយកមកឱ្យកូនប្រពន្ធពាក់ក៏បានដែរ។ វាជាផលិតផលរបស់យើងដែលមានការធានា។
សុំបញ្ជាក់ថា អាវដែលផលិតនៅទីនេះ មួកផលិតនៅទីនេះ នាយករដ្ឋមន្រ្តីបានបាញ់(សាក)ផ្ទាល់ដៃដើម្បីឱ្យដឹងថាគុណភាពវាហ្នឹងដល់កម្រិតណា។យើងបានពិនិត្យសុវត្ថិភាពរួចហើយ។ យើងនឹងបន្តការផលិតដើម្បីផ្គត់ផ្គង់ឱ្យកងទ័ព នគរបាល និងកងរាជអាវុធហត្ថ។ សូម្បីតែកម្លាំងប្រឆាំងភេរវកម្ម កម្លាំងបង្រ្កាបពួកឆបោកតាមអនឡាញ ក៏ត្រូវប្រើអាវការពារ(នេះដែរ) ក្រែងលោមានការតដៃណាមួយ បងប្អូនមានឧបករណ៍ការពារខ្លួន។
សូមយកឱកាសនេះ និយាយទៅកាន់មនុស្សប៉ុន្មាននាក់ដែលប៉ុន្មានថ្ងៃមុនបានទិតៀនខ្ញុំ។ មនុស្សទាំងនោះនៅក្រៅប្រទេស។ ខ្ញុំនិយាយសុំទោសជាសាធារណៈអំពីការត្រៀមរៀបចំខ្លួនមិនបានគ្រប់គ្រាន់ វាចេញមកវាយប្រហារខ្ញុំ។ ពួកឯងស្គាល់ ហ៊ុន សែន តិចហើយ។ កាលដែលអញទិញឡានច្រើន ទិញកាំភ្លើងច្រើន ពួកឯងថាអញចំណាយលុយខ្ជះខ្ជាយទិញកាំភ្លើង។ ដូចដែលបានឃើញ គឺដោយសារតែការទិញកាំភ្លើងច្រើនហ្នឹងហើយបានអាចធានាក្នុងការប្រយុទ្ធកន្លងទៅ។ អញនិយាយអំពីចំណុចខ្វះខាតដែលត្រៀមរៀបចំខ្លួនមិនបានល្អ រាប់ទាំងអាវហ្នឹងក៏ជាផ្នែកមួយនៃការប្រយុទ្ធដែរ។ ពួកឯងត្រូវយល់។ បើពួកឯងស្គាល់ ហ៊ុន សែន មិនច្បាស់ទេ ពួកឯងទៅរៀនទៀត។ បើរៀនជាតិហ្នឹងមិនច្បាស់ទេ ជាតិក្រោយពួកឯងរៀនទៀត ទើបពួកឯងដឹងថា ហ៊ុន សែន មនុស្សបែបណា។
សូម្បីតែជាចំណុចតូចតាចក៏យើងត្រូវហ៊ានយកការទទួលខុសត្រូវ។ ឧទាហរណ៍ បណ្តោយឲ្យកងទ័ព នគរបាល អាវុធហត្ថ ខ្វះនូវសម្ភារៈការពារ … (ដូចជា)អំបែងមួយមិនគួរប៉ះសាច់ទេ បើសិនជាមានអាវការពារខ្លួន។ នេះជាចំណុចដែលខ្ញុំបានលើកសុំអធ្យាស្រ័យពីប្រជាពលរដ្ឋ ដោយយកការទទួលខុសត្រូវ។ អញ្ចឹង ផ្តាំទៅពួកប៉ុន្មានក្បាលនៅក្រៅប្រទេស ក្រៅរបង ឈប់ព្រុសទៅ។ បើសិនជានៅតែព្រុស ក៏ពួកឯងរង់ចាំមើលលទ្ធផលទៅ។ សមត្ថភាពរបស់កម្ពុជាអាចធ្វើបាន។ ពួកឯងចាំមើលថា តើនៅពេលខាងមុខ កម្ពុជាមានឧស្សាហកម្មយោធាប៉ុនណា។ នេះជាការប្តេជ្ញាចិត្តក្នុងនាមជាអ្នកទទួលខុសត្រូវម្នាក់ក្នុងប្រទេសជួយដល់រាជរដ្ឋាភិបាល។
ក្មួយៗទាំងឡាយ ដែលធ្វើការនៅទីនេះ ត្រូវតែបង្កើនការយកចិត្តទុកទៅលើបញ្ហាគុណភាព។ ប្រសិនបើគ្មានប្រសិទ្ធភាពទេ គ្មានគុណភាពទេ មិនអាចយកទៅបំពាក់ឲ្យកងទ័ពទេ។ ជីវិតកងទ័ពសំខាន់ និង/ឬជីវិតមនុស្សសំខាន់។ ដូច្នេះ មិនអាចផលិតដោយខ្ជីខ្ជាបានបានទេ។ ត្រូវតែ(អោយច្បាស់ថាតើផលិតផលនេះអាច)ធានាបានចំពោះគ្រាប់ប្រភេទណាខ្លះ។ តែយើងផលិតដោយមានស្តង់ដារគ្រប់គ្រាន់។
ដែលអម្បាញ់មិញនេះបានដើរមើល ទោះបីយើងមិនទំនើបពេកក្តី ក៏យើងមានសមត្ថភាពឆ្លើយតបការងារមួយចំនួនជាតម្រូវការ ទាំងកងទ័ពនៅជួរមុខ ទាំងអ្នកប្រតិបត្តិការផ្សេងៗ ដែលអាចមានការចាំបាច់ត្រូវប្រើប្រាស់។ ជាមួយគ្នានេះ យើងសប្បាយរីករាយចំពោះវឌ្ឍនភាព។ យើងបានដំណើរការសរុបប៉ុន្មានខែហើយ មកដល់ឥឡូវនេះ? បាន ៦ខែហើយ។ យើងចាប់ផ្តើមការផលិតពីខ្នាតតូចចំនួនតិចទៅចំនួនច្រើន។ យើងអត់និយាយពីរាប់រយកំប្លេ ឬរាប់ពាន់កំប្លេទេ យើងនិយាយពីរាប់ម៉ឺនកំប្លេ។ (ជាមួយវឌ្ឍនភាព)ហ្នឹង សូមផ្តាំទៅមនុស្សប៉ុន្មានក្បាលនៅក្រៅប្រទេសនោះ។ វាពិបាកនិយាយចំពោះពួកឯងដោយហៅថាឯកឧត្តម លោកជំទាវ …។
បានជាជ្រុលនិយាយហើយ (ក៏ជូនជាដំណឹងថា)យប់ម្សិលបានឈ្លបចូលទីក្រុងភ្នំពេញ។ ខ្ញុំប្រកាសពីកន្លែងនេះ។ យប់ម្សិលឈ្លបចូលកន្លែងទី១ រកឃើញសាច់បង្កកចេញពីថៃចូលមកខ្មែរ ធ្លាយដល់ភ្នំពេញ។ ស្រាវជ្រាវអត់ឱ្យរួចខ្លួនទេ។ ឥឡូវឱ្យប្រមូលតាំងពីអ្នកបើកឡាន អ្នកពាក់ព័ន្ធទាំងអស់តាមផ្លូវយកមក។ ដោយសារតែអញ្ចឹង បានជាមិនចេះអស់។ ទំនិញស្តុកបាតឃ្លាំងឯណាក៏មិនចេះអស់ រយៈពេលមួយឆ្នាំទៅហើយ។ វា(ចេះតែមាន)យកមកថ្មីៗ … ខ្ញុំផ្តាំទៅ ឃួង ស្រេង ផ្តាំទៅអគ្គស្នងការនគរបាលជាតិ បើកការស៊ើបអង្កេតឱ្យអស់។ អត់ឱ្យទំនិញថៃណាចូលមកក្នុងស្រុកខ្មែរទេ។
ថៃថា យើងជាអ្នកទៅលួចទំនិញគេ។ អ្នកណាទៅលួចទំនិញអ្នកណា? បើនិយាយឱ្យត្រូវទៅ ដែលយកទំនិញមកដល់ភ្នំពេញ គេចាត់ទុកដូចជាយើងទៅលួចគេអញ្ចឹងដែរ … ខ្ញុំប្តូរផ្តាច់ បញ្ជាក់ពីទីក្រុងបាត់ដំបងទៅកាន់ទីក្រុងភ្នំពេញ និងគ្រប់ទីកន្លែង ឱ្យឈប់ជាបន្ទាន់ ដកខ្លួនជាបន្ទាន់ ហើយរកមុខរបរផ្សេង កុំទៅដឹករបស់គេមកវេចខ្ចប់។ មិនដឹងថារបស់អស់ហ្នឹងមានគ្រោះថ្នាក់យ៉ាងម៉េចចំពោះសុខភាពប្រជាពលរដ្ឋទៀត។ មានសម្ភារៈមួយចំនួននៅពេញឃ្លាំង។ អញ្ចឹងវាមកតាមណា? ប្រមូលឱ្យអស់តាំងពីអ្នកបើកឡាន តាំងពីអីៗហ្នឹង។
ទុកថៅកែខ្លះឱ្យខ្ញុំសួរចម្លើយផ្ទាល់។ ត្រឡប់ទៅភ្នំពេញវិញ ខ្ញុំចង់ជួបពួកថៅកែហ្នឹងផ្ទាល់ ម្នាក់ម្តងៗ សុំនិយាយឱ្យត្រង់មកថា “ឱ្យលុយអ្នកណាខ្លះ? ធ្វើម៉េចយកទំនិញថៃចូលមកស្រុកខ្មែរបាន? នៅប្រទេសថៃមានឈ្មោះអីខ្លះ?” ដើម្បីយើងផ្សព្វផ្សាយឱ្យទៅប្រទេសថៃ។ ថៃគេរកមុខពួកអ្នករត់ពន្ធហ្នឹងដែរ។ បើអញ្ចឹង យើងចាប់បានអ្នករត់ពន្ធនៅស្រុកខ្មែរ យើងប្រកាសឈ្មោះហ្នឹងទៅ ឱ្យប្រទេសថៃគេស្រាវជ្រាវទៅ។
យើងអត់មានត្រូវការទំនិញពីប្រទេសថៃទេ។ និយាយឱ្យត្រង់អញ្ចឹងតែម្តងទៅ។ ខ្ញុំបញ្ជាក់ទៅគយឱ្យមានការពិនិត្យហ្ម៉ត់ចត់ ឱ្យច្បាស់ថាអាហ្នឹងសុទ្ធតែមកតាមស្ទឹងត្រែង … ឥឡូវ តាមព័ត៌មានមើលៗ ចាប់ពីយប់ហ្នឹងទៅ នៅព្រំដែនបាត់ដំបង ឮថាគេបើករកស៊ីពីម៉ោង ១១យប់ ទល់ម៉ោង៤ភ្លឺ។ អញ្ចឹង តាមមើល។ ឯកឧត្តម សុខ លូ មើលឱ្យច្បាស់។ វាយវាឱ្យបាក់ជើង។ និយាយវាមិនស្តាប់ មានតែព្រនង់។ ធម្មតា តែចាប់ពួកឯងៗ តដៃ គេប្រើព្រនង់ រួចហើយយកមកញាត់គុក។ ហ្នឹងវាមានតែប៉ុណ្ណឹង។
ដំណើររបស់ខ្ញុំមកនេះមិនមែនជាការដើរលេងទេ។ ខ្ញុំមកពិនិត្យមើល និងជួបមន្ត្រីរាជការ។ ប៉ុន្តែពាក់ព័ន្ធនឹងរឿងព្រំដែន។ ខ្ញុំចង់និយាយអរគុណចំពោះកម្មករកម្មការិនីទាំងអស់ដែលបានចូលធ្វើការនៅទីនេះ បង្កើតការផលិតដោយខ្លួនឯង។ មិនគ្រាន់តែប៉ុណ្ណឹងទេ ហ៊ុន សែន នឹងឈានទៅជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀតពាក់ព័ន្ធទៅនឹងវិស័យការពារនិងសន្តិសុខជាតិ។ យើងនឹងធ្វើឱ្យបាន។ កម្ពុជាធ្លាប់ធ្វើដល់អង្គរវត្តដូច្នេះការធ្វើប៉ុណ្ណឹងវាមិនជាការលំបាកសម្រាប់កូនខ្មែរជំនាន់ក្រោយនេះទេ។
យើងមិនទុកឱ្យអ្នកណាមើលងាយ មិនទុកឱ្យអ្នកណាប្រមាថយើងទេ។ យើងត្រូវមានសេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តបំពេញការងារនៅទីនេះ។ ពិតមែនហើយធ្វើកម្មករ វាមិនមែនស្រួលដូចថៅកែទេ ប៉ុន្តែបើយើងមិនធ្វើកម្មករ តើយើងធ្វើអី? បើធ្វើកម្មករក្នុងស្រុក វាប្រសើរជាងធ្វើកម្មករនៅក្រៅប្រទេស ដែលវានៅឆ្ងាយពីផ្ទះសម្បែង។
ថ្ងៃនេះ មានកម្មករសរុប ២៤៨នាក់ ដោយសារយើងធ្វើហួសម៉ោង ខ្ញុំប៉ូវជូន ៥០ម៉ឺនរៀលក្នុងម្នាក់ៗ។ ម៉ោង៤បិទ ដល់ម៉ោង៤អត់ទាន់បានចេញផង ឥឡូវម៉ោង៥ជាងហើយ។ អញ្ចឹង ខ្ញុំថែម ៥០ម៉ឺនជូន។ ថែមម៉ោង។ ឯចំពោះអ្នកពោះធំ ៣នាក់ ខ្ញុំបានជូនម្នាក់១លានរៀល ថែមទាំងដាក់ឈ្មោះឱ្យចៅហើយ មានមួយនោះឈ្មោះ សក្កុណា មួយឈ្មោះ លក្ខិណា ឯមានមួយនោះ ឈ្មោះ សកុណា។ អញ្ចឹងចាំឈ្មោះ។ ប្រយ័ត្នទៅដល់ផ្ទះវិញមិនចាំឈ្មោះប្រាប់ប្តី។ ជូនម្នាក់១លានរៀលហើយ ព្រោះអ្នកមានផ្ទៃពោះតែ ៣នាក់ទេ។ ឯចំពោះជនពិការម្នាក់ជាស្ត្រីដែរ ខ្ញុំក៏ជូនម្នាក់ ១លានផងដែរ។ អ្នកទាំងអស់គ្នាមិនច្រណែនអីទេ។
អរគុណសម្តេច ឯកឧត្តម លោកជំទាវ បានមកចូលរួម។ ខ្ញុំនិយាយដោយច្បាស់ៗ ជាមួយពួកប៉ុន្មានក្បាលនៅក្រៅប្រទេស ដែលតែងតែតាមទិតៀន។ គ្រាន់តែយើងប្រកាសទទួលខុសត្រូវ ដែលការទទួលខុសត្រូវមិនមែនចាំតែខ្វះកាំភ្លើងបានទទួលខុសត្រូវទេ … កុំមើលឃើញថារឿងនេះជារឿងកំប៉ិកកំប៉ុក។ ខ្ញុំត្រូវប្រកាសទទួលខុសត្រូវ ដោយសារខ្ញុំមិនបានគិតគូរសព្វគ្រប់ មុនពេលដែលខ្ញុំចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី។ វាលើកទៅឯណាណោះ។ ពួកឯងពូកែខ្លាំងណាស់ តែពួកឯងប្រហែលជាគ្មានពេលជួបអញទេ ឬមួយក៏ពួកឯងងាប់មុន ឬមួយក៏អញងាប់មុនតែប៉ុណ្ណឹងទេ។ ជីវិតវាមិនទៀង តែការស្លាប់វាទៀងណាស់។ តែបើចាំជាតិ ពួកឯង!ចាំស្គាល់គ្នាជាតិក្រោយទៀតទៅ។ ពួកឯងមិនចង់បង្រួបបង្រួមជាតិ។ តែពួកឯងចង់ឱ្យអញបង្រួបបង្រួមជាតិ។ ពួកចង់ផ្តួលត្រកូលហ៊ុន … អញ្ចឹងឱ្យអញធ្វើម៉េច? មានតែឃើញមួយវាយមួយ ឃើញពីរវាយពីរ ព្រោះពួកឯងនិយាយស្តីតែពីចង់ផ្តួលអញ។ អញ្ចឹង ស្មានតែអញទុកឱ្យពួកឯងវាយលេង។ មានតែអញឃើញអញវាយពួកឯងមុន។ អញមិនចាំដល់ពេលដួលហើយ (បានប្រវេប្រវាថា)សុំលើកពូទៅវាយអានោះផងទេ។ ទាន់អញនៅមានកម្លាំង ធាក់ពួកឯងមួយជើងឱ្យដួលហើយ និយាយឱ្យច្បាស់ហ្មង។ ពួកនេះនិយាយតិចតួចអត់កើតទេ។ នេះផ្សាយបន្តផ្ទាល់។ ពួកឯងតាមមើល រួចហើយចេញតាមវិទ្យុ ស្អីៗ ពួកឯងចេញឱ្យអស់ៗទៅ។ រួចហើយអញមានឱកាស អញជេរពួកឯងតទៅទៀត។
ឥឡូវថ្ងៃនេះប៉ុណ្ណឹងចុះ។ អរគុណក្មួយៗ ហើយផ្តាំផ្ញើសួរសុខទុក្ខឪពុកម្តាយ ជីដូនជីតា ក្រុមគ្រួសារ ដែលធ្លាប់បានបោះឆ្នោតជូនគណបក្សប្រជាជន ហើយសូមបន្តបោះទៀត ទើបយើងមានការងារធ្វើ។ វាមិនទាន់ដល់ពេលបោះឆ្នោតទេ ក៏ប៉ុន្តែកន្លងទៅវាច្បាស់ណាស់ថាអ្នកបាត់ដំបងនេះ បោះឆ្នោតជូនគណបក្សប្រជាជន។ បោះតាំងពីជំនាន់ដូនតា រហូតដល់ម៉ែឪ រហូតដល់ខ្លួន។ សង្ឃឹមថាអ្នកទាំងអស់គ្នាបន្តការបោះឆ្នោតឲ្យគណបក្សប្រជាជន។ មានតែគណបក្សប្រជាជនមួយគត់ ដែលអាចរកសន្តិភាព រក្សាសន្តិភាព បើទោះបីមានបញ្ហាព្រំដែន ក៏ប៉ុន្តែផ្ទៃក្នុងរបស់កម្ពុជា អត់មានផ្ទុះអាវុធមួយគ្រាប់ណាវាយគ្នានោះទេ។
ប្រទេសខ្លះនៅក្នុងតំបន់ បន្តិចៗ ក៏មានផ្ទុះគ្រាប់បែក បន្តិចៗ ក៏វាយគ្នានៅកន្លែងនេះ បន្តិចៗ ក៏មានវាយគ្នានៅកន្លែងនោះ។ ស្រុកខ្មែរអត់មានធុននឹងទេ។ កាលពីដើម អ្នកនៅភ្នំសំពៅសុទ្ធតែព្រួយបារម្ភពី(សន្តិសុខ)ពីប៉ៃលិនមកតាមផ្លូវជាតិលេខ១០ មកដល់ភ្នំសំពៅ ត្រែង បវេល ឯកភ្នំ … សុទ្ធតែសង្គ្រាម។ ឥឡូវគ្មានសង្គ្រាមទេ។ មានតែគណបក្សប្រជាជនមួយគត់ដែលអាចធ្វើរឿងនេះបាន។ សូមជូនពរក្មួយៗទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនិងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ចម្លើយចំពោះសារព័ត៌មាន
សម្តេចតេជោ៖ ខ្ញុំគិតថា មិនគួររឿងប៉ុណ្ណឹង ប្រទេសនីមួយៗ ភាន់ច្រឡំទេ។ ប្រទេសខ្លះ ទៅទិញយន្តហោះពីប្រទេសនេះ ទៅទិញរថក្រោះពីប្រទេសនោះ តើកម្ពុជាដែលជំទាស់គេទេ? អ្នកខ្លះផលិតទាំងអាវុធនុយក្លេអ៊ែរ ទាំងមីស៊ីល តើកម្ពុជាមានដែលទៅហាមប្រាម ឬតិះដៀលប្រទេសណាទេ? ជាសិទ្ធិអធិបតេយ្យរបស់ប្រទេសនោះ។ ការកសាងសមត្ថភាពកងទ័ពបែបនេះ មិនមែនជាការគំរាមកំហែងរបស់អ្នកណាទេ។ នេះជាផ្នែកមួយនៃកិច្ចការពារខ្លួនសម្រាប់កងទ័ព ឬក៏កងទ័ពសម្រាប់ការប្រយុទ្ធ។ ចំពោះរថក្រោះ ប្រទេសណាក៏វាមានរថក្រោះដែរ ហើយរថក្រោះវាមិនមែនមានត្រឹមតែ ៣០គ្រឿងទេ។ កន្លងទៅមានរថក្រោះរាប់រយគ្រឿងឯណោះ។ នេះត្រឹមតែជាង ៣០គ្រឿង ហើយនិងមកដល់ថែមទៀតប៉ុន្មានជិត ៩០គ្រឿង។ វាមិនច្រើនទេសម្រាប់កងទ័ពកម្ពុជា ក្នុងពេលដែលកងទ័ពកម្ពុជាមានរាប់រយគ្រឿងទៅហើយនោះ។
សូមបញ្ជាក់ថា កម្ពុជាមិនឈ្លានពានអ្នកណាទេ។ កម្ពុជាមិនគំរាមកំហែងអ្នកណាទេ មិនថាប្រទេសនោះខ្លាំង មិនថាប្រទេសនោះខ្សោយទេ។ កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានអ្នកណាទេ។ សូមមើលក្នុងប្រវត្តិសាស្ត្រ តើកម្ពុជាមានដែលនាំកងទ័ពចេញផុតពីព្រំដែនរបស់ខ្លួនទេ? កម្ពុជាធ្លាប់មានកងទ័ពចេញពីព្រំដែនប្រទេសរបស់ខ្លួន ប៉ុន្តែតើទៅធ្វើអី? គឺទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ ហ្នឹងជាកងទ័ពដែលចេញផុតពីព្រំដែន។ ក្នុងអតីតកាល យើងធ្លាប់ដឹងហើយថា ក្រោមអាណានិគមបារាំង ជនជាតិកម្ពុជាមួយចំនួនក៏បានឆ្លងកាត់ចេញពីព្រំដែនរបស់កម្ពុជាទៅកាន់ប្រទេសផ្សេង ដូចជាការទៅអាល់ហ្សេរី ទៅម៉ារ៉ុក និងទៅប្រទេសខ្លះទៀត ក្នុងនាមជាកងទ័ពបារាំង។ ពួកគាត់មិនបានទៅ ក្នុងនាមជា(ទ័ព)រដ្ឋអធិបតេយ្យកម្ពុជាទេ។ ឯរដ្ឋអធិបតេយ្យកម្ពុជាធ្លាប់នាំកងទ័ពចេញ តែក្នុងប្រតិបត្តិការរក្សាសន្តិភាព មិនដែលនាំចេញផុតពីបន្ទាត់ព្រំដែនរបស់ខ្លួនទេ។
សូមបញ្ជាក់ វាគ្មានការគំរាមកំហែង ហើយគ្មានប្រទេសណាដែលមិនគួរមកតិះដៀលកម្ពុជាទេ … យើង(ប្រកាន់យកការដោះស្រាយដោយ)សន្តិវិធី គឺមានន័យថាយើងមិនទៅវាយគេ ប៉ុន្តែបើសិនជាគេវាយយើង គឺអត់សន្តិវិធីជាមួយទេ។ សូមបញ្ជាក់ រថក្រោះនេះវាមិនបានស្មើ១០% នៃរថក្រោះដែលកម្ពុជាមានសព្វថ្ងៃផង។ ដូច្នេះ វា(ជារឿង)តូចតាចកំប៉ិកកំប៉ុកណាស់ មិនគួរមកថា(កម្ពុជា)បង្ហាញរថក្រោះ(អីទេ)។ (ធម្មតា)មុននឹងយករថក្រោះទៅច្បាំង គេយកទៅសាកល្បងសិន។ មិនទាន់ទាំងការសាកល្បងផង ខ្លះមិនទាន់ចុះពីកុងតឺន័រផង ក៏ស្រាប់តែមានរបាយការណ៍ថា ទៅរាយតាមព្រំដែនកម្ពុជាថៃបាត់ទៅហើយ។
សម្តេចក្រឡាហោម ទោះបីគាត់មិនធ្វើទ័ព ក៏ប៉ុន្តែគាត់ក៏មានជំនាញទ័ពដែរ កែ គឹមយ៉ាន ជាអតីតអគ្គបញ្ជាការកងទ័ព អ៊ីចឹងទេ សុទ្ធតែមេទ័ព … មេទ័ពណាដែលដឹក(រថក្រោះ)មកដល់ភ្លាម ឲ្យដឹកយកមកព្រំដែនភ្លាម? យកមកធ្វើអី? ដឹកនាំតែអស់ប្រេង។ ដឹកយកមកធ្វើអី? បើមានការចាំបាច់ យើងចល័ត ក៏វាមិនយូរប៉ុន្មានទេ។ ប៉ុន្តែនៅតាមព្រំដែន យើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីនឹងឆ្លើយតបចំពោះសភាពការណ៍ថ្មី ក្នុងករណីដែលមានការបំពានបន្ថែម។ យើងក៏មិនអាចឱបដៃឈរមើលការបំពានបន្ថែមដែរ។
សូមបញ្ជាក់ កម្ពុជានៅតែប្រកាន់ឥរិយាបថ ដោះស្រាយដោយសន្តិវិធី តាមរយៈការចរចាលើយន្តការដែលមានស្រាប់ មានចែងនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ គឺមានការកំណត់អំពីការត្រូវវាស់វែងព្រំដែន។ ដីអ្នកឯងៗ យកទៅ។ ដីខ្ញុំៗ យក។ ហ្នឹងនិយាយគ្នាឲ្យបានច្បាស់។ កម្ពុជាគ្មានការគំរាមកំហែងអ្នកណាទេ។ ឥឡូវបើកឲ្យសួរ ក៏បានសួរហើយ សួរៗ សួរតែម្តងទៅ។ មើលអ្នកណាចង់សួរ?
BTV៖ … បន្ទាប់ពីសម្តេចតេជោបានពិនិត្យមើលវឌ្ឍនភាពនៅទីនេះ កម្រិតស្តង់ដារអន្តរជាតិនិងស្នាដៃកូនខ្មែរ មានបន្ទះការពារ មានមួកសុវត្ថិភាព និងអាវក្រោះ សម្តេចបានមានប្រសាសន៍ថាជាមហិច្ឆតារបស់កម្ពុជាថ្ងៃក្រោយ មិនមែនត្រឹមតែផ្គត់ផ្គង់ក្នុងស្រុកទេ យើងក៏នឹងនាំចេញទៅក្រៅប្រទេសដែរ។ ក្រៅពីនេះ តើសម្តេចមើលឃើញថាកម្ពុជាអាចមានសមត្ថភាពផលិតផលសម្ភារៈយោធាអ្វីបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេស?
សម្តេចតេជោ៖ ទាក់ទិននឹងបញ្ហានៅទីនេះ ដំបូងយើងផលិតសម្រាប់តម្រូវការក្នុងស្រុក។ ក៏ប៉ុន្តែយើងមិនបដិសេធការបញ្ជាទិញពីប្រទេសណាផ្សេងទេ។ អ្វីដែលយើងត្រូវការឱ្យច្បាស់ គឺត្រូវការបញ្ជាក់ពីប្រទេសប្រទេសណាដែលត្រូវការទិញ ដោយសារនៅលើពិភពលោក សូម្បីតែថៃ នៅភាគខាងត្បូង ក៏កំពុងមានកម្លាំងបះបោរក្នុងប្រទេស។ អញ្ចឹង មិនស្រួល របស់យើងលក់វាធ្លាក់ទៅក្នុងដៃអ្នកដែលនៅភាគខាងត្បូង ដែលកំពុងវាយប្រហារលើប្រទេសថៃសព្វថ្ងៃ។ បើយើងលក់មិនស្រួល វាធ្លាក់ទៅលើពួកអាប៊ូសាយ៉ាហ្វ នៅកោះមីនដាណាវ របស់ហ្វីលីពីន។ បើយើងលក់មិនស្រួលប៉ះកងទ័ពការ៉ែន ដែលបះបោរនៅមីយ៉ាន់ម៉ា។ ដូចនេះទាមទារឲ្យប្រទេសទាំងឡាយមានការបញ្ជាក់។ ខ្ញុំជឿថា ថៃមិនទិញរបស់កម្ពុជាទេ ក៏ប៉ុន្តែយើងត្រូវតែដឹង កុំឲ្យយើងលក់ទៅខុស ធ្លាក់ទៅលើដៃពួកភេរវកម្ម ឬពួកឧទ្ទាមប្រឆាំងនឹងរដ្ឋាភិបាល។ យើងមានសមត្ថភាព បើសិនគេបញ្ជាទិញ យើងក៏នឹងជូន ទៅតាមអ្វីដែលយើងអាចធ្វើទៅរួច។
ចំពោះសំណួរដទៃទៀត ទាក់ទងនឹងវិស័យការពារជាតិ ខ្ញុំគ្រាន់តែបញ្ជាក់ថា គោលដៅកម្ពុជាគឺត្រូវតែមានកម្រិតផ្គត់ផ្គង់ខ្លួនឯងជាមុនសិន។ យើងកំពុងតែសិក្សានិងធ្វើការវិនិយោគផលិតផ្នែកផ្សេងទៀតទាក់ទងទៅនឹងវិស័យការពារជាតិ។ ខ្ញុំមិនអាចនិយាយបានថា វាជាអ្វីនោះទេ។ ប៉ុន្តែ ជាមធ្យោបាយដើម្បីធ្វើសង្គ្រាមការពារជាតិ។ យើងត្រូវតែមានគ្រប់គ្រាន់ ហើយយើងត្រូវតែមានសមត្ថភាពផលិត។ ដរាបណាខ្ញុំនៅមានដង្ហើម ទោះបីខ្ញុំចូលនិវត្តន៍ ខ្ញុំនៅជួយរដ្ឋាភិបាលលើវិស័យការពារជាតិ ដល់ផ្នែកការផ្គត់ផ្គង់ ក្របខណ្ឌភស្តុភារ អ្វីដែលយើងអាចធ្វើទៅរួច។ កម្លាំងចាស់ ប៉ុន្តែចិត្តនៅក្មេង ដើម្បីការពារជាតិ ការពារទឹកដី។ មិនត្រូវចាស់ទេ។ មានប៉ុណ្ណឹងចុះ។ សូមអរគុណ៕


