
FN ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប៣០ឆ្នាំ នៃអង្គការ PSE:
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានបង្ហាញសេចក្តីរីករាយដោយបានមកចូលរួមក្នុង «ពិធីអបអរខួប ៣០ ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)» និង«ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតរបស់វិទ្យាស្ថានប៉េ អេស អឺ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤» នាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកអំពីបណ្ដាំរបស់ស្ថាបនិកអង្គការ PSE មុនលាចាកលោក គឺគាត់មានសេចក្ដីសុខ មានភាពកក់ក្ដៅ ក្នុងការបង្កើត PSE ឲ្យដំណើរការ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីលោក គ្រីសស្បង់ ដេប៉ាលីយែរ ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ បានលាចាកលោក១០ឆ្នាំហើយក្ដី ប៉ុន្ដែអង្គការនេះនៅបន្ដដំណើររលូន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថាបនិក PSE បានចំណាយពេលក្រោយចូលនិវត្តន៍នៅប្រទេសបារាំង មកបង្កើតអង្គការនេះនៅកម្ពុជា ដើម្បីជួយកុមារកម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអគ្គនាយិកាអង្គការ PSE បន្ដដឹកនាំអង្គការនេះឲ្យបានល្អ ដែលស្ថានិកបន្សល់គ្រឹះយ៉ាងរឹងមាំ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្ស៨,០០០នាក់ បានបញ្ចប់ការសិក្សានៅទីនេះ និងទទួលបានការងារធ្វើ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា PSE បានផ្ដល់ផលប្រយោជន៍ខ្លាំងណាស់ដល់សង្គមកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា នៅបន្ដគាំទ្រ PSE
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ អង្គការ PSE មានចក្ខុវិស័យវែងឆ្ងាយ, បេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវ ដែលបាននិងកំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរ សម្រាប់ដឹកនាំអង្គការនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទ្រឹស្ដីឲ្យសន្ទួច គឺបង្រៀនឲ្យមនុស្សចេះរស់ដោយខ្លួនឯង និងចេះច្នៃប្រឌិត កុំរង់ចាំគេផ្ដល់ឲ្យ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអ្នកបញ្ចប់ការសិក្សានៅ PSE ត្រូវស្វះស្វែងរកការងារធ្វើដោយខ្លួនឯង ព្រោះសាលាបានផ្ដល់ចំណេះដឹងរួចរាល់ហើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឱកាសមានហើយ ប៉ុន្ដែត្រូវប្រឹងដើម្បីជោគជ័យដោយខ្លួនឯង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំតូចចិត្តនឹងវាសនា កុំតវ៉ាព្រហ្មលិខិត ពោលត្រូវតែខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា PSE ផ្ដល់ឱកាស ដៃគូផ្ដល់លទ្ធភាព រាជរដ្ឋាភិបាលគាំទ្រ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនថាក្នុងតួនាទី ឋានៈ ជៀសមិនផុតពីបញ្ហានោះទេ ពោលមិនត្រូវបោះបង់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានអ្នកបិទក្ដីសង្ឃឹម និងបិទក្ដីស្រម៉ៃ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងកោតសរសើរ សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សានៅសាលា PSE
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលគាំទ្រ និងសហការល្អជាមួយ PSE
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឲ្យចូលក្នុងអង្គការ PSE
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដៃគូ ដែលឧបត្ថម្ភគាំទ្រដល់អង្គការ PSE និងសូមបន្ដគាំទ្របន្ថែមទៀត
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានការផ្ដល់ឱកាសពីពុកម្ដាយ ដើម្បីឲ្យសិស្សានុសិស្ស និស្សិតមកបន្ដការសិក្សានោះទេ ក៏មិនអាចទៅរួចនោះដែរ ព្រោះគ្រួសារដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កលក្ខណៈ និងលើកទឹកចិត្ត
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឱកាសមិនផ្ដល់ឲ្យអ្នកដែលគ្មានសមត្ថភាពនោះទេ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពរបស់សិស្ស កត្តាសំខាន់មួយ គឺផ្ដើមចេញពីគ្រូ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានគ្រូណា ចង់ឃើញកូនសិស្សបរាជ័យនោះទេ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការជាមួយអង្គការ PSE ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល ផ្ទុយទៅវិញ អង្គការសង្គមស៉ីវិលដែលធ្វើការពិតប្រាកដ ដូច PSE គឺទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិទ្ធិមនុស្ស មិនសម្ដៅលើសិទ្ធិដែលប្រើប្រាស់បណ្ដាញសង្គម ដើម្បីជេរប្រមាថនោះទេ សិទ្ធិមូលដ្ឋានសំខាន់ គឺសិទ្ធិរស់រាន់មានជីវិត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឧបត្ថម្ភសិស្សជ័យលាភីចំនួន៥០០នាក់ ម្នាក់ៗថវិកា៥ម៉ឺនរៀល, ជូនសាស្រ្តាចារ្យចំនួន៥៨៣នាក់ ចំនួន១០ម៉ឺនរៀល, ជូនស្រ្តីមានផ្ទៃពោះចំនួន១៦នាក់ ថវិកា១លានរៀល និងមានអ្នកពិការ៦នាក់ ថែម៥០ម៉ឺនរៀល, ជូនអង្គការ PSE ១០លានរៀល គ្រូពេទ្យប្រចាំកម្មវិធី ៣លានរៀល។
លោកជំទាវបណ្ឌិតលោក ឡោក ខេង ឧបត្ថម្ភ៤០លានរៀលដល់ PSE។ សម្តេចប្រកាសឧបត្ថម្ភប្រចាំខែចំនួនអង្ករ២តោន និងថវិកា៥លានរៀល។


