តទៅនេះ ជាការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែនក្នុងកិច្ចប្រជុំ “ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី” កាលពីថ្ងៃ១៤សីហា ឆ្នាំ ២០២៦ នៅវិមានសាមគ្គី នៃព្រឹទ្ធសភា៖
[…] ដំបូង ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក្នុងការបំពេញភារកិច្ចរបស់ខ្លួន) ក្នុងរយ:ពេលជាងមួយឆ្នាំ (តាំងពីពេល)ដែលយើងបានជួបគ្នាកាលពីខែមិថុនា រហូតមកដល់ពេលនេះ។ ជាមួយគ្នានោះ យើងក៏គួរតែពិនិត្យអំពីចំណុចនានាដែលជាវឌ្ឍនភាពផងនិងជាបញ្ហាប្រឈមផង។ អ្វីដែលបានលើកឡើងក្នុងរបាយការណ៍ ក៏ដូចជាបទបង្ហាញទាក់ទិនជាមួយការសម្រេចរបស់រាជរដ្ឋាភិបាល គឺអនុសាសន៍ទាំងឡាយនោះ ត្រូវបានបន្ត។ ខ្ញុំសូមអរគុណចំពោះខាងរាជរដ្ឋាភិបាលដែលបានបន្តយកអនុសាសន៍ទាំង១២ ចំណុចរបស់ខ្ញុំ ដាក់ចេញបន្តអនុវត្ត។
សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះហ្លួងម៉ែអង្គម្ចាស់ ដែលព្រះអង្គនៅតែបន្តតួនាទីជាប្រធានកិត្តិយស។ ព្រះអង្គពិតជាមានការឆ្លាតវៃលើការតែងតាំងអនុប្រធានកិត្តិយស។ កាលនៅជានាយករដ្ឋមន្ត្រី ព្រះអង្គបានតែងតាំងនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាអនុប្រធានកិត្តិយសទី១។ នៅពេលនាយករដ្ឋមន្ត្រីមួយទៀតទៅ ព្រះអង្គក៏តែងតាំងជាអនុប្រធានមួយទៀត ព្រោះថាប្រសិទ្ធភាពនៅត្រង់រដ្ឋាភិបាលហ្នឹងអនុវត្តមិនអនុវត្ត។ អញ្ចឹងទេ ព្រះអង្គក៏បានតែងតាំងការរៀបចំនេះ ដើម្បីធានានិរន្តរភាពនិងបង្កើនល្បឿននៃការវិនិយោគសម្រាប់ស្ត្រី។
ពិនិត្យលើវឌ្ឍនភាពទាំងឡាយដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ ឃើញថាមានការវិវត្តច្រើន ដែលក្នុងនោះពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ក៏ដូចជាការបង្កើនស្ត្រីនៅក្នុងការងាររដ្ឋ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ផ្តោតយកចិត្តទុកដាក់ពេលនេះ និងដែលខ្ញុំអនុញ្ញាតឲ្យមានការផ្សាយដែរ គឺជូនសារទៅកាន់បណ្តាស្ថាប័នជាតិ ក៏ដូចជាប្រជាពលរដ្ឋ។ ខ្ញុំចង់និយាយជាដំបូងគឺការបន្តពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។ រឿងនេះប្រហែលជាលោកជំទាវប្រធានបានជ្រាបហើយ។ ខ្ញុំបានសង្កត់ធ្ងន់ទៅលើតួនាទីអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ចនេះតាំងពីដើមទី។
ដូច្នេះ ត្រូវបន្តការខិតខំទៅលើរឿង(ពង្រឹងអំណាចស្ត្រីលើវិស័យសេដ្ឋកិច្ច)នេះ ដើម្បីជំរុញស្ត្រីឱ្យប្រឹងប្រែងពង្រឹងខ្លួនក្នុងក្របខណ្ឌនៃការធានារ៉ាប់រង កុំពឹងផ្អែកទៅលើតែប្តី។ រឿងប្តី(នេះ) ខ្ញុំធ្លាប់និយាយថា ប្រុសៗ ចាយលុយអត់ដឹងអស់ទេ។ គឺស្ត្រីទៅវិញទេដែលគិតអំពីថាតើត្រូវចំណាយលើការស៊ីចុកប៉ុណ្ណា? ចំណាយទៅលើខោអាវកូនប៉ុណ្ណា? ចំណាយទៅលើការសិក្សារបស់កូនប៉ុណ្ណា? ប្រុសៗ សួរអត់ដឹងអស់ទេ។ មិនមែនគ្រប់តែប្រុសទេ … មិនមែនលើកខ្លួនឯងទេ ក៏ប៉ុន្តែប្រុសដូចខ្ញុំក៏ជាប្រុសចេះគិតដែរថាតើត្រូវចំណាយលើកូនសិក្សាយ៉ាងម៉េច ចំណាយលើស្អីយ៉ាងម៉េច។ ប៉ុន្តែ បើស្ត្រីនៅក្នុងគ្រួសារនីមួយៗ ពង្រឹងបានតួនាទីអំណាចក្នុងវិស័យសេដ្ឋកិច្ចបាន តាមរយៈនោះ ប្រហែលជាគោលការណ៍សមភាពយេនឌ័រហ្នឹង ត្រូវបានពង្រឹងដែរ។ សូមបន្តការងារនេះតទៅទៀត។
នៅក្នុងការរៀបចំសហគ្រិនភាពសម្រាប់ស្ត្រី ក៏ដូចជាក្នុងការបណ្តុះបណ្តាល ដូចជាមាននិយាយអំពីស្ត្រីរហូតដល់៤៩% ដែលបានចូលមកបណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងគួរជំរុញចំណុចនេះ។ ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេលកន្លងទៅដល់សិស្ស និស្សិត យុវជនគឺមាន៤៩% (ជាស្ត្រី)។ នេះគឺជាចំណុចដែលយើងត្រូវ(អនុវត្ត)បន្ត។ បើគ្មានការបណ្តុះបណ្តាលទេ យើងមិនអាចឆ្លើយតបបានចំពោះការពង្រឹងតួនាទីស្ត្រីក្នុងវិស័យសេដ្ឋកិច្ចទេ។ បើគាត់អត់មានជំនាញ គាត់ទៅរកការងារឯណាបានធ្វើ? នៅពេលដែលស្ត្រីរកការងារបានធ្វើ ឬស្ត្រីរកប្រាក់ចំណូលបាន ឬស្ត្រីមានអំណាចសេដ្ឋកិច្ច មិនចំណុះទៅលើតែប្តី ដែលធ្វើឲ្យប្តីមានឥទ្ធិពលខ្លាំងនៅក្នុងចំណោមគ្រួសារ(នោះ)។ តែរឿងនេះជាបញ្ហាសំរុះសម្រួលនៅក្នុងស្ថានភាពគ្រួសារ។
ចំណុចមួយទៀតដែលខ្ញុំចង់លើក និងនៅតែបន្តលើក បើទោះបីទៅដល់ទីណាក៏ខ្ញុំនៅតែលើកដែរ នោះគឺការពង្រឹងសមត្ថភាពរបស់ស្ត្រីទាក់ទងនឹងការបណ្តុះបណ្តាល។ អម្បាញ់មិញ នៅក្នុងរបាយការណ៍ទាក់ទិនស្ត្រីកំពុងសិក្សាមានជាងពាក់កណ្តាល គឺរហូតដល់៥៤%។ នេះជាចំនួនដែលគួរឲ្យមានមោទនភាព។រឿងនេះ ខ្ញុំធ្លាប់បានលើកតាំងពីខ្ញុំនៅធ្វើជានាយករដ្ឋមន្ត្រី។ ខ្ញុំគិតថាប្រហែលជាក្រោយឆ្នាំ២០១០ បន្តិច ដែលខ្ញុំនិយាយអំពីបញ្ហាតុល្យភាព(រវាងបុរសនិងស្ត្រីក្នុងការបន្តការសិក្សាទៅថ្នាក់បរិញ្ញា) … បើពិនិត្យអំពីបឋមសិក្សារហូតទៅដល់ថ្នាក់បរិញ្ញាបត្រ កម្រិត(ការបន្តការសិក្សាទៅថ្នាក់បរិញ្ញា)នេះ ស្ត្រីហាក់ដូចជាមានចំនួនស្ទើរតែច្រើនជាងបុរស។ ប៉ុន្តែ ចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ដល់ថ្នាក់បណ្ឌិត គឺចំនួនស្ត្រីធ្លាក់ចុះ… យ៉ាងណាក្តី ក៏មានវឌ្ឍនភាព(គួរអោយកត់សម្គាល់ គឺ)ចំនួនមានការកើនឡើងពី២៣,៥% ដល់ ២៦,៧២%។
(អ្នកចូលរួម៖ ហ្នឹងនៅក្នុងវិស័យ STEM សម្តេច ក្នុងវិស័យវិទ្យាសាស្ត្រតែម្តងចាស។)
(សម្តេច៖ យ៉ាងណាក៏ឃើញថាមានចំនួនកើនឡើងហើយ។)
អ្វីដែលត្រូវយកចិត្តទុកដាក់ គឺខ្ញុំនៅតែបន្តអំពាវនាវឲ្យក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអំពាវនាវទៅកាន់រដ្ឋាភិបាល យកចិត្តទុកដាក់បន្តបង្កើតអន្តេវាសិកដ្ឋានសម្រាប់ស្ត្រី។ នៅទីក្រុងភ្នំពេញ ខ្ញុំ ភរិយា និងដៃគូមួយទៀត បានកំពុងតែសាងសង់ ដែលរួចរាល់បានប្រមាណជាង៧០% ហើយនូវអន្តេវាសិកដ្ឋានសម្រាប់ស្ត្រីក្រីក្រ។ ដាក់តែស្ត្រីទេ។ សូមបុរសកុំប្រកាន់។ បុរសមានអន្តេវាសិកដ្ឋានច្រើនណាស់។ ស្អីទៅជាអន្តេវាសិកដ្ឋានរបស់បុរស? និស្សិតជាប្រុស (អាចស្នាក់)តាមវត្តអារាម។ មិនអាចយកស្ត្រីទៅនៅក្នុងវត្តបានទេ … សិស្ស និស្សិត(ស្រ្តី)នៅក្នុងវត្តអត់បានទេ។ អញ្ចឹង ពីមួយឆ្នាំទៅមួយឆ្នាំ យើងត្រូវតែរៀបចំឲ្យមានកន្លែងស្នាក់នៅ។
អន្តេវាសិកដ្ឋានសម្រាប់ស្ត្រីគឺ ៤០០នាក់ ប៉ុន្តែយើងអាចដាក់លើសពីនេះក៏បានដែរ … (នៅអន្តេវាសិកដ្ឋាន)ដែលនឹងដាក់ឲ្យដំណើរការនៅពេលខាងមុខ។ នេះគឺជាចំណុចដែលត្រូវបន្តធ្វើ។ ប៉ុន្តែកុំភ្លេចថានៅតាមបណ្តាខេត្តមួយចំនួនក៏មានសាកលវិទ្យាល័យដែរ។ ដូច្នេះ យើងក៏គួររៀបចំឲ្យមានអន្តេវាសិកដ្ឋាននៅតាមបណ្តាខេត្តដែលមានសាកលវិទ្យាល័យ។ សម្រាប់ខ្ញុំ ពេលដែលខ្ញុំដើរ(ពិនិត្យមើល)នៅឆ្នាំ២០១៦ កាលពី ១០ឆ្នាំមុននោះ វិទ្យាល័យដែលខ្ញុំសាងសង់សុទ្ធតែមានអន្តេវាសិកដ្ឋានសម្រាប់សិស្សមកពីឆ្ងាយ និងសម្រាប់គ្រូ។
មានទាំងផ្ទះស្នាក់នៅរបស់គ្រូ និងអន្តេវាសិកដ្ឋានសម្រាប់សិស្ស។ ធ្វើបានយ៉ាងដូច្នេះ យើងកាត់បន្ថយបាននូវការលំបាករបស់សិស្សានុសិស្សជាពិសេសស្ត្រី។ យើងបានដើរមកឆ្ងាយ(ពីស្ថានភាពទាំងនោះ)ហើយ ពីដំណាក់កាលដែលកាលពីមុននោះ (អ្នក)ជំនាន់ម្ដាយខ្ញុំ ចាស់ៗ មិនឲ្យ(ស្ត្រី)រៀនទេ ដោយសារខ្លាចសរសេរទាក់ទងជាមួយបុរស។ សម័យនេះមិនអញ្ចឹងទេ។ យើងត្រូវខិតខំបង្កើនអន្តេវាសិកដ្ឋានសំរាប់ស្ត្រី។
ខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះម្ចាស់ផ្ទះជួល ដែលតែងតែផ្តល់ការងាយស្រួលសម្រាប់និស្សិតក្រីក្រមកពីជនបទ មិនថាបុរសនិងស្រ្តីទេ។ ខ្ញុំបានអំពាវនាវកាលពីជាង ១០ឆ្នាំមុន ទៅម្ចាស់ផ្ទះជួល ដែលមានអ្នកជួលជាកម្មករ ជានិស្សិត … ខ្ញុំក៏ទទួលបាន(ព័ត៌មាន) ដោយសារខ្ញុំមានចិញ្ចឹមក្មេងមកពីជនបទមួយចំនួននៅតាមផ្ទះជួល។ អញ្ចឹង ខ្ញុំក៏សួរតាមរយៈក្មេងហ្នឹង។ គេ(ថា)មានកន្លែងខ្លះមានភាពងាយស្រួល ហើយសុវត្ថិភាពសំរាប់សិស្សានុសិស្ស និស្សិត ស្រ្តី ក៏ដូចជានិស្សិតបុរស ដែលមករៀននៅទីនោះ។
ខ្ញុំនៅតែបន្តការអំពាវនាវនេះ។ បើយើងមិនប្រឹងប្រែងរួមគ្នាទេ ចំនួនស្រ្តីរបស់យើង(ដែលទទួលបានការសិក្សា)មិនត្រូវ(បានកើនឡើងទេ)។ (មូលហេតុ)គឺការវិនិយោគវាមិនគ្រប់គ្រាន់។ ដូច្នេះ ការវិនិយោគនេះ ត្រូវធ្វើទាំងព្រម គឺទាំងរដ្ឋទាំងវិស័យឯកជនចូលរួមផង។ ខ្ញុំសូមឱ្យបន្តកិច្ចការនោះ ដើម្បីពង្រឹងសមត្ថភាពស្រ្តី។ យើងពិនិត្យឃើញថា ក្នុងចំណោមសិស្ស(ជាស្ដ្រី ពួកគាត់រៀនបានលទ្ធផលល្អ)។ យើងចាំមើលពិន្ទុប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីប៉ុន្មានថ្ងៃមុន តើស្រ្តីជាប់ប៉ុន្មាន? ខ្ញុំនៅតែជឿថា ឆ្នាំនេះ ស្រ្តីអាចជាប់ច្រើនជាងបុរសទៀត។ យុវនារីជាប់ច្រើនជាង។ ខ្ញុំនឹងរង់ចាំមើលនូវការប្រៀបធៀបចំនួននិទ្ទេស A និងតាមគ្រប់និទ្ទេស តើ(នឹង)មានស្រ្តីប៉ុន្មានបុរសប៉ុន្មាន?
រៀងរាល់ឆ្នាំ ខ្ញុំបានតាមមើល(តួលេខ)ហ្នឹង។ តាមសាកលវិទ្យាល័យនីមួយៗ ដែលខ្ញុំទៅចែកសញ្ញាបត្រ ខ្ញុំតែងតែពិនិត្យមើលចំនួនស្រ្តីប៉ុន្មានចំនួនបុរសប៉ុន្មាន។ យើងមិនទម្លាក់ការទទួលខុសត្រូវលើបញ្ហាថា មិនបានយកចិត្តទុកដាក់ទេ ក៏ប៉ុន្តែការធ្លាក់ចុះ(ចំនួននិស្សិត)ស្រ្តីក្រោយឧត្តមសិក្សា គឺថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត គឺដោយសារកត្តាសត្យានុម័ត កត្តាប្រពៃណី ដែលស្រ្តីដល់វ័យហ្នឹងត្រូវមានប្តី។ ដល់មានប្តីៗ អត់ឱ្យទៅរៀនទៀត ឬក៏មានកូន។ អញ្ចឹងបានជាកាត់បន្ថយចំនួនស្រ្តី(រៀននៅថ្នាក់ក្រោយឧត្តមសិក្សា)។
ខ្ញុំក៏សូមអំពាវនាវទៅកាន់ស្វាមី គួរតែបើកលទ្ធភាពឱ្យភរិយាទទួលបានការបណ្តុះបណ្តាលបន្ថែម … នៅពេលដែលរៀបការរួចហើយ គួរណាស់លើកទឹកចិត្ត(អោយភរិយាបន្តការសិក្សា) ព្រោះទៅរៀនថ្នាក់បរិញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត មិនតម្រូវឱ្យទៅនៅសាលារហូតទេ … បរិញ្ញាបត្រជាន់ខ្ពស់គឺត្រូវមានពេលវេលា(ស្រាវជ្រាវ) ។ បើមានការអនុញ្ញាតពីគ្រួសារ ស្រ្តីនឹងមានបរិញ្ញាបត្រជាន់ខ្ពស់និងមានថ្នាក់បណ្ឌិតច្រើនជាងនេះ។ អញ្ចឹង ត្រូវបង្កលក្ខណៈបែបនេះសម្រាប់ទទួលបានការបណ្តុះបណ្តាល សម្រាប់ការលើកកម្ពស់តួនាទីស្រ្តីក្នុងវិស័យនយោបាយនិងគ្រប់វិស័យទាំងអស់ រាប់ទាំងវិស័យបច្ចេកទេសទំនើប។ ឥឡូវ ខ្ញុំក៏មានមោទនភាពដែរ ដោយឃើញស្រ្តីមានការហ្វឹកហាត់ជាពីឡុត(Pilot) បើកយន្តហោះ។ (ធ្វើ)ឱ្យ(ប្រទេសយើង)មានធនធាន(អស់ទាំង)ហ្នឹង(ទៅ)មើល។
ក្រៅពីនេះ នៅមានបញ្ហាខ្លះដែលខ្ញុំគួរតែនិយាយជាសាធារណៈ។ យើងគួរមើលអំពីបញ្ហាសីលធម៌សង្គមផងដែរ។ ខ្ញុំចង់និយាយត្រង់ៗតែម្តងថា ការទាស់គ្នារវាងប្តីប្រពន្ធរហូតដល់ការលែងលះ សង្សារបែកបាក់ ហេតុអ្វីចាំបាច់ហែកកេរ្តិ៍គ្នា(ដាក់)តាមបណ្តាញសង្គម? ពីមុន ខ្ញុំនិយាយដាក់មេក្រូម្តងហើយ។ ឥឡូវខ្ញុំសូមនិយាយសាជាថ្មីម្តងទៀត។ ទោះបីខ្ញុំមិនមានតួនាទីជានាយករដ្ឋមន្ត្រី ក៏ប៉ុន្តែខ្ញុំនៅមានតួនាទីក្នុងសង្គមនៅឡើយ។ ខ្ញុំសូមអំពាវនាវ ស្រ្តីបុរសទាំងឡាយ ប្រសិនជាបែកបាក់គ្នាទៅ(ហើយ) សូមកុំហែកកេរ្តិ៍គ្នា(ដាក់តាមបណ្ដាញសង្គម)បានទេ? ទុកកិត្តិយសហ្នឹងឱ្យកូនឱ្យចៅ។ ប្រសិនបើយើងហែកកេរ្តិ៍ទាំងអស់ តើកូននេះរងគ្រោះរបៀបម៉េចទៅថ្ងៃក្រោយ? (ក្នុង)ផ្ទះ(យើង) ស្នេហារបស់យើងរបៀបម៉េចៗ មិនគួរត្រូវបានលាតត្រដាង(តាមបណ្ដាញសង្គមទេ)។ បើសិនជាយើងមិនខ្មាស កូនរបស់យើងវាខ្មាស។ អំពាវនាវចំពោះស្រ្តីទាំងឡាយ ឬបុរសទាំងឡាយ បើសិនជាមាន(បញ្ហា)ស្នេហាបែកបាក់ ឬការលែងលះគ្នាដោយប្រការណាក៏ដោយ គួរកុំបង្ហាញតាមបណ្តាញសង្គម។ សព្វថ្ងៃនេះ តែ ១នាទី ២នាទី ឬក៏ ១ម៉ោង ២ម៉ោង គឺថា(មាន)មនុស្សចូលមើលពេញទឹកពេញដីទៅហើយ។ (ខ្ញុំ)គួរតែនិយាយសាជាថ្មីថា ជម្លោះប្តីប្រពន្ធ សូមទុក(មុខ)គ្នារាប់អាន(ទៅថ្ងៃក្រោយ)។ យ៉ាងហោចណាស់ គឺទុកកិត្តិយសឱ្យកូន។ បើខ្លួនមិនស្រឡាញ់កិត្តិយសខ្លួន ក៏ខ្លួនត្រូវគិតកិត្តិយសកូន។ ខ្ញុំគួរតែនិយាយរឿងហ្នឹង (និង)អំពាវនាវទៅ(បុរស)ស្រ្តីទូទាំងប្រទេស …។
ខ្ញុំមិនបានស្តាប់ ABC របស់ អាចារ្យអេ ទេ ក៏ប៉ុន្តែមានពេលខ្លះ ខ្ញុំឃើញមានឃ្លីប(Clip)ចេញតាម TikTok អីមក។ (ក្នុងវិទ្យុ ABC) មាន(ការសន្ទនាតាម)ទូរស័ព្ទ ដែលប្តីប្រពន្ធនិយាយឆ្លើយឆ្លងគ្នា ចោទប្រកាន់(គ្នា)។ រឿងរ៉ាវស្អីៗទាំងឡាយ បង្កើតទៅជារឿង។ មិនគួរទេ។ ខ្ញុំក៏អំពាវនាវទៅកាន់វិទ្យុ អាចា្យអេ ជាពិសេសពិធីការិនីតែម្តង សូមកុំចោទសួរខ្លាំងពេក។ បើពេលណាមានរឿងអញ្ចឹង គួរតែថា មិនគួរហែកកេរ្តិ៍ប្តីប្រពន្ធនៅក្នុងវិទ្យុនោះទេ។ ហ្នឹងផ្តាំទៅ អាចារ្យអេ ផង ហើយក៏ផ្តាំជាពិសេសទៅពិធីការិនីហ្នឹង ដែលគាត់ពូកែសួរ(នាំ)ខាងស្រីហ្នឹង ហើយគាត់ទាក់ទងគ្នា(ជជែកគ្នា)តាម(វិទ្យុ)ពេញហ្នឹង។
ខ្ញុំមើលតាម TikTok ទេ ព្រោះខ្ញុំអត់មានពេលស្តាប់។ ពេលខ្លះ ខ្ញុំឆ្លៀតមើល TikTok ទៅ។ អូសៗទៅឃើញគេ(ហែកកេរ្ដិ៍គ្នា)។ ដល់កម្រិតប៉ុណ្ណឹង។ បកអាក្រាតគ្នាតាំងពីណាតាំងពីណី។ ជួនកាល បកអាក្រាតរហូតដល់ម៉ែឪក្មេក បងថ្លៃប្អូនថ្លៃ បង្កើតជារឿង(មិនចេះចប់)។ មិនគួរ(ទុក)ឱ្យបន្តអំពីបញ្ហាហ្នឹងទេ។ យើងមានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី យើងក៏មានគណៈកម្មការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ។ គណៈកម្មាធិការ(និង)ក្រុមប្រឹក្សាហ្នឹងគួរតែត្រូវធ្វើការងារហ្នឹងផង។ ប្រពន្ធខ្ញុំដូចជាធ្វើប្រធានកិត្តិយសផង។ ឥឡូវឱ្យលោកជំទាវបណ្ឌិតទីមួយ ធ្វើប្រធានកិត្តិយសទៅ។ ធ្វើកិច្ចការងារហ្នឹងផង។
ប្រព័ន្ធផ្សព្វផ្សាយរបស់យើងចូលចិត្ត ជាពិសេសវិទ្យុ ABC របស់អាចា្យអេ ហ្នឹងតែម្តង។ យើងមិនបិទ(កម្មវិធីហ្នឹង)ទេ គ្រាន់តែប្រាប់ថា “ក្មួយអើយក្មួយ ប្អូនអើយប្អូន កុំមកហែកកេរ្តិ៍គ្នាតាមវិទ្យុអី” … ប៉ុន្តែ យើងហ្នឹងធ្វើដូចដណ្តើមយកព័ត៌មានហ្នឹងយកមកផ្សាយ។ ហ្នឹងខ្ញុំនិយាយទៅកាន់ អាចារ្យអេ ក៏និយាយទៅកាន់ពិធីការិនីនៅ ABC បន្តិចដែរ ដើម្បីឱ្យសំពត់រហែកបន្តិច យើងនាំគ្នាប៉ះទៅ បានទេ ឬក៏ចង់ហែកថែម? ប៉ុន្តែ វាចាប់ផ្តើមពីសាម៉ីខ្លួន រវាងប្តីប្រពន្ធឬសង្សារនេះ។ បើបែកបាក់គ្នា បែកទៅដោយស្ងាត់ស្ងៀមទៅ ទុកគ្នារាប់អានទៅ។ បើមិនរាប់អានទេ ទុកវាឱ្យស្ងាត់ទៅ។ ហោចណាស់ ទុកកិត្តិយសឱ្យកូន។
ហ្នឹងគឺចំណុចទី១ ចំណុចដែលខ្ញុំចង់និយាយដាក់ក្បាលមេក្រូ ហើយយកទៅចាក់តាមទូរទស្សន៍។ ខ្ញុំនៅមានសិទ្ធិនិយាយដាក់ទូរទស្សន៍។ គ្មានអ្នកណាដកសិទ្ធិខ្ញុំបាន ព្រោះតាមអាសនៈក្រម ទោះបីថាខ្ញុំមិនកាន់អំណាចដូចរាជរដ្ឋាភិបាល ក៏ប៉ុន្តែខ្ញុំនៅមានសិទ្ធិនិយាយទាក់ទិននឹងបញ្ហាសង្គម។ សីលធម៌ហាក់ដូចជាបានធ្លាក់ចុះសម្រាប់រឿងនេះ។ ជួនកាល សង្សារខ្លះបែកគ្នា។ បែកគ្នាហើយ (ខ្លះនៅ)មិនទាំងទាន់មានប្តី(ទៀត)ផង។ អញ្ចឹងបានជាពេលខ្លះ មានអ្នកខ្លះនិយាយថាសុខចិត្តយកប្រពន្ធមេម៉ាយ ប្រសើរជាងយកប្រពន្ធក្រមុំ តែមិនច្បាស់(ថាក្រមុំ) … គេហៅថា ក្រមុំពាន់ដង ឬក្រមុំសិបដង … អ្នកខ្លះ ដល់តែទាស់គ្នាអញ្ចឹងទៅ បង្ហាញ(សាច់រឿងតាមបណ្ដាញ)សង្គមអញ្ចឹងទៅ។ អញ្ចឹងគេហៅកញ្ញា ប៉ុន្តែកញ្ញាពិតទេ? វាជារឿងមិនគួរ(ហែកកេរ្ដិ៍គ្នាតាមបណ្ដាញសង្គមទេ)។ បើបែកគ្នា បែកគ្នាដោយស្ងាត់ស្ងៀមទៅ …។
ឯបញ្ហាទីពីរដែលខ្ញុំចង់និយាយគឺការជេរប្រមាថកន្លងទៅ។ យប់ម្សិលខ្ញុំចង្អុលបង្ហាញឱ្យយកនារីម្នាក់មកពីកាណាដា ដែលជេរប្រមាថ ជេរទាំងរដ្ឋមន្ត្រី ក្រសួង ស្ថាប័ន … ខ្ញុំឱ្យប៉ូលិសហៅមក។
អ្នកណាក៏មានសិទ្ធិធ្វើដែរ ព្រោះនេះមិនមែនជាជម្លោះបុគ្គលណាមួយទេ តែវាប៉ះពាល់សីលធម៌សង្គម។ ខ្ញុំឱ្យហៅទាំងប្រពន្ធហៅទាំងប្តីមកប៉ុស្តិ៍ប៉ូលិស ធ្វើការសុំទោស រួចហើយបានឱ្យទៅ។ ខ្ញុំសុំ(ថា) ចាប់ពីពេលនេះទៅ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជាពិសេសក្រសួងកិច្ចការនារីត្រូវតែធ្វើជាដើមបណ្តឹងនៅពេលណាដែលមានការប៉ះពាល់(ដល់សីលធម៌សង្គម)។ ទោះបីថាជេរចំពោះបុគ្គលក៏ដោយ ប៉ុន្តែអ្នកឯងជេររបៀបនេះគឺមិនអាចអត់ឱនឱ្យបានទេ។ ហេតុអ្វីបានជាមិនព្រមធ្វើ? និយាយពីប្រើពាក្យថាអាក្រក់ពេកទៅចុះ អាក្រក់រហូតដល់ខ្ញុំចង្អុលបង្ហាញ។ ហៅទូរស័ព្ទ … ហៅមិនលើក។ ហៅទៅរកកូន រួចហើយប្រាប់ទៅស្នងការនគរបាលហៅមកធ្វើកំណត់ហេតុ។ ខ្ញុំមិនដាក់បញ្ជាទេ។ ក៏ប៉ុន្តែ(ស្ថាប័នពាក់ព័ន្ធ)ត្រូវសុំគោលការណ៍ពីនាយករដ្ឋមន្ត្រី ពីប្រធានស្ថាប័ន។ មានសិទ្ធិធ្វើ ហើយឱ្យប៉ូលិសអញ្ជើញមកធ្វើកំណត់ហេតុ ឬហៅចូលមកស្ថាប័ន។ បើហៅមិនលើក គឺឱ្យប៉ូលីសទៅតាមយក …។
សីលធម៌សង្គមធ្លាក់ដល់ប៉ុណ្ណា? ថ្នាក់ជេរប្រមាថគេ … ជេរប្រមាថរហូតដល់រដ្ឋលេខាធិការក្រសួងកិច្ចការនារីទៀត។ ជេរអ្នកនេះជេរអ្នកនោះជេរតាមចិត្ត … ជេរដាក់តាម Facebook រួចហើយបង្ហោះតាម TikTok តាមស្អីគ្រប់សព្វទាំងអស់។ គេយកទៅចែករំលែក។ អញ្ចឹង តើយើងទទួលយកបានទេ? យើងប្រឹងចង់ងាប់លើកកម្ពស់ស្ត្រី និងសីលធម៌សង្គម … បែរជាមានស្ត្រីម្នាក់ពីរនាក់យកមកធ្វើអញ្ចឹង។ មានស្ត្រីណាមួយឮថាជេរកងទ័ព … ឥឡូវគេយកទៅវាស់កំពស់ហើយ។ អត់ទេណា។ អត់អនុញ្ញាតបានទេ។ បើមិនទាន់យកទៅវាស់កំពស់ ត្រូវតែយកទៅវាស់កំពស់ … គ្រាន់តែរឿងទូរស័ព្ទទៅជេរកងទ័ព។ ឮថាយកទៅវាស់កំពស់ហើយ។ មិនអាចព្រងើយកន្តើយបានទេ … កុំថាឡើយជាកងទ័ព សូម្បីតែជាកម្មករសំណង់ម្នាក់ ក៏មិនត្រូវជេរប្រមាថគាត់របៀបនេះដែរ។ មិនអាច(ធ្វើដូចនេះបានទេ)ទេ ក្នុងពេលដែលខ្លួនជាស្ត្រី។
ពីថ្ងៃនេះទៅ … សុំក្រសួងព័ត៌មានមើលឱ្យច្បាស់តាមឱ្យជាប់។ ខ្ញុំសូមជម្រាប ពេលខ្លះយើងធូររលុងខ្លាំង។ បើនិយាយពីក្រមសីលធម៌នៃ Facebook ក្រមសីលធម៌នៃ TikTok ក្រមសីលធម៌នៃ AI គេខ្លាំងជាងយើងទៀត។ ហេតុអ្វីបានជាយើងជាស្ថាប័នរដ្ឋមួយមិនអាចធ្វើបាន។ ថាគេរារាំង? ឥឡូវ បើចង់រារាំងសិទ្ធិ ទៅបន្ទោស Facebook ទៅបន្ទោស TikTok ទៅបន្ទោស AI ទៅ។ AI តឹងរ៉ឹងណាស់ … មានរូបមួយទើបស្រាវជ្រាវឃើញ។ ទស្សនកិច្ចនៅប្រទេសជប៉ុនឆ្នាំ២០០៧ … ពេលនោះ សក់ខ្ញុំស្កូវ។ មិនមែនសបែបឥឡូវទេ។ មកពីប្រពន្ធមិនចង់ឱ្យខ្ញុំលាបសក់។ ខ្ញុំគ្រាន់តែសុំ AI ថា ធ្វើឱ្យរូបថតបុរសម្នាក់នេះពីសក់សទៅជាសក់ខ្មៅ… គាត់ប្រាប់ត្រឡប់មកវិញថា គោលការណ៍របស់ AI មិនអនុញ្ញាត។ ឃើញអត់? ក្រែងលោបន្លំមនុស្ស។
ខ្ញុំបានប្រាប់ AI ឱ្យធ្វើរូបខ្ញុំនិងប្រពន្ធខ្ញុំ … សុំឱ្យ AI ធ្វើរូបខ្ញុំជាព្រះសង្ឃ … ខ្ញុំប្រើពាក្យថា ស្ត្រីម្នាក់នេះក្លាយទៅជាអ្នកមកថ្វាយបង្គំព្រះសង្ឃ។ ក្រែង AI ក្តាប់មិនជាប់យ៉ាងម៉េច។ ស្រាប់តែចេញមកព្រមានថា សីលធម៌កម្ពុជាហាមឃាត់ស្ត្រីនិងបុរសមិនឱ្យចាប់ដៃគ្នាប៉ះពាល់។ មានគោលការណ៍របស់គេ។ ហ៊ានដាក់តែមិនស្រួល Facebook ព្រមាន … រហូតដល់គេផ្ដាច់។ TikTok ក៏ដូចគ្នាដែរ សារព្រមានរបស់គេចេញមក។ ហេតុអ្វីបានជាយើងមិនព្រមធ្វើ? ក្រសួងកិច្ចការនារីនាំមុខធ្វើរឿហ្នឹង … ដាក់បណ្តឹងទៅ។ បើតុលាការមិនព្រមធ្វើរឿងហ្នឹងទៀត … ខ្ញុំគិតថាតុលាការធ្វើ … ខ្ញុំនិយាយទៅកាន់តុលាការ សូមតុលាការជួយចាត់ចែង សំណុំរឿងទាំងឡាយស្តីពីជនទាំងឡាយណាដែលរំលោភសីលធម៌សង្គម បំផ្លាញសេចក្ដីថ្លៃថ្នូរនិងសីលធម៌សង្គមរបស់យើង។
នេះសុទ្ធតែមានគោលការណ៍ … មិននិយាយអីច្រើនទេ។ និយាយរឿង AI និយាយរឿង Facebook និយាយរឿង TikTok។ សុទ្ធតែមានគោលការណ៍របស់គេ។ គ្រាន់តែមានឈាមឈាមអី TikTok អត់ព្រមឱ្យបង្ហោះផង។ បើ AI ហ្នឹងគឺច្បាស់ហ្មង។ គ្រាន់តែចង់ឱ្យសក់សទៅជាសក់ខ្មៅ ក៏អត់ព្រមធ្វើឱ្យផង … ឯយើងនេះ (ហេតុការណ៍)រហូតទៅដល់ប៉ុន្មានថ្ងៃ (មិនមានចំណាត់ការអ្វីសោះ)។ បើមិនចេញបញ្ជាទេ … តែទោះបីថាយ៉ាងម៉េចក៏ដោយ ខ្ញុំនៅតែមានសិទ្ធិ(ផ្តល់មតិយោបល់) ក្រែងនាយករដ្ឋមន្ត្រីមើលមិនឃើញ រដ្ឋមន្ត្រីមើលមិនឃើញ។ ប៉ុន្តែ នៅពេលដែលខ្ញុំមើលឃើញរឿងហ្នឹង ខ្ញុំទទួលយកអត់បាន។ ខ្ញុំឱ្យប្រាប់ទៅស្នងការ ហៅគាត់មក។ នៅបានមួយយប់ពីម្សិល ព្រោះហៅយប់ជ្រៅ។ ព្រោះអី? បទល្មើសជាក់ស្ដែង។ គេហៅពេលណាក៏បានដែរ។ បទល្មើសជាក់ស្ដែងនៅឯណា? នៅក្នុង Facebook របស់ខ្លួនហ្នឹង។ ជេរប្រមាថនៅក្នុងហ្នឹង … ពេលហ្នឹងខ្ញុំផ្ញើឱ្យ ជួន ណារិន្ទ … វាហួសហេតុដែលយើងមិនអាចទទួលយកបាន …។
ឥឡូវហ្នឹង ស្ថាប័នជាតិទៅណាអស់ហើយ។ ចៅហ្វាយខេត្ត ទៅណាហើយ។ ថាចៅហ្វាយខេត្តចុះ … ប៉ុន្តែរឿងហ្នឹងគួរតែត្រូវមើលដោយស្ថាប័នប៉ុន្មាន។ វាទៅហួសពីក្រមសីលធម៌។ អញ្ចឹងទេ មហាផ្ទៃក៏ចាត់ការបាន នគរបាលយុត្តិធម៌ក៏ចាត់ការបាន យកមកវាស់កំពស់ភ្លាមៗ មើល។ កុំថាផ្តាច់ការ។ បើចង់និយាយពីផ្តាច់ការ ទៅប្រាប់ពួក Facebook ប្រាប់ TikTok និងប្រាប់ AI ព្រោះវាមានគោលការណ៍របស់វា។ ឯយើងម៉េចក៏មិនធ្វើ? កុំថាខ្ញុំនិយាយកាចជាងនាយករដ្ឋមន្ត្រី។ ខ្ញុំមិនចេះនិយាយដដែលៗទេ។ នាយករដ្ឋមន្ត្រី ទោះបីជានិយាយខ្លាំងយ៉ាងម៉េចក៏មុខនៅតែញញឹមដែរ ព្រោះវាកាត់ទៅម៉ែវាមុខញញឹម។
ឯសំដីរបស់ខ្ញុំ ទោះបីជាមិននៅក្នុងឋានៈបញ្ជា(ទៀតក្តី) ក៏ខ្ញុំនៅតែនិយាយខ្លាំងអញ្ចឹងដែរ ព្រោះមិនអាចបណ្តោយបែបនេះតទៅទៀតទេ។ ចាប់ពីពេលនេះទៅ សុំតាមមើលឱ្យបានដិតដល់។ គួរតែមានក្រុមមួយ តាមដានករណីទាំងអស់ហ្នឹង។ ជេរប្រមាថគ្នាតាម Facebook … ខ្លះរកស៊ីអនឡាញទៅវាយអានេះវាយអានោះ។ មើលបញ្ឈប់រឿងហ្នឹងមើល។ ពិភាក្សាជាមួយក្រសួងមហាផ្ទៃ ពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ ពិភាក្សាជាមួយក្រសួងព័ត៌មាន ពិភាក្សាជាមួយក្រសួងវប្បធម៌ រៀបចំយន្តការមួយដើម្បីតាមរឿងហ្នឹង ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងលើកកម្ពស់សីលធម៌ស្ត្រី និងតម្លៃស្ត្រីខ្មែរ …។
វានាំឱ្យខូចទៅដល់ក្មេង។ និយាយធុនហ្នឹង។ នេះអនុគ្រោះហើយណា បើសិនជាមិនអនុគ្រោះគឺជាប់គុក។ ឥឡូវ (ចាត់ថា)លើកទី១ ត្រឹមតែធ្វើកិច្ចសន្យា។ បើសិនជាធ្វើតទៅទៀត ចាត់ការតាមផ្លូវច្បាប់។ ទោះបីថាវាជារឿងរដ្ឋប្បវេណី ក៏ប៉ុន្តែវាធ្ងន់ធ្ងរហួស។ ខ្ញុំសុំបញ្ជាក់ តាមដានឱ្យគ្រប់ជ្រុងជ្រោយ។ យើងនិយាយ យើងខិតខំប្រឹង ប៉ុន្តែដល់ទៅទីចុងបំផុត មនុស្ស ៣ ៤ ៥នាក់ (ធ្វើឱ្យខូចកិច្ចការ) … ខ្ញុំធ្លាប់និយាយ ខ្ញុំហ៊ានកំចាត់មនុស្សខ្លះដែលបំផ្លាញចោល … ដើម្បីការពារមនុស្សរាប់លាននាក់។ “កំចាត់” មិនមែនមានន័យថា សម្លាប់ចោលទេ ប៉ុន្តែយើងហ៊ានធ្វើ(តាមផ្លូវច្បាប់)ជាមួយមនុស្សប៉ុន្មាននាក់ ដើម្បីការពារមនុស្សរាប់លាននាក់។ ឥឡូវ យើងហ៊ានទេជាមួយបញ្ហាដូចដែលនិយាយអម្បាញ់មិញហ្នឹង។ ប៉ុន្តែក្រែងលោអ្នកទាំងឡាយមិនបានតាមដាន ក៏មិនដឹង។ វាជេរនោះជេរៗ។ ថាជេរនៅក្រៅប្រទេសចុះ អាហ្នឹងយើងធ្វើអីមិនកើត នេះជេរនៅភ្នំពេញ។ ហៅមកវាស់កម្ពស់អញ្ចឹងទៅ។ ហ្នឹងសង្គមស្អប់ខ្ពើម។
ថា “លោក ហ៊ុន សែន ឱ្យតែចេញមកបិទសិទ្ធិគេ”។ នែ! នេះមិនមែនជាការបិទសិទ្ធិទេ ជាការការពារសេចក្ដីថ្លៃថ្នូររបស់ជាតិ។ ខ្មែរមិនមែនអញ្ចឹងទេ។ អាជេរបញ្ចោរហ្នឹងមិនមែនខ្មែរទេ។ និយាយតាមមួយបែប “ទមិឡ” … រឿងគគ្រិចបែបនេះ ចេះយកមកនិយាយ ហើយថែមប្ដីមួយទៀតនៅក្បែរហ្នឹង។ ខ្ញុំខ្ជិលប្រាប់ទៅ ជួន ណារិន្ទ ចង់ឱ្យប្ដីហ្នឹងចេញមកសុំទោសទៀត។ ប្រពន្ធនិយាយ ប្ដីនៅក្បែរហ្នឹង ថែមអំបិលប្រហុកនៅហ្នឹង។ អញ្ចឹងៗ តើសង្គមទទួលយកបានទេ? បើសង្គមទទួលយកមិនបាន រដ្ឋបាលម៉េចក៏មិនធ្វើ? ខ្ញុំមិនចាំបាច់សួរនាយករដ្ឋមន្ត្រីទេ ក្រែងលោនាយករដ្ឋមន្ត្រីគាត់គ្មានពេលមើល។ អញ្ចឹងទេ លេងតែម្ដង ព្រោះអ្នកណាក៏មានសិទ្ធិជាដើមចោទបានដែរ។ វាទាក់ទងនឹងប្រទេសជាតិ។ ថ្ងៃក្រោយកុំធ្វើអញ្ចឹង។
ឯចំពោះចំណុចទាក់ទិននឹងការរៀបចំចំនួនស្ត្រី ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល ដែលបានបង្កើនចំនួនស្ត្រីជាបន្តបន្ទាប់។ នៅក្នុងរបាយការណ៍ បច្ចុប្បន្នមន្ត្រីរាជការស៊ីវិលជាស្ត្រីបានកើនជាបន្តបន្ទាប់។ គិតត្រឹមឆ្នាំ២០២៥ អត្រាមន្ត្រីរាជការជាស្ត្រីមាន៤២%។ ជាចំនួនមួយដែលគួរឱ្យលើកទឹកចិត្ត។ នៅក្នុងដំណាក់កាលរបស់ខ្ញុំៗ បានកំណត់ជាកូតាតែម្ដងអំពីថ្នាក់ជាតិ ត្រូវមានរដ្ឋលេខាធិការមួយយ៉ាងតិច អនុរដ្ឋលេខាធិការមួយយ៉ាងតិច ហើយថ្នាក់ជាបន្តបន្ទាប់។ ឯរដ្ឋបាលថ្នាក់ក្រោមជាតិគឺនៅថ្នាក់ខេត្ត ថ្នាក់ស្រុក សុទ្ធតែមានកូតាសម្រាប់ស្ត្រី ដោយមានអភិបាលរងមួយយ៉ាងតិច។
ប៉ុន្តែ ថ្នាក់ឃុំនៅ(មិនទាន់មាននៅ)ឡើយ។ រយៈពេលកន្លងទៅ ខ្ញុំដើរបាន ២៣ខេត្តហើយ ក្នុងចំណោម ២៥ខេត្ត។ ឥឡូវផ្អាក ដោយសារភ្លៀង … ក្នុង ២៣ខេត្ត សង្កេតឃើញថា ស្ត្រីរបស់យើងអត់ទាន់មាននៅថ្នាក់ឃុំទេ។ អញ្ចឹង នៅក្នុងការបញ្ជូនការណែនាំរបស់គណបក្សប្រជាជនទៅកាន់គណបក្សមូលដ្ឋាន សំរាប់ការត្រៀមបោះឆ្នោតឃុំ-សង្កាត់ ក្នុងនោះមានក្រមសីលធម៌សម្រាប់ការរៀបចំបេក្ខជន ក៏កំណត់ឱ្យមានស្ត្រី។ ខ្ញុំបានផ្តល់ការណែនាំជាក់លាក់។ (តាមការសាក)សួរ ខេត្តខ្លះថាមានគ្រប់ ប៉ុន្តែគ្រប់ត្រង់ថានៅក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែដាក់នៅលេខរៀងដែលមិនជាប់ឆ្នោត។ ឥឡូវនេះ គោលការណ៍ជារួមគឺត្រូវធ្វើម៉េចក្នុងមួយឃុំ យ៉ាងហោចឱ្យមានស្ត្រីម្នាក់ជាប់ឆ្នោត។
ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានស្នើថាគួរចេញច្បាប់សម្រាប់គណបក្សនយោបាយអនុវត្ត។ ខ្ញុំថាមិនចាំបាច់ចេញច្បាប់ទេ។ វាស៊ីសងលើគណបក្សណា គណបក្សនោះជាអ្នកសម្រេចទៅ។ ខ្ញុំសុំនិយាយដើមសាដានគណបក្សខ្លះបន្តិចទៅចុះ។ នៅចាំទេ? គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកតា សឺន សាន និយាយអួតអាងពីស្ត្រី ប៉ុន្តែដល់ពេលបង្កើតរដ្ឋលេខាធិការកិច្ចការនារី បញ្ជូនឯកឧត្តម គាត សុគន្ធ ទៅធ្វើជារដ្ឋលេខាធិការ។ ទៅប្រជុំនៅប៉េកាំង គេអញ្ជើញ Madame គាត សុគន្ធ … ឡើងថ្លែងសុន្ទរកថា។ ដល់តែចេញមក Monsieur គាត សុគន្ធ។ យល់ថាម៉េចអាហ្នឹង? គណបក្សនយោបាយនានាកុំបានតែសម្ដី។ យើងនេះក៏មិនទាន់គ្រប់គ្រាន់ទេ។ ត្រឹមតែមាននៅក្នុងបញ្ជីបោះឆ្នោតគឺអត់បានការទេ។ ក្នុងនាមជាប្រធានគណបក្សប្រជាជន ខ្ញុំបានកំណត់ឱ្យមានស្ត្រីឈរក្នុងលំដាប់ជាប់ឆ្នោត។
ដោយឡែក ឃុំមួយនៅខេត្តកំពង់ស្ពឺ បែរជាមានស្ត្រីដល់ទៅ ៤នាក់ ក្នុងចំណោម ៧នាក់។ ចេញពីគណបក្សប្រជាជន ៣នាក់ ចេញពីភ្លើងទៀនម្នាក់ បាន ៤នាក់។ អញ្ចឹង ឃុំខ្លះយកចិត្តទុកដាក់។ ស្រុកខេត្តយកចិត្តទុកដាក់។ ឥឡូវនេះ យើងធ្វើម៉េចរុញកន្លែងដែលនិយាយថា “មួយយ៉ាងតិច”។ បើមួយយ៉ាងតិច បើត្រឹម ៩នាក់ មាន(ស្រី្ត) ៧នាក់ក៏បានដែរ ឱ្យទៅជាប្រុសភាគតិចទៅ។ អញ្ចឹង ត្រូវរៀបចំការងារនេះ ដើម្បីសម្រិតសម្រាំងពេលដែលរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតឱ្យមានស្ត្រី។ ស្ត្រីនោះគួរត្រូវទទួលបានការបណ្តុះបណ្តាល ហើយក៏ជាមនុស្សដែលអាចធ្វើការបម្រើប្រជាជនបានដែរ។ ខ្ញុំគិតថា មួយឃុំមិនខ្វះមនុស្សម្នាក់ជាស្ត្រីមកធ្វើជាតំណាងក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងត្រូវបោះឆ្នោតនៅឆ្នាំក្រោយៗ នោះទេ។
អញ្ចឹង គណបក្សប្រជាជនយើង មានប៉ុន្មានភាគរយនៃមេឃុំ?
អ្នកឆ្លើយ៖ មេឃុំមាន ១០%។ ស្ត្រីមាន ១៧៦ ក្នុងអាណត្តិនេះ …។
សម្តេចតេជោ៖ ជាមេឃុំ?
អ្នកឆ្លើយ៖ ចាស! ជាមេឃុំ ចៅសង្កាត់ មាន ១៦០០នាក់ជាង។ ជាសរុបមានប៉ុណ្ណេះ ប៉ុន្តែស្ត្រីមានតែ ១៧៦ ស្មើ១០%។
សម្តេចតេជោ៖ ចុះសមាជិកក្រុមប្រឹក្សា?
អ្នកឆ្លើយ៖ សមាជិកក្រុមប្រឹក្សាមានដល់ ៣២៥ ជំទប់ទី១, នេះជំទប់ទី២។
សម្តេច៖ ហើយសមាជិក?
អ្នកឆ្លើយ៖ សមាជិកក្រុមប្រឹក្សាមានដល់ ២៥០០(ជាង)
សម្តេចតេជោ៖ ឃុំយើងទាំងអស់មានប៉ុន្មាន?
អ្នកជំនួយការ៖ ជាង ១ម៉ឺនឃុំ ទូទាំងប្រទេស។
សម្តេច៖ និយាយរួម សំណូមពរជាមូលដ្ឋានពេលនេះ គឺធ្វើម៉េចឱ្យគ្រប់ឃុំទាំងអស់មានស្ត្រី។ កន្លែងខ្លះគឺមានចំនួនច្រើន ប៉ុន្តែឃុំខ្លះអត់តែម្តង។ អញ្ចឹង យើងចង់ឱ្យពង្រាយគ្រប់ឃុំ ដូចដែលយើងពង្រាយថ្នាក់ខេត្ត ថ្នាក់ស្រុកដូចគ្នា។ ទៅថ្ងៃក្រោយ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក៏ចាំបាច់ត្រូវមានស្ត្រីជាប់ឆ្នោត ព្រោះនៅខាងរដ្ឋបាល ការចាត់តាំងមានស្ត្រីហើយជាអភិបាលរងស្រុក អភិបាលរងខេត្ត ប៉ុន្តែស្ត្រីនៅក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ មិនទាន់មានគ្រប់ទេ។ អញ្ចឹង ត្រូវខិតខំធ្វើការងារនេះ។
មួយទៀត ខ្ញុំលើកទឹកចិត្តឱ្យស្ត្រីប្រណាំងប្រជែង ដើម្បីយកតំណែងស្មៀនឃុំ។ ទៅខេត្តកំពង់ស្ពឺ ខ្ញុំមានមោទនភាពដោយឃើញស្ត្រីច្រើន(បានទទួលមុខតំណែង)ជាស្មៀនឃុំ ហើយស្មៀនឃុំនោះ សួរថា រៀនដល់ណា? បរិញ្ញានិងបរិញ្ញាជាន់ខ្ពស់។ ជាស្ត្រីប្រឡងជាប់ជាស្មៀនឃុំ។ អញ្ចឹងទេ គួរដាក់ចេញនូវគោលដៅមួយថា ត្រឹមឆ្នាំ២០៣០សម្រេចគោលដៅឱ្យស្មៀនឃុំជាស្ត្រីរហូតទៅដល់៥០%។ យើងដាក់ផែនការអញ្ចឹង។ បើត្រឹមឆ្នាំ២០៣០ តែប៉ុន្មានថ្ងៃទៀតហ្នឹង។ ពេលដែលស្មៀនឃុំចូលនិវត្តន៍ គេត្រូវប្រឡងជ្រើសរើសស្មៀនឃុំទៀត។ អញ្ចឹងលើកទឹកចិត្តស្ត្រីរបស់យើងឱ្យទៅជាស្មៀនឃុំ ព្រោះជាមន្ត្រីរបស់ក្រសួងមហាផ្ទៃ។ អញ្ចឹងត្រូវទទួលបានការបណ្តុះបណ្តាល។ យកល្អ គាត់នៅឃុំណា ឱ្យគាត់ប្រឡងនៅឃុំនោះ។ ហ្នឹងវាស្រួលធ្វើការ ព្រោះមន្ត្រីរដ្ឋបាលឃុំហ្នឹង … តើមានតួលេខស្មៀនឃុំទេ?(អត់មាន)។
ថ្ងៃក្រោយលើកទឹកចិត្តឲ្យស្ដ្រីប្រឡងយកប៉ុស្ដិ៍ស្មៀនឃុំ។ ដាក់ចេញគោលទៅក្រសួងកិច្ចការនារី ឬក៏ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្ដី ដាក់ចេញជាផែនការជាតិមួយថា ២០៤០ ឬ ២០៤៥ ឬ ២០៥០ ត្រូវសំរេចគោលដៅស្ដ្រីឲ្យក្លាយទៅជាស្មៀនឃុំ ប៉ុន្ដែកុំស្ទូចពិន្ទុឲ្យសោះ។ (ជាតួលេខ ចន្លោះពី១៥% ទៅ២០%) ត្រឹមតែ១៥% ទៅ ២០% វាមិនគ្រប់គ្រាន់ទេ។ យើងចង់យកប៉ុស្ដិ៍ស្មៀនឃុំជាកន្លែងដែលត្រូវពង្រីកចំនួនស្ដ្រី ប៉ុន្ដែឈរលើគោលការណ៍ប្រឡងដោយសមត្ថភាព ពុំមានការស្ទូចពិន្ទុទេ។ បើមិនអញ្ចឹង វាអយុត្ដិធម៌សំរាប់បុរស។ យើងត្រូវមានក្រុមប្រឹក្សាជាតិការពារបុរសដែរ។ បើស្ទូចពិន្ទុសំរាប់ស្ដ្រីហើយ ត្រូវតែបង្កើតក្រុមប្រឹក្សាជាតិដើម្បីការពារបុរសហើយ។
ខ្ញុំគិតថាអាចធ្វើបាន មិនមែនមិនអាចធ្វើបានទេ។ ឥឡូវការរៀនសូត្ររបស់សិស្សដែលនៅទីឆ្ងាយៗក៏មានសមត្ថភាពដើម្បីប្រឡងយកដល់ថ្នាក់ឃុំ នៅពេលដែលស្មៀនឃុំចូលនិវត្ដ។ ជាធម្មតាមានចូលនិវត្ដ។ កន្លែងចូលនិវត្ដហ្នឹងហើយ ជាកន្លែងដែលគេប្រឡងជ្រើសរើស ហើយយើងលើកទឹកចិត្តឲ្យស្ដ្រី ប៉ុន្ដែគោលការណ៍គឺមិនអាចស្ទូចពិន្ទុបានទេ។ រឿងស្ទូចពិន្ទុនេះ ពីដើមធ្លាប់មាននៅភូមិភាគឦសាន រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងកោះកុង … ៥ខេត្តនេះជាកន្លែងដែលស្ទូចពិន្ទុ។ ជាពិសេសការប្រឡងចូលសាលាពេទ្យ តែងតែមានការស្ទូចប៉ុន្មានពិន្ទុមុន។ ប៉ុន្ដែ ពេលនោះយើងខុស។ ស្ទូចពិន្ទុថាឲ្យបងប្អូនជនជាតិភាគតិចមករៀនមហាវិទ្យាល័យនៅភ្នំពេញ។ ប៉ុន្ដែដល់ទៅជាប់ៗ កូនអ្នកភ្នំពេញ។ គេយកទៅឲ្យចៅហ្វាយខេត្តស៊ីញ៉េ។ អញ្ចឹង ខ្ញុំចាញ់បោកគេមួយសារទៅ។ ជំនាន់អតីតរដ្ឋកម្ពុជាខ្ញុំចាញ់បោកគេ ព្រោះពេលខ្ញុំចាប់ផ្ដើមធ្វើនាយករដ្ឋមន្ដ្រី ខ្ញុំចាប់ផ្ដើមមើលធនធានមនុស្ស។
ពេលនោះ ខ្ញុំទៅយកគ្រូពីខេត្តតាកែវជាង ១០០នាក់ បញ្ជូនទៅរតនគិរី។ (ចុងក្រោយ)សល់តែ ៦នាក់ទេ។ ក្រៅពីហ្នឹងមកវិញទាំងអស់ ព្រោះពិបាកនៅ អត់ផ្លូវអត់អី។ មិនមែនដូចឥឡូវទេ។ ឥឡូវនេះ ជិះឡានស្រួល។ ខ្ញុំទើបតែទៅទេ។ ខ្ញុំចេញពីមណ្ឌលគិរីម៉ោង ៤ភ្លឺ ទៅដល់រតនគិរីចូលប្រជុំតែម្ដង។ ទៅទាំងយប់។ ពីដើមអាពតបាញ់។ អត់ផ្លូវ។ ឥឡូវការបណ្ដុះបណ្ដាលធនធានមនុស្សនៅទីនោះក៏មិនអន់ជាងនៅភ្នំពេញទេ។ អោយតែគេប្រឹងទទួលបានការសិក្សា(ល្អ)។ ខ្ញុំសូមឲ្យដាក់ចេញនូវគោលដៅនេះជំរុញស្ដ្រីដាក់ពាក្យប្រឡង(ស្មៀនឃុំ) នៅពេលដែលស្មៀនឃុំចូលនិវត្ដ។ កន្លែងណាមួយ(មានស្មៀន)ចូលនិវត្ដគេតែងតែប្រឡងជ្រើសរើសថ្មី។ យើងលើកទឹកចិត្តស្ដ្រីដាក់(ពាក្យ)ប្រឡងទៅ។ វាជាផ្នែកមួយដើម្បីយើងបង្កើនចំនួនស្ដ្រីក្នុងគ្រប់តួនាទីទាំងអស់ តាំងពីក្របខណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ ក្នុងគ្រួសារ ស្ថាប័នរដ្ឋ។ ខ្ញុំក៏បញ្ចូលមកព្រឹទ្ធសភា ឲ្យនៅបន្ដរៀន លើកទឹកចិត្តឲ្យធ្វើការនៅក្រៅប្រទេសទៀត។ មន្ដ្រីសមាជិករបស់ព្រឹទ្ធសភា ដូចជាមានទៅធ្វើការនៅ ILO ហ្សឺណែវ។
នៅនេះរៀនចប់ យកចូលជាសមាជិករបស់ព្រឹទ្ធសភា។ ចប់បរិញ្ញានៅកូរ៉េ ទៅតំណាង WTO នៅ ហ្សឺណែវ ហើយបន្ដរៀននៅទីនោះ។ រៀនចប់យើងបញ្ជូនមកនេះ។ ដោយសារនៅទីនេះ ខ្វះអ្នកចេះភាសា។ អញ្ចឹងយើងឲ្យចូល។ ប៉ុន្ដែ ស្រាប់តែខាង ILO គេត្រូវការមនុស្ស ប្រឹងធ្វើការទៅអញ្ចឹង ទាញយកជនជាតិខ្មែរយើងបានធ្វើការ ១នាក់រាល់ថ្ងៃ។ ខ្ញុំចង់ឲ្យក្រសួងការបរទេសបង្កើនចំនួនស្ដ្រីជាអគ្គរដ្ឋទូតឲ្យច្រើន។ ឥឡូវយើងមានអគ្គរដ្ឋទូតស្ដ្រីប៉ុន្មានហើយ? (៧នាក់លើ ៣០នាក់)។ នេះជាដំណើរការមួយដែលត្រូវលើកកម្ពស់តួនាទីស្រ្ដីឲ្យបានកាន់តែច្រើន។ សូមចាំ! ខ្ញុំតែងតែនិយាយថា “វិនិយោគឲ្យស្ដ្រីគឺជួយខ្លួនឯងទេ”។ សូមបុរសចាំឲ្យច្បាស់។
(ស្មៀនឃុំជាស្ដ្រីមាន៣១៥ ស្មើនឹង១៩.៧% តួលេខទូទាំងប្រទេស)។ អញ្ចឹងដាក់ចេញផែនការទៅ។ ក្រសួងមហាផ្ទៃខ្លួនឯងជួយក្រសួងកិច្ចការនារីដាក់ចេញគោលដៅថា ២០៣០ វាតិចពេក យើង(អាច)ដាក់ដល់២០៤០ ឬ២០៥០ សំរេចគោលដៅ៥០% ឬលើស៥០% ក៏បានដែរ អោយទៅជាស្មៀនឃុំ។ ហ្នឹងជាមន្ត្រីរបស់ក្រសួងមហាផ្ទៃ ហើយនិរន្តរភាពរបស់ឃុំនីមួយៗ មិនផ្អែកលើក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវដូររៀងរាល់ ៥ឆ្នាំម្តងទេ។ ស្មៀនឃុំគឺជាមន្ដ្រីរដ្ឋបាលគ្រប់គ្រងនៅទីនោះ។ ខ្ញុំសូមបញ្ជាក់ វិនិយោគឱ្យស្រ្តី គឺវិនិយោគឱ្យខ្លួនឯង វិនិយោគឱ្យសង្គម។ ជួយស្រ្តី គឺជួយខ្លួនឯង។ ឧទាហរណ៍ ជួយប្រពន្ធឱ្យមានការចេះដឹង។ តើយើងវាមិនស្រួលទេអី? ព្រោះគាត់ចេះដឹងទៅ គាត់ថែមទាំងជួយយើងបានទៀត។ យើងជួយកូនយើងឱ្យមានការចេះដឹង។ វាមិនស្រួលដល់យើងទេអី? យើងជួយចៅយើងឱ្យចេះដឹង តើយើងមិនស្រួលទេអី? ជួយស្រ្តីគឺជួយខ្លួនឯងទេ។ សូមបុរសទាំងឡាយចងចាំពាក្យខ្ញុំ។ ឃើញថាប្រពន្ធមានការខ្វះខាតអី ប្រពន្ធចង់រៀនខាងអី គួររុញឱ្យរៀនទៅ។ បើសិនទុកឱ្យគាត់មិនចេះ គឺយើងនៅតែពិបាកខ្លួនឯង ប៉ុន្តែនៅពេលដែលគាត់ចេះ គាត់ជួយយើងទៅវិញ។ យើងចាំបាច់ជួយគាត់ធ្វើអីទៀត?
ហ្នឹងគឺជាចំណុចដែលខ្ញុំចង់សំណូមពរ។ ថ្ងៃនេះ ខ្ញុំនិយាយទៅកាន់សាធារណជនត្រឹមប៉ុណ្ណឹងចុះ។ អញ្ចឹងសូមបិទបញ្ចប់។ សូមយកទៅចាក់ផ្សាយពីត្រឹមកន្លែងដែលខ្ញុំថាឱ្យផ្សាយ។ នេះគឺជាសារដែលខ្ញុំសូមបន្តត្រង់ហ្នឹងបន្តិច។ សារដែលសំខាន់គឺចង់សំដៅទៅលើរឿងសីលធម៌ធ្លាក់ចុះ ជេរគ្នាតាម Facebook ជេរគ្នាតាមវិទ្យុអាចារ្យអេ។ រឿងហ្នឹងគឺត្រូវតែធ្វើ […]៕



