សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ពិធីចែកសញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា

វឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ ខ្ញុំរីករាយដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីប្រគល់សញ្ញាបត្រជូនចំពោះនិស្សិត នៃវិទ្យា​ស្ថាន​វ៉ាន់ដា ចំនួន ៤.១៧៤ នាក់ ដែលមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុង​នាមរាជ​រដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងជូននូវការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព​ដែល​វិទ្យា​ស្ថានវ៉ាន់ដា ទទួលបានក្នុងរយៈពេលកន្លងទៅ ទាក់ទងនឹងការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែលជា​ផ្នែក​ដ៏​សំខាន់នៅក្នុងកាអភិវឌ្ឍប្រទេសជាតិរបស់យើង។ តាមរយៈនៃវិទ្យាស្ថាននេះ យើង​បានទទួល​រួច​មក​ហើយ នូវនិស្សិតដែលបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ ហើយក៏កំពុងមាន​និស្សិតមួយ​ចំនួន​ផ្សេង​ទៀត ជាង ៧.០០០ នាក់ផ្សេងទៀត ដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាននេះ។ ការរីក​ចម្រើនជា​បន្ត​បន្ទាប់​បានផ្តល់ឱកាស​ឲ្យវិទ្យាស្ថានបានពង្រីកខ្លួន ពីដំណាក់កាលមួយទៅដំណាក់​កាល​មួយ ដែល​មុន​នោះ គ្រាន់តែហៅថា វិទ្យា​ស្ថាន​វ៉ាន់ដាគណនេយ្យ តែឥឡូវបានឈានទៅដល់​ដំណាក់កាល​នៃវិទ្យា​ស្ថាន​មួយ ដែលមានមហាវិទ្យាល័យ​ច្រើននៅក្នុងនោះ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជា​សាស្រ្តា​ចារ្យ​​នៃវិទ្យាស្ថាន ដែលបានប្រឹងប្រែងចូលរួមចំណែកនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏​សូមយក​ឱកាស​នេះ ថ្លែងនូវការអំណរគុណ ដែលបានចូលរួមចំណែកនៅក្នុងការផ្តល់​អាហារូបករណ៍​សម្រាប់ខ្ញុំ ផ្តល់​ដល់​និស្សិតដទៃទៀត ដែលមានចំនួនដល់ទៅ ៤៤៤ នាក់។ ចំនួននេះ គឺជា​ចំនួនដែលខ្ញុំ​បានផ្តល់​សម្រាប់​និស្សិតដទៃទៀត ដែលមានការខ្វះខាតក្នុងរយៈពេលកន្លងទៅ ហើយ​នៅថ្ងៃនេះ ក៏អាចមាននិស្សិត​មួយ​ចំនួន ដែលទទួលអាហារូបករណ៍​​នោះ…