វឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា
ថ្ងៃនេះ ខ្ញុំរីករាយដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីប្រគល់សញ្ញាបត្រជូនចំពោះនិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤.១៧៤ នាក់ ដែលមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងជូននូវការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពដែលវិទ្យាស្ថានវ៉ាន់ដា ទទួលបានក្នុងរយៈពេលកន្លងទៅ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាផ្នែកដ៏សំខាន់នៅក្នុងកាអភិវឌ្ឍប្រទេសជាតិរបស់យើង។ តាមរយៈនៃវិទ្យាស្ថាននេះ យើងបានទទួលរួចមកហើយ នូវនិស្សិតដែលបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ ហើយក៏កំពុងមាននិស្សិតមួយចំនួនផ្សេងទៀត ជាង ៧.០០០ នាក់ផ្សេងទៀត ដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាននេះ។ ការរីកចម្រើនជាបន្តបន្ទាប់បានផ្តល់ឱកាសឲ្យវិទ្យាស្ថានបានពង្រីកខ្លួន ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលមុននោះ គ្រាន់តែហៅថា វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ តែឥឡូវបានឈានទៅដល់ដំណាក់កាលនៃវិទ្យាស្ថានមួយ ដែលមានមហាវិទ្យាល័យច្រើននៅក្នុងនោះ។
ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសាស្រ្តាចារ្យនៃវិទ្យាស្ថាន ដែលបានប្រឹងប្រែងចូលរួមចំណែកនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏សូមយកឱកាសនេះ ថ្លែងនូវការអំណរគុណ ដែលបានចូលរួមចំណែកនៅក្នុងការផ្តល់អាហារូបករណ៍សម្រាប់ខ្ញុំ ផ្តល់ដល់និស្សិតដទៃទៀត ដែលមានចំនួនដល់ទៅ ៤៤៤ នាក់។ ចំនួននេះ គឺជាចំនួនដែលខ្ញុំបានផ្តល់សម្រាប់និស្សិតដទៃទៀត ដែលមានការខ្វះខាតក្នុងរយៈពេលកន្លងទៅ ហើយនៅថ្ងៃនេះ ក៏អាចមាននិស្សិតមួយចំនួន ដែលទទួលអាហារូបករណ៍នោះ សម្រាប់មកទទួលសញ្ញាបត្រនេះដែរ។
សន្តិភាព និងគោលនយោបាយឯកជនវិនិយោគលើវិស័យអប់រំ បង្កឱកាសបណ្តុះបណ្តាលធនធានមនុស្ស
អម្បាញ់មិញ លោកបណ្ឌិត ហេង វ៉ាន់ដា បានលើកឡើងទាក់ទិនជាមួយនឹងកត្តាសន្តិភាព ដែលយើងបានប្រឹងប្រែងរកយ៉ាងលំបាក ទម្រាំមានលទ្ធភាពនឹងធ្វើបែបនេះ។ បើសិនជាគ្មានសន្តិភាពទេ យើងមិនមានឱកាស ដើម្បីរៀបចំឲ្យមានការអភិវឌ្ឍប្រទេសជាតិតាមបែបនេះនោះទេ។ ហើយបើទោះបីមានសន្តិភាព តែបើក្របខណ្ឌគោលនយោបាយមិនអនុញ្ញាតឲ្យមានការចូលរួមណាមួយពីសំណាក់វិស័យឯកជនទៅលើការបណ្តុះបណ្តាលធនធានមនុស្សទេនោះ ក៏មិនផ្តល់ឱកាសសម្រាប់វិស័យឯកជន ហើយក៏ជាការរឹតត្បិត ឬក៏មិនផ្តល់ឱកាសសម្រាប់យុវជនរបស់យើង ដើម្បីស្វែងរកនូវការសិក្សានោះដែរ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្តល់ឱកាសឲ្យវិស័យឯកជន មានលទ្ធភាពចូលរួមនៅក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈនៃការបង្កើតឡើងនូវសាកលវិទ្យាល័យ សាលា ដើម្បីធ្វើការរៀនបង់ថ្លៃ ព្រោះថា សាលារបស់រដ្ឋពុំមានលទ្ធភាពគ្របដណ្តប់អស់នូវយុវជន ដែលជាប់នូវសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ។ បន្ថែមទៅដោយការចូលរួមរបស់វិស័យឯកជន រាជរដ្ឋាភិបាលក៏បានផ្តល់ឱកាសឲ្យរដ្ឋយកមួយផ្នែក នៃថ្នាក់រៀនរបស់ខ្លួនឲ្យសិស្សរៀនបង់ថ្លៃ នៅក្នុងនោះ សាលារបស់រដ្ឋមួយភាគ គឺរៀនអាហារូបករណ៍របស់រដ្ឋ និងមួយភាគទៀតរៀនដោយមានការបង់ថ្លៃ។ នេះជាការចូលរួមពីវិស័យឯកជន ប៉ុន្តែសំខាន់ជាងទៀត គឺពីសំណាក់សិស្ស និស្សិត ខ្លួនឯងផ្ទាល់តែម្តង តាមរយៈនៃប្រាក់សន្សំ ប្រាក់ចំណូល ដែលក្រុមគ្រួសារមានសម្រាប់ការបង់ថ្លៃ សម្រាប់ការរៀនសូត្ររបស់យើង។ យើងបន្តសម្រាប់ធនធានមនុស្សនេះ ហើយអាណត្តិនេះ គឺជាអាណត្តិដែលយើងបានដាក់មុខព្រួញសំខាន់ នៃអាទិភាពទាំង ៤ ដែលពីមុនហៅថា ទឹក ផ្លូវ ភ្លើង មនុស្ស ទៅជា មនុស្ស ទឹក ផ្លូវ ភ្លើង វិញ បានសេចក្តីថា យើងចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្ស គឺជាអាទិភាពទី ១ នៃការផ្តល់អាទិភាពសម្រាប់ការវិនិយោគ។
បង្កើតគណៈកម្មការដេញថ្លៃឈើចាប់បាន ប្រើប្រាស់ក្នុងស្រុក
ដូច្នេះ ហើយបានជានៅក្នុងពេលវេលារយៈពេលកន្លងទៅ យើងបានបង្កើនថវិកាក្នុងវិស័យអបរំនេះ ចំនួនកាន់តែច្រើនទៅៗ។ មុនខ្ញុំមកនេះ ខ្ញុំក៏បានមើល Cambodia Daily។ អរគុណណាស់ ដែល Cambodia Daily បានធ្វើការចុះផ្សាយ។ ខ្ញុំបានប្រកាសថាឈើដែលចាប់បានទាំងអស់ គឺមិនដាក់ឲ្យដេញថ្លៃនាំចេញទេ។ ឈើទាំងអស់ត្រូវប្រើប្រាស់ក្នុងវិស័យអប់រំ ដោយយកទៅធ្វើជាសាលា យកទៅធ្វើជាផ្ទះគ្រូបង្រៀនជាដើម។ ប៉ុន្តែឆ្លងកាត់តាមការពិភាក្សាគ្នានោះ ឈើដែលយើងរឹបអូសបានប្រមាណជា ៧ ម៉ឺនម៉ែត្រគូបក្រសួងអប់រំ យុវជន និងកីឡា មិនមានលទ្ធភាព ដើម្បីនឹងទៅយកឈើហ្នឹងអារខ្លួនឯងទេ។ ដូច្នេះហើយបានជាក្រសួងមានសំណូមពរ ធ្វើការដាក់អោយដេញថ្លៃសម្រាប់ការប្រើប្រាស់ក្នុងស្រុក។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ក៏បានពិនិត្យឃើញថា វាលំបាកណាស់ ឈើខ្លះមិនទាន់យកចេញពីព្រៃផង មិនទាន់ចេញពីព្រៃ ឲ្យលោកគ្រូ អ្នកគ្រូហ្នឹង ទៅដឹកឈើហ្នឹង (ក៏មិនកើត)។ អញ្ចឹងទេ ខ្ញុំក៏យល់ព្រម ព្រោះតម្រូវការប្រើប្រាស់ក្នុងស្រុករឹតតែច្រើនដែរ។ អញ្ចឹងទេបានជាបង្កើតគណៈកម្មការមួយឲ្យធ្វើការដាក់ដេញថ្លៃ សម្រាប់ប្រើប្រាស់ស្រុក មិនមែនសម្រាប់បញ្ជូនការនាំចេញទេ។ ប៉ុន្តែថវិកាដែលបានមកពីដាក់ដេញថ្លៃ(ឈើ) បានមកពីការរឹបអូសឈើកាប់ដោយខុសច្បាប់នេះ ត្រូវប្រើប្រាស់បន្ថែមទៅលើថវិកានៃខាងវិស័យអប់រំ។ អញ្ចឹងគេអាចយកទៅច្នៃធ្វើបាន ពីការយកឈើ ទៅជាការយកលុយ យកលុយហ្នឹងទៅទិញឈើធ្វើសាលា ទិញឈើធ្វើផ្ទះគ្រូវិញដដែល។ ចំណុចនេះ គ្រាន់តែបញ្ជាក់ជូនបន្តិច កុំឲ្យវាងាប់ក្រឡា …។
វិជ្ជាជាមរតកមិនចេះបាត់បង់
ខ្ញុំក៏សុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ និងអបអរសាទរជាមួយនឹងជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ នេះគឺជាការខិតខំប្រឹងប្រែងមួយរបស់ក្មួយៗនិស្សិត ដែលបានប្រឹងប្រែង មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកផ្ទាល់ខ្លួនទេ ផ្ទាល់ខ្លួនប្រឹងហើយ ក៏ប៉ុន្តែយើងក៏មិនត្រូវភ្លេចក្រុមគ្រួសារទាំងឡាយ ដែលបានផ្តល់ប្រាក់កាសឲ្យយើងសម្រាប់ការរៀនសូត្រនៅទីនេះ ហើយក៏មានក្រុមគ្រួសារជាច្រើនដែលកំពុងនៅខាងក្រៅ កំពុងរង់ចាំដើម្បីជូនបាច់ផ្កាអបអរសាទរចំពោះកូនចៅ ប្តី ឬក៏ប្រពន្ធរបស់ខ្លួន ប្អូនរបស់ខ្លួន ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ នេះហើយជាមរតកដែលមិនអាចបាត់បង់។ ឪពុកម្តាយចែកទ្រព្យសម្បត្តិឲ្យកូនចៅ បើមានចែកឲ្យគឺល្អណាស់ហើយ ប៉ុន្តែចែកទ្រព្យសម្បត្តិ មិនប្រាកដថាគង់វង្សទេ។ ជួនកាលអាចភ្លើងឆេះ ជួនកាលអាចយកទៅចាយផ្តេសផ្តាស ក៏ប៉ុន្តែការចែកចំណេះវិជ្ជានេះ គឺសំខាន់ណាស់ ដែលអាចផ្តល់ឲ្យកូនចៅទាំងនោះ ទទួលបាននូវការវិវត្តរៀងរហូតដែលមិនចេះរីងស្ងួត។ អបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជាក្រុមគ្រួសារនៃជ័យលាភីផងដែរ ហើយសង្គមជាតិរបស់យើង ក៏ដូចជាសង្គមគ្រួសារ តាមគ្រួសារនីមួយៗ ក៏នឹងទទួលបានផលប្រយោជន៍ដូចគ្នាសម្រាប់ការអភិវឌ្ឍនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផង និងចំពោះការរួមចំណែកសម្រាប់ប្រទេសជាតិរបស់យើងផង។
ការសិក្សា គឺគ្មានព្រំដែន
ខ្ញុំអំពាវនាវឲ្យមានការខិតខំបន្តទៅទៀតសម្រាប់និស្សិតរបស់យើង ការទទួលសញ្ញាបត្រមួយនេះ ថ្ងៃនេះ វា គ្រាន់តែជាការបញ្ចប់នូវដំណាក់កាលមួយ ដើម្បីឈានទៅកាន់ដំណាក់កាលថ្មីមួយទៀតតែប៉ុណ្ណោះ។ គ្មានអ្នកណាមួយអាចរៀនចប់អស់នោះទេ ហើយក៏កុំនិយាយថា ខ្ញុំជាបណ្ឌិតរដ្ឋ ខ្ញុំជាបណ្ឌិត ខ្ញុំជាបណ្ឌិតសភាចារ្យ កុំនិយាយ! រឿងហ្នឹងវាគ្រាន់តែជាឋានៈ ជាការកត់សំគាល់តែប៉ុណ្ណោះ ក៏ប៉ុន្តែចំណេះវិជ្ជាវាអត់មានទល់ដែនរបស់វាទេ។ វានៅឡើងការចេះដឹង ការវិវត្តពីសភាពការណ៍មួយទៅសភាពការណ៍មួយ គឺវាចេះតែទៅហើយ។ ដូច្នេះ បើទោះបីយើងថ្នាក់កម្រិតណាក៏ដោយ ត្រូវបន្តការខិតខំរៀងរាល់ថ្ងៃ មិនអាចនៅទ្រឹងបានទេ។ បើមិនដូច្នោះ យើងនឹងក្លាយទៅជាជនអភិរក្សនិយម ហើយអ្នកអភិរក្សនិយមនេះ គ្រោះថ្នាក់ណាស់សម្រាប់ការរីកលូតលាស់នៃមនុស្ស វាប្រៀបដូចជាដុំថ្មមួយដែលនៅសង្កត់ពីលើពន្លកនៃការដុះឡើង។
នេះគឺជាជម្ងឺនៃការអភិរក្សនិយម ដែលទាមទារនូវការដោះស្រាយបញ្ហាទាំងនោះ។ ប៉ុន្តែខ្ញុំគិតថា ចំនួនអ្នក អភិរក្សនិយមមានការថយចុះច្រើន បើខ្ញុំសង្កេតពីពេលដែលខ្ញុំចាប់ផ្តើមនៅក្នុងជាក្របខណ្ឌយុវជន ដែលមានអាយុក្រោម ៣០ ឆ្នាំ រហូតមកដល់ពេលនេះ។ ខ្ញុំគិតថា ចំនួននៃអ្នកដែលមានគំនិតចាស់គំរឹល អភិរក្សនិយមមានការថយចុះច្រើនណាស់។ មុននេះ ឲ្យតែក្មេង គេថា អានេះក្មេងពេកធ្វើអីមិនកើត ទាល់តែមនុស្សសក់ស្កូវទើបតែងតាំងបាន។ អញ្ចឹងចំណុចនេះ ខ្ញុំនៅចាំបានក្នុងទស្សវត្សរ៍ ៨០ ខ្ញុំបានតស៊ូជាមួយនឹងរឿងនេះច្រើនណាស់ ព្រោះនៅពេលដែលខ្ញុំធ្វើរដ្ឋមន្រ្តីការបរទេសនៅឆ្នាំ ១៩៧៩ ពេលនោះ ខ្ញុំទើបនឹងមានអាយុ ២៧ ឆ្នាំនៅឡើយទេ។ ពេលដែលខ្ញុំធ្វើឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ខ្ញុំក៏ទើបនឹងមានអាយុ ២៩ ឆ្នាំ ពេលនោះ មានរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលជំនាន់នោះមួយចំនួន គាត់បានប្រើពាក្យថា នេះជារដ្ឋមន្ត្រីមិនទាន់បាត់ធុំក្លិនទឹកដោះគោ។ នេះគឺជាភាសាមួយ ចាត់ទុកថា គាត់និយាយលេងក៏បាន ចាត់ទុកថា ជាការដែលគាត់និយាយតាមបែបបញ្ឈឺក៏បានដែរ។ ក៏ប៉ុន្តែតាមរយៈនោះ បង្ហាញឲ្យឃើញថា អ្នកដែលគេហៅថា រដ្ឋមន្ត្រីមិនទាន់បាត់ធុំក្លិនទឹកដោះគោនេះហើយ គឺជាមនុស្សតែម្នាក់គត់ ដែលអាចឈរជើងបាននៅក្នុងរដ្ឋាភិបាល តាំងពីថ្ងៃចាប់កំណើត ០៨ មករា ១៩៧៩ មកដល់ថ្ងៃនេះ។
បញ្ហាមិនមែនបានមកអំពីអ្វីក្រៅពីការខិតខំផ្ទាល់របស់យើង បង្ហាញពីលទ្ធភាពរបស់យើង និងទាញនូវការគាំទ្រទាំងឡាយក្នុងក្របខណ្ឌនៃមេដឹកនាំ ក៏ដូចជាពីសំណាក់មហាជន។ មិនអាចមាន(អ្នក)ដឹកនាំខ្វះសមត្ថភាព ហើយទៅដឹកនាំប្រទេសនោះកើតទេ។ អានេះជាចំណុចដែលយើងត្រូវមើលឃើញ។ អញ្ចឹងទេ បានជាខ្ញុំអំពាវនាវថា នៅពេលដែលយើងទទួលសញ្ញាបត្រថ្នាក់នេះ ថ្នាក់នោះ យើងត្រូវប្រឹងបន្ត។ ថ្ងៃនេះ មានបរិញ្ញាបត្ររង មានបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បើទោះបីជាយើងមិនប្រឹងរៀនឡើងថ្នាក់បន្តទៅទៀត ក៏យើងប្រឹងពង្រឹងសមត្ថភាពយើងផ្ទាល់តែម្តង។
សិទ្ធិសេរីភាពបញ្ចេញមតិ ត្រូវផ្សារភ្ជាប់ជាមួយនឹងការគោរពច្បាប់
សភាពការណ៍វាវិវត្តរាល់ថ្ងៃ។ សូម្បីតែបញ្ហាការប្រែប្រួលអាកាសធាតុនេះ វាវិវត្តរាល់ថ្ងៃ ដែលទាមទារអោយយើងត្រូវស្វែងយល់។ បញ្ហានៅលើពិភពលោកសាំញ៉ាំ តាមប្រទេសនីមួយៗ វាក៏សាំញ៉ាំ បច្ចេកវិទ្យាកាន់តែលឿន បញ្ហាប្រឈមមានច្រើន ហើយការប្រឈមទាំងអស់នោះ មិនមានក្បួនខ្នាតណាមួយទៅដោះស្រាយទេ។ នៅលើពិភពលោកអត់មានសាលាណាបើកថ្នាក់បង្រៀនធ្វើនាយករដ្ឋមន្ត្រី ធ្វើរដ្ឋមន្ត្រី ឬធ្វើប្រធានាធិបតីទេ។ នៅកម្ពុជាមានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ ដែលមានសមត្ថភាពធ្វើជាសាស្រ្តាចារ្យសម្រាប់បង្រៀនឲ្យធ្វើប្រធានាធិបតីធ្វើបែបណា ព្រោះអ្នកខ្លះ(គិតថា)សមត្ថភាព(របស់)គេខ្ពស់ជាងនាយករដ្ឋមន្ត្រី ខ្ពស់ជាងប្រធានាធិបតីទៅទៀត។ គេឡើងថ្លែងម្តងៗ (គេថា)នាយករដ្ឋមន្តី្រគួរធ្វើអញ្ចេះ ប្រធានាធិបតីគួរធ្វើអញ្ចេះ …។
មានអ្នកខ្លះចេះគ្រប់ ចេះមួយចប់ សូម្បីមិនទាន់បានស្តាប់រឿងហ្នឹងច្បាស់ ក៏ចេះសម្តែងមតិ។ ប៉ុន្តែយ៉ាងណាក៏ដោយ នោះជាសិទ្ធិរបស់គេ។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់សាជាថ្មីនៅទីនេះ សិទ្ធិរបស់អ្នកគឺមានព្រំប្រទល់ជាមួយសិទ្ធិអ្នកដទៃ។ អ្នករំលោភសិទ្ធិអ្នកដទៃ នឹងប៉ះពាល់ទៅដល់បញ្ហាផ្លូវច្បាប់ហើយ ហើយសុំកុំប្រើប្រាស់នូវសិទ្ធិបញ្ចេញមតិ ដើម្បីបំពានអ្នកដទៃកុំឲ្យសោះ។ រាជរដ្ឋាភិបាលត្រូវការរក្សាសន្តិភាពសម្រាប់ប្រទេស រក្សានូវស្ថិរភាពនយោបាយសម្រាប់ប្រទេស ដើម្បីប្រទេសដើម្បីការអភិវឌ្ឍ។ បុគ្គលធ្វើខុស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ បើសិនអ្នកឯងកុំធ្វើខុស គ្មានអ្នកណាគេទៅចាប់អ្នកឯងទេ គ្មានអ្នកណាយកអ្នកឯងទៅកាត់ទោសទេ។ អ្នកដទៃសុំកុំភាន់ច្រឡំទាមទារការដោះលែងគ្មានលក្ខខណ្ឌ។ បើទាមទារដោះលែងគ្មានលក្ខខណ្ឌមិនចាំបាច់មានច្បាប់ទេ។ សូមអំពាវនាវ(អោយ)ប្រុងប្រយ័ត្ន។ នៅលើពិភពលោកបច្ចុប្បន្នបានមើលឃើញរួចស្រេចទៅហើយ។ ខ្ញុំសូមគូសបញ្ជាក់សាជាថ្មី។ សន្តិភាពនេះពិបាករកណាស់ ទម្រាំរកបាន ស្លាប់អស់ជីវិតមនុស្សអស់ប៉ុន្មាននាក់ទៅ? ពិតជាអស់ច្រើនណាស់។ ឆ្នាំ ១៩៧០-៧៥ ពីឆ្នាំ ១៩៧៥-៧៩ ពីឆ្នាំ ១៩៧៩ ទៅដល់ ១៩៩៨ ដែលយើងបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ តើជីវិតប៉ុន្មានទៅដែលបានស្លាប់?
បដិវត្តន៍ពណ៌អីក៏ដោយ អោយតែធ្វើខុសច្បាប់ ត្រូវតែចាប់
… ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនំាដ៏ទៃទៀត កុំខ្វល់ពីរឿងពណ៌។ ចង់ពណ៌អីក៏ដោយ អោយតែធ្វើខុសច្បាប់ ដាក់ទំាងអស់ហ្នឹង។ ហើយអ្នកដែលបំផុសនោះ ត្រូវប្រយ័ត្នប្រយែងក្រែងលោវានំាទៅដល់នីតិបុគ្គល។ ខ្ញុំគ្រាន់តែផ្តំាផ្ញើទេ ហើយសុំម្នាក់ដែលផ្តល់លុយកក់បោះអាវនោះប្រយ័ត្នប្រយែង។ គេស្គាល់មុខច្បាស់ណាស់ទៅហើយ។ នៅកន្លែងខ្លះគេហៅពណ៌ទឹកក្រូច ខ្លះគេហៅពណ៌ក្រហម ខ្លះគេហៅពណ៌ខ្មៅ។ ខ្ញុំថាពណ៌អីក៏ដោយអោយតែធ្វើខុសច្បាប់ដាក់ទំាងអស់ហ្នឹង។ តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លំាងប្រដាប់អាវុធគេបង្កើតឡើងដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដើម្បីដាក់អ្នកទោស … ។
… អ្នកឯងស្លូត ខ្ញុំក៏ត្រូវគិតដែរ បើអ្នកឯងព្រហើន ខ្ញុំក៏ត្រូវគិតដែរ។ ព្រោះអញ្ចេះ អំណាចដំណើរការរបស់តុលាការ ខ្ញុំអត់មានសិទ្ធិលូកលាន់ទេ។ ប៉ុន្តែរួចពីដំណើរការរបស់តុលាការនោះ ពេលសាលក្រមចូលស្ថាពរ វាស្ថិតក្នុងដៃនាយករដ្ឋមន្ត្រីវិញ ព្រោះច្បាប់ពន្ធធនាគារ គេអនុញ្ញាតអោយនាយករដ្ឋមន្ត្រីធ្វើការស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោស ឬបន្ធូរបន្ថយទោសនៅពេលណាក៏បាន។ ប៉ុន្តែបើអ្នកឯងធ្វើរបៀបហ្នឹង អ្នកឯងរុញអោយខ្លោច រោចអោយឆៅ … រដ្ឋបាលមិនអនុញ្ញាតទេ ព្រោះនេះជាសន្តិសុខមនុស្សរាប់លាននាក់ មិនមែនបញ្ហាបុគ្គល ៤ ទៅ ៥ នាក់ទេ។ ហើយបុគ្គល ៤ ទៅ ៥ នាក់នោះ បើមិនខុសទេ គេមិនយកទៅធ្វើស្អីដែរ។ ឥឡូវដំណើរការតាមផ្លូវច្បាប់ រកវិធីដោះបន្ទុកតាមរយៈការផ្តល់មេធាវី។ រកមេធាវីអោយពូកែ រកវិធីដោះស្រាយបន្ទុកទើបជាបញ្ហាទៅតាមផ្លូវច្បាប់ មិនអាចមកដាក់សម្ពាធតាមរយៈពណ៌នេះ ពណ៌នោះទេ …។
… អ្នកឯងកុំភ្លេច រឿងសិទ្ធិសេរីភាពត្រូវផ្សារភ្ជាប់ជាមួយនឹងការគោរពច្បាប់។ មិនអាចអោយសិទ្ធិអ្នកឯងហួសហេតុ ដោយមិនគិតដល់សិទ្ធិរបស់អ្នកដទៃ និងបញ្ហានៃការគ្រប់គ្រងរដ្ឋដោយច្បាប់នោះទេ។ អ្នកឯងអាងស្អីនិយាយពីសិទ្ធិបញ្ចេញមតិ ក៏ប៉ុន្តែអ្នក(មាន)បានគិតថា ទន្ទឹមនឹងសិទ្ធិនៃការបញ្ចេញមតិ អ្នកត្រូវមានកាតព្វកិច្ចក្នុងការគោរពច្បាប់ទេ? ត្រូវយល់អំពីបញ្ហាទំាងនេះអោយបានច្បាស់។ វត្ថុបំណងរបស់ប្រទេសកម្ពុជាយើង គឺរក្សាសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីជម្រុញការអភិវឌ្ឍ …។
គ្រោះរាំងស្ងួត ធ្វើអោយប្រជាកសិករ មិនអាចធ្វើស្រូវបង្កើនរដូវ និងដំណាំផ្សេងៗ
… យើងបានមើលឃើញរួចហើយថា ឆ្នំានេះ យើងកំពុងតែស្ថិតក្នុងគ្រោះមហន្តរាយនៃការអូសបន្លាយ នៃការរំាងស្ងួត រលកកំដៅខុសពីធម្មតា។ មកដល់ពេលនេះ យើងអាចដឹងបានថា ស្រូវបង្កើនរដូវដែលប្រជាជនមានទម្លាប់ធ្វើ ចាប់ពីចុងខែ មេសា ដើមខែ ឧសភា ហើយទៅច្រូតកាត់នៅក្នុងខែ កក្កដា និងបន្តទៅទៀត គាត់ធ្វើម្ដងតទៅទៀត … ប្រហែលជាគ្មានស្រូវបង្កើនរដូវទេ។ ស្ថានភាពឆ្នាំនេះអាក្រក់ណាស់។ ការរាំងស្ងួតអូសបន្លាយ ហើយដង្ហើមទឹកធា្លក់ចុះ ធ្វើអោយអណ្ដូងជាច្រើនមានការគោករាក់។ ឥឡូវនេះ យុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីផ្គត់ផ្គង់ទឹកជូនប្រជាជន បាននិងកំពុងធ្វើ។ សូម្បីតែរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្រូវយកទឹក ៥ លានម៉ែត្រគូប ចេញពីអាងកំពីងពួយ រុញទៅបន្ទាយមានជ័យ ចម្ងាយ ១០០ គីឡូម៉ែត្រ ដែលយើងត្រូវរុញ ជីកផង កាយប្រឡាយផង បូមផង ឥឡូវទៅដល់ស្ទឹងបវេលហើយ ប៉ុន្តែមិនទាន់បរិបូណ៌ប៉ុន្មានទេ។ យ៉ាងណាក៏គ្រាន់បើជាងអត់។
បងប្អូនមួយចំនួន លើកជាសំណួរថា «សម្ដេច! ជីកអណ្ដូង ជីកស្រះអោយបានច្រើន ល្អជាងចែកទឹក»។ ត្រឹមត្រូវហើយ។ ពីមុនមកនោះ យើងធ្លាប់តែចែកស្បៀង (យើង)មិនដែលដើរចែកទឹកអញ្ចឹងឯណា? ស្ថានភាពនេះ វាអាក្រក់ពេកហើយ។ អញ្ចឹងយើងអាចប៉ាន់ស្មានថា វិស័យកសិកម្មទាក់ទិនជាមួយនឹងការដាំដុះ ជាពិសេសស្រូវបង្កើនរដូវឆ្នាំនេះ អាចនឹង(គ្មាន) បើមាន(វិញ ក៏)មានចំនួនតិចតួចណាស់។ វាប៉ះពាល់ទៅដល់ការដាំដុះ ដូចជាពោត ល្ង ស្អីៗ ត្រូវដាំនៅក្នុងពេលហ្នឹង។ កន្លែងខ្លះបានភ្លៀងធ្លាក់មក ទៅព្រួសល្ង ទៅដាំពោត ប៉ុន្តែមិនដឹងថា តើនៅពេលខាងមុខវាយ៉ាងម៉េច? ភ្លៀងធា្លក់មកកន្លែងមួយចំនួន ប៉ុន្តែកន្លែងខ្លះ ទៀត (ភ្លៀង)ធ្លាក់ មកជាមួយនូវ(ខ្យល់កន្រ្តាក់) ធ្វើអោយបាក់បែកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋយើងច្រើនណាស់។ យើងកំពុងរវល់ចង់ងាប់ គេរវល់ពីសិទ្ធិបញ្ចេញមតិ។ ទេ! បញ្ចេញចុះ តែកុំបញ្ចេញប៉ះអ្នកដទៃ អាណិតគេផង អោយយល់គេផង … ច្បាប់មានចែងតើ …។
សុំយកឱកាសនេះ ដើម្បីអំពាវនាវអោយបងប្អូនយើងបន្តការខិតខំក្នុងការជួយប្រជាជនបន្តទៅទៀត ដែលជាពេលវេលាដ៏លំបាក។ កន្លងទៅ ភ្លៀងធ្លាក់មួយចំនួនហើយ ប៉ុន្តែកន្លែងខ្លះ ពេលប្រជាជនត្រងទឹក (តែ) ដោយដីហ្នឹងវាហុយយូរណាស់មកហើយ អញ្ចឹង បានត្រឹមទុកអោយគោផឹក ឬក៏ប្រើប្រាស់ដើម្បីបោកគក់។ ប៉ុន្តែមិនអាចទទួលទានបានទេ។ អញ្ចឹងយើងត្រូវបន្តផ្គត់ផ្គង់ទឹកស្អាតអោយប្រជាពលរដ្ឋ។ បន្ថែមលើនោះ គឺត្រូវជំរុញការជីកស្រះថ្មី ស្ដារស្រះចាស់ ជីកអណ្ដូងថ្មី ស្ដារអណ្ដូងចាស់ ដើម្បីដោះស្រាយបញ្ហានេះ។ ហើយតាមការប៉ានប្រមាណរបស់ខ្ញុំ គឺត្រូវការពេលមួយរយៈទៀតទៅលើតំបន់ដែលមិនទាន់មានភ្លៀងធ្លាក់ សូម្បីតែតំបន់មានភ្លៀងធា្លក់ខ្លះហើយ ក៏ត្រូវការនូវអន្តរាគមន៍បន្តទៀតដែល។
សប្ដាហ៍ក្រោយ សម្ដេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី
អាទិត្យក្រោយនេះ គឺខ្ញុំនឹងចាក់ចេញទៅកាន់ប្រទេសរុស្ស៊ី ម្ខាងគឺទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយម្ខាងទៀត ក៏មានការប្រជុំខួបអនុស្សាវរីយ៍លើកទី ២០ នៃទំនាក់ទំនងរវាងអាស៊ាន និងរុស្ស៊ី។ អញ្ចឹងអវត្តមានប៉ុន្មានថ្ងៃ។ ប៉ុន្តែ ពិភពលោកវាតូចណាស់ ហើយពិភពលោកទាក់ទងគ្នាវាស្រួលណាស់។ យើងទៅកាន់ប្រទេសនេះទៅកាន់ប្រទេសនោះ (តែទទួល)របាយការណ៍ភ្លាមៗ តាម Whatsapp ឬ Telegram ឬតាម Line ស្អីហ្នឹង។ យើងនៅភ្នំពេញ ឬយើងនៅអាមេរិក ឬយើងនៅបារាំង ឬយើងនៅរុស្ស៊ី វាចូលភ្លាមៗដូចតែគ្នាហ្នឹង យើងអាចបញ្ជាមកវិញបានភ្លាមៗ។ បើសិនជាមានសភាពការណ៍ធ្ងន់ធ្ងរ យើងក៏អាចផ្អាក ការធ្វើដំណើរចេញទៅក្រៅប្រទេសផងដែរ។ ប៉ុន្តែ ខ្ញុំគិតថា នឹងអាចធ្វើដំណើរទៅបាន …៕