(១) ទោះបីជីវិតពោរពេញដោយភាពផុយស្រួយ តែជំនះបានកម្លាំងសង្កត់៣
ថ្ងៃនេះគឺថ្ងៃទី២៤ ខែតុលា។ បានសេចក្ដីថា ម្សិលមិញគឺជាថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស។ ថ្ងៃនេះ មិនទាន់ដល់ ២៤ម៉ោងទេ បើយើងគិតពីពេលវេលាចុះហត្ថលេខា។ នៅទីនេះ យ៉ាងហោចណាស់មានឥស្សរជន ៣រូប ដែលនៅចងចាំព្រឹត្តិការណ៍នេះ។ ទី១ គឺសម្ដេចព្រះរាជបុត្រី និងទី២ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាពិសេស ទី៣ គឺឯកឧត្ដម ចែម វីឌ្យ៉ា ដែលនៅជាប់នឹងខ្ញុំក្នុងពេលនោះ ជាមួយឯកឧត្ដម ចម ប្រសិទ្ធ និង ឯកឧត្ដម អ៊ុច គឹមអ៊ន។ ឯកឧត្តម ចម ប្រសិទ្ធ គឺជាឪពុករបស់រដ្ឋមន្រ្តីដែលមកការពារច្បាប់នៅទីនេះ។ ក្នុងការធ្វើជាម្ចាស់ផ្ទះ និងស្នាក់ការនៃ SNC (ឧត្តមក្រុមប្រឹក្សាជាតិ) បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ពេលនោះ ម៉ោងថ្មើរនេះ (រវាងកម្ពុជានិង)ប្រទេសបារាំង ខុសគ្នា ៦ម៉ោង។ ខ្ញុំមិនបានដេកទេ ដោយសារត្រូវរៀបចំច្រើនរឿង មុននឹងទៅប្រជុំនៅស្ថានទូតខ្មែរនៅបារាំង ដែលពេលនោះជាព្រះរាជដំណាក់របស់ព្រះករុណាបិតា។
ខ្ញុំគួរតែរំព្ញកបន្តិចអំពីព្រឹត្តិការណ៍ខ្លះ ដែលបានកើតឡើង។ ខ្ញុំគិតថា ការចែករំលែករបស់ខ្ញុំ ទូលបង្គំខ្ញុំ នឹងបានជាការរួមចំណែកនៃការយល់ដឹងរបស់អ្នកស្រាវជ្រាវ ឬរហូតដល់អ្នកនយោបាយដែលតាំងខ្លួនជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ដូចដែលបានដឹងហើយថា ទម្រាំមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងត្រូវឆ្លងកាត់ឧបសគ្គច្រើន។ ឧបសគ្គខាងខ្ញុំ មិនជាបញ្ហាទេ ទោះបីថាមានកម្លាំងសង្កត់មកលើខ្ញុំ ដែលខ្ញុំធ្លាប់និយាយថាមានកម្លាំងសង្កត់៣ ក៏ដោយ។ ទី១ ផ្ទៃក្នុងខ្លួនឯងមិនទាន់់យល់គ្រប់គ្រាន់។ ទី២ វត្តមានកងទ័ពវៀតណាមនៅកម្ពុជា ប៉ុន្តែនៅពេលដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស វៀតណាមបានដកអស់ទៅហើយ។ ទី៣ យើងនៅទទួលជំនួយពីអតីតសហភាពសូវៀត។ ជីវិតរបស់ខ្ញុំពោរពេញទៅដោយភាពផុយស្រួយ។ ប៉ុន្តែ ខ្ញុំនៅតែជម្នះបាន។
(២) ព្រះករុណាព្រះបិតាជ្រើសរើសជាដៃគូចរចាតាំងពីឆ្នាំ១៩៨៤ ដោយរដ្ឋមន្រ្តីការបរទេសបារាំង Claude Cheysson ត្រៀមរៀបចំ
ប៉ុន្តែ អ្វីដែលលំបាកជាងនេះទៀត គឺព្រះករុណាបិតា។ ព្រះអង្គចង់ចរចាតាំងពីឆ្នាំ១៩៨៤ ឯណោះ។ ព្រះអង្គបានជ្រើសរើសយកទូលបង្គំខ្ញុំធ្វើជាដៃគូចរចា ហើយអតីតរដ្ឋមន្រ្តីការបរទេសបារាំង Claude Cheysson បានត្រៀមរៀបចំ។ ប៉ុន្តែ ព្រះករុណាបិតាយាងទៅអង្គការសហប្រជាជាតិ ក៏ផ្ញើសារថា សូមឯកឧត្ដម ហ៊ុន សែន យោគកយល់ដែលមិនអាចជួបគ្នាបាន(នៅពេលនោះ) ដោយសារខ្មែរក្រហមជំទាស់។ អញ្ចឹង ពេលនោះដែលខ្ញុំវិលត្រឡប់ចូលប្រទេសវិញដើម្បីធ្វើជានាយករដ្ឋមន្រ្តីស្ដីទី ក្នុងពេលដែលឯកឧត្ដម ចាន់ ស៊ី ទទួលការព្យាបាលនៅទីក្រុងមូស្គូ។ យ៉ាងណាក្តី យើងមិនបានបោះបង់ចោលការចរចានេះទេ។ ការចរចាក៏បានបន្តតាមរយៈ channel ជាច្រើន ក្នុងនោះមាន channel មួយគឺលោកជំទាវ ពុង ឈីវកេក (Kek Galabru) ដែលជា channel សំខាន់។ សម្ដេចក្រុមព្រះ នរោត្ដម រណប្ញទ្ធិ ក៏ជា channel មួយដែរសម្រាប់ធ្វើទំនាក់ទំនងលើរឿងនេះ។
(៣) ២ធ្នូ ហ្វ៊ែរអង់តាដឺណ័រ សីហនុ-ហ៊ុនសែន ជាការចាប់ផ្ដើមដំណើរឆ្ពោះទៅរកសន្តិភាព
ព្រះករុណាបិតា ព្រះអង្គមានការលំបាកដោយសារតែខ្មែរក្រហមក៏ជំទាស់។ ភាគីលោកតា សឺន សាន ក៏ជំទាស់ និងប្រទេសខ្លះទៀតក៏ជំទាស់។ យ៉ាងណាក៏ដោយ ភ្នំមិនអាចជួបគ្នាបានមែន តែមនុស្សអាចជួបគ្នាបាន ឲ្យតែមានសុឆន្ទៈ។ ការជួបគ្នាមួយ ដែលគេច្រើនតែនិយាយថា ២ធ្នូ ហ្វ៊ែរអង់តាដឺណ័រ សីហនុ-ហ៊ុនសែន គឺជាការចាប់ផ្ដើមនៃដំណើរឆ្ពោះទៅរកសន្តិភាព។ មិនមែនបញ្ហាកើតឡើងនៅថ្ងៃទី២៣ តុលាទេ សូមបញ្ជាក់ជូន។ ចរចាគ្នាច្រើនទីកន្លែង មាននៅបារាំង នៅឥណ្ឌូនេស៊ី នៅប៉េកាំង នៅថៃ នៅញូយ៉ក ទម្រាំតែសម្រេចបានកិច្ចព្រមព្រៀងប៉ារីសមួយនេះ។ (សូម្បីតែ)នៅពេលចុះហត្ថលេខាហើយនោះ តើអ្វីបានកើតឡើង។ ខ្ញុំគួរតែរំព្ញករឿងនេះចែករំលែកជាមួយបងប្អូនជនរួមជាតិ និងអ្នកស្រាវជ្រាវ។ រដ្ឋាភិបាលរដ្ឋកម្ពុជា ដែលមានខ្ញុំជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ឬហៅថានាយករដ្ឋមន្រ្តី ត្រូវទទួលខុសត្រូវទាំងអស់លើការស្នាក់នៅ សន្តិសុខ សព្វបែបយ៉ាង សំរាប់បណ្ដាភាគីដែលចូលមកអនុវត្តកិច្ចព្រមព្រៀងប៉ារីស រាប់ទាំងប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនៅលើដែនដីដែលរដ្ឋកម្ពុជាគ្រប់គ្រង។
(៤) ការមានអ្នកការពារជាអង្គរក្សកូរ៉េខាងជើង មិនមែនជាកំហុសរបស់ព្រះករុណាព្រះបិតាទេ
ខ្ញុំនៅចាំបានថា ម៉ោងប្រមាណ ៩យប់ ថ្ងៃទី២៣ តុលានោះ ក្រោយចុះហត្ថលេខា ខ្ញុំបានទទួលទូរស័ព្ទពីហ្លួងម៉ែ។ តើទូរស័ព្ទនោះពាក់ព័ន្ធនឹងរឿងអី? ហ្លួងម៉ែ បានមានសវនីយ៍មកកាន់ខ្ញុំថា “ឯកឧត្ដម សូមពិនិត្យមើល យើងបានបដិសេធកងទ័ពថៃដើម្បីមកការពាររាជវាំងហើយ ដូច្នេះតើឯកឧត្ដមគួរពិនិត្យឲ្យ … តំណាងកងទ័ពថៃមកអមខ្ញុំបានឬទេ។ ខ្ញុំសុំឯកឧត្ដមពិចារណា”។ រឿងនេះវាកើតឡើងអញ្ចេះ។ មានអ្នកខ្លះបន្ទោសព្រះករុណាព្រះបិតាលើការ(មានអ្នក)ការពារជាអង្គរក្សកូរ៉េខាងជើងថា “ហេតុអ្វីបានជាមិនយកអង្គរក្សខ្មែរ បែរជាយកអង្គរក្សកូរ៉េខាងជើង”។ មិនមែនជាកំហុសរបស់ព្រះករុណាព្រះបិតាទេ ប៉ុន្តែវាជាបញ្ហារបស់ ហ៊ុន សែន … ថ្ងៃទី០៤ មិថុនា ១៩៩១ នៅទីក្រុង Jakarta ជំនួបរវាងខ្ញុំនិងព្រះករុណាព្រះបិតា បាននាំទៅដល់ការរៀបចំមួយ ដែលខ្ញុំសុំនិយាយឡើងវិញ។
ព្រះករុណាព្រះបិតាព្រះអង្គថា “ខ្ញុំនឹងទៅនៅជាមួយឯកឧត្តម ហ៊ុន សែន ព្រោះខ្មែរក្រហមបោកខ្ញុំ។ ថាអោយតែកងទ័ពវៀតណាមដកអស់ រដ្ឋាភិបាលឯកឧត្តមនឹងដួលរលំ។ ប៉ុន្តែឥឡូវ ឯកឧត្តមមិនត្រឹមតែមិនដួលរលំទេ គឺបានវ៉ៃយកដីវិញជិតអស់ហើយ”។ ការព្រមព្រៀងគ្នា(ក៏បាន)កើតឡើងនៅត្រង់ចំណុចថា “រក្សាទុករដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា ភ្លេងជាតិ ទង់ជាតិ ឈ្មោះប្រទេស, ឯកឧត្តម ហេង សំរិន ធ្វើប្រធានក្រុមប្រឹក្សារដ្ឋ, ឯកឧត្តម ជា ស៊ីម ធ្វើជាប្រធានសភា និងឯកឧ្តតម ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី”។ ប៉ុន្តែ ខ្ញុំបានស្នើបង្កើតគណៈប្រធានជាតិមួយ ដែលក្នុងនោះមានខ្ញុំ (សម្តេចព្រះ)នរោត្តម សីហនុ ជាប្រធាន និងអាចមានសម្ដេចចក្រី ញឹក ជូឡុង ជាសមាជិក។ (មានការ)ទទួលយកសំណើនេះ។
(៥) ព្រះអង្គសព្វព្រះទ័យទុកចិត្តអ្នកណាការពារខាងក្នុងយកអ្នកហ្នឹង … ឯទូលបង្គំការពារពីខាងក្រៅ
ថ្ងៃទី០៤ (មិថុនា) ខ្ញុំបានចូលទៅគាល់ម្ដងទៀតដើម្បីសួរបញ្ជាក់ថាតើព្រះអង្គសព្វព្រះទ័យគង់នៅឯណា? នៅព្រះរាជវាំង ឬនៅចំការមន? កាលពីដើម ចំការមននេះគឺជាដំណាក់របស់ព្រះអង្គធ្វើការក្នុងឋានៈជាព្រះប្រមុខរដ្ឋ។ ពេលនោះព្រះអង្គបានមានបន្ទូលមកកាន់ខ្ញុំថា “ឯកឧត្តមខ្ញុំមិនចង់ធ្វើស្ដេចទេ ក៏ប៉ុន្តែប្រសិនបើឯកឧត្តមអោយខ្ញុំនៅប្រាសាទខេមរិន្ទ គឺខ្ញុំសូមអរគុណ”។ ខ្ញុំក៏បានបញ្ជាតាមទូរស័ព្ទមកសម្ដេចចៅហ្វាវាំង គង់ សំអុល (ឱ្យធ្វើការ)ជួសជុលព្រះបរមរាជវាំង។ មានន័យថា ពេលនោះមានការព្រមព្រៀងសំងាត់បែបនេះកើតឡើង ប៉ុន្តែមកបែកការនៅទីក្រុងបាងកក។ រឿងនៅឯ Jakarta គឺព្រះករុណាព្រះបិតាព្រះអង្គមានព្រះរាជបន្ទូលថា “ឯកឧត្តមការពារខ្ញុំផង។ ប្រយ័ត្នខ្មែរក្រហមចូលក្នុងរាជវាំងសម្លាប់ខ្ញុំ”។
ខ្ញុំក៏បានឆ្លើយតបទៅវិញថា “សូមព្រះអង្គកុំបារម្ភ ទូលបង្គំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីនឹងការពារព្រះអង្គ។ ប៉ុន្តែក្នុងករណីដែលព្រះអង្គសព្វព្រះទ័យយកអង្គរក្សបរទេស ដូចជា Sekou Toure របស់ Guinea-Conakry ដែលយកអង្គរក្សពី គុយបា ទៅការពារ ហើយធ្លាប់មកទស្សនកិច្ចនៅកម្ពុជា ជំនាន់ព្រះករុណាព្រះបិតាដែរ (ក៏សូមព្រះអង្គព្រះពិចារណា)។ ព្រះករុណាព្រះបិតាព្រះអង្គថា “អត់ទេ! ខ្ញុំយកកូរ៉េខាងជើង”។ ខ្ញុំក៏យល់ព្រមហើយទូលភ្លាមថា “អត់អីទេ! ព្រះអង្គសព្វព្រះទ័យទុកចិត្តអ្នកណាគឺយកអ្នកហ្នឹង ហើយមកការពារខាងក្នុង រាប់ទាំងអ្នកពិនិត្យម្ហូប ការពារផ្ទាល់ ពេទ្យ សព្វបែបយ៉ាង។ ឯទូលបង្គំការពារពីខាងក្រៅ”។
(៦) រូបមន្តក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ មានប្រធាន១ និងអនុប្រធាន៣ ពី១៩៨៨ មិនទទួលបានការព្រមព្រៀង
រឿងនេះក៏បានឈានទៅដល់ការប្រជុំនៅ ប៉ាតាយ៉ា (ប្រទេសថៃ)។ ក្រោយមានការបែកការ ក៏មានការដោះដូរក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលពីមុនមានសម្ដេចក្រុមព្រះ នរោត្តមរណឫទ្ធិ និងចៅសែន កុសល ហៅឈុំ។ ដោយសាររឿងបែកការអញ្ចឹង គឺប្រទេសនានាចង់អោយមានដំណោះស្រាយជាកញ្ចប់ ដោយមានទាំងខ្មែរក្រហម និង សឺន សាន ចូលរួមតែម្ដង។ (ហេតុនេះហើយ)បានជាមានសំណើដោះដូរសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC ពេលនោះ ពីសម្ដេច ចៅសែន កុសល ហៅឈុំ ទៅជាសម្ដេចព្រះនរោត្តម សីហនុ។ ព្រះអង្គក៏បានទទួលធ្វើជាប្រធានអង្គប្រជុំដំបូងនៅឯ ប៉ាតាយ៉ា បន្ទាប់ពីការអាក់ខាននៃការប្រជុំដែលដឹកនាំដោយព្រឹទ្ធបុរស ចៅសែន កុសល ហៅឈុំ កាលពីឆ្នាំ១៩៩០ នៅឯស្ថានទូតកម្ពុជានៅទីក្រុងបាងកក។ ពេលនោះព្រះករុណាព្រះបិតាមិនទាន់ត្រូវបានជ្រើសតាំងធ្វើជាប្រធាន SNC ទេ។ គឺជាប្រធានអង្គប្រជុំ។
ប្រធាន SNC ត្រូវបានរៀបចំនៅឯប៉េកាំង។ (ក្នុងការ)ប្រជុំ SNC ខ្ញុំបានសុំជួបព្រះករុណាព្រះបិតាដាច់ដោយឡែក។ ព្រះករុណាព្រះបិតាក៏បានសួរខ្ញុំថា “តើឯកឧត្តមមានបញ្ហាអី?”។ ខ្ញុំក៏បានទូលព្រះកុរណាថា “SNC របស់យើងអត់ទាន់មានប្រធានទេ។ ទូលបង្គំមានរូបមន្តមួយចំនួនដែលសុំថ្វាយព្រះអង្គ”។ រូបមន្ត(ឱ្យមាន)ប្រធាន និងអនុប្រធាន គឺអត់ទទួលបានទេ។ ការពិត (ការរៀបចំឱ្យមាន)ប្រធាននិងអនុប្រធានជារូបមន្តចាស់កាលពីឆ្នាំ១៩៨៨ នៅ Saint-Germain-en-Laye ដែលពេលនោះខ្ញុំបានស្នើបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ ដែលមានប្រធានមួយនិងអនុប្រធាន ៣នាក់ ដោយសំដៅឱ្យ សឺន សាន និង ខៀវ សំផន បានចូលរួមផង។ ខ្ញុំក៏ជាអនុប្រធានមួយ ហើយព្រះករុណាជាប្រធាន។ ប៉ុន្តែ ពេលនោះ (មិនសំរេចបានការ)ព្រមព្រៀង។
(៧) ព្រះករុណាបិតាធ្វើប្រធាន SNC ដោយដកព្រះកាយចេញពីរដ្ឋាភិបាលត្រីភាគី និងប្រធានហ៊្វុនស៊ីនប៉ិច
(ក្រោយមក) ពេលកងទ័ពវៀតណាមដកអស់ រដ្ឋកម្ពុជាត្រូវដំឡើងថ្លៃ។ រូបមន្តប្រធាននិងអនុប្រធាន (មិនអាចទទួល)យក(បាន)ទេ។ អញ្ចឹង នៅសល់រូបមន្តធ្វើសហប្រធាន។ ព្រះអង្គ និងទូលបង្គំ ធ្វើសហប្រធានជាមួយគ្នា។ នេះជារូបមន្តទី១។ រូបមន្តទី២ គឺប្រធានប្ដូរវេន។ ប្រធានប្ដូរវេនអាចមានរូបមន្ត២ នៅក្នុងហ្នឹងទៀត។ (ទី១)ព្រះអង្គធ្វើជាប្រធានមួយខែ ទូលបង្គំធ្វើជាប្រធានមួយខែ ឬក៏ត្រូវ(ធ្វើជា)ប្រធានប្ដូរវេនទាំង ១២នាក់។ ហ្នឹងជារូបមន្តមួយទៀត គឺសហប្រធាន ឬប្រធានប្ដូរវេន។
ប៉ុន្តែ នៅមានរូបមន្តមួយទៀត ដែលទូលបង្គំគិតថា ព្រះអង្គអាចនឹងទទួលបាន នោះគឺព្រះអង្គធ្វើតែប្រធាន SNC តែមួយអង្គឯង លើមូលដ្ឋានដែលព្រះអង្គដកខ្លួនចេញពីប្រធានរដ្ឋាភិបាលត្រីភាគី និងប្រធានហ៊្វុនស៊ីនប៉ិច ក្នុងហេតុផលដើម្បីធានាអព្យាក្រឹតភាព។ ព្រះអង្គថា “កាលណាខ្ញុំធ្វើជាប្រធាន ខ្ញុំត្រូវនៅពីលើ ខ្ញុំត្រូវអព្យាក្រឹតហើយ! ឯកឧត្តម”។ អញ្ចឹង (យើង)ក៏បានស្រុះស្រួលគ្នាទៅ។
ព្រះអង្គក៏(បានឱ្យខ្ញុំតាក់តែងសេចក្តីប្រកាស ដោយ)មានព្រះរាជបន្ទូលថា “ឯកឧត្តមពូកែតាក់តែងណាស់”។ ការពិត សេចក្ដីប្រកាស ហ្វ៊ែរអង់តាដឺណ័រ គឺខ្ញុំជាអ្នកតាក់តែង ហើយថ្វាយទៅព្រះអង្គ។ ព្រះអង្គក៏ប្រទានទៅសម្ដេចក្រុមព្រះ។ ពេលនោះ នៅជាព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ ប៉ុន្តែ មិនមានផ្លាស់ប្ដូរអីទេ។ ព្រះអង្គ(ក៏មានបន្ទូល)ថា “ដោយ ឯកឧត្តមពូកែតាក់តែង សូមទៅតាក់តែងជាសេចក្ដីប្រកាសទៅ”។ អញ្ចឹង ក៏បែកគ្នាចេញមក។ SNC ក៏មិនមានការប្រជុំអីបន្តទេ។ ខ្ញុំក៏មកតាក់តែង។ ថ្ងៃនោះ ហូ សិទ្ធី ជាមួយ យី ដន វាយអង្គុលីលេខ។ អង្គុលីលេខហ្នឹងដាច់រេស៊័រ ត្រូវយកខ្សែយឺតចង្កេះខោទាញធ្វើរេស៊័រ(ជំនួស)។ វាយរួចហើយ ខ្ញុំបានឱ្យ ចែម វីឌ្យ៉ា យកទៅថ្វាយព្រះអង្គនៅឯប៉េងកាំង។ ការពិត ខ្ញុំឱ្យយកទៅថ្វាយជាពង្រៀងទេ ប៉ុន្តែ ប្រហែលជាព្រះអង្គបានទត ហើយសព្វព្រះទ័យ ក៏ឡាយព្រះហស្ថលេខាមុនទៅ។ កាលនោះ យើងដាក់នៅថ្ងៃទី១៧ ខែសីហា មុនទៅញូវយ៉ក ហើយក៏មុនទៅព្យុង្គយ៉ាង្គដែរ។ សូមមើលកាលបរិច្ឆេទហ្នឹងឡើងវិញ។
(៨) “សូមឯកឧត្តម ជួយរៀបចំមួយអេគីបការពារផ្នែកខាងក្នុង សហការជាមួយកម្លាំងការពារផ្នែកខាងក្រៅរបស់ខ្ញុំ”
រឿងរ៉ាវវាចាប់ផ្ដើមពីកន្លែងហ្នឹង បានមានប្រធាន SNC ហើយព្រះអង្គបានដកព្រះកាយចេញពីប្រធានរដ្ឋាភិបាលត្រីភាគី និងប្រធានហ៊្វុនស៊ីនប៉ិច។ បន្ទាប់ទៅ មានការធ្វើដំណើរទៅទស្សនកិច្ចនៅកូរ៉េខាងជើង គឺខ្ញុំជាភ្ញៀវរបស់ព្រះករុណា។ ពេលនោះ បានក្លាយទៅជាព្រះបិតា/មាតាធម៌។ ព្រះអង្គថាជាកូន ហើយជាកូនពិសេសទៀត។ ហ្លួងម៉ែក៏នៅចាំ។ អញ្ចឹងបានជាមានរឿងឪកូនរហូតមក និងដែលខ្ញុំត្រូវទទួលខុសត្រូវរហូតមកដល់ពេលនេះ ទៅលើបញ្ហាសុវត្ថិភាពនៃរាជវង្សានុវង្ស និងនៃការគង់វង្សនៃរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
នៅពេលដែលជួប (សេនាប្រមុខ) គឹម អ៊ីលស៊ុង ខ្ញុំបាននិយាយ(អំពីការស្នើសុំអង្គរក្សសំរាប់ព្រះករុណាបិតា)។ គឹម អ៊ីលស៊ុង នៅអង្គុយកណ្ដាល ក្នុងពិធីជប់លៀងមួយ។ ព្រះករុណានៅខាងស្ដាំ ហើយខ្ញុំនៅខាងឆ្វេង គឹម អ៊ីលស៊ុង។ ខ្ញុំក៏និយាយទៅកាន់ គឺម អ៊ីលស៊ុង ថា “សូមឯកឧត្តមជួយខ្ញុំការពារព្រះរាជសុវត្ថិភាពរបស់ព្រះករុណាបិតា។ សូមឯកឧត្តមរៀបចំមួយអេគីបឱ្យខ្ញុំ ការពារផ្នែកខាងក្នុង សហការជាមួយផ្នែកខាងក្រៅនៃកម្លាំងរបស់ខ្ញុំដើម្បីការពារ”។ ប្រធានាធិបតី គឹម អ៊ីលស៊ុង ពេលនោះ បានយល់ស្របជាមួយសំណើរបស់ខ្ញុំនេះ។ បន្ទាប់ពីចេញពីកូរ៉េខាងជើង ខ្ញុំមកទស្សនកិច្ចនៅចិន និងបានទៅស្គាល់មហាកំផែងស្អីៗនេះ។ មានថតរូបខ្លះនៅកំផែង។
(៩) មូលហេតុថៃមានអគ្គរដ្ឋទូត២ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស
បន្ទាប់ទៅ យើងក៏មានការប្រជុំនៅឯ ប៉ាតាយ៉ា សាជាថ្មី។ ប៉ុន្តែមុនទៅដល់ ប៉ាតាយ៉ា ខ្ញុំត្រូវទទួលការអញ្ជើញពីព្រះករុណានិងហ្លួងម៉ែ ដើម្បីនឹងទទួលទានអាហាររវាងព្រះអង្គទាំងពីរជាមួយខ្ញុំនិងភរិយា។ ពេលនោះ ព្រះអង្គបានប្រាប់ខ្ញុំថា “ឯកឧត្តម! ឥឡូវខាងថៃសុំស្នើបញ្ជូនមួយ Battalion ទៅការពារព្រះបរមរាជវាំង។ តើឯកឧត្តមគិតយ៉ាងម៉េច?”។ ខ្ញុំក៏បានថ្វាយយោបល់ទៅព្រះករុណាថា “មិនបានទេព្រះអង្គ! បើធ្វើយ៉ាងដូច្នេះ មានន័យថា ខាងកើតចេញ ខាងលិចចូល។ គឺជាគ្រោះថ្នាក់សម្រាប់នយោបាយរបស់ព្រះអង្គផង និងសម្រាប់នយោបាយរបស់ទូលបង្គំផង។ មិនអាចទេ!”។ អញ្ចឹងព្រះអង្គថា “តើឥឡូវត្រូវដោះស្រាយយ៉ាងម៉េច បើ Suchinda Kraprayoon លើកបញ្ហាហ្នឹងយ៉ាងដូច្នេះ?”។ អញ្ចឹង ខ្ញុំសម្រេចថា មិនយកទាំងអស់តែម្ដង ទាំងកូរ៉េខាងជើងនិងថៃ។ ខ្ញុំបានទូលថ្វាយថា “អត់បានទេ។ ទូលបង្គំជាអ្នកស្នើកូរ៉េខាងជើង ឯចំពោះខាងថៃទូលបង្គំនឹងជួប Suchinda Kraprayoon ដើម្បីពន្យល់។ គាត់បានទាមទារបញ្ជូនមកមួយ Bataillon ប្រ មាណ ៥០០នាក់ មកការពារវាំង។ វាមានអីខុសអំពីថា “វៀតណាមដក ថៃចូល”។ ស្ថានភាពវាអាក្រក់។ រឿងវាបែបនេះ។
ថ្ងៃនេះ អ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងឡាយគួរតែដឹងរឿងហេតុការណ៍ដែលវាកើតឡើងបត់បែនយ៉ាងណាខ្លះ។ អញ្ចឹង ដល់ពេលប្រជុំនៅប៉ាតាយ៉ា ខ្ញុំក៏បានប្រាប់ សុចិន្តា ក្រាប្រាយូន ថា “មិនបានទេ។ ខ្ញុំអត់ទទួលយកទេ ហើយមិនមែនជាបញ្ហារបស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ទេ តែជាបញ្ហារបស់ខ្ញុំ។ ខ្ញុំត្រូវមានការទទួលខុសត្រូវលើសន្តិសុខរបស់់គ្រប់ភាគីនៃហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស”។ ដោយសារខ្ញុំទាត់ចោលសំណូមពររបស់ថៃ … ទើបបានហ្លួងម៉ែទូរស័ព្ទមកថា “យើងមិនយកកងទ័ពទៅការពារហើយ តើឯកឧត្តមអាចទទួលយក ណាណងខៃ(?) ទៅអមខ្ញុំបានឬអត់?” ខ្ញុំក៏បានឆ្លើយតបថា “មិនអីទេ!”។ កាលហ្នឹងមិនទាន់តែហ្លួងម៉ែទេ គឺអ្នកម្នាង។ ទូលបង្គំក៏បានឆ្លើយតបថា “មិនអីទេ! អ្នកម្នាង។
យើងអាចយកមួយចំនួន ហើយអាចនៅ(ទីតាំងដែលជាមន្ទីពេទ្យ)គន្ធបុប្ផា(បច្ចុប្បន្ន)។ ពិតប្រាកដមែន យើងខិតខំជួសជុល។ (ខ្ញុំបាន)ទាក់ទងមកទីក្រុងភ្នំពេញឱ្យសម្តេច គង់ សំអុល កាលនោះជាឯកឧត្តម ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលជួសជុលគន្ធបុប្ផា សម្រាប់ណាណងខៃ(?)។ ដោយហេតុហ្នឹងហើយ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសគេឃើញថៃមានអគ្គរដ្ឋទូត២ គឺអគ្គរដ្ឋមួយនៅខាងក្រៅធម្មតា និងអគ្គរដ្ឋទូតមួយទៀតនៅក្នុងព្រះបរមរាជវាំង។ រឿងវាអញ្ចឹង។ អញ្ចឹង បានជាភាពរវល់របស់ខ្ញុំកើនឡើងដល់ម៉ោង ៣ជាងហើយ ខ្ញុំអត់ទាន់បានដេកទេ។ ព្រលឹមឡើងត្រូវទៅប្រជុំជាមួយសមាជិក SNC នៅស្ថានទូត។ ខ្ញុំសូមរំលឹកកន្លែងហ្នឹងបន្តិច។ ទៅដល់យើងពិភាក្សាអំពីកន្លែងស្នាក់នៅ និងសន្តិសុខ។
(១០) “ … កុំបារម្ភ … ឱបឯកឧត្តម ហ៊ុន សែន ឱ្យជាប់ … បើផ្ទុះគ្រាប់បែក ងាប់ទាំងអស់គ្នា …”
ពេលពិភាក្សាដល់សន្តិសុខ ខ្ញុំក៏បានប្រាប់ថា ខាងទូលបង្គំខ្ញុំទទួលខុសត្រូវខាងក្រៅ ដោយឡែកព្រះករុណាជារឿងរបស់ខ្ញុំ ប៉ុន្តែរឿងភាគីដទៃទៀតគឺទទួលខុសត្រូវខាងក្នុង។ ខាងក្រៅសុវត្ថិភាពទូទៅគឺកម្លាំងរបស់ខ្ញុំ ហើយមិនចាំបាច់យកអាវុធទៅទេ ខ្ញុំនឹងផ្តល់អាវុធជូននៅខាងក្នុងតែម្តង។ មិនចាំបាច់ដឹកអាវុធចូលពីខាងក្រៅមកទេ។ រឿងទាក់ទងនឹងសន្តិសុខពេលនោះ ព្រះករុណាថា “ព្រះអង្គម្ចាស់ ឯកឧត្តម កុំបារម្ភពេក។ ឱបឯកឧត្តម ហ៊ុន សែន ឱ្យជាប់ទៅ បើផ្ទុះគ្រាប់បែកងាប់ទាំងអស់គ្នា”។ ព្រះរាជបន្ទូលមួយម៉ាត់នេះធ្វើឱ្យខ្ញុំយល់បាន។ ដូច្នេះមានការចាំបាច់ខ្លាំងណាស់ដែលខ្ញុំត្រូវទៅប៉េកាំង ដង្ហែព្រះករុណាបិតា ហ្លួងម៉ែ និងរាជវង្សានុវង្ស។ មានតែព្រះអនុជមួយទេដែលអត់បានមក ព្រោះជិតឆ្លងទន្លេ គេមិនឱ្យជិះយន្តហោះ។ (ក្រៅពីនោះ)មកទាំងអស់គ្នា។ អញ្ចឹងបានជា(ក្នុងខ្សែអាត់)ឯកសារ គេឃើញរូបខ្ញុំ ភរិយាខ្ញុំ ទៅដង្ហែ។ វាជារឿងចាំបាច់ដើម្បីធានា បើថាវាមានឧបទ្ទហេតុអី ងាប់ដោយទាំងខ្ញុំទៅ។ នេះជាការទទួលខុសត្រូវ។
(១១) “ … ខ្ញុំមិនមែនជាអ្នកដេញប្រជាជនពីទីក្រុងភ្នំពេញទេ …”
រឿងនោះបានកើតឡើងតាមបែបនេះ។ ប៉ុន្តែខ្ញុំគួរតែរំលឹកទៅលើរឿងអញ្ចេះមួយទៀត។ បន្ទាប់ពីការពិភាក្សាលើរឿងការពារសន្តិសុខហើយ គឺលើកន្លែងស្នាក់នៅ អត់មានអ្នកណាមានយោបល់អីទេ ព្រោះគេទុកចិត្តទៅលើការដោះស្រាយរបស់ខ្ញុំហើយ។ ព្រះរាជវាំងទីនាំងមហាប្រាសាទខេមរិន្ទ ត្រូវបានរៀបចំជួសជុលបន្ទាប់ពីទទួលបញ្ជាពីទីក្រុងហ្សាកាតា ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៩១ និងជិតរួចហើយ (និយាយរួមថារួចទៅហើយចុះ) ត្រូវពន្លឿនការជួសជុលនៅគន្ធបុប្ផាមួយទៀតសម្រាប់អគ្គរដ្ឋទូតថៃ ណាណងខៃ។ សូមអភ័យទោសចំពោះវិញ្ញាណក្ខន្ធរបស់សម្តេចបវរ សឺន សាន។ លោកតា សឺន សាន (លើកឡើង) “តើឱ្យខ្ញុំទូលបង្គំធ្វើម៉េច? ទូលបង្គំមានផ្ទះ១២ តែពួកអាយ៉ងយកអស់ហើយ”។ គឺគាត់ជេរខ្ញុំតែម្តង។ អង្គុយទល់មុខគ្នាអញ្ចឹង។ ពេលដែលអង្គុយរៀបចំហ្នឹងនៅសាឡុង ខាងខ្ញុំ ៦នាក់ ព្រះករុណាព្រះអង្គគង់ទល់មុខគ្នា បន្ទាប់មកខ្ញុំ បន្ទាប់ទៅដូចជា ទៀ បាញ់ ហោ ណាំហុង ឌិត មន្ទី និងសុន សេន។ ឯខាងនោះមាន ខៀវ សំផន នៅចំពីមុខ សឺន សាន សុន សេន អៀង ម៉ាលី សម្តេចក្រុងព្រះ …។
ខ្ញុំក៏តបថា “នែ! ឯកឧត្ត មនិយាយគ្នាឲ្យច្បាស់ ខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវក្នុងការដេញប្រជាជនពីទីក្រុងភ្នំពេញទេណា។ ពួកខ្មែរក្រហមជាអ្នកដេញ។ ខ្ញុំចង្អុលមុខទៅ ខៀវ សំផន និង សុន សេន។ ឥឡូវឯកឧត្តមឲ្យខ្ញុំធ្វើយ៉ាងម៉េច? បើពេលវាយខ្មែរក្រហមរលំហើយ ប្រជាជនចូលមករស់នៅ ហើយផ្ទះខ្លះលក់ ២ ឬ៣ ត។ កុំថា ឯកឧត្តម នៅស្រុកបារាំងទៅដេញគេចេញ សូម្បីខ្ញុំជានាយករដ្ឋមន្ដ្រី ទៅដេញគេចេញពីផ្ទះក៏គេកាប់ខ្ញុំដែរ”។ លោកតាសឺន សាន ថា “កាប់ៗ ទៅ ចាស់ហើយ”។ ខ្ញុំគិតតែក្នុងចិត្តថា «ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ »។ ខ្ញុំត្រូវបញ្ជាក់ឲ្យច្បាស់ ដោយសារខ្ញុំមិនមែនអ្នកទទួលខុសត្រូវលើការដេញប្រជាពលរដ្ឋទេ ហើយផ្ទះនៅទីក្រុងភ្នំពេញ កាលប្រជាពលរដ្ឋចូលមកនៅដំបូង អ្នកណាយកប៉ុន្មានផ្ទះក៏យកទៅ។ វាអត់មានមនុស្សនៅ។ នេះគាត់បែរជាមកដាក់ផាំងៗ អញ្ចឹងមក។
បងប្អូនដែលមកពីក្រៅ មានតែលោកតា សឺន សាន និងក្រុមរបស់គាត់ ប៉ុន្មាននាក់ទេ ដែលខ្ញុំមិនឲ្យផ្ទះ។ ក្រោយមកសរសេរសំបុត្រទៅហ្លួងម៉ែ ទាមទារផ្ទះបង ជា ស៊ីម ដែលកំពុងនៅ ហើយ(ប្រើពាក្យ)សុទ្ធតែអាយ៉ង។ អត់ឲ្យតែម្ដង។ ប៉ុន្ដែដូច អៀង ម៉ូលី ឲ្យផ្ទះ រៀបចំឲ្យទាំងអស់(គ្នា)ហ្នឹង។ អញ្ចឹង បានក្រោយមកមានការឃោសនាថា «យើងយកផ្ទះគេ» ចូលឆ្នាំ២០០៣ ពេលឃោសនាបោះឆ្នោត។ ខ្ញុំថា បើចិត្តសឿងណាស់ប្រគល់ផ្ទះដែលខ្ញុំឲ្យទាំងប៉ុន្មានមកវិញ … កាលហ្នឹង (ខ្ញុំជាអ្នក)ចាត់ចែងឲ្យទាំងអស់។ សូម្បីដំណាក់សម្ដេចក្រុមព្រះ ដែលយើងយកធ្វើទីតាំងគណៈចាត់តាំង ក៏បានសូមឱ្យគណៈចាត់តាំងចេញ។ កាលនោះយកមាសអស់ប៉ុន្មានសិបតំឡឹងដើម្បីជួសជុលកន្លែងសមរម្យធ្វើការ។ វាបែរទៅជាអ្នកខុស។
(១២) សឺន សាន៖ “ … ផ្ទះដែល ឯកឧត្តម ឲ្យ ខៀវ សំផន … បើ ខៀវ សំផន មិនទទួល សូមឲ្យមកខ្ញុំ …”
បញ្ជាក់ឡើងវិញ រឿងវាមិនមែនតូចតាចទេ សំរាប់ការទទួលខុសត្រូវលើជោគវាសនា ដើម្បីអនុវត្ដកិច្ចព្រមព្រៀងមួយឲ្យបានសំរេច។ ដើមឡើយ (ជាប្រតិបត្តិការ) UNAMIC (បន្តទៅ)បានទៅជា UNTAC (អ៊ុនតាក់)។ ពេលមានវត្ដមាន(សមាជិក) SNC ពេល ខៀវ សំផន ចូលមក ក៏មានបាតុកម្មគ្រឹប។ វេទនាចង់ងាប់។ ថ្ងៃហ្នុងប្រសិនបើខ្ញុំមិនទៅ ខៀវ សំផន សុន សេន អាចស្លាប់ពេលនោះហើយ។ គ្រោះថ្នាក់ណាស់។ អញ្ចឹង ត្រូវជម្លៀស ខៀវ សំផន និង សុន សេន ចេញទៅព្រលានយន្ដហោះ រួចហើយយក AN 24 ហោះចេញឲ្យផុត រួចបានដោះស្រាយ។ ដោយសារយើងធ្វើខូចផ្ទះគេមួយ អញ្ចឹងក៏ជួសជុលផ្ទះមួយប៉ុន្មានជាន់។ ពេលហ្នឹងគណៈចាត់តាំងក៏មកនៅហ្នឹងទៀត។ ខ្ញុំថាជួសជុលផ្ទះមួយឲ្យ។ ដល់(ហើយ) បកទៅប្រជុំនៅប៉ាតាយ៉ា ដោយសារយើងការពារគេមិនបាន។ អញ្ចឹងយើងក៏មានកំហុសដែរ។
ខ្ញុំបានប្រាប់ទៅ ឯកឧត្តម ខៀវ សំផន និងទូលថ្វាយ ប្រធាន SNC និងសមាជិក SNC ថា “ឥឡូវ ផ្ទះរបស់ឯកឧត្តម ខៀវ សំផន ដែលបានខូចទៅនោះ ខ្ញុំជំនួសដោយផ្ទះមួយវិញ។ កំពុងជួសជុល”។ ស្រាប់តែ ខៀវ សំផន ដាក់បញ្ច្រាសស្រកីមកខ្ញុំវិញថា «មិនយកទេ! មិនដឹងពួកអាយ៉ងវាបង្កប់អីក្នុងហ្នឹងទៀត»។ ខ្ញុំក៏ថា “ឯកឧត្តម ខៀវ សំផន អរគុណដែលឯកឧត្តម មិនយក។ វាក៏សល់ផ្ទះផង”។ លោកតា សឺន សាន ដែលពូកែប្រឆាំងនៅចំពោះមុខ ពេលចេញមកខាងក្រៅ គាត់ខ្សឹបៗ “ឯកឧត្តម! ផ្ទះ ឯកឧត្តម ឲ្យ ខៀវ សំផន អម្បាញ់មិញ បើ ខៀវ សំផន មិនទទួល សូមឲ្យមកខ្ញុំ”។ ខ្ញុំថា “អត់ឲ្យទេ”។ គាត់ក៏ថា “ឥឡូវឲ្យខ្ញុំនៅសាកល១”។ ខ្ញុំថា “នៅចុះ ប៉ុន្ដែចេញលុយ”។ កុំអីឲ្យនៅទទេដែរ ប៉ុន្ដែមួយម៉ាត់ណាឡើងក៏អាយ៉ងៗ ដូច្នេះអាយ៉ងយកលុយ។
(១៣) “សុរិយារះហើយ” ចម្រៀងថ្វាយព្រះពរខួបចម្រើនព្រះជន្មាយុព្រះករុណាបិតា ៣១ តុលា
ហ្នឹងនិយាយពីប្រវត្ដិ។ ក្រោយពីប្រជុំហើយ ខ្ញុំអត់ទាន់ចូលប្រទេសទេ។ ខ្ញុំចេញពីទីក្រុង Paris មក Bangkok មកដូរយន្ដហោះពី Bangkok ទៅ Canberra ធ្វើទស្សនកិច្ចនៅអូស្រ្តាលី។ ថ្ងៃ ៣១តុលា ពេលនោះខួបចម្រើនព្រះជន្មាយុ ព្រះករុណាបិតានៅប៉េកាំង ជាថ្ងៃដែលខ្ញុំនិពន្ធបទចម្រៀង “សុរិយារះហើយ”។ ឥឡូវ បើចង់ស្តាប់ខ្ញុំចុចឲ្យស្តាប់ ព្រោះវាទាក់ទងរឿងជួបជុំគ្នា “កេរដីស្រែទុកឲ្យថែទាំ កូនថែទាំ។ ខ្ញុំសរសេរដោយដៃជាចម្រៀងថ្វាយព្រះពរ។ ចម្រៀងហ្នឹងលាក់ទុកស្ងាត់។ មកដល់វិញថត។ ល្ងាចថ្ងៃទី១៤ ពេលដែលព្រះករុណាយាងដល់យប់ ជប់ល[ងនៅចំការមនហ្នឹង ចាក់បទហ្នឹង។ នេះជាប្រវត្តិខ្លះៗ ដើម្បីចែករំលែកឲ្យដឹងរឿងរ៉ាវ។ សូមកុំសរសេរប្រវត្តិទាក់ទិននឹងអង្គរក្សកូរ៉េខាងជើងថាជាកំហុសរបស់ព្រះករុណា។
គឺខ្ញុំទេ ដើម្បីធានាសុវត្ថិភាព និងការទទួលខុសត្រូវទៅលើសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបរយ រាប់ទាំងទីកន្លែងស្នាក់អាស្រ័យរបស់បងប្អូនដែលមកពីក្រៅប្រទេស។ ហើយក៏មិនគួរក្លាយទៅជាកំហុសដែរ ដែលខ្ញុំដោះស្រាយបញ្ហាហ្នឹងហើយ បងប្អូននៅក្នុងស្រុករកផ្ទះនៅមិនបាន ប៉ុន្តែបងប្អូនមកពីក្រៅស្រុកបាននៅ។ សម្តេចបុត្រី ផ្ទះព្រះអង្គពីដើមជាផ្ទះរបស់ឧត្តមសេនីយ៍ មល់ រឿប។ អញ្ចឹងត្រូវឲ្យលុយទៅឧត្តមសេនីយ៍ មល់ រឿប ជួសជុលថ្វាយដំណាក់ហ្នឹងទៅ ព្រះអង្គម្ចាស់ អរុណ(រស្មី) ទៅ។ រឿងហ្នឹងអញ្ចឹង។ ប៉ុន្តែ មានអ្នកជើងល្អខ្លាំងជាង ហ៊ុន សែន ទៀត។ វាមិនដឹងធ្វើម៉េចទេ។ បើគេចង់ខ្លាំងឲ្យខ្លាំង ប៉ុន្តែឲ្យគេនិយាយអំពីប្រវត្តិទៅ។ ខ្លឹមសារស្នូលវាជាអី?
(១៤) មានដំណើរឈានទៅរកការស្រុះស្រួល និងអាចមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
ឥឡូវ មានអ្នកអំពាវនាវឲ្យប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងក្រុងប៉ារីស ឲ្យកោះប្រជុំជាបន្ទាន់ ទាក់ទិនការឈ្លានពានរបស់ប្រទេសជិតខាង។ សួរថា សហប្រធានព្រមទេ? សាកល្បងសួរទៅឥណ្ឌូនេស៊ី និងទៅបារាំងមើល តើគេព្រម(ទទួលការ)កោះទេ? ហត្ថលេខីទាំងឡាយព្រមចូលរួមទេ ហើយដោះរបៀបម៉េច បើខាងថៃថាយើងរំលោភដីគេ យើងថាគេរំលោភដីយើង។ អញ្ចឹង គេថាគេគោរពអធិបតេយ្យរបស់ខ្មែរតើ ប៉ុន្តែខ្មែរទៅឈ្លានពានគេ។ យើងថាយើងគោរពអធិបតេយ្យរបស់ថៃ ប៉ុន្តែថៃឈ្លានពានយើង។ ចោទគ្នារបៀបហ្នឹងទៅដោះស្រាយបានទេ? ដោះស្រាយមិនបានទេ។ ឥឡូវ ដំណើរការឈានទៅរកការស្រុះស្រួល។ ប្រជុំប៉ុន្មានថ្ងៃនេះ មានការស្រុះស្រួលច្រើនហើយៗ នៅថ្ងៃទី២៦ តុលា នេះ អាចនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ សូម្បីរដ្ឋមន្ត្រីនេះ ដោយសារជំពាក់ត្រូវជាប់ប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ប្រហែលជាត្រូវទៅស្អែកជាមួយ ម៉ាណែត ឬទៅល្ងាចហ្នឹង? ទៅល្ងាចហ្នឹងតែម្តង។ ប៉ុន្តែដោយសារតែខ្លាចត្រូវមាត់ប្រធានព្រឹទ្ធសភា ដែលបាត់រដ្ឋមន្រ្តីមិនឃើញមកប្រជុំ។
(១៥) ការឈ្លានពានពីប្រទេសជិតខាង បានទៅដល់ ICJ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិដទៃទៀតហើយ
នេះជាការចែករំលែកទេ។ ថាយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកអនុវត្តៗ នៅកន្លែងណា? តើមើលកិច្ចព្រមព្រៀងប៉ារីសគ្រប់ចំណុចហើយឬនៅ? ធាតុចូលកិច្ចព្រមព្រៀងក្រុងប៉ារីសវាបានមកនៅក្នុងរដ្ឋធម្មនុញ្ញហើយ។ គេបាននិយាយច្បាស់ហើយតើពីការចាប់ផ្តើមនិងបញ្ចប់ ពេលដែលសភាធម្មនុញ្ញក្លាយជាសភាជាតិ និងបង្កើតរដ្ឋាភិបាល។ បានសេចក្តីថា បេសកកម្មរបស់អង្គការសហប្រជាជាតិបានបញ្ចប់ហើយ។ ប៉ុន្តែ អ្នកដែលមិនយល់ធ្វើជាមិនយល់ ឬក៏ភ្លើ ខ្ញុំនិយាយឲ្យច្បាស់អញ្ចឹងទៅ។ បើសិនជាផ្អែកលើកិច្ចព្រមព្រៀងក្រុងប៉ារីសមែន មិនបាច់ទៅណាឆ្ងាយទេ ទៅកិច្ចព្រមព្រៀងក្រុងប៉ារីសតែម្តង។
តែនេះ វាទៅហួសពីកិច្ចព្រមព្រៀងក្រុងប៉ារីស ទៅដល់ ICJ តុលាការយុត្តិធម៌អន្តរជាតិ។ គេទៅធំជាងហ្នឹងទៀត។ គេទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ គេទៅដល់វេទិកាអន្តរជាតិដទៃទៀត។ ខ្ញុំមិនយល់ដែរ ឬគ្រាន់តែនិយាយកិច្ចព្រមព្រៀងក្រុងប៉ារីសដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញ។ និយាយគ្នាឲ្យច្បាស់មើល។ សួរថាកិច្ចព្រមព្រៀងក្រុងប៉ារីសមានចែងអំពីការកាត់ទោសខ្មែរក្រហមឬអត់? អត់មានចែង។ អញ្ចឹង យើងកាត់ទោសខ្មែរក្រហម ខុសឬ? បានសេចក្តីថាកាត់នៅក្នុងក្របខណ្ឌច្បាប់ជាតិ និងច្បាប់អន្តរជាតិ លើបញ្ហាឧក្រិដ្ឋកម្មសង្រ្គាម និងប្រល័យពូជសាសន៍។ ឥឡូវប៉ុណ្ណឹងទៅចុះ៕


