(សេង) សារី! ពុកបានស្ដាប់ការសម្ភាសន៍របស់កូន (និង)ការលើកមតិរបស់កូន នៅក្នុងវិទ្យុ RFI របស់បារាំង។ កូនបែរជានិយាយអំពីការដែលពុកលុបសារ។ ពុកគ្រាន់តែបញ្ជាក់ឡើងវិញថា កូនចូលទៅមើលឡើងវិញក្នុង Page របស់ពុកទៅ។ ពុកមិនដែលបានលុបសារទេ។ គ្មានហេតុផលនឹងលុបសាររបស់ពុកទេ … ពុកជូនសារទៅកាន់ប្រជាពលរដ្ឋ ដែលប្រៀបធៀបថា “ការរបួសកូនដៃមួយ មិនគួរធ្វើឲ្យរូបកាយទាំងមូលពិការនោះទេ”។ (ការនិយាយដូច្នេះ) មិនមែនពុកទុករឿងជាតិ រឿងទឹកដី ស្មើនឹងកូនដៃនោះទេ។ ប៉ុន្តែ យើងពិនិត្យមើល (ក្នុង)ទំហំផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា (តើ)យើងរងការទន្ទ្រានកាន់កាប់ពីសំណាក់ភាគីថៃប៉ុន្មាន? ហើយទឹកដីប៉ុន្មានហិកតានោះ មិនមែនក្លាយជាដីថៃជាស្ថាពរនោះទេ។ យើងនៅតែបន្តការតស៊ូយកត្រឡប់មកវិញ ដោយមធ្យោបាយសន្តិវិធី។
ជម្រើសមានតែ២ទេ។ ទី១ វាយប្រហារដណ្ដើមយកទឹកដីនោះមកវិញ។ តើកូនយល់ពីជម្រើសនេះឬទេ? (តើ)ហ៊ានមកចូលរួមឬទេ? ជម្រើសបែបនេះគឺការប្រើប្រាស់ជីវិតរបស់ទាហាន គឺធ្វើឲ្យទាហានស្លាប់ និងរបួស ធ្វើឲ្យប្រជាជនស្លាប់និងរបួស និងបង្កើតឲ្យមានជនភៀសសឹកឡើងវិញ។ (កាលពីការកើតមានសង្គ្រាមនាពេលកន្លងទៅ) មាន(ជនភៀសសឹក)រហូតទៅដល់ ៦០ទៅ ៧០ម៉ឺននាក់ឯណោះ។ តើវាគួររើសយកជម្រើសនេះឬទេ? ឬក៏ត្រូវបន្តជម្រើសសព្វថ្ងៃ តាមរយៈការពង្រឹងបទឈប់បាញ់ ហើយការចរចាដោះស្រាយតាមយន្តការដែលមានស្រាប់ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង សេចក្ដីថ្លែងការណ៍ឈប់បាញ់ (ពិសេស)ទាក់ទងនឹងកថាខណ្ឌស្ដីពីដំណើរការវាស់វែងតាមព្រំដែនបន្តទៀត ដោយយន្តការទ្វេភាគីដែលមានស្រាប់។
ជម្រើសមានតែ២ទេ គឺមួយវាយគ្នា ឯមួយទៀតគឺដោះស្រាយដោយសន្តិវិធី។ មិនថានៅប្រទេសណានោះទេ រដ្ឋាភិបាលគ្មានសិទ្ធិនឹងកាត់ទឹកដីឲ្យអ្នកណាទេ។ យើងមិនទទួលស្គាល់ការប្រើប្រាស់កម្លាំងកាន់កាប់លើការជាក់ស្ដែងទេ ក៏ប៉ុន្តែពួកកូននិងពួកអ្នក(មួយចំនួន)នៅក្រៅប្រទេស បានប្រើប្រាស់វិធីនេះ។ ធ្វើយ៉ាងនេះ វាមិនខុសពីការរុញភ្លើងឲ្យឆេះកាន់តែខ្លាំង (ដែល)វាមិនត្រឹមតែរាលដាលសភាពការណ៍នៅតាមទល់ដែនទេ (តែ)វារាលដាលដល់និងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចសង្គមកាន់តែអាក្រក់។ (ធ្វើដូចនេះ តើ)ពួកកូនសព្វថ្ងៃគិតពីអី? (តើ)អ្នកដទៃគិតពីអី? គ្រាន់តែនាំគ្នាចូលឆ្នាំ ក៏ចូលមិនបាន។ (ខណៈកំពុងប្រារព្ធពិធីបុណ្យ)ចូលឆ្នាំ(នៅឯណេះ) … (តើ)កងទ័ពនៅទល់ដែនកំពុងតែដេកយំ ឬកំពុងទទួលបាននូវការយកចិត្តទុកដាក់?
សូម្បីតែជនភៀសខ្លួន ក៏កំពុងបានយកចិត្តទុកដាក់ដែរ។ ករណីចូលឆ្នាំ តើទៅឃាត់ទេវតាមិនឲ្យចុះបានឬ? ឃាត់ប្រជាជនជិត ១៨លាននាក់មិនឲ្យសប្បាយរីករាយឬ? វាមិនអាចទៅរួចទេ! កូន។ សង្គមមួយត្រូវមានចលនា។ ប្រៀបធៀបទៅនឹងសរីរាង្គខ្លួនប្រាណរបស់យើងទាំងមូល កូនដៃរបស់យើងដែលកំពុងតែរបួស ត្រូវការព្យាបាលវា។ តែយើងត្រូវតែធ្វើចលនា ដើម្បីឲ្យសេដ្ឋកិច្ច សង្គម វប្បធម៌ សាសនា បន្តដំណើរ មិនអាច(ទុកអោយ)ស្ថានភាពបែបនេះ (ដាក់)យើង(អោយ)បន្តនៅក្នុងស្ថានភាពបង្កើតឲ្យមានរឿងរ៉ាវកាន់តែធំ កើតឡើងនូវជម្លោះប្រដាប់អាវុធ (ដែលបង្កការ)ស្លាប់/របួសកងទ័ព និងកើតមានប្រជាជនភៀសសឹកតទៅទៀតនោះទេ។ (យើង)ត្រូវតែជំរុញឲ្យសេដ្ឋកិច្ចសង្គមបន្តដំណើរការ។
កូនបាននិយាយថា “ត្រូវតែបកស្រាយ(អំពីថា)យកវិធីតាមរបៀបណា?”។ កូនប្រហែលជាចង់លើកពីតម្លាភាព … វិធីចរចា មិនថាអ្នកណាជាអ្នកណា ប្រទេសណាជាប្រទេសណាទេ បើប្រាប់គេអស់ទៅហើយ ចាំបាច់ចរចាធ្វើអី? (កាលបើ)យើងមានអ្វីដែលជាភាពរឹងមាំរបស់យើង អ្វីដែលជាយុទ្ធវិធីរបស់យើង(ហើយ) (ការសំរេចថា)តើយើងដើរក្រឡាណាទៅមុន ក្រឡាណាក្រោយ យន្តការណាទៅមុន យន្តការណាទៅក្រោយ ត្រូវមានការព្រមព្រៀងគ្នា។ អញ្ចឹងទេ ពុកមិនយល់ពីពួកកូនទេ ជាពិសេសកូនឯងហ្នឹងតែម្ដង។ កូនយល់ពុកច្បាស់ហើយ។ កូន(បានលើកឡើង)សុទ្ធតែ(ថា “ពុក)លុបសារ។ ត្រូវតែចេញមកបកស្រាយ”។ សូមសារីកុំព្រហើនពេក … អ្នកឯងជាបណ្ឌិតក៏ដោយ តែអាយុនៅក្មេង។ មិនមែនហៅ “អា” មិនបានទេ។ ពួកលោកឯងហ្នឹង ក៏ធ្លាប់ហៅអញ “អា” ដែរ។ តែពុកមិនប្រមាថកូនឯងទេ។ តែឃើញថាពួកកូនឯងជ្រុលហួស។ ថាពួកអាចង្រៃផ្សេងទៀតទៅ រឿង(លើកឡើងខុសទំនង)ហ្នឹង(ជារឿង)របស់វា។ ប៉ុន្តែ រឿង(ហ្នឹង សំរាប់)កូនឯង (វា)មិនសមទេ។
ពុកធ្លាប់អនុគ្រោះឲ្យកូនឯង។ ចុងក្រោយ កូនឯងស្នើសុំលុយពីពុកបង្កើតបក្ស។ កូនឯងស្នើលុយពុកដើម្បីចូលទៅបង្កប់ខ្លួនជាមួយផ្នែកខាងនោះ។ តើកូនចង់ឲ្យពុកបង្ហោះបន្ថែមនូវសារឆ្លើយឆ្លងគ្នាដែលមិនទាន់បានបង្ហោះរាប់រយហ្នឹងតទៅទៀតឬម៉េច? កូនឯងនៅក្នុងប្រទេសមិនបាន វាជារឿងរបស់កូនឯង។ (កូនឯងចង់)ព្រាត់ប្រាសទៅណាក៏ព្រាត់ទៅ។ គេមិនថាអីទេ។ សូម្បីតែមួយរយៈចុងក្រោយហ្នឹង (ក្នុង)ពេល(មានការ)វាយគ្នា ពុកមិនមែនម្ចាស់ការវាយទៅកូនឯងទេ។ កូនឯងម្ចាស់ការវាយមកពុកដើម្បីជូនព័ត៌មាន យុទ្ធវិធីមកពុក ដើម្បីឲ្យពុកបន្តវាយឈ្លបលើកងទ័ពថៃ ប្រទេសថៃ ដើម្បីឲ្យថៃបែកបាក់គ្នា បោះឆ្នោតមិនបាន អីមិនបាន … កូនឯងជាអ្នកទាក់ទងមកពុក។ មិនមែនពុកទៅទាញកូនឯងមកទេ។ តើកូនឯងជាមនុស្សបែបណា? ឡប់ឬឆ្កួត ឬជាធម្មតា? ខួរក្បាលបណ្ឌិតស្អី? … ម្ដងហើយម្ដងទៀត ពុកសូមប្រាប់កុំបង្ខំឲ្យពុកបង្ហោះសារចេញ …។
(ដែល)កូនឯងហ៊ានបោកពុកប៉ុណ្ណឹង កូនឯងទៅណា ក៏គង់តែបោកគេដែរ។ នៅតែបោកហ្នឹង។ ពុកចង់ឲ្យកូនឯងទៅធ្វើជាក្រុមប្រឆាំងឲ្យវាច្បាស់លាស់ទៅ … (វាជាអាកប្បកិរិយា)ព្រហើនពេក។ ទាមទារឲ្យបកស្រាយ។ អ្នកដែលមានសិទ្ធិទាមទារឲ្យមានការបកស្រាយមានតែសភាទេ ដែលហៅទៅដេញដោល … បើសិនសភាហៅទៅដេញដោល ក៏រដ្ឋាភិបាលមានសិទ្ធិលាក់កិច្ចការមួយចំនួនជាសន្លឹកបៀរនៃការចរចាដែរ។ មិនមែនយកទៅផ្ងារទាំងអស់ទេ។ បើផ្ងារទាំងអស់ … ចាំបាច់ទៅចរចាធ្វើអី? … សូមស្ដាប់សម្លេងខ្លួនឯងក្នុងវិទ្យុបារាំងឡើងវិញ។ ថា អ៊ំ សំអាន ឆ្កួតទៅហើយ ចុះកូនឯងដែលចាត់ទុកថាជាមនុស្សកណ្ដាលនេះយ៉ាងម៉េចដែរ? ស្ដាប់គ្នាបានទេ? កូនឯងឆ្លើយអោយពុកមក?
ដើម្បីបញ្ចៀសការស្លាប់ និងរបួសរប្រជាជនខ្មែរ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ នាំទៅដល់ការជម្លៀសប្រជាជន ៦០ទៅ ៧០ម៉ឺននាក់ថែមទៀត រាប់ទាំងពួកប្រឆាំងនៅខាងក្រៅប្រទេស (តើ)យកជម្រើសវាយគ្នាឬមួយយកចរចាដោយសន្តិវិធី? តើត្រូវវាយគ្នា ឬត្រូវចរចា … ខាងរាជរដ្ឋាភិបាលបានបញ្ជាក់ហើយ គឺគ្រប់គ្រងនិងរក្សាអោយបាននូវកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីឈានទៅរកការវាស់វែងព្រំដែន ដូចដែលមានចែងនៅក្នុងសេចក្ដីប្រកាសស្ដីពីបទឈប់បាញ់កាលពីខែធ្នូ(២០២៥)។ រដ្ឋាភិបាលមិនចោលទឹកដីហ្នឹងនោះទេ ប៉ុន្តែត្រូវប្រើពេលច្រើនថ្ងៃនិងរយៈពេលវែង មិនមែនមួយថ្ងៃឬពីរថ្ងៃទេ។
បទពិសោធន៍កាលពីបណ្ដឹងព្រះវិហារ ការកាត់ក្ដីតាំងពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ទើបដោះស្រាយបាន។ ក្រោយមកឆ្នាំ២០០៨ យើងស្នើអោយតុលាការអន្តរជាតិ ឡាអេ បកស្រាយ។ យើងក៏បានប្រើពេលហោចបំផុតពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ ទើបតុលាការអន្តរជាតិ ឡាអេ បកស្រាយបាន។ (តែដែល)ពួកកូនឯងចង់អោយយកមួយថ្ងៃឬពីរថ្ងៃ (តើជាការសមស្របទេ)? ដោយសារតែត្រូវរង់ចាំរបៀបនេះ ដើម្បីជៀសវាងផ្លូវដើរនៃការដែលត្រូវប្រើប្រដាប់អាវុធដណ្ដើមយកទឹកដីនេះវិញ ដែលនាំដល់ការស្លាប់និងរបួសកងទ័ព បានជាយើងសុខចិត្តរៀបចំផ្ទះសម្បែងជាបណ្ដោះអាសន្នអោយបងប្អូនប្រជាពលរដ្ឋ។ ឬកូនឯងត្រូវការអោយកងទ័ព និងប្រជាជនស្លាប់និងរបួស ការខូចខាតនានាបន្ថែមទៀត បានពួកកូនឯងអស់ចិត្ត? (សូម)ប្រាប់ត្រង់ៗមកថា (ចង់ឱ្យ)វាយយក។
ក្រុមប្រឆាំងនៅ(តែ)និយាយ(ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស) ២៣តុលា។ ត្រូវ។ ប៉ុន្តែ(តើ) សុពលភាព(នៃកិច្ចព្រមព្រៀងសន្តិភាព)២៣តុលា នៅត្រង់ណា? វានៅត្រឹមតែសហប្រធានសន្និសីទទីក្រុងប៉ារីសតែប៉ុណ្ណឹង។ តើសហប្រធាន(សន្និសីទ)ទីក្រុងប៉ារីសកោះប្រជុំឬ? ក្នុងហ្នឹង ចំណុចដែលនៅសល់(មាន)សុពលភាពត្រង់ថាប្រទេសទាំងអស់ត្រូវគោរពឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជា។ ថៃក៏ជាហត្ថលេខីដែលត្រូវគោរព។ តែថៃគេអាចនឹងអះអាងថា “កម្ពុជាឈ្លានពានគេ។ គេប្រើកម្លាំងដើម្បីយកត្រឡប់ទៅវិញ”។ វាច្បាស់ណាស់ថាថៃជាអ្នកផ្ទុះអាវុធមុន … កាលពីមុន ចោទសួរថាអ្នកណាបាញ់អ្នកណាមុន?
ពេលដែលមានការបកស្រាយលើកក្រោយនេះដែលចេញមកថា “កម្ពុជាបានទៅនៅលើដីគេ ៣០ទៅ ៤០ឆ្នាំ មិនព្រមចេញ ទើបគេប្រើកម្លាំងយកត្រឡប់ទៅវិញ”។ ថៃប្រកាសថាគោរព(កិច្ចព្រមព្រៀង)ទេតើ។ តើវាមានន័យអីទៀតសម្រាប់ការកោះប្រជុំ។ យើងមិនទាត់ចោលទេលទ្ធភាពដែលយើងនឹងស្នើទៅសហប្រធានសន្និសីទទីក្រុងប៉ារីស ប៉ុន្តែពុកបានប៉ាន់ស្មានរួចស្រេចហើយថា “បើកោះប្រជុំ យើង(ក៏នឹង)ប្រកាសអោយគេ(ថៃ)គោរពឯករាជ្យអធិបតេយ្យ។ គេ(ថៃនឹង)ថា គោរព តែគេសុំអោយកម្ពុជាគោរពវិញដែរ”។ ហ្នឹងស្មើទៅមក។ ដោយហេតុនេះ ជម្រើសដែលល្អបំផុត គឺបញ្ចៀសការស្លាប់និងរបួសសម្រាប់ប្រជាជនបន្ថែមទៀត។
កន្លងទៅ យើងមិនចង់បានសង្គ្រាមទេ និងចង់បានការដោះស្រាយដោយសន្តិវិធី ក៏ប៉ុន្តែយើងជៀសមិនបាន។ ដូចដែលអ្នកនាំពាក្យថៃបានបញ្ជាក់ថា “កម្ពុជាបាននៅលើទឹកដីគេ ៣០ទៅ ៤០ឆ្នាំហើយ មិនព្រមចេញ។ ដូច្នេះគេប្រើកម្លាំងដើម្បីយកត្រឡប់ទៅវិញ”។ មានន័យថា ការផ្ទុះអាវុធនៅខែ០៧ គឺថៃជាអ្នកផ្ដើមផ្ទុះអាវុធមុន។ គេធ្វើសកម្មភាពទូទាំងព្រំដែនទាំងអស់។ កូនចង់ចូលក្នុងអន្ទាក់របស់គេដែលកំពុងដាក់ ឬក៏ត្រូវធ្វើយ៉ាងម៉េច? ពុកសូមបញ្ជាក់សាជាថ្មីម្ដងទៀត។ ដែលកូនផ្ញើសារមកអោយពុកកាលពីខែធ្នូ(២០២៥) និងដែលពុកតបត្រប់ឡប់ទៅវិញក្នុងពេលដែល កូន សេង សារី ជំរុញពុកអោយធ្វើសកម្មភាពវាយឈ្លបទៅលើថៃ។ (ក្នុងសារ)ផ្ញើត្រឡប់ទៅ(កូន)វិញ ពុកបានសរសេរថា “ខិតខំជំរុញអោយមានការឈប់បាញ់អោយបានឆាប់”។
នេះជាចំណុចចាប់ផ្ដើមនៃជំហរដែលបញ្ជូនអោយកូន។ កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមទេ។ កម្ពុជាត្រូវការដោះស្រាយដោយសន្តិវិធី មិនមែនដោយកម្លាំងប្រដាប់អាវុធទេ។ ឥឡូវនេះ តើពួកកូនចង់អោយ(ស្ថានការណ៍វិវត្តន៍ដូចម្តេច សូម)ម៉េចនិយាយអោយច្បាស់។ នាយករដ្ឋមន្ត្រីបានបញ្ជាក់ហើយ “ទោះបីនៅសល់ ១%ក៏ត្រូវតែប្រើប្រាស់វិធាន(សន្តិវិធី)ដើម្បីទទួលបាននូវសន្តិភាព” ដែលមិនមែនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជាទេ តែក៏សម្រាប់ប្រជាជនថៃផងដែរ។
ក្រែងពួកកូនមានការយល់ច្រឡំ (ពុក)សូមបញ្ជាក់ថា សារព័ត៌មានថៃដែលបានចេញប៉ុន្មានថ្ងៃនេះ(ផ្សាយ)ថា “កម្ពុជាស្នើបើកព្រំដែនឡើងវិញ”។ តែល្ងាចនេះ ឃើញនាយករដ្ឋមន្ត្រីបញ្ជាក់ថា អត់ទាន់មានការជជែកគ្នា ហើយក៏គ្មានសំណើពីភាគីកម្ពុជាដែរ។ (សូមអះអាងថា)ខាងភាគីកម្ពុជា គ្មានហេតុផលណាមួយនឹងលើកសំណើសុំបើកព្រំដែនឡើងវិញទេ។ (ថៃ)ជាអ្នកបិទ (ដូចនេះ)ថៃជាអ្នកបើក។ តែប៉ុណ្ណឹងឯង។ ពុកធ្លាប់បញ្ជាក់ហើយទោះបីបិទ ១០០ឆ្នាំទៀតឬ ៥០០ឆ្នាំទៀត ក៏អាស្រ័យទៅលើថៃដែរ។ កុំយករឿងហ្នឹងទៅនិយាយទៀត វានាំតែខុសទេ … បានជាចេញសារទៅហើយ (ក៏សូម)បញ្ជូន(សារនេះ)ចេញតែម្ដង ទោះបីជាសម្ដីគ្រោធគ្រាធបន្តិច ក៏ប៉ុន្តែពុកត្រូវតែឆ្លើយតបជាមួយកូន សេង សារី អោយបានច្បាស់។
ពុកមិនស្ដាយក្រោយទេ ពេលដែលពុកឧបត្ថម្ភកូន ជួយកូន រាប់ទាំងជំនួយចុងក្រោយដែលកូនសុំបង្កើតបក្សនយោបាយ និងសុំលុយចូលទៅបង្កប់ផ្ទៃក្នុងរបស់បក្សប្រឆាំង។ វាជាការគួរអោយសោកស្ដាយដែលវាបែកធ្លាយសារសម្លេង កុំអីពុកត្រូវប្រើកូនចូលទៅក្នុងជួរក្បាលម៉ាស៊ីនរបស់ពួកប្រឆាំងដែរ។ កូនជាអ្នកសុំធ្វើចារកម្មអោយពុក មិនមែនពុកប្រើកូនទៅធ្វើចារកម្មទេ។ សម្ដីដែលកូនសុំលុយពុកធ្វើដំណើរទៅអាមេរិក ដើម្បីចូលឲ្យកៀកជាមួយពួកនោះ តើមានន័យថាម៉េច? មានន័យថា កូនសុំពុកធ្វើជាចារកម្ម។ យល់ទេ?
ពុក សូមបញ្ជាក់ឡើងវិញ។ ប៉ុន្មានថ្ងៃនេះ សារព័ត៌មានថៃបានចុះថា កម្ពុជាស្នើបើក(ព្រំដែនឡើងវិញ)។ មិនដូចនោះទេ។ ទោះបីថានាយករដ្ឋមន្រ្តីជាកូនរបស់ ពុក មែន តែពុកជាប្រធានគណបក្សនយោបាយ។ ពុកមានសិទ្ធិផ្ដល់ការណែនាំចំពោះគ្រប់តួអង្គទាំងអស់។ ពុកមានសិទ្ធិរៀបចំអ្នកណាធ្វើប្រធានរដ្ឋសភា អ្នកណាធ្វើអនុប្រធាន អ្នកណាធ្វើនាយករដ្ឋមន្រ្តី អ្នកណាធ្វើអីៗ … ព្រោះពុកជាប្រធានគណបក្សកាន់អំណាច។ នៅកម្ពុជា ប្រព័ន្ធបោះឆ្នោតជាប្រព័ន្ធសមាមាត្រ ដែលប្រធានគណបក្សកាន់អំណាចមានសិទ្ធិ។ តែពុកមិនចេញបញ្ជាជំនួសនាយករដ្ឋមន្រ្តីទេ។ ពុកស្គាល់ច្បាប់។ ពុក ធ្វើនាយករដ្ឋមន្រ្តីរយៈពេល ៣៨ឆ្នាំ ជាមួយមុខតំណែងដទៃទៀត ៤៧ឆ្នាំ (ក៏គ្រប់គ្រាន់នឹងកំណត់បានថា)អាជីពនយោបាយរបស់ពុកអាចច្រើនជាងអាយុរបស់កូន …។
ពុក ក៏សូមជូនសារទៅប្រជាជនកម្ពុជា។ សូមកុំសង្ឃឹមលើការបើកច្រកព្រំដែនកម្ពុជា-ថៃ។ សូមឲ្យអ្នកទាំងឡាយណាដែលនាំទំនិញថៃចូល បញ្ឈប់ជាបន្ទាន់ ដើម្បីចៀសវាង(វិធានការពី)សមត្ថកិច្ចកម្ពុជានិងថៃ ដែលលឺថាមានការចាប់បាននៅខេត្តកោះកុងឯនោះ។ សូមកុំបន្ត។ កម្ពុជាមានទំនិញគ្រប់គ្រាន់ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនហើយ មិនចាំបាច់មានទំនិញមកពីប្រទេសដែលគេ(ប្រកាន់ជំហរ)រឹតត្បិត(ចំពោះ)កម្ពុជានិងថាមានការរត់ពន្ធទំនិញ(របស់)គេចូលមកកម្ពុជា(ទេ)។ ដោយហេតុនេះ សូមអោយមានការសហការ ដែលខាងកម្ពុជាទប់ស្កាត់ខាងកម្ពុជា ឯខាងថៃក៏ទប់ស្កាត់ខាងថៃកុំឲ្យទំនិញទៅមក។
កម្ពុជាមានឱកាសផលិតទំនិញរបស់ខ្លួនចូលក្នុងទីផ្សារ។ ម្យ៉ាងទៀត សូមលើកទឹកចិត្តអ្នកប្រើប្រាស់ ប្រើទំនិញរបស់កម្ពុជា ឬទំនិញមកពីប្រទេសផ្សេង ជាជាងប្រើប្រាស់ទំនិញមកពីប្រទេសថៃ។ និយាយយ៉ាងដូច្នេះ មិនមែនផ្ទុយនឹងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកទេ តែវាជាជម្រើសរបស់ប្រជាជនកម្ពុជា។ មានតែប្រជាជនកម្ពុជាទេ ដែលមានសិទ្ធិសម្រេចថាគួរប្រើប្រាស់ទំនិញរបស់អ្នកណា។ អ្នកនាំចូលច្រើនប៉ុណ្ណាក៏ដោយ បើគ្មានអ្នកទិញទេ ក៏គ្មានអ្នកលក់ដែរ។ បើគ្មានអ្នកទិញទេ ក៏គ្មានអ្នករត់ពន្ធយកមកដែរ។
ការផ្ញើសារនេះ ជូនចំពោះប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំវាក្ដៅបន្តិច។ តែខ្ញុំចង់បញ្ជាក់ទៅពួកអ្នកធ្វើការវិភាគ ដែលមានទាំងបណ្ឌិត សេង សារី និងពួកប្រឆាំងក្រៅស្រុកមួយចំនួន ដែលមិនយូរមិនឆាប់វានឹងឈានទៅដល់អ្វីមួយដែលពួកគេស្មានមិនដល់។ បានជាជ្រុលចេញហើយ ខ្ញុំសុំបង្ហោះសារនេះតែម្ដងទៅ។ ឲ្យវាត្រូវ។ ជាពិសេស នៅត្រង់រាជរដ្ឋាភិបាលជ្រើសយកជម្រើសបញ្ចៀសការស្លាប់/របួសប្រជាជន និងកងទ័ព ជម្លៀសប្រជាជន ប្រជាជនបាត់ជីវិត វាដូចគ្នានឹងការបាត់បង់ទឹកដី។ ឥឡូវ យើងរក្សាជីវិតបាន យើងនឹងខិតខំយកទឹកដីមកវិញតាមមធ្យោបាយសន្តិវិធី។ រដ្ឋាភិបាលបញ្ជាក់ប៉ុណ្ណឹងហើយ តែលោកឯងមកទាមទារឲ្យបញ្ជាក់ឲ្យបានច្បាស់។ បើច្បាស់អញ្ចឹងមិនចាំបាច់ទៅចរចាទេ។
មានចំណុចចែងច្បាស់ក្នុងកិច្ចព្រមព្រៀងឈប់បាញ់ដែលនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ គឺចំំណុចទី៣ ហើយ។ បន្ទាប់ពីនេះទៅ គេដំណើរការវាស់វែងដើម្បីបោះបង្គោលអោយវាដាច់ស្រេច ដោយយន្តការទ្វេភាគី។ យើងដឹងច្បាស់ថាបរទេសគ្មានលទ្ធភាពមកជួយបោះបង្គោលអោយទេ។ គេអាចជួយត្រួតពិនិត្យពង្រឹងបទឈប់បាញ់។
ខ្ញុំដឹងចម្លើយមុនហើយថា អ្នកទាំងអស់គ្នាជំរុញអោយកម្ពុជាប្រើប្រាស់កងទ័ព ដើម្បីវាយកាន់កាប់ប៉ុន្មានចំណុចដែលមានប៉ុន្មានហិកតានេះ។ ខ្លះមកយល់ន័យខុសអំពីពាក្យដែលថាប្រៀបធៀបទឹកដីស្មើនឹងកូនដៃ។ តើអ្នកឯងយល់ទេ? ខ្ញុំចង់និយាយថា អ្វីដែលយើងកំពុងបាត់ស្មើនឹងរបួសកូនដៃដែលកំពុងព្យាបាល មិនមែនដាច់ឬបាត់នោះទេ ក្នុងទឹកដីទាំងមូល … ១៨១ ០៣៥គីឡូម៉ែត្រក្រឡា។ យើងបាត់ការគ្រប់គ្រងជាបណ្ដោះអាសន្នលើចំណែកតូចមួយដែលយើងប្រឹងប្រែងយកមកវិញ (ឬ)ដែលខ្ញុំថាព្យាបាល។ ប៉ុន្តែនិយាយដូចម្តេចក៏អស់លោកមិនយល់ដែរ។ (ពួកអស់លោកដឹងតែពី)ប្រឆាំងដាច់ក្បាលកន្ទុយ ផ្កាប់មុខ ធ្វើអោយខូច(ប្រយោជន៍)ជាតិខ្លួនឯង។
(ពួកលោកមាន)រហូតដល់តែងចំរៀង(ចោទប្រកាន់)។ ខ្ញុំចង់សួរទៅអ្នកតែងចំរៀង និងនាំគ្នាច្រៀងប៉ុន្មានថ្ងៃនេះ តើមានបានដុតធូបទេ? បើសិនជាបានដុតធូប (សូម្បីតែ)មួយសសៃ (ក៏)សុំអោយរន្ទះបាញ់ … ព្រោះអ្នកឯងមកទិតៀនប្រជាជនក្នុងស្រុកថានាំគ្នាសប្បាយភ្លេចគិតទឹកដី និងកងទ័ព។ សូមបញ្ជាក់ថា ក្នុងដំណាក់កាលប៉ុន្មានថ្ងៃនេះ កងទ័ពបានទទួលទានគ្រប់យ៉ាង។ បងប្អូនជនភៀសខ្លួនក៏មានសុវត្ថិភាពទទួលបាននូវការផ្គត់ផ្គង់ពេញលេញ។
ដោយសារតែត្រូវប្រើពេល ទើបយើងប្រើលុយរាប់លានដុល្លារកសាងលំនៅស្ថានសមរម្យ កុំអោយពួកគាត់រស់នៅលំបាក។ យើងដឹងច្បាស់អំពីពេលវេលាដែលត្រូវចំណាយ បានជាយើងត្រូវធ្វើផ្ទះ(ស្នាក់នៅបណ្ដោះអាសន្ន) … ផ្ទះនេះគួរក្លាយជាកាដូអនុស្សាវរីយ៍ជូនប្រជាជនភៀសសិកតែម្ដងទៅជាការល្អជាងយកផ្ទះនិងទឹកដីត្រឡប់មកវិញ (ត្បិត)គាត់បានជារស់នៅហ្នឹងទៅហើយ។ ថ្ងៃក្រោយគាត់មានប្រពន្ធ កូន ប្ដីទៀតទៅ។ (សូមជូនអនុសាសន៍ទៅ) នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាចែកជូនតែម្ដងទៅ។ នេះបើសិនជាពុកនៅធ្វើនាយករដ្ឋមន្ត្រី គឺពុកសម្រេចចិត្តហើយ។ នេះជារឿងថ្ងៃក្រោយ ប៉ុន្តែពុកគិតទុកអោយហើយ។ ចំណាយប៉ុណ្ណឹងវាមិនធំទេ សម្រាប់ប្រជាជនខ្លួនឯង។ ពុកគ្រាន់តែផ្ដាំក្នុងឋានៈជាឪរបស់នាយករដ្ឋមន្ត្រី ក៏ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាចដែរ។ ពេលនិយាយនេះ(ទៀតសោត) គឺក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីរបស់ប្រទេសមួយដែរ។ ផ្ដាំផ្ញើទៅ។
សុំផ្ដាំផ្ញើអោយពួកដែលមិនស្គាល់ជាតិរបស់ខ្លួនដែលបន្តលួចទំនិញពីថៃចូលកម្ពុជា ឃុបឃិតគ្នាតើខ្លាចបាបទេ? (ប្រយ័ត្ន)ត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋ។ គួរតែបញ្ឈប់ទៅ ទាន់ថ្ងៃវរឡើងស័ក្តិបុណ្យឆ្នាំខ្មែរ នាំគ្នាឈប់ទៅ។ សូមជូនពរជនរួមជាតិបន្តសប្បាយរីករាយ … បើពួកប្រឆាំងក្រៅស្រុកដុតធូប ហ្នឹងវាស្មើនឹងសត្វទេ។ មិនអោយគេចូលឆ្នាំ ក៏ប៉ុន្តែវាដុតធូប វាផឹកស៊ីសប្បាយរំាំលេងដែរ។ មិនថាក្នុងស្រុកនិងក្រៅស្រុកទេ អ្នក(ប្រឆាំងការចូលឆ្នាំ)ណា បានដុតធូប អ្នកហ្នឹងត្រូវទំនាយ … ព្រោះ(អ្វីដែលពួកនេះបានធ្វើ)វាជ្រុលហួសហេតុ។ (តិចថា)ចូលឆ្នាំថ្មីមកដល់ចេញមកសម្លេងខ្លាំងតែម្ដង។ រឿងហ្នឹងគួរតែត្រូវខ្លាំង ព្រោះមនុស្សចង្រៃប៉ុន្មាននាក់ហ្នឹង រាប់ទាំង សេង សារី ថា(សារដែល)ខ្ញុំ(បាន)បង្ហោះ(ពី)ម្សិលមិញ (ខ្ញុំ)ខ្លួនឯង(បាន)លុបបាត់ទៅហើយៗ មិនព្រមចេញមកបកស្រាយ។ ឥឡូវ(បញ្ជាក់ថា)មិនលុបទេ តែចេញបកស្រាយថែម សូមប្រាប់ប៉ុណ្ណឹង។ សូមអរគុណ៕


