សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូនអតីត យុទ្ធជន ជាទីនឹករលឹក!
ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេច ឯកឧត្តម លោក ជំទាវ ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកានៃអង្គមហាសន្និបាត សរុបជាង ៤៣០ នាក់ ដែលបានធ្វើដំណើរពីគ្រប់រាជធានីខេត្តដើម្បីចូលរួមក្នុងអង្គមហាសន្និបាត ដែលញ៉ាំងឱ្យពិធី ទាំងមូលមានភាពអធិកអធម ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ និង ជាការរំលឹកនឹកគុណដល់ អតីតយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងរហូតដល់មានការបូជាអាយុ ជីវិតដើម្បីបុព្វហេតុនៃប្រទេសជាតិ និងប្រជាជន ព្រមទាំងសុខសន្តិភាព និងសន្តិសុខសម្រាប់ មាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នា ។
[សេចក្ដីអធិប្បាយទី ១]
(១) ការអនុម័តលក្ខន្ដិកៈ ត្រូវតែធ្វើដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា
ខ្ញុំសូមរំលឹកអង្គមហាសន្និបាតថា ដើមឡើយ យើងគ្រោងធ្វើមហាសន្និបាតទូទាំងប្រទេសដែលមានសមាសភាពរហូតដល់ ៣៥០០នាក់ នៅទីស្នាក់កាលកណ្ដាលគណបក្សប្រជាជន។ ប៉ុន្ដែជាអកុសលសភាពការណ៍ព្រំដែនបានកើតឡើង។ ដូច្នេះ យើងក៏បានពន្យារពេលមកដល់ពេលនេះ។ កាលនោះ អគ្គលេខាធិការ និងអនុប្រធាន គន់ គីម បានដាក់ជាជំរើស២ ដែលឬមួយត្រូវរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសក្នុងកំរិតតូចល្មម និងទី២ ដោយសារបានឆ្លងយោបល់ថ្នាក់ដឹកនាំហើយ គឺអាចចុះហត្ថលេខាលើលក្ខន្ដិកៈបាន។ ប៉ុន្ដែ ខ្ញុំបានចារត្រឡប់មកវិញថា ត្រូវតែធ្វើមហាសន្និបាត។ ការអនុម័តលក្ខន្ដិកៈណាមួយត្រូវតែជាអង្គការខ្ពស់បំផុតរបស់អង្គការនោះ ហើយអង្គការដែលខ្ពស់បំផុតគឺមហាសន្និបាត(វិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា)ទូទាំងប្រទេសនេះឯង។ អញ្ចឹង ថ្ងៃនេះ ចំនួនអ្នកចូលរួមរបស់យើង មានប្រមាណជិត១០% (នៃចំនួន)ដែលបានគ្រោងទុកថាធ្វើនៅវិមាន ៧មករា ដែលនៅជិតនេះឯង។ ថ្ងៃនេះ យើងអរគុណឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានផ្ដល់ទីកន្លែងសំរាប់យើងធ្វើមហាសន្និបាតនេះ។
[បញ្ចប់សេចក្ដីអធិប្បាយទី ១]
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរចំពោះការខិតខំ និង ការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់ជាន់ថ្នាក់របស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានរៀបចំឱ្យ មានមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី ៣ នេះ ឡើង ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹកឃើញ និង ចងចាំជានិច្ចនូវពលិកម្មដ៏ធំធេង និង មិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ ប្រជាជន និង អ្នក ស្នេហាជាតិទាំងឡាយដែលបានលះបង់អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិមាតុភូមិ និង ប្រជាជន នៅគ្រប់ដំណាក់កាល ។ ដួងព្រលឹងបុព្វបុរស និង អ្នកស្នេហា ជាតិទាំងអស់នឹងស្ថិតនៅជាម្លប់ និង ជានិមិត្តរូបនៃការធ្វើពលិកម្មសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរភាពក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ច និរន្តរ៍តរៀងទៅ ។
ប្រវត្តិសាស្ត្រថ្មីៗ បានឆ្លុះបញ្ចាំងអំពីទុក្ខវេទនាស្ទើរគ្រប់រូបភាពដែលប្រជាពលរដ្ឋខ្មែរបាន ឆ្លងកាត់ ។ ជាក់ស្តែង ចាប់ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ មាតុភូមិកម្ពុជាដ៏អភ័ព្វបានបន្តធ្លាក់ ទៅក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ដែលពួកឃាតករខ្មែរក្រហម ប៉ុល ពត បានបង្កឡើង និង បានបំផ្លាញប្រទេសដល់សូន្យ ។ នៅក្រោមរបបខ្មៅងងឹតនេះ សង្គមជាតិទាំងមូលត្រូវក្រឡាប់ ចាក់ រចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ សិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ ប្រជាពលរដ្ឋត្រូវបាត់បង់ទាំងស្រុង ប្រជាជនជាង ៣ លាននាក់ ត្រូវសម្លាប់យ៉ាងអយុត្តិធម៌ ចំណែកឯអ្នកនៅរស់ រង់ចាំតែថ្ងៃត្រូវគេយកទៅសម្លាប់ប៉ុណ្ណោះ ។
ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ កម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជន កម្ពុជាដែលនៅសល់ពីការកាប់សម្លាប់របស់ខ្មែរក្រហម បានក្រោកឈរតស៊ូប្រកបដោយវីរភាព បំផុត ដើម្បីប្រឆាំងនឹងបនប្រល័យពូជសាសន៍ ប៉ុល ពត ពីដំណាក់កាលមួយទៅដំណាក់កាល មួយ ដោយសុខចិត្តបង្ហូរឈាមក្រាលពាសពេញទឹកដីនៃមាតុភូមិកម្ពុជា ក្រោមបុព្វហេតុដណ្តើម យកមកវិញឱ្យខាងតែបាននូវសន្តិភាព ឯករាជ្យ និង សេរីភាព ជូនប្រជាពលរដ្ឋខ្មែរជាទីស្នេហានៃ យើងទាំងអស់គ្នា ។
ជ័យជម្នះ ៧ មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និង បើកនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីគ្រោះមរណៈ បាននាំយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែល បានបាត់បង់ទាំងស្រុងក្នុងរបបអាវខ្មៅ ជាពិសេសសិទ្ធិនៃការរស់រានមានជីវិត បានធ្វើឱ្យរាល់តម្លៃ ខាងស្មារតី និង សម្ភារៈរបស់ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រុំនៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ ឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ ។
ឈរលើមាគ៌ានេះ យើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃដែលបាននាំមកនូវសន្តិភាព និង ឯកភាព ជាតិពេញលេញ និង ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក ដោយមានយុទ្ធសាស្ត្រ DIFID ដែលជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រដទៃទៀត ដើម្បីឈានទៅរំលាយអង្គការ ចាត់តាំងនយោបាយ និង យោធារបស់ខ្មែរក្រហមទាំងស្រុង តាមរយៈការអនុវត្តដ៏ជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ខ្ពស់ចំពោះជីវភាពរបស់បងប្អូនអតីតយុទ្ធជន និង គ្រួសារសពអតីតយុទ្ធជន តាមរយៈការដាក់ ចេញក្របខ័ណ្ឌគោលនយោបាយ និង វិធានការនានា ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេង និង មិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន វីរយុទ្ធនារីនៃកងកម្លាំងប្រដាប់ អាវុធ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុ ជាតិមាតិភូមិជាទីស្នេហានៃយើង ។
ជាមួយគ្នានេះ សមាគមអតីតយុទ្ធជនកម្ពុជាដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម ផ្ទាល់របស់ខ្ញុំ កាលពី ១៨ ឆ្នាំមុន បាន និង កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែង គិតគូរដល់អតីតយុទ្ធជន ហើយក៏បានរួមចំណែកក្នុងការពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលម្អជីវភាពរបស់អតីតយុទ្ធជន និង គ្រួសារសពអតីតយុទ្ធជន និង ការពង្រឹងធ្លុងសាមគ្គី ឯកភាពក្នុងជួរអតីតយុទ្ធជន ។
ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃសង្គមជាតិ និង ដើម្បីលើកទឹកចិត្តដល់អតីតមន្ត្រី-រាជការស៊ីវិល ខ្ញុំក៏បានផ្តួចផ្តើមឱ្យពង្រីកវិសាលភាពនៃសមាគមអតីតយុទ្ធជនកម្ពុជា ដោយបញ្ចូល និវត្តជនជាមន្ត្រីរាជការស៊ីវិលជាសមាជិកនៃសមាគម ដោយប្រែក្លាយសមាគមអតីតយុទ្ធជន កម្ពុជាទៅជាសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា និង សូមដាក់ឆ្លងអង្គមហាសន្និបាតនូវ សេចក្តីព្រាងលក្ខន្តិកៈនៃសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា នាពេលនេះ ។
[សេចក្ដីអធិប្បាយទី ២]
(២) អតីតយុទ្ធជននិងនិវត្តជនក្នុងសមាគមតែមួយ បង្ហាញអំពីការយកចិត្តទុកដាក់ និងបន្តដំណើររួមគ្នា
(ការពង្រីកវិសាលភាពសមាគមអតីតយុទ្ធជនកម្ពុជា ដោយបញ្ចូលនិវត្តជនមន្ត្រីរាជការស៊ីវិលជាសមាជិកនៃសមាគម ដោយប្រែក្លាយសមាគមអតីតយុទ្ធជនកម្ពុជាទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងសូមដាក់ឆ្លងអង្គមហាសន្និបាតនូវសេចក្តីព្រាងលក្ខន្តិកៈនៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា)នេះជាគោលបំណងសំខាន់ដែលយើងត្រូវរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស។ កន្លងទៅ តាមគំនិតផ្ដួចផ្ដើមរបស់ខ្ញុំយើងមានសមាគមអតីតយុទ្ធជនហើយ ដែលមានអាយុកាល ១៨ឆ្នាំ។ ប៉ុន្តែ និវត្តជនដែលជាមន្រ្តីរាជការស៊ីវិលទៅនៅឯណា? ស្ថានភាពនេះ ហាក់ដូចជាកម្សត់ពេកហើយសម្រាប់មន្រ្តីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្រោយពេលចូលនិវត្តន៍។ ដូច្នេះការរៀបចំឲ្យមានការបញ្ចូលគ្នានូវក្របខ័ណ្ឌនៃអតីតយុទ្ធជននិងនិវត្តជន មកនៅក្រោមដំបូលតែមួយជារឿងល្អ ដោយបង្ហាញអំពីការយកចិត្តទុកដាក់ និងការចូលរួមជាបន្តទៀតរបស់អតីតយុទ្ធជន និងនិវត្តជនដើម្បីធ្វើដំណើររួមគ្នា។
(៣) និវត្តជនជាមន្រ្តីរាជការស៊ីវិលនឹងក្លាយជាសមាជិកសមាគមអតីតយុទ្ធជននិងនិវត្តជន
ខ្ញុំលើកឧទាហរណ៍។ នៅកន្លែងខ្លះ ពេលបុណ្យទានម្ដងៗ អតីតយុទ្ធជនត្រូវបានអញ្ជើញឲ្យចូលរួម ប៉ុន្តែ មន្រ្តីរាជការស៊ីវិល(ដែលចូលនិវត្តន៍) មិនត្រូវបានអញ្ជើញឲ្យចូលរួមទេ។ ប៉ុន្តែ ជាសំណាងល្អ រយៈពេលកន្លងទៅនេះ ក្រសួង-ស្ថាប័ននីមួយៗ តែងអញ្ជើញអតីតមន្ត្រីរាជការមកចូលរួមដែរ។ ពេលក្រោយ នៅក្រោមដំបូលនេះ ដោយមានលក្ខខន្តិកៈត្រឹមត្រូវ យើងកាន់តែប្រមូលផ្ដុំកម្លាំង ទាំងអតីតយុទ្ធជន និងនិវត្តជនមកនៅក្រោមដំបូលសមាគមនេះ។ (នៅ)ខាងមុខ ខ្ញុំនឹងធ្វើការណែនាំពេលបិទបញ្ចប់ថា … យើងនឹងរៀបចំសមាគមអតីតយុទ្ធជននិងនិវត្តជននៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយពីយើង នៅពេលដែលគាត់បានប្រឹងប្រែងស្ទើរតែមួយជីវិត(របស់ខ្លួន) … នេះជាការបញ្ជូនសារជាក់លាក់មួយ ទៅកាន់និវត្តជនទាំងអស់ជាមន្រ្តីរាជការស៊ីវិលនៅគ្រប់ផ្នែកគ្រប់ថ្នាក់ រាប់ទាំងគ្រូពេទ្យនិងគ្រូបង្រៀន ឲ្យបានឃើញពីការដែលខ្លួននឹងត្រូវក្លាយជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជននៅពេលក្រោយ។
[បញ្ចប់សេចក្ដីអធិប្បាយទី ២]
ទន្ទឹមនេះ ខ្ញុំក៏សូមដាក់ឆ្លងអង្គមហាសន្និបាតនូវសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផល ការងារ ១០ ឆ្នាំ (២០១៥-២០២៥) និង ទិសដៅអនុវត្តបន្តរបស់សមាគម និង សេចក្តីព្រាងសេចក្តី សម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសផង ដែរ។
ខ្ញុំទន្ទឹងរង់ចាំនូវការផ្លាស់ប្តូរទស្សនៈមតិយោបល់ យ៉ាងសកម្ម និង ផុសផុលរបស់សមាជិក សមាជិកានៃអង្គមហាសន្និបាតរបស់យើង ។
[សេចក្ដីអធិប្បាយទី ៣]
ខ្ញុំក៏សូមបញ្ជាក់ថា ដោយសារតែពេលវេលា និងកិច្ចការមមាញឹកដូចបានបញ្ជាក់ពីខាងលើ គឺយើងមិនអាចបើកមហាសន្និបាតធំ ដោយអញ្ជើញមេបញ្ជាការភូមិភាគ មេបញ្ជាការកងពល នៅទីកន្លែងដែលមានការរវល់មកជួបជុំគ្នាបានទេ។ យើងក៏មិនអាចអូសពេលវេលាឲ្យលើសពីមួយព្រឹកនេះបានដែរ។ អញ្ចឹង ការពិភាក្សារបស់យើងក៏មានកំរិត តែយ៉ាងហោចណាស់ យើងបានឆ្លងពង្រាងលក្ខន្ដិកៈនោះទៅដល់សមាជិក សមាជិកានៃអ្នកចូលរួមផងដែរ។ ខ្ញុំអរគុណសំរាប់ការចូលរួម និងប្រកាសបើកមហាសន្និបាតចាប់ពីពេលនេះតទៅ៕
[បញ្ចប់សេចក្ដីអធិប្បាយទី ៣]