សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធមជ្ឈមណ្ឌលកំសាន្ត ព្រីនស៍ ម៉ាណ័រ (Prince Manor), កៀនស្វាយ, កណ្ដាល

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ជាមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិដំបូងនៅកម្ពុជា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នូវមជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” ដែលស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ហៅកាត់ថា “ព្រីនស៍” ដែលមានរហូតទៅដល់ ៣០ ក្រុមហ៊ុនឯណោះ។ ការសម្ពោធរបស់យើងនេះ ធ្វើឡើងនៅក្រោមតំណក់ទឹកភ្លៀង ដែលវាជាទម្លាប់ធម្មតានៅរដូវវស្សារបស់កម្ពុជា បើទោះបីថា យើងមានលំបាកបន្តិចនៅក្នុងពិធីសម្ពោធក្រោមតំណក់ទឹកភ្លៀង ក៏ប៉ុន្តែ កសិកររបស់យើងនៅទូទាំងប្រទេសនឹងទទួលពីទឹកភ្លៀងនេះឯង នៅក្នុងវិស័យកសិកម្ម។ បើទោះបីជាភ្លៀងធ្លាក់ ក៏យើងមិនបានលើកពេលវេលានៃការសម្ពោធនេះទេ យើងមានមធ្យោបាយ ដើម្បីនឹងធ្វើពិធីសម្ពោធនៅថ្ងៃនេះ ដើម្បីដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលមួយ ដែលមានទំហំទឹកប្រាក់រហូតទៅដល់ ៨៦ លានដុល្លារ សហរដ្ឋអាមេរិក។ បើនិយាយទាក់ទិននឹងបញ្ហាមួយចំនួន គឺវាជាលំដាប់អន្តរជាតិលើកដំបូងនៅក្នុងប្រទេសរបស់យើងផងដែរ។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានការទាក់ទាញ ទាំងភ្ញៀវជាតិ/អន្តរជាតិ ខ្ញុំពិតជាមានការកោតសរសើរជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ព្រីនស៍ ដែលមានអ្នកឧកញ៉ា ជិនស៊ី ជាអគ្គនាយកនៅក្នុងដំណើរការដឹកនាំ ក្នុងការវិនិយោគនៅកម្ពុជា ដែលមានទំហំទឹកប្រាក់រាប់ពាន់ លានដុល្លារសហរដ្ឋអាមេរិក រួចទៅហើយៗ ក៏បានចំណាយទឹកប្រាក់រហូតទៅដល់ជាង ៨៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងនូវមជ្ឈមណ្ឌលមួយនេះ។ អម្បាញ់មិញ លោកនាយក…

បើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនឤស៊ានលើកទី ១៩

សម្តេចឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិក សមាជិកា អង្គមហាសន្និបាតជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមនៅក្នុង ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនឤស៊ានលើកទី ១៩ ដែលប្រារព្វឡើងយ៉ាងអធិកអធម នាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សហព័ន្ធអតីតយុទ្ធជនឤស៊ាន ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន នៃបណ្តាប្រទេសជាសមាជិកសហព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និ​បាតដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធអតីតយុទ្ធជនឤស៊ាន ដែលបានរួមគ្នា បំពេញការងារយ៉ាងសកម្មធ្វើឱ្យមហាសន្និបាតប្រព្រឹត្តទៅប្រកបដោយខ្លឹមសារ និងរបៀបវារៈ ស្របតាមគោលដៅជាឤទិភាពរបស់ខ្លួន​។ ថ្ងៃនេះ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនសហព័ន្ធអតីតយុទ្ធជនឤស៊ាន ស្របតាមសកម្មភាពការងារ និងគោលបំណងដែលបានគ្រោងទុក តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នកតំណាងមកពីបណ្តាប្រទេសសមាជិកសហព័ន្ធអតីតយុទ្ធជនឤស៊ាន ចំពោះវិស័យអតីតយុទ្ធជន ដែលប្រទេសសមាជិកឤស៊ានទទួលស្គាល់ថា ជាផ្នែកមួយនៃកិច្ចការមនុស្សធម៌ឤស៊ាន ទាំងបច្ចុប្បន្ន និងអនាគត។ ជាការពិត ប្រវត្តិអតីតយុទ្ធជន ដែលបានឆ្លងកាត់សង្គ្រាម ពិតជាមានភាពស្រដៀងគ្នានៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ក្នុងន័យនេះ ក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុភូមិរបស់ខ្លួន គឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិកាស្នេហាជាតិរបស់ខ្លួន ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។ ជាក់ស្តែង អតីតយុទ្ធជនដោយសារសង្គ្រាមនៅកម្ពុជា បានឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រាមជាបន្តបន្ទាប់ និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥-១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើន ដែលកម្ពុជាត្រូវដោះស្រាយ ទាំងផ្នែកសេដ្ឋកិច្ចសង្គម នយោបាយ និងការទូត ជាពិសេស ការតស៊ូជាមួយនឹងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាបន្តបន្ទាប់នៅក្នុងប្រទេស។…

សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ខួបលើកទី ១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

– សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ – បងប្អូនអតីតយុទ្ធជនទាំងអស់ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុង ពិធីអបអរសាទរគម្រប់ខួបលើកទី ១១ ទិវាអតីតយុទ្ធជន កម្ពុជា (២១ មិថុនា) ដែលបានរៀបចំឡើងនាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលមកពីបណ្តារាជធានី-ខេត្ត សរុបចំនួនប្រមាណជាង ​៣ ២០០ នាក់​ ដែលបានមកចូលរួមក្នុងពិធីនាថ្ងៃនេះ។ ការប្រារព្ធទិវានេះ ក្នុងស្មារតីសំដែងការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល, វីរយុទ្ធជន, យុទ្ធនារី, ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលិកម្មបូជាសាច់ស្រស់, ឈាមស្រស់ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្តាប់ដៃ នៃរបប ប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមលំឱនកាយ, គោរពចំញេះវិញ្ញាណក្ខ័ន្ធបងប្អូន វីរយុទ្ធជន, វីរយុទ្ធនារីកម្ពុជា ដែលបានធ្វើមហាពលិកម្ម ដើម្បីបុព្វហេតុការពារជាតិមាតុភូមិជាទីស្នេហានៃយើង។ ខ្ញុំក៏សូមផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជន ព្រមទាំងកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនៅទូទាំងប្រទេស និងដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្នុងក្របខណ្ឌប្រតិបត្តិការ នៃអង្គការសហប្រជាជាតិ។ កម្ពុជាធ្លាប់បានហែលឆ្លងកាត់នូវដំណាក់កាលដ៏ជូរចត់ និងផ្លាស់ប្តូរជាប្រវត្តិសាស្ត្រជាច្រើនលើក ដែលប្រជាជន កម្ពុជាមិនឤចបំភ្លេចបាន។ គិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ដែលដឹកនាំដោយ លន់ នល់ ឃុបឃិតជាមួយបរទេស បានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម បង្កមហាវិនាសកម្មទាំងជីវិតមនុស្ស, សត្វ, ទ្រព្យសម្បត្តិជាតិ ទាំងធម្មជាតិពុំឤចគណនាបាន។…