បើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនឤស៊ានលើកទី ១៩

សម្តេចឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិក សមាជិកា អង្គមហាសន្និបាតជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមនៅក្នុង ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនឤស៊ានលើកទី ១៩ ដែលប្រារព្វឡើងយ៉ាងអធិកអធម នាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សហព័ន្ធអតីតយុទ្ធជនឤស៊ាន ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន នៃបណ្តាប្រទេសជាសមាជិកសហព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និ​បាតដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធអតីតយុទ្ធជនឤស៊ាន ដែលបានរួមគ្នា បំពេញការងារយ៉ាងសកម្មធ្វើឱ្យមហាសន្និបាតប្រព្រឹត្តទៅប្រកបដោយខ្លឹមសារ និងរបៀបវារៈ ស្របតាមគោលដៅជាឤទិភាពរបស់ខ្លួន​។ ថ្ងៃនេះ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនសហព័ន្ធអតីតយុទ្ធជនឤស៊ាន ស្របតាមសកម្មភាពការងារ និងគោលបំណងដែលបានគ្រោងទុក តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នកតំណាងមកពីបណ្តាប្រទេសសមាជិកសហព័ន្ធអតីតយុទ្ធជនឤស៊ាន ចំពោះវិស័យអតីតយុទ្ធជន ដែលប្រទេសសមាជិកឤស៊ានទទួលស្គាល់ថា ជាផ្នែកមួយនៃកិច្ចការមនុស្សធម៌ឤស៊ាន ទាំងបច្ចុប្បន្ន និងអនាគត។ ជាការពិត ប្រវត្តិអតីតយុទ្ធជន ដែលបានឆ្លងកាត់សង្គ្រាម ពិតជាមានភាពស្រដៀងគ្នានៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ក្នុងន័យនេះ ក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុភូមិរបស់ខ្លួន គឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិកាស្នេហាជាតិរបស់ខ្លួន ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។ ជាក់ស្តែង អតីតយុទ្ធជនដោយសារសង្គ្រាមនៅកម្ពុជា បានឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រាមជាបន្តបន្ទាប់ និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥-១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើន ដែលកម្ពុជាត្រូវដោះស្រាយ ទាំងផ្នែកសេដ្ឋកិច្ចសង្គម នយោបាយ និងការទូត ជាពិសេស ការតស៊ូជាមួយនឹងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាបន្តបន្ទាប់នៅក្នុងប្រទេស។…