សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនអតីតយុទ្ធជន ជាទីស្នេហា!
[ផ្ដើមសេចក្ដីអធិប្បាយ១]
ថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន និងការចូលរួមយ៉ាងសកម្មរបស់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា នៃអង្គមហាសន្និបាតដែលបានចែករំលែកនូវទស្សនៈ [ក្នុងមហាសន្និបាត «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ហៅកាត់ថា «អ.ន.ក.»]
ពិតមែនតែយើងមិនបានពិភាក្សាគ្នាច្រើន ប៉ុន្តែ តាមរយៈរបាយការណ៍របស់ឯកឧត្ដម គន់ គីម មានចរិតជារបាយការណ៍ផង និងជាការពិភាក្សាផង បន្ថែមទៅដោយមតិរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលធ្វើឲ្យអង្គប្រជុំយើងបង្ហាញពីការឯកភាពទៅលើទស្សនៈទាំងនោះ។
[ចប់សេចក្ដីអធិប្បាយ១]
ថ្ងៃនេះ មហាសន្និបាតបានពិភាក្សាយ៉ាងផុលផុស និងសម្រេចអនុម័តលើរបាយការណ៍ បូកសរុបលទ្ធផលការងារ ១០ ឆ្នាំ និងទិសដៅអនុវត្តបន្ត និងលក្ខន្តិកៈថ្មីរបស់សមាគម ព្រមទាំងសេចក្តីសម្រេចចិត្តមហាសន្និបាត។ ក្នុង ន័យនេះ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះ របស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ដែលហៅកាត់ថា «អ.ន.ក.» ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម។ ខ្ញុំមានសុទិដ្ឋិនិយមថា លទ្ធផលនៃមហាសន្និបាតនេះ ក៏ដូចជាទស្សនៈដ៏មានអត្ថន័យជាច្រើនដែលបានចែករំលែកនៅថ្ងៃនេះ នឹងលើកទឹកចិត្តឱ្យអតីតយុទ្ធជន និវត្តជន និងគ្រួសារ កាន់តែចូលរួមសកម្ម ថែមទៀត ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ នាពេលអនាគត។
ជាមួយលក្ខន្តិកៈថ្មីរបស់សមាគម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងបងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្តឱ្យខ្ញុំធ្វើជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាជារៀងរហូត។ ការណ៍នេះគឺជាការជំរុញទឹកចិត្តដល់ខ្ញុំឱ្យកាន់តែមានថាមពល មានឆន្ទៈខ្ពស់ ក្នុងការចូលរួមលើកស្ទួយ ជីវភាពអតីតយុទ្ធជន និវត្តជន និងគ្រួសារ ទាំងស្មារតី និងសម្ភារៈ: ក៏ដូចជាការការពារភាពសុខដុមរមនាក្នុងសង្គមកម្ពុជា ប្រកបដោយភាពជឿជាក់ និងប្រាកដនិយម។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ខ្ញុំសូមអរគុណចំពោះការផ្ដល់ជំនឿទុកចិត្ត ឲ្យខ្ញុំធ្វើជាប្រធាន(សមាគម) បានន័យថា ធ្វើប្រធានអស់មួយជីវិត។ ប៉ុន្តែ សូមនិយាយឲ្យហើយ កាលណាតែខ្ញុំធ្វើការលែងបាន (វាយកូនគោលលែងបាន) បើទោះបីថា ខ្ញុំមិនត្រូវចេញពីតំណែង ក៏សូមអនុប្រធានទី១ ចូលកាន់តំណែង(បន្ត)តែម្ដង។ មិនអាចថាធ្វើការមិនបានហើយ នៅបន្តធ្វើជាប្រធាននោះទេ។ តែខ្ញុំស្ម័គ្រចិត្តនឹងទទួល តែសុំនិយាយបញ្ជាក់សាឡើងវិញឲ្យហើយថា ពេលខ្ញុំធ្វើការលែងកើត សូមដកខ្ញុំចេញ ឬ(ផ្តល់លទ្ធភាពជូន)អនុប្រធានទី១ ចូលកាន់(តំណែង)ជាប្រធាន។
[ចប់សេចក្ដីអធិប្បាយ២]
អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ មានរាជរដ្ឋាភិបាល ជាពិសេស មាន គណបក្សប្រជាជនដែលតែងតែយកចិត្តទុកដាក់។ រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល និងគ្រួសារ ឱ្យប្រកបដោយសុខដុមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍ កិច្ចការទាំងនោះរួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់ដីសម្បទានសង្គមកិច្ច ការជួយសាងសង់លំនៅដ្ឋាន ការជួយដោះស្រាយជីវភាពចំពោះយោធិនរំសាយ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមគ្រួសារ ដើម្បីឱ្យពួកគេមានធនធាន ដីធ្លី លំនៅដ្ឋាន សម្រាប់ប្រកបរបរផ្សេងៗ។
ជាក់ស្តែង រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាអតីតយុទ្ធជនកម្ពុជា» […]
[ផ្ដើមសេចក្ដីអធិប្បាយ៣]
ពេលនេះ តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានផ្ទេរពីថ្ងៃទី២១ មិថុនា មកកាន់ថ្ងៃទី១២ ឧសភា។ ខ្ញុំសូមអរគុណចំពោះការកែប្រែកាលបរិច្ឆេទនេះ។ ខ្ញុំគួរតែបញ្ជាក់ថា (កាលបរិច្ឆេទនេះ)ជាថ្ងៃចាប់ផ្ដើមកសាងកម្លាំងប្រដាប់អាវុធ “សាមគ្គីសង្រ្គោះជាតិកម្ពុជា” ហើយក៏ជាថ្ងៃកកើតនូវអង្គភាពដំបូង ដែលហៅថា ១២៥។ ១២៥ មានន័យថា(បង្កើតនៅថ្ងៃទី) ១២ ខែ៥។ នេះគឺជារបៀបដាក់លេខអង្គភាពទ័ពកាលពីពេលនោះ។ បើបង្កើតនៅថ្ងៃទី១២ ខែ៥ អញ្ចឹងយើងដាក់ ១២៥។ បន្ទាប់ទៅ យើងទៅបង្កើតកងវរសេនាតូចដាក់កងវរសេនាតូច ២៤៦ គឺនៅថ្ងៃទី២៤ ខែ៦ … ខ្ញុំសូមអរគុណចំពោះការសម្រេចចិត្តយកថ្ងៃទី ១២ ខែឧសភា (អនុក្រឹត្យរបស់រាជរដ្ឋាភិបាល) ដែលខ្ញុំគឺជាមេបញ្ជាការ ជាអ្នកបង្កើតកងកម្លាំងប្រដាប់អាវុធ “សាមគ្គីសង្រ្គោះជាតិ” នេះឡើង។ ចាប់ផ្ដើមពីអង្គភាព ១២៥ គឺនៅថ្ងៃទី១២ ខែឧសភានេះហើយ ដែលនាយករដ្ឋមន្រ្តី/រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យទទួលយកថ្ងៃនោះ ធ្វើជា “ទិវាអតីតយុទ្ធជន”។
[ចប់សេចក្ដីអធិប្បាយ៣]
[…] បង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងស្ថិតិអតីតយុទ្ធជន ឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់របបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជន ព្រមទាំងសម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គមនេះ តាមរយៈការបើកផ្តល់របបសន្តិសុខសង្គមមួយខែពីរដង ការដកប្រាក់តាមប្រព័ន្ធ ATM របស់ធនាគារនៅតាមរាជធានីខេត្តទាំង ២៥ និងការដំឡើង របបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជនរហូតដល់កម្រិតទាបបំផុតចំនួន ៨៤៥ ០០០ រៀល ជាដើម។ ផ្អែកតាមរបាយការណ៍បច្ចុប្បន្នភាពដែលបានដកស្រង់ចេញពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងស្ថិតិអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល បច្ចុប្បន្ន អតីតយុទ្ធជនសរុបមានចំនួន ១១៦ ៥០០ នាក់ និងអ្នកនៅក្នុងបន្ទុកសរុបមានចំនួន ១៥៨ ៦១៨ នាក់ ដែលកំពុងទទួលរបបសន្តិសុខសង្គមប្រចាំខែពីរាជរដ្ឋាភិបាល ដោយត្រូវចំណាយថវិកាជាតិសរុបប្រមាណជាង ១ ពាន់ពាន់លានរៀលក្នុងមួយឆ្នាំ និងអតីតមន្ត្រីរាជការស៊ីវិលសរុបមានចំនួន ៥៦ ៧៧៩ នាក់ និងអ្នកនៅក្នុងបន្ទុកសរុបចំនួន ៤៦ ៦៤៨ នាក់ ដោយត្រូវចំណាយថវិកាជាតិសរុបប្រមាណជិត ៦៤០ ពាន់លានរៀលក្នុងមួយឆ្នាំ។
ទន្ទឹមនេះ គិតចាប់ពីខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដំឡើងរបបសន្តិសុខសង្គម ប្រចាំខែជូនអតីតយុទ្ធជន (និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ) និងអតីតមន្ត្រីរាជការស៊ីវិល (និវត្តជននិងជនបាត់បង់សម្បទាវិជ្ជាជីវៈ) ដល់កម្រិតទាបបំផុតចំនួន ៨៤៥ ០០០រៀលក្នុងមួយខែ។ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលក៏បានផ្តល់របបឧបត្ថម្ភ ប្រចាំខែជូនដល់គ្រួសារសពអតីតយុទ្ធជន រួមមានឪពុកម្តាយ ឬអាណាព្យាបាល ប្តីឬប្រពន្ធ កូន និងគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិល រួមមានប្រពន្ធនិងកូន ក្នុងម្នាក់ចំនួន ៣ម៉ឺនរៀល ក្នុងមួយខែ។ ជាមួយនេះ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥ម៉ឺនរៀល និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចំនួន ៥ម៉ឺនរៀលជូនដល់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលផងដែរ។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនថ្នាក់ដឹកនាំនៃសមាគមឲ្យបានជ្រាបថា តាមការបញ្ជាក់ពីឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន (មកថា) នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានយល់ព្រមបង្កើនថវិកាពី ៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅដល់ ៨ពាន់លានរៀលក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦នេះទៅ។ ឆ្នាំនេះបានកន្លងផុត តែចាប់ពីឆ្នាំក្រោយទៅគឺចាប់បង្កើន ៤ពាន់លានរៀលទៀត គឺកើនពី ៤ពាន់លានទៅកាន់ ៨ពាន់លានរៀល ដែលនឹងធ្វើឲ្យថ្នាក់ដឹកនាំនៃអតីតយុទ្ធជន ជាពិសេស ឯកឧត្ដម គន់ គីម កាត់បន្ថយនូវការលំបាក។ សូមអរគុណចំពោះសម្ដេចនាយករដ្ឋមន្រ្តី។ បើកូនឯងមិនព្រមឲ្យ ស្មើនឹងកូនអត់ពូជ។ កាលពីឪវាប្រឹងណាស់ដើម្បីដោះស្រាយបញ្ហាហ្នឹង … សុំនិយាយលេងបន្តិចចុះ។
[ចប់សេចក្ដីអធិប្បាយ៤]
លើសពីនេះ រាជរដ្ឋាភិបាលបានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងស្ថិតិ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃការគ្រប់គ្រង និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ តាមរយៈធនាគារដៃគូនៅទូទាំងរាជធានីខេត្ត រាជរដ្ឋាភិបាលក៏បានផ្តល់បណ្ណថែទាំសុខភាព «ប.ស.ស. ជូនអតីតយុទ្ធជន (និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ) អតីតមន្ត្រីរាជការស៊ីវិល (និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ) និងបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលីមរណៈជាអតីត យុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដែលបានចុះកិច្ចសន្យា ជាមួយ «ប.ស.ស.» ដោយមិនបង់ប្រាក់។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
មុននឹងបន្ដទៅដល់ការណែនាំ ខ្ញុំសូមយកឱកាសនេះ អរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ដែលបានយកចិត្តទុកដាក់(ដល់)គំនិតផ្ដួចផ្ដើមរបស់ខ្ញុំ តាំងពីនីតិកាលទី៥ គឺការដោះស្រាយបញ្ហាអ្នកចូលនិវត្ដន៍មុន និងអ្នកចូលនិវត្ដន៍ក្រោយ។ រឿងនេះ មិនតូចតាចទេ ប្រសិនបើពេលនោះយើងមិនបានដោះស្រាយ។ ដោយសារអ្វី? ដំបូង ប្រាក់ខែរបស់កងទ័ពយើងតិចណាស់។ ឧទាហរណ៍ ប្រាក់ខែត្រឹមតែ ៥០ម៉ឺនរៀល។ នៅពេលដែលចូលនិវត្ដន៍ ប្រាក់ខែនឹងត្រូវកាត់បន្ថយ។ ក្រោយមក អ្នកចូលនិវត្ដថ្មីដែលមានប្រាក់ខែ ១លានរៀល ឬលើស ដល់ពេលចូលនិវត្ដន៍ ប្រាក់ខែនៅខ្ពស់។ គម្លាតរវាងអ្នកចូលនិវត្ដន៍មុនត្រឹម ៣០ម៉ឺន ឬ ៤០ម៉ឺន ឯអ្នកចូលនិវត្ដន៍ក្រោយគឺរហូតដល់ ៨០ម៉ឺន គឺខុសគ្នាខ្លាំងណាស់។ អញ្ចឹង ពេលនោះគឺយើងស្រវាស្រទេញឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដោះកិច្ចការងារនេះ។
យើងរុញបៀវត្សអ្នកចូលនិវត្ដមុនឲ្យកើនរហូតដល់ជាង ៨៤ម៉ឺនរៀល។ នេះក៏ជាចំណែកមួយនៃការកាត់បន្ថយគម្លាតរវាងអ្នកចូលនិវត្ដន៍មុននិងក្រោយ។ រឿងនេះ ត្រូវបានបិទភ្ជិតគម្លាតនេះរួចហើយ។ យើងនឹងបន្ដតាមដានលើកិច្ចការនេះបន្ដទៅទៀត ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលសង្ឃឹមថា គម្លាតនេះនឹងមិនត្រូវកើតមានរវាងអ្នក(ចូលនិវត្ដន៍)មុន និងក្រោយ។ នៅពេលខាងមុខ មានការបង្កើន ប៉ុន្ដែជាធម្មតាបង្កើនទាំងអ្នកនិវត្ដជនដែរ។ បានទាំងអស់គ្នា។ ដូច្នេះ កម្រិតនេះយើងមិនចោទជាបញ្ហាទៀតទេ ទាំងមន្ដ្រីរាជការស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ។ ដែលខ្ញុំប្រើពាក្យ “កងកម្លាំងប្រដាប់អាវុធ” គឺសំដៅគ្របដណ្ដប់កងទ័ព នគរបាល និងអាវុធហត្ថ …។
[ចប់សេចក្ដីអធិប្បាយ៥]
ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងសុខដុមរមនាក្នុងសង្គម របស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងការបើកផ្តល់ប្រាក់ របបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ឱ្យបានទាន់ពេលវេលា និងទៀងទាត់ តាមការកំណត់របស់ រាជរដ្ឋាភិបាល។
[ផ្ដើមសេចក្ដីអធិប្បាយ៦]
ខ្ញុំគិតថា យើងមិនមានកង្វល់នឹងបញ្ហានេះទៀតទេ ដោយសារការបើកផ្ដល់របស់យើង មានប្រព័ន្ធធនាគារគ្របដណ្ដប់នៅគ្រប់ទីកន្លែងទាំងអស់ ហើយយើងមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីផ្ដល់ គឺរហូតទៅដល់បើកផ្ដល់ជូនមន្រ្តីរាជការរបស់យើងក្នុងមួយខែ ២ដងថែមទៀត។ គ្រាន់តែរំព្ញកថា សុំឲ្យមានការប្រុងប្រយ័ត្នជាមួយពេលវេលាដែលប្រាក់បានទៅដល់។ ដែលអតីតយុទ្ធជន និងនិវត្តជនទទួលបើក គឺត្រូវតែមានសាច់ប្រាក់នៅទីនោះហើយស្រេច។ ត្រូវតាមដាន ត្រួតពិនិត្យបណ្ដាញដែលយើងបញ្ជូនទៅកាន់គ្រប់ទីកន្លែង តើសាច់ប្រាក់បានរំហូរទៅដល់តម្រូវការដែលត្រូវបើកឬនៅ ដើម្បីចៀសវាងការដែលគេត្រូវទៅបើក អត់មានសាច់ប្រាក់នៅតាមចរន្តធនាគារទាំងនោះ។
[ចប់សេចក្ដីអធិប្បាយ៦]
ទី២. ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និងគ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗឱ្យបានពិតប្រាកដ មុននឹងផ្ទេរមកក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រប់គ្រងបន្ត។
[ផ្ដើមសេចក្ដីអធិប្បាយ៧]
ការនិយាយពាក្យថា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ គឺដូចជាការចង្អុលការបញ្ជា ដែលខុសពីកាលពីមុន ដែលខ្ញុំជានាយករដ្ឋមន្រ្តីផង ជាប្រធានអតីតយុទ្ធជនផង ក៏នៅតែប្រើពាក្យសម្ដីនេះ។ ប៉ុន្តែ អ្នកទាំងអស់គ្នាកុំភ្លេចថា ថ្ងៃនេះ ខ្ញុំមានមុខនាទីជាប្រមុខរដ្ឋស្ដីទី ដូច្នេះ ខ្ញុំអាចប្រើភាសានេះបានក្នុងពេលវេលានេះ។
[ចប់សេចក្ដីអធិប្បាយ៧]
ទី៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូនអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងបន្តប្រមូល និងគ្រប់គ្រងទិន្នន័យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្តែង របស់អតីតយុទ្ធជន និងគ្រួសារដែលក្រីក្រលំបាក ដើម្បីបង្កលក្ខណៈឱ្យគ្រួសារទាំងនោះ ទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី មធ្យម និងវែង ការផ្តល់អាហារូបករណ៍ដល់កូនរបស់អតីតយុទ្ធជន ការផ្តល់ឥណទានខ្នាតតូច ការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ជួយសម្រួល និងកែលម្អជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ។
[ផ្ដើមសេចក្ដីអធិប្បាយ៨]
ត្រង់ចំណុចទី៣នេះ សូមស្នើគ្រប់តួអង្គពាក់ព័ន្ធ យកចិត្តទុកដាក់បង្កលក្ខណៈដោះស្រាយបញ្ហារយៈពេលវែង។ យើងមិនគ្រាន់តែយកចិត្តទុកដាក់លើអ្វីដែលជាតម្រូវការនៃអតីតយុទ្ធជនដែលនៅរស់ពេលនេះទេ តែអ្វីដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់នោះ គឺការដោះស្រាយបណ្ដុះបណ្ដាលកូនចៅរបស់ពួកគាត់ ដើម្បីការបន្តវេនពួកគាត់ កុំឲ្យអត់ពីឪពុកម្ដាយទៅ កូនចៅរបស់ពួកគាត់ជួបការលំបាក។ ដូច្នេះ ការផ្ដល់អាហារូបករណ៍ ការបណ្ដុះបណ្ដាលសម្រាប់អ្នកទាំងនេះគឺជារឿងសំខាន់។
ការដោះស្រាយសម្រាប់ជីវភាពរបស់ពួកគាត់ ដូចជាការកសាងផ្ទះសម្បែងនៅពេលនេះវាសំខាន់ហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតគឺបណ្ដុះបណ្ដាលកូនចៅរបស់គាត់ឲ្យទៅជាអ្នកមានចំណេះដឹង ទើបយើងដោះស្រាយបញ្ហារយៈពេលវែង ដើម្បីកុំឲ្យឃើញថា កូនអតីតទាហាន/នគរបាល/មន្រ្តីរាជការស៊ីវិល បន្ទាប់ពីអស់ពីឪពុកម្ដាយ ធ្លាក់ខ្លួនក្នុងស្ថានភាពក្រីក្រ។ រឿងនេះមិនមែនជារឿងល្អទេ។ វាជារឿងទូទៅមែន ប៉ុន្តែត្រូវការផ្ដោតការយកចិត្តទុកដាក់ក្នុងមុខសញ្ញាដែលយើងត្រូវដោះស្រាយនេះ។
[ចប់សេចក្ដីអធិប្បាយ៨]
ទី៤. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្តពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ដែលក្រីក្រពិតប្រាកដ។
[ផ្ដើមសេចក្ដីអធិប្បាយ៩]
ចំណុចនេះ យើងបានដោះស្រាយតាមដំណាក់ៗ រួចហើយ។ កាលពីមុននេះ យើងបានកំណត់ចាប់តាំងពីឆ្នាំ២០១២មក។ យើងមិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនណាទៀតទេ។ យើងដាក់ moratoire តាំងពីពេលនោះ។ យើងនឹងបន្តដាក់ថា យើងមិនផ្ដល់ដីធ្លីសម្រាប់ក្រុមហ៊ុនណាបន្តទៀតទេ។ ឯដីធ្លីដែលយើងបានដកហូតមក ខ្ញុំបានណែនាំជាបន្តបន្ទាប់ ឲ្យរក្សាទុកដីធ្លីនោះជាដីធ្លីសម្រាប់ផ្ដល់សម្បទានសង្គមកិច្ចជូនអ្នកខ្វះដី ដែលក្នុងនោះមួយភាគក៏បានផ្ដល់សម្រាប់អតីតយុទ្ធជនរបស់យើងផងដែរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ត្រូវបន្តគ្រប់គ្រងដីធ្លីនេះឲ្យបានហ្មត់ចត់ ដើម្បីផ្ដល់ជូនអតីតយុទ្ធជន សម្រាប់អ្នកដែលខ្វះដីពិតប្រាកដ។ បើនិយាយពី(បាន)ឲ្យមួយកន្លែង (រួច)ល ក់ហើយទៅរកមួយកន្លែងទៀតគឺ អត់(អនុញ្ញាត)ទេ។ ត្រូវធ្វើឲ្យច្បាស់លើរឿងនេះ។
[ចប់សេចក្ដីអធិប្បាយ៩]
ទី៥. សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានស្នាដៃ និងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍។ ខ្ញុំសម្គាល់ឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារអតីតយុទ្ធជន និងនិវត្តជនខ្លួនឯង មានដីជាកម្មសិទ្ធិដែលជាបដិភាគ ចំណែកឯសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អាជ្ញាធរដែនដី សប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រជាថវិកា និងសម្ភារៈ។ ការណ៍នេះ គឺជាវប្បធម៌ចែករំលែកចំពោះអតីតយុទ្ធជន និងនិវត្តជន ធ្វើឱ្យជីវភាពអតីតយុទ្ធជន និងនិវត្តជន ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបន្តបន្ទាប់។
[ផ្ដើមសេចក្ដីអធិប្បាយ១០]
ក្នុងនាមខ្ញុំនិងភរិយា សូមប្រកាសនៅថ្ងៃនេះថា ខ្ញុំនឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នងក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ គឺបានសេចក្ដីថា ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣០ (អាណត្តិរបស់ខ្ញុំនឹងអស់នៅឆ្នាំ២០៣០)។ ដូច្នេះ ខ្ញុំប្រើពេលវេលា ៥ឆ្នាំ (ជួយសាងសង់)ដែលស្មើនឹង៥០០ខ្នង។ ថ្ងៃស្អែក ខ្ញុំនឹងបើកផ្ដល់សម្រាប់ ១០០ខ្នង។ ឆ្នាំក្រោយបើក ១០០ខ្នងតៗ គ្រប់៥ឆ្នាំ។ ដល់ឆ្នាំ២០៣០ ចាំខ្ញុំពិនិត្យមើលតទៅទៀត ថាខ្ញុំរស់ដល់ឆ្នាំ២០៣០ ឬទេ។ វាស្ថិតនៅលើកន្លែងនេះ។ បន្តពីនេះ ខ្ញុំសូមអានស្ថិតិអ្នកចូលរួមនៅថ្ងៃនេះ៖
សូមជូនជាដំណឹងទៅអ្នកដែលបានឃើញការផ្សាយបន្តផ្ទាល់នេះ ដើម្បី(អាច)ចូលរួមក្នុងសមាគមអតីតយុទ្ធជន។ ឥឡូវមាន ១៣ ៤៤០នាក់។ សូមចុចភ្ជាប់តាមតេឡេក្រាម។ ការពិតទៅធ្វើការងារបានច្រើន ក៏ប៉ុន្តែអត់ផ្សាយ។ មានកូន Facebook មួយ។ មើលទៅអត់មានឃើញសកម្មភាពអតីតយុទ្ធជន។ អញ្ចឹងទេ បានជាបង្កើតក្រុមការងារមួយឲ្យ ដោយយកពីខាងស្ថានីយទូរទស្សន៍បាយ័នមកខ្លះ យកពីខាងក្រុមព័ត៌មានរបស់ខ្ញុំមកខ្លះ បូកនឹងអតីតយុទ្ធជនខ្លះដើម្បីបង្កើត។ ឥឡូវឃើញការផ្សព្វផ្សាយបានល្អ បានហូរហែ។ ថ្ងៃនេះយើងបានចូលរួមផ្សាយផ្ទាល់។ សូម្បីតែបង្កើតបាន channel បានហើយ ក៏អត់ចេះលេង។ channel Telegram គេផ្សាយផ្ទាល់បាន … ក្បាលម៉ាស៊ីននេះ បង្កើតបានហើយតែនៅខ្សោយ។ គួរតែផ្សាយតាម channel Telegram។ ក្រុមនេះអត់ទាន់ចេះលេង។
Channel Telegram របស់ខ្ញុំ ពីមុនមានជាង ១លាននាក់។ ដោយសារព័ត៌មានរបស់ខ្ញុំចុះតិច ឥឡូវនៅសល់ជាង៧៧ម៉ឺននាក់។ (Channel Telegram) របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានជាង ៤៧ម៉ឺននាក់។ ពេលដែលទូរទស្សន៍ផ្សាយ គេកាច់បញ្ចូលមកទីនេះ។ ក្រុមនេះអត់ទាន់ចេះលេងទេ។ មានមធ្យោបាយ គួរណាស់តែពេលដែលសុន្ទរកថាផ្សាយផ្ទាល់របៀបនេះ កាច់ផ្សាយចូលមក។ តើមានក្រុមអ្នកដែលគេហៅថាព័ត៌មាននៃអតីតយុទ្ធជនចេះធ្វើឬអត់? ក្នុងហ្នឹងវាមានក្រុមព័ត៌មានរបស់ប្រធានព្រឹទ្ធសភា ដែលមិនទាន់ចេះធ្វើការ។ និយាយរួមអាចនិយាយបានថារៀបចំឲ្យហើយ បើមិនណែនាំ មិនចេះធ្វើទៀត និយាយឲ្យពិត។ មកពីស្ថានីយទូរទស្សន៍បាយ័ន ក៏វាមិនចេះ។ ក្រុមរបស់ខ្ញុំដែលវាធ្លាប់ផ្សាយ … ប៉ុន្តែចាំមើលក្នុង Telegram របស់ខ្ញុំវាផ្សាយផ្ទាល់ឬអត់? ផ្សាយ។ រួចខ្លួន …
បើកមើល Telegram របស់ ហ៊ុន ម៉ាណែត … ផ្សាយតែតាម Facebook។ វាចំឡែកម្ចាស់រឿង ដែលឲ្យមនុស្សមកច្រើនហើយ (មិនដឹងថា)ចេះធ្វើ ឬមិនចេះធ្វើ … បើមិនទាន់ចេះទៅរៀន … បើកផ្សាយទាំងអស់ គេមើលមួយណាក៏បាន ព្រោះជួនកាល Facebook ត្រូវការ WIFI ដែលមានល្បឿនលឿន។ អ្នកខ្លះគេកំពុងបើកឡាន គេអត់មានពេលមើលទេ គេមានពេលស្ដាប់។ ត្រូវចេះធ្វើអាហ្នឹង … សម័យនេះហើយ គេមើលតាមច្រកណាក៏បានដែរ។ គេមើលតាមហ្វេកប៊ុក គេមើលតាមស្អី … មើលហ្វេកប៊ុកខ្ញុំសិនថាផ្សាយ ឬអត់? តែ Telegram ផ្សាយហើយ (របស់ខ្ញុំមានផ្សាយ)។ បើកឡើងចំកន្លែងស្ដីឱ្យតែម្តង អាហ្នឹងថ្ងៃក្រោយឱ្យរាង។
ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជូនថា ក្រៅពីខ្ញុំ ១០០ខ្នង រយៈពេល ៥ឆ្នាំ (នៅមាន)៖
• សម្ដេចក្រឡាហោម ជួយ ២០ខ្នង
• សម្តេច ម៉ែន សំអន ជួយ ៣ខ្នង
• សម្តេច ឃួន សុដារី ជួយ ៥ខ្នង រយៈពេល ៥ឆ្នាំ
• ក្រុមហ៊ុន ជីប ម៉ុង ជួយ ១០០ខ្នង រយៈពេល ៣ឆ្នាំ ព្រោះបាន ២ឆ្នាំហើយ
• ក្រុមហ៊ុន វិញ ហួរ ជួយ ១០០ខ្នង រយៈពេល ៥ឆ្នាំ អរគុណណាស់។
បើសិនជាអត់ ក៏គង់បានប៉ុន្មាននាក់ដែលចេញប៉ុន្មាន/ឆ្នាំៗ។ គ្រាន់់តែ ៣នាក់នេះឡើងបាន ៣០០ខ្នងក្នុងមួយឆ្នាំ។ អញ្ចឹង ឆ្នាំណាក៏ជាឆ្នាំសាងសង់ដែរ ព្រោះមានអ្នកចូលនិវត្តន៍ជាបន្តបន្ទាប់។
• អ្នក ឧកញ៉ា ម៉ម វណ្ណឌី និងភរិយា ជួយ ១០ខ្នង រយៈពេល ៥ឆ្នាំ
• ឯកឧត្តម នេត សាវឿន ជួយ ៥ខ្នង រយៈពេល ៥ឆ្នាំ
• ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជួយ ៥ខ្នង រយៈពេល ៥ឆ្នាំ
• ឯកឧត្តម ជា សុផារ៉ា ជួយ ៥ខ្នង រយៈពេល ៥ឆ្នាំ
• ឯកឧត្តម សាយ សំអាល់ ទទួលខុសត្រូវសាងសង់ក្នុងខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ ដោយគ្មានការកំណត់ ឱ្យតែមានអតីតយុទ្ធជននៅទីនោះ គឺគាត់សាងសង់។ មិនត្រឹមតែ ៥ឆ្នាំទេ គាត់សាងសង់រហូតដល់ឈប់ពីការងារ។ និយាយរួម ឥឡូវទើបអាយុជាង ៤០ឆ្នាំទេ។ នៅ ៣០ឆ្នាំទៀត។ នៅបន្ត។
• ឯកឧត្តម ហង់ ជួនណារ៉ុន ជួយ ៣ខ្នង
• ឯកឧត្តម កើត រិទ្ធ ជួយ ៣ខ្នង
• ឯកឧត្តម សុខ ចិន្តាសោភា ជួយ ១ខ្នង
• ឯកឧត្តម ស សុខា ជួយ ២០ខ្នង
• ឯកឧត្តម ជីវ កេង ជួយ ៥ខ្នង
• ឯកឧត្តម ស ថេត ជួយ ១០ខ្នង
• ឯកឧត្តម វង្ស ពិសេន ជួយ ៥ខ្នង (…)
• ឯកឧត្តម ហ៊ុន ម៉ានី ជួយ ១០ខ្នង
• ឯកឧត្តម មាស សុភា ជួយ ២ខ្នង
• ឯកឧត្តម ប៉ុល សារឿន ជួយ ៥ខ្នង
• ឯកឧត្តម អ៊ិត សំហេង ជួយ ៣ខ្នង
• ឯកឧត្តម សំហេង បុរស ជួយ ៣ខ្នង
• ឯកឧត្តម អ៊ាង សុផល្លែត ជួយ ៤ខ្នង
• ឯកឧត្តម សៅ សុខា ជួយ ៦ខ្នង
• ឯកឧត្តម សុខា រ៉ានាថ ជួយ ៦ខ្នង
• ឯកឧត្តម ស៊ែ វុទ្ធី ជួយ ៦ខ្នង
• ឯកឧត្តម ជា សុមេធី ជួយ ៥ខ្នង
• ឯកឧត្តម សុខ សូកេន ជួយ ២ខ្នង
• ឯកឧត្តម ចាយ បូរិន ជួយ ២ខ្នង
• ឯកឧត្តម ហេង សួរ ជួយ ១ឆ្នាំ ៤ខ្នង រយៈពេល ៥ឆ្នាំ។
• ឯកឧត្តម ប៉េង ពោធិ៍នា ជួយ ៤ខ្នង
• ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ជួយ ២៥ខ្នង (ក្នុង២៥ខេត្ត/រាជធានី) ត្រង់យកទៅកសាងឯណា យើងអត់ដឹង?
• ឯកឧត្តម ប៉ោន ប៊ន ជួយ ២ខ្នង
• ឯកឧត្តម រ័ត្ន ចាន់ណា ជួយ ២ខ្នង
• មេបញ្ជាការខេត្តមណ្ឌលគិរី ជួយ ១ខ្នង
• មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល ជួយ ២ខ្នង
• មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង ជួយ ១ខ្នង
• មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ជួយ ១ខ្នង
• មេបញ្ជាការអាវុធហត្ថខេត្តតាកែវ ជួយ ១ខ្នង
• មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ជួយ ១ខ្នង
• មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ជួយ ១ខ្នង
• មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម ជួយ ១ខ្នង
• មេបញ្ជាការអាវុធហត្ថខេត្តកែប ជួយ ១ខ្នង
• មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ជួយ ២ខ្នង
• មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ ជួយ ១ខ្នង
• ឯកឧត្តម ឆាយ ឬទ្ធីសែន ជួយ ៤ខ្នង
• ឯកឧត្តម ឌិត ទីណា ជួយ ៤ខ្នង
• លោកជំទាវ សោម គឹមសួគ៌ ជួយ ២ខ្នង
• ឯកឧត្តម អ៊ុក រ៉ាប៊ុន ជួយ ២ខ្នង
• ឯកឧត្តម ថោ ជេដ្ឋា ជួយ ៤ខ្នង
• ឯកឧត្តម កែវ រតនៈ ជួយ ៤ខ្នង
• ឯកឧត្តម ប៊ិន ត្រឈៃ ជួយ ២ខ្នង
• លោកជំទាវ ភឿង សកុណា ជួយ ១ខ្នង
• លោកជំទាវ អ៊ឹង កន្ថាផាវី ជួយ ១ខ្នង
• ឯកឧត្តម ជួន រ៉ាថាវ៉ាត ជួយ ២ខ្នង
• ឯកឧត្តម ជា វ៉ាន់ដេត ជួយ ៤ខ្នង
• ឯកឧត្តម ម៉ឹង សំផន ជួយ ២ខ្នង
• ឯកឧត្តម ផារ៉ា មង្គល ជួយ ១ ខ្នង
• ឯកឧត្តម ចាយសាំងយុន ជួយ ១ ខ្នង
• ឯកឧត្តម សឹង សំណាង ជួយ ១ ខ្នង
• ឯកឧត្តម ម៉ៅ ច័ន្ទតារា ជួយ ១ ខ្នង
• ឯកឧត្តម ប្រាក់ សោភ័ណ ជួយ ២ ខ្នង
• ឯកឧត្តម អ៊ាវ ចំរើន ជួយ ២ ខ្នង
• ឯកឧត្តម ប៉េង ពោធិ៍សា ជួយ ២ ខ្នង
• មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ជួយ ១ ខ្នង (កំពង់ឆ្នាំង)
ឥឡូវនេះ យើងបាន ៥៤៥ ខ្នង។ ហ្នឹងគ្រាន់តែ ៥៤៥ ខ្នងគឺសម្រាប់ឆ្នាំនេះ។ ដល់ឆ្នាំក្រោយមានការថយចុះ ប៉ុន្តែអ្នកដែលកសាង ដែលខ្ញុំបញ្ជាក់អម្បាញ់មិញគឺថា អ្នកដែលចូល ៥ឆ្នាំហ្នឹងៗ យ៉ាងហោចណាស់លើស ៣០០ ខ្នង … ចាំដាក់ផ្សាយតាមក្រោយទៀត ដោយបញ្ជាក់ថាអ្នកដែលចង់ចូលរួម អ្នកដែលមិនទាន់បានចូលរួម នៅទីនេះក្តី … អភិបាលខេត្តចូលរួមមួយខ្នងក្នុងម្នាក់ មួយខេត្តឧបត្ថម្ភមួយខ្នង ស្មើនឹង ២៤ខ្នង បូកជាមួយអភិបាលរាជធានីភ្នំពេញ ៥ ខ្នង។ អញ្ចឹងសរុប ២៩ខ្នង។
សូមបញ្ជាក់ទៅសាធារណជន និងសប្បុរសជន យើងមិនធ្វើជាសត្រូវជាមួយនឹងលុយទេ។ កាន់តែមិនធ្វើជាសត្រូវជាមួយនឹងលុយសម្រាប់យកមកសាងសង់ផ្ទះអតីតយុទ្ធជនរបស់យើង។ អញ្ចឹង អ្នកដែលចង់ជួយអាចជួយតាមក្រោយ។ យើងមិនបញ្ចប់ត្រឹមតែអានប៉ុណ្ណឹងទេ។ យើងរង់ចាំទទួលតាមរយៈឯកឧត្តម គន់ គីម។ ឯកឧត្តម គន់ គីម នឹងរាយការណ៍មកខ្ញុំ យើងនឹងធ្វើសេចក្តីថ្លែងអំណរគុណជាមួយនឹងអ្នកចូលរួមទាំងឡាយ។ អញ្ចឹងទេ យើងមានលទ្ធភាពកាន់តែច្រើនដើម្បីបង្កើនល្បឿនសាងសង់ជាបន្ត។ យ៉ាងយូរល្ងាចនេះ ឬថ្ងៃស្អែកថវិកានឹងបញ្ជូនទៅដល់ … ពីចំណែកខ្ញុំសំរាប់មួយរយខ្នង។
កន្លងទៅនេះ ខ្ញុំមានមូលនិធិមួយទៀត គឺមូលនិធិ ១២៥ ដែលបានដកលុយនោះ យកទៅកសាងផ្ទះ ៥០០ខ្នង។ ប៉ុន្តែ ដោយសារតែបងប្អូនមានតម្រូវការត្រឹមតែ ២០០ខ្នង ខ្ញុំក៏បានផ្តល់ចែករំលែកប្រាក់សល់ ៣០០ ខ្នងហ្នឹងប្រគល់ជូនទៅ ឯកឧត្តម គន់ គីម ដើម្បីកសាងផ្ទះ។ ខ្ញុំនៅមានកូនមូលនិធិមួយទៀត។ ប៉ុន្តែដូច ជា តារា ភួង ស៊ីផាន អត់ត្រូវការទេ។ ក្រុមហ្នឹងអត់ត្រូវការទេ។ មានមួយចំនួនទៀត អត់ត្រូវការទេ … និយាយរួម បើអតីតយុទ្ធជនដែលមិនត្រូវការ កុំមកប៉ះពាល់។ ខ្លះមានផ្ទះថ្មនៅហើយ ទៅយកផ្ទះហ្នឹងធ្វើអ្វី។ អតីតយុទ្ធជនមែន ប៉ុន្តែគេមានលទ្ធភាពគ្រប់គ្រាន់ហើយ។ សូមអរគុណសម្រាប់ការចូលរួមទាំងនេះ។
ខ្ញុំសូមបញ្ជាក់ គំរោងនេះសាងសង់សម្រាប់អ្នកដែលមានដី។ ឲ្យធ្វើសកម្មភាពហ្នឹងមុន។ ហ្នឹងប្រសិទ្ធភាពខ្លាំង។ គ្នាមានដី ប៉ុន្តែផ្ទះហ្នឹងវាខូចទៅហើយ។ ពីដើម គាត់មានកូន កូនហ្នឹងនៅជាមួយគាត់ ដល់ឥឡូវហ្នឹងគាត់ចាស់ទៅ គាត់នៅជាមួយកូនម្តង ចែកផ្ទះហ្នឹងឲ្យកូនបន្ត។ ប៉ុន្តែពេលខ្លះ យើងអាចនឹងជួយសម្រួល ព្រោះកូនមិនដឹងទៅណា។ កូននៅជាមួយផ្ទះឪពុក ប៉ុន្តែក្លាយទៅជាផ្ទះកូន ឪពុកនៅជាមួយវិញ។ ប៉ុន្តែ បើគាត់មានដីនៅក្បែរហ្នឹង យើងក៏អាចជួយសម្រួល ករណីលើកលែងខ្លះ មិនមែនទាំងស្រុងទាមទារដូចគ្នានោះទេ។
ជាទូទៅសូមបញ្ជាក់ថា រាជរដ្ឋាភិបាលច្រើនអាណត្តិ បានធ្វើកិច្ចគាំពារសង្គមច្រើនណាស់រឿងនេះ។ យើងឃើញសំណាញ់សុវត្ថិភាពសង្គមរបស់យើង ដែលយើងចាយប្រាក់យ៉ាងច្រើនលើរឿងនេះ រាប់តាំងពីការចាប់ផ្តើមដំបូងដែលខ្ញុំចង្អុលបង្ហាញ។ ឥឡូវ កំពុងតែបន្តអនុវត្ត ចាប់ផ្តើមពីស្រ្តីមានផ្ទៃពោះ ជូនទៅដល់ស្រ្តីដែលចាប់ផ្តើមមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ យើងបានធ្វើកិច្ចការនេះច្រើន។ អ្នកខ្លះថាលុយតិចពេក។ លុយស្រុកខ្មែរតិច ប៉ុន្តែការចំណាយក៏តិចដែរ។ នៅប្រទេសបារាំង ប្រទេសអាមេរិក ប្រាក់ខែខ្ពស់ ក៏ប៉ុន្តែចំណាយចុះចំណាយឡើងវានៅដដែល។ អ្នកឯងមានប្រាក់ខែខ្ពស់ តែតម្លៃទំនិញនៅស្រុកអ្នកឯងក៏ខ្ពស់ដែរ។ ដូចជាអ្នកចូលនិវត្តន៍ ដែលប្រាក់ខែទាបបំផុតរបស់យើងនេះ ៨៤ ម៉ឺន – ៨៥ ម៉ឺននេះ វាស្មើនឹងជាង ២០០ ដុល្លារដែរក្នុងមួយខែ។ អញ្ចឹង រស់នៅទីជនបទ ជាមួយនឹងការធ្វើស្រែចំការ បង្កបង្កើនផលបន្ថែមគឺគ្រប់គ្រាន់។
ដូចខ្ញុំចង្អុលបង្ហាញ ដោះស្រាយមុខរបរ បណ្តុះបណ្តាលកូនចៅរបស់ពួកគាត់ កុំឲ្យគាត់ជាបន្ទុកនៃការចំណាយទៅឲ្យកូន។ គាត់ចិញ្ចឹមខ្លួនឯងរស់។ អញ្ចឹងបានជាយើងត្រូវផ្តល់ការយកចិត្តទុកដាក់បណ្ដុះបណ្តាលកូនចៅអតីតយុទ្ធជន កុំឲ្យពួកគេដាក់អម្រែកនៅលើឪពុកម្តាយ។ អស់ពីឪពុកម្តាយ ពួកគេក្លាយជាអ្នកដែលបាត់បង់បង្អែក។ អញ្ចឹងត្រូវខិតខំលើរឿងនេះសំខាន់។
[ចប់សេចក្ដីអធិប្បាយ១០]
ទី៦. ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់អាទិភាពបញ្ចូលគម្រោងអភិវឌ្ឍអតីតយុទ្ធជន និងនិវត្តជន នៅតាមថ្នាក់នីមួយៗ។ អាជ្ញាធរដែនដីត្រូវយកចិត្ត ទុកដាក់ពិនិត្យ និងជ្រើសរើសអតីតយុទ្ធជនដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗ ដូចជា សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍អភិរក្ស សត្វព្រៃ ក៏ដូចជាថ្នាក់ដឹកនាំនៅមូលដ្ឋាន តាមសមត្ថភាព និងលទ្ធភាពរបស់បងប្អូនជាក់ស្តែង។
[ផ្ដើមសេចក្ដីអធិប្បាយ១១]
ក្នុងចំណុចនេះ សូមឲ្យអភិបាលខេត្តនៅថ្នាក់មូលដ្ឋាន (ពិនិត្យមើល) បងប្អូនអតីតយុទ្ធជនរបស់យើង មន្រ្តីរាជការស៊ិវិលដែលបានចូលនិវត្តន៍រួចទៅហើយនោះ។ យើងអាចជ្រើសរើសពួកគាត់ ដែលសុទ្ធតែមានសមត្ថភាពឲ្យពួកគាត់ធ្វើជាប្រធានសហគមន៍នេសាទ ប្រធានសហគមន៍ព្រៃឈើ ប្រធានសហគមន៍អភិរក្ស ឬប្រធានសហគមន៍នេះ/នោះ។ ពួកគាត់ជាអ្នកដែលមានសមត្ថភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផងដែរ ព្រោះគាត់ចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំ។ អញ្ចឹងគាត់កំពុងពេញកម្លាំង បញ្ញាញាណនៅមានគ្រប់គ្រាន់ អាចជ្រើសរើសពួកគាត់។ ដូចគ្រូបង្រៀនខ្លះ (ចាត់តាំង)ឲ្យគាត់ធ្វើអ្វីដែលជាផលប្រយោជន៍នៅមូលដ្ឋានរបស់ពួកគាត់។
[ចប់សេចក្ដីអធិប្បាយ១១]
ទី៧. ក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គមេបញ្ជាការ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និងអង្គភាពនគរបាលជាតិគ្រប់លំដាប់ថ្នាក់ និងបណ្តាអង្គភាពឈរជើងនៅគ្រប់តំបន់ ត្រូវសហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្បែរតំបន់ឈរជើងរបស់ខ្លួនឱ្យបានជិតស្និទ្ធបំផុត និងចុះជាប់រួមសុខរួមទុក្ខជាមួយអតីតយុទ្ធជនដោយមិនគិតពីអតីតភាព។
ទី៨. សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំង គ្រប់ថ្នាក់ឱ្យបានរឹងមាំ និងស្ថិតស្ថេរគង់វង្ស។ ភាពរឹងមាំរបស់សមាគម គឺអាស្រ័យលើកត្តា ៣ យ៉ាង គឺទី១). មានគោលការណ៍ និងមាគ៌ាសកម្មភាពត្រឹមត្រូវ, ទី២). មានរចនាសម្ព័ន្ធខ្សែរយៈ ចាត់តាំងរឹងមាំ មានសមាជិក សមាជិកា មហាជន ប្រជាជនគាំទ្រ និងទី៣). មានហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់សម្មភាពចាំបាច់របស់ខ្លួន។
[ផ្ដើមសេចក្ដីអធិប្បាយ១២]
សូមបញ្ជាក់ ៨ពាន់លានរបស់ខាងរដ្ឋាភិបាលឲ្យចាយ ត្រូវចាយឲ្យចំទិសដៅ ឲ្យធានានូវនិរន្តរភាព … ច្រើនតែចាយលើ(ការឧបត្ថម្ភ)សាកសពទេ ព្រោះឥឡូវដល់អាយុដែលត្រូវលាគ្នាកាន់តែច្រើន។ ពួកយើងនៅខាងលើនេះមិនដឹងនៅសល់ប៉ុន្មាន(ឆ្នាំ)ទៀតទេ។ អ្នកដល់ឆ្នាំ២០៣០ នៅសល់ប៉ុន្មានពិតប្រាកដ? សង្ឃឹមថាខ្ញុំនៅទៅចុះ។ សំណាងហើយដែលមានថ្នាំលាបសក់ កុំអីនៅខាងលើនេះសំពោងសុទ្ធតែប្រក់សង្កសី។ វាដល់ដំណាក់កាលហ្នឹងហើយ។ ពេលចាប់ផ្ដើម ដូចខ្ញុំ ដូចសម្ដេចក្រឡាហោម សម្ដេចពិជ័យ និងអ្នកដទៃទៀត អាយុប៉ុនៗ គ្នាទាំងអស់ ដល់តែឥឡូវសុទ្ធតែលើ ៧០ឆ្នាំទាំងអស់។ បើឆ្លងកាត់ ៧០រួច ឡើង៨០ ឡើង៩០ ឡើង១០០ ហ្នឹងល្អ។ អញ្ចឹងបបួលគ្នាថា អ្នកណាទៅមុន អ្នកណាទៅក្រោយ? អ្នកខ្លះថា ខ្ញុំចង់ទៅមុន ដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើបុណ្យឲ្យខ្ញុំ។ ឯអ្នកដទៃទៀតថាចង់ទៅមុនខ្ញុំ ដើម្បីឲ្យខ្ញុំធ្វើបុណ្យឲ្យគាត់។ អញ្ចឹងយកល្អ កុំស្លាប់ទាំងអស់គ្នាតែម្ដង នៅទាំងអស់គ្នាវាស្រួលជាង។ ថ្ងៃមុន នៅព្រៃវែង និយាយជាមួយ (ស) ខេង ថាខ្ញុំងាប់មុន ខេង ឯងធ្វើបុណ្យឲ្យខ្ញុំ។ ខេង ថា គាត់ទៅមុន។ បើដណ្ដើមគ្នាទៅមុនក្រោយដដែល នៅជាមួយគ្នាតែម្ដង កុំងាប់ទាំងអស់គ្នា។ ជីវិតមនុស្សមិនទៀងទេ។
[ចប់សេចក្ដីអធិប្បាយ១២]
ទី៩. គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈ សេចក្តីសម្រេចចិត្តមហាសន្និបាតសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អនុវត្តរបបធ្វើការ តាមគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពដឹកនាំ បុគ្គលទទួល ខុសត្រូវ។ ក្នុងន័យនេះ គណៈកម្មាធិការគ្រប់ថ្នាក់ ត្រូវអនុវត្តរបបសន្និបាត និងរបបប្រជុំ ឱ្យបាន ទៀងទាត់តាមការកំណត់ ហើយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជាគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវអនុវត្តនូវភារកិច្ច ដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី១០. គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈកម្មាធិការ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ជាមួយសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទាំងអស់ ដើម្បីជាឧត្តមប្រយោជន៍ ដល់អតីតយុទ្ធជន និងនិវត្តជន។
ទី១១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជួយគាំទ្រ និងសហការ ល្អជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ដោយជួយសម្រួលនិរន្តរភាពសម្រាប់ កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ខ្ញុំគិតថា ការណ៍ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួយអភិវឌ្ឍសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺមានន័យថា ក្រសួងបានសម្រេចភារកិច្ចលើវិស័យអតីតយុទ្ធជន និងការងារនិវត្តជនផងដែរ។ ការណ៍នេះ គឺជារូបភាពនៃការបង្កលក្ខណៈឱ្យមានការចូលរួមដោយផ្ទាល់របស់អតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាការបង្កើតភាពជាដៃគូជាមួយអតីតយុទ្ធជន និងនិវត្តជន ស្របតាមយុទ្ធសាស្ត្រភាពជាដៃគូ ដែលជាកត្តាសំខាន់មួយនៅក្នុងអភិបាលកិច្ចល្អ។
[ផ្ដើមសេចក្ដីអធិប្បាយ១៣]
ឯកឧត្ដម ជា សុមេធី គួរតែអរគុណសមាគមហ្នឹងទៅ ព្រោះសមាគមនេះបានជួយកិច្ចការអតីតយុទ្ធជន និងនិវត្តជនច្រើន អាចគ្របដណ្ដប់សឹងថា៧០% នៃការងាររបស់ខ្លួនទៅហើយ។ (ក្រសួង)ខ្លួននៅសល់តែបើកប្រាក់ខែទេ ក្រៅពីនោះសមាគមចង់ប៉ាវស្ទើរតែទាំងអស់ហើយ មិនតូចទេ។
[ចប់សេចក្ដីអធិប្បាយ១៣]
ទី១២. នៅតាមក្រសួងស្ថាប័ន ត្រូវរៀបចំបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យបានឆាប់រហ័ស ស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
[ផ្ដើមសេចក្ដីអធិប្បាយ១៤]
នេះជាចំណុចថ្មីនៃស្ថាប័នរបស់រដ្ឋ ដែលត្រូវរៀបចំ។ ពីមុននេះ មានតែក្រសួងការពារជាតិ និងមហាផ្ទៃទេ ដែលរៀបចំ ប៉ុន្ដែឥឡូវបានចូលទៅដល់ក្រសួងស៊ីវិល។ ខ្ញុំគិតថា វាក៏ត្រូវរៀបចំនៅក្នុងផ្នែកដទៃទៀតដោយសង្ឃឹមថា ផ្នែកស្ថាប័នមិនចំណុះរាជរដ្ឋាភិបាល ដូចជាអង្គការនីតិបញ្ញត្ដិ រួមទាំងផ្នែកផ្សេងទៀត ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត … ប៉ុន្ដែ ឥឡូវយើងនិយាយពីស្ថាប័ន។ មន្ដ្រីរាជការរបស់យើងដែលបានចូលនិវត្ដន៍ទៅ ប្រៀបដូចជាក្មេងកំព្រា មិនដឹងទាក់ទងអីជាមួយអ្នកណា។ ប៉ុន្ដែដូចខ្ញុំបាននិយាយពីខាងដើម គឺកន្លែងខ្លះគេជួបជុំអ្នកដែលបានចូលនិវត្ដន៍ ហើយជាពិសេសគំរូដែលត្រូវមើលឃើញកាកបាទក្រហមកម្ពុជាតែម្ដង។ កាកបាទក្រហមកម្ពុជា ជួបអ្នកចូលនិវត្ដន៍រៀងរាល់ឆ្នាំ។ គេបានធ្វើកិច្ចការនេះដ៏ល្អ ទោះបីមិនមែនអ្នកស៊ីប្រាក់ខែ ប៉ុន្ដែគេបានជួប។ ក្រុមមួយទៀត គឺសមាគមសិល្បករ។ គេក៏បានធ្វើដែរ។ ឥឡូវស្ថាប័នរបស់យើងមិនទាន់បានធ្វើទេ។ ឥឡូវ យើងមានលក្ខន្ដិកៈ ដែលត្រូវធ្វើ។
ខ្ញុំផ្ដល់ជាមតិអញ្ចេះ។ ប្រធានសមាគមគួរតែជារដ្ឋមន្ដ្រី។ ដាក់អញ្ចឹងតែម្ដងទៅ។ អ្នកណាចូលកាន់(តំណែង)ធ្វើរដ្ឋមន្ដ្រី អ្នកហ្នឹង(ត្រូវ)ធ្វើជាប្រធានសមាគម ប៉ុន្ដែបញ្ហាដែលត្រូវប្រុងប្រយ័ត្ននៅកន្លែងណា? គឺអគ្គលេខា គួរត្រូវជ្រើសរើសមន្ដ្រីមុខងារសាធារណៈ។ បានសេចក្ដីថា អ្នកនេះមិនមែនជាអ្នកនយោបាយទេ។ ឧទាហរណ៍ថា អគ្គរដ្ឋបាល កាន់កិច្ចការងារហ្នឹងដើម្បីងាយគ្រប់គ្រង។ ទោះបើដូររដ្ឋមន្ដ្រី ក៏គេនៅធ្វើបានដែរ។ នេះជាការផ្ដល់មតិរបស់ខ្ញុំ។ តាមក្រសួងនីមួយៗ មានអគ្គរដ្ឋបាលហិរញ្ញវត្ថុ។ អញ្ចឹងគួរជ្រើសអ្នកហ្នឹងជាអគ្គលេខា។ យើងអាចមានប្រធានជារដ្ឋមន្ដ្រី និងរដ្ឋលេខាធិការមួយចំនួនធ្វើជាអនុប្រធាន ប៉ុន្ដែអគ្គលេខាត្រូវតែរកអ្នកដែលគេហៅថា មន្ដ្រីមុខងារ(សាធារណៈ) មិនមែន(មុខងារ)នយោបាយ ដើម្បីអាចគ្រប់គ្រងបន្ដមាននិរន្ដរភាព។ បើមិនអញ្ចឹងទេ រដ្ឋមន្ដ្រីចេញ គឺទៅបណ្ដោយ។ អញ្ចឹងត្រូវរកវិធីរៀបចំកន្លែងហ្នឹង។
[ចប់សេចក្ដីអធិប្បាយ១៤]
ទី១៣. សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តជំរុញវប្បធម៌ក្នុងចលនាប្រឡងប្រណាំងក្នុងជួរអតីតយុទ្ធជន និងនិវត្តជនគឺ ទី១). ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ទី២). ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និងទី៣). ការអភិវឌ្ឍសមាគម និងសង្គមជាតិពូកែ។
[ផ្ដើមសេចក្ដីអធិប្បាយ១៥]
ត្រូវរៀបចំជាចលនាប្រឡងប្រណាំង។ ខ្ញុំតាមមើលបទយកការណ៍ខាងទូរទស្សន៍ BTV អំពីការចុះទៅសម្ភាសន៍ (ឃើញថា)ជួនកាលកន្លែងខ្លះ វាមិនអាចដូចគ្នាទេ។ អ្នកដែលប្រឹងគឺថាមានចិញ្ចឹមសត្វ មានដាំដើមចេក ល្ហុង ខ្នុរអីជាដើម ឯអ្នកដែលមិនប្រឹងគឺនៅតែមិនប្រឹង។ ត្រូវរុញចលនាប្រឡងប្រណាំង ព្រោះវាជាជីវភាព គ្មាននរណាទៅយករបស់គាត់ទេ។ រឿងហ្នឹងត្រូវខិតខំធ្វើ។
[ចប់សេចក្ដីអធិប្បាយ១៥]
ទី១៤. សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការប្រើប្រាស់ប្រាក់ភាគទាន ប្រាក់វិភាគទាន និងអំណោយរបស់សប្បុរសជននានា ដោយអនុវត្តឱ្យបានល្អ ឱ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់។
ទី១៥. សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយបណ្តាសមាគមអតីតយុទ្ធជន និងចលនាអតីតយុទ្ធជននៃប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក។
[ផ្ដើមសេចក្ដីអធិប្បាយ១៦]
នេះជា ១៥ ចំណុច នៃការណែនាំ ដូចដែលបញ្ជាក់រួចមកហើយនេះ។ ខ្ញុំគួរតែលើកបញ្ហាដែលទាក់ទងជាមួយនឹងការធ្វើប្រធានហ្នឹង។ ដោយសារលក្ខន្តិកៈនេះ បានកំណត់អញ្ចឹងទៅហើយ ឥឡូវខ្ញុំទទួលយក ប៉ុន្តែខ្ញុំសូមឱ្យយកតាមហ្លួងម៉ែ។ ព្រះអង្គឈ្លាសវៃណាស់។ ក្រសួងកិច្ចការនារីស្នើហ្លួងម៉ែធ្វើជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។ ដល់ ហ្លួងម៉ែ មកចាត់តាំងខ្ញុំជានាយករដ្ឋមន្រ្តី ឱ្យធ្វើជាអនុប្រធានកិត្តិយស។ អញ្ចឹង ទីចុងបំផុត លោកប្រោសព្រះរាជទានតែងតាំងអនុប្រធានកិត្តិយសចំអ្នកដែលមានអំណាចកំពូលក្នុងការសម្រេច។ អញ្ចឹងទេ បានជារឿងរ៉ាវទាំងឡាយ គឺត្រូវបានដោះស្រាយ។ បន្ទាប់ពីខ្ញុំចាកចេញពី(តំណែង)នាយករដ្ឋមន្រ្តីហើយ ហ្លួងម៉ែតែងតាំងអនុប្រធានមួយទៀត អនុប្រធានទី២ គឺនាយករដ្ឋមន្រ្តី (ហើយ)ខ្ញុំទៅជាអនុប្រធានទី១។ ព្រះអង្គធ្វើរឿងហ្នឹងទៀត។ អញ្ចឹងរឿងអី(ក៏)សម្រេចបានស្រួល។
ខ្ញុំគិតថារៀនសូត្រតាមហ្លួងម៉ែ។ ថ្ងៃក្រោយរើសអ្នកណាម្នាក់។ តែមិនស្រួលរើស លាង ឃុន អ្នកមានលុយ (និង)រើសពីរបីនាក់ឱ្យធ្វើជាទីប្រឹក្សាកិត្តិយស ឬក៏ដាក់ចូលក្នុងអនុប្រធាន។ ដាក់(អ្នកមានលុយ)ពីរបីនាក់មកឱ្យធ្វើជាអនុប្រធានតែម្ដង។ (កុំឲ្យថា)ក្រឡេកមើលអនុប្រធានឯង អ្នកណាក៏អត់លុយៗ … ភាគច្រើន លាង ឃុន អ្នកហៅមកផ្ទាល់។ ឲ្យតែឃើញគេផ្សាយរឿងស្អីទាក់ទងនឹងការរួមចំណែកនានា លាង ឃុន ទូរស័ព្ទមកហើយថា “លោកពូ ខ្ញុំចង់ចូលរួមជួយអានេះ។ ជួយអញ្ចេះៗ”។ ខ្ញុំថាបានតើ ឱ្យតែចង់ជួយ។ វិញ ហួរ អីស្ម័គ្រចិត្តធ្វើអនុប្រធាន។ ខ្ញុំឱ្យធ្វើអនុប្រធាន(ភ្លាម)។ រើសឧកញ៉ាៗ មួយចំនួនដែលស្ម័គ្រចិត្តចូលរួមជួយ ធ្វើអនុប្រធានមើល។ ពេលខ្លះ យើងពឹងអនុប្រធានហ្នឹងជួយការងារយើងផង ជួយលុយផងទៅ។ ដល់ងាកមកមើលមុខអនុប្រធានឯង(បច្ចុប្បន្ន)ទាំងប៉ុន្មាន សុទ្ធតែអ្នកខ្សត់ដែរ ហើយត្រូវទទួលខុសត្រូវការងារច្រើន។
នេះជាវប្បធម៌ចែករំលែក ដែលខ្ញុំរៀនសូត្រពីហ្លួងម៉ែ។ ហ្លួងម៉ែដឹងថា នាយករដ្ឋមន្រ្តីគឺអ្នកកាន់អំណាច។ អញ្ចឹង ហ្លួងម៉ែ ព្រះអង្គជាប្រធានកិត្តិយស ដល់ព្រះអង្គតែងតាំងបន្ត តែងតាំងនាយករដ្ឋមន្រ្តីធ្វើជាអនុប្រធានកិត្តិយសបណ្ដោយ។ អញ្ចឹងដឹកនាំប្រជុំរាល់ឆ្នាំ។ ដល់ខ្ញុំឈប់ធ្វើនាយករដ្ឋមន្រ្តី ហ្លួងម៉ែតែងតាំង(អនុប្រធាន)មួយទៀត គឺនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ធ្វើជាអនុប្រធានទី២។ អញ្ចឹង ខ្ញុំគិតរៀនសូត្រតាមហើយ ប៉ុន្តែរៀនសូត្រហ្នឹង គឺទាញយកអ្នកដែលមានលុយៗ។ លុយជាអំណាចមួយ តិចថាលុយមិនមែនជាអំណាច។ បើអត់មានលុយធ្វើអ្វីមិនកើតទេ និយាយឱ្យច្បាស់។ សមាគមនេះអត់មានលុយ អត់ដើរទេ។ ប្រាប់ឱ្យហើយ។ មិនមែនប្រមូលបានផ្ទះ ៥៤៥ ខ្នងនេះ ហើយហោចណាស់ និរន្តរភាព ៣០០ ខ្នងក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំ។ ដែលពេលដែលអតីតយុវជនរបស់យើងនេះទៅ (…) យើងក៏ដោះស្រាយបានដែរ។
សម្រាប់យុទ្ធជនដែលកំពុងស្ថិតនៅសមរភូមិ ហើយដែលជាយុទ្ធជនពលីសមរភូមិកន្លងទៅ គឺត្រូវបានប្រពន្ធនាយករដ្ឋមន្រ្តីទទួលបន្ទុកដោះស្រាយ។ ហ្នឹងយើងទុកចំណែក (ដែល)ខាងប្រពន្ធនាយករដ្ឋមន្រ្តីដោះស្រាយហើយ ដើម្បីកុំឱ្យឡូកឡំគ្នា ទុកអាហ្នឹងឱ្យប្រពន្ធនាយករដ្ឋមន្រ្តីជាអ្នកដោះស្រាយ គេមានថវិកាសម្រាប់ដោះស្រាយអំពីរឿងនេះ។
[ចប់សេចក្ដីអធិប្បាយ១៦]
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះ ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវ កតញ្ញូតាធម៌ និងអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសបំផុតថ្វាយ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គទាំងទ្វេ ទ្រង់តែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងផ្តល់ការឧបត្ថម្ភគាំទ្រចំពោះអតីតយុទ្ធជន និវត្តជន គ្រួសារពលី ពិការ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត។
ជាមួយនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈ ថវិកា ក្នុងការរៀបចំមហាសន្និបាតរបស់សមាគមយើង នៅថ្ងៃនេះ។
[ផ្ដើមសេចក្ដីអធិប្បាយ១៧]
ខ្ញុំសូមបញ្ជាក់ថា គ្រោងដើមរបស់យើងគឺត្រូវចំណាយធំ រៀបចំទំហំធំ រហូតទៅដល់ ៣៥០០នាក់ឯណោះ។ ប៉ុន្តែ ដោយសារបំព្រួញឡើងវិញ យើងបានប្រើប្រាស់ថវិកានៃចំណូលនេះមិនអស់ទេ។ អញ្ចឹងបានយើងចែករំលែកថវិកានេះរៀបចំបោះជាមេដាយស្អីៗនេះ ហើយសល់ថវិកាមួយចំនួនប្រគល់ឲ្យ គន់ គីម ដើររៀបចំចុះជួបជាមួយអតីតយុទ្ធជនរបស់យើង។ អញ្ចឹងទេ មានតម្លាភាពទៅលើការចំណាយនៃការចូលរួមកាលពីពេលកន្លងទៅ ដែលខ្ញុំសូមយកឱកាសនេះអរគុណចំពោះការចូលរួមរៀបចំនូវមហាសន្និបាតនេះ។
[ចប់សេចក្ដីអធិប្បាយ១៧]
មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ដៃគូអភិវឌ្ឍ និងអង្គការជាតិ អន្តរជាតិ សូមចូលរួមជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រ ចំពោះអតីតយុទ្ធជន និងនិវត្តជន នៅកម្ពុជា។ ក្នុងន័យនេះ គម្រោងផ្តល់ជំនួយដល់កម្ពុជា គួរតែគិតបញ្ចូលការអភិវឌ្ឍ វិស័យអតីតយុទ្ធជន និងនិវត្តជន នៅកម្ពុជា។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាស «បិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស» ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា នៃអង្គមហាសន្និបាត សូមមានសុខភាពល្អបរិបូណ៌ សុភមង្គល ក្នុងគ្រួសារ និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ និងសូមប្រកបដោយពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕