សុន្ទរកថាគន្លឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ថ្លែងក្នុង ពិធីបើក សន្និសីទប្រធានសភានៃអន្តរសភាលើកទី២

[ផ្ដើមសេចក្ដីអធិប្បាយ១] អម្បាញ់មិញនេះ នាយករដ្ឋមន្រ្តីបានថ្លែងសុន្ទរកថា។ ឥឡូវដល់ឪនាយករដ្ឋមន្រ្តីម្ដង។ សង្កេតមើល អម្បាញ់មិញគឺនាយករដ្ឋមន្រ្តីសក់ស ឯឪនាយករដ្ឋមន្រ្តីសក់ខ្មៅ។ ដូច្នេះ កំណត់ថា សក់ខ្មៅមិនប្រាកដថាក្មេងទេ ហើយសក់សក៏មិនប្រាកដថាចាស់ដែរ។ នេះជារឿងពិត។ [ចប់សេចក្ដីអធិប្បាយ១] សម្តេច ឯកឧត្តម លោកជំទាវ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា, ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ សមាជិក សមាជិកាសភា តំណាងអង្គការជាតិ និងអន្តរជាតិ, អស់លោក លោកស្រី! ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយឥតឧបមា ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​នៃសន្និសីទ​ប្រធាន​សភានៃអន្តរសភាលើកទី២ ក្រោមមូលបទ«សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹង​ច្បាប់​អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។ ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវគារវកិច្ចស្និទ្ធស្នាល​ និងសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំសភា និងប្រតិភូគ្រប់រូប ដែលបានធ្វើ​ដំណើរពីគ្រប់ទិសទីជុំវិញ​សកល​លោក ដើម្បីមកចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ។ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃអង្គនីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់, យើងជួបជុំគ្នានៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ…