សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ចែកសញ្ញាបត្រគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ៣ គឺ ភូមិន្ទកសិកម្ម, កសិកម្មព្រែកលាប, កសិកម្មកំពង់ចាម

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន កូនក្មួយ ដែលជាជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះ! ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានធ្វើពីធីឡើងវិញនៃការចែកសញ្ញាបត្រសម្រាប់និស្សិតក្នុងវិស័យកសិកម្មរបស់យើង។ ខ្ញុំនៅចាំបានថា មុនៗយើងធ្លាប់ទៅចែកសញ្ញាបត្រនិស្សិតនៅឯសាកលវិទ្យាល័យចំការដូង ហើយក៏បានបន្សល់ទុកនូវអគារមួយនៅទីនោះសម្រាប់ចែកសញ្ញាបត្រនិងការជួបជុំ ដែលកាលពីពេលនោះ ខ្ញុំនិងឯកឧត្តម ចាន់ សារុន បានធ្វើទុកជាអនុស្សាវរីយ៍។ យើងក៏ធ្លាប់មានការជួបជុំនិស្សិត-សិស្ស ដែលចេញពីសាលារាប់ទាំងសាលាព្រែកលៀបផងដែរ ប៉ុន្តែយើងអាក់ខានក្នុងមួយរយៈកាល ក្នុងនោះមានរយៈកាល កូវីដ-១៩ផង និងរយៈកាលដែលខ្លួនខ្ញុំមិនបានចែកផ្ទាល់។ ថ្ងៃនេះ ការទន្ទឹងរង់ចាំរបស់ខ្ញុំក្ដីនិងការទន្ទឹងរង់ចាំរបស់មន្ត្រីរាជការ ក៏ដូចជារបស់និស្សិតដែលបានសិក្សានៅទីនេះ ក៏បានមកដល់ដែលយើងជួបជុំគ្នានៅថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានធ្វើរបាយការណ៍ទាក់ទិនជាមួយនឹងវឌ្ឍនៈភាពនៃការបណ្ដុះបណ្ដាល​និស្សិតនៅទីនេះ។ (១) កសិកម្មជាស្នូលទ្រទ្រង់នៃកំណើនសេដ្ឋកិច្ចនិងសន្តិសុខស្បៀង ថ្ងៃនេះ យើងចែកសញ្ញាបត្រដល់និស្សិត ៣ ២៧៩នាក់ ជាអ្នកបច្ចេកទេសកសិកម្មក្នុងនោះមាន បរិញ្ញាបត្ររង, បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បសុវេជ្ជបណ្ឌិត, ថ្នាក់បណ្ឌិត។ យើងឃើញអត្រានៃនិស្សិតជាស្ត្រីមានចំនួនមិនច្រើនទេក្នុងវិស័យកសិកម្មនេះ។ ខ្ញុំគិតថានៅពេលខាងមុខនិស្សិតជាស្ត្រីនឹងមានចំនួនកើនឡើង ដែលអាចចូលរួមនៅក្នុងវិស័យកសិកម្ម។ ប្រហែលជាមានការគិតគូរខុសឆ្គងខ្លះអំពីអ្នកដែលត្រូវទទួលបាននូវការបណ្ដុះបណ្ដាល ដែលថាវិស័យកសិកម្មគិតតែដកស្ទូង។ វាមិនដូច្នេះទេ។ វិស័យកសិកម្មមានវិសាលភាពធំទូលាយខ្លាំងណាស់ … (រាប់បានដូចជា)កសិឧស្សាហកម្ម…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកស្អាង និងកោះធំ ខេត្តកណ្តាល

… ថ្ងៃនេះ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងម្ចាស់រោងចក្រដែលបានវិនិយោគ ហើយដែលផ្តល់ការអនុញ្ញាតឲ្យកម្មករ/ការិនី នៅក្នុងស្រុកស្អាង ក៏ដូចជាស្រុកកោះធំ បានមកចូលរួមនៅក្នុងពិធីសំណេះសំណាល ហើយបានទទួលការឈប់សម្រាកក្នុងរយៈពេលល្ងាចនេះមួយល្ងាចទៀត។ ដរាបណាសម្តេចនៅតែជានាយករដ្ឋមន្ត្រី ការជួបកម្មករ/ការិនីនៅតែបន្ត ខ្ញុំពិតជាមានការរីករាយដោយសារថ្ងៃនេះ យើងបន្តនៅក្នុងដំណើរឈានឆ្ពោះទៅជួបកម្មករ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ពិតហើយ សល់ជំនួបប៉ុន្មានលើកទៀតតែប៉ុណ្ណោះ នឹងត្រូវផ្អាកជាបណ្តោះអា​សន្ន នៅក្នុងពេលយុទ្ធនាការបោះឆ្នោត ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតចប់ ខ្ញុំនឹងត្រូវបន្តដើរជួបកម្មករនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយអ្វីដែលខ្ញុំបាននិយាយរួចមកហើយនោះ នៅត្រង់ថា ដរាបណាខ្ញុំនៅបន្តជានាយករដ្ឋមន្ត្រីបន្តទៀត ការងារទាក់ទងជាមួយនឹងកម្មករនេះត្រូវបន្តធ្វើមិនចេះចប់។ ដំណាក់កាលសង្គ្រាម វត្តមាននៅតាមខ្សែត្រៀមជួរមុខ ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាទើបឃើញមុខពូមកថ្ងៃនេះ? នោះគឺជាចម្លើយដែលពូធ្លាប់និយាយទៅកាន់កម្មករ/ការិនី នៅទីកន្លែងផ្សេងៗ ជាង ៥០ ម៉ឺននាក់ … ប្រទេសរបស់យើងមានការវិវឌ្ឍដំណើរការពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ (ក្នុង)ស្ថានភាពមិនដូចគ្នាទេ។ ពេលប្រទេសរបស់យើងស្ថិតនៅក្នុងដំណាក់កាលនៃការលិចលង់ទៅក្នុងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ពេលនោះនៅឃើញសល់រូបភាពមួយចំនួន ដែលពូពាក់ឯកសណ្ឋានយោធាក្នុងសមរភូមិប្រយុទ្ធ ហើយនៅក្នុងរយៈ​ពេលនៃការគ្រប់គ្រងអំណាច ក្នុងឋានៈជានាយករដ្ឋមន្ត្រី ពេលនោះ ប្រទេសរបស់យើងមិនទាន់រួចចាកផុតពីសង្គ្រាមនៅឡើយទេ។ គេបានឃើញពូនៅខ្សែត្រៀមជួរមុខជាមួយនឹងកងទ័ព ដើម្បីដោះស្រាយការលំបាករបស់កងទ័ពយើងផង និងដោះស្រាយការលំបាកចំពោះប្រជាជននៅក្នុងតំបន់ប្រយុទ្ធផងដែរ។ ទៅក្រៅប្រទេស ចរចាស្វែងរកដំណោះស្រាយនយោ​បាយស្តីពីបញ្ហាកម្ពុជា បន្ថែមលើនោះ…