ថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ
បងប្អូនជូនរួមជាតិ ជាទីគោរពស្រលាញ់
ខ្ញុំព្រះករុណាខ្ញុំ ជាមួយថ្នាក់ដឹកនាំផ្សេងទៀត បានមានឱកាសមកកាន់ទីនេះ។ ពីមុន នាយករដ្ឋមន្រ្តីក៏បានមកជួបបងប្អូននៅទីនេះ។ ឥឡូវ ឪពុករបស់នាយករដ្ឋមន្រ្តី ក៏មកដល់ទីនេះដែរ ដើម្បីសួរសុខទុក្ខបងប្អូន។ បើទោះបីជាខ្ញុំមិនបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីទៀតក៏ដោយ ក៏ប៉ុន្តែ ខ្ញុំនៅមានការទទួលខុសត្រូវ ក្នុងឋានៈជាមេដឹកនាំកម្ពុជាម្នាក់ និងក្នុងឋានៈជាពលរដ្ឋកម្ពុជាម្នាក់។ អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ និងសម្ដេចម៉ែ ព្រះមាតាជាតិជាទីសក្ការៈ ចំពោះបងប្អូនរួមជាតិទាំងអស់ដែលបានភៀសសឹកមកកាន់ទីនេះ។ ព្រះមហាក្សត្រ ព្រះមាតាជាតិរបស់យើង ព្រះអង្គតែងតែគិតគូរ ខ្វល់ខ្វាយចំពោះសុខទុក្ខរបស់កងទ័ព ក៏ដូចជាប្រជាពលរដ្ឋនៅតាមព្រំដែន។ ព្រះអង្គក៏បានចូលរួមចំណែកជាថវិកាផ្ទាល់របស់ព្រះអង្គ ដើម្បីគាំទ្រមកដល់កងទ័ពនៅឯជាយដែន ក្នុងពេលដែលបំពេញភារកិច្ចការពារទឹកដី។ ព្រះអង្គក៏ធ្លាប់បានបញ្ជូនក្រុមរបស់ព្រះបរមរាជវាំង មកផ្ដល់ជំនួយនៅទីនេះផងដែរ។
(១) កម្ពុជារងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ ដែលចិញ្ចឹមចិត្តម្ដងហើយម្ដងទៀតដណ្ដើមទឹកដី
មកដល់ទីនេះ ខ្ញុំនឹកឃើញនូវអ្វីដែលថា “សន្តិភាព” (និង)អ្វីដែលហៅថា “សង្រ្គាម”។ ពិតជាអាណោចអាធ័ម នឹកទៅដល់រឿងអតីតកាល ដ៏ជូរចត់របស់យើង។ មិននឹកស្មានថា អតីតកាលប្រកបទៅដោយការឈឺចាប់នោះ វាបានវិលត្រឡប់មកវិញ តាមរយៈនៃការឈ្លានពានរបស់អ្នកជិតខាង។ យើងគ្មានការប៉ងប្រាថ្នាអ្វីក្រៅពីធ្វើ(ឱ្យ)មានមិត្តភាព និងធ្វើជាអ្នកជិតខាងល្អគ្នានោះទេ។ សូមឱ្យអន្តរជាតិមើលឱ្យឃើញថា តើប្រទេសកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា? តើថៃ បានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេ? តើថៃ បានជម្លៀសជនភៀសសឹក ដោយសារកម្ពុជាឈ្លានពានទេ? នៅទីនេះ គឺជាសាក្សីរស់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាគឺជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃ ទើបនាំទៅដល់ការមានជនភៀសសឹក មករស់នៅទីនេះ។ សូមឱ្យបរទេសទាំងឡាយ ដែលប្រកាន់សច្ចធម៌និងនិយមសន្តិភាព មើលឃើញឱ្យបានច្បាស់នូវទុក្ខសោក ដែលប្រជាជនកម្ពុជារងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃ។ យើងប្រាថ្នាធ្វើជាមិត្ត ប៉ុន្តែគេចិញ្ចឹមចិត្តម្ដងហើយម្ដងទៀត ដណ្ដើមទឹកដីរបស់យើង។
(២) ធ្វើការជាមួយនាយករដ្ឋមន្រ្តីថៃមុនៗ ជាបន្តបន្ទាប់ មិនមានរឿងអ្វីកើតឡើង
នៅឆ្នាំ២០០៨ មានការតទល់គ្នារហូតដល់ឆ្នាំ២០១១ ខាងផ្លូវយោធា និងតទល់គ្នាតាមផ្លូវច្បាប់ រហូតទៅដល់ឆ្នាំ ២០១៣។ ខ្ញុំនឹកស្មានថា បញ្ហានេះត្រូវបានបញ្ចប់ តាមរយៈនៃការ(តតាំង)ក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ តាមរយៈការបកស្រាយសាលក្រមតុលាការនោះរួចស្រេចទៅហើយ។ ក្នុងរយៈពេលជិត ១០ឆ្នាំ ពីឆ្នាំ ២០១៤ រហូតមកទល់ឆ្នាំ២០២៣ និងឆ្នាំ២០២៥ នេះ យើងពុំមានរឿងអ្វីកើតឡើងនោះទេ។ ពេលខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំបានធ្វើការយ៉ាងល្អជាមួយនឹង ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្រ្តីរបស់ថៃ។ មិនមានរឿងអ្វីកើតឡើងទេ។ បន្ទាប់ទៅ យើងធ្វើការមួយរយៈ ជាមួយនឹងនាយករដ្ឋមន្រ្តី(ថៃ)បន្តមកទៀត ក៏គ្មានរឿងអ្វីកើតឡើងដែរ។ ក៏ប៉ុន្តែ ជាអកុសល នាយករដ្ឋមន្រ្តីថ្មីដែលបានកាន់អំណាចប៉ុន្មានខែមុននេះ បែរជាកើតរឿងអកុសលនៅទីនេះ។ ថ្ងៃស្អែក ខ្ញុំនឹងនិយាយទៅកាន់ពលរដ្ឋកម្ពុជា ក៏ដូចជានិយាយទៅកាន់ប្រជាជនថៃ អំពីរឿងនេះថា តើប្រវត្តិនៃទំនាក់ទំនងឡើងចុះរវាងកម្ពុជានិងថៃបែបណា។ ខ្ញុំនឹងផ្សាយបន្តផ្ទាល់ ដើម្បីជូនសារទៅកាន់ប្រជាជនកម្ពុជា និងជូនសារទៅកាន់ប្រជាជនថៃ ដែលភាគច្រើនលើសលប់ក៏ស្រលាញ់សន្តិភាពដូចជាយើងដែរ។
(៣) ការឡើងចុះនៃទំនាក់ទំនងកម្ពុជា-ថៃ ចំណុះលើឥរិយាបថមេដឹកនាំនៅទីក្រុងបាងកក
ខ្ញុំមិននឹកស្មានថា គ្រួសារមួយដែលខ្ញុំបានជួយ បែរជា(ពេល)ឡើងធ្វើជានាយករដ្ឋមន្រ្តី បង្កើតឡើងនូវរឿងបែបនេះ សូម្បីតែខ្លួនអះអាងថា ម្ដងមានអំណាចម្ដងអត់អំណាច។ ថ្ងៃស្អែក ខ្ញុំនឹងនិយាយរឿងនេះ។ ខ្ញុំពិតជាមានការសោកស្ដាយនឹងអ្វីដែលបានកើតឡើង ដែលវាមិនគួរកើត …។
ខ្ញុំក៏គួរតែបញ្ជាក់ថា ពេលខ្ញុំដឹកនាំបញ្ចប់សង្រ្គាមតាមរយៈនៃនយោបាយឈ្នះឈ្នះ ជាមួយការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ ខ្ញុំបានដាក់ចេញនូវគោលដៅ២ សំខាន់។ ទី១ ប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍។ ដូច្នេះហើយ យើងខំកសាងភូមិ ផ្ទះជូនក្រុមគ្រួសារទាហាន ផ្ដល់ដីធ្លីនៅតាមចុងកាត់មាត់ញក រាប់ទាំងតាមព្រំដែនកម្ពុជា-ថៃ កម្ពុជា-វៀតណាម និងកម្ពុជា-ឡាវផងដែរ។ គោលដៅគឺប្រែក្លាយតំបន់ដែលធ្លាប់តែច្បាំងគ្នាកាលពីអតីតកាល ឲ្យទៅជាតំបន់អភិវឌ្ឍន៍។
យើងធ្វើការងារនេះបានច្រើនណាស់មកហើយ។ អ្នកទាំងអស់គ្នាដែលមិនធ្លាប់បានមកទីនេះ ក៏បានមកនៅទីនេះ ដោយសុខសប្បាយ។ ប៉ុន្តែ ជាអកុសល មានរឿងនេះកើតឡើង។ ឯគោលដៅទី២ របស់ខ្ញុំ គឺបានដាក់ចេញនៅពេលនោះ ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ នេះជាគោលដៅសំខាន់ ដែលខ្ញុំដាក់ចេញកាលពីឆ្នាំ១៩៩៨។ ឥឡូវ មកដល់ពេលនេះជិត ៣០ឆ្នាំហើយ។ យើងសម្រេចបាននូវលទ្ធផលល្អប្រសើរ។ ប៉ុន្តែ ជាអកុសល ការឡើងចុះក្នុងទំនាក់ទំនងរវាងកម្ពុជា-ថៃ វាក៏ចំណុះទៅលើឥរិយាបថនៃមេដឹកនាំនៅទីក្រុងបាងកក។
(៤) ជាមនុស្សទីពីរ បន្ទាប់ពីព្រះមហាក្សត្រ តើមានការចាំបាច់នឹងកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងឬ
ស្អែកខ្ញុំនឹងជូនសារ … លោកជំទាវ(នាយករដ្ឋមន្រ្តីថៃ) ហេតុអីបានជាមានរឿងនេះកើតឡើង? សូម្បីតែថ្ងៃនេះ អម្បាញ់មិញ ខ្ញុំបានបង្ហោះហ្វេសប៊ុកចេញទៅ (អំពីរឿងខ្ញុំមកទីនេះ)។ គេបានយកទៅកាឡៃភ្លាមថាខ្ញុំបានដកតួនាទីអគ្គបញ្ជាការកងទ័ព ហើយឡើងកាន់អគ្គបញ្ជាការខ្លួនឯងដើម្បីត្រៀមវាយថៃ។ ខ្ញុំបាន(បង្ហោះថែម)ថា ខ្ញុំមកសួរសុខទុក្ខ(កងទ័ពនិងប្រជាពលរដ្ឋភៀសសឹក)ទេតើ។ មិនមែនជាការឆ្លើយតបនោះទេ តែខ្ញុំរំព្ញកនូវអ្វីដែលពួកគេបាននិយាយ(កាឡៃនោះ)។ រឿងបែបនេះក៏គេអាចធ្វើទៅកើតដែរ។ នៅទីនេះ ក៏កំពុងផ្សាយចេញផ្ទាល់ដែរ។ មកកាន់ទីនេះ បើទោះបីជាខ្ញុំមិនចេញបញ្ជាទ័ពទេ អ្នកដែលមានសិទ្ធិបញ្ជាពេលនេះ គឺនាយករដ្ឋមន្រ្តី ដែលមកសួរសុខទុក្ខបងប្អូនកាលពីប៉ុន្មានថ្ងៃមុននេះ ដែលជាកូនប្រុសរបស់ខ្ញុំ, និយាយអញ្ចឹងទៅចុះ។ អ្នកដែលមានសិទ្ធិបញ្ជាទ័ពមាននាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងអគ្គបញ្ជាការកងទ័ព។ ប៉ុន្តែ ខ្ញុំមានភារកិច្ចទទួលខុសត្រូវមួយក្នុងឋានៈជាពលរដ្ឋ ឬក្នុងឋានៈជាមេដឹកនាំ ខ្ញុំជាមនុស្សទីពីរ បន្ទាប់ពីព្រះមហាក្សត្រមក គឺប្រធានព្រឹទ្ធសភានោះឯង ដែលជាមេដឹកនាំរបស់ប្រទេស តើខ្ញុំមានការចាំបាច់ទៅកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងទេ? សូម្បីតែអំណាចនាយករដ្ឋមន្រ្តីដែលខ្ញុំធ្លាប់កាន់ ៣៨ឆ្នាំ ក៏ខ្ញុំលះបង់។ ខ្ញុំតែងតាំងអគ្គបញ្ជាការទ័ព មេជើងគោក ឬក៏មេជើងអាកាស ជើងទឹក។ តើមានការចាំបាច់ណាមួយដែលត្រូវឲ្យខ្ញុំកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯង? បើសូម្បីតំណែងនាយករដ្ឋមន្រ្តីក៏សុខចិត្តចោល។
(៥) មេដឹកនាំលើ គោលនយោបាយយុទ្ធសាស្ត្រការពារជាតិ ផ្អែកលើខឿនការពារជាតិប្រជាជន
វាគ្មានការចាំបាច់នោះទេ។ បងប្អូនគ្រាន់តែនិយាយលេងជាមួយខ្ញុំ ហៅខ្ញុំថាជាអគ្គភស្ដុភារជាន់ខ្ពស់។ ខ្ញុំក៏ទទួលយកដោយការពេញចិត្ត ដើម្បីផ្គត់ផ្គង់កងទ័ពវាយចោរឈ្លានពាន។ សម្លេងរបស់ ហ៊ុន សែន គឺជាសម្លេងជាតិរបស់កម្ពុជា ជាមេដឹកនាំក្នុងការលើកគោលនយោបាយយុទ្ធសាស្ត្រការពារជាតិ ដោយផ្អែកលើខឿនការពារជាតិរបស់ប្រជាជន។ ហ៊ុន សែន បានចូលរួមដឹកនាំ និងដឹកនាំប្រទេសនេះ រយៈពេលជិតកន្លះសតវត្សរ៍ទៅហើយ។ ដូច្នេះគ្មានការចាំបាច់ណាឲ្យខ្ញុំទៅកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងនោះទេ។ ឥឡូវនេះ ឧត្ដមសេនីយ៍នៅខាងក្រោយទាំងប៉ុន្មានតែងតែគោរព និងផ្ដល់តម្លៃដល់ខ្ញុំ ក្នុងឋានៈជាមេដឹកនាំរបស់ពួកគេ។ ខ្ញុំមិនមែនត្រឹមតែជាមេទ័ពនោះទេ ប៉ុន្តែជាអ្នកបង្កើតទ័ពដើម្បីវាយ ប៉ុល ពត ទៀតផង។
(៦) បើមិនគោរពកិច្ចព្រមព្រៀងបារាំង-សៀម(១៩០៤) អមដោយផែនទីឆ្នាំ១៩០៧ ស្មើនឹងចោរ
ហេតុអ្វីបានជាអ្នកឯងមកបំភាន់ត្រឹមតែប៉ុណ្ណឹង។ អ្នកឯង(មានចេតនា)បំភាន់ ។ ខ្ញុំសូមជូនសារទៅអ្នកឯង សូមកុំបំភាន់។ អ្នកឯងធ្វើជាភ្លេចភ្លាំងប្រវត្តិសាស្ត្រ វង្វេងប្រវត្តិសាស្ត្រ ឬបំភ្លៃប្រវត្តិសាស្ត្រ មិនបានទេ។ អ្នកឯងត្រូវតែគោរពកិច្ចព្រមព្រៀងបារាំង-សៀម (១៩០៤) អមដោយផែនទីកាលពីឆ្នាំ១៩០៧។ បើអ្នកឯងមិនគោរពទេ គឺស្មើនឹងចោរ។ យើងប្រើផែនទីត្រឹមត្រូវរបស់យើងតាមច្បាប់អន្តរជាតិ។ អ្នកឯងចុះហត្ថលេខាជាមួយបារាំងនៅពេលនោះ អ្នកឯងត្រូវតែទទួលស្គាល់។ ដោយសារអ្នកឯងមិនទទួលស្គាល់ផែនទីនោះ ហើយគូសផែនទីខ្លួនឯងទើបមានរឿងនេះកើតឡើង។ ដូច្នេះ អំពើទាំងនោះបានបង្កវិនាសកម្មចំពោះប្រជាជនកម្ពុជា។ សូម្បីអ្នកទើបនឹងកូនខ្ចី អ្នកដែលមានផ្ទៃពោះក៏មកកាន់ទីនេះ មនុស្សចាស់ ជនពិការ ក៏មកកាន់ទីនេះ។ តើប្រជាជនកម្ពុជាចង់បានទេសង្គ្រាម? យើងអត់ចង់បានទេ។ ខ្ញុំជឿជាក់ថា ប្រជាជនថៃក៏មិនចង់បានដែរ។ ក៏ប៉ុន្តែមានជនល្មោភសង្គ្រាមមួយក្រុមតូច ដែលចង់ធ្វើរឿងនេះ។ ជម្លោះនយោបាយនៅបាងកក បានផ្ទេរមកកាន់ព្រំដែកកម្ពុជា-ថៃ។ អ្នកត្រូវយល់ថា កម្ពុជាមិនមែនល្ងង់ ដែលមិនដឹងរឿងរបស់អ្នកឯងទេ។ ថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯង។
(៧) ចង់បានទំនាក់ទំនងស្មើភាព គ្មានការឈ្លានពាន គ្មានការជ្រាតជ្រែក
សូម្បីអ្នកឯងដូរឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃ Anutin Charvirakul ចេញ ក៏អ្នកឯងផ្តាំមកខ្ញុំដែរ។ សូម្បីតែគ្នារបស់អ្នកឯងៗ ក្បត់ទៅហើយ តើអ្នកឯងអាចឹងក្បត់ខ្ញុំទេ? ច្បាស់ជាហ៊ានក្បត់។ ត្រូវចាំថា ថ្ងៃទី១៥ (មិថុនា២០២៥) អ្នកឯងបានផ្តាំតាមមនុស្សម្នាក់ថាដូរ Anutin Charvirakul ចេញពីរដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីយកក្រសួងមកឱ្យភឿថៃកាន់។ ខ្ញុំបានប្រាប់អ្នកឯងវិញថា ដូរគេប្រយ័ត្នគេដូរខ្លួនឯងវិញ។ អ្នកឯងរង់ចាំមើលលទ្ធផលទៅ។ បើសិនជាអ្នកប្រហើន ខ្ញុំនឹងលាតត្រដាងទាំងអស់នូវអ្វីដែលអ្នកឯងនិយាយជាមួយខ្ញុំ រាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯង។ ខ្ញុំអាចនិយាយអញ្ចឹង។ អ្នកឯង(ត្រូវ)ប្រដៅកូនរបស់អ្នកឯង។
អ្នកឯងក៏មានកូនធ្វើនាយករដ្ឋមន្ត្រី ឯខ្ញុំក៏មានកូនធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែអ្នកឯងកុំភាន់ច្រឡំឱ្យសោះជាមួយនឹង ហ៊ុន សែន។ ខ្ញុំអត់មានជំពាក់គុណថៃសូម្បីអ្វីមួយ។ ជាតិនិងជាតិរឿងមួយ ប៉ុន្តែរឿងបុគ្គលគឺអត់ទេ។ ខ្ញុំអត់មានជំពាក់គុណថៃទេ។ ប៉ុន្តែ ពួកក្រុមអ្នកឯងជំពាក់គុណខ្ញុំ។ ខ្ញុំមិនទារសាគុណទេ។ អ្វីតែខ្ញុំចង់បានគឺទំនាក់ទំនងស្មើភាព គ្មានការឈ្លានពានគ្នា គ្មានការជ្រាតជ្រែកគ្នាតែប៉ុណ្ណឹងទេ។ តើអ្នកឯងយល់ទេ? បើអ្នកឯងចង់បានបន្ថែម អ្នកឯងឆ្លើយតបយប់ហ្នឹងដើម្បីខ្ញុំប្រមូលព័ត៌មាន ហើយខ្ញុំវាយមួយចានចេញនៅថ្ងៃស្អែក។ ខ្ញុំអាចពន្យារពេលធ្វើដំណើរទៅទីក្រុងភ្នំពេញ។ ខ្ញុំអាចយកពេល ៤ទៅ ៥ម៉ោង ដើម្បីនិយាយរឿងនេះផ្សាយបន្តផ្ទាល់។
(៨) សង្ឃឹមថាប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលមានអំណាចពិតចេញមកដោះស្រាយជាមួយកម្ពុជា
ថ្ងៃនេះ ខ្ញុំបញ្ចេញបន្តិច ដើម្បីរង់ចាំមើលអ្នកឯងប្រតិកម្មយ៉ាងម៉េចយប់នេះ។ ខ្ញុំសូមជម្រាបថា អ្នកឯងបានមកស្នាក់នៅផ្ទះខ្ញុំ រស់នៅផ្ទះខ្ញុំ ហើយអ្នកឯងបានពឹងពាក់អ្វីខ្លះ អ្នកឯងនិយាយជាមួយខ្ញុំយ៉ាងម៉េចខ្លះ។ សូម្បីជនជាតិរបស់អ្នកឯងក៏អ្នកឯងក្បត់។ អញ្ចឹងអ្នកឯងមិនខ្លាចក្បត់ជាមួយខ្ញុំទេ។ ខ្ញុំយល់ដឹងរឿងនេះ។រឿងវាបានកើតឡើងអញ្ចឹង។ អ្នកឯងគួរតែប្រដៅកូនរបស់អ្នកឯង។ កូនស្រីរបស់អ្នកឯងគួរតែកុំប្រមាថអ្នកដទៃ។ ប៉ុន្តែ អ្វីដែលវាបានកើត វាកើតទៅហើយ។ យើងសង្ឃឹមថានៅប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលនឹងចេញមកដោះស្រាយជាមួយកម្ពុជា។ នៅពេលនេះ យើងមិនដឹងថាត្រូវចរចាជាមួយអ្នកណាទេ? អំណាចពិតប្រាកដគឺជាអ្នកណា? តើជាទ័ព ឬជាបក្សនយោបាយ ឬជាអ្នកនៅក្រោយបក្សនយោបាយ ឬក៏ជានាយករដ្ឋមន្រ្តី? វាអត់ដឹងថាអ្នកណាជាអ្នកមានអំណាចពិតប្រាកដ។ វាលំបាកណាស់។
(៩) កម្ពុជាធ្វើការជាមួយគ្រប់តួអង្គដែលនឹងចូលមកគ្រប់គ្រងប្រទេសថៃ
យើងអាចយល់បានថា គឺលុះត្រាតែមាននាយករដ្ឋមន្ត្រីថ្មីចូលកាន់តំណែង ទើបអ្នកនោះអាចមានសុច្ឆន្ទៈដោះស្រាយជាមួយកម្ពុជា។ កម្ពុជាមិនមើលទៅថៃជាសត្រូវនោះទេ។ យើងគ្រាន់តែចាត់ទុកថាពួកជ្រុលនិយមមួយក្រុមដោយរោយទៅដោយកងទ័ពខ្លះ និងអ្នកនយោបាយខ្លះតែប៉ុណ្ណោះ។ យើងមិនប៉ះពាល់ មិនថាអាវក្រហម អាវលឿង អាវចម្រុះពណ៌នោះទេ។ យើងធ្វើការជាមួយគ្រប់តួអង្គដែលចូលមកគ្រប់គ្រងប្រទេសថៃ។ យើងមិនរំពឹងថាគាំទ្របក្សនេះបក្សនោះ។ យើងមិនដែលធ្វើកិច្ចការនោះទេ។ អ្នកឯងពឹងពាក់ខ្ញុំយ៉ាងម៉េច សុំខ្ញុំពិគ្រោះយោបល់យ៉ាងម៉េច ខ្ញុំមានធ្វើ។ បើសិនជាអ្នកឯងចង់ឱ្យខ្ញុំបញ្ចេញនៅថ្ងៃស្អែក ខ្ញុំក៏នឹងបញ្ចេញនៅថ្ងៃស្អែក អំពីអ្វីខ្លះដែលអ្នកឯងបានធ្វើជាមួយខ្ញុំ រាប់ទាំងបានប្រាប់ខ្ញុំប្រមាថព្រះមហាក្សត្ររបស់អ្នកឯង។ ហ្នឹងខ្ញុំគ្រាន់តែជូនសារប៉ុណ្ណឹងទេ។
(១០) អាជ្ញាធរខេត្ត ស្រុក មូលដ្ឋានភូមិឃុំ ជួយគ្នារៀបចំលេណដ្ឋានសម្រាប់សុវត្ថិភាព
ឥឡូវបកមកបងប្អូនយើង។ ស្ថានភាពវាបែបនេះវាមិនមែនជាការងាយស្រួលទេ។ អរព្រះគុណចំពោះព្រះតេជគុណ ព្រះចៅអធិការ ដែលបានទទួលឱ្យមានការស្នាក់នៅទីនេះ បូកទៅដោយការចូលរួមកសាងនានាដើម្បីសុវត្ថិភាពរបស់បងប្អូន។ នេះគឺជារឿងដែលយើងលំបាកនឹងជៀសវាង។ ក៏ប៉ុន្តែ ទោះបីជាយើងចង់ជៀស ក៏ជៀសវាងវាមិនបាន។ សំណាងល្អដែលយើងមានកន្លែងស្នាក់នៅ។ តែវាមិនដូចផ្ទះយើងទេ។ ខ្ញុំសូមផ្ដាំផ្ញើថា, មានគ្រួសារខ្លះ ប្រពន្ធមកទីនេះ យកកូនមកទីនេះ ប្តីនៅចាំផ្ទះ។ សូមឲ្យប្រឹងប្រែងរៀបចំលេណដ្ឋាននៅតាមផ្ទះ ព្រោះពួកគេអាចនឹងធ្វើការវាយប្រហារយើងគ្រប់ពេល។ ដូច្នេះ ក្រៅពីបងប្អូនដែលបានជម្លៀសខ្លួនមកកាន់ទីនេះ ក្នុងឋានៈជាជនភៀសសឹក ដែលមានអ្នកនៅតាមផ្ទះ សូមឲ្យពួកគេជីកលេណដ្ឋានឲ្យបានរឹងមាំ ដើម្បីការពារខ្លួន សុវត្ថិភាពខ្លួន និងក្រុមគ្រួសារខ្លួន។ នៅពេលណាមួយ យើងវិលត្រឡប់ បែរជាមានរឿងកើតឡើង យើងក៏មានទីជម្រក សូមឲ្យគ្រប់ផ្ទះដែលនៅជិតតំបន់ព្រំដែន ជីកលេណដ្ឋាន។ រឿងនេះ អាជ្ញាធរខេត្តក៏ដូចជាស្រុក និងមូលដ្ឋានភូមិ ឃុំ យកចិត្តទុកដាក់ជួយគ្នា ដើម្បីរៀបចំលេណដ្ឋាន សម្រាប់សុវត្ថិភាព។ យើងធ្លាប់ដេកលេណដ្ឋានតាំងពីឆ្នាំ១៩៧០ រហូតមកទល់ឆ្នាំ១៩៩៨ ទើបយើងបញ្ចប់សង្គ្រាម។ ឥឡូវយើងបែរជានាំគ្នាទៅដេកលេណដ្ឋានឡើងវិញ នៅក្នុងផ្នែកមួយនៃទឹកដីកម្ពុជាគឺព្រំដែនកម្ពុជា-ថៃ ដែលផ្តើមចេញ(ពីថៃ) មិនមែនចេញពីយើងទេ។
(១១) កម្ពុជាការពារតែទឹកដីបច្ចុប្បន្ន មិនចង់បានទឹកដីរបស់អ្នកណាទេ
យើងគ្មានត្រូវការឈ្លានពានទឹកដីអ្នកណាទេ។ ទឹកដីយើងបាត់បង់ច្រើនណាស់ទៅហើយ។ អ្នកជិតខាងយើង មានជនជាតិខ្មែរនៅទីនោះ ដែលនិយាយភាសាខ្មែរយ៉ាងច្បាស់។ នេះជាភស្តុតាងបញ្ជាក់ថា ទឹកដីខ្មែរកាលពីដើមធំទូលាយ ជនជាតិយើងគឺនៅច្រើនកន្លែង។ យើងនៅសល់ទឹកដីប៉ុណ្ណេះ យើងការពារទឹកដីតែប៉ុណ្ណឹង អត់ចង់បានទឹកដីរបស់អ្នកណាទេ។ សូមអំពាវនាវបងប្អូនជនរួមជាតិដែលមកដល់កន្លែងនេះ ខិតខំរក្សាការពារអនាម័យ ខិតខំការពារខ្លួន ជាពិសេសស្ត្រីមានផ្ទៃពោះ កុំភ្លេចថា ពេលនេះម្នាក់ជីវិត២។ ត្រង់នេះហើយដែលយើងត្រូវតែមានការទទួលខុសត្រូវ និងសូមអាជ្ញាធរខេត្តរៀបចំឲ្យបានច្បាស់លាស់អំពីការទទួលខុសត្រូវនានាសម្រាប់សុវត្ថិភាព រាប់ទាំងបញ្ហាក្រុមគ្រូពេទ្យប្រចាំការជាដើម ត្រូវតែមានឲ្យបានច្បាស់។ ជួនកាលជំងឺភ្លាមៗ ត្រូវដោះស្រាយភ្លាមៗ។ តួអង្គក្រសួងសុខាភិបាលត្រូវមានចំណែកទទួលខុសត្រូវ កាកបាទក្រហមក៏មានការទទួលខុសត្រូវ ផ្នែកពាក់ព័ន្ធនានាមានការទទួលខុសត្រូវ យើងទទួលខុសត្រូវចំពោះបងប្អូនជនរួមជាតិរបស់យើង។ ខ្ញុំពិតជាមានការសោកស្តាយ ដែលរឿងបែបនេះកើតឡើង។
(១២) ដំណាក់កាលខ្ពស់បំផុតនៃទំនាក់ទំនងកម្ពុជាថៃគឺក្នុងតំណែងអតីតនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា
និយាយតាមត្រង់ ជំនាន់ ប្រាយុទ្ធ ចាន់អូចា រយៈពេលជិត ១០ឆ្នាំ អត់មានរឿងអីកើតឡើង។ ដំណាក់កាលខ្ពស់បំផុតនៃទំនាក់ទំនងគឺដំណាក់កាលអតីតនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា។ ទោះបីគាត់ចេញពីទាហាន ប៉ុន្តែគាត់បានដឹកនាំប្រទេស ហើយធ្វើសាមគ្គីភាពជាមួយប្រទេសជិតខាងទាំងអស់។ ឥឡូវនិយាយដោយត្រង់ៗ ប្រទេសថៃមានបញ្ហាគ្រប់ប្រទេសទាំងអស់ជាប់ជិតខាង។ ព្រំដែនកម្ពុជាត្រូវបានបិទក្រោយគេទេ។ ព្រំដែនជាមួយម៉ាឡេស៊ីក៏មានបញ្ហា។ ឥឡូវម៉ាឡេស៊ីប្រុងធ្វើរបងដើម្បីទប់ស្កាត់គ្រឿងញៀន។ ព្រំដែនជាមួយ មីយ៉ាន់ម៉ា ព្រំដែនជាមួយឡាវ សុទ្ធតែមានបញ្ហា នៅសល់ព្រំដែនកម្ពុជា។ ឥឡូវត្រូវបានបិទជាឯកតោភាគី។ ខ្ញុំសង្ឃឹមថានឹងមាននាយករដ្ឋមន្ត្រីថ្មីមួយឡើងមកកែសម្រួលទំនាក់ទំនងនេះ។ យើងត្រៀមខ្លួននឹងធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីក្រោយទៀត។ យើងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងថៃទេ ក៏ប៉ុន្តែខ្ញុំដឹងថាតម្រូវការរបស់ប្រជាជនថៃនៅពេលនេះ ក៏ត្រូវការមេដឹកនាំថ្មីដែរ។
(១៣) តុលាការធម្មនុញ្ញ ឬសភាថៃ ពិតមិនអនុញ្ញតឲ្យមនុស្សបែបនេះដឹកនាំប្រទេសទេ
នេះមិនមែនជាខ្ញុំជ្រៀតជ្រែកទេ។ ខ្ញុំដាក់បង្ហោះសារសាកល្បងអំពីកូនខ្ញុំក្បាលទំពែក ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ អត្តលេខរបស់វានៅទាហាន។ ឥឡូវវាពាក់ផ្កាយ៣ ផ្កាយ៤ តែវានៅពាក់សក្តិ៥ ទេ។ វាមិនព្រមពាក់។ អញ្ចឹងបានខ្ញុំបង្ហោះ បងប្អូន ៣នាក់ មួយធ្វើនាយករដ្ឋមន្ត្រី មួយទៀតគឺទាហានខាងមេចារកម្ម និងមេបញ្ជាការរងកងទ័ពជើងគោក ឯមួយទៀតគឺក្បាលទំពែកតែឯង។ អញ្ចឹង ខ្ញុំបង្ហោះសារលេងទេ ថា ២នាក់មានសក់ តែមានមួកពាក់។ ឯមួយទៀតអត់សក់ តែអត់មួកពាក់។ ស្រាប់តែវាចូលមកសម្រុកជេរក្នុងហ្វេសប៊ុករបស់ខ្ញុំតែម្តង។ អញ្ចឹងបានខ្ញុំនិយាយទៅវិញថា តាមការស្មាន ប្រមាណជា ៣ខែខាងមុខនឹងមាននាយករដ្ឋមន្ត្រីថ្មី។ ឥឡូវចាំមើល បើខ្ញុំទាយខុសទុកចោលទៅចុះ។ ចាត់ទុកថាខ្ញុំខុស ប៉ុន្ដែប្រហែលជាមិនខុសទេ។ តុលាការធម្មនុញ្ញ ឬសភាថៃមិនអនុញ្ញតឲ្យមនុស្សបែបនេះដឹកនាំប្រទេសទេ ។ តើនាយករដ្ឋមន្ដ្រីមានអំណាច ឬកងទ័ពមានអំណាច? យើងមិនដឹងថាអ្នកណាទេ។ យើងគោរពការសំរេចចិត្តរបស់ប្រជាជនថៃ។ យើងមិនជ្រៀតជ្រែកទេ ប៉ុន្ដែហាក់ដូចជាជ្រុលពេកហើយ សូម្បីហ្វេសប៊ុករបស់ខ្ញុំក៏មកបង្កហេតុ។
(១៤) ប្រធានគណបក្សកាន់អំណាចមានសិទ្ធិរៀបចំ ជាមួយនាយករដ្ឋមន្ដ្រី អ្នកឈរជាសមាជិកសភា សមាជិកព្រឹទ្ធសភា និងមេទ័ពជាដើម
ខ្ញុំមកសួរសុខទុក្ខកងទ័ព ក៏ថាខ្ញុំដកតំណែងអគ្គបញ្ជាការទ័ពហើយៗ ធ្វើអគ្គបញ្ជាការទ័ពខ្លួនឯងដើម្បីវាយថៃ។ តើគាត់គ្រប់គ្រងព័ត៌មានខ្លួនឯងអត់បានទេ។ ខ្ញុំជាអ្នកតែងតាំងមេទ័ព ខ្ញុំជាអ្នករៀបចំ និយាយតាមមួយបែបទៅក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច។ ខ្ញុំមានសិទ្ធិនឹងរៀបចំជាមួយនាយករដ្ឋមន្ដ្រី។ ពេលមុនខ្ញុំធ្វើជានាយករដ្ឋមន្ដ្រីផង ប្រធានបក្សផង ប៉ុន្ដែឥឡូវអំណាចតែងតាំងស្ថិតនៅលើនាយករដ្ឋមន្ដ្រី ប៉ុន្ដែត្រូវបានពិគ្រោះយោបល់ជាមួយប្រធានគណបក្សកាន់អំណាច។ អ្នកណាឈរជាសមាជិកសភា អ្នកណាឈរជាសមាជិកព្រឹទ្ធសភា ត្រូវប្រធានគណបក្សកាន់អំណាច(ស្នើ)។ សូម្បីតែសំណើតែងតាំងនាយករដ្ឋមន្ដ្រី គឺត្រូវប្រធានគណបក្សកាន់អំណាច(ស្នើ)។
(១៥) នាយឧត្តមសេនីយផុតលេខផ្កាយមាស៥ របួសក្នុងសមរភូមិ ៥ដង និងចូលសមរភូមិ១០៥ លើក
ខ្ញុំជាអ្នកសើ្នតែងតាំងនាយករដ្ឋមន្ដ្រី។ រដ្ឋធម្មនុញ្ញតម្រូវបែបនេះ។ អញ្ចឹង តើមានការចំបាច់ឲ្យខ្ញុំធ្វើអគ្គបញ្ជាការកងទ័ពធ្វើអី? ផ្កាយ(លើស្មា)នេះពីដើម ព្រះមហាក្សត្រព្រះអង្គប្រទានតាំងពីឆ្នាំ២០០៧។ ឥឡូវ២០២៥ (មានរយៈពេល) ១៨ឆ្នាំ រួចមកហើយ។ នាយឧត្តមសេនីយផុតលេខផ្កាយមាស៥ មិនមែនជាទាហានធម្មតា ជាទាហានដែលឆ្លងកាត់សមរភូមិរបួស ៥ដង និងចូលសមរភូមិ១០៥ លើក។ សូមអ្នកកុំភាន់ច្រឡំ។ យុទ្ធសាស្ដ្រ យុទ្ធវិធីកងទ័ពតាំងពីកូនទាហានរហូតដល់ធ្វើជាមេដឹកនាំប្រទេស។ ជាមេដឹកនាំប្រទេសដែលគេប្រសិទ្ធនាមថា «នាយករដ្ឋមន្ដ្រីដែលយូរជាងគេនៅលើពិភពលោក»។
ខ្ញុំសូមបងប្អូនដោយការគោរពស្រឡាញ់។ ខ្ញុំមានការឈឺចាប់នៅក្នុងចិត្ត ដោយសារឃើញស្ថានភាពច្រំដែលកើតឡើង។ យើងនឹងស្វះស្វែងរកទំនាក់ទំនងជាមួយ(ប្រទេស)ជិតខាង។ ការវាយគ្នាមិនមែនជារឿងល្អទេ។ យើងប្រឹងប្រែងដើម្បីចៀសវាង។ ប៉ុន្ដែបើចៀសមិនបាន យើងត្រូវតែបង្ខំចិត្តវាយហើយ។ សូមកុំចាំបាច់គំរាមធ្វើនេះ/នោះ។ ថ្ងៃស្អែកខ្ញុំនឹងនិយាយ(រឿង)គំរាមនឹងដែរ។ គំរាមផេះអី។ ហ្នឹងខ្ញុំផ្ដាំទៅវិញ។ ខ្ញុំចាំមើលយប់នេះ គេឆ្លើយតបយ៉ាងម៉េច។ ស្អែកខ្ញុំនឹងប្រមូលដាក់ទៅមួយក្ដាំង ហើយបន្ទាប់ពីនឹង ខ្ញុំរង់ចាំធ្វើការជាមួយនាយករដ្ឋមន្ដ្រីថ្មីតែម្ដង។
(១៦) ធ្លាប់ជានាយករដ្ឋមន្រ្តី ពេលនេះជាឪនាយករដ្ឋមន្រ្តី និងបើលក្ខណៈសម្បត្តិល្អ អាចជាជីតានាយករដ្ឋមន្រ្តី
ឥឡូវមើលដៃរបស់ខ្ញុំនៅប៉ង់ស៊ីម៉ង់នៅឡើយ។ ខ្ញុំពិនិត្យសុខភាព ហើយពិនិត្យទៅដល់បេះដូង។ ខ្ញុំនិយាយឲ្យ (ដឹង)ទៅចុះ។ កុំឲ្យគេប៉ាន់ស្មានថា ខ្ញុំជិតស្លាប់។ ជិតស្លាប់អី បើស្រែកលឺម្ល៉ឹងៗ គេថាសម្រែករាជសីហ៍ សម្ដីសារិកា។ ឲ្យខ្ញុំនិយាយតិចៗ ម៉េចកើត! គេថាលោក ហ៊ុន សែន និយាយឡើងលឺនោះលឺ។ ចុះបើមិនឲ្យនិយាយលឺ (យ៉ាងម៉េច) … ខ្ញុំអត់ចេះធ្វើដូចទេ។ សម្ដីខ្ញុំតែប៉ុណ្ណឹង។ ខ្ញុំត្រូវពិនិត្យ(សុខភាព)ដើម្បីរុករកអោយឃើញតើជំងឺមានអ្វីខ្លះ។ អ្វីៗនៅល្អ ប៉ុន្ដែខ្ញុំទាមទារឲ្យគេពិនិត្យបេះដូងរបស់ខ្ញុំ។ បងប្រុសខ្ញុំម្នាក់បានទទួលមរណៈភាព(ដោយគាំងបេះដូង)នាឆ្នាំ ២០២២។ ត្រកូលខ្ញុំគ្រួសារខ្ញុំមិនដែលមានអ្នកគាំងបេះដូងទេ។
អញ្ចឹង ហើយទើបខ្ញុំមានតម្រូវការ (ឲ្យគ្រូពេទ្យពិនិត្យ) ហើយគ្រូពេទ្យក៏ឯកភាព។ (ការពិនិត្យ) ត្រូវការរុញតាមសរសៃដៃចូលមកដល់បេះដូងរបស់យើង។ ក្នុងសសៃរបស់យើង មានសសៃធំខាងស្ដាំចិញ្ចឹមបេះដូង សសៃធំមួយ បូកនឹងសសៃតូចបីជាខ្នែង គឺល្អទាំងអស់។ សំរាប់សសៃខាងឆ្វេងចិញ្ចឹមបេះដូងសសៃធំល្អទាំងអស់ សសៃតូចខែ្នង ២ ល្អ ឯសសៃមួយទៀតរួមនៅសល់១.៤ មីលីម៉ែត្រ។ អញ្ចឹងពេទ្យសំរេចចិត្តភ្លាមៗ ថា មិនទាន់ដាក់រ៉ឺស័រទេ គឺពង្រីកពីទំហំ១,៤ មីលីម៉ែត្រ ទៅជា ៤,៧ មីលីម៉ែត្រ។ បើសិនពីរបីឆ្នាំទៀតវារួមតូចមកវិញ ទើបយើងដាក់រ៉ឺស័រដើម្បីការពារកុំឲ្យមានជំងឺបេះដូងកើតឡើង។ អញ្ចឹង សុខភាពរបស់ ហ៊ុន សែន នៅល្អណាស់។ កុំមើលឃើញថា ហ៊ុន សែន បែបនេះថាជា ហ៊ុន សែន ទន់ខ្សោយ។
សូម្បីតែឥឡូវ ឧទាហរណ៍ ត្រូវបញ្ជាកងទ័ព ឬត្រូវចូលប្រយុទ្ធ ហ៊ុន សែន កំដរបាន។ ខ្ញុំធ្លាប់បានប្រកាសហើយ កាលពីប៉ុន្មានឆ្នាំមុន ថាពេលនេះខ្ញុំធ្វើនាយករដ្ឋមន្រ្តី ប៉ុន្តែថ្ងៃក្រោយ ខ្ញុំនឹងក្លាយទៅជាឪរបស់នាយករដ្ឋមន្រ្តី។ ឥឡូវនេះជាឪរបស់នាយករដ្ឋមន្រ្តី។ ប្រសិនបើលក្ខណៈសម្បត្តិល្អ ថ្ងៃក្រោយអាចនឹងខ្ញុំក្លាយទៅជាជីតារបស់នាយករដ្ឋមន្រ្តីក៏អាចថាបានដែរ វាសំខាន់លើប្រជាពលរដ្ឋជឿទុកចិត្តឬអត់។ តែប៉ុណ្ណឹងទេ។ មានសមត្ថភាពធ្វើឬអត់ និងប្រជាជនជឿទុកចិត្តឬអត់? ប្រទេសយើងជាប្រទេសបោះឆ្នោត។ មិនចាំបាច់អ្នកឯងមកប្រដៅ ហ៊ុន សែន ទេ។ ប្រទេសរបស់ខ្ញុំចេះចាត់ចែងហើយ។ សូមបញ្ជាក់ជូនអ្នកឯង។ សូមជូនសារទៅសម្រាប់អ្នកទាំងឡាយដែលបន់ឲ្យ ហ៊ុន សែន ស្លាប់ថា (ហ៊ុន សែន)មិនងាយស្លាប់ទេ។ របួស ៥ដង ហើយគេលួចបាញ់មិនដឹងប៉ុន្មានដង អត់ស្លាប់ផង ម៉េចនឹងស្លាប់អីលេងៗ ម្ល៉េះ។ ខ្ញុំដឹងថាបងប្អូន គឺមកចាំខ្ញុំយូរហើយ ឥឡូវប្រហែលមិនទាន់ដាំបាយផងទេ។
ពាំនាំ
ថ្ងៃនេះ បាននាំមកសម្រាប់ព្រះសង្ឃនៅវត្តពោធិ៍ ៥០០០ ដើម ២០ លានរៀល, ព្រះសង្ឃមួយអង្គៗ ៥០ ម៉ឺនរៀល, ប្រជាពលរដ្ឋ ១៥៦៩ គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៥០ ម៉ឺនរៀល, ថ្ងៃមុននាយករដ្ឋមន្រ្តីក៏មកផ្តល់ថវិកាដែរ ដែលឃើញថាបងប្អូនមួយចំនួនគេបាននាំយកអង្ករមកហើយ អញ្ចឹងទេ យើងយកលុយទៅ ហើយយើងចង់ទិញអ្វីក៏បានដែរ ស្រេចចិត្តយើង។ ដោយឡែកបងប្អូនជនពិការចំនួន ៣០ នាក់ បន្ថែមលើ ៥០ ម៉ឺនរៀល សូមជូនថែម ៥០ ម៉ឺនរៀលទៀត, សម្រាប់ស្រ្តីមានផ្ទៃពោះ ថ្ងៃមុននាយករដ្ឋមន្រ្តីជូន ៥០ម៉ឺនដែរ។ លើអា ៥០ម៉ឺនរៀលធម្មតា ឥឡូវឪរបស់នាយករដ្ឋមន្រ្តីថែមជូន ១លានរៀល។ គេប្រសិទ្ធនាមជាអគ្គភស្តុភារជាន់ខ្ពស់។ នាយករដ្ឋមន្រ្តីគេមានលុយរបស់រដ្ឋ។ ប៉ុន្តែសូមកុំភ្លេចថាឪនាយករដ្ឋមន្រ្តី ក៏មានសប្បុរសជនជាច្រើនចូលតាមឪរបស់នាយករដ្ឋមន្រ្តីដែរ ដើម្បីយកមកចែកជូនបន្ត។ ជាសិល្បៈចែករំលែកដែលយើងមានប្រជាជន ១៧លាននាក់នៅខាងក្រោយបងប្អូនភៀសសឹកទាំងនេះ។
ខ្ញុំនិយាយអម្បាញ់មិញ មនុស្សម្នាក់ជីវិត២។ បន្តិចទៀតសំរាល។ កុំឲ្យមកដល់ពេលនេះបែរជាខ្សត់ខ្សោយ ខ្វះនេះខ្វះនោះ។ ស្ថានភាពពេទ្យត្រូវត្រៀមរៀបចំ។ ឯគ្រូពេទ្យប្រចាំការជូន ១០លានរៀលដែរ, សម្រាប់ជូនអភិបាលខេត្តដោះស្រាយនៅកន្លែងហ្នឹង ជូន ១០០លានរៀល។ហ្នឹងតើវាមិនទៅលើសពីនាយករដ្ឋមន្រ្តី? ឪនាយករដ្ឋមន្រ្តីត្រូវតែអញ្ចឹង។ គេប្រសិទ្ធនាមថាជាអគ្គភស្តុភារជាន់ខ្ពស់។ ចៅហ្វាយខេត្តមានថវិការបស់ខេត្ត ក៏ប៉ុន្តែមិនគ្រប់គ្រាន់ទេនៅក្នុងការទ្រទ្រង់នេះ។ ថ្ងៃនេះ ខ្ញុំមកឲ្យ ១០០ លានរៀល តែថ្ងៃក្រោយរដ្ឋាភិបាលត្រូវបញ្ចេញថវិកាមកបន្ថែម ដើម្បីទ្រទ្រង់នៅកន្លែងនេះ។
(១៧) សុខចិត្តឲ្យគេក្បត់មុន ខ្ញុំមិនក្បត់អ្នកណាមុនទេ
ខ្ញុំមានប៉ុណ្ណឹងចុះ។ ខ្ញុំនឹងរង់ចាំស្តាប់ប្រតិកម្មពីទីក្រុងបាងកក ដើម្បីថ្ងៃស្អែកខ្ញុំលេងមួយចានបកប្រឡប់ទៅវិញ។ តើវាមានរឿងអ្វី? ប៉ុន្តែសូមបញ្ជាក់ណា ជូនសារថាខ្ញុំចង់មានសន្តិភាព ចង់មានមិត្តភាពជាមួយអ្នក ប៉ុន្តែបើអ្នកចាត់ទុកខ្ញុំជាសត្រូវ ខ្ញុំគ្មានជម្រើសទេ ខ្ញុំត្រូវតែទទួលយក។ អ្នកឯងចាត់ទុកខ្ញុំជាមិត្ត ខ្ញុំក៏ចាត់ទុកអ្នកឯងជាមិត្ត ប៉ុន្តែបើអ្នកឯងចាត់ទុកខ្ញុំជាសត្រូវ ខ្ញុំអត់មានជម្រើសក្រៅពីតទល់ជាមួយអ្នកឯងទេ។ មនុស្សខ្ញុំសុខចិត្តឲ្យគេក្បត់ខ្ញុំមុន ខ្ញុំមិនក្បត់អ្នកណាមុនទេ ឥឡូវគេក្បត់ខ្ញុំហើយ ខ្ញុំត្រូវតែលើកឡើងនូវអ្វីដែលគេធ្លាប់ក្បត់ជាតិរបស់គេ មកនិយាយឲ្យខ្ញុំស្តាប់។ នេះគ្រាន់តែជាការព្រមានចំពោះអ្នក ឲ្យចេះអប់រំកូន ហើយកូនក៏ត្រូវយល់អំពីឪពុករបស់ខ្លួនដែរ និងអ្នកដទៃទៀត។ សារខ្លះនៅក្នុងដៃរបស់ខ្ញុំនៅឡើយទេ គ្រាន់តែខ្ញុំមិនទាន់បញ្ចេញ។ ស្អែកខ្ញុំនឹងបកស្រាយមួយៗ អំពីបញ្ហាហ្នឹង។ សូមបងប្អូនទាំងអស់ទទួលយកនូវការគោរព ការស្រលាញ់របស់ខ្ញុំ និងទទួលការផ្តាំផ្ញើសួរសុខទុក្ខពីភរិយារបស់ខ្ញុំ ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា។
ខ្ញុំសូមជម្រាបដោយត្រង់ នៅពេលដែលភរិយាខ្ញុំស្រក់ទឹកភ្នែកនៅហ្នឹងមុខខ្ញុំ និងមុខចានបាយពិបាកណាស់។ ភរិយាខ្ញុំភ្នែកទន់ ខ្ញុំក៏ភ្នែកទន់។ នៅពេលដែលគាត់បានឃើញរូបភាពទាំងឡាយទាក់ទងនឹងបងប្អូនជនភៀសខ្លួន គាត់ស្រក់ទឹកភ្នែក។ គាត់យំនៅពេលដែលគាត់ឃើញអ្នកក្រីក្រលំបាកនៅកន្លែងនេះ/នោះ។ មិនមែនជាការសំដែងទេ។ ខ្ញុំបានជួយបន្ថយស្ថានភាពរបស់គាត់។ ខ្ញុំក៏បានជួយបន្ថយនូវកង្វល់របស់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាហ្លួងម៉ែ ព្រះមាតាជាតិជាទីសក្ការៈ នូវកង្វល់របស់ព្រះអង្គទាំងទ្វេសម្រាប់សុខទុក្ខកូនចៅ។ ខ្ញុំក៏ជួយបន្ថយនូវកង្វល់ទាំងឡាយរបស់បងប្អូនជនរួមជាតិ ដែលនឹកគិតមកដល់ទីនេះផងដែរ។ ខ្ញុំពិតជាមិនចង់ឃើញអ្វីកើតឡើងសម្រាប់បងប្អូននោះទេ ប៉ុន្តែរឿងនេះគឺជារឿងដែលជៀសមិនផុត។
ខ្ញុំបញ្ជាក់ថែមបន្តិច។ ក្រៅពីការពិនិត្យសុខភាពហើយ ខ្ញុំត្រូវធ្វើដំណើរ។ គេហាមឃាត់។ ឈាមបាញ់ គេបិទដៃ។ ទើបនឹងព្រឹកមិញទេគេដក(បង់បិទ)ចេញ ព្រោះឈាមនៅបាញ់ចេញខ្លាំង។ មិនស្រួលទេឈាមនឹងបាញ់ចេញមកខ្លាំង។ បើសិនកុំមានថ្ងៃ២៨(មិថុនា) ដែលជាខួបកំណើតបក្ស ខ្ញុំនឹងអាចនៅយូរជាងនេះ។ តែក្នុងឋានៈជាប្រធានគណៈបក្ស ខ្ញុំត្រូវអានសុន្ទរកថា។ ពីមុននេះ គ្រោងថាមកជួបបងប្អូន ទៅជួបមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នៅឯខេត្ត។ បន្ទាប់ទៅត្រឡប់ទៅភ្នំពេញវិញទាំងយប់។ ប៉ុន្តែក្រោយមកក៏ធ្វើការកែសម្រួលកម្មវិធី។ ថ្ងៃនេះ ខ្ញុំសម្រាកនៅទីរួមខេត្តព្រះវិហារ។ ព្រឹកស្អែកខ្ញុំជួបមន្ត្រីរាជការ ធ្វើការសំណេះសំណាលនៅទីនោះ ដែលខ្ញុំបាននិយាយអម្បាញ់មិញ ថាខ្ញុំនឹងផ្សាយបន្តផ្ទាល់វែកញែកអំពីសង្គ្រាមនិងសន្តិភាពរវាងទំនាក់ទំនងកម្ពុជា-ថៃ ក្នុងកម្រិតឡើងចុះរបៀបម៉េច។ ខ្ញុំអាចអាចមានឱកាសបានសួរសុខទុក្ខ បាននិយាយច្រើនជាមួយបងប្អូននៅទីនេះ សង្ឃឹមថាបងប្អូនមិនធុញទ្រាន់ជាមួយនឹងអ្វីដែលខ្ញុំនិយាយនោះទេ។
ចុងបញ្ចប់ជូនពរចំពោះបងប្អូនទាំងអស់ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង៥ប្រការអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕