
នៅរសៀល ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ ជាង១៥០០គ្រួសារ ស្ថិតនៅភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។
សម្ដេចតេជោ ហ៊ុន សែន ផ្ដើមថ្លែងទៅកាន់ប្រជាពលរដ្ឋនៅតំបន់ភៀសសឹកថា ប៉ុន្មានថ្ងៃមុននាយករដ្ឋមន្ដ្រីបានមកជួបពលរដ្ឋម្ដងរួចមកហើយ។ ថ្ងៃនេះឪពុកនាយករដ្ឋមន្ដ្រីបានជួបពលរដ្ឋម្ដង។ សម្ដេចតេជោបាននាំយកនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រ និងហ្លូងម៉ែ ជូនប្រជាពលរដ្ឋនៅតំបន់ភៀសសឹកទាំងអស់ដែលព្រះអង្គទាំងទ្វេតែងខ្វាយខ្វល់អំពីសុខទុក្ខពលរដ្ឋ និងកងទ័ពគ្រប់ពេលវេលា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា វត្តមានសម្ដេចនៅតំបន់ភៀសសឹក បាននឹកឃើញនូវអ្វីដែលហៅថាសន្ដិភាព និងអ្វីទៅដែលហៅថាសង្គ្រាម។ សម្ដេចសម្ដែងនូវការអណោចអធម៌ ចំពោះអតីតកាលរបស់កម្ពុជា ដែលពេលនេះវិលត្រឡប់មកវិញដោយសារការឈ្លានពានរបស់ប្រទេសជិតខាង។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រាប់អន្ដរជាតិថា «តើកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា»? តើថៃបានជម្លៀសពលរដ្ឋខ្លួនចេញពីព្រំដែនដោយសារកម្ពុជាឈ្លានពានទេ? សម្ដេចតេជោបានថ្លែងថា កម្ពុជាជាប្រទេសរងគ្រោះដោយសារការឈ្លានរបស់កងទ័ពថៃ ដែលជារឿងអកុសកល និងសូមឲ្យបរទេសទាំងឡាយដែលប្រកាន់សច្ចធម៌ ស្រលាញ់សន្ដិភាព មើលឃើញឲ្យច្បាស់អំពីការឈ្លានពានរបស់ថៃ។
សម្ដេចបានថ្លែងបន្តថា កម្ពុជាប្រាថ្នាជាមិត្ត ប៉ុន្ដែថៃចិញ្ចឹមចិត្តឈ្លានពានកម្ពុជា តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជិត១០ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ និងឆ្នាំ២០២៥នេះ ពុំមានរឿងអ្វីកើតឡើងជាមួយថៃឡើយ ដោយសម្ដេចធ្វើការបានយ៉ាងល្អជាមួយអតីតនាយករដ្ឋមន្ដ្រីថៃ។ ក្រោយមកនាយករដ្ឋមន្ដ្រីថៃ ដែលបានឡើងកាន់តំណែងប៉ុន្មានខែមុននេះ ក៏មានបញ្ហាកើតឡើង។សម្ដេចបន្តថា នៅថ្ងៃទី២៧ ខែមិថុនាស្អែកនេះ សម្តេចនឹងថ្លែងសារទៅកាន់ពលរដ្ឋខ្មែរ និងថៃ អំពីបញ្ហាព្រំដែន និងទំនាក់ទំនងគ្រួសាររវាងសម្ដេច ជាមួយគ្រួសារនាយករដ្ឋមន្ដ្រីថៃផែថងថាន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងព្រមានទម្លាយសារសំខាន់ៗពាក់ព័ន្ធក្រុមគ្រួសារថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯង។សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយនូវអ្វីដែលបានកើតឡើង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ សម្ដេចបានថ្លែងថា មុនដាក់ចេញយុទ្ធសាស្ដ្រត្រីកោណ បានប្ដេជ្ញា ប្រែក្លាយតំបន់អតីតសមរភូមិទៅតំបន់អភិវឌ្ឍន៍ ទើបរាជរដ្ឋាភិបាលសម្រេចក៏សាងភូមិឋានរបស់ពលរដ្ឋនៅពេលនេះ និងគោលដៅទី២ ប្រែក្លាយខ្សែព្រំដែនទាំងអស់ ទៅជាមិត្តភាព សន្ដិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជិត៣០ឆ្នាំហើយ ដែលសម្រេចបាននូវលទ្ធផលទាំងពីរខាងលើនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលមានសិទ្ធិបញ្ជាកងទ័ព គឺនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ តែសម្ដេចជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ ដែលជាមេដឹកនាំរបស់ប្រទេស។ សម្ដេចបានលះបង់តំណែងជានាយករដ្ឋមន្ដ្រី ដូច្នេះមិនចាំបាច់ទៅកាន់អគ្គមេបញ្ជាការកងទ័ពដោយខ្លួនឯងនោះទេ។ សម្ដេចតេជោ ហ៊ុន សែន ទទួលយកតំណែងជាអគ្គភ័ស្ដុភារជាន់ខ្ពស់ដោយការពេញចិត្ត ដើម្បីផ្គង់ផ្គត់កងទ័ពវាយកម្ទេចចោរសៀមឈ្លានពាន។សម្ដេចមិនត្រឹមតែជាមេទ័ពទេ តែជាអ្នកបង្កើតទ័ពដើម្បីវាយកម្ទេចប៉ុលពត។ សម្ដេចតេជោ ហ៊ុន សែន បានជូនសារទៅថៃ កុំភ្លេចប្រវត្តិសាស្ដ្រ កុំបំភ្លៃប្រវត្តិសាស្ដ្រ អ្នកត្រូវគោរពកិច្ចព្រមព្រៀង បើមិនគោរពទេស្មើចោរ។ សម្ដេចសោកសង្រែកនៅពេលឃើញស្ដ្រីមានផ្ទៃពោះ ជនពិការ ត្រូវរត់ភៀសខ្លួនដោយសារថៃឈ្លានពានកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះនយោបាយនៅបាងកក ត្រូវផ្ទេរមកជាជម្លោះនៅព្រំដែនជាមួយកម្ពុជា។ សម្ដេចតេជោបានផ្ដាំទៅលោក ថាក់ស៊ីន ឱ្យប្រដៅកូនខ្លួនដែលជានាយករដ្ឋមន្ដ្រីថៃ កុំប្រមាថអ្នកដទៃ។ សម្ដេចកំពុងរង់ចាំមើលបេក្ខភាពនាយករដ្ឋមន្ដ្រីថ្មីរបស់ថៃ។ លុះត្រាតែមាននាយករដ្ឋមន្ដ្រីថៃថ្មី ទើបមានឆន្ទៈដោះស្រាយបញ្ហាជាមួយកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណព្រះចៅអធិការវត្តពោធិ៍៥០០០ដើម ដែលផ្ដល់ទីតាំងស្នាក់នៅជូនជនភៀសសឹកនៅផ្ទះនេះ។
សម្ដេចក៏បានអំពាវនាវពលរដ្ឋនៅតាមភូមិឋាន ត្រូវចាត់ចែងរៀបចំលេណដ្ឋាន ព្រោះពួកថៃអាចនឹងវាយប្រហារកម្ពុជា។ សម្ដេចក៏បានណែនាំអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ត្រូវជួយរៀបចំលេណដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ។ សម្ដេចតេជោអំពាវនាវពលរដ្ឋនៅតំបន់ភៀសសឹក រក្សាអនាម័យ និងការពារខ្លួន ពិសេសស្ដ្រីមានផ្ទៃពោះ ព្រោះពេលនេះម្នាក់តែជីវិតពីរ។ សម្ដេចតេជោ ក៏ណែនាំអាជ្ញាធរខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំឲ្យកាន់ច្បាស់លាស់ ហើយក្រសួងសុខាភិបាល កាកបាទក្រហមនិងផ្នែកពាក់ព័ន្ធត្រូវរួមគ្នាទទួលខុសត្រូវចំពោះជនរួមជាតិខ្មែរ និងសោកស្ដាយចំពោះបញ្ហាដែលបានកើតឡើង ដោយសារថៃឈ្លានពាន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាន់នាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចារ គឺកម្ពុជា-ថៃ បានឈានទៅភ្ជាប់ទំនាក់ទំនងខ្ពស់បំផុត។ នៅពេលនេះថៃ ជម្លោះជាមួយប្រទេសផ្សេងទាំងអស់នៅជុំវិញប្រទេស, ព្រំដែនកម្ពុជាបិទក្រោយគេ ដោយថៃជាអ្នកបិទជាឯកតោភាគី។ សម្ដេចតេជោ ហ៊ុន សែន បានទាយទុកមុនថា ក្នុងរយៈពេល៣ខែ ថៃនឹងមាននាយករដ្ឋមន្ដ្រីថ្មី តុលាការធម្មនុញ្ញថៃ មិនត្រូវការមេដឹកនាំសព្វថ្ងៃនេះឡើយ។
នៅថ្ងៃនេះ សម្ដេចតេជោបាននាំយកនូវថវិកាជូនដល់គ្រួសារភៀសសឹកនៅទីនេះជាង១៥០០គ្រួសារ ដោយ១គ្រួសារទទួលបាន៥០មុឺនរៀល និងស្ត្រីមានផ្ទៃពោះ១លានរៀល។ ជាគ្នានោះសម្ដេចតេជោក៏បានលើកយោបល់ឲ្យរាជរដ្ឋាភិបាលទម្លាក់ថវិកាបន្ថែមសម្រាប់ឧបត្ថម្ភនៅតំបន់ជនភៀសសឹកបន្តទៀត៕