
FN ៖ ពីលើទឹកដីអតីតរាជធានីអង្គរដ៏ល្បាញល្បីនាព្រឹកថ្ងៃចន្ទ ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ ពីថ្នាក់កណ្ដាលដល់មូលដ្ឋាន ដែលបានរួមគ្នាយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ព្រមទាំងបានលះបង់ពេលវេលាដ៏មានតម្លៃនិងធនធានផ្ទាល់ខ្លួន ដើម្បីបំពេញមុខងារ ក្នុងតួនាទីនិងបេសកកម្មដ៏ពិសិដ្ឋរបស់ ស.ស.យ.ក. ជាពិសេសកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងទស្សនាទាន UYFC 2.0 ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ព្រឹត្តិការណ៍សាទរកម្ពុជា» បានបង្ហាញឱ្យឃើញស្មារតីវេញជាធ្លុងមួយក្នុងការអបអរ និងបន្តថែរក្សានូវស្នាដៃ និងសមិទ្ធផលដ៏ថ្លៃថ្លាដែលថ្នាក់ដឹកនាំជំនាន់មុនបានទុកជាមរតក ហើយថ្នាក់ដឹកនាំបន្តវេននិងយុវជនយើងគ្រប់រូបត្រូវថែរក្សា ការពារ និង
បន្តអភិវឌ្ឍបន្ថែមឱ្យបានកាន់តែខ្លាំងក្លា។ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ការរៀបចំកម្មវិធីថ្មើរជើងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ទាំងនៅផ្ទៃក្នុងជាតិ និងបណ្តាញសារព័ត៌មានបរទេស និងក្នុងប្រទេសថៃផងដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានហៅការចូលរួមរង្វង់១៥ម៉ឺននាក់ ក្នុងកម្មវិធីថ្មើរជើងនោះ គឺជាការបង្ហាញពីសាមគ្គីភាព និងចលនាជាតិនិយម។ សម្តេចប្រមុខរាជរដ្ឋាភិបាល ចាត់ទុកចលនានេះ ជាចលនាជាតិនិយមមួយដ៏ត្រឹមត្រូវ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះក្រុមប្រឆាំងនៅក្រៅប្រទេស គ្រាកម្ពុជា កំពុងរួមគ្នាប្រឆាំងការឈ្លានពានរបស់ថៃ ពួកគេបែរជាធ្វើចលនាផ្សេងៗបំបែកសាមគ្គីជាតិ បូករួមទាំងការបំភ្លៃរឿងកោះឫស្សីត្រូវបានគេទន្ទ្រាន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះកម្លាំងសាមគ្គី និងការរួបរួមគ្នាជាធ្លុងរបស់ប្រជាពលរដ្ឋខ្មែរ បើទោះបីមានការព្យាយាមបំបែកបំបាក់ពីក្រុមប្រឆាំង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីស្រឡាញ់ជាតិ ស្នេហាជាតិ និងជាតិនិយមរបស់ខ្មែរនាពេលនេះ គឺខ្ពស់ណាស់។ ចលនាជាតិនិយមរបស់ខ្មែរនាពេលនេះ ក៏ព្រោះតែភាគីថៃ។ ថៃ បានព្យាយាមប្រើចលនាជាតិនិយមបង្កើតជម្លោះជាមួយកម្ពុជា ប្រើចលនាសេដ្ឋកិច្ចដាក់គំនាបលើកម្ពុជា និងប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាជាតិនិយមរបស់ថៃ បានរាលដាលបង្កើតជាជម្លោះនាពេលនេះ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាព្យាយាមអត់ធ្មត់ណាស់ជាមួយនឹងភាពគឃ្លើនរបស់ថៃ ព្រោះមិនចង់ឃើញបញ្ហារវាងប្រទេសទាំងពីរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាជាតិនិយមរបស់កម្ពុជានាពេលនេះ កើតឡើងព្រោះតែទង្វើរបស់ថៃ ដែលព្យាយាមអុជអាលពីមួយរឿងទៅមួយរឿង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វាមិនដែលកើតរឿងនៅមុំ៣ បែរជាដើរបិទព្រំដែន ក្រោមហេតុផលការពារសន្តិសុខនោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានភាពទន់ភ្លន់ តែក៏ត្រូវឆ្លើយតបដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធីឆ្លើយតបរបស់កម្ពុជា គឺប្រៀបដូចជាពស់ មិនមាត់ច្រើនទេ តែមកមិនស្រួលចឹកសម្លាប់តែម្តងទៅ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រំដែនរបស់កម្ពុជា ដែលបិទ គឺបិទជាអចិន្ត្រៃយ៍តែម្តង បើចង់បើកវិញ គឺត្រូវតែបើកទាំងអស់ព្រមគ្នា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សព្វាវុធរបស់កម្ពុជារៀបចំរបៀបដាក់ទុនតិច តែចំណេញច្រើន។ មិនមានរថក្រោះ មិនមានយន្តហោះ តែមានកាំភ្លើងសម្រាប់បាញ់រថក្រោះ និងយន្តហោះ។ សព្វាវុធរបស់កម្ពុជា រៀបចំដើម្បីការពារបូរណភាពទឹកដី មិនមែនប្រើសម្រាប់ឈ្លានពានគេនោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំកងកម្លាំង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិតច្រកព្រំដែនជាឯកតោភាគីរបស់ថៃ គួរតែគិតជាចម្បងទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងចោទសួរថា តើកម្ពុជាត្រូវធ្វើការជាមួយភាគីណាជាមួយថៃ? ភាគីមួយចរចាបើក ភាគីទ័ពបែរជាបិទ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុននឹងមកចរចាជាមួយកម្ពុជា ថៃគួរតែឯកភាពផ្ទៃក្នុងជាមុនសិន, ភាគីណាក៏បានក្នុងការមកជជែករឿងបើកច្រកព្រំដែនជាមួយកម្ពុជា កម្ពុជាចាប់តែអនុវត្តន៍នោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យព្រំដែនត្រឡប់ទៅរកសភាពដើមវិញ គឺងាយស្រួលណាស់ ដំបូង គឺបើកច្រក បន្ទាប់មកនិយាយរឿងដកទ័ព។ សម្តេចបានថ្លែងថា ការដោះស្រាយព្រំដែន កូនសោដោះស្រាយបញ្ហា ស្ថិតនៅលើដៃរបស់ថៃ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថៃ បានបង្ហោះដ្រូនបំពានដីកម្ពុជា ជាបន្តបន្ទាប់។ ក្រោយពេលសម្តេចបញ្ជាឱ្យបាញ់ និងធ្លាក់មួយចំនួន ក៏ស្ងាត់ទៅវិញ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទម្លាយថា ទាហានថៃភ្លេចកាំភ្លើងយន្តមួយដើម ត្រូវបានរើសបាន ហើយហៅទាហានថៃឱ្យមកយកវិញ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកំណត់ឈ្នះចាញ់មិនស្ថិតលើសព្វាវុធតែម្យ៉ាងនោះឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំអកទៅក្រុមជ្រុលនិយមថៃចង់វាយចូលដល់ភ្នំពេញ ឱ្យសាកមើលទៅកុំប្រមាថ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែនជាមួយថៃនាពេលនេះ មិនមែនបង្កឡើងដោយកម្ពុជានោះឡើយ។ អ្វីដែលកម្ពុជាឆ្លើយតប គឺដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដីតែប៉ុណ្ណោះ។
- យោងតាមការផ្សាយព័ត៌មានរបស់ថៃ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានពលរដ្ឋថៃ ធ្វើអត្តឃាត ព្រោះតែយោធាថៃបិទព្រំដែន ធ្វើឱ្យការលក់ដូរកសិផលជួបបញ្ហា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្តឹងទៅកាន់ ICJ គឺកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិ និងឯកសារគ្រប់គ្រាន់ ប៉ុន្តែការបង្ហាញជាសាធារណៈ គឺត្រូវគោរពតាមនីតិវិធីរបស់ ICJ មិនអាចរំលោភវិធានរបស់គេបានទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បងប្អូនប្រជាពលរដ្ឋខ្លះអន្ទះសាចង់ដឹងពីការប្តឹងរបស់កម្ពុជាទៅ ICJ ប៉ុន្តែយើងមិនអាចបង្ហាញគ្រប់ជំហាននោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នីតិវិធីរបស់តុលាការអន្តរជាតិ មិនមែនជាកន្លែងផ្ញើកង់ទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា មានប្រទេសមួយចំនួនសុំខ្លួនចូលរួមសម្របសម្រួលវិវាទព្រំដែនរវាងកម្ពុជា និងថៃ ហើយចង់ឱ្យដោះស្រាយកម្រិតទ្វេភាគី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីតំបន់ចំនួន៤រួមមាន តាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ គឺកម្ពុជា នៅតែរក្សាការដោះស្រាយទ្វេភាគី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាជាមួយថៃ ប៉ុន្តែមិនឱន មិនទន់ជ្រាយ ឱ្យគេប្រមាថនោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាក៏មិនឱនដូរអធិបតេយ្យជាតិ បូរណភាពទឹកដី ព្រោះប្រយោជន៍សេដ្ឋកិច្ចនោះដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាផ្នែកសេដ្ឋកិច្ច អ្នកលក់ គឺខាតច្រើនជាងអ្នកទិញ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីកម្ពុជា កំពុងជាប់រវល់នឹងវិវាទព្រំដែនជាមួយថៃ តែរាជរដ្ឋាភិបាលមិនរំលងចោលការគិតគូរចំពោះពលរដ្ឋកំពុងរស់នៅអ៊ីស្រាអែល ពេលកំពុងមានសង្គ្រាមជាមួយអ៉ីរ៉ង់នោះឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរគាំទ្រផលិតផលខ្មែរ ហើយប្រឹងប្រែងដាំដុះផលិតកែច្នៃ ដើម្បីបម្រើការហូបចុក និងប្រើប្រាស់ខ្លួនឯង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងពាណិជ្ជកម្មគ្រប់គ្រងឱ្យបានតម្លៃទំនិញលើទីផ្សារ កុំឱ្យឆ្លៀតឱកាសដំឡើងថ្លៃ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវប្រជាពលរដ្ឋខ្មែរ កុំឱ្យមានការរើសអើងជាតិសាសន៍ និងបង្កើតអរិភាពរវាងប្រជាជន និងប្រជាជន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្វាគមន៍លោកតា ស៊ុច និមន្តមកគង់នៅកម្ពុជា ហើយមិនដេញទៅណានោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋខ្មែររស់នៅក្នុងប្រទេស បើទោះបីអត់មានឯកសារគ្រប់គ្រាន់ ក៏អាចវិលត្រឡប់មកខ្មែរវិញបានដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំមើលងាយ កុំប្រមាថកម្ពុជា កម្ពុជាមានលទ្ធភាពម្ចាស់ការ និងឯករាជ្យក្នុងការរស់នៅដោយមិនពឹងដង្ហើមប្រទេសជិតខាង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកម្ពុជាខុសពីថៃ។ កម្ពុជានាយករដ្ឋមន្ត្រីបញ្ជាបែបណា គឺត្រូវតែអនុវត្តបែបនោះ ខុសពីថៃ នាយករដ្ឋមន្ត្រីនិយាយផ្សេង យោធាធ្វើផ្សឹង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់វិធានការដែលសម្តេចដាក់ចេញ គឺសម្តេចជាអ្នកទទួលខុសត្រូវ កុំខ្លាចអនុវត្តទៅ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គេអាចធ្វើប្រតិភូកម្មផ្នែកសិទ្ធិ តែមិនអាចប្រតិភូកម្មផ្នែកទទួលខុសត្រូវនោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងព្រមានថៃថា កុំយកយោធា មកដាក់សម្ពាធកម្ពុជា ដើម្បីដកបណ្តឹងពី ICJ គឺទៅមិនរួចទេ។