សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
គណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម, គណៈដឹកនាំគ្រឹស្តសាសនិក
សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយ
សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ !
ថ្ងៃនេះជាទិវាដ៏ឱឡារិក និងមានអត្ថន័យជ្រាលជ្រៅក្រៃលែងសម្រាប់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចបងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍លើទី ៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ គណបក្សមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯក-រាជ្យជាតិ ដោយរួមសាមគ្គីប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួម គឺពួកអាណានិគមនិយម។ ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណ-បក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាព ដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺ ការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្ដួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ, ការការពារជាតិ និងស្ដារកសាងប្រទេសឡើងវិញ, ការកសាងសន្តិភាព និងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។
យើងប្រារព្ធពិធីនេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបុព្វការីជន សមាជិក សមាជិកាគណបក្ស កម្មា-ភិបាល យុទ្ធជន យុទ្ធនារីដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ទិសទី ដែលបានធ្វើការតស៊ូ និងលះបង់យ៉ាងធំធេងនៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមទាំងនេះ ធ្វើឱ្យប្រជាជាតិមាតុភូមិជាទីស្នេហានៃយើងបានស្ថិតស្ថេរ រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាបំផុតនេះ ហើយប្ដេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជារៀងរហូត។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទូលព្រះបង្គំយើងខ្ញុំសូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសុខក្សេមក្សាន្ដនៃមាតុភូមិ និងប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទីជារៀងដរាប។
ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាពិសេស បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍នៅថ្ងៃ៧មករា ឆ្នាំ ១៩៧៩ មក គណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជា-ជន និងសភាពការណ៍ជាក់ស្ដែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្ដប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាននូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល។
លើមូលដ្ឋានតថភាពនេះ ប្រជាជនពិតជាបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជាគណបក្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិ ការកសាង និងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបន្តដឹកនាំប្រជាជនឆ្ពោះទៅរកអនាគតដ៏រុងរឿងបាន។ សច្ចធម៌នេះ បានបញ្ជាក់ច្បាស់តាមរយៈការគាំទ្រយ៉ាងច្រើនលើសលប់របស់ប្រជាជនមកលើគណបក្សនៅក្នុងរាល់ការបោះឆ្នោតកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋានឃុំ សង្កាត់។ ការគាំទ្រនេះ បានធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់ខ្លួន ដែលបាននាំកម្ពុជាឱ្យឈានឡើងពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតជាបន្តបន្ទាប់ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន។ ជាមួយគ្នានេះ តាមរយៈការគាំទ្ររបស់ប្រជាជន ក៏បានធ្វើឱ្យបរាជ័យនូវឧបាយកលដ៏ពិសពុលរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែរិះរកគ្រប់វិធីឥតឈប់ឈរប៉ុនប៉ងផ្ដួលរំលំគណបក្សប្រជា-ជនកម្ពុជាតាមមធ្យោបាយមិនប្រជាធិបតេយ្យ ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ប្រជាជន។
ការសម្រេចបានជោគជ័យរបស់គណបក្សក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យដោយមូលហេតុធំៗ ដូចខាងក្រោម៖
១- គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈ-ទេសៈ និងគ្រប់ស្ថានភាព
២- គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស
៣- គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ ម៉ត់ចត់
៤- គណបក្សមានជួរមន្ត្រីដែលមានជំហរស្មោះត្រង់ មានសមត្ថ-ភាព គុណធម៌ និងសីលធម៌
៥- គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន
៦- គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើរ។
មូលហេតុទាំងនេះ មានសារៈសំខាន់បំផុតសម្រាប់ការដឹកនាំរបស់គណបក្សតទៅមុខទៀត ដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាសេចក្ដីប្រាថ្នារបស់ប្រជាជន។
តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានផ្ដល់លទ្ធ-ភាពពេញលេញឱ្យគណបក្សប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេនវ័យក្មេងដែលគណបក្សបានអប់រំបណ្ដុះបណ្ដាល និងត្រៀមលក្ខណសម្បត្តិយ៉ាងម៉ត់ចត់បំផុត។ ឆ្លងកាត់រយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពុះពារជម្នះបញ្ហាប្រឈមជាច្រើនសម្រេចបានសមិទ្ធផលលើគ្រប់វិស័យប្រកបដោយមោទនភាព ដែលបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន-កម្ពុជា។
បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យច្បាស់លាស់ មានការប្ដេជ្ញាចិត្តមោះមុត និងមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន។ ជាក់ស្ដែង សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវបានការពារយ៉ាងរឹងមាំ, លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ, សេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព, ជីវភាពប្រជាជនមានស្ថិរភាព, កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព។ ក្នុងពេលថ្មីៗនេះ កាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានប្រព្រឹត្តទៅស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញអំពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវ លើការអនុវត្តភារកិច្ចរបស់ស្ថាប័ននីតិ-ប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះ ទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាក៏កាន់តែបានពង្រឹង និងពង្រីកថែមទៀត។
ក្នុងដំណើរវិវត្តន៍ជាវិជ្ជមាននេះ យើងអាចកត់សម្គាល់ប្រកប ដោយមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។ តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥។ ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាម៉េរិក កើន ១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាម៉េរិក កើន ១៧,៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២៤។ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ មានចំនួន ២៩០ គម្រោង កើន ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤,២ ពាន់លានដុល្លារអាម៉េរិក កើន ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។ ចំនួនសហគ្រាសគ្រឹះស្ថានបានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ ដែលមានកម្មករនិយោជិតសរុប ១,៨៧ លាននាក់ កើនប្រមាណ ៥ម៉ឺននាក់។ ការបង្កបង្កើនផលស្រូវ រដូវប្រាំងឆ្នាំ ២០២៥ សម្រេចបាន ៩០៧ ៨៨៩ ហិចតា លើសឆ្នាំមុន ៦៧ ៧០១ហិចតា ឯការប្រមូលផលស្រូវរដូវប្រាំងសម្រេចបាន ៤ ២៥៤ ៥០៨តោន លើសឆ្នាំមុន ៤១៨ ០០០តោន ស្មើនឹង ១០,៩០%។ កម្ពុជាបានទទួលទេសចរអន្តរជាតិ ចំនួន ២,៩៥ លាននាក់ កើន ១១,៧% ឯទេសចរជាតិមានចំនួន ១៣,១៦ លាននាក់ កើន ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤។ ជាមួយគ្នានេះ ការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែ ព្រលានយន្ដហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ កំពុងត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀត។ ឆ្លងតាមលទ្ធផលជាក់ស្ដែងទាំងអស់នេះ បានបង្ហាញថារាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនូវអ្វីៗដែលជាការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យ។
រាល់សមិទ្ធផលដែលយើងសម្រេចបានក្នុងរយៈពេលជាង ៤៦ឆ្នាំ មកនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត មានអត្ថន័យយ៉ាងធំធេងសម្រាប់ការឋិតថេរ និងរីកចម្រើនយូរអង្វែងរបស់ជាតិយើង។ ប្រាកដណាស់ថា ផ្លូវទៅមុខទៀតនៅវែងឆ្ងាយ ដើម្បីសម្រេចទាំងស្រុងនូវក្ដីប្រាថ្នារបស់យើងក្នុងការស្ថាបនាទឹកដីមាតុភូមិ និងប្រជាជាតិប្រកបដោយអរិយធម៌ ដែលគ្មានការកើតមានជាថ្មីនូវគ្រោះមហន្តរាយដូចពីអតីតកាល។ ប៉ុន្តែពេលវេលាបានសាកល្បងរួចហើយនូវកម្លាំង ឆន្ទៈ ស្មារតី និងសមត្ថភាពរបស់យើង យើងពិតជាអាចយកឈ្នះបានលើរាល់ឧបសគ្គ និងការលំបាកនានាខាងមុខទៀតក្នុងការកសាង និងការពារមាតុភូមិ ផ្អែកលើកម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំ។
ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជនគណបក្ស បណ្ដាអង្គការមហាជន មន្ត្រី និងសមាជិក សមាជិកាគណបក្សនៅគ្រប់មូល-ដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្ដាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តនូវភារកិច្ចរបស់ខ្លួនឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំ ព្រះករុណាខ្ញុំ សូមសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី បណ្ដាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានការជឿជាក់ និងគាំទ្រដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ។ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះបណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍រៀងរហូតមក។
ក្នុងជំហរស្មោះត្រង់ឥតងាករេចំពោះគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងនាមគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមធ្វើការបញ្ជាក់នូវចំណុចមួយចំនួនទៀតដូចខាងក្រោម៖
១– គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណងកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន, មានលទ្ធិប្រជាធិបតេយ្យចាក់ឫសជ្រៅក្នុងសង្គមជាតិ, មានការធានាចំពោះសមភាព សមធម៌ និងយុត្តិធម៌សង្គម, ប្រជាជនមានចំណេះដឹង និងការងារធ្វើកាន់តែប្រសើរ មានសុខភាពមាំមួន វប្បធម៌ថ្លៃថ្លា មានសាមគ្គីភាព និងជីវភាពរស់នៅសមរម្យ ដោយចាកផុតពីភាពក្រីក្រ ពីគ្រោះអវិជ្ជា និងពីអំពើហិង្សាគ្រប់ទម្រង់។
២– ការដឹកនាំត្រឹមត្រូវខាងនយោបាយជាកត្តាចម្បងនៃជ័យជម្នះ អាស្រ័យហេតុនេះ គណបក្សត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនលើគ្រប់ផ្នែកឱ្យបានជាប្រចាំ ទាំងការយល់ដឹង និងការប្រតិបត្តិឱ្យឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ជាតិ ជាពិសេសសភាពការណ៍សេដ្ឋកិច្ច សង្គម និងសភាពការណ៍អន្តរជាតិដែលមានការវិវត្តឥតឈប់ឈរ ដោយប្រកាន់ខ្ជាប់មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ និងការពង្រឹងពង្រីកទំនាក់ទំនងក្រៅប្រទេស ដើម្បីធានានូវការដាក់ចេញកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានា លើរាល់បញ្ហាបានត្រឹមត្រូវ។
៣– ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះទាំងក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុងការកសាង និងការពារមាតុភូមិ។ ប្រជាជនជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់ដល់ការដឹកនាំនយោបាយក្នុងសង្គមជាតិ។ ប្រវត្តិសាស្ត្រ ជាក់ស្ដែងរបស់កម្ពុជាជាង ៤ទសវត្សមកនេះ បានបញ្ជាក់ច្បាស់នូវប្រការខាងលើនេះថា បើប្រជាជនយល់ ប្រជាជនជឿ ប្រជាជនគាំទ្រ និងចូលរួម ទើបគណបក្សអាចសម្រេចនូវបុព្វហេតុរបស់ខ្លួនបាន។ អាស្រ័យហេតុនេះ រាល់អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវស្មោះត្រង់នឹងប្រជាជន យកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន ផ្អែកលើប្រជាជន និងរៀនសូត្រពីប្រជាជន។
៤– គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្សគ្រប់រូប ត្រូវក្ដាប់ឱ្យជាប់នូវមូលហេតុទាំង ៦យ៉ាងនៃជោគជ័យរបស់គណបក្ស ដើម្បីតម្រែតម្រង់ទិសសកម្មភាពឱ្យបានត្រឹមត្រូវក្នុងការបន្តកសាងពង្រឹងគណបក្ស ការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ការមិនយកចិត្តទុកដាក់ចំពោះមូលហេតុទាំងអស់នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ការអនុវត្តកម្មវិធីនយោបាយ និងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្ស ដែលចាំបាច់ត្រូវតែជម្នះ និងដោះស្រាយឱ្យបានឆាប់នៅទីកន្លែងណាដែលមានភាពអសកម្មនេះ។
៥– អំពើល្អរបស់មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាយុទ្ធសាស្ត្រឈ្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ។ ប្រជាជនយល់ដឹងពីគណបក្ស ជឿលើគណបក្ស ហើយចូលរួមសកម្មអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គឺតាមរយៈជួរមន្ត្រីនេះឯង។ ហេតុនេះ មន្ត្រីគណបក្សត្រូវតែរឹងមាំ និងស្អាតស្អំ ប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌។ ការជាក់ស្ដែងបានបង្ហាញថាប្រជាជនត្រូវការតួនាទីដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែប្រជាជនមិនសប្បាយចិត្តឡើយចំពោះទង្វើខុសឆ្គងរបស់មន្ត្រីមួយចំនួន។ អាស្រ័យហេតុនេះ មន្ត្រីគ្រប់រូបត្រូវធ្វើតែអំពើល្អ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបថជាចៅហ្វាយនាយប្រជាជនឡើយ។
៦– សាមគ្គីភាពជាតិជាអាយុជីវិតរបស់ជាតិ មានសាមគ្គីភាពទើបជាតិរស់ បើបែកបាក់សាមគ្គី-ភាពជាតិនឹងត្រូវស្លាប់ ប្រវត្តិសាស្ត្របានបង្ហាញច្បាស់គ្រប់គ្រាន់ហើយនូវហេតុផលនេះ។ គណបក្សប្រជាជនកម្ពុជា ដែលបានជ្រោងទង់មហាសាមគ្គីជាតិនៅគ្រប់ដំណាក់កាល នឹងបន្តអនុវត្តកាតព្វកិច្ចនេះ ប្រកបដោយជំហរទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ-កម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តវប្បធម៌សន្ទនាប្រកបដោយភាពប្រាកដជាក់ស្ដែង ជាមួយបណ្ដាគណបក្សនយោបាយនានា និងមជ្ឈដ្ឋានផ្សេងៗក្នុងសង្គម ដើម្បីបង្កើតភាពសុខដុម ការពង្រឹងឯកភាពជាតិ និងការថែរក្សាពូនជ្រំលទ្ធិប្រជាធិប-តេយ្យ។ លទ្ធិប្រជាធិបតេយ្យ ដែលគោរពដល់ភាពចម្រុះនៃទស្សនៈ និងមតិ បានផ្ដល់មធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសង្គម និងនយោបាយ ដោយឈរលើមូលដ្ឋាននីតិរដ្ឋ និងការផ្សះផ្សាជាតិ។ ក្នុងទិសដៅនេះ គណបក្សប្រជាជនកម្ពុជាបានធ្វើសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន ២៨ ដោយគោរពឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ស្មើភាព និងស្មើសិទ្ធិ ដើម្បីប្រមូលកម្លាំងស្នេហាជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែង។
៧– សន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ជាសមិទ្ធផលដ៏វិសេសវិសាលដែលយើងសម្រេចបានមកយ៉ាងលំបាកតាមរយៈនយោបាយឈ្នះ ឈ្នះ ដោយឆ្លងកាត់ការតស៊ូ ការអត់ធ្មត់ និងការទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់។ ប៉ុន្តែសន្តិ-ភាពនៅមានការគំរាមកំហែងនៅឡើយពីសំណាក់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលព្យាយាមធ្វើឱ្យសង្គមមានការបែកបាក់ ពោរពេញដោយកំហឹង ការភាន់ច្រឡំ និងភាពសម្អប់ សំដៅឈានទៅផ្ដួលរំលំរាជរដ្ឋាភិ-បាលតាមមធ្យោបាយហិង្សា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ចលនាជ្រុលនិយមឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យវាមកបំផ្លាញសន្តិភាពបានឡើយ។ ខ្ញុំក៏សូមយកឱកាសនេះ បញ្ជាក់ថែមទៀតថា ចំពោះជនទាំងឡាយដែលនៅតែបន្តសកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេ អ្នកនឹងពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។
៨– ប្រទេសកម្ពុជាដ៏កម្សត់នេះធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ ឥឡូវនេះ កម្ពុជាបានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្ដាប្រទេស។ យើងត្រូវការបំផុតនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ។ នៅក្នុងចំណុចនេះ ខ្ញុំចង់គូសបញ្ជាក់ថា សកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដី កម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្ដី។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធីស្របតាមអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ ២០០០។
ពីអតីតកាល កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ យើងប្ដូរផ្ដាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណា-និគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្ដី។ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការគោរពចំពោះវីរភាពរបស់កងទ័ព និងកងនគរបាលដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំ ព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ និងសូមថ្វាយព្រះពរ និងជូនពរ សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ គណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម គណៈដឹកនាំគ្រឹស្ដសាសនិក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕ សូមអរគុណ និងសូមអរគុណ៕