ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ៦ វិច្ឆិកា ២០១៥ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍សេចក្តីព្រៀង ច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដោយចាត់ទុកថា មានសារៈសំខាន់ក្នុងការធានាការគ្រប់គ្រង និងអភិវឌ្ឍសុខភាព ក៏ដូចជាដំណើរការផលិតកម្មនានាទាក់ទងនឹងសត្វ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សេចក្តីព្រៀងច្បាប់ នឹងពង្រឹងថែមទៀត នូវប្រព័ន្ធជាតិការពារសុខភាពមនុស្ស និងសត្វ ព្រមទាំងសុខុមាលភាពសត្វ និងបរិស្ថាន ហើយបានទាញអារម្មណ៍គណៈរដ្ឋមន្ត្រីថា ដោយសារការរីកចម្រើននៃសេដ្ឋកិច្ច រួមទាំងការកើនឡើងនូវចំនួនទេសចរ កម្ពុជាចាំបាច់ត្រូវប្រឈមមុខនឹងការបន្តកើនឡើងនៃតម្រូវការសាច់ក្នុងស្រុក ដែលការចិញ្ចឹមសត្វ និងសេវាបសុព្យាបាល ជាកត្តាសំខាន់មិនអាចមើលរំលងបាន។
ក្នុងសេចក្តីព្រៀងច្បាប់ស្តីពីគោលនយោបាយជាតិ អប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សម្តេចតេជោបានស្វាគមន៍ចក្ខុវិស័យនៃការកសាងមនុស្សឲ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ និងស្មារតីក្រុម ការច្នៃប្រឌិតក្នុងកីឡា ក៏ដូចជាក្នុងជីវភាពរស់នៅ។ សម្តេចតេជោបានណែនាំឲ្យអនុវត្តគោលនយោបាយនេះ ក្នុងគោលដៅអភិវឌ្ឍកីឡាសម្រាប់ទាំងអស់គ្នា នៅគ្រប់គ្រឹះស្ថានសិក្សា និងសហគមន៍, អភិរក្ស និងអភិវឌ្ឍកីឡាគ្រប់ប្រភេទ និងគ្រប់កម្រិត រួមទាំងឧស្សាហកម្មកីឡាផង។ សម្តេចតេជោបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ធ្វើឲ្យការហ្វឹកហាត់អប់រំកាយ និងកីឡា ជាសិទ្ធិមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាធាតុសំខាន់នៃការអប់រំពេញមួយជីវិត តាមរយៈការរៀបចំបរិស្ថានល្អ ឧទ្យានបៃតង ទីធ្លាហាត់ប្រាណ និងកីឡា ដែលមានសារៈសំខាន់សម្រាប់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត សំដៅរួមចំណែកកសាងសង្គមកម្ពុជាមួយសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ មានការអភិវឌ្ឍចីរភាព និងសមធម៌។
ក្នុងសម័យប្រជុំនោះដែរ សម្តេចតេជោ បានណែនាំឲ្យរៀបចំសហគ្រាសសាធារណៈគ្រប់គ្រងការលក់សំបុត្រចូល ទស្សនាប្រាង្គប្រាសាទ នៅខេត្តសៀមរាប ចាប់ពីដើមឆ្នាំ ២០១៦ បន្ទាប់ពីមានសំណើរបស់ក្រុមហ៊ុនលោកឧកញ៉ា សុខ គង់ ប្រគល់សេវាកម្មនេះជូនមករាជរដ្ឋាភិបាលវិញ៕