ក្នុងសារផ្ញើជូនជនរួមជាតិ នាឱកាសឆ្នាំសិក្សាថ្មី ឆ្នាំ ២០១៥/១៦ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការបន្តកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកំពស់វិស័យសិក្សាអប់រំ ពិសេសការជម្រុញការចូលសាលាសិក្សារបស់កុមារ។ សម្តេចតេជោបញ្ជាក់ថា ភារកិច្ចសិក្សា ទាមទារនូវការលើកកំពស់ជាបន្ត និងការអភិវឌ្ឍមិនកំណត់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សជាគុណភាព ទេពកោសល្យ ផលិតភាព សក្តានុពល សីលធម៌ និងគុណធម៌ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ក្នុងខណៈដែលការប្រកួតប្រជែងអំពីសេដ្ឋកិច្ច គោលនយោបាយ បច្ចេកវិទ្យា ជាដើម កាន់តែមានភាពតឹងតែង សម្តេចតេជោសង្កត់ធ្ងន់ពីសេចក្តីត្រូវការបង្កើនការយកចិត្តទុកដាក់ អំពីការសិក្សា និងការកសាងធនធានមនុស្ស ក៏ដូចជាអំពាវនាវអោយជនរួមជាតិ នាំកូនៗ ទៅចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មី ដើម្បីលើកទឹកចិត្ត និងផ្តល់អោយពួកគេនូវលទ្ធភាពចូលសិក្សាក្នុងសាលា ហោចណាស់បានដល់ថ្នាក់ទី ៩។ សម្តេចតេជោ ក៏បានក្រើនរំលឹកដល់និស្សិត និងយុវជនទាំងឡាយ អោយនៅឆ្ងាយពីគ្រឿងញៀន ក៏ដូចជាគោរពច្បាប់ចរាចរណ៍៕
Share this post