ថ្ងៃ ៥ វិច្ឆិកា ២០១៥ ដោយសង្កត់ធ្ងន់ទៅលើសារសំខាន់នៃជំនួយរបស់ប្រទេសជប៉ុន ចំពោះគម្រោងទំនប់ការពារក្រុងភ្នំពេញពីទឹកជំនន់ និងការរៀបចំប្រព័ន្ធប្រឡាយ/លូ សម្តេចតេជោ បានរំលឹកអំពីការប្រឈមបីរបស់ទីក្រុង គឺទឹកជំនន់ សំរាម និងចរាចរណ៍។ ពាក់ព័ន្ធនឹងទឹកជំនន់ពីទន្លេ និងប្រភពនានា សម្តេចតេជោបានរំលឹកពីការរួមចំណែកនៃគម្រោងក្នុងដំណាក់កាលទីមួយ និងទីពីរ របស់ប្រទេសជប៉ុន ដើម្បីបញ្ជៀសទីក្រុងភ្នំពេញពីការជន់លិច។ ចំពោះការជន់លិចទីក្រុងដោយទឹកភ្លៀង សម្តេចតេជោ បានទាញអារម្មណ៍អ្នកចូលរួមថា ករណីដែលមានភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់ ប្រព័ន្ធលូ នឹងមិនអាចរំដោះទឹក បានទាន់ពេលទេ ហើយករណីនេះកើតមាននៅច្រើនប្រទេស។យ៉ាងណាក្តី រាជធានីភ្នំពេញបានប្រែប្រួលពីការជន់លិចរាល់ពេលភ្លៀង មិនថាភ្លៀងតូចឬធំ មកលិចតែនៅពេលភ្លៀងធំតែប៉ុណ្ណោះ។ ដើម្បីធ្វើអោយស្ថានភាពរំដោះទឹកជំនន់ទឹកភ្លៀងក្នុងរាជធានីកាន់តែបានប្រសើរឡើងទៀត សម្តេចតេជោ បានសំដែងនូវក្តីសង្ឃឹមតាមរយៈឯកអគ្គរដ្ឋទូតជប៉ុន និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ថានឹងមានគម្រោងជំហានទី ៤ បន្តទៀត។ ចំពោះការចោទប្រកាន់ជាញឹកញយអំពីអំពើពុករលួយ ក្នុងការប្រើជំនួយជប៉ុន សម្តេចតេជោ បានសូមអោយមន្ត្រីជប៉ុន ពន្យល់បក្សប្រឆាំង អំពីនីតិវិធីយ៉ាងណាក្នុងការប្រើប្រាស់ជំនួយជប៉ុន៕
Share this post