ថ្ងៃ ៥ វិច្ឆិកា ២០១៥ ជាអធិបតីនៃពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយ/លូ ក្រោមជំនួយឥតសំណងនៃប្រទេសជប៉ុន ដំណាក់កាលទី ៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថាកំពស់ទឹក ទន្លេមេគង្គ ដែលត្រូវបានព្យាករណ៍ថានឹងមានកំពស់ត្រឹមតែ ៤,២០ ម៉ែត្រ ធៀបទៅតាមធម្មតា ជុំវិញ ៧ ម៉ែត្រ គឺជាហេតុផលចម្បងក្នុងការផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ។ សម្តេចតេជោ បានចាត់ទុកការធ្វើអត្ថាធិប្បាយដោយមជ្ឈដ្ឋានតាំងខ្លួនជាអ្នកវិភាគ និងប្រឆាំងថា ការផ្អាកពិធីបុណ្យអុំទូក មកពីមានការព្រួយបារម្ភពីការធ្វើបាតុកម្មប្រឆាំងរបស់បក្សសង្គ្រោះជាតិ ជាការប្រមាថដ៏ព្រហើន មិនអាចទទួលយកបាន។ថ្វីបើមិនមានការប្រារព្ធពិធីបុណ្យអុំទូកក្តី សម្តេចតេជោ បានបញ្ជាក់ជាថ្មីទៀតថា ពិធីបុណ្យដ៏ទៃទៀត កម្មវិធីកំសាន្តនានា នៅទីក្រុងភ្នំពេញ នឹងដំណើរការទៅជាធម្មតា ហើយសម្តេចតេជោ បានសូមអោយសិល្បករល្បីៗ រាប់ទាំង Cambodian Idols ចូលរួមសំដែងជូនប្រជាពលរដ្ឋ ដែលនឹងចូលមកកំសាន្តបុណ្យ នៅទីក្រុងភ្នំពេញ។ សម្តេចតេជោ បានរំលឹកជាថ្មីទៀតអំពីការសម្រេចបង្វែរថវិកាសម្រាប់ពិធីបុណ្យអុំទូក ទៅជា ថវិកាទិញប្រេងបូមទឹកបញ្ចូលអាងបម្រុងនានា សម្រាប់ប្រជាពលរដ្ឋបូមដាក់ស្រែចំការរបស់ខ្លួន៕
Share this post