ថ្ងៃទី ៤ ខែ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលការងារជាមួយ លោក László Kövér ប្រធានរដ្ឋសភានៃសាធារណរដ្ឋហុងគ្រី ដែលបានកោតសរសើរការអភិវឌ្ឍឆាប់រហ័សរបស់កម្ពុជា និងបញ្ជាក់ពីបំណងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ដែលបានជួយកម្ពុជាតាំងពីទស្សវត្សរ៍ទី ៨០ លើការបណ្តុះបណ្តាលធនធានមនុស្ស ការបង្កើតមជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា-ហុងគ្រី និងស្នើឲ្យហុងគ្រី ពង្រីកសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយមានទំហំធំទ្វេឡើង ព្រមទាំងជំរុញទេសចរពីហុងគ្រីមកកម្ពុជាផង។
ក្នុងថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ លោក Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ចូលជួបសម្តែងការគួរសម និងជម្រាបលាពេលដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ សម្តេចតេជោ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលគុយបា ដែលតែងតែជួយជ្រោមជ្រែងកម្ពុជា រួមមានការផ្តល់ជំនួយអាហារូបករណ៍ដល់និស្សិត និងការផ្តល់សេវាវេជ្ជបណ្ឌិតជាដើម។ សម្តេចតេជោ បញ្ជាក់ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា រួមទាំងគុយបា ពិសេសវិស័យពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍប្រទេស។ ឯកអគ្គរដ្ឋទូតគុយបា បានជំរាបពីការកត់សម្គាល់ឃើញនូវការរីកចម្រើន ពិសេសវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស បើធៀបនឹងកម្ពុជា ២៥ ឆ្នាំមុន៕