រសៀលថ្ងៃទី ២៦ តុលា នៅទីក្រុង ប៉ារីស ប្រទេសបារាំង ឯកឧត្តម Laurent Fabius រដ្ឋមន្រ្តីក្រសួងការបរទេស និងការអភិវឌ្ឍន៍អន្តរជាតិបារាំង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងរំលឹកពីវត្តមានសម្តេចតេជោ ទៅកាន់ក្រសួងការបរទេសបារាំងជាលើកទី ១ កាលពីឆ្នាំ ១៩៨៤ ក្នុងដំណើរការផ្តួចផ្តើមឲ្យមានជំនួបចចារស្វែងរកដំណោះស្រាយសម្រាប់បញ្ហាកម្ពុជារវាងសម្តេច និងព្រះបរមរតនកោដិ។ក្នុងការពិភាក្សាដែលយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចតេជោបានគូសបញ្ជាក់ពីការលើកស្ទួយភាសាបារាំងនៅកម្ពុជា ដោយ សម្តេចផ្ទាល់បានរួមចំណែកដោះស្រាយទីតាំងនៃវិទ្យាល័យលីសេដេកាត ការបង្កើតឡើងនូវមជ្ឈមណ្ឌលវប្បធម៌បារាំង (អាលីយ៉ងហ្វ្រង់សេ) នៅឆ្នាំ១៩៩០ និងវត្តមាននៃភាសាបារាំងក្នុងវិស័យច្បាប់ សុខាភិបាល និងបេតិកភណ្ឌពិភពលោក។សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Laurent Fabius បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមានកិច្ចព្រមព្រៀងកម្ចីសម្បទាន ៩ លានអឺរ៉ូ សម្រាប់អនុវត្តគំរោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប, កិច្ចព្រមព្រៀងកម្ចីសម្បទាន ១១ លានអឺរ៉ូ សម្រាប់គំរោងសាងសង់សាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ, កិច្ចព្រមព្រៀងកម្ចីសម្បទាន ១៤ លានអឺរ៉ូ សម្រាប់គំរោងពង្រឹងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជំហានទី ២, កិច្ចព្រមព្រៀងកម្ចីសម្បទាន ៧០ លានអឺរ៉ូ សម្រាប់គំរោងសាងសង់ប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅខេត្តកំពង់ចាម ក្រចេះ និងខេត្តកោះកុង៕
Share this post