ឆ្លៀតឱកាសពិនិត្យការដ្ឋានសាងសង់អគារពាណិជ្ជកម្ម Naga World & Casino ដែលបានរំលោភលើដី ចិញ្ចើមផ្លូវរបស់រដ្ឋ និងប៉ះពាល់ដល់អាគារពុទ្ធសាសនបណ្ឌិត្យ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ ក្រុមហ៊ុនវិនិយោគទាំងអស់ ឲ្យគោរពតាមច្បាប់ និងគោលការណ៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ ក្នុងករណីមានការរំលោភលើចំណីផ្លូវ ឬសួនច្បារសាធារណៈ ត្រូវរុះរើចេញជាបន្ទាន់ ហើយបើកើតមាននៅទីតាំងណា អាជ្ញាធរមានសមត្ថកិច្ចទីតាំងនោះ និងក្រសួងពាក់ព័ន្ឋត្រូវតែទទួលខុសត្រូវ។សម្តេចតេជោបញ្ជាក់ថា ក្រុមហ៊ុនឯកជនទាំងឡាយ ក្រោយទទួលបានច្បាប់សាងសង់ហើយ មិនត្រូវធ្វើហួសពីច្បាប់កំណត់ដោយឃុបឃិតជាមួយមន្រ្តីខិលខូចឡើយ។ ចំពោះមន្រ្តីទាំងអស់នោះ សម្តេចតេជោ រំលឹកថា ជាអ្នកដែលបានដឹងច្បាស់ណាស់ថាទីណាជារបស់ឯកជន និងទីណាជារបស់រដ្ឋ ព្រមទាំងអះអាងថា មិនបណ្តោយឲ្យមន្រ្តីខិលខូចបំផ្លាញសង្គមជាតិតទៅទៀតជាដាច់ខាត៕
Share this post