លុបពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះមួយចំនួន, ចែកអាវរងារដល់កងទ័ពឲ្យបានមុនរដូវរងារ

ក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន គណរដ្ឋមន្ត្រីបានធ្វើការអនុម័តលើសេចក្តីព្រៀ​ងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ជាមួយនឹងការលុបចោលការយកពន្ធលើមធ្យោបាយដឹកជញ្ជូនខ្នាតតូចមួយចំនួន មានទោចក្រយានយន្ត ត្រីចក្រយាន​យន្ត ត្រាក់ទ័រ គ្រឿងយន្តប្រហាក់ប្រហែល និងជលយាន​តូចៗ ដោយប៉ះប៉ូវវិញជាការកែសម្រួលការយក​ពន្ធលើ​រថយន្តដឹកទំនិញ និងរ៉ឺម៉កសណ្តោង ដែលប៉ះពាល់​ទៅដល់​ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន។គណៈរដ្ឋមន្រ្តីក៏បាន​អនុម័តទាំង​ស្រុងនូវសេចក្តីព្រៀ​ងច្បាប់ ស្តីពីការទូទាត់ថវិកា​ទូទៅរបស់រដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ ២០១៤។ សម្តេចតេជោ បានអំពាវនាវឲ្យគ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធ និង​អង្គភាពពាក់ព័ន្ធ សកម្មចូលរួមប្រមូលចំណូល និងទប់ស្កាត់​ការគេចពន្ធ ព្រមទាំងដាស់តឿនការចែកអាវរងារ​ដល់​កងកម្លាំងប្រដាប់អាវុធតាមខ្សែព្រំដែនឲ្យបានទាន់រដូវរងារ ដែលនឹងមកដល់ ។

គួររំលឹកថា សេចក្តីស្នើច្បាប់ដែលទទួលបានការយល់ព្រម បម្រុងទុកក្នុងច្បាប់ថវិកាឆ្នាំ ២០១៦ នូវទំហំទឹកប្រាក់ ១៧ ៦១២ ៤៧៧ លានរៀល ឬត្រូវជា ៤,៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ គណរដ្ឋមន្ត្រី ផលិតផលក្នុងស្រុកសរុប គិតជាមនុស្សម្នាក់ៗ ក្នុងឆ្នាំ ២០១៦ រំពឹងថានឹងឈានដល់ ១៣២៥ ដុល្លារ៕

...Read More

សន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធ និងភាពប្រសើរឡើងនៃប្រាក់ចំណូល ធ្វើឲ្យប្រជាជនរីករាយបុណ្យភ្ជុំបិណ្ឌ

ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន អះអាងថា មានកត្តា ៣ ធំៗ ដែលធ្វើឲ្យស្ងាត់ទី​ក្រុង​ភ្នំពេញ កំឡុងពេលបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី ១២ ដល់ ១៤ តុលា ឆ្នាំ ២០១៥។ សន្តិភាព គឺជាកត្តា​ចម្បង និងសំខាន់ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងស្រុកអាចធ្វើដំណើរទៅគ្រប់ទីកន្លែងបាន។ ប្រជាជន​លែងខ្លាចគ្រាប់មីន ឬជម្លោះប្រដាប់អាវុធ ដូចពេលដែលកម្ពុជានៅមានតំបន់ត្រួតត្រា ៤ គឺរាជរដ្ឋាភិបាល ខ្មែរក្រហម រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និង ហ៊្វុនស៊ិនប៉ិច។សម្តេចបន្ថែមថា សុខសន្តិភាព គឺជាកត្តា​ចម្បង ដែលប្រជាជនកម្ពុជាទាំងអស់ត្រូវចូលរួមថែរក្សា និងការពារ។ ការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធ ក៏បានធ្វើឲ្យប្រជាជនយើងអាចធ្វើដំណើរទៅគ្រប់ទីកន្លែងតាមចិត្ត។ សម្តេចតេជោបានសម្តែងនូវការអរ​គុណ​ដល់ប្រជាជន និងរដ្ឋាភិបាល ជប៉ុន និងចិន ដែលបានផ្តល់នូវជំនួយដល់កម្ពុជា ក្នុងការកសាងស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ជាចុងក្រោយ សម្តេចតេជោ ក៏បានលើកឡើងថា ប្រជា​ពលរដ្ឋយើងមានប្រាក់ចំណូលកាន់តែប្រសើរ ដែលនាំឲ្យពួកគាត់អាចធ្វើដំណើរទៅមកគ្រប់ទីកន្លែង មិន​ថា​ដោយ​មធ្យោ​បាយផ្ទាល់ខ្លួន ឬមធ្យោបាយសាធារណៈនោះទេ។ សម្តេចក៏បានថ្លែងអំណរគុណដល់ក្រុម​ហ៊ុនប្រេង​ឥន្ទនៈ ដែលបានបញ្ចុះតម្លៃសាំងចំនួន ១០០ រៀល ហើយក៏សង្កត់ធ្ងន់ថា សម្តេចនឹងរកពេល​ជួប​ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈ ដើម្បីពិភាក្សាពីរឿងនេះបន្ថែមទៀត៕

...Read More

ការបង្អាប់តម្លៃសញ្ញាប័ត្រក្នុងស្រុក ជាការប្រមាថដល់ស្ថាប័នសិក្សា និងនិស្សិត

ព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥, ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យវេស្ទើន, ឆ្លើយតបទៅនឹងសាររបស់អ្នកនយោបាយដែលបានបណ្តុះបង្អាប់គុណភាពអប់រំ និងសញ្ញាបត្រក្នុងស្រុក, សម្តេចតេជោពន្យល់ថា សារបែបនេះមិនត្រឹមតែប្រមាថដល់សិស្ស និស្សិត ដែលខិតខំប្រឹងប្រែង​សិក្សា​ប៉ុណ្ណោះទេ តែក៏ជាការមើលស្រាលដល់មាតាបិតា និង ប្តី/ប្រពន្ធ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បី​ការ​សិក្សារបស់កូន/ប្តី/ប្រពន្ធផងដែរ។សម្តេចកត់សម្គាល់ថា អ្វីដែលគួរឲ្យអស់សំណើចនោះ ស្របពេល​ដែល​គេបង្អាប់តម្លៃនៃ​ការ​អប់រំ​ក្នុងស្រុក ពួកគេក៏បានបង្អាប់អ្នកដែលបានបោះឆ្នោត ឬកំពុងធ្វើការ​ឲ្យពួក​គេដូចគ្នា។ សម្តេចតេជោ បញ្ជាក់ថា នេះជាការប្រមាថធ្ងន់ធ្ងរមួយមកលើស្ថាប័នអប់រំនៅកម្ពុជា និងអតីត​សិស្ស/និស្សិត ដែលបានរៀន និងបញ្ចប់ការសិក្សាក្រោយឆ្នាំ ១៩៧៩។ សម្តេចតេជោក៏បានជម្រុញឲ្យ​ប្រ​ជា​ជន​ទាំងអស់គ្នា គិតឲ្យបានម៉ត់ចត់លើសារនយោបាយបែបនេះ និងពិចារណាឡើងវិញអំពីអនាគត​​របស់ខ្លួន ថាគួរបន្តជំនឿ ឬបោះឆ្នោតឲ្យអ្នកដែលមើលងាយដល់ការខិតខំប្រឹងប្រែង និងសមិទ្ធផលអប់រំ​របស់​ខ្លួនទៀតឬយ៉ាងណា។

...Read More

ជម្រុញបន្ថែមការបោសសម្អាតមីន ការដាំដើមឈើ និងសហប្រតិបត្តិការ ត្បូង-ត្បូង

ក្នុងជំនួបជាមួយ លោកស្រី Helen Clark មន្ត្រីគ្រប់គ្រងរដ្ឋបាលអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅទីក្រុងប៉េកាំង នាថ្ងៃទី ១៦ តុលា សម្តេចតេជោ ហ៊ុន សែន បានស្នើ UNDP ឲ្យបន្តជួយដល់ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាគោលដៅថ្មី ដែលកម្ពុជាបានដាក់បញ្ចូលជាមួយគោលដៅទាំង ៨ នៃការអភិវឌ្ឍសហស្ស វត្សរ៍របស់អង្គការសហប្រជាជាតិ និងគោលដៅទាំង ១៧ នៃការអភិវឌ្ឍប្រកបដោយចីរភាពក្រោយឆ្នាំ ២០១៥។ សម្តេចតេជោ សូមអោយ UNDP បន្តសហការក្នុងការដាំ ដើមឈើឡើងវិញនៅកម្ពុជា ព្រមទាំងជំរុញសហប្រតិបត្តិការ ត្បូង-ត្បូង ឲ្យមាននិរន្តរភាព។ទាក់ទងនឹងសមភាពយ៉េនឌ័រ សម្តេចបានបញ្ជាក់ថាកម្ពុជាកំពុងយកចិត្តទុកដាក់អោយ មានកូតាស្ត្រីតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ហើយបានទាំងបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ទៅចូលរួមក្នុងប្រតិបត្តិការសន្តិភាពរបស់ UN ផង៕

...Read More

ប្រធានាធិបតី ស៊ី គាំទ្រការនាំចូលអង្ករកម្ពុជា ១០ ម៉ឺនតោន និងផ្តល់ជំនួយ ១ ពាន់លានយាន់

ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែ តុលា ២០១៥ ប្រធានាធិបតី ស៊ី ជិនពីង នៃសាធារណរដ្ឋប្រជាមា និតចិន បានបញ្ជាក់ជូន សម្តេចតេជោ ហ៊ុន សែន ថា ចិនគាំទ្រអោយកម្ពុជាមានកូតាអង្ករនាំចូលប្រទេស ចិនចំនួន ១០ ម៉ឺនតោន ចាប់អនុវត្តពីឆ្នាំ ២០១៦ តាមការស្នើសុំរបស់សម្តេចតេជោ ឯកភាពផ្តល់ជំនួយ ឥតសំណងដល់កម្ពុជាចំនួន ១ ពាន់លានយាន់ (ជាង១៥៧លានដុល្លារ) និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំផងដែរ។សម្តេចតេជោ និងប្រធានាធិបតីចិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា ដែលរួមមានពិធីសារលើកិច្ចព្រមព្រៀងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ កិច្ចព្រមព្រៀងវិនិយោគលើវិស័យឧស្សាហកម្ម និងកៅស៊ូ កិច្ចព្រមព្រៀងបណ្តុះបណ្តាល វិនិយោគ និង កសិ-ឧស្សាហកម្ម ផងដែរ។ ក្រៅពីបង្ហាញនូវការគាំទ្រ និងចាត់ទុក គោលនយោបាយសេដ្ឋកិច្ចផ្លូវសូត្រ ព្រមទាំងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលសុទ្ធសឹងជាគំនិតផ្តួចផ្តើមរបស់ចិន ថាមានសារសំខាន់ដល់កម្ពុជា និងតំបន់សម្តេចតេជោ បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែយកចិត្តទុកដាក់ព្យាបាលព្រះរាជសុខភាពរបស់ ព្រះមហាក្សត្រ និងសម្តេចព្រះវរៈរាជមាតាជាតិខ្មែរ ហើយបានស្នើដល់ភាគីចិនឲ្យបន្តជួយកម្ពុជាក្នុងវិស័យបណ្តុះបណ្តាល ៕

...Read More

ទំនាក់ទំនងកម្ពុជា-ចិន ជិតស្និទ្ធ

សំណេះសំណាលជាមួយនឹងសិស្ស និងនិស្សិត ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៥, សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានរំលឹកពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងកម្ពុជា និងចិន ដែលត្រូវបានបង្កើតតាំងពីជំនាន់ សម្តេចតា ព្រះបរមរតនកោដ្ឋ និងបានបញ្ជាក់ជំហរគាំទ្រពេញទំហឹង ចំពោះគោលនយោបាយចិនតែមួយ។ សម្តេចបានផ្តល់ព័ត៌មានថា ចិននឹងផ្តល់ជំនួយឥតសំណងចំនួន ១ ពាន់លានយាន់ ដើម្បីជួយក្នុងការអភិវឌ្ឍកម្ពុជា។ ជាចុងក្រោយ សម្តេចក៏បានផ្តាំផ្ញើទៅដល់សិស្សនិស្សិតទាំងអស់ ឲ្យបន្តការខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា៕

...Read More

ជូនពរឆ្នាំថ្មី Muharram ដល់សហគមន៍ខ្មែរឥស្លាម

ក្នុងសារផ្ញើជូនពលរដ្ឋខ្មែរឥស្លាម ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៥ ត្រូវនឹង ថ្ងៃទី ០១ ខែ មូហារ៉ាម មហាម៉ាត់ (Muharram) សករាជ ១៤៣៧ សម្តេចតេជោ ហ៊ុន សែន បាន រំលឹកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គាំទ្រ និងលើកតម្កើងសិទ្ធិសេរីភាពជំនឿសាសនា សិទ្ធិប្រកបការងារ សិទ្ធិចូលរួម កិច្ចការសង្គមទូទៅ និងបានចាត់ទុកបងប្អូនខ្មែរឥស្លាមជាសាច់ឈាម ខ្មែរតែមួយ។ សម្តេចបានក្រើនរំឮកដល់បងប្អូនខ្មែរឥស្លាមទាំងអស់ អោយប្រុងប្រយ័ត្នចំពោះការឃោសនា ញុះញង់ របស់គណបក្សនយោបាយនានា ពីការផ្លាស់ប្តូរ ដែលអាចប្រឈមនឹងវាសនាដូចសាសនិកឥស្លាមកាលពីជំនាន់ ខ្មែរក្រហម ឬក៏ដូចនៅមជ្ឈឹមបូព៌ា ដែលត្រូវរស់នៅគេចពីសង្គ្រាមយ៉ាងលំបាក។ សម្តេច បានដាស់តឿនដល់បងប្អូនខ្មែរឥស្លាមទាំងអស់ ឲ្យបន្តជឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋា ភិបាល៕

...Read More

សារជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពីនាយសមុទ្រ

នៅព្រឹក ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៥ នេះ ស្របពេលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងម៉ាកាវ និងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដល់ព្រះសង្ឃ គ្រប់ព្រះអង្គ និងជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ដោយរំឮកថា នេះគឺជាលើកទី ២ ហើយ ដែលសម្តេចមិនបាននៅចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលលើកទី ១ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ នេាះសម្តេចត្រូវទៅទទួលយាងព្រះរាជសពរបស់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ ពីទីក្រុងប៉េកាំង មកមាតុប្រទេសវិញ។សម្តេចក៏បានសុំការខន្តីអភ័យទោស ពីព្រះសង្ឃ និងប្រជាជន ដែលមិនបានទៅដាក់បិណ្ឌនៅវត្តវាំងចាស់ ដូចសព្វដង ដោយសារការងាររវល់ ហើយក៏សម្តែងនូវការអរគុណទៅដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ដែលបានជួយការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសម្រួលចរាចរណ៍ ដល់ជនរួមជាតិទាំងអស់ ក្នុងកំឡុងពេលភ្ជុំបិណ្ឌទាំង ១៥ ថ្ងៃ។ បន្ថែមពីលើនេាះដែរ សម្តេចក៏សូមជូនពរទៅដល់កងកម្លាំងរក្សាសន្តិសុខកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងឈរជើងនៅប្រទេសស៊ូដង់ខាងត្បូង, ម៉ាលី, សាធារណរដ្ឋអាហ្រ្វិកកណ្តាល, លីបង់ និងកេាះស៊ីបផងដែរ៕

...Read More

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រៀងច្បាប់ទូរគមនាគមន៍

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥, កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន បានអនុម័ត ១) សេចក្ដីព្រៀងច្បាប់ ស្ដីពីទូរគមនាគមន៍ ២) សេចក្ដីព្រៀងអនុក្រឹត្យ ស្ដីពីការបោះពុម្ព សារព្រមានលើកញ្ចប់ផលិតផលថ្នាំជក់ និងសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំសច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ក្នុងឱកាស នោះ សម្តេចតេជោ បានលើកឡើងផងដែរ អំពីសេចក្តីថ្លែងការណ៍ និងការអធិប្បាយ កាលពីថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៥ ដើម្បីបំភ្លឺដល់ជនរួមជាតិកម្ពុជា ស្តីពី ផែនទីព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយបានចែកជូនឯកសារនោះដល់សមាជិក/កា នៃអង្គប្រជំុ គណៈរដ្ឋមន្ត្រី។

...Read More

វាយតម្លៃផលប៉ះពាល់បន្ថែមទៀត សម្រាប់គម្រោង ទំនប់វារីអគ្គិសនី ដនសាហុង

នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៥, សម្តេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍ ឯកឧត្តម Somsavat Lengsavad ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចឡាវ ហើយសម្តេចបានជំរុញឲ្យរដ្ឋាភិបាលឡាវ ធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានបន្ថែមទៀត មុននឹងចាប់ផ្តើមគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ដោយបង្កើតជាគណៈកម្មាធិការរួមមួយ រវាងកម្ពុជា និងឡាវ ដើម្បីសិក្សាឡើងវិញលើគម្រោងនេះ។ ជាការឆ្លើយតបមកវិញ, ឯកឧត្តម Somsavat Lengsavad បានឯកភាព និងបានសង្កត់ធ្ងន់ថា ឡាវនឹងមិនបន្តនូវគម្រោងនេះឡើយ បើសិនជាវានឹងមានផលប៉ះពាល់ដល់កម្ពុជា និងវៀតណាម៕ (ដកស្រង់ពី AKP, ថ្ងៃទី ០៧ តុលា ២០១៥)

...Read More

កាន់បិណ្ឌផង ថែរក្សាដំណាំកសិកម្មផង

សម្តេចតេជោ ហ៊ុន សែន ជម្រុញអោយប្រជាកសិករកម្ពុជា យកចិត្តទុកដាក់ថែទាំដំណាំកសិកម្ម ជាពិសេសស្រូវសន្ទូង ក្នុងខណៈដែលទូទាំងប្រទេសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ។ សម្តេចតេជោ កត់សម្គាល់ថា ទឹកជំនន់រដូវមានកំពស់មិនគ្រប់គ្រាន់ ដើម្បីបញ្ជូនទឹកចូលទៅតាមបឹង និងអាងស្តុកទឹកនានាទេ ហើយអំពាវនាវអោយប្រជាកសិករកម្ពុជាប្រឹងប្រែងរក្សាទឹកក្នុងស្រែ អាងស្តុក និងប្រឡាយនានាសំរាប់ការស្រោចស្រប់ដំណាក់កាលលូតលាស់ចុងក្រោយនៃស្រូវវស្សា និងការចាប់ផ្តើមដាំដុះស្រូវរដូវប្រាំង។ សម្តេចតេជោ បានជម្រុញអោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រៀមបម្រុងធ្វើអន្តរាគមន៍តាមការចាំបាច់ និងជម្រុញអោយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាមន្ត្រីរាជការ ចូលរួមជួយបង្កបង្កើនផលប្រជាជន ពិសេសគ្រួសារជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរាខ្វះពលកម្ម ដែលនៅជិតទីតាំងប្រតិបត្តិការរបស់ខ្លួន។ (ដកស្រង់ពី Facebook: Samdech Hun Sen, 3 October 2015)៕

...Read More

អញ្ជើញកាន់បិណ្ឌ ថ្ងៃទី ៤

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយសមាជិកក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌថ្ងៃទី ៤ នៅវត្ត លង្ការ រាជធានី ភ្នំពេញ។ បុណ្យកាន់បិណ្ឌ ជាផ្នែកមួយនៃ បុណ្យភ្ជុំបិណ្ឌ ឬជាបុណ្យសម្រាប់ឧទ្ទិសដល់បុព្វការីជន សាច់ញាតិ ដែលបានចែកស្ថានទៅ ហើយក៏ជាបុណ្យសាសនាមួយធំបំផុត នៅប្រទេសកម្ពុជា មានរយៈពេលប្រារព្ធទាំងអស់ ១៥ ថ្ងៃ។ភ្ជុំបិណ្ឌ ជាថ្ងៃចុងក្រោយ និងធំបំផុត នៃពិធីបុណ្យកាន់បិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ ១៥ ថ្ងៃ នៅឆ្នាំនេះ ចាប់ផ្តើមពី ថ្ងៃ ២៨ កញ្ញា រហូតដល់ថ្ងៃ ១២ តុលា។ ដូចធម្មតា ប្រជាពលរដ្ឋកម្ពុជាទៅវត្តដើម្បីប្រគេនចង្ហាន់ ដល់ព្រះសង្ឃ ដោយមានជំនឿថា ព្រះសង្ឃនឹងបញ្ជូនចង្ហាន់ទាំងនោះ ទៅដល់បុព្វការីជនរបស់ខ្លួន។ (ដកស្រង់ពី AKP, October 01, 2015)។

...Read More

ទៅមុខថយក្រោយ