ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែ តុលា ២០១៥ ប្រធានាធិបតី ស៊ី ជិនពីង នៃសាធារណរដ្ឋប្រជាមា និតចិន បានបញ្ជាក់ជូន សម្តេចតេជោ ហ៊ុន សែន ថា ចិនគាំទ្រអោយកម្ពុជាមានកូតាអង្ករនាំចូលប្រទេស ចិនចំនួន ១០ ម៉ឺនតោន ចាប់អនុវត្តពីឆ្នាំ ២០១៦ តាមការស្នើសុំរបស់សម្តេចតេជោ ឯកភាពផ្តល់ជំនួយ ឥតសំណងដល់កម្ពុជាចំនួន ១ ពាន់លានយាន់ (ជាង១៥៧លានដុល្លារ) និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំផងដែរ។សម្តេចតេជោ និងប្រធានាធិបតីចិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា ដែលរួមមានពិធីសារលើកិច្ចព្រមព្រៀងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ កិច្ចព្រមព្រៀងវិនិយោគលើវិស័យឧស្សាហកម្ម និងកៅស៊ូ កិច្ចព្រមព្រៀងបណ្តុះបណ្តាល វិនិយោគ និង កសិ-ឧស្សាហកម្ម ផងដែរ។ ក្រៅពីបង្ហាញនូវការគាំទ្រ និងចាត់ទុក គោលនយោបាយសេដ្ឋកិច្ចផ្លូវសូត្រ ព្រមទាំងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលសុទ្ធសឹងជាគំនិតផ្តួចផ្តើមរបស់ចិន ថាមានសារសំខាន់ដល់កម្ពុជា និងតំបន់សម្តេចតេជោ បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែយកចិត្តទុកដាក់ព្យាបាលព្រះរាជសុខភាពរបស់ ព្រះមហាក្សត្រ និងសម្តេចព្រះវរៈរាជមាតាជាតិខ្មែរ ហើយបានស្នើដល់ភាគីចិនឲ្យបន្តជួយកម្ពុជាក្នុងវិស័យបណ្តុះបណ្តាល ៕
Share this post