ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន អះអាងថា មានកត្តា ៣ ធំៗ ដែលធ្វើឲ្យស្ងាត់ទីក្រុងភ្នំពេញ កំឡុងពេលបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី ១២ ដល់ ១៤ តុលា ឆ្នាំ ២០១៥។ សន្តិភាព គឺជាកត្តាចម្បង និងសំខាន់ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងស្រុកអាចធ្វើដំណើរទៅគ្រប់ទីកន្លែងបាន។ ប្រជាជនលែងខ្លាចគ្រាប់មីន ឬជម្លោះប្រដាប់អាវុធ ដូចពេលដែលកម្ពុជានៅមានតំបន់ត្រួតត្រា ៤ គឺរាជរដ្ឋាភិបាល ខ្មែរក្រហម រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និង ហ៊្វុនស៊ិនប៉ិច។សម្តេចបន្ថែមថា សុខសន្តិភាព គឺជាកត្តាចម្បង ដែលប្រជាជនកម្ពុជាទាំងអស់ត្រូវចូលរួមថែរក្សា និងការពារ។ ការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធ ក៏បានធ្វើឲ្យប្រជាជនយើងអាចធ្វើដំណើរទៅគ្រប់ទីកន្លែងតាមចិត្ត។ សម្តេចតេជោបានសម្តែងនូវការអរគុណដល់ប្រជាជន និងរដ្ឋាភិបាល ជប៉ុន និងចិន ដែលបានផ្តល់នូវជំនួយដល់កម្ពុជា ក្នុងការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ជាចុងក្រោយ សម្តេចតេជោ ក៏បានលើកឡើងថា ប្រជាពលរដ្ឋយើងមានប្រាក់ចំណូលកាន់តែប្រសើរ ដែលនាំឲ្យពួកគាត់អាចធ្វើដំណើរទៅមកគ្រប់ទីកន្លែង មិនថាដោយមធ្យោបាយផ្ទាល់ខ្លួន ឬមធ្យោបាយសាធារណៈនោះទេ។ សម្តេចក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប្រេងឥន្ទនៈ ដែលបានបញ្ចុះតម្លៃសាំងចំនួន ១០០ រៀល ហើយក៏សង្កត់ធ្ងន់ថា សម្តេចនឹងរកពេលជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈ ដើម្បីពិភាក្សាពីរឿងនេះបន្ថែមទៀត៕
Share this post