ព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ ក្នុងឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារទី ២ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីដំណើរចរចារកសន្តិភាព រហូតសម្រេចបានជា កិច្ចព្រមព្រៀងប៉ារីស ហើយជម្រុញឲ្យមនុស្សមួយចំនួនយល់ឲ្យច្បាស់ពីឫសគល់នៃកិច្ចព្រមព្រៀង ដោយកុំយកតែចំណុចណាមួយមកបកស្រាយដាច់ដោយឡែក។ សម្តេចតេជោ បានរំលឹកប្រៀបធៀបថា នយោបាយឈ្នះ/ឈ្នះ ដែលមានកត្តាស្នូលបី គឺការធានាសន្តិសុខសម្រាប់បុគ្គលម្នាក់ ធានាអាជីពនិងមុខរបរ និងធានាកម្មសិទ្ធិ បានធ្វើអោយតំបន់សមាហរណកម្មមានផលិតផលក្នុងស្រុកសរុបកម្រិតខ្ពស់ ធនធានមនុស្សមានការរីកចំរើន និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។សម្តេចបានជំរាបជនរួមជាតិផងដែរថា ក្រៅពីគម្រោងកសាងស្ពានឆ្លងកាត់ទន្លេមេគង្គពីរ នៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ រាជរដ្ឋាភិបាលមានគម្រោងសិក្សាសាងសង់ស្ពានពីរទៀតឆ្លងទន្លេមេគង្គ តភ្ជាប់ទៅភាគខាងកើតនៃក្រុងភ្នំពេញ។ សំដៅជួយសម្រួលចរាចរណ៍ ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យអុំទូក និងទទួលដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី Dmitri Medvedev សម្តេចតេជោ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសតិចណូ នាថ្ងៃ ២១ វិច្ឆិកា ២០១៥។ បន្ថែមពីលើនេះ សម្តេចតេជោ បានជូនដំណឹងដល់គ្រូបង្រៀន និងមន្រ្តីរាជការទាំងអស់ ពីការតម្លើងប្រាក់ខែនៅឆ្នាំ ២០១៦ តាមពីរដំណាក់កាល គឺនៅខែ មករា និង មុនចូលឆ្នាំខ្មែរ៕
Share this post