ក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន គណរដ្ឋមន្ត្រីបានធ្វើការអនុម័តលើសេចក្តីព្រៀងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ជាមួយនឹងការលុបចោលការយកពន្ធលើមធ្យោបាយដឹកជញ្ជូនខ្នាតតូចមួយចំនួន មានទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ គ្រឿងយន្តប្រហាក់ប្រហែល និងជលយានតូចៗ ដោយប៉ះប៉ូវវិញជាការកែសម្រួលការយកពន្ធលើរថយន្តដឹកទំនិញ និងរ៉ឺម៉កសណ្តោង ដែលប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន។គណៈរដ្ឋមន្រ្តីក៏បានអនុម័តទាំងស្រុងនូវសេចក្តីព្រៀងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ ២០១៤។ សម្តេចតេជោ បានអំពាវនាវឲ្យគ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ សកម្មចូលរួមប្រមូលចំណូល និងទប់ស្កាត់ការគេចពន្ធ ព្រមទាំងដាស់តឿនការចែកអាវរងារដល់កងកម្លាំងប្រដាប់អាវុធតាមខ្សែព្រំដែនឲ្យបានទាន់រដូវរងារ ដែលនឹងមកដល់ ។
គួររំលឹកថា សេចក្តីស្នើច្បាប់ដែលទទួលបានការយល់ព្រម បម្រុងទុកក្នុងច្បាប់ថវិកាឆ្នាំ ២០១៦ នូវទំហំទឹកប្រាក់ ១៧ ៦១២ ៤៧៧ លានរៀល ឬត្រូវជា ៤,៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ គណរដ្ឋមន្ត្រី ផលិតផលក្នុងស្រុកសរុប គិតជាមនុស្សម្នាក់ៗ ក្នុងឆ្នាំ ២០១៦ រំពឹងថានឹងឈានដល់ ១៣២៥ ដុល្លារ៕