នៅព្រឹក ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៥ នេះ ស្របពេលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងម៉ាកាវ និងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដល់ព្រះសង្ឃ គ្រប់ព្រះអង្គ និងជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ដោយរំឮកថា នេះគឺជាលើកទី ២ ហើយ ដែលសម្តេចមិនបាននៅចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលលើកទី ១ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ នេាះសម្តេចត្រូវទៅទទួលយាងព្រះរាជសពរបស់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ ពីទីក្រុងប៉េកាំង មកមាតុប្រទេសវិញ។សម្តេចក៏បានសុំការខន្តីអភ័យទោស ពីព្រះសង្ឃ និងប្រជាជន ដែលមិនបានទៅដាក់បិណ្ឌនៅវត្តវាំងចាស់ ដូចសព្វដង ដោយសារការងាររវល់ ហើយក៏សម្តែងនូវការអរគុណទៅដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ដែលបានជួយការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសម្រួលចរាចរណ៍ ដល់ជនរួមជាតិទាំងអស់ ក្នុងកំឡុងពេលភ្ជុំបិណ្ឌទាំង ១៥ ថ្ងៃ។ បន្ថែមពីលើនេាះដែរ សម្តេចក៏សូមជូនពរទៅដល់កងកម្លាំងរក្សាសន្តិសុខកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងឈរជើងនៅប្រទេសស៊ូដង់ខាងត្បូង, ម៉ាលី, សាធារណរដ្ឋអាហ្រ្វិកកណ្តាល, លីបង់ និងកេាះស៊ីបផងដែរ៕
Share this post