សុន្ទរកថាគន្លឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ថ្លែងក្នុង ពិធីបើក សន្និសីទប្រធានសភានៃអន្តរសភាលើកទី២

[ផ្ដើមសេចក្ដីអធិប្បាយ១] អម្បាញ់មិញនេះ នាយករដ្ឋមន្រ្តីបានថ្លែងសុន្ទរកថា។ ឥឡូវដល់ឪនាយករដ្ឋមន្រ្តីម្ដង។ សង្កេតមើល អម្បាញ់មិញគឺនាយករដ្ឋមន្រ្តីសក់ស ឯឪនាយករដ្ឋមន្រ្តីសក់ខ្មៅ។ ដូច្នេះ កំណត់ថា សក់ខ្មៅមិនប្រាកដថាក្មេងទេ ហើយសក់សក៏មិនប្រាកដថាចាស់ដែរ។ នេះជារឿងពិត។ [ចប់សេចក្ដីអធិប្បាយ១] សម្តេច ឯកឧត្តម លោកជំទាវ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា, ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ សមាជិក សមាជិកាសភា តំណាងអង្គការជាតិ និងអន្តរជាតិ, អស់លោក លោកស្រី! ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយឥតឧបមា ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​នៃសន្និសីទ​ប្រធាន​សភានៃអន្តរសភាលើកទី២ ក្រោមមូលបទ«សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹង​ច្បាប់​អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។ ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវគារវកិច្ចស្និទ្ធស្នាល​ និងសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំសភា និងប្រតិភូគ្រប់រូប ដែលបានធ្វើ​ដំណើរពីគ្រប់ទិសទីជុំវិញ​សកល​លោក ដើម្បីមកចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ។ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃអង្គនីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់, យើងជួបជុំគ្នានៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ…

សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញពិនិត្យរោងចក្រផលិតសម្ភារៈយោធា

ថ្ងៃនេះ ខ្ញុំឡើងមកសួរសុខទុក្ខកូនក្មួយ ដែលបានមកធ្វើការនៅរោងចក្រផលិតសម្ភារៈយោធា ដែលមិនមែនជាសម្ភារៈយោធា(សំរាប់ប្រើ)ដើម្បីឈ្លានពានអ្នកណាទេ ក៏ប៉ុន្តែជាសម្រាប់ការការពារខ្លួន។ អាចនិយាយបានថា ប៉ុន្មានខែមកហើយ យើងមិនបាននាំចូល(សម្ភារៈ)សម្រាប់ផ្គត់ផ្គង់ឱ្យកងទ័ព និងនគរបាលរបស់យើងទេ។ យើងប្រើប្រាស់របស់ដែលផលិតនៅទីនេះ ជំនួសឱ្យការនាំចូល ដែលមានការពិបាកផងនិងមានតម្លៃថ្លៃផង។ ផលិតកម្មនៅទីនេះ ជួយដោះស្រាយការងារក្នុងស្រុកផង ធានាគុណភាពខ្លួនឯង ហើយដោះស្រាយបញ្ហាតម្លៃ ផ្សេងៗ ខ្លួនឯងផង។ ខ្ញុំដឹងថា កូនក្មួយភាគច្រើន(ដែលធ្វើការនៅទីនេះជាអ្នករស់)នៅក្នុងខេត្តបាត់ដំបង និងមានមួយចំនួនជាអតីតពលករនៅប្រទេសថៃ។ កិច្ចការដែលយើងធ្វើនេះជាផ្នែកមួយនៃឧស្សាហកម្មការពារជាតិ ដើម្បី(ជាផលិតផល)ការពារដល់សាច់ឈាមរបស់យើង ដែលកំពុងឈរការពារប្រទេសជាតិនិងប្រជាជន។ សូមយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តម (?) ដែលបានដឹកនាំការងារនេះជំនួសឱ្យខ្ញុំ។ ខ្ញុំមិនមានការងារណាមួយជាអគ្គភស្ដុភារជាន់ខ្ពស់នោះទេ ប៉ុន្តែបងប្អូនប្រសិទ្ធនាមឱ្យខ្ញុំជាអគ្គភស្ដុភារយោធាជាន់ខ្ពស់។ ខ្ញុំទទួលយក ប៉ុន្តែការទទួលយកនេះ វាស្របគ្នានឹងភារ​កិច្ចដែលខ្ញុំទទួលខុសត្រូវជួយរាជរដ្ឋាភិបាលលើកិច្ចការឧស្សាហកម្មការពារជាតិ។ អ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំធ្វើ។ ឥឡូវនេះ វាបានចេញជាលទ្ធផលហើយ។ យើងមិនមែនធ្វើត្រឹមតែផ្គត់ផ្គង់ឲ្យកងទ័ព នគរបាល និងកងរាជអាវុធហត្ថរបស់យើងទេ។ គោលដៅរបស់យើងគឺឈានទៅនាំចេញសម្រាប់ប្រទេសទាំងឡាយដែលមានតម្រូវការ … (ដាច់សម្លេង) … (តែត្រូវមានការបញ្ជាក់ពីប្រទេសនោះ ដោយមិនឱ្យធ្លាក់)ទៅក្នុងដៃក្រុមប្រឆាំងក្នុងប្រ​ទេសមួយផ្សេងទៀតឡើយ។ យើងមិនអាចធ្វើដូច្នេះបានទេ។ ​ដោយឡែក រោងចក្រមួយនេះ ខ្ញុំបានបញ្ជាទិញតម្លៃ ៧លានកន្លះ(ដុល្លារ)រួចហើយ។ ខ្ញុំនៅជំពាក់តែ ១លាន(ដុល្លារ)ទេ។ កាលពីមុន យើងទិញពីខាងក្រៅ។…

សេចក្តីដកស្រង់សារសម្លេង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងប្រធាន​គណបក្សប្រជាជន បកស្រាយការចោទប្រកាន់របស់ សេង សារី, ជំរើសដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការព្រមានដល់សកម្មភាពលួចនាំចូលទំនិញពីប្រទេសថៃ

(សេង) សារី! ពុកបានស្ដាប់ការសម្ភាសន៍របស់កូន (និង)ការលើកមតិរបស់កូន នៅក្នុងវិទ្យុ RFI របស់បារាំង។ កូនបែរជានិយាយអំពីការដែលពុកលុបសារ។ ពុកគ្រាន់តែបញ្ជាក់ឡើងវិញថា​ កូនចូលទៅមើលឡើងវិញក្នុង Page របស់ពុកទៅ។ ពុកមិនដែលបានលុបសារទេ។ គ្មានហេតុផលនឹងលុប​សាររបស់ពុកទេ … ពុកជូនសារទៅកាន់ប្រជាពលរដ្ឋ ដែលប្រៀបធៀបថា “ការរបួសកូនដៃមួយ មិនគួរធ្វើឲ្យរូបកាយទាំងមូលពិការនោះទេ”។ (ការនិយាយដូច្នេះ) មិនមែនពុកទុករឿងជាតិ រឿងទឹកដី ស្មើនឹងកូនដៃនោះទេ។ ប៉ុន្តែ យើងពិនិត្យមើល (ក្នុង)ទំហំផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា (តើ)យើងរងការទន្ទ្រានកាន់កាប់ពីសំណាក់ភាគីថៃប៉ុន្មាន? ហើយទឹកដីប៉ុន្មានហិក​តានោះ មិនមែនក្លាយជាដីថៃជាស្ថាពរនោះទេ។ យើងនៅតែបន្តការតស៊ូយកត្រឡប់មកវិញ ដោយមធ្យោបាយសន្តិវិធី។ ជម្រើសមានតែ២ទេ។ ទី១ វាយប្រហារដណ្ដើមយកទឹកដីនោះមកវិញ។ តើកូនយល់ពីជម្រើសនេះឬទេ? (តើ)ហ៊ានមកចូលរួមឬទេ? ជម្រើសបែបនេះគឺការប្រើប្រាស់ជីវិតរបស់ទាហាន គឺធ្វើឲ្យទាហានស្លាប់ និងរបួស ធ្វើឲ្យប្រជាជនស្លាប់និងរបួស និងបង្កើតឲ្យមានជនភៀសសឹកឡើងវិញ។ (កាលពីការកើតមានសង្គ្រាមនាពេលកន្លងទៅ) មាន(ជនភៀសសឹក)រហូតទៅដល់ ៦០ទៅ ៧០ម៉ឺននាក់ឯណោះ។ តើវាគួររើសយកជម្រើសនេះឬទេ? ឬក៏ត្រូវបន្តជម្រើសសព្វថ្ងៃ តាមរយៈការពង្រឹងបទឈប់បាញ់ ហើយការចរចាដោះស្រាយតាមយន្តការដែលមានស្រាប់ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង សេចក្ដីថ្លែងការណ៍ឈប់បាញ់ (ពិសេស)ទាក់ទងនឹងកថាខណ្ឌស្ដីពីដំណើរការវាស់វែងតាមព្រំដែនបន្តទៀត…