សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២
ឯកឧត្តម ជុង អ៊ុយុង (Chung Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ឯកឧត្តម មុស្សាហ៊ីត ហូសេន សាយ៉េត (Mushahid Hussain Sayed) សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងអង្គប្រជុំ! ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២ នាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចប្រជុំរបស់យើងនាពេលនេះនិងការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនាឱកាសនេះ។ គណបក្សប្រជាជនកម្ពុជា មានមោទនភាពដែលជាគណបក្សកាន់អំណាច តាមរយៈការបោះឆ្នោតយ៉ាងទៀតទាត់ ហើយគណបក្សយើងមានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ មហាសន្និបាត ICAPP លើកទី១២ នាពេលនេះ នឹងធ្វើការប្រមូលផ្តុំកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា…