សុន្ទរកថា ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»

ឯកឧត្តម ប្រមុខដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន; ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី; ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»។ ជាការពិត, ពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ នេះ ជាសក្ខីកម្ម​នៃភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន និងបាននាំមកនូវការអភិវឌ្ឍលើ​គ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជាតិ និងប្រជាជនអាស៊ាន និងចិន។ ក្នុងស្មារតីនេះ, ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទចំពោះខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់-ទំនងដៃគូសន្ទនាចិន-អាស៊ាន និងខួបនៃការប្តេជ្ញាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរវាងចិន-អាស៊ាន។ ទន្ទឹមនេះដែរ, ជោគជ័យដ៏ត្រចះត្រចង់ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់ និងបង្កើតនូវកាលានុវត្តភាពថ្មី ដើម្បីឈានទៅសម្រេចបាននូវអនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន។ ជាទិសដៅទៅអនាគត, ខ្ញុំយល់ឃើញថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច…

សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្ដីពី «អនាគតរបស់អាស៊ី»​ ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ

ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសទាំងអស់ លោក តូរ៉ុ តាកាហាស៊ី (Taro Takahashi)និពន្ធនាយកទទួលបន្ទុកតំបន់អាស៊ី នៃទីស្នាក់ការកណ្ដាលសម្រាប់តំបន់អាស៊ី ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយជាអនេក ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីដទៃទៀត ថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្ដីពី “អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ” នាថ្ងៃនេះ។ ជាមួយគ្នានេះ ខ្ញុំសូមសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុននីកកេ (Nikkei) ដែលបានខិតខំរៀបចំវេទិកានេះឡើងតាមរយៈប្រព័ន្ធវីដេអូ លើប្រធានបទដ៏មានសារៈសំខាន់នេះ សម្រាប់ថ្នាក់ដឹកនាំ និងដៃគូពាក់ព័ន្ធទាំងអស់ ពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីស្ថានការណ៍ និងការវិវឌ្ឍក្នុងតំបន់ និងសកលលោក ជាពិសេស ការគិតគូរអំពីទិសដៅអនាគត សម្រាប់កិច្ចអភិវឌ្ឍតំបន់អាស៊ីក្នុង និងក្រោយពេលវិបត្តិជំងឺកូវីដ-១៩។ ជាការពិតណាស់ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្រ្តទំនើបរបស់ពិភពលោកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាន និងកំពុងបង្កជាវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ និងឈានដល់ការបន្ទច់បង្អាក់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាសកល។ គ្រប់ប្រទេស និងតំបន់លើសកលលោកសុទ្ធសឹងតែកំពុងរងការប៉ះទង្គិចលើគ្រប់វិស័យ ហើយប្រជាជនជាងមួយរយលាននាក់បានឆ្លង និងរាប់លាននាក់ត្រូវបានបាត់បង់ជីវិត។ ទន្ទឹមនេះ កំណើនសេដ្ឋកិច្ចសកលក៏ធ្លាក់ចុះក្នុងអត្រាអវិជ្ជមានដែលមិនធ្លាប់មាន បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល…

សេចក្តីដកស្រង់ សារសំឡេងស្ដីពីការសម្រេចបិទខ្ទប់ក្រុងភ្នំពេញនិងក្រុងតាខ្មៅ/ខេត្តកណ្តាល ១៤ ថ្ងៃ

ជូនចំពោះបងប្អូនជនរួមជាតិដែលរស់នៅក្រុងភ្នំពេញ​​ និងក្រុងតាខ្មៅ​​​ជាទីគោរពស្រលាញ់រាប់អាន, ថ្ងៃនេះមានការជ្រួលច្របល់បន្តិច មុនពេលដែលសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានចេញអំពីការបិទរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ។ គោលបំណងនៃការបិទគឺដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងរីករាលដាលនៃកូវីដ-១៩ ហើយការបិទនេះទៀតសោតក៏មិនមែនជាដំណើរការធ្វើឲ្យប្រជាជនស្លាប់​ ឬរងទុក្ខលំបាកនោះដែរ។ ទោះបីថាផលប៉ះពាល់វាកើតមាន ក៏ប៉ុន្តែយើងក៏បានគិតទុក ធ្វើយ៉ាងណាឲ្យប្រជាជនយើងអាចមានជីវភាពប្រក្រតីទោះបីបញ្ហាមួយចំនួនបានធ្វើ។ នៅពេលដែលយើងបិទ គឺបុគ្គលគ្រប់រូបត្រូវអនុវត្ត(បំរាម)មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬពីទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំ​បាច់ … ការធ្វើដំណើរចេញក្រៅលំនៅដ្ឋានឬទីសំណាក់បច្ចុប្បន្នអាចធ្វើទៅបាន ក្នុងករណីដែលមានការចាំបាច់ដូចជាការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ តែមិនមានការហាមឃាត់ដូចក្នុងមាត្រា ៣ ដែលបញ្ជាក់នៅខាងក្រោម ហើយក៏ត្រូវមានឯកសារពាក់ព័ន្ធដទៃទៀត។ ការធ្វើដំណើរទៅកាន់កន្លែងលក់ម្ហូបអាហារ​ ឬគ្រឿងឧបភោគបរិភោគ ឬសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដែលអនុញ្ញាតឲ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច(ជាដើម) ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២​ នាក់ ក្នុងមួយលំនៅដ្ឋាន ឬទីសំណាក់មិនឲ្យលើសពី ៣ ដង ក្នុងមួយសប្តាហ៍ និងដែលនៅជិតបំផុតក្នុងរង្វង់ភូមិសាស្រ្ត ឬខណ្ឌរបស់ខ្លួនរស់នៅ (ដោយ)ត្រូវយកតាមនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសំគាល់ខ្លួន។ ចំណុចនេះគេបានដឹងហើយថាទីកន្លែងលក់ម្ហូបអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ប្រចាំថ្ងៃ នឹងអនុញ្ញាតឲ្យ(បន្តដំណើរការ) … (នេះ)មិនមែនជាការបិទដើម្បីនឹងសម្លាប់ប្រជាជនដោយអត់មានម្ហូបអាហារនោះទេ។​ ការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ទៅមណ្ឌលសុខភាព ទៅទីកន្លែងព្យាបាលឱសថស្ថាន ឬមូលហេតុបន្ទាន់នៅក្នុងរង្វង់ភូមិសាស្រ្តបិទខ្ទប់ក៏នៅតែអាចធ្វើទៅបានដែរ។​ វិធានការ(ទាំងឡាយ)ដែលយើងធ្វើនេះ​ គឺរង់ចាំឲ្យ​បងប្អូនមើលឲ្យបានច្បាស់នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ ដំណើរការក្នុងការព្យាបាលយកសំណាកមេរោគកូវីដ-១៩ និងការទៅទទួលវ៉ាក់សាំងនៅតែដំណើរការធម្មតានៅក្នុងភូមិសាស្រ្តដែលត្រូវបិទខ្ទប់ បានសេចក្តីថា ទីកន្លែងដែលត្រូវចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញ​…