– លោក តាន់ ស្រី ម៉ៃឃើល យី, ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI)
– សម្តេច, ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
ថ្ងៃនេះ, ខ្ញុំមានកិត្តិយស និង អារម្ភរំភើបរីករាយយ៉ាងក្រៃលែងក្នុងការទទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ី ប៉ាស៊ីហ្វិក។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការ នៃវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក ដែលបានទទួលស្គាល់ នូវស្នាដៃ និង ការខិតខំប្រឹងប្រែងរបស់ខ្ញុំ ក្នុងរយៈពេលជាង ៤ ទសវត្សរ៍កន្លងទៅនេះ ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមអបអរសាទរចំពោះ ការរៀបចំប្រកបដោយជោគជ័យនូវ កិច្ចប្រជុំកំពូលបច្ចេកវិទ្យា និង សេដ្ឋកិច្ចចិនសកល កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២២ ។
ពិតណាស់ថា, ការទទួលបាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាព ជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈ ការអនុវត្ត “គោលនយោបាយឈ្នះ-ឈ្នះ» ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាព និង ស្ថិរភាពនយោបាយ ។ ការណ៍នេះ បានក្លាយជាចលករ និង ចន្ទល់ដ៏រឹងមាំ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានក្នុងអត្រា ៧ ភាគរយ ជាមធ្យមប្រចាំឆ្នាំ រហូតធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ និង កំពុងបោះជំហ៊ានឆ្ពោះទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកទី ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ១៩៩៩, កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និង ពិភពលោក, បានកសាងចំណងមិត្តភាព និង សហប្រតិបត្តិ- ការល្អប្រសើរជាមួយបណ្តាប្រទេសនានា ហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និង ស្មើភាព ក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និង ពិភពលោក ។ ជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និង រៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យ នៅឆ្នាំ ២០០២, ២០១២ និង ២០២២ គឺជាមោទនភាពជាតិសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលបង្ហាញដល់ពិភពលោកអំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និង ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព, ស្ថិរភាព, សន្តិសុខ និង ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងសកលលោក និង តំបន់ ។
សម្រាប់ឆ្នាំ ២០២២ នេះ, កម្ពុជា បានទទួលជាប្រធានអាស៊ានប្ដូរវេនជាលើកទី ៣ ស្របពេលដែលតំបន់ និង សកលលោកកំពុងប្រឈមនឹងសម្ពាធពីគ្រប់ទិសទី រួមមាន៖ ការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាម, ជំងឺកូវីដ-១៩,វិបត្តិស្បៀងអាហារ និង ថាមពល, និងការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក ។ ទោះបីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្ដី, កម្ពុជាបានដឹកនាំនាវាអាស៊ាន ប្រកបដោយជោគជ័យ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់ គ្នា» ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើរបៀបវារៈសម្រាប់សន្តិភាព និង កិច្ចសហប្រតិបត្តិការ និង ការព្យាយាមប្រមូលនូវកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាចធំៗ, បណ្ដុះទំនាក់ទំនងមិត្តភាព, ពង្រីក កិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងសង្គម និង សេដ្ឋកិច្ច, កសាងទំនុកចិត្តជាមួយប្រទេសដៃគូ និង ជាពិសេស ដើម្បីជំរុញសមាហរណកម្មតំបន់ និងសម្រេចឱ្យបាននូវ «ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥» ។
ការរក្សាបាននូវកិត្យានុភាពអាស៊ានក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ពីការ ចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាន នានា, ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវ បានទទួលស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចទី ២ លើសកលលោកបាននោះទេ។ ជាក់ស្ដែង, កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាលពីឆ្នាំ ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» នាពេលឆាប់ៗខាងមុខ ។ តួយ៉ាង ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី ១ របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញសរុប រវាងអាស៊ាន និង ចិន បានកើនឡើងរហូតដល់ប្រមាណ ៦៦៩ ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ ២០២១ ពោលគឺកើនឡើង ២៨ ភាគរយ ខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពី បរទេស (FDI) ពីចិនមកអាស៊ាន មានចំនួន ១៣,៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដែលកើនឡើងជិតទ្វេដង ធៀបនឹងឆ្នាំ ២០២០ ។ ជាមួយនឹងការចូលរួមចំណែកទាំងនេះ ផ្អែកតាមការ វាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី កាលពីខែ តុលា កន្លង ទៅនេះ, តំបន់អាស៊ាន នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា ដែលជាអត្រាខ្ពស់, បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត នៃ សកលលោក ។
ចំណែកឯក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើន ទាំងផ្នែកនយោបាយ, សេដ្ឋកិច្ច និង សង្គម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរ ទស្សនកិច្ចទៅវិញទៅមក កាន់តែញឹកញាប់, កំណើនពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍ និង កំណើន នៃការប្រាស្រ័យទាក់ទង រវាងប្រជាជន និង ប្រជាជន ផងដែរ ។ ជាពិសេស ទំនាក់ទំនង រវាងកម្ពុជា និង ចិន មានការរីកចម្រើនគួរជាទីមោទនៈ រហូតត្រូវបានទទួលស្គាល់ថាជា «មិត្តភាព ដែកថែប» ព្រមទាំងកំណើនពាណិជ្ជកម្មទ្វេភាគី សរុបក្នុងទំហំប្រមាណ ១១ ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ ២០២១) ដែលគិតជាភាគរយមានការកើនឡើង ៣៧% បើធៀបទៅនឹងឆ្នាំ ២០២០ ។
បន្ថែមលើនេះ កម្ពុជាតែងទទួលបានការជួយគាំទ្រ និង ជ្រោមជ្រែងជាបន្តបន្ទាប់ពីមិត្តចិន ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ, ជាពិសេស ក្នុងពេលវេលាដ៏លំបាកបំផុតបណ្តាលមកពីវិបត្តិ ជំងឺកូវីដ-១៩ ដែលបានចូលរួមបង្កលក្ខណៈឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលបានល្អប្រសើរ និង ជាពិសេសចូលរួមដល់ការកាត់បន្ថយផលប៉ះទង្គិចសង្គម-សេដ្ឋកិច្ច ផងដែរ ។
ការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន គឺជាសមិទ្ធផលដ៏អស្ចារ្យដែលបានផ្ដល់ ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និង កម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និង ភូមិសាស្ត្រនយោបាយ ។ ក្នុងបរិការណ៍ដែលយើងកំពុងបន្តប្រឈមនឹងបញ្ហា និង ហានិភ័យកាន់តែច្រើន ប្រកបដោយភាព មិនប្រាកដប្រជាខ្ពស់, ដូចជា ការបន្តរាតត្បាតនៃជំងឺកូវីដ-១៩, ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រ នយោបាយ, ការគាំពារនិយម, ភាពមិនប្រាកដប្រជា នៃទស្សនវិស័យសេដ្ឋកិច្ចសកល, ការប្រែប្រួល អាកាសធាតុ, ការបន្តបន្ទច់បង្អាក់ចរ នៃខ្សែច្រវាក់តម្លៃ និង ផលិតកម្មសកល, ខ្ញុំមានសង្ឃឹម ជឿជាក់ថា កិច្ចសហការអាស៊ាន-ចិន ដែលបាន និងកំពុងនឹងបើកទំព័រថ្មីមួយតាមរយៈការអនុវត្ត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និង ការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន- អាស៊ាន ទម្រង់ថ្មី ៣.០» នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាង តំបន់ទាំងពីរ ឱ្យកាន់តែមានសក្តានុពលប្រកបដោយថាមវន្តបន្ថែមទៀត ។
ស្ថិតក្នុងបរិការណ៍នេះដែរ អាស៊ាន-ចិនត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, ប្រកបដោយបរិយាបន្ន, បំពេញបន្ថែម និង ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ តួយ៉ាង, កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់ យើង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ ក្នុងន័យនេះ, យើងត្រូវបន្ត និង បង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀត ដើម្បីចាប់យកសក្តានុពល នៃកិច្ចអភិវឌ្ឍរបស់តំបន់ទាំងពីរឱ្យបានជាអតិបរមា ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិន ក្នុងការរក្សាមជ្ឈភាព និង ឯកភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍ និង ការលើកកម្ពស់ការសំយោគពង្រឹងគ្នាទៅវិញទៅមក ក្នុងចំណោមយន្តការដែលដឹកនាំដោយអាស៊ាន ។
ទន្ទឹមនេះដែរ, អាស៊ាន និង ចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ច ការលុបបំបាត់របាំងពាណិជ្ជកម្មការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ចឌីជីថល កំណើន បៃតង, អន្តរកាលថាមពល និង ការបង្កើនសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និង មធ្យម (MSMEs) ដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី, និង ជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា ។
មុននឹងបញ្ចប់, ខ្ញុំសូមគូសបញ្ជាក់ថា យើងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការ អភិវឌ្ឍកម្ពុជា និង ថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាង ៤០ ឆ្នាំនេះ ។ ទន្ទឹមនេះដែរ, អាស៊ាន-ចិន នឹងបន្តពូនជ្រុំលើសមិទ្ធផល ដែលសម្រេចបាន ក៏ដូចជា លើកម្ពស់កិច្ចសហប្រតិបត្តិការនានា សំដៅលើកស្ទួយសុខសន្តិភាព, ស្ថិរភាព និង ការអភិវឌ្ឍ ក្នុងតំបន់ និង សកលលោកទាំងមូល ។ ខ្ញុំសង្ឃឹមថាអ្នកបន្តវេនជំនាន់ក្រោយ នឹងបន្តស្មារតីរួបរួម គ្នា ដើម្បីថែរក្សាសុខសន្តិភាព និង លើកស្ទួយការអភិវឌ្ឍជាតិ និង តំបន់ ដោយកសាងលើសមិទ្ធផល ដែលសម្រេចបានក្នុងពេលបច្ចុប្បន្ន ។
ជាថ្មីម្ដងទៀត, ខ្ញុំសូមថ្លែងអំណរគុណដល់ វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក និង សូមជូនពរឱ្យទទួលបានជោគជ័យត្រចះត្រចង់ ជាបន្តបន្ទាប់ ។ ជាទីបញ្ចប់, ខ្ញុំសូមជូនពរ សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ដែលមានវត្តមានក្នុងអង្គពិធីនេះ មានសុខភាព ល្អ និង ទទួលបានជោគជ័យក្នុងរាល់ភារកិច្ច៕