(១) ចែកសញ្ញាបត្រតាមរបៀបរស់នៅក្នុងគន្លងថ្មី បន្ទាប់ពីការអាក់ខានចែកសញ្ញាបត្រជាង ២ ឆ្នាំ
ថ្ងៃនេះ ជាការវិលត្រឡប់មកវិញជាមួយនឹងការរស់នៅតាមគន្លងថ្មី គឺរស់នៅជាមួយកូវីដ-១៩។ អ្វីទៅជាការវិលត្រឡប់មកវិញ? យើងអាក់ខាននូវការចែកនូវសញ្ញាបត្រ សម្រាប់និស្សិតរបស់យើងអស់រយៈពេលជាង ២ ឆ្នាំរួចមកហើយ។ ថ្ងៃនេះជាលើកដំបូង នៃការចែកសញ្ញាបត្រត្រឡប់មកវិញ គឺជាការចាប់ផ្ដើមមួយថ្មីជាមួយនឹងរបៀបរស់នៅថ្មីតាមគន្លងថ្មី។ អ្វីទៅ(ការរស់)នៅតាមគន្លងថ្មី? ពីមុន(អ្នក)ទាំងអស់គ្នាមិនធ្លាប់ពាក់ម៉ាស់ទេឥឡូវ ត្រូវពាក់ម៉ាស់ជាប់។ ពីមុនធ្លាប់តែអង្គុយកៀកគ្នា ឥឡូវ ត្រូវរក្សាគម្លាតបន្ដិច ជាមួយនឹងការថែទាំសុខភាពដទៃទៀត។ នោះហើយ គឺជារបៀបថ្មី ដែលបាននឹងកំពុងស្ថិតនៅជាមួយយើង ហើយ(យើង)មិនដឹងថាស្ថានភាពនេះវានឹងឈានទៅដល់ពេលណាទើបត្រូវបញ្ចប់។ ប៉ុន្ដែ យ៉ាងហោចណាស់ យើងបានវិលត្រឡប់មកធ្វើសកម្មភាពឡើងវិញ ក្នុងការចែកជូនសញ្ញាបត្រ ឬនិយាយដោយឡែក និងនិយាយរួម យើងបានបើកឱ្យមានការសិក្សាឡើងវិញ បន្ទាប់ពីមួយរយៈដែលយើងបានបិទសាលា ហើយផ្ដល់ឱកាសឱ្យរៀនតាមបច្ចេកវិទ្យាព័ត៌មាន គឺតាមអនឡាញ។ ថ្ងៃនេះ ជាការចាប់ផ្ដើម(ចែកសញ្ញាបត្រ)ជាមួយនឹងសាកលវិទ្យាល័យ ពុទ្ធិសាស្ដ្រ ជាមួយនឹងការចែកសញ្ញាបត្រ (ចំនួន) ៦២៣ នាក់ ក្នុងនោះ បរិញ្ញាបត្ររង (ចំនួន) ១១១ នាក់។ បរិញ្ញាបត្រ ចំនួន ៤៤២ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៧០ នាក់។
(២) ជំងឺកូវីដ-១៩ នាំឱ្យមានការព្រួយបារម្ភដល់ការបណ្តុះបណ្តាលធនធានមនុស្ស
ដំបូងខ្ញុំគួរថ្លែងនូវការកោតសរសើរជាមួយនឹងការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ក៏ដូចជា ការខិតខំរបស់សាស្ដ្រាចារ្យនៅក្នុងសាកលវិទ្យាល័យនេះ ទោះបីស្ថិតក្នុងវិបត្ដិ នៃកូវីដ-១៩ ក៏ប៉ុន្ដែ នៅតែជំនះពុះពារដើម្បីធ្វើឱ្យសាកលវិទ្យាល័យ(នេះ)នៅ(តែ)អាចដំណើរការបាន។ អ្វីដែលជាការព្រួយបារម្ភដ៏ធំ នៅក្នុងដំណាក់កាលកូវីដ-១៩ គឺការព្រួយបារម្ភពីការបាត់បង់ធនធានមនុស្ស គឺបាត់នូវល្បឿននៃការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាផ្នែកដ៏សំខាន់មួយ នៃការអភិវឌ្ឍប្រទេសជាតិ។ មិនគ្រាន់តែប្រទេសកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីកូវីដ-១៩ ប៉ុន្ដែ ពិភពលោកទាំងមូលបានជួបប្រទះនូវបញ្ហានេះ ដែលចាត់ទុកថា ជាហានិភ័យមួយដ៏ធំនឹងជាគ្រោះថ្នាក់មួយ សម្រាប់ការឈានឡើង នៃសង្គមជាតិ ហើយទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០៣០ អាចថាមិនសម្រេចដល់គោលដៅ។ ប៉ុន្ដែ តាមរយៈការខិតខំរបស់ប្រទេសនីមួយៗ ក្នុងនោះ រួមទាំងកម្ពុជាផងដែរ យើងបានប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លង/ស្លាប់ដោយសារកូវីដ-១៩ នេះ យើងបានចាប់បើកប្រទេសឡើងវិញ។ ការបើកប្រទេសឡើងវិញនេះ វាក៏ជាការចាប់ផ្ដើមបើកឱកាសឱ្យសិស្សនិស្សិតរបស់យើងបានចូលរៀនឡើងវិញដែរ។ ចំណុចនេះ (គឺ)ជាចំណុចដែលមានផ្នែកមួយរបស់សាកលវិទ្យាល័យពុទ្ធិសាស្ដ្រនេះ ក៏បានខិតខំបណ្ដុះបណ្ដាលធនធានមនុស្សតាមគ្រប់មធ្យោបាយដែលមាន។
(៣) ការវិវឌ្ឍផ្នែកឌីជីថល/ព័ត៌មានវិទ្យា ធ្វើឱ្យសិស្សអាចរៀនតាមអនឡាញក្នុងពេលវិបត្តិកូវីដ-១៩
ក្នុងនោះយើងក៏គួរមើលឃើញថា អ្វីទៅជាកាលានុវត្ដន៍ភាព ដែល(កើត)ចេញពីវិបត្ដិកូវីដ-១៩? ចំណុចនេះគេធ្លាប់តែនិយាយជាហូរហែមកហើយថា វិបត្ដិតែងមានកាលានុវត្ដន៍ភាពនៅទីនោះ តើជាអ្វីទៅ? នោះនៅត្រង់ថា ប្រទេសកម្ពុជារបស់យើងនៅពេលជួបវិបត្ដិកូវីដ-១៩ បញ្ហាឌីជីថលបានលោតផ្លោះក្នុងជំហានមួយគួរឱ្យកត់សម្គាល់។ ក្នុងបញ្ហាឌីជីថលនេះ គឺវាគ្របដណ្ដប់ធំជាងគេក្នុងវិស័យអប់រំតែម្ដង។ សិស្សានុសិស្សរបស់យើងរៀនតាមប្រព័ន្ធអនឡាញ។ ម្សិលមិញអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា ផ្នែកឌីជីថលរបស់យើងអាចមានការវិវឌ្ឍលឿន បើប្រៀបធៀបនឹងការគ្រោងទុក គឺលឿនជាងប្រមាណ ១០ ឆ្នាំ។ ទោះបីថាខ្ញុំមិនអាចធ្វើការសន្និដ្ឋានបាននៅរយៈពេលប៉ុន្មាន ក៏ប៉ុន្ដែ យើងក៏អាចមើលឃើញអំពីការជាក់ស្ដែង ដែលបានកើតក្នុងប្រទេស ពីការជឿនលឿនផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងដំណាក់កាល នៃកូវីដ-១៩ នេះតែម្ដង។
វាជាភ័ព្វសំណាង នៃពិភពលោក និងជាភ័ព្វសំណាងរបស់កម្ពុជា ដែលបច្ចេកវិទ្យាព័ត៌មានបានដើរលឿនមួយជំហានមុនកូវីដ-១៩ ដែលខ្ញុំតែងតែនិយាយថា វាជាភ័ព្វសំណាងហើយ ដែលយើងមានអនឡាញមុនកូវីដ-១៩ មកដល់។ ប្រសិនបើគ្មានអនឡាញមុនកូវីដ-១៩ មកដល់ទេ ប្រហែលជាទំនាក់ទំនងនៅក្នុងពិភពលោក និងប្រទេសរបស់យើងពិតជាមានការលំបាក។ សូម្បីឆ្នាំទៅយើងត្រូវធ្វើជាប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុប យើងមិនមានលទ្ធភាព ដើម្បីដំណើរការប្រជុំនៅទីក្រុងភ្នំពេញដោយប្រមូលផ្ដុំប្រមុខរដ្ឋ/រដ្ឋាភិបាលជាង ៥០ ប្រទេសមកចូលរួមបាននោះទេ។ ដូច្នេះ ជម្រើស គឺការប្រជុំអនឡាញតែម្ដង។ ២ ឆ្នាំ កន្លងផុតទៅ អាស៊ានដំណើរការតាមប្រព័ន្ធអនឡាញទាំងអស់ ទាំងកម្រិតរដ្ឋមន្ដ្រី ទាំងកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ទាំងនៅវៀតណាម និងប្រ៊ុយណេ។ ប៉ុន្ដែ ឆ្នាំនេះ តាមរយៈការខិតខំប្រឹងប្រែងរបស់យើង គឺយើងបានជំរុញឱ្យមានការជួបផ្ទាល់។
(៤) ការចាក់វ៉ាក់សាំងគ្របដណ្ដប់បានពេញលេញនឹងមានអត្រាខ្ពស់ ភាពស៊ាំសហគមន៍បាននាំទៅដល់ការទប់ស្កាត់ការឆ្លង និងការឆ្លងមិននាំទៅដល់ភាពធ្ងន់ធ្ងរ
នេះជាការខិតខំមួយ ដែលយើងបានពុះពារជំនះ ដើម្បីនាំប្រទេសរបស់យើងបញ្ចៀសនូវវិបត្ដិកូវីដ-១៩។ រយៈពេលជាង ១០០ ថ្ងៃហើយដែលកម្ពុជាគ្មានអ្នកស្លាប់ដោយកូវីដ-១៩ និងរយៈពេល ៥២ ថ្ងៃគ្មានមនុស្សឆ្លង។ ឥឡូវនេះ មានមនុស្សឆ្លងឡើងវិញក្នុងកម្រិតក្រោម ៥០ នាក់/ថ្ងៃ ដែលថ្ងៃនេះ មានប្រហែល ២៥-២៦ នាក់។ ប៉ុន្ដែ ដោយសារការចាក់វ៉ាក់សាំងគ្របដណ្ដប់បានពេញលេញ និងមានអត្រាខ្ពស់ ភាពស៊ាំសហគមន៍បាននាំទៅដល់ការទប់ស្កាត់(ការឆ្លង/ស្លាប់) បើទោះបីមានការឆ្លង តែវាមិននាំទៅដល់ភាពធ្ងន់ធ្ងរនោះទេ ត្រង់នេះហើយ ដែលជាចំណុចល្អ ដែលយើងបើកឱកាស សម្រាប់ការវិលត្រឡប់មករកស្ថានភាព ដែលយើងបានបញ្ឈប់កាលពីជាង ២ ឆ្នាំមុន ដែលថ្ងៃនេះ យើងបានចាប់ផ្ដើមចែកសញ្ញាបត្រ(ឡើងវិញ)។ គ្រាន់តែដើម្បីការធានា គឺនិស្សិតមិនបានមកទទួលសញ្ញាបត្រផ្ទាល់ពីនាយករដ្ឋមន្ដ្រីដូចពេលមុននោះទេ។ គ្រាន់តែប៉ុណ្ណឹងទេ។ អាហ្នឹងហើយគន្លងថ្មី។
(៥) បច្ចេកវិទ្យាព័ត៌មានគ្របដណ្តប់ក្នុងវិស័យអប់រំ ដែលសិស្សមិនតិចជាង ៣ លាននាក់ រៀនអនឡាញ
ឥឡូវ ឱ្យខ្ញុំនិយាយពីបញ្ហាឌីជីថល។ ទាក់ទិនជាមួយនឹងវិបត្ដិកូវីដ-១៩ នេះ គ្រប់ប្រទេសទាំងអស់តែងមានការវិវឌ្ឍផ្នែកព័ត៌មានវិទ្យានេះខ្លាំងណាស់ ក្នុងហ្នឹងកម្ពុជាយើងអាចចាត់ទុកថាជាប្រទេសមួយ ដែលបានដើរទាន់សភាពការណ៍ ដូចជាផ្នែកអប់រំ ទូរទស្សន៍ជាតិកម្ពុជាបានរៀបចំនូវ Channel មួយ សម្រាប់បង្រៀនសិស្សតាមអនឡាញ។ ក្រៅពីនោះ គ្រប់សាកលវិទ្យាល័យ/សាលាសុទ្ធតែបង្កើតកម្មវិធី សម្រាប់ការរៀនតាមអនឡាញ។ ចំណុចនេះ អាចនិយាយបានថា ផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះបានដើរលឿន ហើយគ្របដណ្តប់ក្នុងវិស័យអប់រំនេះធំណាស់។ បើយើងពិនិត្យមើល សិស្សរបស់យើងប្រមាណជាជិត ៤ លាននាក់ មានមិនតិចជាង ៣ លាននាក់ទេ ដែលរៀនតាមអនឡាញ។ ចៅខ្ញុំទាំងអស់ គឺរៀនតាមអនឡាញ រាប់ទាំងអាយុ ៣ ឆ្នាំជាង ក៏រៀនតាមអនឡាញបានដែរ។ អញ្ចឹងទេ ចំណុចនេះយើងត្រូវឃើញ ហើយនោះ គឺជាឱកាសរបស់កម្ពុជាដែរ ក្រៅពីនោះនៅមានការធ្វើការតាមរបៀប គេហៅ E-government គឺថាស្អីក៏ E ដែរ។ ឥឡូវហ្នឹងវាទៅកាន់តែលឿនទៀត សូម្បីតែឥឡូវហ្នឹងគេចាប់ផ្តើមផ្សព្វផ្សាយច្រើន អំពីការបង់ប្រាក់ដោយមិនចាំបាច់ប្រើលុយ។ គេប្រើតែទូរស័ព្ទបង់លុយ។ អាហ្នឹងហើយជាផ្នែក នៃការជឿនលឿន សម្រាប់ប្រទេសរបស់យើង។
(៦) មន្ត្រីរាជការមិនចេះបច្ចេកវិទ្យាព័ត៌មាន មិនត្រូវបានតែងតាំងឱ្យកាន់មុខតំណែងនោះទេ
គ្រប់ផ្នែក(ទាំងអស់) អ្នកដែលមិនអាចដំណើរការបញ្ហានេះបាន គឺមិនទទួលបានការចាត់តាំងទេ ខ្ញុំបាននិយាយច្រើនដងហើយ សម្រាប់មន្ត្រីរាជការ យើងមិនធ្វើការតែងតាំងអ្នកណា ដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺឱ្យធ្វើអក្ខរកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហោចណាស់មួយជុំវិញប្រព័ន្ធទូរស័ព្ទគ្រប់គ្រាន់ហើយ ព្រោះក្នុងស្មាតហ្វូននេះ គឺមានគ្រប់នៅក្នុងហ្នឹង។ បើចេះប៉ុណ្ណឹងបាន អាហ្នឹងទើបអាចធ្វើការជាមួយគេបាន។ ឧទាហរណ៍៖ សព្វថ្ងៃនាយករដ្ឋមន្ត្រីត្រូវធ្វើការដោយមានគ្រុបរបស់(រាជ)រដ្ឋាភិបាល គ្រុបជាមួយអភិបាលខេត្ត គ្រុបជាមួយផ្នែកនេះ/នោះ អញ្ចឹង Add អ្នកឯងចូលម៉េចបាន បើអ្នកឯងអត់ទាំងចេះមើល? អ្នកឯងអត់ទាំងមាន WhatsApp, Telegram ផង? អញ្ចឹងទេ មិនអាចទទួលបាននូវការចាត់តាំងទេ។ ចំណុចនេះ វិបត្តិតែងមានបង្កប់នូវកាលានុវត្តន៍ភាព ហើយកាលានុវត្តន៍ភាពជាក់ស្តែង ដែលកម្ពុជាទទួល គឺទាក់ទិនជាមួយនឹងបញ្ហាឌីជីថលនេះឯង ដែលធ្វើឱ្យយើងដំណើរការទៅមុខ។
(៧) រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការប្រកួតប្រជែង មិនលើកទឹកចិត្តឱ្យប្រើយន្តការផ្តាច់មុខផ្នែកទូរគមនាគមន៍
ខ្ញុំរីករាយ ដែលថ្ងៃមុន ឯកឧត្តម ជា វ៉ាន់ដេត (រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)បានប្រកាសបញ្ចប់នូវភាពផ្តាច់មុខរបស់ក្រុមហ៊ុនទូរគមនាគមន៍នៅតាមបុរី។ តាមដែលខ្ញុំដឹង ហើយខ្ញុំធ្លាប់ធ្វើទំនាក់ទំនងទៅតាមអ្នកដែលរស់នៅតាមបុរី ព្រោះមន្រ្តីយើងមួយចំនួនរស់នៅតាមបុរី (គឺ)ពិបាកទាក់ទងគ្នាមែនទែន។ មហាពិបាក។ ដល់សួរទៅថា បុរីគាត់ចុះហត្ថលេខាជាមួយក្រុមហ៊ុនអ៊ិនធើណេតមួយ។ អញ្ចឹង ក្រុមហ៊ុនហ្នឹងមានសិទ្ធិផ្តាច់មុខទៅក្នុងបុរីនោះ។ អញ្ចឹង ទោះបីដើរ ឬមិនដើរ គឺវាអត់(ខ្វល់)។ នៅប្រទេសរបស់យើង ប្រព័ន្ធសំខាន់ៗមាន ៤ ទូរស័ព្ទ ប៉ុន្តែ ស៊ីសងកន្លែងហ្នឹងអត់មានសេវា ព្រោះផ្តាច់មុខទៅក្រុមហ៊ុនមួយបាត់ទៅហើយ។ អញ្ចឹងទេ យើងធ្វើម៉េចកើត? អញ្ចឹងបានខ្ញុំថា (រាជ)រដ្ឋាភិបាលអត់មានទទួលស្គាល់កុងត្រារបស់អ្នកឯងទេ។ រាជរដ្ឋាភិបាលត្រូវការនូវការប្រកួតប្រជែង ត្រូវការនូវសេវាទាក់ទង(គ្នាបាន)។ ដូច្នេះ បានជាត្រូវដំណើរការអាហ្នឹងឱ្យស្រូត។ ក្រុមហ៊ុននានាទៅដំឡើងតាមបុរី (បើនៅតែ)អត់មាន(សេវាទៀត រាជ)រដ្ឋាភិបាលលុបចោល ព្រោះនេះជាកិច្ចសន្យាខុសឆ្គងមួយ ស្តីអំពីការប្រកួតប្រជែងដោយសុច្ចរិត។
អញ្ចឹង អ្នកកសាងបុរីទាំងឡាយ ដែលខ្ញុំសុំបញ្ជាក់ពីទីនេះផងដែរ ដើម្បី(ឱ្យ)យល់ អ្នកត្រូវតែបម្រើអ្នកដែលទៅរស់នៅកន្លែងនោះឱ្យគេមានសេវាធ្វើការ។ (គិត)ថាមានលុយដល់ទៅរាប់ម៉ឺន/សែនដុល្លារទៅទិញផ្ទះក្នុងបុរី ប៉ុន្តែ សេវាទូរស័ព្ទ/អ៊ិនធើណេតអត់មាន ដល់សួរទៅថា នៅកន្លែងខ្ញុំវាពិបាកៗ វាអត់មានសេវា។ ដល់សួរទៅ មិនមែនកុងត្រារបស់ក្រសួងប្រៃសណីយ៍ឱ្យគេផ្តាច់មុខឯណា? កុងត្រារវាងបុរី និងក្រុមហ៊ុនអ៊ិនធើណេត។ វាទៅជាអញ្ចេះ។ អញ្ចឹង បានយើងទើបនឹងរកឃើញ។ អញ្ចឹង ត្រូវតែជំរុញល្បឿនឱ្យបណ្តាក្រុមហ៊ុននានាទៅដំឡើង ដើម្បីបម្រើសេវាឱ្យអ្នករស់នៅតាមបុរីនោះ ព្រោះមិនអាចធ្វើរបៀបផ្តាច់មុខ(បានទេ)។ រាជរដ្ឋាភិបាលអត់ទទួលស្គាល់ទេ។
ខ្ញុំឱ្យ ជា វ៉ាន់ដេត ប្រកាសនៅក្នុងពេលការធ្វើសន្និសីទសារព័ត៌មាន ទាក់ទិនជាមួយនឹងវឌ្ឍនភាព ស្តីពីរយៈពេល ៥ ឆ្នាំ នៃផ្នែកទូរគមនាគមន៍ និងប្រៃសណីយ៍ គឺឱ្យប្រកាសបញ្ចប់ ព្រោះអាហ្នឹងរាជរដ្ឋាភិបាលអត់ទទួលខុសត្រូវ ហើយរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការប្រកួតប្រជែង មិនមែនលើកទឹកចិត្តឱ្យមានការផ្តាច់មុខទេ។ ខ្ញុំសុំបញ្ជាក់ ទាំងម្ចាស់បុរី/ក្រុមហ៊ុនទូរគមនាគមន៍។ ឥឡូវ យើងពិនិត្យមើលអញ្ចេះ អ្នកដែលខាតបង់វាទៅជាតំបន់កូនចៅអ្នកដែលរស់នៅក្នុងបុរី(ទៅ)វិញទេ វាអត់មានអ៊ិនធើណេត ដើម្បីរៀនតាមអនឡាញ។ រៀនតាមអនឡាញ ទាល់តែមានអ៊ិនធើណេត ហោចណាស់អ៊ិនធើណេតនៅក្នុងទូរស័ព្ទនោះខ្លាំងទើបរៀនបាន។ អញ្ចឹង វាទៅជាកូនរបស់អ្នកមានលុយ អត់មានអ៊ិនធើណេតរៀនទៅវិញទៀត។ អញ្ចឹង បានជាត្រូវធ្វើកិច្ចការងារហ្នឹងកុំឱ្យចន្លោះនៅកន្លែងណាមួយ។ ទម្រាំតែរុករកឃើញនូវចំណុចមួយនេះ វាក៏មានការលំបាករបស់វាដែរ។ ប៉ុន្តែ យើងបានបញ្ចប់ហើយ។
(៨) លើកទឹកចិត្តដល់គ្រប់វិស័យប្រើប្រាស់ប្រព័ន្ធអនឡាញ បន្តជំរុញល្បឿនចូលដំណាក់កាលសេដ្ឋកិច្ចឌីជីថល
អ្វីដែលខ្ញុំកោតសរសើរ គឺនៅត្រង់ថា កម្ពុជាយើងបានឈានមួយជំហានយ៉ាងលឿននៅក្នុងផ្នែកឌីជីថលសមស្របជាមួយនឹងដំណាក់កាល នៃឧស្សាហកម្ម ៤.០ ដែលយើងត្រូវប្រឹង។ ហើយនៅក្នុងដំណាក់កាលកូវីដ-១៩ នេះទៀតសោត គឺយើងបានឃើញថា ល្បឿនការងារមួយចំនួន ដែលនៅតែបន្តតាមរបៀបចាស់ គឺនៅដំណើរការយឺត ប៉ុន្តែ ដំណើរការតាមរបៀបថ្មី គឺដំណើរការលឿន។ អ្វីទៅចាស់? អ្វីទៅថ្មី? កន្លែងខ្លះរដ្ឋមន្ត្រីគាត់មិនសូវពូកែ ដល់គាត់មិនសូវពូកែ គាត់ដាក់ឯកសារហ្នឹងទៅតាមទម្លាប់ធម្មតា។ ទៅតាមបោះត្រា។ អញ្ចឹង ដើម្បីចៀសវាងការឆ្លងរាលដាល (ព្រោះ)មិនដឹងថាឯកសារហ្នឹងមានមេរោគអីខ្លះ ទម្រាំតែយកទៅដល់ខ្ញុំ (តើ)ត្រូវប្រើពេលអស់ប៉ុន្មាន សូម្បីតែឯកសារប្រយ័ត្ន ព្រោះត្រូវឆ្លងកាត់ពីក្រសួងទៅទីស្តីការគណៈរដ្ឋមន្ត្រី, ពីទីស្តីការគណៈរដ្ឋមន្ត្រីទៅខុទ្ទកាល័យរបស់ខ្ញុំ, ពីខុទ្ទកាល័យរបស់ខ្ញុំទៅក្រុមលេខារបស់ខ្ញុំ មុនយកឯកសារមកដាក់។ អញ្ចឹង នៅទីកន្លែងនោះ ត្រូវដាក់ឆ្អើរ គេហៅថាបាញ់សម្លាប់មេរោគទាំងអស់ ទម្រាំតែមកដល់លើតុខ្ញុំ គឺវាសឹងតែយឺតពេល។
ប៉ុន្តែ នៅមានរដ្ឋមន្ត្រីដែលឆ្លាត។ គេរុញឯកសារហ្នឹងតាមផ្លូវរដ្ឋបាលធម្មតា ដើម្បីគេបោះត្រាចេញចូល ប៉ុន្តែ គេផ្ញើតាម PDF មួយមកសម្រាប់ខ្ញុំ។ ឯខ្ញុំក៏ត្រូវប្រើតាមរបៀបពីរយ៉ាង។ មួយគឺខ្ញុំប្រើប៊ិចឌីជីថលរបស់ខ្ញុំ គឺចារទៅលើហ្នឹង រួចហើយបញ្ជូនត្រឡប់ទៅវិញ។ ឥឡូវ មានដំណាក់កាលហ្នឹង គឺមានប៊ិចសម្រាប់កែ ឬក៏ផ្តល់នូវការយល់ព្រម ឬកែតម្រូវស្អីៗ យើងអាចធ្វើតាមហ្នឹងបានមុនឯកសារនោះមកដល់។ ឯមួយទៀត យើងអាចព្រីនចេញតែម្តង ដើម្បីយកវាមកពិនិត្យ រួចហើយយើងចារយល់ព្រម ឬមិនយល់ព្រម រួចហើយយើងថតបន្តិចទំព័រខាងក្រោយ (ហើយ)បាញ់ត្រឡប់ទៅវិញ ហើយនឹងបាញ់ជូនទៅខុទ្ទកាល័យ និងទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចេញ “សជណ”។ ហ្នឹងជាល្បឿនមួយដ៏លឿន។ ប៉ុន្តែ ទាល់តែនាយករដ្ឋមន្ត្រីចេះក្បួនហ្នឹងដែរ បើនាយករដ្ឋមន្ត្រីអត់ចេះក្បួនហ្នឹង ក៏វាអត់ចេញដែរ។ វានៅចាំឯកសារហ្នឹងមកដល់។ ពេលខ្លះឯកសារត្រូវមានល្បឿនលឿន ព្រោះខ្ញុំអត់ត្រូវរង់ចាំយូរទេ។
ខ្ញុំនិយាយរឿងមួយ រឿងបញ្ហាបារាំងដកទ័ពចេញពីប្រទេសម៉ាលី។ (កាល)ពីថ្ងៃទី ១៥ (សីហា ២០២២) បារាំងបានដកកងទ័ពចេញពីប្រទេសម៉ាលីអស់។ អញ្ចឹង តម្រូវឱ្យខ្ញុំសួរទៅ ប្រាក់ សុខុន ភ្លាម រឿងហ្នឹងវាយ៉ាងម៉េច? កងទ័ពយើងនៅទីនោះវាយ៉ាងម៉េច? បើស្ថិតក្នុងស្ថានភាព ដែលប្រទេសបារាំងដកកងទ័ពចេញពីប្រទេសម៉ាលី តើកងទ័ពយើងដែលកំពុងប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ? អញ្ចឹងទេ រដ្ឋមន្ត្រីការបរទេសរបស់យើងក៏រៀបចំរបាយការណ៍។ ឥឡូវ រឿងហ្នឹងអត់ទាន់បានមកដល់លើតុរបស់ខ្ញុំទេ ប៉ុន្តែ ប្រាក់ សុខុន គាត់រុញតាម PDF មួយបញ្ជូនមកដល់ខ្ញុំៗបានមើលរួចស្រេច។ ខ្ញុំវាយឆ្លើយតបត្រឡប់ទៅវិញបាត់ទៅហើយ។
រឿងរ៉ាវពីម្សិលមិញនេះ (គឺមាន)យន្តហោះរបស់ម៉ាឡេស៊ីមួយ(គ្រឿ)ហោះទៅមីយ៉ាន់ម៉ា ប៉ុន្តែ ទៅដល់មីយ៉ាន់ម៉ាមិនឱ្យចុះ។ ដល់មីយ៉ាន់ម៉ាមិនឱ្យចុះ យន្តហោះម៉ាឡេស៊ី(នោះ)ត្រូវហោះមកបាងកក។ អញ្ចឹង ខ្ញុំឱ្យស្រាវជ្រាវភ្លាម។ កៅ គឹមហួន ត្រូវបានទទួលតែងតាំងជាអគ្គលេខាធិការអាស៊ាននៅដើមឆ្នាំក្រោយនេះ ខ្ញុំឱ្យស្វែងរកថា មកពីអីបានជាប្រទេសក្នុងអាស៊ានគ្នាឯងមានឧបសគ្គអី? ប៉ុន្តែ ការឆ្លើយតបត្រឡប់មកវិញ គឺអាចនឹងមានឧបសគ្គថា មានយន្តហោះមួយខូចលើពីស្តចុះចតនោះទេ មិនមែនជាបញ្ហានយោបាយទេ។ ក៏ប៉ុន្តែ យើងត្រូវតែស្រាវជ្រាវបន្ថែម ព្រោះមានការងារខ្លះវាត្រូវការល្បឿនលឿនណាស់នៅក្នុងការធ្វើទំនាក់ទំនង។
អញ្ចឹងទេ ខ្ញុំគួរតែលើកទឹកចិត្តដល់គ្រប់វិស័យទាំងអស់ ដែលប្រើប្រាស់តាមប្រព័ន្ធអនឡាញ។ ឥឡូវ ស្អីក៏អនឡាញដែរ។ អនឡាញតាំងពីតាក់ស៊ី/កង់បី។ អនឡាញទាំងអស់។ ឌីជីថលទាំងអស់។ លេងរបៀបហ្នឹង។ នេះហើយដែលខ្ញុំចង់សំដៅទៅលើថា វិបត្តិវាមានកាលានុវត្តន៍ភាពនៅទីនោះ ដែលយើងបានជំរុញ ហើយយើងចាប់ផ្តើមពីមូលដ្ឋាននេះ បន្តជាមួយនឹងល្បឿននេះតទៅទៀត ដែលនៅក្នុងសេដ្ឋកិច្ចរបស់យើង គឺចូលដំណាក់កាលសេដ្ឋកិច្ចឌីជីថល។
(៩) បើមានកូនសិស្ស/គ្រូកើតកូវីដ-១៩ ឱ្យព្យាបាលនៅតាមផ្ទះ អត់ចាំបាច់បិទសាលាទៀតទេ
ខ្ញុំកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ផ្នែក គ្រប់ស្ថាប័ន ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា និយាយជារួម និងនិយាយដោយឡែក ចំពោះសាកលវិទ្យាល័យនេះ ដែលបានខិតខំកែច្នៃ ដើម្បីដោះស្រាយបញ្ហា សម្រាប់សិស្សនិស្សិតរបស់យើង។ ពីនេះទៅមុខ ខ្ញុំគិតថា ប្រសិនបើជំងឺអុតស្វាវាមិនកើតនៅក្នុងប្រទេសកម្ពុជាទេ ហើយបើគ្មានកូវីដ-១៩ បំប្លែងថ្មីថែមទៀតទេ វានៅត្រឹមតែ BA4, BA5 អាហ្នឹងធ្ងន់ជាង BA1, BA2 អ្នកកើតក្រោយៗ លឺថាចង់យ៉ាប់យ៉ឺន ប៉ុន្តែ វាអត់អីទេ ឱ្យស្លាប់មិនស្លាប់ទេ ប៉ុន្តែ ត្រូវតែចេះការពារខ្លួន អត់មានការចាំបាច់ ដើម្បីបិទសាលានោះទេ។ បើមានកូនសិស្ស/គ្រូបង្រៀនឆ្លងជំងឺ(កូវីដ-១៩) យើងរៀបចំឱ្យមានការព្យាបាលនៅតាមផ្ទះ។ ភាគច្រើនឥឡូវការឆ្លង គឺគេព្យាបាលនៅតាមផ្ទះ។ អញ្ចឹងទេ ផ្នែកបណ្តុះបណ្តាលធនធានមនុស្សនៅតែដំណើរការបានធម្មតា ក្នុងកាលៈទេសៈខ្លះយើងរៀនតាមអនឡាញ ដែលវាទាក់ទងជាមួយនឹងឌីជីថល ដែលយើងនិយាយអម្បាញ់មិញ។
(១០) មិនទុកឱ្យពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ ហើយបែរជាគ្មានក្តារមឈូសយកទៅកប់ និងគ្មានប៉ាឆាបូជានោះទេ
ជាមួយនឹងការកោតសរសើរ ចំពោះសាកលវិទ្យាល័យ ខ្ញុំក៏សុំកោតសរសើរ ចំពោះនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ បើទោះបីក្នុងកាលៈទេសៈដ៏លំបាក ដែលយើងត្រូវប្រឈម នៃពេលវេលាដ៏លំបាក ហើយឆ្នាំទៅ(ក្នុង)ពេលនេះ ជាពេលដែលខ្ញុំបញ្ជាបន្ថែមឱ្យធ្វើក្តារមឈូស រហូតដល់មានអ្នកខ្លះបានចោទប្រកាន់ខ្ញុំថា មើលងាយជីវិតមនុស្ស។ ខ្ញុំគ្រាន់តែបញ្ជាក់ជូនថា ខ្ញុំមិនទុកឱ្យពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ ហើយបែរជាគ្មានក្តារមឈូសទៅកប់ ឬយកទៅបូជានោះទេ ហើយក៏មិនទុកឱ្យពលរដ្ឋណាម្នាក់គ្មានប៉ាឆាបូជាដែរ។ (ហើយខ្ញុំ)មិនទុកឱ្យពលរដ្ឋកម្ពុជាណាម្នាក់គ្មានដីកប់នោះដែរ។ (យើង)ធ្វើទៅតាមប្រពៃណីថែមទៀត។ ឥស្លាមក៏ត្រូវមានដីកប់ មិនអាចយកទៅបូជាទេ។ ជនជាតិភាគតិចរបស់យើង គឺត្រូវតែកប់/បញ្ចុះ។ អញ្ចឹងទេ ចង់អ្នកឯងថាម៉េចថាទៅ ក៏ប៉ុន្តែ ទីចុងបំផុត យើងការពារជីវិតប្រជាជនរបស់យើងបាន។ យើងបាត់បង់ជីវិតអស់ ៣,០០៥ នាក់ ក្នុងរយៈកាលដ៏ខ្លីមួយ ជាការគួរឱ្យសោកស្តាយ។ ពេលនោះ ខ្ញុំនៅចាំថា ក្នុងរង្វង់ខែក្កដា ខែសីហា ខែកញ្ញានេះ ជាពេលវេលាដ៏លំបាក ដែលរុញធ្វើក្តារមឈូស បង្កើននូវចំនួនប៉ាឆា សម្រាប់បូជា (និង)បង្កើនទីតាំងដី សម្រាប់បញ្ចុះសព។ ប៉ុន្តែ មួយឆ្នាំក្រោយ យើងបែរជានាំគ្នាវិលមក(រកការរស់នៅដូចមុន)តាមរបៀបមួយថ្មី គឺនាំគ្នាពាក់ម៉ាស រក្សាគម្លាត និងប្រើអាល់កុលលាងដៃ ដែលហៅថា “៣ការពារ និង ៣កុំ”។
(១១) មេដឹកនាំមិនបន្តរៀន នឹងក្លាយជាអ្នកអភិរក្ស ប្រៀបដូចថ្មមួយដុំសង្កត់ទៅលើដំណុះរុក្ខជាតិ
កោតសរសើរ ចំពោះក្មួយៗជាសិស្ស/និស្សិតទាំងអស់ ដែលជាប់គ្រប់កម្រិត ដែលបានខិតខំនៅក្នុងដំណាក់កាលដ៏លំបាកនេះ ដើម្បីទទួលបាននូវការបញ្ចប់ការសិក្សា ហើយទទួលនូវសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំក៏សុំចូលរួម ចំពោះមាតាបិតា អាណាព្យាបាល ក៏ដូចជា ស្វាមី ឬភរិយារបស់និស្សិតរបស់យើង ព្រោះនិស្សិតរបស់យើងមានអ្នកខ្លះមានប្តី/ប្រពន្ធទៅហើយ យើងក៏ត្រូវលើកទឹកចិត្តជាមួយពួកគាត់។ ខ្ញុំសង្ឃឹមថា អស់លោក/ស្រី ក្មួយៗទាំងឡាយមិនបញ្ចប់ត្រឹមកម្រិតប៉ុណ្ណេះនោះទេ ក្មួយៗនឹងបន្ត គឺរៀនមួយជីវិត។ មិនមែនត្រឹមតែចប់មានសញ្ញាបត្រប៉ុណ្ណឹងហើយចប់នោះទេ។ អ្នកដែលត្រូវរៀន (គឺរៀន)មួយជីវិត មិនមែនគ្រាន់តែនិស្សិតនៅចំពោះមុខរបស់ខ្ញុំនេះទេ ប៉ុន្តែ មនុស្សគ្រប់រូប រាប់ទាំងអាយុ ៩០ (ឆ្នាំ) ៨០ (ឆ្នាំ) ៧០ (ឆ្នាំ) គឺអ្នកឯងត្រូវតែរៀន បើមិនរៀនទេ អ្នកឯងក្លាយទៅជាអភិរក្សនិយម ហើយបើសិនជាមេដឹកនាំ ឬក៏អ្នកជំនាន់មុនចូលទៅក្នុងអភិរក្សនិយម វាមិនខុសពីដុំថ្មមួយ(ដុំ) ដែល(សង្កត់)នៅពីលើដើមឈើមួយដើម ដែលកំពុងដុះ វាដុះឡើងលើអត់រួច។ អញ្ចឹង វាទៅជាវៀច (វា)ទៅជាខ្នែង។ ដូច្នេះ ត្រូវតែរៀន។ រៀនជាប្រចាំ។ ពាក្យថារៀន (គឺរៀន)មួយជីវិត ដែលយើងត្រូវបន្តការខិតខំ។
(១២) លើកទឹកចិត្តការរៀន ដើម្បីបង្កើតមុខរបរដោយខ្លួនឯង ជួយក្រុមគ្រួសារខ្លួនផង ដោះស្រាយការងារធ្វើឱ្យអ្នកដទៃផង
ខ្ញុំសុំកោតសរសើរជាថ្មីម្តងទៀត ចំពោះនិស្សិតទាំងអស់គ្រប់កម្រិត ក៏ដូចជា មាតាបិតា អាណាព្យាបាល ស្វាមី ឬភរិយា ដែលបានលើកទឹកចិត្ត (និង/ឬ)ផ្តល់ឱកាសឱ្យយើងមករៀនសូត្រ។ នៅក្នុងតួលេខ(នេះ) ក្នុងចំណោម(និស្សិត ចំនួន) ៦២៣ នាក់ គឺមាន(ចំនួន) ៦០០ នាក់ ដែលមានការងារធ្វើ ស្មើនឹង ៩៦%។ ក្នុងហ្នឹងថ្នាក់បរិញ្ញាបត្ររងមាន(ចំនួន) ១០០ នាក់ ស្មើនឹង ៩០%។ បរិញ្ញាបត្រ (ចំនួន) ៤៣១ ស្មើនឹង ៩៨%។ ឯបរិញ្ញាជាន់ខ្ពស់ ចំនួន ៦៩ នាក់ ស្មើនឹង ៩៩%។ ក្នុងហ្នឹងបែងចែកទៅទៀត ចំពោះនិស្សិតជាជ័យលាភី ដែលមានការងារទាំង ៦០០ នាក់នេះ ធ្វើការត្រូវជំនាញ (ចំនួន) ៣៣០ នាក់ ស្មើនឹង ៥៥%។ (ធ្វើការ)មិនត្រូវជំនាញសិក្សា (ចំនួន) ៦ នាក់ ស្មើនឹង ១% និងធ្វើអាជីវកម្មផ្ទាល់ខ្លួន ចំនួន ២៦៤ នាក់ ស្មើនឹង ៤៤%។ ជួនកាលអ្នកដែលមានកូន/ចៅ កំពុងតែមានអាជីវកម្ម គេរុញកូន/ចៅមកសិក្សា ហើយគ្រប់គ្រងនូវមុខរបររបស់គេ។ នេះជាចំណុចដែលត្រូវលើកទឹកចិត្តបន្តទៀត។ មិនមែនគ្រាន់តែរៀន ដើម្បីធ្វើមន្ត្រីរាជការ ឬធ្វើការងារតាមស្ថាប័នទេ ហ្នឹងជាតម្រូវការមួយហើយ ក៏ប៉ុន្តែ មានតម្រូវការច្រើនទៀត គឺបញ្ហាទាក់ទិនជាមួយនឹងការបង្កើតមុខរបរដោយខ្លួនឯង ដែលនោះមិនត្រឹមតែជួយក្រុមគ្រួសារខ្លួនទេ ដែលអាចនឹងជួយដោះស្រាយការងារធ្វើឱ្យអ្នកដទៃទៀតផង។ ចំណុចនេះ ជាចំណុចដែលយើងត្រូវប្រឹង។
(១៣) បណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក ទាក់ទាញយកការវិនិយោគពីខាងក្រៅ
បើយោងទៅលើរបាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល ក្នុងចំណោម(និស្សិត ចំនួន) ៤,០៥៨ នាក់ ដែលបានបណ្តុះបណ្តាលនៅសាកលវិទ្យាល័យនេះ មាន ៩៦% ដែលមានការងារធ្វើ។ ដូច្នេះ ការបណ្តុះបណ្តាលធនធានមនុស្សរបស់យើង គឺមានតម្រូវការ នៃការធ្វើការ។ ដោយសារប្រទេសយើងមានការរីកចម្រើន តម្រូវការធនធានមនុស្សក៏ត្រូវការកាន់តែខ្លាំង។ យើងនៅពេលខាងមុខនឹងមានតម្រូវការធនធានមនុស្សកាន់តែខ្លាំង អ្នកវិនិយោគពេលគេមក តើគេសួរអីខ្លះ? ក្នុងចំណោម នៃការសួររបស់គេ មានសំណួរមួយដែលសំខាន់ តើធនធានមនុស្សរបស់យើងដល់កម្រិតណា? ព្រោះពួកគេមិនចង់យកនូវជំនាញការពីខាងក្រៅ (ឬអ្នក)ឯកទេសពីខាងក្រៅមកទេ វាថ្លៃពេក គេចង់រកធនធានមនុស្សនៅក្នុងស្រុក ដែលទទួលបាននូវការបណ្តុះបណ្តាល។ ដូច្នេះហើយបានជាយើងជំរុញការបណ្តុះបណ្តាល សម្រាប់ទាក់ទាញយកការវិនិយោគពីខាងក្រៅ។ នេះជាចំណុចដែលយើងត្រូវតែបន្តជំហានក្នុងល្បឿនមួយដោយម៉ឺងម៉ាត់ ដើម្បីចាប់យកឱកាស។
ពិភពលោកកំពុងប្រែប្រួល ស្ថានភាពវាលំបាក ប៉ុន្តែ អ្វីដែលជាភាពនឹងនរបស់យើង គឺយើងនៅទទួលបាននូវការវិនិយោគ។ ពិតមែនហើយវិនិយោគនៅទីនេះ ខ្ញុំមិនចង់និយាយតែវិនិយោគពីក្រៅប្រទេសទេ វិនិយោគនៅក្នុងប្រទេសដើរតួនាទីកាន់តែធំឡើងៗ លើការជាក់ស្តែង ដូចជានៅកន្លែងដែលយើងកំពុងធ្វើ(ពិធីចែកសញ្ញាបត្រ)នេះ មិនមែនជាវិនិយោគពីបរទេសទេ គឺវិនិយោគក្នុងស្រុក។ ខ្ញុំនិយាយអម្បាញ់មិញ បុរីទាំងអស់ ឬក៏ខុនដូស្អីៗហ្នឹង អ្នកវិនិយោគពីខាងក្រៅមានចំនួនតិចទេ តែអ្នកវិនិយោគក្នុងស្រុកច្រើនជាង។ អញ្ចឹង យើងត្រូវលើកទឹកចិត្តឱ្យអ្នកមានក្នុងស្រុកបង្កើនកម្លាំង(វិនិយោគ)។ អ្នកមានក្នុងស្រុកជាមូលដ្ឋានរឹងមាំ សម្រាប់ប្រទេស។ យើងត្រូវការការវិនិយោគ ហើយការវិនិយោគរបស់យើងត្រូវការទាំងក្នុង/ក្រៅ (ដែលត្រូវ)ទទួលបានការលើកទឹកចិត្តទាំងអស់គ្នា ហើយការវិនិយោគក្នុងស្រុករបស់យើងកាន់ធំទៅៗ ហើយគេត្រូវការធនធានមនុស្ស។
(១៤) ការសម្រេចចិត្តត្រូវពីរ៖ ឱ្យវិស័យឯកជនចូលរួមនូវការវិនិយោគលើបញ្ហាអប់រំ និងផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរដ្ឋយកមួយផ្នែកធ្វើការរៀនបង់ថ្លៃ
ក៏សូមបញ្ជាក់ សាលា(និង/ឬ)សាកលវិទ្យាល័យ ដែលអាចទៅមុខបាន ឬមិនបាន វាស្ថិតនៅលើបញ្ហាគុណភាព នៃការអប់រំនោះដែរ។ អញ្ចឹងទេ បានជាខ្ញុំស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់គ្រឹះស្ថានសិក្សា ថ្នាក់ឧត្តមសិក្សាទាំងអស់ត្រូវបង្កើននូវគុណភាព នៃការបណ្តុះបណ្តាល។ ប្រសិនបើបណ្តុះបណ្តាលគ្រាន់តែមានសញ្ញាបត្រ តែវាអត់ចេះការងារ ធ្វើការងារមិនបាន គេក៏មិនទទួលយកដែរ។ ទីចុងបំផុត គឺសាកលវិទ្យាល័យនោះនឹងដួលរលំដោយខ្លួនឯងតែម្តង។ សម្រាប់យើងៗបើកឱកាសឱ្យសាកលវិទ្យាល័យឯកជនបើកដំណើរការ ទន្ទឹមគ្នានោះ ក៏ផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរដ្ឋយកមួយផ្នែក ដើម្បីរៀនបង់ថ្លៃ ដែលអាចនឹងផ្តល់ឱកាសម្ខាង សម្រាប់ការទទួលបានការបណ្តុះបណ្តាលរបស់យុវជន និងម្ខាងទៀត គឺសម្រាប់ជួយទ្រទ្រង់ទៅដល់សាស្ត្រាចារ្យ គ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យនោះ។
យើងដាក់ជាសំណួរចេញអញ្ចេះ ខ្ញុំគិតថា អ្វីៗខ្ញុំសម្រេចចិត្តត្រូវ និយាយពាក្យខ្ញុំ ហេតុអ្វីនិយាយពាក្យខ្ញុំ? ព្រោះដោយសារខ្ញុំជានាយករដ្ឋមន្ត្រី មានអ្នកណាធំជាងអ្នកហ្នឹងទៀត? ហើយអារបបប្រធាននោះគេអត់ត្រូវការថា សមូហភាពត្រូវចូលបើក (ឬ)មិនបើកអីទេ (គឺអត់ទេ) តែនាយករដ្ឋមន្ត្រីសម្រេចឱ្យបើក គឺបើកហើយ។ ចប់ហើយ គឺប៉ុណ្ណឹង។ និយាយពាក្យមួយម៉ាត់ ខ្ញុំគិតថា ខ្ញុំសម្រេចចិត្តត្រូវ(ពីរ)៖ ត្រូវទី (១) គឺត្រូវអនុញ្ញាតឱ្យវិស័យឯកជនចូលរួមនូវការវិនិយោគលើបញ្ហាអប់រំ។ ត្រូវទី (២) គឺត្រូវផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរបស់រដ្ឋយកមួយផ្នែកធ្វើការរៀនបង់ថ្លៃ បើសិនជាពឹងពាក់តែសាកលវិទ្យាល័យរបស់រដ្ឋ ហើយអាហារូបករណ៍របស់រដ្ឋ សិស្សដែលប្រឡងជាប់បាក់ឌូប្លិ៍ក្នុងមួយឆ្នាំ ៤-៥ ម៉ឺននាក់នេះ តើពួកគេទៅណា?
អញ្ចឹង បានជាយើងត្រូវផ្តល់ឱកាសឱ្យវិស័យឯកជនចូលរួមនូវការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនគ្រាន់តែសាកលវិទ្យាល័យ ដែលបង្កើតដោយវិនិយោគក្នុងស្រុកទេ សាកលវិទ្យាល័យ (និង)វិទ្យាល័យ ដែលមកពីបរទេសយើងអនុញ្ញាតទៀត។ ឥឡូវ យើងមានសាលាមកអាមេរិក/កាណាដា/សាំងហ្គាពួរ (និង)ប្រទេសមួយចំនួនផ្សេងទៀត ដូចមានពីម៉ាឡេស៊ីដែរ យើងផ្តល់ឱកាសបែបនេះ ដើម្បីយើងទាញយកចំណេះដឹងការបណ្តុះបណ្តាលនៅក្នុងប្រទេសរបស់យើង។ បើយើងមិនធ្វើបែបនេះទេ ទុកឱ្យក្មេងដែលប្រឡងបាក់ឌូបិ៍ហើយគ្មានឱកាស ដើម្បីបន្តការសិក្សា គឺជាគ្រោះថ្នាក់មួយ។
(១៥) សិស្សប្រឡងមិនជាប់មធ្យមសិក្សាទុតិយភូមិ អាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ
ទន្ទឹមនឹងនោះ យើងក៏បើកសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន ដែលខ្ញុំសូមកោតសរសើរ ចំពោះការផ្តួចផ្តើមគំនិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយស្នើសុំយោបល់សម្រេចពីនាយករដ្ឋមន្ត្រី នោះគឺនៅត្រង់ថា អនុញ្ញាតឱ្យសិស្ស ដែលប្រឡងមិនជាប់មធ្យមសិក្សាទុតិយភូមិ មានឱកាសចូលសិក្សាថ្នាក់បរិញ្ញាបត្ររង ហើយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ(របស់)យើង (ក៏បាន)ផ្តល់ឱកាស សម្រាប់យុវជនរបស់យើងចូលសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ(ផងដែរ)។ សាលាបណ្តុះបណ្តាលវិជ្ជាវីជៈរបស់យើងឥឡូវធំៗណាស់នៅតាមខេត្តនីមួយៗ។ ឥឡូវនេះ ស្រុកខ្មែរមិនទាន់(មាន)គ្រប់ទេ ជាងអគ្គិសនី ជាងស្អីៗនេះ។ ត្រូវការខ្លាំងណាស់ឥឡូវនេះ អាជាងម៉ាស៊ីនត្រជាក់/ទូរទឹកកកនេះ ជាងឡាន/ម៉ូតូ គឺថាសេចក្តីត្រូវការ(សម្បើមណាស់)។ ខ្ញុំតែងនិយាយពីមុនមកថា ដើម្បីរកការងារធ្វើងាយស្រួល គឺអ្នកដែលចេញមកពីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែ ត្រូវឱ្យច្បាស់។ ពីមុននោះខ្ញុំជំរុញថា ដោយសារពីដើមយើងប្រើត្រាក់ទ័រ (កាលពី)ជំនាន់អតីតសូរវៀត (និង)ក្រោយមកមានម៉ាស៊ីនបូមទឹក។ អញ្ចឹងទេ ពេលខូចម្តងៗវារកកន្លែងជួសជុលមិនបាន។ ខ្ញុំថាអញ្ចឹងត្រូវបង្កើតឱ្យមានការបណ្តុះបណ្តាលមួយ រួចហើយរុញជាងហ្នឹងជាជាងចល័តទៅតាមវាលស្រែ ក៏វារកការងារធ្វើបានដែរ ព្រោះអាម៉ាស៊ីនបូមទឹកវាមិននៅតាមវាលស្រែ? គេមានចង់លីអាម៉ាស៊ីនទឹកហ្នឹងមកជួសជុលនៅរោងជាងឯណា? បើបានជាងទៅជួសជុលដល់កន្លែងវាកាន់តែល្អហើយ។ អាហ្នឹងដែលយើងមានតម្រូវការ។
(១៦) ថ្ងៃទី ១ ធ្នូ ២០២២ ចូលរួមប្រារព្ធខួប ១០ ឆ្នាំ នៃការបង្កើតរោងចក្រម៉ូទ័រនៅតំបន់សេដ្ឋកិច្ចពិសេស
នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនជប៉ុនមួយ ដែលជាក្រុមហ៊ុនមានបច្ចេកវិទ្យាដ៏ខ្ពស់ផលិតម៉ូទ័រគ្រប់ប្រភេទ បូកនឹងផលិតនូវបច្ចេកវិទ្យាដទៃទៀត។ ឆ្នាំទៅជាខួបលើកទី ១០ ឆ្នាំ ប៉ុន្តែ ដោយសារកូវីដ-១៩ ឆ្នាំនេះប្រធានក្រុមហ៊ុនបានមកជួបជាមួយខ្ញុំ សុំឱ្យខ្ញុំចូលរួមខួប ១០ ឆ្នាំ នៃការបង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ខ្ញុំកំណត់យកថ្ងៃទី ១ ធ្នូ ២០២២ នេះ ដើម្បីចូលរួម … កន្លែងនេះ កំពុងតែពង្រីកមានតម្រូវការស្តីអំពីអ្នកបច្ចេកទេស ហើយចូលកន្លែងហ្នឹងត្រូវតែមានបច្ចេកទេស។ ដំបូងខ្ញុំស្មានម៉ូទ័របូមទឹក (តែ)អានេះអត់ទេ ស្អីក៏ប្រើម៉ូទ័រដែរ។ ម៉ាស៊ីនថត ឬក៏គ្រឿងយន្ត គ្រឿងស្អីនោះ គឺប្រើម៉ូទ័រទាំងអស់ ទាំងតូច/ធំ។ រហូតទៅដល់គេកំពុងសិក្សាប្រើម៉ូទ័រសម្រាប់ការថត(ក្នុងផ្នែកវេជ្ជសាស្ត្រ) ដោយរាល់ដងការថតសម្រាប់យើង គឺត្រូវបញ្ចុះហើយបានថត។ ឥឡូវ គេកំពុងសិក្សាអំពីការប្រើម៉ូទ័រលេប រួចហើយតាមរយៈនោះ គេចាប់ផ្តើមថត។ អាហ្នឹង គឺយើងស្តាប់អ្នកវិទ្យាសាស្ត្រគេនិយាយទាក់ទងជាមួយនឹងក្រុមហ៊ុនផលិតម៉ូទ័រហ្នឹង។
ប្រទេសរបស់យើង បើមានធនធានមនុស្សគ្រប់គ្រាន់ ការចូលមកជាបណ្តើរៗនូវក្រុមហ៊ុន បើទោះបីធំ/តូចក្តីមកសិន។ ដូចជាមីនីប៊ែ (Minebea Cambodia co., Ltd) ដំបូងគេមានមូលដ្ឋាននៅប្រទេសថៃទេ ប៉ុន្តែ គេដាក់មកកម្ពុជា។ យើងទទួលមកដាក់នៅកម្ពុជា។ ដល់សង្វាក់ផ្គត់ផ្គង់នៅប្រទេសថៃមានវិបត្តិ គេពង្រីកនៅប្រទេសកម្ពុជាកាន់តែធំ។ ពេលនោះមានក្រុមហ៊ុនមួយទៀតផលិតម៉ូទ័រដូចគ្នា បានមកជួបខ្ញុំថា ក្រុមហ៊ុននេះតូចណាស់ សុំឱ្យក្រុមហ៊ុនខ្ញុំធ្វើទៅ។ បានខ្ញុំប្រាប់ទៅអ្នកវិនិយោគដែលមកជួបខ្ញុំថា ខ្ញុំមិនខ្វល់ថាត្រីណាតូច/ធំទេ ត្រីណាមកដល់មុនខ្ញុំស៊ីត្រីហ្នឹង។ នេះជាចំណុចពិសេសរបស់ខ្ញុំ។ អញ្ចឹង បើខ្ញុំរង់ចាំអ្នកឯងជាក្រុមហ៊ុនធំមកដល់ ហើយខ្ញុំបដិសេធក្រុមហ៊ុនតូច នោះគឺមិនមែនជាវិធីដែលកម្ពុជាធ្វើពីមុនមកទេ ព្រោះកម្ពុជាមានដំណាក់កាលរបស់វា។ ដំណាក់កាលគេភ័យខ្លាច ប៉ុន្តែ មានអ្នកវិនិយោគមួយចំនួនគេហ៊ានមក យើងត្រូវតែទទួលអ្នកហ៊ានមក។ កុំចាំដល់ពេលស្រួលហើយ មកដល់ថាយើងអត់ទទួលស្វាគមន៍វិនិយោគ ចុះកាលពីពេលឯងពិបាកហ្អែងក៏មិនមក? អារឿងវាអញ្ចេះ។
ខ្ញុំប្រាប់មួយទៀតថា លោកត្រូវគិត បើខ្ញុំបំពានលើការសម្រេចលើក្រុមហ៊ុននេះ ថ្ងៃក្រោយខ្ញុំក៏អាចបំពានលើការសម្រេច ចំពោះក្រុមហ៊ុនអ្នកឯងដែរ។ គាត់ទទួលយកកន្លែងហ្នឹង។ គោរពកន្លែងហ្នឹង … អញ្ចេះ ដំណាក់កាលដំបូងនោះ គេសុំសិទ្ធិផ្តាច់មុខលើមុខទំនិញមួយចំនួន (ក្នុងចំណោមដូចជា) ៥,០០០ ប្រភេទ គេសុំផ្តាច់មុខ ១,០០០ ក្នុងរង្វង់ ៥ ឆ្នាំ។ គេសុំផ្តាច់មុខ។ អញ្ចឹង ដោយសារអាផ្តាច់មុខហ្នឹងហើយ បានជាក្រុមហ៊ុនធំជាងគេមកស្នើសុំឱ្យយើងលុបចោលនូវគម្រោងតូចនោះ។ ប៉ុន្តែ យើងបានប្រាប់ត្រឡប់ទៅវិញថា តូចឬធំខ្ញុំអត់ខ្វល់ទេ ខ្ញុំដឹងថា ត្រីណាមកដល់មុនខ្ញុំស៊ីអាហ្នឹងមុនហើយ។ តូចក៏ដោយ ខ្ញុំស៊ីហើយ ទី (១)។ ប៉ុន្តែ ទី (២) ដែលគេគោរពចំពោះយើង គឺថា បើសិនជាខ្ញុំបំពានទៅលើក្រុមហ៊ុន ដែលខ្ញុំឱ្យសិទ្ធិគេនេះបាន ថ្ងៃក្រោយខ្ញុំក៏បំពានលើក្រុមហ៊ុនអ្នកឯងបានដែរ ព្រោះបញ្ហានេះវាស្ថិតនៅក្នុងការជឿជាក់។
ប្រទេសរបស់យើងមានសុខសន្តិភាពគ្រប់គ្រាន់ ដើម្បីស្វាគមន៍អ្នកវិនិយោគ ហើយអ្នកវិនិយោគមិនជាខ្វល់ហួសហេតុពេកទេ អំពីបញ្ហាអ្វីដែលហៅថា ប្រជាធិបតេយ្យនោះ។ ហើយអ្នកវិនិយោគថែមទាំងស្អប់អាបាតុកម្មអត់របៀបនោះទៅទៀត។ អាហ្នឹងនិយាយតាមមួយបែប។ មិនមែនបិទសិទ្ធិបាតុកម្មទេ ប៉ុន្តែ អ្នកវិនិយោគគេចង់ឱ្យខ្សែសង្វាក់ផលិតកម្មរបស់គេដំណើរការប្រក្រតី។ ប៉ុន្តែ និយាយយ៉ាងដូច្នេះ យើងមិនបានមើលស្រាលទៅលើសិទ្ធិរបស់កម្មករ និងការទាមទាររបស់សហជីព ហើយដោះស្រាយករណីដោយសមហេតុសមផលនោះទេ។ ខ្ញុំនៅតែអំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាកង្វល់នានារបស់កម្មករ ដែលជួបបញ្ហា។
(១៧) ភ្នំតាម៉ៅ ដាក់ជាតំបន់ការពារ តាមរយៈព្រះរាជក្រឹត្យ
ដូចជារយៈកាលកន្លងទៅនេះ គេថាដាក់ញត្តិទៅខុទ្ធការល័យ។ ខ្ញុំបានស្តាប់។ វាក្លាយទៅជាទម្លាប់ទៅហើយ យប់មិញក្រោយពីខ្ញុំចេញជាសារសំឡេង ទាក់ទងនឹងការដាក់ភ្នំតាម៉ៅឱ្យទៅជាតំបន់ការពារ តាមរយៈព្រះរាជក្រឹត្យតែម្តង ដើម្បីឱ្យច្បាស់ អញ្ចឹង ឯកឧត្តម វេង សាខុន ត្រូវធ្វើរឿងហ្នឹង។ ទាក់ទងនឹងរឿងភ្នំតាម៉ៅនេះ កំពុងដំណើរការដាំ(ដើមឈើ)។ ខ្ញុំបើករង្វង់ក្រចក(និយាយ)កន្លែងហ្នឹងបន្តិច បញ្ហាការដាំ(ដើមឈើ)វាមិនពិបាកទេកូនឈើវាមានជាង ១០ ម៉ឺនដើម រួចស្រេចទៅហើយ តែបញ្ហាដើម្បីដាំបានឯណោះ(ទៅវិញទេ) គឺត្រូវធ្វើដីឱ្យវាស្រួល/ស្អាត។ ត្រូវដកគល់ចេញ ត្រូវបេះអាមែកឈើចេញ។ ត្រូវសម្អាតដីហ្នឹងឱ្យស្អាតទើបអាចដាំបាន។ ត្រូវប្រើគ្រឿងចក្រ ១១៣ គ្រឿង ហើយត្រូវប្រើកម្លាំងកងអង្គរក្សជាង ១,០០០ នាក់ (ដែល)បញ្ជាការផ្ទាល់ដោយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទៅធ្វើការនៅតំបន់នោះ។
យើងមិនមែនគ្រាន់តែដាំបង្ហោះហ្វេសប៊ុកឯណា នេះសុទ្ធតែបេង/ធ្នង់/នាងនួន។ សុទ្ធតែឈើប្រណិត។ ត្រូវដាំឱ្យវាត្រូវខ្នាតរបស់វា រួចហើយត្រូវតាមមើលការថែទាំទៀត ដែលក្រុមហ៊ុនឈូសឆាយហ្នឹងនឹងត្រូវទទួលខុសត្រូវនៅពេលខាងមុខ សម្រាប់ការផ្តល់ទៅឱ្យរដ្ឋបាលព្រៃឈើ សម្រាប់ការថែទាំនៅពេលខាងមុខ ឥឡូវហ្នឹងភ្លៀងកំពុងតែធ្លាក់ល្អ ដាំទៅវាល្អហើយ ដីធ្វើរួចរាល់ហើយ ប៉ុន្តែ ត្រូវការសម្អាតបន្ថែមទៀត។ ខ្ញុំបញ្ជាឱ្យប្រែក្លាយតំបន់នេះ ទៅជាឧទ្យានព្រៃឈើ សួនព្រៃឈើ សួនដាំដើមឈើ ដែលមុននេះ គេហៅថា ព្រៃរបៀបព្រៃរបោះ មានធំ/តូចខ្លះ (និង)មានវៀច(ខ្លះ) តែមិនមែនជាឈើដែលទទួលផលទេ។ ប៉ុន្តែ នៅពេលខាងមុខ កន្លែងនេះក្លាយទៅជាឈើដែលមានតម្លៃ ហើយយើងដាំនៅតំបន់នោះ។
ដើម្បីធានាច្បាស់នៅភ្នំតាម៉ៅ អាសួនសត្វវាអត់មានអីប៉ះពាល់ទេ ប៉ុន្តែ បញ្ហាអាព្រៃនៅជុំវិញនេះ (មាន)ទស្សនៈពីរ ដែលខុសគ្នា (គឺ)មួយគេថា អភិវឌ្ឍន៍ មួយទៀតរក្សាទុក។ ប្រជាពលរដ្ឋនៅតំបន់ហ្នឹងមួយចំនួនគាត់មានការសោកស្តាយ។ គាត់កំពុងទទួលផល គ្រាន់តែចាប់ផ្តើមអភិវឌ្ឍន៍អាកន្លែងហ្នឹង ដីរបស់គាត់ឡើងថ្លៃ។
ឥឡូវ យើងសម្រេចចិត្តថា យើងទុកព្រៃហ្នឹងទាំងមូល។ ដើម្បីធានាអះអាងជាមួយនឹងការមិនបាត់បង់នៅពេលក្រោយ ត្រូវដាក់តំបន់ទាំងមូលនេះ ទាំងសួនសត្វតាម៉ៅ/ព្រៃព័ទ្ធជុំវិញនេះ ដែលដកហូតពីឯកជននេះ ឱ្យទៅជាតំបន់អភិរក្ស ប៉ុន្តែ ត្រូវគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដដែល។ មិនមែនគ្រប់គ្រងដោយក្រសួងបរិស្ថានទេ ព្រោះមានការចិញ្ចឹមសត្វនៅកន្លែងហ្នឹង។ អញ្ចឹង ហ្នឹងជាការធានាច្បាស់ … ខ្ញុំគិតថា រឿងការដាំមិនមែនជាពេលយូរទេ។ ឥឡូវ នៅត្រូវការសម្អាតឱ្យវាស្អាត ហើយការដាំ គឺបានដាំបណ្តើរៗចូលរយហិកតាទៅហើយ ប៉ុន្តែដី ៥៣០ ហិកតានេះ ទើបជាការលំបាក ព្រោះត្រូវគាស់គល់ប្ញសឈើអីនេះឱ្យអស់ … មិនមែនគ្រាន់ចេះតែយកទៅដាក់ចោល ដើម្បីឱ្យឃើញថាដើមឈើឯណា? ដើម្បីធានាការលូតលាស់ ហើយជាពិសេស ឆ្លងកាត់រដូវប្រាំងនេះ ខ្ញុំចង់ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន នៅទីនេះស្រាប់ ពិនិត្យមើលតើមានប្រភពទឹកពីកន្លែងណាទេ ដែលអាចទាញយកទៅ សម្រាប់ការស្រោចនៅរដូវប្រាំង? បើសិនជាមាន យើងអាចទាញទុយោទុកទៅកន្លែងណាមួយទៅស្តុកនៅកន្លែងហ្នឹង សម្រាប់ការជួយទៅដល់កូនឈើនៅរដូវប្រាំងនេះ។ ត្រូវសិក្សាផងដែរ អំពីបញ្ហានេះ។ ចុះទៅពិនិត្យបញ្ហាហ្នឹងឱ្យបានច្បាស់។
(១៨)និយាយគ្នាតាមប្រព័ន្ធអ៊ិនធើណេត ដើម្បីធានាសុវត្ថិភាពការងារ និងល្បឿនការងារ
អញ្ចឹងទេ ជាទម្លាប់របស់ខ្ញុំៗអត់ដេកនៅមុនម៉ោង ១២ យប់ទេ។ (វា)បានក្លាយទៅជាទម្លាប់(ទៅ)ហើយ។ អញ្ចឹង មុនពេលដែលខ្ញុំចូលសម្រាក ខ្ញុំសម្អាតទាំងអស់ មើលទាំងព័ត៌មានក្នុង WhatsApp/Telegram។ ឯកសារទាំងឡាយ អ្វីដែលត្រូវឆ្លើយតប (គឺ)ឆ្លើយតប។ អ្វីដែលត្រូវមើល (គឺ)ត្រូវមើល។ បន្ទាប់ពីហ្នឹងខ្ញុំចាប់ផ្តើមមើលនៅតាម YouTube ដែលគេបង្ហោះ អំពីព័ត៌មាននេះ/នោះ ព្រោះយើងគ្មានឱកាស ដើម្បីហ្នឹងមើល។ ពិតមែនតែឥឡូវកំពុងផ្សាយបន្តផ្ទាល់ ខ្ញុំក៏មើលផ្សាយបន្តផ្ទាល់នៅក្នុងទូរស័ព្ទដែរ។ កំពុងផ្សាយបន្តផ្ទាល់ដែលចេញពីហ្នឹង ប៉ុន្តែ ទាល់តែមានអ៊ិនធើណេតខ្លាំងណាស់ទើបទាញបាន One TV នេះ គឺថាវាមានប៉ុស្តិ៍។ នេះខ្ញុំកំពុងមើល BTV ប៉ុន្តែ Fresh News ក៏មានផ្សាយតាមហ្នឹង ហើយក៏មានប៉ុស្តិ៍មួយចំនួនទៀតផ្សាយតាមហ្នឹង ប៉ុន្តែខ្ញុំមិនប្រើអ៊ិនធើណេតនៅទីនេះ(ទេ)។ ខ្ញុំប្រើភ្ជាប់ជាមួយផ្កាយរណបនៅលើមេឃឯណោះ(ទៅ)វិញទេ។ ខ្ញុំឃើញ ជា វ៉ាន់ដេត ថាស្អី Free WiFi នៅតំបន់អង្គរ។ ប៉ុន្តែ តំបន់នោះត្រូវប្រយ័ត្ន ព្រោះយើងឱ្យសិក្សាម្តងរួចទៅហើយ ខាង ICC Angkor អត់យល់ព្រមទេ។ Free WiFi គឺវា Free មែន ស្រេចតែអញ មិនដើរធ្វើអីអញ? ឥឡូវ ចូលមកក្នុងហ្នឹង អានេះគេថាប៉ុន្មាន Megabyte របស់វាអញ្ចឹង សម្រាប់ប្រើតែទូរស័ព្ទប៉ុន្មានទេ។ ប៉ុន្តែ ដល់ទៅពេលទូរស័ព្ទច្រើនជាង វានៅវិលកន្លែងហ្នឹង វាអត់ទៅណាទេ 4G ស្អីហ្នឹង គឺវាធ្លាក់មកអស់។
ខ្ញុំមានប្រព័ន្ធមួយ សម្រាប់ចាប់ជាមួយនឹងផ្កាយរណប ទៅតាមប្រទេសនានាខ្ញុំប្រើអាហ្នឹង។ ប្រើរបស់គេបានក៏ប្រើ។ ប្រើរបស់គេមិនបាន គឺយើងបញ្ចេញរបស់ខ្លួនយើងប្រើ ចាប់ជាមួយនឹងផ្កាយរណបប្រើ។ នេះជាទូរស័ព្ទមួយប្រភេទ។ ខ្ញុំអត់អ៊ិនធើណេតមិនបានទេ។ អត់អ៊ិនធើណេត គឺងាប់ខ្ញុំហើយ។ ខ្ញុំមិនប្រើតាមទូរស័ព្ទ អាឡូៗ(ទេ) សម័យនេះហើយអត់មានអាឡូៗតាមទូរស័ព្ទទេ គឺត្រូវនិយាយគ្នាតាមប្រព័ន្ធអ៊ិនធើណេតទាំងអស់ ដើម្បីធានាសុវត្ថិភាពក្នុងការងារ និងល្បឿនការងារ ព្រោះ(ការនិយាយ)ទូរស័ព្ទ កន្លែងខ្លះមានសេវា កន្លែងខ្លះវាអត់សេវា។ អញ្ចឹង តាមសណ្ឋាគារខ្លះ (ក៏ដូចជា) កន្លែងប្រជុំធំៗមួយចំនួន ឃើញតែ WIFI ពេញតែហ្នឹង លោតចូលមក ប៉ុន្តែ វាអត់ដើរ។ អញ្ចឹង បានជាខ្ញុំទៅណា ខ្ញុំតែងតែទិញកាតស្រុកគេ។ ប៉ុន្តែ កាតស្រុកគេ ខ្ញុំពឹងបានក៏ពឹង ពឹងមិនបានទេ ខ្ញុំប្រើអ្វីដែលភ្ជាប់ជាមួយនឹងផ្កាយរណបផ្ទាល់។ ឥឡូវ សូម្បីតែមកកន្លែងហ្នឹង ខ្ញុំដឹងថា កន្លែងហ្នឹងសេវាទាប។ ឥឡូវ ខ្ញុំតែចេញពីផ្ទះ ក៏ប្រើភ្ជាប់ជាមួយនឹងអ៊ិនធើណេតខាងលើ អត់ប្រើប្រព័ន្ធនៅខាងក្រោម។ អញ្ចឹង ទម្លាប់ធម្មតារបស់ខ្ញុំៗមើលទាំងអស់។
(១៩) ក្រសួងការងារត្រូវដោះស្រាយបញ្ហាឱ្យកម្មករ/ការិនី អាចខ្ចីលុយពីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ
យប់មិញខ្ញុំឃើញថា មានរោងចក្រមួយណាមួយនោះ ដែលកម្មករ/ការិនី ដូចជាម្សិលមិញទៅខុទ្ទកាល័យរបស់ខ្ញុំ ថាបានដាក់ញ្ញត្តិទៅហ្នឹងជាង ១ ខែហើយ ជិត ២ ខែហើយ មិនទាន់មានចម្លើយ។ ឥឡូវហ្នឹងសូមបញ្ជាក់ទៅក្រសួងការងារ និងខុទ្ទកាល័យរបស់ខ្ញុំ ទទួលបានញ្ញត្តិហើយ តើរបៀបដោះស្រាយវាយ៉ាងម៉េច? នរណាអ្នកទទួលញ្ញត្តិរបស់គេហ្នឹង ហើយញ្ញត្តិហ្នឹងបានប្រគល់ឱ្យនរណា? គេថាក្រុមហ៊ុនហ្នឹងបិទហើយ ហើយគេទៅបង្កើតក្រុមហ៊ុនឯណាមួយទៀត។ ប៉ុន្តែ (ក្រុមហ៊ុនហ្នឹង)គេបដិសេធហើយ គេមិនមែន(ធ្វើអញ្ចឹង)ទេ។ ប៉ុន្តែ ទោះបីយ៉ាងម៉េចក៏ដោយ ត្រូវតែបើកប្រាក់ឱ្យគេ។ ខ្ញុំផ្ដាំទៅ(រដ្ឋមន្ត្រីក្រសួងការងារ) រឿងហ្នឹងជារឿងដែលយើងត្រូវធ្វើ ព្រោះអី? (វាជា)សុខទុក្ខរបស់កម្មករ។ កម្មករគាត់រត់មករកយើង គាត់ថា ដាក់ពាក្យទៅក្រសួងការងារតាំងពីខែឧសភា។ ក្មួយហ្នឹងគួរឱ្យអាណិតណាស់ គាត់ថា ចុងក្រោយខ្ញុំមិនដឹងថាទៅកន្លែងណា គឺមានតែមកកន្លែងសម្ដេចនាយក(រដ្ឋមន្ត្រី)តែម្ដង។ បើមកដល់កន្លែងហ្នឹង ដោះស្រាយមិនបានទៀត វាចប់ហើយ។
ឯកឧត្តម អ៊ិត សំហេង កុំឱ្យពិបាកពេក ថ្ងៃនេះមិនបានមកទេ? ហើយអត់មាន(ក្រុមការងារ)ក្រសួងការងារមកទៀត? កាលពីមុនខ្ញុំធ្លាប់ឱ្យអស់លោកខ្ចីលុយយកទៅដោះស្រាយឱ្យកម្មករ ហេតុអ្វីពេលនេះលោកមិនដោះ? ថ្ងៃនេះអត់មាន(ក្រុមការងារ)ក្រសួងការងារមក? មានឬអត់? ទៅវិញទៅរាយការណ៍ឱ្យរដ្ឋមន្រ្តី ក្រែងលោរដ្ឋមន្រ្តីអត់បានមើលទៀតហ្នឹង។ មានកន្លែងណាមួយនោះកម្មករជាង ៣០០ នាក់ ទៅខ្ចីលុយរាជរដ្ឋាភិបាលទៅបើកឱ្យសិនទៅ រួចហើយចាំដោះស្រាយជាមួយនឹងក្រុមហ៊ុនហ្នឹងតាមក្រោយ។ ចាំទេ រឿងហ្នឹង ឯកឧត្តម អ៊ិត សំហេង ខ្លួនឯងធ្លាប់រាជរដ្ឋាភិបាលឱ្យខ្ចីលុយដោះស្រាយឱ្យកម្មករសិន ហើយបានយើងដោះស្រាយជាមួយនឹងពួកថៅកែរោងចក្រតាមក្រោយ តាមរយៈការប្ដឹងឃាត់ទុក ឬក៏បង្កកគណនីនៅធនាគារ។ អាហ្នឹងដូចជាថៅកែមកពីម៉ាឡេស៊ី។ អាហ្នឹងខ្ញុំសុំបញ្ជាក់។
(២០) អភិបាលខេត្ត ទទួលអំណាចពីនាយករដ្ឋមន្រ្តី ចុះជួប/ដោះស្រាយជាមួយនឹងប្រជាជន
ព្រឹកម្សិល មានរឿងមួយកើតនៅខេត្តបាត់ដំបង។ ខ្ញុំបើកមើលអញ្ចឹងទៅ មាននៅក្នុង Youtube ដីកន្លែងហ្នឹងជាដីដែលប្រជាជនគេរស់នៅច្រើនជំនាន់(មក)ហើយ ផ្នែកធនធានទឹករបស់យើងទៅធ្វើទំនប់ធ្វើអីឯណា (ដែល)កាយកប់ត្រឡប់ជាន់នៅបាត់ដំបង។ ខ្ញុំក៏ Download (រួច)បញ្ជូនទៅរដ្ឋមន្រ្តីធនធានទឹក លឹម គានហោ និងបញ្ជូនទៅឱ្យ សុខ លូ អភិបាលខេត្តបាត់ដំបង។ បន្ដិចទៅ សុខ លូ ថាអាហ្នឹងជាអាំងវង់ទែររបស់ក្រសួងធនធានទឹក។ បានខ្ញុំប្រាប់ទៅវិញថា ទទួលអំណាចពីនាយករដ្ឋមន្រ្តី ដោះស្រាយជាមួយនឹងប្រជាជនទៅ បើដីហ្នឹងជាដីរបស់រដ្ឋ ហើយបើធ្វើទៅវាលិច យើងកុំធ្វើទៅ។ យើងធ្វើទៅជាមួយនឹងប្រជាជនទៅ ជួប(ប្រជាជន)ទៅ។ បើដីហ្នឹងជាដីដែលគាត់បង្កបង្កើនផលតាំងពីណាណីមក។ យោងតាមការបកស្រាយរបស់(ប្រជាជន)វ័យចំណាស់ម្នាក់ ដែលគាត់ដឹងរឿងរ៉ាវច្រើន គាត់ថា គេរស់នៅកន្លែងហ្នឹងវាច្រើនជំនាន់មកហើយ ចូលដល់រយឆ្នាំ រួចយើងមកថា ចាត់ទុកប្រជាពលរដ្ឋមកទន្ទ្រានកាន់កាប់។ អញ្ចឹង ចូលរួមដោះស្រាយ។
(២១) មេខ្លោងទន្រា្ទនដីរដ្ឋនៅខេត្តព្រះសីហនុ បើដឹងខ្លួនមកទទួលស្គាល់កំហុស …
ខ្ញុំមានរបៀប(ធ្វើការ)ក្រៅពីអ្វីដែលជារបាយការណ៍។ របៀបការងាររបស់ខ្ញុំមួយទៀត (គឺ)តាមពីក្រៅនូវបណ្ដាញព័ត៌មានមួយចំនួន ក៏ប៉ុន្តែ មានបណ្ដាញព័ត៌មានមួយ GNTimes ម្សិលមិញបានប្រកាសឱ្យមនុស្សម្នាក់ធ្វើជា(សមាជិកគណបក្ស) ពាក់អាវគណបក្សប្រជាជន (ស្រែកសុំជំនួយថា) សម្ដេចអើយ! ជួយផង គេចាប់ពួកខ្ញុំអញ្ចេះៗ។ ខ្ញុំដកអាហ្នឹងទៀត បញ្ជូនទៅឱ្យ គួច ចំរើន មើល។ គួច ចំរើន រាយការណ៍ថា ពួកក្រុមហ្នឹង(ជា)ក្រុមដែលប្រមូលប្រជាជនទៅកាប់ទន្រ្ទានដីរដ្ឋ ហើយជាមេខ្លោង។ ឯមេខ្លោងម្នាក់នេះ ត្រូវទៅបង្ហាញខ្លួនឱ្យឆាប់នៅឯខេត្ត រួចហើយចាំនិយាយគ្នាក្រោយ។ ត្រូវទៅទទួលខុសត្រូវ។ អ្នកឯងប្រមូលប្រជាជនទៅកាប់ទន្ទ្រានដីរបស់រដ្ឋ។ អញ្ចឹង បានជាប្រជាជនគេឱ្យទៅផ្ទះ ប៉ុន្តែ មេខ្លោងដែលចលនាត្រូវតែទទួលខុសត្រូវ។
អញ្ចឹង បានជាខ្ញុំចង្អុលបង្ហាញទៅ គួច ចំរើន ថាឱ្យតាមរកអ្នកធ្វើសម្ភាសន៍តាម GNTimes ដែលខ្ញុំបានបាញ់ទៅឱ្យ គួច ចំរើន។ នេះមានរូបភាពរបស់វា។ សូមឱ្យអ្នកធ្វើសម្ភាសន៍ហ្នឹង បើបានមើលផ្ទាល់ហើយ នាំមនុស្សទៅ គេមិនឃុំទេ កុំឆ្ងល់។ ដឹងដល់នាយករដ្ឋមន្រ្តី គេមិនឃុំទេ។ ប៉ុន្តែ សូមឱ្យអ្នកឯងមានការទទួលខុសត្រូវ ជាមួយនឹងការដែលអ្នកឯងបានធ្វើកំហុស។ នេះជារួបភាពដែលប្រមូលប្រជាជនទៅកាប់ទន្ទ្រានព្រៃ ហើយនៅពីខាងលើស្រែកយំ ដោយពាក់អាវគណបក្សប្រជាជនមកទៀត ប៉ុន្តែ ខ្លួនឯងគេចខ្លួនបាត់។ អត់មាននៅហ្នឹង។ (សម្ដេចចាក់ព័ត៌មានឱ្យស្ទាប់/មើល) ម្នាក់ហ្នឹងកំពុងបាត់ខ្លួន។ ទៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយជាមួយនឹងអាជ្ញាធរនៅទីនោះ។ អាហ្នឹងតាមមើលឱ្យមែនទែន។ ដំបូងយើងថាជារឿងអយុត្តិធម៌ ក៏ប៉ុន្តែ ធាតុពិតគាត់កំពុងតែបោកប្រាស់យើង។ ឥឡូវហ្នឹងគាត់រត់គេចខ្លួនបាត់ហើយ ឥឡូវសូម GNTimes ហ្នឹង ហៅតាហ្នឹងទៅជួបជាមួយនឹងអភិបាលខេត្ត។ ខ្ញុំបានប្រគល់បទបញ្ជាឱ្យគេទទួលខុសត្រូវថា គេបានប្រព្រឹត្តិនូវកំហុសហ្នឹងពិតប្រាកដ (ប្រមូលប្រជាជន)កាប់ទន្រ្ទានដីព្រៃគួរមានទោស ឬយើងបណ្ដោយអញ្ចឹង? ហើយប្រើរូបភាពគណបក្សប្រជាជនមកទៀត។ ឥឡូវ អត់មានទោសអីទេ ខ្ញុំសន្យាហើយ តើអ្នកឯងចូលខ្លួនទៅនិយាយគ្នាឱ្យច្បាស់លើរឿងនេះ? ឥឡូវ សុំទៅ បើមិនទៅទេ ប្រយ័ត្នគេតាមចាប់ (ព្រោះ)មានដីការចាប់ខ្លួន។
ឥឡូវ ខ្ញុំទទួលបានហើយ ខ្ញុំបញ្ជូនតាំងពីម្សិល ហើយខ្ញុំបានណែនាំទៅ គួច ចំរើន ទៀត។ អាហ្នឹងជាទម្លាប់របស់ខ្ញុំ។ ខ្ញុំមានប្រភពតាមដានរបស់ខ្ញុំ។ ដំបូងគិតថា មានរឿងអយុត្តិធម៌ យ៉ាងហោចណាស់ យើងបានស្រាវជ្រាវ ប៉ុន្តែ ការទទួលខុសត្រូវ ចំពោះមុខច្បាប់ត្រូវតែមានការទទួលខុសត្រូវ ព្រោះអ្នកឯងបានបំផ្លិចបំផ្លាញ (និង)ធ្វើជាមេខ្លោង ដើម្បីរុញមនុស្សទៅកាប់ទន្ទ្រានដីព្រៃ។ ឥឡូវ ត្រូវនៅឃុំ ប៉ុន្តែ ខ្ញុំថា ឱ្យតែគាត់ទៅទទួលខុសត្រូវរួចហើយ យើងឱ្យនៅក្រៅឃុំទៅ។ អាហ្នឹងយើងអាចដោះស្រាយបាន ព្រោះវាមិនទាន់ដល់ដំណើរការក្ដីនៅក្នុងតុលាការទេ។ យើងអាចឈានទៅដល់ការលើកលែងការចោទប្រកាន់ ប៉ុន្តែ ឱ្យតែអ្នកឯង(ទទួលខុសត្រូវ)។ អ្នកឯងធ្វើហ្នឹងត្រូវទេ ទៅកាប់ទន្ទ្រានព្រៃដោយគ្មានការអនុញ្ញាត?
ហ្នឹងជាទម្លាប់ ដែលខ្ញុំលើកជាត្រួសៗ គ្រាន់តែប៉ុន្មានថ្ងៃនេះខ្ញុំរកឃើញករណី(ច្រើន) សូម្បីតែផ្ទះបងស្រីមួយនោះ អតីតប្រពន្ធទាហាន ព្រោះគាត់នៅលើដីចំណីផ្លូវ ហើយគេត្រូវធ្វើផ្លូវ។ អញ្ចឹង ក៏ខ្ញុំរកឃើញអាហ្នឹង ក៏បញ្ជូនទៅឱ្យ ឃួង ស្រេង ដើម្បី ឃួង ស្រេង ទប់ស្កាត់ទាន់ ដើម្បីកុំឱ្យរើ ប៉ុន្តែ នឹងមានដំណោះស្រាយដោយឡែកមួយទៀត ព្រោះអាហ្នឹងទាក់ទងនឹងដីចំណីផ្លូវ។ វិធីតាមការងាររបស់ខ្ញុំ ក្រៅពីប្រព័ន្ធរបស់រដ្ឋ ដែលរាយការណ៍(មកឱ្យខ្ញុំ) ខ្ញុំក៏នៅទទួលបាននូវការផ្ដល់មតិដោយមធ្យោបាយ នៃប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយដទៃទៀត ដែលខ្ញុំមាន។ (វា)ក្លាយទៅជាទម្លាប់(ទៅ)ហើយ។
ទម្លាប់ស្ដាប់ភ្លេងការមុនចូលគេង
ឥឡូវ ក្លាយទៅជាទម្លាប់មួយទៀត មុននឹងដេកទាល់តែបានស្ដាប់ចម្រៀងមួយបទ ពីរបទ បីបទ។ រហូតទៅដល់ចម្រៀងវានៅតែច្រៀងដាក់ត្រចៀក។ មុនពេលដេក តែងតែចុច(ទូរស័ព្ទចាក់ចម្រៀង)។ ឥឡូវ ដោយសារមានកាស Bluetooth (ស្រួលស្ដាប់) អញ្ចឹង ប្រពន្ធគាត់សម្រាកទៅ គាត់គេងលក់តែខ្លួនគាត់ទៅ ហើយយើងដាក់កាស Bluetooth ហើយពិរោះជាងគេ ចម្រៀងភ្លេងការច្រៀងដោយ ណយ វ៉ានណេត។ អាហ្នឹងពិរោះអស់ទាស់ហើយ។ ជួនកាលពេលដែលយើងងងុយខ្លាំងមែនទែនហើយ កាលណាយើងដោះអាហ្នឹងចេញ(កាស Bluetooth ) អា(ចម្រៀង)នោះក៏វាឈប់ដើរដែរ។ ប៉ុន្តែ ជួនកាលយើងគេងលក់បាត់ទៅ ស្រាប់តែភ្ញាក់ឡើងម៉ោងប្រហែល ៤ កាសនៅជាប់ហ្នឹងត្រចៀក។ នៅតែពិរោះដដែល ចម្រៀងភ្លេងការស្ដាប់មិនដែលធុញ នឹងច្រៀងដោយ ណយ វ៉ាន់ណេត។ មានមនុស្សច្រៀងច្រើន (មាន) អៀង ស៊ីថុល ស្អីៗ ប៉ុន្តែ អ្នកដែលច្រៀងពិរោះ និងស្ដាប់មិនសូវធុញ គឺ ណយ វ៉ាន់ណេត ទៅវិញ ច្រៀងចម្រៀងភ្លេងការពិរោះ។
(២៣) ហេតុអីក្រសួងការងារមិនដោះស្រាយបញ្ហារបស់កម្មករ ឬទុកឱ្យនាយករដ្ឋមន្ត្រីទៅដោះ?
ខ្ញុំអំពាវនាវចំពោះក្រសួងការងារ ហើយខេត្តដែលមានទីតាំងរោងចក្រនៅ(តំបន់របស់ខ្លួន) តើទៅណាអស់ហើយមិនចេញមុខដោះស្រាយបញ្ហាទាំងអស់នេះ? (កម្មករ/ការិនី)ថា យក(ញ្ញត្តិ)ទៅដាក់នៅក្រសួងការងារ ក្រសួងការងារក៏អត់ចេញមុខដោះស្រាយ។ យកទៅដល់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ព្រោះធម្មតាខុទ្ទកាល័យត្រូវបញ្ជូនទៅក្រសួងសាម៉ី ក៏មិនទាន់មានដំណឹង។ ឥឡូវ គាត់ស្នើអញ្ចឹង។ គាត់ថា តែដល់កម្រិតមួយ គាត់សុំមកផ្ទះនាយករដ្ឋមន្រ្តីនៅវិមានឯករាជ្យតែម្ដង។ នៅក្នុងប្រទេសរបស់យើង បើសិនជាជនបរទេសក៏វាញញើតដែរ គឺចំណងជើងក្នុង YouTube វាដាក់ថា “នោះ! ផ្ទុះហើយ គេហ៊ុំព័ទ្ធផ្ទះនាយករដ្ឋមន្រ្តីបាត់ហើយ”។ វាដាក់សុទ្ធតែអញ្ចឹង។ ក្រុមគ្រួសារនាយករដ្ឋមន្រ្តីយំពេញផ្ទះ។ ហ្អែងដាក់ទៅ អញនៅនិយាយនៅទីនេះ។ បន្តិចវាថានាយករដ្ឋមន្រ្តីឈឺ/ងាប់។ ខ្ញុំត្រូវបានគេបំផុសថា ខ្ញុំងាប់ជាង ១ ឆ្នាំហើយ។ វាទៅជាអញ្ចឹងទៅ។ ថា ហ៊ុន សែន ត្រូវ ICC តុលាការព្រហ្មទណ្ឌអន្តរជាតិកោះហៅទៅហើយ។ អាមេរិកធ្វើអញ្ចេះ/អញ្ចុះ។ បើកមើលក្នុង YouTube ហ្នឹង (គឺថា)ចំណងជើងរបស់វាឃើញហើយអស់ឆ្ងល់តែម្ដង។ (សម្ដេចបើក YouTube ឱ្យស្ដាប់) គេថា អ្នកមិនដឹង គឺនៅតែមិនដឹង។ (ក្នុង YouTube) គ្រូល្បីទាយវាសនាសម្ដេចឈុតណាស់។ យាយអើយយាយ! ទាយតែយាយឯងទៅបានហើយ បើរាសីមិនដល់ ហ៊ុន សែន ទេ ប្រយ័ត្នគ្រោះថ្នាក់ខ្លួនឯង សូមផ្ដាំត្រឡប់ទៅវិញតែប៉ុណ្ណឹងទេ។ មិនដឹងថា ទាយខុស ឬទាយត្រូវយ៉ាងម៉េចទេ …។
អ្នកចង់ថាអីក៏ថាទៅ ក៏ប៉ុន្តែ ខ្ញុំនៅទីនេះ។ និយាយពីចំណងជើង ពេលខ្លះវាអស់ទាស់តែម្ដង។ ប៉ុន្តែមាន Clip មួយ តែខ្ញុំនៅតែមិនអស់ចិត្ត វាដាក់(ថា) “នោះ! វីវរធំហើយ គេហ៊ុំព័ទ្ធផ្ទះនាយករដ្ឋមន្រ្តី” ដល់ទៅស្ដាប់ខ្លឹមសារទៅ គឺទាក់ទងនឹងកម្មករ ហើយកម្មករហ្នឹង គឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់ដោះស្រាយ។ គ្នាដាក់ញ្ញត្តិ ប៉ុន្តែ យើងមិនបានដោះស្រាយឱ្យគ្នា។ ឥឡូវ អស់លោកត្រូវការលុយប៉ុន្មាន ដើម្បីដោះស្រាយ(ឱ្យ)កម្មករប៉ុន្មានរយនាក់ហ្នឹង? អស់លោកត្រូវការលុយប៉ុន្មាន ហេតុអ្វីមិនធ្វើរឿងហ្នឹងឱ្យវាចេញ? រង់ចាំប៉ុន្មានខែទៀត? ឬទុករឿងហ្នឹងឱ្យនាយករដ្ឋមន្រ្តីទៅដោះស្រាយ? បើទុកឱ្យនាយករដ្ឋមន្រ្តីទៅដោះស្រាយ មិនបាច់ចាត់តាំងធ្វើក្រសួងអីទេ។ ខ្ញុំនិយាយតាមមួយបែបទៅចុះ ព្រោះនេះខ្ញុំគ្រាន់តែនិយាយពីទម្លាប់តាមដានការងាររបស់ខ្ញុំ។
(២៤) ជំរុញលើកទឹកចិត្តដល់ស្ដ្រីក្នុងការបន្តការសិក្សា
គួរតែកត់សម្គាលមួយទៀត ដែលលោកជំទាវ អ៊ឹង កន្ថាផាវី យើងមើលក្នុងនេះ (និស្សិតស្រីច្រើនជាងនិស្សិតប្រុស)។ ម្សិលមិញខ្ញុំក៏បាននិយាយជាមួយនឹងអ្នករាយការណ៍ពិសេសរបស់គណៈលេខាធិការអង្គការសហប្រជាជាតិ ដែលគាត់ក៏យកចិត្តទុកទៅលើបញ្ហាស្រ្តី។ ខ្ញុំក៏និយាយរឿងហ្នឹង។ ឥឡូវ យើងក៏បានឃើញនៅទីនេះ ថ្នាក់បរិញ្ញាបត្ររង នារីមានទៅដល់ ៧១%។ ថ្នាក់បរិញ្ញាបត្រ នារីមានដល់ ៧៧%។ ដល់បរិញ្ញាបត្រជាន់ខ្ពស់ នារីមានត្រឹមតែ ២៤% (គឺ)ធ្លាក់ចុះ។ ប៉ុន្តែ ខ្ញុំមើលឃើញថា វាអាចមានការលំបាកស្វែងសមភាពយេនឌ័រនៅក្នុងដំណាក់កាលបរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ប៉ុន្តែ យើងបានជំរុញមួយជំហានឱ្យមានសមភាពនៅក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សា រហូតដល់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មានតុល្យភាពហើយ តាមរយៈនៃការជំរុញសាលារៀនដល់មូលដ្ឋាន និងផ្ដល់តម្លៃកាន់តែខ្លាំង សម្រាប់ការសិក្សារបស់ស្រ្ដី។ ប៉ុន្តែ ចូលទៅដល់បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវាលំបាកណាស់ នៅពេលដែលស្រ្ដីយើងដល់វ័យរៀបការ។ ដល់ការហើយវាត្រូវមានកូន។ អញ្ចឹងទេ បានជាមួយចំនួន គឺមិនអាចបន្ដការសិក្សាតទៅទៀត។ បញ្ចប់ត្រឹមបរិញ្ញាបត្រ។ តែវិធីនេះ ក៏ត្រូវតែលើកទឹកចិត្តជំនះឱ្យស្រ្ដីបន្ដការសិក្សា ទោះបីមានប្ដី/កូនហើយក៏ដោយ (ត្រូវ)បន្ត(ការសិក្សា)ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដែលយើងត្រូវជំរុញបន្ដ។ នេះជាការកត់សម្គាល់របស់ខ្ញុំ។
(២៥) កោតសរសើររដ្ឋមន្ត្រីការបរទេស និងមន្ត្រីពាក់ព័ន្ធ សម្របសំរួលធ្វើឱ្យអាចចេញសេចក្តីថ្លែងការណ៍
រឿងបន្តទៀតនោះ ដែលខ្ញុំគួរតែត្រូវនិយាយ ខ្ញុំពិតជាមានការអរគុណ និងរីករាយខ្លាំងណាស់ ជាមួយនឹងអ្វីដែលបានកន្លងផុតទៅរយៈពេលជាង ១០ ថ្ងៃនេះ នោះគឺការប្រជុំអាស៊ាន។ ការប្រជុំនឹងដៃគូពាក់ព័ន្ធ ដែលមានទាំងវេទិកាតំបន់អាស៊ាន និងអាស៊ីបូព៌ា ដែល(មាន)រាប់សិបប្រទេសបានមកជួបជុំគ្នានៅព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធ ក្នុងការរក្សាសុវត្ថិភាព សម្រាប់ភ្ញៀវរបស់យើង ដែលមកកាន់ទីក្រុងភ្នំពេញ ទាំងមន្រ្តី សន្ដិសុខ ទាំងផ្នែកសុខាភិបាល។ មិនដឹងគាត់ឆ្លងពីទីក្រុងភ្នំពេញ ឬឆ្លងនៅសាំងហ្គាពួរ គឺរដ្ឋមន្រ្តីការបរទេសសាំងហ្គាពួរ ដែលមានវិជ្ជមានកូវីដ-១៩។ ឯក្រៅពីនោះ គឺអត់ទេ។
អ្វីដែលសំខាន់ជាងនេះ(ទៅ)ទៀត ខ្ញុំសូមអរគុណ និងកោតសរសើររដ្ឋមន្រ្តីក្រសួងការបរទេស ប្រាក់ សុខុន ក៏ដូចជា ឧត្តមមន្រ្តីរបស់កម្ពុជាទាំងអស់ ដែលបានធ្វើការដ៏ល្អ ក្នុងការសម្របសម្រួលចេញឯកសារ ក្នុងពេលដែលពិភពលោកដ៏ចម្រូងចម្រាស យើងបានអញ្ជើញមិត្តភក្ដិរបស់យើងមកអង្គុយដោយស្រួល និយាយតាមសម្រួល និងចេញសេចក្ដីថ្លែងការណ៍មួយបានយ៉ាងល្អ។ គេបានដឹងហើយថា នៅពេលដែលយើងធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំ (មាន)រឿងរ៉ាវច្រើនណាស់បានកើតឡើង៖ បញ្ហាមីយ៉ាន់ម៉ា ជាបញ្ហាក្នុងតំបន់។ បញ្ហាសមុទ្រចិនខាងត្បូង កំពុងតែបន្តជំរុញ ដើម្បីឈានទៅបញ្ចប់ COC។ បញ្ហាឧបទ្វីបកូរ៉េ។ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ បញ្ហាវិវឌ្ឍន៍ស្មុគស្មាញ ក្នុងដំណើរទស្សនរបស់ប្រធានសភាសហរដ្ឋអាមេរិកនៅតៃវ៉ាន់ ដែលធ្វើឱ្យកក្រើកមេឃ/ដី ស្ទើរតែរញ្ជួយទីក្រុងភ្នំពេញ។
ប៉ុន្តែ ទីចុងបំផុត តាមសមត្ថភាពរបស់កម្ពុជា ធ្វើការសម្របសម្រួល ដែលមុននោះខ្ញុំនិយាយនៅសាកលវិទ្យាល័យ ភូមិន្ធភ្នំពេញ នៅថ្ងៃទី ០៥ សីហា ២០២២ ខ្ញុំថា សូម្បីតែកៅអីក៏ពិបាករៀបអង្គុយដែរ ប៉ុន្តែ ផ្ទុយទៅវិញ នៅពេលចូលប្រជុំ អ្នកទាំងអស់គ្នាបានចាប់ដៃគ្នា បាននិយាយគ្នា និងបានរួមចំណែកធ្វើឱ្យការប្រជុំ ដែលយើងធ្វើជាម្ចាស់ផ្ទះនេះប្រព្រឹត្តទៅដោយជោគជ័យ។ ខ្ញុំគួរតែអរគុណ និងកោតសរសើរ ចំពោះសមត្ថភាពរបស់រដ្ឋមន្ត្រីការបរទេស ក៏ដូចជា មន្ត្រីដែលមានការពាក់ព័ន្ធ ពិសេសឧត្តមមន្ត្រី ដែលបានធ្វើកិច្ចការដ៏ល្អ (ក្នុងការ)សម្របសម្រួលធ្វើឱ្យសេចក្តីថ្លែងការណ៍មួយចេញរួច ហើយប្រទេសដែលមានការប្រឆាំងគ្នាក៏ចូលប្រជុំជាមួយគ្នា ហើយចេញសេចក្តីថ្លែងការណ៍បាន មិនមែនជារឿងងាយស្រួលទេ ជារឿងលំបាក តែយើងអាចធ្វើបាន។
(២៦) ការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានល្អ បង្កលក្ខណងាយស្រួលដល់ការប្រជុំអាស៊ាននៅខែវិច្ឆិកា ការប្រជុំ G20 និងការប្រជុំ APEC នៅឯទីក្រុងបាងកក
ខ្ញុំគួរតែអរគុណមិត្តភកក្តិរបស់យើង ដែលបានមកចូលរួម(ប្រជុំ)ជាមួយយើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា រាប់ទាំងប្រទេស ដែលមកចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដែលបានមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជាជា។ ខ្ញុំអរគុណជាមួយនឹងកាយវិការ ដែលផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើបានដោយជោគជ័យ។ នេះគឺជាមូលដ្ឋាន សម្រាប់ឈានឆ្ពោះទៅការប្រជុំអាស៊ាននៅខែវិច្ឆិកាខាងមុខ។ នេះក៏ជាមូលដ្ឋាន ដើម្បីឈានឆ្ពោះទៅជោគជ័យ នៃការប្រជុំប្រទេសអភិវឌ្ឍន៍ទាំង ២០ ពួក G20 នៅឯប្រទេសឥណ្ឌូនេស៊ី និងក៏បង្កលក្ខណសម្បត្តិធ្វើឱ្យការប្រជុំ APEC នៅឯទីក្រុងបាងកកទទួលបានជោគជ័យដែរ។ អញ្ចឹង ចាប់ផ្តើមបោះមូលដ្ឋាននៅទីក្រុងភ្នំពេញ (នៃ)ការប្រជុំ(រដ្ឋមន្ត្រីកាបរទេសអាស៊ាន)កាលពីដើមខែកន្លងទៅ វានឹងអាចបង្កើតជាលក្ខណសម្បត្តិងាយស្រួល សម្រាប់ការប្រជុំខែវិច្ឆិកា។ ការប្រជុំខែវិច្ឆិកា ក៏បង្កលក្ខណ(ងាយស្រួល)ទៅ(ការប្រជុំ) G20។ បន្ទាប់ទៅ(ក៏បង្កលក្ខណងាយស្រួល)ទៅ(ដល់កិច្ចប្រជុំ) APEC ដែល(កិច្ចប្រជុំត្រូវ)ធ្វើនៅឥណ្ឌូនេស៊ី ហើយខ្ញុំត្រូវធ្វើដំណើរ(ទៅចូលរួមកិច្ចប្រជុំទាំងនោះ)។
តាមការគ្រោងទុក យើងបញ្ចប់ការប្រជុំថ្ងៃទី ១៣ ប៉ុន្តែ ព្រះចៅស៊ុលតង់ប្រ៊ុយណេ នឹងមានព្រះរាជទស្សនកិច្ចនៅកម្ពុជាថ្ងៃទី ១៤ អញ្ចឹង ខ្ញុំត្រូវនៅចរចាជាមួយនឹង(ព្រះចៅ)ស៊ុលតង់ប្រ៊ុយណេ និងដង្ហែព្រះមហាក្សត្រយើង ដើម្បីរួមពិធីជប់លៀងនៅក្នុងព្រះបរមរាជវាំង។ រួចហើយក្នុងករណី ដែលការប្រជុំ G20 នៅកោះបាលី ប្រព្រឹត្តទៅនៅពេលព្រឹក ខ្ញុំត្រូវហោះទៅទាំងយប់ ដើម្បីចូលរួមប្រជុំនៅទីនោះ។ បើសិនការប្រជុំនោះត្រូវធ្វើនៅល្ងាចថ្ងៃទី ១៥ ព្រោះថ្ងៃទី ១៥ ចាប់ផ្តើមប្រជុំ ខ្ញុំនឹងហោះទៅពេលព្រឹក ពេលល្ងាចខ្ញុំចូលប្រជុំ ព្រោះប្រធានអាស៊ានត្រូវបានទទួលការអញ្ជើញពីម្ចាស់ផ្ទះប្រជុំ G20 តាំងពីមុនមក។ កាលពីឆ្នាំ ២០១២ ខ្ញុំត្រូវបានអញ្ជើញដោយប្រធានាធិបតីម៉ិចស៊ិច ទៅ Los Cabos ឥឡូវ ត្រូវបានទទួលការអញ្ជើញពីប្រធានាធិបតី Joko Widodo របស់ឥណ្ឌូនេស៊ី ចេញពីឥណ្ឌូនេស៊ី បានខ្ញុំធ្វើដំណើរទៅបាងកក។ ខ្ញុំក៏ទទួលបានការអញ្ជើញពីនាយករដ្ឋមន្ត្រី Prayut Chan-o-cha ដែលជាប្រធាន(កិច្ចប្រជុំ) APEC នៅឆ្នាំនេះ។ អញ្ចឹង ខែវិច្ឆិកា គឺជាខែដែលរវល់ខ្លាំងណាស់។
ក្នុងខែកញ្ញានេះ ខ្ញុំត្រូវទៅអានសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិដោយផ្ទាល់ គឺមិនអានតាម អនឡាញដូចពេលមុនទេ ដោយសារឆ្នាំនេះយើងជាប្រធានអាស៊ាន។ មុននេះគ្រោងទុកថា នឹងអានសុន្ទរកថា នៅល្ងាចថ្ងៃទី ២៣ កញ្ញា ២០២២ ឥឡូវនេះ ត្រូវបានផ្លាស់ប្តូរជាមួយបង់ក្លាដេស សុំឱ្យបង់ក្លាដេស ដែលគាត់ មានម៉ោងពេលព្រឹក សុំឱ្យគាត់ទៅអាន(សុន្ទរកថា)ម៉ោងយើងនៅពេលល្ងាច ឯខ្ញុំមកអាន(សុន្ទរកថា)នៅពេលព្រឹកវិញ។ ចេញពីហ្នឹងមកខ្ញុំត្រូវ(ហោះ)ទៅគុយបានៅល្ងាចថ្ងៃទី ២៣ (កញ្ញា ២០២២) ដើម្បីទស្សនកិច្ចនៅគុយបាថ្ងៃទី ២៤-២៥ (កញ្ញា ២០២២) រសៀលថ្ងៃទី ២៥ (កញ្ញា ២០២២) ខ្ញុំត្រូវហោះចេញពី La Habana (Havana) មកកាន់ទីក្រុងតូក្យូ។ មកដល់ទីក្រុងតូក្យូល្ងាចថ្ងៃទី ២៦ កញ្ញា ២០២២ ដើម្បីថ្ងៃទី ២៧ កញ្ញា ២០២២ ខ្ញុំនឹងចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រី(ជប៉ុន) Shinzo Abe ដែលជាមិត្តភក្តិដ៏ល្អរបស់យើង។
(២៧) គ្រប់គ្រងស្ថិរភាពនយោបាយ/ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញ នៃប្រាក់រៀល
ពិភពលោកបច្ចុប្បន្ន គឺងាយស្រួលណាស់ (បើ)ប្រៀបធៀបខ្ញុំចេញទៅក្រៅប្រទេសកាលពីពេលមុន គឺវាខុសគ្នា។ ពេលមុនមានស្អី? យ៉ាងច្រើនមានទូរស័ព្ទនិយាយឆ្លើយឆ្លងគ្នា។ ឥឡូវ យើងអាចធ្វើការពីចម្ងាយបាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបច្ចុប្បន្ន។ អញ្ចឹង យើងមានការងារច្រើននៅចុងឆ្នាំនេះ ដែលត្រូវធ្វើបន្ត។ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺទាក់ទិនជាមួយនឹង(ការ)គ្រប់គ្រងឱ្យបាននូវស្ថិរភាពនយោបាយ/ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញ នៃប្រាក់រៀល។ ខ្ញុំកង្វល់ធំណាស់ទៅលើបញ្ហាការឡើងថ្លៃប្រេង ខ្ញុំមិនសូវកង្វល់ច្រើនពេកទេទៅលើបញ្ហាឡើងថ្លៃស្បៀងនោះ ប៉ុន្តែ ការឡើងថ្លៃប្រេង គឺជារឿងដ៏លំបាក។ ប៉ុន្មានថ្ងៃនេះវាជាកុសលមួយដ៏ល្អ សម្រាប់ការ(ចុះថ្លៃ)ប្រេង។
មុននេះខ្ញុំបើកមើលតម្លៃប្រេង(នៅសល់) ៩២,០៦ (ដុល្លារ/បារ៉ែល) ឥឡូវ ចុះថ្លៃនៅសល់(ត្រឹមតែ) ៩១,៩០ (ដុល្លារ/បារ៉ែល)ទេ។ នេះជាការតាមដាន។ ខ្ញុំមិនមែនជាអ្នក Stock Exchanges អីទេ ក៏ប៉ុន្តែ ហោចណាស់យើងតាមដានទីផ្សារអន្តរជាតិ ដើម្បីយើងប្រៀបធៀបថ្លៃនៅក្នុងប្រទេស។ មុននេះតម្លៃឡើងលើស ១០០ ដុល្លារ/បារ៉ែល ប៉ុន្តែ ចម្លែកព្រឹកមិញនេះ ខ្ញុំមើល(តម្លៃ)ជាង ៩២ (ដុល្លារ/បារ៉ែល) ឥឡូវ នៅសល់(ត្រឹមតែ) ៩១,៩០ (ដុល្លារ/បារ៉ែល) អញ្ចឹង ថ្ងៃនេះប្រេងកំពុងចុះ(ថ្លៃ)។ បើសិនវា(បន្ត)ចុះអញ្ចឹងវាល្អ សម្រាប់យើង។ ដូចជាថ្ងៃនេះ ឬថ្ងៃស្អែក ត្រូវប្រកាសជាថ្មីហើយ(នូវតម្លៃលក់រាយប្រេងឥន្ធនៈ)។ កាលមុននោះ ប្រេងធម្មតាឡើងទៅដល់ ៥,៨០០ (រៀល/លីត្រ)។ ១០ ថ្ងៃក្រោយមកចុះមកនៅ (៤.៨០០ រៀល/លីត្រ)។ ១០ ថ្ងៃក្រោយមកទៀតចុះមកនៅ (៤.៧៥០ រៀល/លីត្រ)។ នេះជាការសម្របសម្រួល(មួយ)។
ខ្ញុំគួរតែកោតសរសើរក្រសួងពាណិជ្ជកម្ម ក៏ដូចជា បណ្តាក្រុមហ៊ុនប្រេងទាំងឡាយ។ ក្រុមហ៊ុននៅអឺរ៉ុបខ្ញុំបានសួរបញ្ជាក់ ពេលដែលខ្ញុំទៅចូល World Economic Forum នៅឯ Davos ប៉ុន្តែ ខ្ញុំជួបជាមួយពលរដ្ឋខ្មែរយើងនៅឯ Zurich នៅប្រទេសបារាំងបើគិតជាតម្លៃលុយ វាស្មើជាង ១ ម៉ឺនរៀល (បើប្រៀបធៀប)តម្លៃនៅស្រុកខ្មែរ។ ក្នុងពេលនោះតម្លៃនៅខ្មែរយើង ៥,២០០ (រៀល/លីត្រ)។ អញ្ចឹង (តម្លៃ)ប្រេងនៅ(ស្រុក)យើងយ៉ាងណាក៏នៅតែថោក ពិតមែនតែ(ប្រេង)យើងថ្លៃជាងប្រទេសជិតខាងបន្តិច តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលមិនតម្លើងថ្លៃភ្លើងទេ។ អំពាវនាវគ្រប់ក្រុមហ៊ុនទាំងអស់ដែលរកស៊ីប្រេង កុំពេលដែលនៅ New York ឡើងថ្លៃ ប្រេងមិនទាន់នាំចូលផង វាឡើងថ្លៃនៅភ្នំពេញបាត់។ កុំលេងអាធុនហ្នឹង។ ដោយសារតែអាហ្នឹងហើយ បានជាយើងត្រូវតែមានរបៀបរៀបចំគ្រប់គ្រងថ្លៃដែរ។ ពិតមែនតែសេដ្ឋកិច្ចផ្សារ ក៏ប៉ុន្តែ ត្រូវមានការចង្អុលបង្ហាញ(ពីរដ្ឋដែរ)។ យកចំណេញ ក៏ប៉ុន្តែ ចំណេញក្នុងកម្រិតណាមួយ មិនអាចឆ្លៀតកេងចំណេញ ដែលធ្វើឱ្យទីផ្សារជ្រួលច្របល់។ ការឡើងថ្លៃដឹកជញ្ជូន វានាំទៅដល់ការកើនឡើងនូវតម្លៃផ្សេងៗ។ ពិតមែនហើយ រអ៊ូពីរឿងប្រេងឡើងថ្លៃ ក៏ប៉ុន្តែ ឡានស្ទះពេញផ្លូវ។
(២៨) ឥទ្ធិលសង្គ្រាម និងទណ្ឌកម្ម បាននាំពិភពលោកទៅដល់ភាពជ្រួលច្របល់
ឥឡូវនេះ ឥទ្ធិពលសង្គ្រាម និងទណ្ឌកម្ម បាននាំពិភពលោកទៅដល់ភាពជ្រួលច្របល់។ ឥឡូវនេះ អឺរ៉ុបខ្លួនឯង ដែលជាអ្នកដាក់ទណ្ឌកម្មដល់រុស្ស៊ី កំពុងរងគ្រោះខ្លួនឯង។ ឥឡូវនេះ ត្រូវកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥% ប៉ុន្តែ ប៉ូឡូញអត់ព្រមទេ។ ប៉ូឡូញថាអាហ្នឹងមិនមែនជាកាតព្វកិច្ចទេ ហើយអ្វីដែលប៉ូឡូញស្តុក ក៏ប៉ូឡូញអត់ចែកឱ្យអ្នកណាដែរ។ រឿងរ៉ាវវាមិនមែនតូចតាចទេ។ យើងជាប្រទេសតូចតាចមួយរងឥទ្ធិពល នៃវិបត្តិសេដ្ឋកិច្ចសកលហ្នឹងគេដែរ ព្រោះសេដ្ឋកិច្ចរបស់យើងក៏ផ្សារភ្ជាប់ជាមួយនឹងទីផ្សារពិភពលោកដែរ។ អញ្ចឹង យើងក៏ត្រូវរក វិធីដោះស្រាយទប់ស្កាត់បញ្ហានេះ។
(២៩) វិស័យកសិកម្មសម្រេចបាន ៨៧% នៃផែនការ លើផ្ទៃដី ២ លាន ៦ សែនហិកតា
តាមរយៈនៃការខិតខំបង្កបង្កើនផលរបស់យើង (យោង)តាមរបាយការណ៍របស់ ឯកឧត្តម វេង សាខុន មកដល់ពេលនេះ វិស័យកសិកម្មរបស់យើង(សម្រេចបាន)ដូចជា ៨៧% នៃផែនការ។ ឥឡូវ ប្រហែលជាចូលដល់ ៩០% ទៅហើយ ក្នុងចំណោម(ផ្ទៃដី) ២ លាន ៦ សែនហិកតា។ ឆ្នាំនេះ យើងទទួលបានផលដើមរដូវដ៏ល្អ ដោយសារទឹកភ្លៀងវាធ្លាក់។ អញ្ចឹង យើងច្រូតដើមរដូវដូចជា ៧ សែនហិកតា ព្រោះនៅប្រទេសរបស់យើងធ្វើដើមរដូវ ហើយច្រូតអាហ្នឹងរួចហើយ បានចាប់ធ្វើមួយរដូវបន្តទៀត។ អញ្ចឹង ដើមរដូវយើងបាន ១ លានតោន រួចស្រេចទៅហើយ ប៉ុន្តែ យើងក៏ត្រូវតែមានការប្រុងប្រយ័ត្ន។
បណ្តាខេត្តនានាអាចនឹងលិចលង់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែ សម្រាប់ខ្ញុំ ទន្លេមេគង្គនេះតាំងពីឆ្នាំ ២០១៦ មកដល់ឥឡូវ ឱ្យតែខ្ញុំតាមដានទន្លេមេគង្គ ទឹកទន្លេមេគង្គមិនដែលចេះធំ។ វាទៅជាអញ្ចេះ។ ឆ្នាំ ២០១៦ ខ្ញុំធ្វើដំណើរដូចជា ៥-៦ ពាន់គីឡូម៉ែត្រ ដោយរថយន្ត ដើម្បីទៅពិនិត្យតាមបណ្តាខេត្ត ជាពិសេស តំបន់អតីតសមរភូមិ តើអភិវឌ្ឍន៍ដល់ណាហើយ? ខ្ញុំទៅដល់មណ្ឌលគិរី ទឹកវាឡើងដល់ជាង ៩ ម៉ែត្រ ហើយគេព្យាករណ៍ថានឹងឡើងលើស ១០ ម៉ែត្រ នៅពីរថ្ងៃក្រោយ។ ខ្ញុំចេញពីមណ្ឌលគិរីទៅ ដេកនៅរតនគិរី ព្រលឹមឡើងមើលអាការព្យាករណ៍ ទឹកស្រកអស់ ៣ តឹក។ ប៉ុន្មានថ្ងៃមុនចាប់ផ្តើមទឹកឡើងគំហុកដល់ ៨ ម៉ែត្រ ៨ តឹក ហើយគេព្យាករណ៍ថានឹងឡើងលើស ៩ ម៉ែត្រ ក្នុងពេលដែលត្រូវប្រកាសអាសន្ន គឺនៅក្នុងរង្វង់ ១២ ម៉ែត្រ។ គេព្យាករណ៍គិតតែពីឡើង ដល់ទៅមួយថ្ងៃក្រោយ(ទឹកចេះតែបន្ត)ធ្លាក់ៗ។
ថ្ងៃនេះ នៅសល់ ៧,៤២ ម៉ែត្រ យប់មិញនេះឡើងបាន ១ តឹក ២ ផឹង។ ឥឡូវ គេព្យាករណ៍ទៀតហើយ ស្អែកត្រូវនឹងឡើងទៅដល់ ៧,៥៥ ម៉ែត្រ។ ដោយឡែកទីក្រុងភ្នំពេញបច្ចុប្បន្ននេះ ទឹកទើបនឹងមាន ៦,៦៥ ម៉ែត្រទេ ក្នុងពេលដែលយើងមានតម្រូវការ ៩ ម៉ែត្រ យ៉ាងតិច។ ប៉ុន្មានឆ្នាំនេះមិនដឹងថាយ៉ាងម៉េច (ភ្លៀងបាន)វាងអាងបាសាំងមេគង្គ មិនធ្លាក់ចំបាសាំងមេគង្គនៅខាងលើនៅក្នុងដីឡាវ/ថៃ និងមីយ៉ាន់ម៉ានៅខាងលើ(ទេ)។ វាអត់ប៉ះចំបាសាំងមេគង្គ មិនដឹងធ្វើម៉េចវាអាហ្នឹង។ ប៉ុន្តែ វាបែរជាមកវាយលុកនៅឯព្រះវិហារ/កំពង់ធំ/ប៉ោយប៉ែត នៅតាមព្រំដែនកម្ពុជា-ថៃ ទឹកហូរពីថៃធ្លាក់មកតាមហ្នឹង។ ខេត្តមួយចំនួនអាចជំនន់ទឹកភ្លៀង ប៉ុន្តែ ជំនន់មេគង្គវាអត់។ នេះជាបញ្ហា ដែលធ្វើឱ្យទន្លេសាបរបស់យើងវាក៏ទាបតាមហ្នឹងដែរ។
សង្ឃឹមថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់ទៅដោយប្រើពេលមិនយូរ តាមរយៈនៃការចរចា។ ឥឡូវ បានដើរដល់ការស្រុះស្រួលគ្នា សម្រាប់នាំចេញធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែនចេញទៅកាន់ប្រទេសនានា ដែលកាត់បន្ថយបាននូវការខ្វះស្បៀងនៅខាងក្រៅ។ សម្រាប់តំបន់អាស៊ាន មិនចោទជាបញ្ហាធំពេកទេ លើបញ្ហាស្បៀងអាហារនោះ ពួកអាស៊ី គឺផលិតស្រូវច្រើនណាស់ ជាពិសេស នៅក្នុងចំណោមប្រទេសអាស៊ាន (មានដូចជា) ថៃ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា ឡាវក៏ផលិត តែសល់ច្រើនប៉ុន្មានទេ។ ក្នុងតែប្រទេសបួននេះ មិនតិចជាង ១៥ លានតោនទេ ដែលសល់(ស្រូវ)នោះ ក្រៅពីនោះ ឥណ្ឌា គឺជាប្រទេសដែលសល់ស្រូវច្រើន(ដែរ)។ អញ្ចឹងបញ្ហាការខ្វះស្បៀងមិនមែនជាចំណោទធំពេកទេ តែអ្វីដែលជាកង្វល់ធំ គឺទាក់ទិនជាមួយនឹងបញ្ហាប្រេងនេះឯង ដែលវាអាចទាញទៅរកអតិបរណាមួយ ដែលយើងត្រូវខិតខំរកវិធីទមស្កាត់អតិផរណានេះ។
(៣០) បន្តប្រយុទ្ធនឹងកូវីដ-១៩ ពីរផ្លូវ៖ (១) បន្តអនុវត្តន៍វិធានសុខាភិបាល និង(២) បន្តចាក់វ៉ាក់សាំង
ខ្ញុំហាក់ដូចជានិយាយច្រើនបន្តិច ក៏ប៉ុន្តែ វាជាសារមួយ ដើម្បីតម្រង់ទិសក្នុងសកម្មភាពនៅពេលខាងមុខ។ ជាមួយ(គ្នា)នោះ ខ្ញុំក៏ត្រូវតែនិយាយអំពីភាពចាំបាច់ នៃការបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដែលវាមិនទាន់ទៅ ណាឆ្ងាយពីយើងទេ។ ប្រហែសបន្តិចវាចូលវិញ។ គ្រាន់តែឥឡូវហ្នឹងវាឆ្លង តែវាមិនឈានទៅដល់ការស្លាប់ ដោយសារយើងបានចាក់វ៉ាក់សាំង។ ដូច្នេះ យើងត្រូវដំណើរការទាំងពីរផ្លូវ។ ផ្លូវទី (១) បន្តអនុវត្តន៍នូវវិធានការណ៍ “៣កុំ ៣ការពារ” ដើម្បីការពារការឆ្លងរាលដាល នៃកូវីដ-១៩។ ផ្លូវទី (២) ការបន្តជំរុញ(ការចាក់)វ៉ាក់សាំង។ អ្នកដែលមិនទាន់បាន(ចាក់)ដូសមូលដ្ឋាន (ក៏ដូចជា) កុមារដែលដល់អាយុ(ត្រូវចាក់) ត្រូវទៅយកដូសមូលដ្ឋាន។ ឯដូសជំរុញត្រូវបន្ត ជាដូសទី ៣, ទី ៤, ទី ៥។
ចំណែកខ្ញុំៗទទួលដូសទី ៤ (ព្រោះ)ពេទ្យអត់ទាន់ឱ្យទទួលដូសទី ៥ ទេ ដោយសារកម្រិតការពារវានៅខ្ពស់។ (ពេទ្យតម្រូវឱ្យខ្ញុំ)ទទួលយកវ៉ាក់សាំងរលាកសួតសិន។ និយាយយ៉ាងដូច្នេះមិនមែនបានសេចក្តីថាខ្ញុំមិនទទួលទេ ខ្ញុំនឹងសួរគ្រូពេទ្យរបស់ខ្ញុំ ព្រោះខ្ញុំប្រយ័ត្នដែរ។ បើចៅៗរបស់ខ្ញុំឆ្លងសឹងតែទាំងអស់។ អាចៅអាយុ ២ ខួប, ៣ ខួប ឆ្លងសឹងទាំងអស់ សឹងតែ ៣/៤ នៃចៅទៅហើយកើតកូវីដ-១៩ នឹងគេដែរ។ ឥឡូវ អាកូវីដ-១៩ ប្រភេទថ្មីនេះ ទី (១) វាយរកអ្នកធំ។ រដ្ឋមន្ត្រី/លេខាធិការរបស់យើងមិនតិចទេកើតកូវីដ-១៩ គ្រាន់តែមិនចេញមុខតែប៉ុណ្ណឹងទេ។ ទី (២) វាយរកកូនក្មេង។ អញ្ចឹង បានចៅៗរបស់ខ្ញុំវាអត់ទៅលេងខ្ញុំ។ ដល់សួរទៅ ថាវា(កើត)កូវីដ-១៩ ចៅអត់ហ៊ានទៅផ្ទះជីដូន/តា ខ្លាចឆ្លងដល់ជីដូន/តា។ អញ្ចឹង យើងត្រូវបន្តប្រយុទ្ធតទៅទៀត។
យើងត្រួតត្រាបានហើយ តែយើងមិនត្រូវមើលស្រាលវាទេ វាអត់ទៅណាឆ្ងាយពីយើងទេ វានៅវិលវល់នៅហ្នឹង ឥឡូវ ប្រហែលជាវាកំពុងហើរក្បែរៗក្បាលយើង សង្ឃឹមថា វាមិនមកជិតខ្ញុំទេ។ ថ្ងៃនេះ ខ្ញុំបានផ្តល់សាមួយជាលើកដំបូង ដែលជាការចាប់ផ្តើមមួយ នៃការផ្តល់សញ្ញាបត្រ សម្រាប់និស្សិតរបស់យើងឡើងវិញ ហើយសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប (ជាសាកលវិទ្យាល័យ)ទី ២ ដែលត្រូវចែកសញ្ញាបត្របន្ត។ នៅមាន(សាកលវិទ្យាល័យ)បន្តបន្ទាប់ទៀត ព្រោះពីមុនមួយឆ្នាំៗខ្ញុំចូលរួម ដើម្បីចែកជូនសញ្ញាបត្រជាកិត្តិយស សម្រាប់ការបញ្ចប់ការសិក្សារបស់និស្សិតយើង(ច្រើន)។ សង្ឃឹមថា និស្សិតរបស់យើងនឹងបន្ត(អភិវឌ្ឍន៍ខ្លួន)។ ប៉ុណ្ណឹងមិនទាន់គ្រប់ទេ (ត្រូវ)ប្រឹងតទៅទៀត។
ក៏សូមអរគុណផងដែរ ដែលប្រធានក្រុមប្រឹក្សាភិបាលបានលើកឡើងអម្បាញ់មិញ ថាមានមួយចំនួនបានចូលរួមប្រយុទ្ធជាមួយកូវីដ-១៩ នោះជារឿងល្អ ប៉ុន្តែ ជាទូទៅការប្រយុទ្ធជាមួយនឹងកូវីដ-១៩ ប្រជាជនកម្ពុជាទាំងអស់សុទ្ធតែចូលរួមប្រយុទ្ធជាមួយកូវីដ-១៩ តាមរយៈការអនុវត្តវិធានការណ៍ “៣កុំ ៣ការពារ” និងទទួលយកវ៉ាក់សាំង។ ប៉ុន្តែ មានអ្នកជួរមុខ គឺដើរទៅយកសំណាក ការចាក់វ៉ាក់សាំង ឬការថែទាំអ្នកជំងឺ គឺជាអ្នកប្រយុទ្ធជាមួយនឹងកូវីដ-១៩ នេះឯង។
ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ចំនួន ៦២៣ នាក់ ក្នុងម្នាក់ៗសុំជូនថវិកា ចំនួន ៥ ម៉ឺនរៀល។ ជូនបុគ្គលិក/សាស្ត្រាចារ្យ ចំនួន ១០៩ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ថវិកា ១០ លានរៀល។ ជូនក្រុមគ្រួពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ជាមួយនឹងការអបអរសាទរ ចំពោះសមិទ្ធផល ដែលបានកើតឡើងនៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងអបអរ សាទរ ចំពោះនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជាពិសេស ក្មួយៗជានិស្សិត សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕