សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ

  (១) ចែកសញ្ញាបត្រតាមរបៀបរស់នៅក្នុងគន្លងថ្មី បន្ទាប់ពីការអាក់ខានចែកសញ្ញាបត្រជាង ២ ឆ្នាំ ថ្ងៃនេះ ជាការវិលត្រឡប់មកវិញជាមួយនឹងការរស់នៅតាមគន្លងថ្មី គឺរស់នៅជាមួយកូវីដ-១៩។ អ្វីទៅជា​ការ​វិលត្រឡប់មកវិញ? យើងអាក់ខាននូវការចែកនូវសញ្ញាបត្រ សម្រាប់និស្សិតរបស់យើងអស់រយៈពេលជាង  ២ ឆ្នាំរួច​មកហើយ។ ថ្ងៃនេះជាលើកដំបូង នៃការចែកសញ្ញាបត្រត្រឡប់មកវិញ គឺជាការចាប់ផ្ដើមមួយថ្មីជាមួយនឹងរបៀប​​រស់នៅថ្មីតាមគន្លងថ្មី។ អ្វីទៅ(ការរស់)នៅតាមគន្លងថ្មី? ពីមុន(អ្នក)ទាំងអស់គ្នាមិនធ្លាប់ពាក់ម៉ាស់ទេ​ឥឡូវ ត្រូវពាក់ម៉ាស់ជាប់។ ពីមុនធ្លាប់តែអង្គុយកៀកគ្នា ឥឡូវ ត្រូវរក្សាគម្លាតបន្ដិច ជាមួយនឹងការថែទាំសុខភាព​ដទៃទៀត។ នោះហើយ គឺជារបៀបថ្មី ដែលបាននឹងកំពុងស្ថិតនៅជាមួយយើង ហើយ(យើង)មិនដឹងថាស្ថានភាពនេះវានឹងឈានទៅដល់ពេលណាទើបត្រូវបញ្ចប់។ ប៉ុន្ដែ យ៉ាងហោចណាស់ យើងបានវិលត្រឡប់មកធ្វើសកម្មភាព​​ឡើងវិញ ក្នុងការចែកជូនសញ្ញាបត្រ ឬនិយាយដោយឡែក និងនិយាយរួម យើងបានបើកឱ្យមានការសិក្សាឡើង​វិញ បន្ទាប់ពីមួយរយៈដែលយើងបានបិទសាលា ហើយផ្ដល់ឱកាសឱ្យរៀនតាមបច្ចេកវិទ្យាព័ត៌មាន គឺតាម​​អនឡាញ។ ថ្ងៃនេះ ជាការចាប់ផ្ដើម(ចែកសញ្ញាបត្រ)ជាមួយនឹងសាកលវិទ្យាល័យ ពុទ្ធិសាស្ដ្រ ជាមួយនឹងការចែកសញ្ញាបត្រ​ (ចំនួន) ៦២៣ នាក់ ក្នុងនោះ បរិញ្ញាបត្ររង (ចំនួន) ១១១ នាក់។ បរិញ្ញាបត្រ ចំនួន ៤៤២ នាក់  និងបរិញ្ញាបត្រជាន់ខ្ពស់…