សុន្ទរកថាថ្លែងក្នុង “ពិធីបើកវទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆ្នាំ ស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប), និងការប្រកាសជាផ្លូវការនៃសៀវភៅ ស្តីពី ក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)

សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកសី្រ!         ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆ្នាំ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅស្តីពីក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នាពេលនេះ។         ខ្ញុំនៅចាំបានថា អាសិបតូវបានប្រកាសឱ្យចាប់ផ្តើមចរចាកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធានអាស៊ាន។ ឆ្នាំ២០២២ នេះ ជាខួបអនុស្សាវរីយ៍គម្រប់១០ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចព្រមព្រៀងនេះ ហើយក៏ជាឆ្នាំដែលអាសិបត្រូវបានចូលជាធរមានស្របពេលដែលកម្ពុជាជាប្រធានអាស៊ានជាថ្មីម្ដងទៀត។ ជាការពិត សមាជិកអាស៊ាន និងប្រទេសដៃគូទាំងអស់បានចាយពេលប្រមាណជាង៨ឆ្នាំ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងភាពស្មុគស្មាញ ដោយមិនខ្លាចនឿយហត់ក្នុងការចរចាកិច្ចព្រមព្រៀងនេះរហូតសម្រេចបានជោគជ័យដូចបំណង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋមន្ត្រី ក្រុមការងារចរចាពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអាស៊ាន ដែលបានផ្ដល់ការគាំទ្រ និងសម្របសម្រួលតាំងពីមុនពេលការប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ២០១២ រហូតកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដែលបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធំជាងគេលើពិភពលោក។         បច្ចុប្បន្ននេះ ពិភពលោកកំពុងតែត្រូវបានហ៊ុមដោយហានិភ័យស្រួចស្រាល់ ដូចជាការប្រែប្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយតំបន់ ជាពិសេសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងសង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យានានា កំពុងជះឥទ្ធិពលអវិជ្ជមានដែលមិនអាចប៉ាន់ប្រមាណបាន និងអាចបង្កើតជាភាពស្មុគស្មាញ និងភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និងសកល សម្រាប់រយៈពេលខ្លី និងមធ្យម។ និន្នាការពហុប៉ូល…