សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកសី្រ!
ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆ្នាំ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅស្តីពីក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នាពេលនេះ។
ខ្ញុំនៅចាំបានថា អាសិបតូវបានប្រកាសឱ្យចាប់ផ្តើមចរចាកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធានអាស៊ាន។ ឆ្នាំ២០២២ នេះ ជាខួបអនុស្សាវរីយ៍គម្រប់១០ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចព្រមព្រៀងនេះ ហើយក៏ជាឆ្នាំដែលអាសិបត្រូវបានចូលជាធរមានស្របពេលដែលកម្ពុជាជាប្រធានអាស៊ានជាថ្មីម្ដងទៀត។ ជាការពិត សមាជិកអាស៊ាន និងប្រទេសដៃគូទាំងអស់បានចាយពេលប្រមាណជាង៨ឆ្នាំ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងភាពស្មុគស្មាញ ដោយមិនខ្លាចនឿយហត់ក្នុងការចរចាកិច្ចព្រមព្រៀងនេះរហូតសម្រេចបានជោគជ័យដូចបំណង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋមន្ត្រី ក្រុមការងារចរចាពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអាស៊ាន ដែលបានផ្ដល់ការគាំទ្រ និងសម្របសម្រួលតាំងពីមុនពេលការប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ២០១២ រហូតកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដែលបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធំជាងគេលើពិភពលោក។
បច្ចុប្បន្ននេះ ពិភពលោកកំពុងតែត្រូវបានហ៊ុមដោយហានិភ័យស្រួចស្រាល់ ដូចជាការប្រែប្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយតំបន់ ជាពិសេសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងសង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យានានា កំពុងជះឥទ្ធិពលអវិជ្ជមានដែលមិនអាចប៉ាន់ប្រមាណបាន និងអាចបង្កើតជាភាពស្មុគស្មាញ និងភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និងសកល សម្រាប់រយៈពេលខ្លី និងមធ្យម។ និន្នាការពហុប៉ូល ការប្រកួតប្រជែងដណ្ដើមផលប្រយោជន៍ និងការប្រែប្រួលនៃតុល្យភាពអំណាចសកល និងតំបន់ ព្រមទាំងការកើនឡើងនូវនិន្នាការគាំពារនិយម ក៏បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ចរន្តសកលភាវូបនីយកម្ម និងពហុភាគីនិយមផ្អែកលើវិធានច្បាប់ផងដែរ។
ក្នុងបរិបទនេះ អាសិបជាយន្តការមួយយ៉ាងសំខាន់ និងក៏ជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការប្ដេជ្ញាចិត្តឥតងាកររបស់យើង ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ការបន្តបើកចំហសេដ្ឋកិច្ច និងរក្សាបាននូវស្មារតីសហប្រតិបត្តិការរួមគ្នា។ ជាងនេះទៅទៀត អាសិបមានសក្តានុពលខ្ពស់ក្នុងការជំរុញដោះស្រាយនូវបញ្ហាប្រឈមធំៗ ដូចជា ការពង្រឹងច្រវាក់តម្លៃសកល ការពន្លឿនឌីជីថលូបនីយកម្ម ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការប្រឆាំងនឹងនិន្នាការសកលភាវូបនីយកម្ម និងការគាំពារនិយម នេះម្យ៉ាង; និងម្យ៉ាងទៀត អាសិបក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែក ក្នុងការរក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ តាមរយៈការលើកកម្ពស់តួនាទីគន្លឹះនៃការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងយន្តការស្ថាប័នដែលមានស្រាប់ក្នុងការលើកកម្ពស់កិច្ចសន្ទនាកម្រិតកំពូលផងដែរ។
- សម្ដេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជិតបីឆ្នាំមកនេះ វិបត្តិជំងឺកូវីដ-១៩ បានសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ីមានភាពធន់រឹងមាំ ដោយសារអាស៊ីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនវានុវត្តន៍ដែលកំពុងតែលូតលាស់យ៉ាងរហ័ស ជាពិសេសតំបន់អាស៊ីបូព៌ាដែលមានសមាហរណកម្មស៊ីជម្រៅនៅក្នុងខ្សែច្រវាក់តម្លៃសកល និងជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកលលោក។ ការសិក្សារបស់ស្ថាប័នអន្តរជាតិសំខាន់ៗ បានបង្ហាញឱ្យឃើញថា ការអនុវត្តនូវអាសិបពេញលេញ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ៤០ប៊ីលានដុល្លារអាមេរិក ធ្វើឱ្យប្រាក់ចំណូលពិត (Real Income) កើនឡើងរហូតដល់ ២,៥ភាគរយ បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិកអាសិប ១២,៣ភាគរយ និងជួយលើកកម្ពស់ការរស់នៅប្រជាជន ២៧លាននាក់ បន្ថែមទៀតឱ្យចូលក្នុងក្រុមជនដែលមានជីវភាពរស់នៅកម្រិតមធ្យមផងដែរ សម្រាប់តំបន់អាសិបនៅឆ្នាំ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃថានឹងបង្កើនប្រាក់ចំណូលសកល រហូតដល់ ២៦៣ប៊ីលានដុល្លារអាមេរិក។
សម្រាប់កម្ពុជា ការសិក្សារបស់វិទ្យាស្ថាន ERIA នៅដើមឆ្នាំ២០២២ នេះ បានបង្ហាញឱ្យឃើញថាផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី ២ភាគរយ ទៅ ៣,៨ភាគរយ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី ៩,៤ភាគរយ ទៅ ១៨ភាគរយ ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ ៣,២ភាគរយ ទៅ ៦,២ភាគរយ និងដែលចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ ២ភាគរយ ទៅ ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ ២៣,៤ភាគរយផងដែរ។
ខ្ញុំសូមគូសបញ្ជាក់ថា បើទោះជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ដែលជារួមស្របគ្នានឹងគោលបំណងរបស់កិច្ចព្រមព្រៀងអាសិប។ ក្រៅពីអាសិប កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅថ្ងៃតែមួយជាមួយអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខណៈដែលកម្ពុជាកំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗទៀត។
ដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិប ខ្ញុំសូមចូលចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម៖
ទី១- ភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគីសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។ ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យ កាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាពនិងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុងការធ្វើសមាហរណកម្មតំបន់។ ក្នុងទិសដៅនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋានអាសិបនៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ការគាំទ្រនិងសម្បទានចាំបាច់នានា។
ទី២- ខ្ញុំសូមលើកទឹកចិត្តយ៉ាងទទូចឱ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់នៃអាសិប ចាប់ផ្ដើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀត ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើងនឹងអនុញ្ញាតឱ្យមានការស្នើសុំចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ។
ទី៣- កម្ពុជាសូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិក និងភាគីហត្ថលេខីនៃអាសិប សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា និងសូមអំពាវនាវដល់សមាជិកទាំងអស់នៃអាសិប ពន្លឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនេះឱ្យបានឆាប់ ចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះឱ្យទៅជាយន្តការរួមមួយ ដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន។
ទី៤- វិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់។ ហេតុដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាពសកម្មភាពលើកកម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលនឹងអាចក្លាយជាក្របខណ្ឌ ដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា។
មុននឹងបញ្ចប់, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ាក្នុងការបន្តសិក្សាស្រាវជ្រាវលើកិច្ចព្រមព្រៀងអាសិប ជាពិសេសការសម្រេចបាននូវការចងក្រង សៀវភៅទី២ ស្ដីពីថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប៖ ក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់។ ខ្ញុំយល់ថា សៀវភៅនេះនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងនៅក្នុងស្រទាប់សាធារណជន និងវិស័យឯកជន ឱ្យបានកាន់តែស៊ីជម្រៅ អំពី កាលានុវត្តភាពនៃកិច្ចព្រមព្រៀងអាសិប ដែលនឹងចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព និងលទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យកម្មវិធីនេះទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យតាមការគ្រោងទុក និងសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ឱ្យមានសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ចរៀងៗខ្លួន ជាពិសេសទទួល បាននូវផាសុកភាពជាមួយនឹងភាពសប្បាយរីករាយក្នុងវេលាស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមប្រកាសបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ចាប់ពីពេលនេះតទៅ។
សូមអរគុណ!