រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អមដោយអភិបាលរាជធានី-ខេត្តកណ្តាល ចូលរួមបញ្ចុះបឋមសិលាសាងសង់ អគារមជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិកលចរិក
FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារមជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី (ជនវិកលចរិក) នៅមជ្ឈមណ្ឌលកុមារកំព្រា «បារាំងហុងរី» មានទីតាំងក្នុងភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ។ មន្រ្តីក្រសួងសង្គមកិច្ចបានឲ្យដឹងថា អគារដែលត្រូវសាងសង់នេះមានទំហំ៩ម៉ែត្រគុណ និង៤៦ម៉ែត្រ កំពស់២ជាន់ និងមានចំនួន១០បន្ទប់។ នៅក្នុងពិធីខាងលើនេះ ក៏មានការសណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ព្រមទាំងសិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។ នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី វង សូត បានសុំឲ្យការសាងសង់ បានកាន់តែឆាប់កាន់តែល្អ បើរួចរាល់នៅចុងឆ្នាំ២០១៧នេះ រឹតតែល្អដើម្បីស្តារមុខមាត់ នៅមណ្ឌលសំចតព្រៃស្ពឺ៕