RFI ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឯកភាពជាគោលការណ៍តាមសំណើរបស់អាជ្ញាធរទីក្រុងភ្នំពេញ ហាមក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ឆ្លងកាត់មហាវិថីសំខាន់ៗមួយចំនួននៅក្នុងទីក្រុងភ្នំពេញ។ ចំណែកឯទីតាំងសាធារណៈវិញ ក៏ត្រូវបានហាមក្នុងការជួបជុំផងដែរ។ ទាក់ទងនឹងករណីនេះ អង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងគណបក្សប្រឆាំងផង គ្រោងនឹងធ្វើការប្តឹងតវ៉ាជំទាស់។
នៅក្រោមហេតុផល សន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីបញ្ចៀសការកកស្ទះចរាចរផង យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ចាប់ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ០២ មិថុនាខាងមុខ នឹងមិនអនុញ្ញាតិឲ្យឆ្លងកាត់តាមមហាវិថីសំខាន់ៗមួយចំនួននោះទេនៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសំណើរបស់អាជ្ញាធរក្រុងភ្នំពេញ ផ្ញើទៅកាន់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨មេសា។ សំណើនេះ បានធ្វើឡើង ដោយផ្អែកតាមលិខិតរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១។
លោក ហង់ ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ជាគោលការណ៍ គ.ជ.ប បានយល់ស្របទៅនឹងសំណើរបស់អាជ្ញាធររាជធានីភ្នំពេញ ដោយផ្អែកទៅលើទិដ្ឋភាពចំនួនពីរ ទី១.គឺទិដ្ឋភាពច្បាប់ដែលតម្រូវឲ្យគណបក្សនយោបាយដង្ហែក្បួន តែនៅតាមឃុំសង្កាត់ និងទី២.គឺទីតាំង និងផ្លូវសំខាន់ៗទាំងនោះ វាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរផ្ទាល់។
តាមលិខិតរបស់អាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨មេសា បានឲ្យដឹងថា ទីតាំងនិងផ្លូវដែលត្រូវបានហាមឃាត់ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះរួមមាន៖ កំណាត់ផ្លូវព្រះនរោត្តម, មហាវិថីសហព័ន្ធរុស្ស៊ី និងកំណាត់ផ្លូវព្រះមុនីវង្ស ចាប់ពីភ្លើងស្តុប បេកាសេដល់ស្តុបពេទ្យចិនជាដើម។ ក្រៅពីនេះ នៅមានកំណាត់ផ្លូវទេពផន, ផ្លូវម៉ៅសេទុង ផ្លូវព្រះសុរាម្រិត កំណាត់ផ្លូវព្រះសីហនុ និងផ្លូវសុធារសដល់ស្តុបពេទ្យចិនជាដើម។ ចុងក្រោយ គឺផ្លូវជុំវិញព្រះបរមរាជវាំង។ ក្រៅពីមហាវិថីនិងផ្លូវសំខាន់ៗនេះហើយ ទីប្រជុំជនមួយចំនួនក៏មិនត្រូវអនុញ្ញាតឲ្យហែក្បួនផងដែរ។ បន្ថែមលើនេះ ទីសាធារណៈដែលត្រូវចៀសវាងក្នុងការប្រមូលផ្ដុំឃោសនានោះក៏មានដែរ រួមមាន៖ សួនច្បារព្រះបរមរាជវាំង, ទីធ្លាព្រះមេរុ សួនច្បារមុខវត្តបទុមវត្តី, ទីធ្លារូបសំណាក់លោកយាយពេញ សួនច្បារព្រះភិរម្យ អ៊ូ ហៅង៉ុយ និងសួនច្បារ សម្ដេច ហ៊ុន សែន ជាដើម។
យ៉ាងណាក៏ដោយ ចំណាត់ការនេះ កំពុងនាំឲ្យមានប្រតិកម្មពីក្រុមអង្គការសង្គមស៊ីវិលថា អាជ្ញាធរបានរិតត្បិតក្នុងការដង្ហែក្បួនឃោសនា ខណៈដែលគណបក្សប្រឆាំងគ្រោងនឹងប្តឹងតវ៉ាចំពោះករណីនេះ។
គួរជំរាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នឹងចាប់ផ្តើមពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ០២ មិថុនា ខាងមុខ ដោយមានគណបក្សនយោបាយចំនួន១២ចូលរួម៕