PPR ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះជំនួយសប្បុរសរបស់សហភាពអឺរ៉ុប រដ្ឋាភិបាល និងប្រជាជនជប៉ុន រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រ នូវជំនួយបច្ចេកទេស សម្ភារៈ ថវិកាមួយចំនួន សម្រាប់ដំណើរការបោះឆ្នោត ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីបិទសន្និបាត បូកសរុបការងាររៀបចំ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ កាលពីថ្ងៃទី១៧ខែកក្កដា នៅខេត្តព្រះសីហនុ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ សម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ជាតិដឹកនាំ និងមន្រ្ដី គ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយនានាអ្នកសង្កេតការជាតិ អន្ដរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែម ទៀតថា សមិទ្ធផលសម្រេចបានទាំនេះអាស្រ័យដោយយើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល គ.ជ.ប គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំរួមគ្នាធ្វើការកែលម្អដំណើរការបោះឆ្នោត ទាំងក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌបច្ចេកទេស។ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានថ្លែងអំណរគុណចំពោះ សមាគមជាតិ និងអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអន្ដរជាតិ មជ្ឈដ្ឋាននានក្នុងសង្គម ដែលតែងតែផ្ដល់ការគាំទ្រយ៉ាងស្មោះត្រង់ ទាំងស្មារតី និងសម្ភារៈជួយដល់ដំណើរប្រតិបត្តិរបស់ គ.ជ.ប និងចូលតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ លើគ្រប់ដំណើរការនៃការរៀបចំការបោះឆ្នោត ព្រមទាំងវាយតម្លៃប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ចំពោះដំណើរការរៀបចំទាំងនោះ ប្រព្រឹត្តទៅបានយ៉ាងល្អជោគជ័យ និងបរិយាកាសល្អប្រសើរ៕
Share this post