សម្ដេចក្រឡាហោម អរគុណចំពោះម្ចាស់ជំនួយ សម្រាប់ដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់

PPR ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះជំនួយសប្បុរសរបស់សហភាពអឺរ៉ុប រដ្ឋាភិបាល និងប្រជាជនជប៉ុន រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រ នូវជំនួយបច្ចេកទេស សម្ភារៈ ថវិកាមួយចំនួន សម្រាប់ដំណើរការបោះឆ្នោត ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីបិទសន្និបាត បូកសរុបការងាររៀបចំ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ កាលពីថ្ងៃទី១៧ខែកក្កដា នៅខេត្តព្រះសីហនុ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ សម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ជាតិដឹកនាំ និងមន្រ្ដី គ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយនានាអ្នកសង្កេតការជាតិ អន្ដរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែម ទៀតថា សមិទ្ធផលសម្រេចបានទាំនេះអាស្រ័យដោយយើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល គ.ជ.ប…

នៅព្រឹកនេះ គ.ជ.ប ចាប់ផ្តើមបើកសន្និបាតបូកសរុប ការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤

FN ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកសន្និបាតបូកសរុប ការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ សន្និបាតនេះ ធ្វើឡើងនៅសាលសន្និបាតមជ្ឈមណ្ឌលពិភពមង្គល ខេត្តព្រះសីហនុ ដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ ដល់១៧ ខែកក្កដា ឆ្នាំ២០១៧ ដោយប្រារព្វពិធីបើកដោយ លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប ហើយបិទសន្និបាត ដោយ​លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៅកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយលទ្ធផលផ្លូវការ ត្រូវបានបង្ហាញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលផ្លូវការនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានឃុំ/សង្កាត់ចំមួន១១៥៦​ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបាន ៤៨៩ និង គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ទទួលបាន១ឃុំ ផងដែរ៕

គ.ជ.ប បង្ហាញលទ្ធផលផ្លូវការតាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ទាំង២៥រាជធានី-ខេត្ត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញបង្ហាញលទ្ធផលផ្លូវការ តាមការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទាំង២៥រាជធានី-ខេត្ត។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្នុងឃុំ-សង្កាត់ចំនួន ១,៦៤៦ឃុំ-សង្កាត់ ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់។ គ.ជ.ប បានបង្ហាញថា ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក។ ក្នុងចំណោមឃុំ-សង្កាត់ទាំង ១,៦៤៦នោះ គណបក្សប្រជាជនកម្ពុជាយកបាន ១,១៥៦ឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិយកបាន ៤៨៩ឃុំ-សង្កាត់ និង១ឃុំទៀត បានទៅលើគណបក្សខ្មែររួបមជាតិរបស់លោក ញឹក ប៊ុនឆៃ។ បើ​គិតជា​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជាទទួលបាន​អាសនៈ​ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៦,៥០៣ គណបក្ស​សង្គ្រោះ​ជាតិទទួលបាន​អាសនៈ​ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៥,០០៧។​