FN ៖ រដ្ឋាភិបាលជប៉ុនបានរៀបចំកិច្ចពិភាក្សាមួយ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ក្រោមប្រធានបទ «ការកសាងអនាគតរបស់អាស៊ី» សំដៅបង្ហាញ ភាគីពាក់ព័ន្ធរបស់អាស៊ានថា ជប៉ុនប្តេជ្ញាគាំទ្រអាស៊ាន និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់។
នៅក្នុងកិច្ចពិភាក្សានោះ មានការចូលរួមពីលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងវាគ្មិនជាអគ្គនាយក នាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងប្រធានគម្រោងមកពីស្ថាប័នផ្សេងៗជាច្រើននាក់ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧។
កិច្ចពិភាក្សាដែលជាផ្នែកមួយ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានឆ្នាំ២០១៧នេះ ក្នុងគោលបំណងបង្ហាញភាគីពាក់ព័ន្ធអាស៊ានថា ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់របស់ជប៉ុន មានសារៈសំខាន់ និងចាំបាច់ចំពោះកំណើនសេដ្ឋកិច្ច និងណែនាំនូវអ្វីដែលជប៉ុន អាចជួយបាន។ របៀបវារៈនៃវេទិកានេះផ្តោតទៅលើ «អ្វីជាចំណុចសំខាន់ នៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់អាស៊ាន? និងតើអាស៊ានមានយុទ្ធសាស្ត្រដូចម្តេច ក្នុងការបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនង និងកំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព»។
លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា «ជាមួយនឹងបទពិសោធន៍ខ្លាំង ខាងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ជប៉ុន ជប៉ុននឹងបន្តរួមចំណែក ពង្រឹងទំនាក់ទំនងរូបវន្ត និងស្ថាប័ននៅក្នុងតំបន់អាស៊ាន។ យើងនឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព នៅក្នុងតំបន់ជាមួយដៃគូ សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពនិងរួមចំណែកក្នុងការកសាងស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស»។
តំណាងរាជរដ្ឋាភិបាលកម្ពុជា លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវការដឹងគុណ ចំពោះកិច្ចសហប្រតិបត្តិការរបស់ជប៉ុន ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងបានទទូចថា តំបន់អាស៊ានត្រូវការថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព សម្រាប់កំណើនប្រកបដោយនិរន្តរភាព។
លោក យ៉ាស៊ូហារ៉ូ ហ៊្វូណាបាស៊ី អគ្គនាយករងទទួលបន្ទុក ផ្នែកស្រាវជ្រាវឧស្សាហកម្ម នៃធនាគារ Mizuho Bank បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព គឺជាកត្តាដ៏សំខាន់ សម្រាប់បង្កើនទំនាក់ទំនង និងកំណើនប្រកបដោយគុណភាព រយៈពេលយូរអង្វែង នៅក្នុងតំបន់អាស៊ាន។ លោកបានលើកឡើងថា គន្លឹះសំខាន់បួន ដែលរដ្ឋាភិបាលជប៉ុន មាននិងកំពុងអនុវត្ត គឺបច្ចេកវិទ្យាសម្រាប់តម្រូវការក្នុងស្រុក ការច្នៃប្រឌិតរួម ការប្តេជ្ញារយៈពេលវែង និង ការផ្តល់ប្រសិទ្ធភាព ដល់ជីវិតនិងសេដ្ឋកិច្ច។
គួរបញ្ជាក់ថា នៅចុងបញ្ចប់នៃជំនួបពិភាក្សា អ្នកចូលរួមបានយល់ស្រប និងសម្រេចថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព គឺមានសារៈសំខាន់ សម្រាប់អនាគតរបស់ខ្លួន ហើយការគាំទ្ររបស់ជប៉ុន មានសារៈសំខាន់ នៅក្នុងតំបន់៕