សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានវត្តមាននៅទីនេះ។ មុនចូលដល់របៀបវារៈតាមទម្លាប់ ប្រសិនបើមានអ្វីត្រូវថ្លែង ប្រធានថ្លែងមុន។ ខ្ញុំគួរតែយកឱកាសនេះ និយាយបន្តិច ជូនពរសារជាថ្មីម្តងទៀតដល់ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីកន្លងទៅនេះ។ ឆ្នាំនេះហាក់ដូចជាមានភាពចម្លែកបន្តិច ត្រង់ថាប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ ប្លែកពី(ខុស)ធម្មតា។ កាលពីឆ្នាំ ២០២២ ក្រោយកូវីដ-១៩ ដែលយើងអាក់ខានចូលឆ្នាំក្នុងឆ្នាំ ២០២០ និង ២០២១, ប្រជាពលរដ្ឋក៏ក្លាំងក្លាណាស់ដែរក្នុងការចូលរួមចូលឆ្នាំ ដែលធ្វើឲ្យទូលបង្គំ ខ្ញុំមានការកង្វល់យ៉ាងខ្លាំងថា តើការសម្រេចចិត្តឲ្យប្រជាពលរដ្ឋជួបជុំក្នុងឱកាសចូលឆ្នាំនេះខុសឬត្រូវ។ ប៉ុន្តែជាកុសលល្អ បន្ទាប់ពីការចូលឆ្នាំហើយ អត្រាឆ្លងនៃកូវីដ-១៩ គឺពុំមានថែមទេ។ សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋយើងសប្បាយគ្រប់ទីកន្លែង តាមរយៈ​ការរៀបចំសង្រ្កាន្ត។ ទូលបង្គំខ្ញុំនៅតែបន្តវាយតម្លៃថា មានកត្តា៤ យ៉ាងដែលធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ។ កត្តាទី១ គឺសុខសន្តិភាព។ នេះជាកត្តាចាំបាច់មុនគេ។ យើងបានឃើញហើយថាឆ្នាំ ១៩៧៥ នៅរដូវចូលឆ្នាំ គឺជាពេលវេលាវាយផ្តាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ។ សួរថា តើប្រជាជននៅក្នុងកាលៈទេសៈ មានសង្រ្គាម បានចូលឆ្នាំទេ? ពិតជាមិនអាចទេ។ ជាមួយសុខសន្តិភាពដែលមាន និងការចាត់ចែងការពារសណ្តាប់ធ្នាប់បានយ៉ាងល្អ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារក្នុងបណ្តាញសង្គមស្តីពីការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន”

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជនបានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។ តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រ ជាជាតិ ពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះ ទៅឲ្យវៀត ណាម តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ ជាការរំពឹងទុក ប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផល ដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រ​ទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈ(វត្តមាន)ប្រជាជនដែលនៅតាមព្រំដែន ដែលជាព្រំដែនរស់ ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធការពារទៅទៀត។ សូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នា ការពារទឹកដី ប្រសិនយើងខ្លាចបាត់បង់ទឹកដី៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារក្នុងបណ្តាញសង្គមស្តីពីការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន”

ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបាន ទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។ ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិអង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល, ៥០០រៀល, ១០០០រៀល, ២០០០រៀល, ៥០០០រៀល, ១០០០០រៀល, ២០០០០រៀល។ល។ នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែលសំខាន់ជាងទៀត គឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។ ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។ ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូន ដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា៕